in ,

ចំណុច​១១​យ៉ាង​អំពី​គោលជំនឿ​របស់​ពួក​សាក្សី​​ព្រះ​យេហូវ៉ា

The 11 Beliefs You Should Know about Jehovah’s Witnesses When They Knock at the Door

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិនិត្យ​មើល​ត្រួសៗ​អំពី​អ្វី​ដែល​ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ ដោយ​អម​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បាន​បង្រៀន៖

១. ព្រះ​នាម​របស់​ព្រះ​ជាម្ចាស់

ពួក​សាក្សី​ព្រះ​យេហូវ៉ា​បង្រៀន​ថា ព្រះ​នាម​ដ៏​ពិត​របស់​ព្រះ​ជាម្ចាស់—ពោល​គឺ​ព្រះ​នាម​ដែល​យើង​ត្រូវតែ​ហៅ​ព្រះ​អង្គ​គឺ—ព្រះ​យេហូវ៉ា។

តាម​ពិត​ទៅ ព្រះ​គម្ពីរ​បាន​ប្រើប្រាស់​ព្រះ​នាម​ជា​ច្រើន​ក្នុង​ការ​ហៅ​ព្រះ​ជាម្ចាស់ ឧទាហរណ៍៖
* ព្រះ (ក្នុង​ភាសា​ហេប្រឺ «អិលឡូហ៊ីម» “‘elohim” លោកុប្បត្តិ ១:១)
* ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា (ក្នុង​ភាសា​ហេប្រឺ «អិល ដ្យាឌេ» “El Shadday” លោកុប្បត្តិ ១៧:១)
* ព្រះ​អម្ចាស់ (ក្នុង​ភាសា​ហេប្រឺ «អាដូណាយ» “‘Adonay” ទំនុកតម្កើង ៨:១) និង
* ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ (ក្នុង​ភាសា​ហេប្រឺ «យ៉ាវេ សាបាអូត» “‘yhwh tseba’ot” ១សាំយូអែល ១:៣)

ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​ហៅ​ព្រះ​ជាម្ចាស់​ថា «ព្រះ​វរបិតា» (ក្នុង​ភាសា​ក្រិក «ផាថ៊ែរ» “Patēr” ម៉ាថាយ ៦:៩) ហើយ​ពួក​សាវ័ក​ក៏​បាន​ហៅ​ព្រះ​ជាម្ចាស់​បែប​នោះ​ដែរ (១កូរិនថូស ១:៣)។

២. ព្រះ​ត្រៃ​ឯក

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ការ​ប្រើប្រាស់​ពាក្យ «ព្រះ​ត្រៃ​ឯក» គឺ​មិន​ស៊ីគ្នា​នឹង​ព្រះ​គម្ពីរ​ទេ ពីព្រោះ​ពាក្យ​នោះ​មិន​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ផ្ដោត​តែ​លើ​ព្រះ​តែ​មួយ​គត់​ប៉ុណ្ណោះ។

តាម​ពិត​ទៅ ទោះបើ​មាន​ព្រះ​តែ​មួយ​គត់​មែន​ក៏​ដោយ (អេសាយ ៤៤:៦; ៤៥:១៨; ៤៦:៩; យ៉ូហាន ៥:៤៤; ១កូរិនថូស ៨:៤; យ៉ាកុប ២:១៩) ក៏​ព្រះ​គម្ពីរ​បាន​ហៅ​បុគ្គល​ទាំង​បី​នោះ​ថា​ជា​ព្រះ​ដែរ៖
* ព្រះ​វរបិតា (១ពេត្រុស ១:២)
* ព្រះ​យេស៊ូវ (យ៉ូហាន ២០:២៨; ហេព្រើរ ១:៨) និង
* ព្រះ​វិញ្ញាណ​បរិសុទ្ធ (កិច្ចការ ៥:៣-៤)។

