នៅក្នុងរដូវកាលនាពេលបុណ្យឈប់សម្រាក យើងមានឱកាសច្រើនណាស់ក្នុងការផ្សាយដំណឹងល្អ។ រវាងការជួបជុំគ្នាជាគ្រួសារ និងការមានដំណើរកំសាន្ត ជារឿយៗយើងឃើញថា យើងមានឱកាសចំណាយពេលជាមួយនឹងគ្រួសារ និងមិត្តភក្ដិជាច្រើនៗដោយគ្មានការប្រញាប់ប្រញាល់ទៅនេះទៅនោះឡើយ។ តើយើងនឹងចំណាយពេលវេលាបែបនោះដោយរបៀបណាទៅ? តើយើងត្រៀមខ្លួនហើយឬនៅក្នុងការចែកចាយពីក្ដីសង្ឃឹមដែលយើងមាន? ឬក៏ថា តើយើងនឹងទាញយកទូរស័ព្ទទំនើបៗរបស់យើងមកចុចលេង អូសចុះអូសឡើយ ខណៈពេលដែលយើងកំពុងជួបជុំគ្នា?
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទក៏អាចផ្សាំងបានដែរ សូម្បីតែមនុស្សដែលមានបាបដ៏សាហាវឃោរឃៅ ដូចសាច់រឿងនៅខាងលើ ហើយបន្ទាប់មកចាត់ឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដើម្បីផ្សព្វផ្សាយដំណឹងល្អជាមួយនឹងគ្រួសាររបស់គាត់ ដែលអាចឃើញនូវចំណុចផ្លាស់ប្រែដ៏ធំមហិមាក្នុងជីវិតរបស់គាត់។ ដំណឹងល្អមួយនេះ ដែលអាចបំផ្លាស់បំប្រែនៅសម័យនានាក៏អាចផ្លាស់ប្រែជីវិតយើងបានផងដែរ ហើយថែមទាំងផ្ដល់នូវអំណរដល់យើងទៀតផង។ យើងក៏គួរប្រើឱកាសនារដូវបុណ្យណូអែលនេះ ដើម្បីនឹងចែកចាយដំណឹងល្អមួយនេះទៅកាន់អ្នកដទៃ។ ខាងក្រោមនេះគឺជាចំណុច១៥យ៉ាងដែលលោកគ្រូ ស៊ី. អេឆ. ស្ពើជិន (C.H. Spurgeon) បានលើកឡើង៖
១. ចូររាប់ការដែលលោកអ្នកទទួលបានការរំដោះថា ជាបេសកកម្មនៃដំណឹងល្អរបស់លោកអ្នកផងដែរ។
២. ចូរចាត់ទុករដូវកាលបុណ្យណូអែលថា ជាពេលវេលាដ៏ចម្បងមួយសម្រាប់ចែកចាយដំណឹងល្អ។
៣. ចូរព្យាយាមចែកចាយដំណើររឿងនៃព្រះគុណរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់លោកអ្នក។
៤. ចូរប្រើប្រាស់ទីបន្ទាល់របស់លោកអ្នកជាការស្ដារអ្នកជឿផ្សេងៗឡើងវិញ។
៥. ចូររំពឹងទុកថា លោកអ្នកនឹងជួបប្រទះភាពតានតឹង។ ដូច្នេះ សូមអធិស្ឋានឲ្យអ្នកស្ដាប់បើកចិត្តទទួលជឿ ពេលដែលលោកអ្នកចែកចាយទៅកាន់អស់អ្នកដែលមិនទាន់ជឿ។
៦. ចូរត្រៀមខ្លួនជាស្រេចក្នុងការឆក់យកឱកាស ដើម្បីចែកចាយទីបន្ទាល់របស់លោកអ្នកមួយទល់នឹងមួយ។
៧. ចូរកុំរំពឹងថា លោកអ្នកនឹងមានការងាយស្រួលក្នុងការចែកចាយ ជាពិសេសជាមួយអស់អ្នកដែលបានស្គាល់លោកអ្នកជាយូរណាស់មកហើយ។
៨. ចូរយកឈ្នះលើភាពភ័យខ្លាច ដើម្បីឲ្យលោកអ្នកអាចថ្វាយកិត្តិយសចំពោះក្ដីស្រឡាញ់នៃព្រះសង្គ្រោះសម្រាប់លោកអ្នកបាន។
៩. ចូរចែកចាយទីបន្ទាល់របស់លោកអ្នកឲ្យមានពេញទៅដោយការអរព្រះគុណដល់ព្រះជាម្ចាស់។
១០. ចូរចែកចាយទីបន្ទាល់របស់លោកអ្នកដោយមានការបន្ទាបខ្លួន មិនមែនដោយរបៀបមើលងាយមើលថោកអ្នកផ្សេងនោះទេ។
១១. ចូរចែកចាយទីបន្ទាល់របស់លោកអ្នកដោយសេចក្ដីពិត ហើយកុំថែមរបោយដោយនិយាយបំផ្លើសឡើយ។
១២. ចូរចែកចាយទីបន្ទាល់របស់លោកអ្នកយ៉ាងម៉ឺងម៉ាត់ មិនមែនជាការលេងសើចទេ។
១៣. ចូរកុំភ្លេចចំណាយពេលផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ក្នុងរដូវកាលបុណ្យណូអែលនេះ។
