សេចក្ដីសង្គ្រោះកើតឡើងដោយព្រះគុណតែប៉ុណ្ណោះ ដោយសារជំនឿតែប៉ុណ្ណោះ មិនមែនតាមរយៈទង្វើនានានោះទេ (អេភេសូរ ២:៨-៩)។ ដូច្នេះ រាល់គ្រប់អ្នកជឿនឹងទទួលបានអំណោយទាននៃសេចក្ដីសង្គ្រោះដោយសារព្រះគុណដូចៗគ្នា មិនថាគាត់ជាគ្រីស្ទបរិស័ទយ៉ាងយូរឆ្នាំប៉ុណ្ណាក៏ដោយ ឬក៏ថាគាត់មានផលផ្លែច្រើនប៉ុណ្ណាក៏ដោយក្នុងការបម្រើព្រះជាម្ចាស់ (ម៉ាថាយ ២០:១០-១២; ២៥:១៤-២៣)។
ទោះជាព្រះគម្ពីរបានលើកឡើងថា «អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម ៨:១) ក៏យើងនៅឃើញខគម្ពីរមួយចំនួនទៀតដែលរៀបរាប់អំពីការថ្កោលទោស និងការដែលព្រះអម្ចាស់ត្រាស់ហៅឲ្យអ្នកជឿពិពណ៌នាអំពីអ្វីដែលពួកគាត់បានធ្វើផងដែរ (រ៉ូម ១៤:១០, ១២; ២កូរិនថូស ៥:១០)។ ទោះបើយើងទទួលបានសេចក្ដីសង្គ្រោះដោយព្រះគុណតែប៉ុណ្ណោះ ក៏ជំនឿនៃការសង្គ្រោះមិនតែឯងនោះដែរ—វាបង្កើតឲ្យមានផលផ្លែនៃទង្វើល្អៗ ហេតុដូច្នេះការថ្កោលទោសអ្នកជឿគឺអាស្រ័យទៅលើរបៀបនៃការដែលយើងបានរស់នៅក្នុងនាមជាអ្នកជឿ។
ទង្វើមួយចំនួននៃអស់អ្នកដែលបានអះអាងថាខ្លួនបានជឿនឹងត្រូវបើកសម្ដែងឲ្យឃើញថា តាមពិតទៅគាត់មិនមែនជាអ្នកជឿដ៏ពិតឡើយ (ម៉ាថាយ ៧:២១-២៣)។ ប៉ុន្តែ ចំពោះអស់អ្នកដែលជឿដ៏ពិតប្រាកដមែន គាត់នឹងទទួលបានរង្វាន់ដោយយោងលើទង្វើរបស់ពួកគាត់ (ម៉ាថាយ ១០:៤១; លូកា ៦:៣៥; ១៤:១៣-១៤; វិវរណៈ ១១:១៨)។ ប៉ុន្តែ សូម្បីតែរង្វាន់នេះក៏ជាអំណោយទានដ៏ពេញដោយព្រះគុណពីព្រះជាម្ចាស់ផងដែរ នេះក្នុងករណីថា ទង្វើទាំងនោះជាលទ្ធផលនៃការដែលព្រះជាម្ចាស់បានធ្វើការក្នុងលោកអ្នក (យ៉ូហាន ១៥:៤-៥; ភីលីព ២:១២-១៣)។
ការថ្កោលទោសនេះដែលនឹងកើតឡើងគួរលើកទឹកចិត្តយើងឲ្យបន្តក្នុងការប្រព្រឹត្តទង្វើល្អៗ។ ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ទតឃើញនូវរាល់អ្វីៗដែលយើងធ្វើដែលអ្នកដទៃមើលមិនឃើញ ហើយព្រះអង្គក៏នឹងប្រទានរង្វាន់ដល់យើងសម្រាប់វាដែរ (ម៉ាថាយ ៦:៤, ១៨)។ ដូចដែលនឹងមានកម្រិតនៃការដាក់ទារុណកម្មសម្រាប់អ្នកមិនជឿ (ម៉ាថាយ ១១:២២; លូកា ១២:៤៧-៤៨; ២០:៤៧) នោះសម្រាប់អ្នកជឿក៏នឹងមានកម្រិតនៃរង្វាន់ផងដែរ (លូកា ១៩:១៧, ១៩) ទោះបើយើងមិនដឹងថា តើវានឹងមានលក្ខណៈបែបយ៉ាងដូចម្ដេចនៅឡើយ។
អ្នកជឿមួយចំនួននឹងឃើញពីគុណភាពនៃទង្វើរបស់ពួកគាត់បើកសម្ដែងឡើងក្នុងពេលថ្កោលទោស ហើយពួកគាត់នឹងទទួលបានការសង្គ្រោះ ប៉ុន្តែហាក់បីដូចជាបុគ្គលម្នាក់ដែលគ្រាន់តែគេចផុតចេញពីភ្លើងអញ្ចឹង (១កូរិនថូស ៣:១០-១៥)។ ទោះបើពេលនោះអ្នកជឿនឹងគ្មានទុក្ខព្រួយ ការសោកស្ដាយ ឬក៏ការច្រណែនគ្នា និងរង្វាន់ខុសៗគ្នានៅគ្រាដែលនឹងមកដល់ក៏ដោយ ក៏យើងគួរតែនៅមានកម្លាំងចិត្តក្នុងការមានភាពស្មោះត្រង់ក្នុងការបម្រើព្រះអម្ចាស់ឥឡូវនេះដែរ (២កូរិនថូស ៥:១០-១១)។
មតិយោបល់
Loading…