ភាពរសឹបរសាវនៃរដូវកាលបុណ្យណូអែល មានអំណាចយ៉ាងចំឡែកមកលើយើង សូម្បីតែចំពោះអ្នកមិនជឿ និងលោកីយ៍ទាំងមូល។ រដូវកាលនេះហាក់បីដូចជាមានភាពទាក់ទាញឲ្យយើងលង់នៅក្នុង «វេទមន្ត» នៃការប្រារព្ធពិធី។
តើហេតុអ្វីបានរដូវកាលណូអែលមានការទាក់ទាញបែបនេះ សូម្បីតែនៅក្នុងសង្គមដែលចង់ដកព្រះគ្រីស្ទចេញពីចំណុចស្នូល? ភាពទាក់ទាញនៃវេទមន្តដ៏ពិតនៃរដូវកាលបុណ្យណូអែលគឺមិនមែនផ្ដោតលើកាដូ របស់ល្អៗ តុក្កតាថ្មីៗ ឬប្រពៃណីដែលយើងស្គាល់នោះទេ។ ចំណុចស្នូលនៃបុណ្យណូអែល [ហើយថែមទាំងខ្សឹបខ្សៀវទៅកាន់វិញ្ញាណដែលព្យាយាម «បង្ខាំងសេចក្ដីពិត» (រ៉ូម ១:១៨)] គឺត្រង់ចំណុចដ៏គួរឲ្យស្ញប់ស្ញែង និងអស្ចារ្យក្នុងប្រវត្តិសាស្ត្រពិភពលោក៖ ព្រះផ្ទាល់បានយាងមកយកកំណើតជាមនុស្សដូចយើងដែរ។ គឺព្រះត្រៃឯកនៃផែនដីយើងនេះ ហើយយើងជាស្នាព្រះហស្ដដ៏ល្អប្រពៃក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើតមក ពោលគឺទ្រង់បានយាងមកយកកំណើតជាមនុស្ស មិនមែនគ្រាន់តែជាការសម្ដែងឲ្យល្អមើលតែប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះយើង។
រដូវកាលបុណ្យណូអែលគឺជារដូវកាលអធម្មជាតិ។ ហើយសង្គមរបស់យើងដែលគ្រាន់តែផ្ដោតទៅលើអ្វីៗដែលមើលឃើញនឹងភ្នែក ក៏ពួកគាត់កំពុងតែស្រេកឃ្លានយ៉ាងខ្លាំងសម្រាប់អ្វីមួយផ្សេងទៀតដែលលើសពីធម្មជាតិ ទោះបើពួកគាត់មិនងាយទទួលស្គាល់ ឬក៏មិនដឹងច្បាស់អំពីមូលហេតុក៏ដោយ។ រដូវកាលបុណ្យណូអែលរំញោចលើអ្វីមួយដែលរឿងអាថ៌កំបាំងក្នុងព្រលឹងយើងមាន ហើយថែមទាំងដាក់ស្នេហ៍លើយើងផងដែរ សូម្បីតែពេលដែលគំនិតគិតគូររបស់យើងគ្មានការស៊ីគ្នាដ៏ជាក់លាក់ដែលមិនទទួលជឿក៏ដោយ។
ព្រះអង្គបានយាងចុះមកពីស្ថានសួគ៌
ចំពោះអស់អ្នកក្នុងចំណោមយើង ដែលសារភាពដោយមានអំណរថា ព្រះគ្រីស្ទជាចំណុចស្នូលនៃពិធីបុណ្យណូអែលជាព្រះអម្ចាស់នៃយើង ជាព្រះសង្គ្រោះ និងជាទ្រព្យសម្បត្តិដ៏មានតម្លៃមហិមា យើងដឹងពីមូលហេតុដែលធ្វើបុណ្យណូអែលមានភាពរីករាយ ពីព្រោះក្នុងចំណុចស្នូលគឺខ្លឹមសារនៃភាពអធម្មជាតិ៖ ព្រះផ្ទាល់បានយាងមកក្នុងពិភពយើង។ ក្នុងរដូវកាលបុណ្យណូអែលព្រះបាន «យាងចុះមក» (លោកុប្បត្ដិ ១១:៥) មិនមែនគ្រាន់តែចុះមកទតមើលគំនរនៃអំពើបាបដែលមនុស្សយើងបានសងឡើងដូចជាប៉មបាបិលនោះទេ ហើយក៏មិនមែនយាងមក ដើម្បីថ្កោលទោសដ៏យុត្តិធម៌ពីខាងក្រៅនោះដែរ ប៉ុន្តែដើម្បីយកកំណើតជាមនុស្ស ព្រមទាំងផ្ដល់នូវសេចក្ដីមេត្តាករុណាចេញពីក្នុងមកវិញ។