បុគ្គល​ទាំង​បី​អង្គ​នេះ​មាន​លក្ខណសម្បត្តិ​ជា​ព្រះ—រួម​មាន
* សព្វ​វត្តមាន (ទំនុកតម្កើង ១៣៩:៧; យេរេមា ២៣:២៣-២៤; ម៉ាថាយ ២៨:២០)
* សព្វញ្ញូញ្ញាណ (ទំនុកតម្កើង ១៤៧:៥; យ៉ូហាន ១៦:៣០; ១កូរិនថូស ២:១០-១១)
* សព្វានុភាព (យេរេមា ៣២:១៧; យ៉ូហាន ២:១-១១; រ៉ូម ១៥:១៩) និង
* ភាព​អស់កល្ប​ជានិច្ច (ទំនុកតម្កើង ៩០:២; ហេព្រើរ ៩:១៤; វិវរណៈ ២២:១៣)

ហើយ​លើស​ពី​នោះ​ទៅ​ទៀត បុគ្គល​ទាំង​បី​អង្គ​មាន​ការ​រួបរួម​គ្នា​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច​ព្រះ—ដែល​មាន​ដូច​ជា​ការ​បង្កើត​ចក្រវាល៖
* ព្រះ​វរបិតា (លោកុប្បត្តិ ១:១; ទំនុកតម្កើង ១០២:២៥)
* ព្រះ​យេស៊ូវ (យ៉ូហាន ១:៣; កូឡូស ១:១៦; ហេព្រើរ ១:២) និង
* ព្រះ​វិញ្ញាណ​បរិសុទ្ធ (លោកុប្បត្តិ ១:២; យ៉ូប ៣៣:៤; ទំនុកតម្កើង ១០៤:៣០)។

ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ព្រះ​ទាំង​បី​អង្គ​គឺ​ជា​ព្រះ​តែ​មួយ​គត់​ក្នុង​ភាព​ជា​ព្រះ​ជាម្ចាស់ (ម៉ាថាយ ២៨:១៩ សូម​អាន​បន្ថែម​ក្នុង​កណ្ឌគម្ពីរ ២កូរិនថូស ១៣:១៤)។

សរុប​សេចក្ដី​ទៅ៖ គោលលទ្ធិ​សម្រាប់​ព្រះ​ត្រៃ​ឯក​គឺ​មាន​ពាសពេញ​ក្នុង​ព្រះ​គម្ពីរ ហើយ​យើង​ក៏​ត្រូវតែ​ទទួល​ជឿ​លើ​គោលជំនឿ​មួយ​នេះ​ផង​ដែរ។

៣. ព្រះ​យេស៊ូវ​គ្រីស្ទ

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បង្កើត​ព្រះ​យេស៊ូវ​ជា​មីកែល ជា​មហា​ទេវតា មុន​ផែនដី​នេះ​កើត​ឡើង ហើយ​មាន​ឋានៈ​ទាប​ជាង​ព្រះ ទោះបើ​មាន​ព្រះ​ចេស្ដា​យ៉ាង​ណា​ក៏​ដោយ។

តាម​ពិត​ទៅ យោង​តាម​ព្រះ​គម្ពីរ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពី​អស់កល្ប​ជានិច្ច​មក​ម៉្លេះ (យ៉ូហាន ១:១; ៨:៥៨ សូម​អាន​បន្ថែម​ក្នុង​កណ្ឌគម្ពីរ និក្ខមនំ ៣:១៤) ហើយ​ថែម​ទាំង​មាន​លក្ខណសម្បត្តិ​ជា​ព្រះ​ដូច​នឹង​ព្រះ​វរបិតា​ទាំង​ស្រុង​ទៀត​ផង (យ៉ូហាន ៥:១៨; ១០:៣០; ហេព្រើរ ១:៣)។

ប្រាកដ​ណាស់! ការ​ប្រៀបធៀប​រវាង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី​នឹង​បង្ហាញ​ថា ព្រះ​យេស៊ូវ​ស្មើ​នឹង​ព្រះ​យេហូវ៉ា (សូម​ប្រៀបធៀប​កណ្ឌគម្ពីរ អេសាយ ៤៣:១១ ជាមួយ​នឹង​កណ្ឌគម្ពីរ ទីតុស ២:៣; កណ្ឌគម្ពីរ អេសាយ ៤៤:២៤ ជាមួយ​នឹង​កណ្ឌគម្ពីរ កូឡូស ១:១៦ ហើយនិង​កណ្ឌគម្ពីរ អេសាយ ៦:១-៥ ជាមួយ​នឹង​កណ្ឌគម្ពីរ យ៉ូហាន ១២:៤១)។

