នាងខ្ញុំឈ្មោះបុប្ផា ហើយមិត្តភក្ដិស្រីដ៏ស្និទ្ធស្នាលរបស់ខ្ញុំម្នាក់ទើបតែបានប្រាប់ខ្ញុំថា គាត់កំពុងតែតយុទ្ធនឹងចំណង់ចិត្តនៃការចង់រួមភេទជាមួយនឹងភេទដូចគ្នា ហើយឥឡូវនេះគាត់កំពុងតែធ្វើតាមអារម្មណ៍នៃចំណង់ចិត្តនោះ។ ឥឡូវនេះគាត់ទើបតែបានប្រាប់ខ្ញុំទៀតថា «ខ្ញុំនឹងចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីម្នាក់ទៀត ហើយខ្ញុំនឹងបន្តធ្វើបែបនោះ។ ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងធ្វើនោះត្រឹមត្រូវ ហើយខ្ញុំនឹងសាកល្បងមើល។ ខ្ញុំបានតយុទ្ធនឹងស្ថានភាពបែបនេះជាច្រើនឆ្នាំមកហើយដែរ។ ខ្ញុំមិនដែលចង់ធ្វើបែបនេះទេ ហើយខ្ញុំក៏គ្មានពិរុទ្ធភាពដែរ ហើយក៏មិនអាម៉ាស់មុខដែរ។ ខ្ញុំបានអធិស្ឋានជាច្រើនលើកច្រើនសារ ហើយក៏បានសិក្សាច្រើនផងដែរ ហើយខ្ញុំពិតជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនថ្កោលទោសខ្ញុំទេ។ ឥឡូវនេះ ខ្ញុំទទួលការថ្កោលទោសតែពីមនុស្សប៉ុណ្ណោះ ហើយខ្ញុំមានអារម្មណ៍មួយមកប្រាប់ខ្ញុំថា វាមិនអីទេ គ្រាន់តែជារឿងធម្មតា ហើយខ្ញុំក៏មានអារម្មណ៍ថាទទួលបានសេរីភាព ហើយខ្ញុំក៏ពិតជាជឿជាក់ថា នេះមិនមែនជារឿងខុសឆ្គងស្អីទេ ហើយក៏លែងមានអារម្មណ៍ភ័យខ្លាចទៀតផងដែរ»។
ទាំងអស់នោះគឺជាពាក្យសម្ដីដែលគាត់បាននិយាយ។ មិត្តភក្ដិរបស់ខ្ញុំបានអះអាងពីជំនឿរបស់គាត់យ៉ាងច្បាស់លាស់ ហើយក៏បានឈានដល់ចំណុចនៃការធ្វើសេចក្ដីសន្និដ្ឋានដោយធ្វើការកាត់ស្រាយដោយខ្លួនឯងថា វាមិនមែនជារឿងអ្វីខុសឆ្គងទេក្នុងការរស់នៅបែបដូច្នោះ។ ប៉ុន្តែ ពាក្យសម្ដីតវ៉ាដ៏ធ្ងន់ធ្ងររបស់គាត់ធ្វើឲ្យខ្ញុំមានភាពលំបាកក្នុងការពន្យល់ប្រាប់ថា តើខ្ញុំគួរឆ្លើយតបដោយមិនឯកភាពនឹងគាត់ដោយរបៀបណាបានទៅ?
ពាក្យពេចន៍នៃសេចក្តីពិត
ចម្លើយរបស់យើងខ្ញុំបាននិយាយទៅកាន់គាត់ថា៖ ខ្ញុំចង់និយាយលើកទឹកចិត្តឲ្យបុប្ផាត្រឡប់ទៅវិញ ហើយរម្លឹកអំពីអ្វីដែលបុប្ផាបានដឹងរួចមកហើយ គឺតាមរយៈការឃើញចំណុចទាំងអស់នោះក្នុងលក្ខណៈសខ្មៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយការទាំងអស់នោះនឹងជំរុញជាកម្លាំងដល់យើងបន្ថែមទៀត ក៏ដូចជាបង្ហាញផ្លូវដល់យើងថាតើយើងគួរធ្វើអ្វី។
នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:២៦ គឺជាខដែលយើងខ្ញុំកំពុងគិត «ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្ដីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទម្លាប់ពីប្រពៃណីចេញ ឲ្យខុសពីធម្មតា»។ នេះគឺជាឃ្លាដ៏សំខាន់បំផុតសម្រាប់ប្អូន និងមិត្តភក្ដិរបស់ប្អូននូវត្រង់ឃ្លានេះ។
នេះគឺជារឿងដ៏គួរឲ្យព្រួយបារម្ភ ពីព្រោះនាងគឺជាមិត្តភក្ដិដ៏ស្និទ្ធស្នាលម្នាក់របស់ប្អូន ដូចដែលប្អូនបានលើកឡើងមកនោះ។ ដោយយោងទៅតាមអ្វីដែលប្អូនបានរៀបរាប់ ចំពោះខ្ញុំមើលទៅហាក់បីដូចជាមិត្តភក្ដិរបស់ប្អូនកំពុងតែលើកឡើងថា ព្រះជាម្ចាស់គឺជាអង្គដែលកំពុងធ្វើការនៅក្នុងជីវិតរបស់នាង។ ពេលនេះព្រះអង្គកំពុងតែប្រគល់នាងទៅក្នុងសេចក្ដីរំជួល ហើយនេះគឺជាចំណុចដ៏គួរឲ្យរន្ធត់ហើយភ័យខ្លាចដែលគួរធ្វើឲ្យនាងញាប់ញ័រ ហើយធ្វើឲ្យប្អូនញាប់ញ័រជំនួសនាងផងដែរ។