ភាពរុងរឿងនៃបុណ្យណូអែលគឺមិនមែនជាទីសម្គាល់ត្រង់ថា មេដឹកនាំសាសនាម្នាក់បានប្រសូតនោះឡើយ ប៉ុន្តែគឺជាការប្រារព្ធនៃការរង់ចាំយ៉ាងយូរពីការដែលព្រះផ្ទាល់បានយាងចុះមក—គឺជាការយាងចុះមកដែលព្រះជាម្ចាស់បានដាក់នៅក្នុងព្រលឹងវិញ្ញាណរបស់យើងតាំងពីដើមមកម្ល៉េះ។ «ឱ! បេថ្លេហិម-អេប្រាតាអើយ…នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក» (មីកា ៥:២)។
ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានរីករាយឡើង។
ឲ្យសមុទ្រលាន់ឮរំពងឡើង ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ!
ចូរឲ្យស្រែចំការ នឹងរបស់ទាំងប៉ុន្មាន ដែលមាននៅទីនោះបានសប្បាយឡើងយ៉ាងក្រៃលែង
នោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀង ដោយអំណរដែរ
គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក
គឺទ្រង់យាងមក ដើម្បីជំនុំជម្រះផែនដី។
ទ្រង់នឹងជំនុំជម្រះលោកីយ៍ ដោយសេចក្ដីសុចរិត
ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្ដីពិតត្រង់របស់ទ្រង់។
(ទំនុកតម្កើង ៩៦:១១-១៣)
អ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងដែលគួរឲ្យភ្ញាក់ផ្អើលនៅរដូវកាលណូអែលដំបូងគឺត្រង់ថា នៅចុងបញ្ចប់ព្រះអង្គផ្ទាល់បានយាងចុះមក មិនមែននៅក្នុងពពក ឬក៏នៅក្នុងខ្យល់ព្យុះ ឬក៏នៅក្នុងភ្លើង ឬក៏នៅក្នុងការរំញ្ជួយដី ឬក៏សូម្បីតែនៅក្នុងសំឡេងដ៏ស្រទន់ ហើយស្ងៀមស្ងាត់នោះទេ ប៉ុន្តែទ្រង់បានយាងមកនៅក្នុងសណ្ឋានដ៏ពេញទីនៃរាល់អ្វីៗដែលទ្រង់បានបង្កើតមកគឺ៖ ជាមនុស្ស។ ព្រះអង្គបានយាងចុះមកក្នុងនាមដូចយើងម្នាក់ ហើយក្នុងការធ្វើបែបនោះព្រះអង្គបានលើកស្ទួយពូជអំបូរយើង។ ព្រះអង្គមិនបានយាងចុះមកជាសត្វបក្សាបក្សីនៅលើអាកាស ឬក៏ដូចសត្វតិរច្ឆាននៅក្នុងព្រៃ ឬក៏មច្ឆាដ៏ខ្លាំងក្លានៅក្នុងសមុទ្រនោះដែរ។ ហើយអ្វីដែលគួរឲ្យកាន់តែភ្ញាក់ផ្អើលថែមទៀតគឺថា ព្រះអង្គមិនបានយាងមកដូចជាសត្វសិង្ហដែលចេះនិយាយមួយនោះទេ តែទ្រង់បានយាងមកនៅក្នុងសណ្ឋានជាមនុស្សយ៉ាងពេញទី! បុណ្យណូអែលគឺជាការកត់សម្គាល់អំពីការដែលទ្រង់បាន «ប្រសូតមកមានរូបជាមនុស្ស»—គឺព្រះអង្គផ្ទាល់ដែលបានបង្កើត ហើយទ្រង់ក៏ថែមទាំងមានព្រះទ័យអត់ធ្មត់យ៉ាងក្រៃលែង ដែលឥឡូវនេះ «ឃើញទ្រង់មានភាពជាមនុស្ស» ទោះបើភាពជាមនុស្សយើងមានភាពគួរស្អប់ខ្ពើមក៏ដោយ (ភីលីព ២:៧-៨)។