ព្រះ​យេស៊ូវ​ផ្ទាល់​បាន​បង្កើត​ពួក​ទេវតា (កូឡូស ១:១៦ សូម​អាន​បន្ថែម​ក្នុង​កណ្ឌគម្ពីរ យ៉ូហាន ១:៣; ហេព្រើរ ១:២, ១០) ហើយ​ក៏​ទទួល​ការ​ថ្វាយបង្គំ​ពី​ពួកគេ​ផង​ដែរ (ហេព្រើរ ១:៦)។

៤. ការ​យាង​មក​យក​កំណើត

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា នៅពេល​ដែល​ព្រះ​យេស៊ូវ​បាន​ប្រសូត​លើ​ផែនដី​នេះ ព្រះ​អង្គ​គ្រាន់តែ​ជា​មនុស្ស​ធម្មតា​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិនមែន​ជា​ព្រះ​ក្នុង​សណ្ឋាន​ជា​មនុស្ស​ឡើយ។

ការ​បង្រៀន​បែប​នេះ​ជំទាស់​នឹង​ការ​ដែល​ព្រះ​គម្ពីរ​បង្រៀន​ថា​ក្នុង​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត «គ្រប់​ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ» (កូឡូស ២:៩ សូម​អាន​បន្ថែម​ក្នុង​កណ្ឌគម្ពីរ ភីលីព ២:៦-៧)។

ពាក្យ «សេចក្ដី​ពោរពេញ» (ក្នុង​ភាសា​ក្រិក «ផ្លេរ៉ូម៉ា» “plērōma”) មាន​អត្ថន័យ​ទាក់ទង​នឹង​ការ​សរុប​សេចក្ដី។ ពាក្យ «ព្រះ» (ក្នុង​ភាសា​ក្រិក «ធិអូថេស៍» “theotēs”) ផ្ដោត​អត្ថន័យ​លើ លក្ខណៈ ភាព និង​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់។

សរុប​សេចក្ដី​ទៅ៖ ព្រះ​យេស៊ូវ​ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​គឺ​ជា​ការ​សរុប​សេចក្ដី​នៃ​លក្ខណៈ ភាព និង​លក្ខណសម្បត្តិ​សណ្ឋិត​របស់​ព្រះ​ជាម្ចាស់។

ប្រាកដ​ណាស់! ព្រះ​យេស៊ូវ​គឺ​ជា «អេម៉ាញូអែល‍» ដែល​ប្រែ​ថា «ព្រះ​អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើងខ្ញុំ» (ម៉ាថាយ ១:២៣ សូម​អាន​បន្ថែម​ក្នុង​កណ្ឌគម្ពីរ អេសាយ ៧:១៤; យ៉ូហាន ១:១, ១៤; ១០:៣០; ១៤:៩-១០)។

៥. ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ខាង​ឯ​វិញ្ញាណ ប៉ុន្តែ​មិនមែន​ខាង​ឯ​សាច់​ឈាម​នោះ​ទេ។

តាម​ពិត​ទៅ យោង​តាម​ព្រះ​គម្ពីរ ព្រះ​យេស៊ូវ​ដែល​បាន​មាន​ព្រះ​ជន្ម​ឡើង​វិញ​ផ្ទាល់​បាន​អះអាង​ថា ព្រះ​អង្គ​មិនមែន​គ្រាន់តែ​ជា​វិញ្ញាណ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​រូបកាយ​ខាង​ឯ​សាច់​ឈាម និង​ឆ្អឹង (លូកា ២៤:៣៩ សូម​អាន​បន្ថែម​ក្នុង​កណ្ឌគម្ពីរ យ៉ូហាន ២:១៩-២១)។