១៤. ចូរពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធក្នុងការចែកចាយ។
១៥. ចូរចងចាំថា៖ ទីបន្ទាល់របស់លោកអ្នកនៅក្នុងរដូវកាលបុណ្យណូអែល គឺជាការឆ្លុះបញ្ចាំងពីជីវប្រវត្តិរបស់លោកអ្នកនាគ្រាអស់កល្បជានិច្ច។
ម៉ាកុស ៥:១-២០៖
១នោះក៏មកដល់ស្រុកគេរ៉ាស៊ីននៅត្រើយសមុទ្រម្ខាង។ ២កាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចិ៍ចូល វាចេញពីក្នុងផ្នូរខ្មោចមកជួបនឹងទ្រង់ ៣វានៅតែក្នុងផ្នូរខ្មោច ឥតមានអ្នកណាអាចនឹងចងវាជាប់ទៀតបានទេ ទោះបើយកច្រវាក់ទៅដាក់ក៏ពុំបានផង។ ៤ដ្បិតគេបានដាក់ខ្នោះដាក់ច្រវាក់វាជាច្រើនដងហើយ ប៉ុន្តែវាចេះតែកាច់ច្រវាក់បំបាក់ខ្នោះចោលអស់ ហើយគ្មានអ្នកណាអាចនឹងកម្រាបវាបានដែរ។ ៥វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច។ ៦កាលវាឃើញព្រះយេស៊ូវពីចម្ងាយក៏រត់ទៅក្រាបសំពះទ្រង់ ៧ស្រែកដោយសម្រែកជាខ្លាំងថា «ឱព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ហើយនឹងទូលបង្គំមានរឿងអ្វីនឹងគ្នា ទូលបង្គំសូមទ្រង់ឲ្យស្បថដោយព្រះថា មិនធ្វើទុក្ខទូលបង្គំទេ?» ៨វាទូលដូច្នោះពីព្រោះទ្រង់កំពុងតែមានបន្ទូលថា ម្នាល អារក្សអសោចិ៍ ចូរថយចេញពីមនុស្សនេះទៅ ៩រួចទ្រង់សួរវាថា ឯងឈ្មោះអី វាទូលឆ្លើយថា ទូលបង្គំឈ្មោះ «កងទ័ព» ពីព្រោះយើងខ្ញុំមានគ្នាច្រើន ១០ នោះវាទទូចអង្វរសូមកុំឲ្យទ្រង់បណ្ដេញវារាល់គ្នាចេញពីស្រុកនោះឡើយ។ ១១រីឯនៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅចង្កេះភ្នំ ១២ហើយអារក្សទាំងនោះទូលអង្វរទ្រង់ថា សូមឲ្យយើងរាល់គ្នាទៅជ្រក នៅក្នុងជ្រូកទាំងនោះចុះ។ ១៣នោះទ្រង់ក៏អនុញ្ញាតឲ្យភ្លាម រួចកាលវិញ្ញាណអារក្សអសោចិ៍ទាំងនោះបានចេញហើយ វាក៏ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកប្រហែល២ពាន់រូប ក៏បោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់អស់ទៅ។ ១៤ឯពួកអ្នកគង្វាលជ្រូក គេរត់ទៅក្នុងទីក្រុង ហើយក្នុងស្រុកស្រែសាសព្ទប្រាប់ពីរឿងនោះ រួចមនុស្សទាំងអស់ចេញមកមើលការដែលបានកើតឡើង។ ១៥គេមកឯព្រះយេស៊ូវ ហើយឃើញមនុស្សដែលពីដើមមានអារក្សចូល កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង គឺជាអ្នកដែលមានអារក្សទាំងកងចូលនោះឯង រួចគេស្ញែងខ្លាច។ ១៦ពួកអ្នកដែលបានឃើញការនោះ ក៏ពណ៌នាប្រាប់ដល់ជនគ្រប់គ្នាតាមការដែលកើតឡើង ដល់អ្នកនោះជាយ៉ាងណា ហើយពីដំណើរហ្វូងជ្រូកផង។ ១៧នោះគេចាប់តាំងទូលអង្វរ សូមឲ្យទ្រង់យាងចេញពីស្រុកគេទៅ។ ១៨កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ ១៩តែទ្រង់មិនអនុញ្ញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម្ល៉េះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ។ ២០គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម្ល៉េះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។
មតិយោបល់
Loading…