ព្រះអង្គបានយាងចុះមកដើម្បីធ្វើជាបាវបម្រើ
យើងមានការងឿងឆ្ងល់គ្រប់គ្រាន់ល្មមហើយត្រង់ថា ទ្រង់បាន «យាងចុះមក» ប៉ុន្តែនៅពេលដែលទ្រង់បានធ្វើដូច្នោះ គឺទ្រង់មិនបានយាងចុះមកជាមនុស្សដែលពេញដោយសិរីរុងរឿង ភាពស្រណុកសុខស្រួល និងភាពថ្លៃថ្នូរនោះទេ តែ «ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបម្រើ» (ភីលីព ២:៧)។ ព្រះអង្គមិនគ្រាន់តែយាងមកក្នុងនាមដូចជាអ្វីដែលទ្រង់បានបង្កើតនោះឡើយ ប៉ុន្តែទ្រង់បានយាងចុះមកដោយមានភាពក្រីក្រ ភាពទន់ខ្សោយ និងការបន្ទាបខ្លួនទៀតផង។ ទ្រង់បានយាងមកដូចនេះ៖
«បានជាទ្រង់ក្រោកពីសោយឡើងដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ ក្រោយនោះទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត» (យ៉ូហាន ១៣:៤-៥)។
ក្នុងរយៈពេលដ៏ខ្លីមួយ នៅលើភ្នំដែលទ្រង់បានផ្លាស់ប្រែ មានពួកសិស្សទ្រង់បីនាក់បានឃើញបន្តិចបន្តួចនៃសិរីល្អ នៃភាពជាព្រះ និងភាពជាមនុស្សរបស់ទ្រង់ នោះឯងគឺជាអ្វីដែលទ្រង់បានកំណត់ទុកមកហើយ។ «រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ» (ម៉ាថាយ ១៧:២) ។ ប៉ុន្តែ ព្រះយេស៊ូវដែលពួកគេស្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ នៅលើគ្រប់ច្រកល្ហក់ស្រុកកាលីឡេគឺមិនមែនជាអ្នកមានឋានៈខ្ពង់ខ្ពស់ឡើយ។ «ព្រះយេស៊ូវមានបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសម្បុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ» (លូកា ៩:៥៨) ។ ពួកសាវ័ករបស់ទ្រង់បានឃើញពីការនេះជាក់នឹងភ្នែក «ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ» (ម៉ាកុស ១០:៤៥)។
ព្រះអង្គបានយាងមកដើម្បីសុគត
ព្រះអង្គបានពង្រីកការបម្រើឲ្យកាន់តែស៊ីជម្រៅលើសពីភាពរអាក់រអួលនៃជីវិត ពោលគឺទ្រង់បានធ្វើជាយញ្ញបូជាដោយលះបង់ព្រះជន្មព្រះអង្គផ្ទាល់ ទោះបើនោះគឺជាយញ្ញបូជាចុងក្រោយក៏ដោយ។ ព្រះអង្គមិនមែនគ្រាន់តែយាងមក ដើម្បីបម្រើនោះទេ ប៉ុន្តែដើម្បី «នឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាកុស ១០:៤៥)។
ការលាងជើងពួកសាវ័កគឺគ្រាន់តែជាផ្នែកនៃរឿងមួយតែប៉ុណ្ណោះ។ ពិតណាស់! រឿងមួយនោះគឺពិតជាពិបាកបំភ្លេចចោលមែន ប៉ុន្តែរឿងមួយនេះគឺគ្រាន់តែជាការភ្លក់រសជាតិដ៏តិចតួចមួយប៉ុណ្ណោះទាក់ទងនឹងព័ន្ធកិច្ចផ្សេងៗទៀតរបស់ទ្រង់។ រឿងមួយទៀតគឺថា ទ្រង់បានក្រោកពីសោយឡើង បាននាំពួកសិស្សចេញទៅឯសួនច្បាររង់ចាំដោយមានការឈឺចាប់ ពេលពួកគេមកចាប់ទ្រង់ ហើយទ្រង់បានធ្វើដំណើរតែឯងលើវិថីពេញទៅដោយការឈឺចាប់នៃការលាងជើងបានរំពឹងទុក៖ «បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង» (ភីលីព ២:៨)។