ព្រះ​អង្គ​ក៏​ថែម​ទាំង​បាន​សោយ​ម្ហូបអាហារ​ពីរបី​ដង​ទៀត​ផង ដែល​នេះ​គឺ​ជា​ភស្តុតាង​ថា ព្រះ​អង្គ​ពិត​ជា​មាន​រូបកាយ​ខាង​ឯ​សាច់​ឈាម​មែន ក្រោយ​ពេល​ដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​ឡើង​វិញ (លូកា ២៤:៣០, ៤២-៤៣; យ៉ូហាន ២១:១២-១៣)។

អ្នក​ដើរតាម​ព្រះ​អង្គ​ក៏​បាន​អះអាង​ពី​ការ​នេះ​ដែរ ព្រោះ​ពួកគេ​បាន​ពាល់​ទ្រង់​ខាង​ឯង​សាច់​ឈាម (ម៉ាថាយ ២៨:៩; យ៉ូហាន ២០:១៧)។

៦. ការ​យាង​មក​វិញ​ជា​លើក​ទី​ពីរ

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ការ​យាង​មក​វិញ​ជា​លើក​ទី​ពីរ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​មើល​មិន​ឃើញ ពោល​គឺ​វា​ជា​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ខាង​ឯ​វិញ្ញាណ​ដែល​បាន​កើត​ឡើង​រួច​ហើយ​នៅ​ឆ្នាំ១៩១៤។

តាម​ពិត​ទៅ យោង​តាម​ព្រះ​គម្ពីរ ​ការ​យាង​មក​វិញ​ជា​លើក​ទី​ពីរ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត ហើយ​ការ​នោះ​នឹង​កើត​ឡើង​ក្នុង​របៀប​ដែល​យើង​អាច​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទៀត​ផង ពោល​គឺ​ខាង​ឯ​សាច់​ឈាម (កិច្ចការ ១:៩-១១ សូម​អាន​បន្ថែម​ក្នុង​កណ្ឌគម្ពីរ ទីតុស ២:១៣) ហើយ​ពេល​ដែល​ការ​នោះ​កើត​ឡើង ពេល​នោះ​ក៏​នឹង​មាន​មហន្តរាយ​បែប​ចក្រវាល​ដែល​យើង​អាច​មើល​ឃើញ​ផង​ដែរ (ម៉ាថាយ ២៤:២៩-៣០)។ គ្រប់​ភ្នែក​ទាំង​អស់​នឹង​ឃើញ​ទ្រង់ (វិវរណៈ ១:៧)។

៧. ព្រះ​វិញ្ញាណ​បរិសុទ្ធ

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ថាមពល​របស់​ព្រះ​ជាម្ចាស់ ប៉ុន្តែ​មិន​មាន​បុគ្គលិកភាព​ទេ ហើយ​ក៏​មិន​មែន​ជា​បុគ្គល​ដាច់​ដោយ​ឡែក​ផង​ដែរ។

តាម​ពិត​ទៅ យោង​តាម​ព្រះ​គម្ពីរ ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​លក្ខណសម្បត្តិ​បី​យ៉ាង​ដ៏​ចម្បងៗ​ទាក់ទង​នឹង​បុគ្គលិកភាព៖
* មាន​គំនិត (រ៉ូម ៨:២៧)
* មាន​អារម្មណ៍ (អេភេសូរ ៤:៣០)
* មាន​ឆន្ទៈ (១កូរិនថូស ១២:១១)

លើស​ពី​នេះ​ទៅ​ទៀត ព្រះ​គម្ពីរ​ក៏​បាន​ប្រើប្រាស់​សព្វនាម​បុរិសៈ (ឧ. «ទ្រង់» «ព្រះ​អង្គ»‌។ល។) សម្រាប់​ព្រះ​អង្គ​ផង​ដែរ (កិច្ចការ ១៣:២)។ ហើយ​ព្រះ​អង្គ​ក៏​ធ្វើ​នូវ​អ្វីៗ​មួយ​ចំនួន​ដែល​មាន​តែ​បុគ្គល​ដែល​មាន​បុគ្គលិកភាព​ទេ​ទើប​អាច​ធ្វើ​បាន ដែល​មាន​រួម​ដូច​ជា៖
* បង្រៀន (យ៉ូហាន ១៤:២៦)
* ធ្វើ​បន្ទាល់ (យ៉ូហាន ១៥:២៦)
* ចាត់​ឲ្យ​ទៅ (កិច្ចការ ១៣:៤)
* បង្គាប់ (កិច្ចការ ៨:២៩)
* ជួយ​អង្វរ​ជំនួស (រ៉ូម ៨:២៦)

ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​បុគ្គល​ទី​បី​នៃ​ព្រះ​ត្រៃឯក (ម៉ាថាយ ២៨:១៩)។

៨. សេចក្ដី​សង្គ្រោះ

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ការ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ទាមទារ​ឲ្យ​បាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​របស់​ព្រះ​ជាម្ចាស់ (ឧទាហរណ៍៖ ការ​កាន់​តាម​គោលជំនឿ​របស់​ពួកគេ) ហើយ​ការ​ស្ដាប់​បង្គាប់​តាម​ច្បាប់​នានា។

តាម​ពិត​ទៅ យោង​តាម​ព្រះ​គម្ពីរ បើ​សេចក្ដី​សង្គ្រោះ​តម្រូវ​ទាមទារ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ច្បាប់​នានា នោះ​មាន​ន័យ​ថា ការ​នេះ​បាន​រំលាយ​ដំណឹងល្អ​ឲ្យ​សាបសូន្យ​បាត់​ទៅ​ហើយ (កាឡាទី ២:១៦-២១; កូឡូស ២:២០-២៣)។ មូលដ្ឋានគ្រឹះ​នៃ​សេចក្ដី​សង្គ្រោះ​គឺ​រំពឹង​លើ​ការ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​គុណ​របស់​ទ្រង់​ដល់​យើង​ដោយ​ឥត​គិត​ថ្លៃ ពោល​គឺ​មិន​អាស្រ័យ​លើ​ទង្វើ​នៃ​ការ​ប្រព្រឹត្ត​របស់​អ្នក​ជឿ​នោះ​ឡើយ។

ទង្វើ​ល្អ​គឺ​ជា​ផលផ្លែ ឬ​ក៏​លទ្ធផល​នៃ​សេចក្ដី​សង្គ្រោះ មិនមែន​ជា​មូលដ្ឋានគ្រឹះ​នោះ​ទេ (អេភេសូរ ២:៨-១០; ទីតុស ៣:៤-៨)។

៩. មនុស្ស​ពីរ​ក្រុម​ដែល​ទទួល​បាន​ការ​ប្រោស​លោះ

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា មាន​មនុស្ស​ពីរ​ក្រុម​របស់​ព្រះ​ជាម្ចាស់៖ ១) ពួក​ទទួល​បាន​ការ​ចាក់​ប្រេង​តាំង (១សែន៤ម៉ឺន៤ពាន់​នាក់)នឹង​ទៅ​នៅ​ឯ​ស្ថានសួគ៌ ហើយនិង​សោយរាជ្យ​ជាមួយ​នឹង​ព្រះ​គ្រីស្ទ ហើយនិង ២) ពួក «ចៀម​ឯ​ទៀត» (អ្នក​ជឿ​ផ្សេងៗ) នឹង​រស់នៅ​យ៉ាង​អស់កល្ប​ជានិច្ច​លើ​ស្ថានសួគ៌​ដែល​មាន​លក្ខណៈ​ជា​ផែនដី​ថ្មី។

តាម​ពិត​ទៅ យោង​តាម​ព្រះ​គម្ពីរ ស្ថានសួគ៌​គឺ​ជា​ទីកន្លែង​សម្រាប់​អស់​អ្នក​ដែល​ជឿ​ព្រះ​គ្រីស្ទ (យ៉ូហាន ១៤:១-៣; ១៧:២៤; ២កូរិនថូស ៥:១; ភីលីព ៣:២០; កូឡូស ១:៥; ១ថែស្សាឡូនីច្ច ៤:១៧; ហេព្រើរ ៣:១) ហើយ​ពួក​ក្រុម​ដូច​គ្នា​នេះ​ដែរ​ក៏​នឹង​ទៅ​នៅ​ឯ​ផែនដី​ថ្មី (២ពេត្រុស ៣:១៣; វិវរណៈ ២១:១-៤)។