ព្រះអង្គបានយាងមកដើម្បីរំដោះរាស្ដ្រទ្រង់
ប៉ុន្តែ នេះមិនមែនជាការយាងចុះចេញពីស្ថានសួគ៌ដ៏សាមញ្ញប៉ុណ្ណោះទេ គឺជាបាវបម្រើរហូតដល់សុគត។ នេះគឺជាការយាងចុះមកដោយមានគោលបំណង។ នេះគឺជាការបន្ទាបខ្លួនក្នុងបេសកកម្ម។ ការសុគតដែលព្រះអង្គបានយាងមក ដើម្បីសុគតគឺមិនមែនជាព្រឹត្តិការណ៍ដ៏ចៃដន្យក្នុងប្រវត្តិសាស្ត្រឡើយ។ ទ្រង់បានយាងមកសុគត ហើយមានព្រះជន្មរស់ឡើងវិញ។ វិសាលភាពនៃការថ្វាយយញ្ញបូជាចុងក្រោយរបស់ទ្រង់បានធួននឹងវិសាលភាពនៃការបះបោររបស់រាស្ដ្រទ្រង់ ហើយការធួននោះក៏លើសជាងការបះបោរនោះទៀតផង។ ហើយតាមរយៈការធ្វើបែបនេះ ព្រះអង្គបានបង្ហាញយើងនូវជម្រៅចិត្តនៃក្ដីស្រឡាញ់របស់ទ្រង់ផ្ទាល់ ហើយនិងរបស់ព្រះវរបិតាដែរ។ «តែឯព្រះ ទ្រង់សម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង» (រ៉ូម ៥:៨)។
ភាពទាក់ទាញចេញពីរដូវការបុណ្យណូអែល គឺមិនមែនគ្រាន់តែក្នុងចំណុចថា ព្រះអង្គផ្ទាល់បានយាងចេញពីស្ថានសួគ៌មកយកកំណើតជាមនុស្សនោះទេ ហើយក៏រឹតតែមិនមែនត្រង់ថា ទ្រង់បានបន្ទាបអង្គខ្លួនផ្ទាល់ក្នុងនាមជាបាវបម្រើ ដើម្បីបំពេញនូវតម្រូវការរបស់អ្នកដទៃឡើយ។ ហើយក៏ថែមទាំងមិនមែនត្រង់ថា ទ្រង់យាងមកដើម្បីសុគត ឬដើម្បីបើកសម្ដែងព័ន្ធកិច្ចរបស់ទ្រង់រហូតដល់ថ្នាក់ទ្រង់សុគតទៀតដែរ។ ភាពទាក់ទាញគឺត្រង់ថា ព្រះអង្គបានយាងចុះមក ហើយបានសម្រេចការទាំងអស់នោះ ដើម្បីរំដោះយើង។ នោះឯងគឺជាក្ដីសន្យានៃសាររបស់ព្រះជាម្ចាស់បានលើកឡើង ចាប់តាំងពីពេលប្រកាស៖ «ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប» (ម៉ាថាយ ១:២១)។
ព្រះអង្គយាងចុះមករំដោះយើងចេញពីអំពើបាប និងដើម្បីស្ដារយើងទៅកាន់អំណរចុងក្រោយដែលទ្រង់បានបង្កើតយើងឲ្យមាន៖ គឺដើម្បីឲ្យស្គាល់ទ្រង់ ហើយឲ្យមានអំណរក្នុងទ្រង់។ ព្រះអង្គបានយាងមក ដើម្បីផ្សះផ្សាយើង «ឲ្យជានឹងអង្គទ្រង់» (កូឡូស ១:២០)។ ព្រះអង្គមិនបានយាងមក ដើម្បីជំរុញឲ្យយើងយករដូវកាលបុណ្យណូអែលមកធ្វើជាមុខរបររកស៊ីលក់ដូរទេ ប៉ុន្តែ «ព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ» (១ពេត្រុស ៣:១៨)។
មតិយោបល់
Loading…