១០. គ្មាន​ព្រលឹង​ដែល​គ្មាន​រូបរាង

ពួក​សាក្សី​ព្រះ​យេហូវ៉ា​មិន​ជឿ​ថា មនុស្ស​លោក​មិន​មាន​លក្ខណៈ​បែប​រូបរាង​ទេ។ «ព្រលឹង» គឺ​គ្រាន់តែ​ជា​ថាមពល-ជីវិត​ក្នុង​បុគ្គល​តែ​ប៉ុណ្ណោះ។ នៅពេល​ស្លាប់ ថាមពល-ជីវិត​នោះ​ចាកចេញ​ពី​រូបកាយ​បាត់​ទៅ។

តាម​ពិត​ទៅ យោង​តាម​ព្រះ​គម្ពីរ ពាក្យ «ព្រលឹង» មាន​អត្ថន័យ​ច្រើន​ណាស់។ អត្ថន័យ​គន្លឹះ​មួយ​នៃ​ពាក្យ​នេះ​គឺ៖ បុគ្គលិកភាព​របស់​មនុស្ស​ដែល​មិន​មាន​រូបរាង ដែល​ជា​សម្បជញ្ញៈ​ដែល​មិន​ស្លាប់ (លោកុប្បត្តិ ៣៥:១៨; វិវរណៈ ៦:៩-១០)។ អស់​អ្នក​មិន​ជឿ​ស្ថិត​នៅ​ក្នុង​សម្បជញ្ញៈ​ដែល​វិនាស (ម៉ាថាយ ១៣:៤២; ២៥:៤១, ៤៦; លូកា ១៦:២២; វិវរណៈ ១៤:១១) ខណៈពេល​ដែល​អស់​អ្នក​ជឿ​ស្ថិត​នៅ​ក្នុង​សម្បជញ្ញៈ​ដែល​អរសប្បាយ​នៅ​ឯ​ស្ថានសួគ៌ (១កូរិនថូស ២:៩; ២កូរិនថូស ៥:៦-៨; ភីលីព ១:២១-៣១; វិវរណៈ ៧:១៧; ២១:៤)។

១១. ស្ថាននរក

ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា ស្ថាននរក​គឺ​មិនមែន​ជា​ទីកន្លែង​នៃ​ការ​រងទុក្ខ​ដ៏​អស់កល្ប​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​ជា​ផ្នូរ​សម្រាប់​មនុស្ស​លោក​តែ​ប៉ុណ្ណោះ។ ពួក​មនុស្ស​អាក្រក់​ត្រូវ​បាន​ទទួល​ការ​បំផ្លាញ​ឲ្យ​សាប​សូន្យ​បាត់​ឈឹង​តែ​ម្ដង—លែង​មាន​សម្បជញ្ញៈ​ទៀត​ហើយ។

តាម​ពិត​ទៅ យោង​តាម​ព្រះ​គម្ពីរ ស្ថាននរក​គឺ​ជា​ទីកន្លែង​ដ៏​ពិត​សម្រាប់​ការ​ឲ្យ​សម្បជញ្ញៈ​រងទុក្ខ​ដ៏​នៅ​អស់កល្ប​ជានិច្ច (ម៉ាថាយ ៥:២២; ២៥:៤១, ៤៦; យូដាស ៧; វិវរណៈ ១៤:១១; ២០:១០, ១៤)។

និពន្ធដោយ៖ លោកគ្រូ Justin Taylor
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងកញ្ញា យ៉ុន សាឯម
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយ មាន ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​អ្នក​ដើរតាម​ព្រះ​គ្រីស្ទ

ព្រះ​យេស៊ូវ​ផ្ទាល់