សូមកត់សម្គាល់ពីកម្រិតពីរយ៉ាងនៃសកម្មភាពដែលកើតឡើងនៅក្នុងខគម្ពីរនេះ។
ព្រះទ្រង់ប្រគល់គេ
កម្រិតមួយគឺថា ព្រះជាម្ចាស់បានប្រគល់នាងទៅកាន់សេចក្តីរំជួលដ៏អាស្រូវបារាយរបស់នាង «ព្រះទ្រង់បានប្រគល់ [ស្ត្រីទាំងនោះ] ទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយ»។ នៅត្រង់ចំណុចនេះមានលទ្ធផលបីយ៉ាងសម្រាប់មិត្តភក្តិរបស់ប្អូន។
១.ការឡោមព័ទ្ធរបស់ព្រះជាម្ចាស់
ដើមឡើយ ជាធម្មតាព្រះជាម្ចាស់រារាំងអំពើបាបពីមនុស្សរាប់លាននាក់។ ព្រះអង្គបានរារាំងអំពើបាប ប៉ុន្តែពេលខ្លះ ក្នុងករណីនៃការជំនុំជម្រះព្រះអង្គនឹងឈប់រារាំង។ យើងអាចហៅការនេះថា ការប្រគល់គេទៅកាន់ ឬក៏ការប្រលែងគេទៅកាន់សេចក្ដីប៉ងប្រាថ្នានៃការចង់បានរបស់ខ្លួន។ ព្រះអង្គបានដកអង្គទ្រង់ចេញពីជីវិតនៃសេចក្ដីរំជួលរបស់មិត្តប្អូនដែលប្រព្រឹត្តិអំពើបាប ហើយព្រះអង្គបានប្រលែងនាងចោល។
២. ទាសភាពនៃសេចក្ដីរំជួល
ជាបន្ទាប់ ឥឡូវនេះជាជាងព្រះអង្គធ្វើជាអង្គរារាំងជាចម្បង សេចក្ដីរំជួលបានធ្វើជាម្ចាស់ត្រួតត្រាលើជីវិតរបស់នាងទាំងស្រុងហើយ។ យើងខ្ញុំបានឃើញពីចំណុចនេះក្នុងរបៀបដែលប្អូនបានរ៉ាយរ៉ាប់អំពីស្ថានភាពនៃដួងចិត្តរបស់នាង។ នេះគឺជាសម្ដីដែលប្អូនបានថាមិត្តភក្ដិរបស់ប្អូនបាននិយាយ៖ «ខ្ញុំនឹងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីម្នាក់ទៀត ហើយខ្ញុំនឹងបន្តធ្វើបែបនោះ។ ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងធ្វើនោះត្រឹមត្រូវ ហើយខ្ញុំនឹងសាកល្បងមើល។ ខ្ញុំក៏គ្មានពិរុទ្ធភាពដែរ ហើយក៏មិនអាម៉ាស់មុខដែរ។ ខ្ញុំពិតជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនបានថ្កោលទោសខ្ញុំទេ។ ឥឡូវ ខ្ញុំទទួលការថ្កោលទោសតែពីមនុស្សប៉ុណ្ណោះ ហើយខ្ញុំមានអារម្មណ៍មួយមកប្រាប់ខ្ញុំថា វាមិនអីទេ គ្រាន់តែជារឿងធម្មតា»។
នេះគឺជាភាសារបស់បុគ្គលដែលបានចុះចូលទៅតាមជំនោរនៃអារម្មណ៍ខ្លួន ឬក៏ដូចដែលសាវ័ក ប៉ុល បានលើកឡើងដែរថាសេចក្ដីរំជួល ពោលគឺសេចក្ដីរំជួលដ៏អាស្រូវបារាយ។ នាងបានយកសេចក្ដីរំជួលទាំងនោះមកធ្វើជាព្រះថ្មីមកដឹកនាំជីវិតរបស់នាង។ ពីមុនៗ ព្រះគុណនៃការរារាំងរបស់ព្រះជាម្ចាស់ត្រួតត្រាលើអំណាចនៃអារម្មណ៍ និងសេចក្ដីរំជួលរបស់នាង ប៉ុន្តែឥឡូវនេះ នាងបានជ្រើសរើសយកសេចក្ដីរំជួលទាំងនោះហើយអ្វីទាំងអស់នោះប្រៀបដូចជាព្យុះស៊ូណាមីមួយអញ្ចឹង។ វាកំពុងតែផ្ដួលនូវរាល់ប៉មនៃសេចក្ដីពិត រាល់សេចក្ដីប្រមាថ និងរាល់រនាំងពីការបំផ្លាញចោល។
មើលទៅហាក់បីដូចជាឥឡូវនេះនាងកំពុងតែរស់នៅហើយជាប់នៅក្នុងទាសភាពនៃអារម្មណ៍ខ្លួន និងសេចក្ដីរំជួលរបស់នាងហើយ។ គ្មានម្ចាស់ទាសករនៅលើលោកនេះណាផ្សេងទៀតដែលមានអារម្មណ៍ថា ខ្លួនកំពុងតែមានសេរីភាពខ្លាំងជាងនេះនោះទេ។ ប៉ុន្តែ ម្ចាស់ទាសករនោះគឺសាហាវឃោរឃៅគួរឲ្យខ្លាចណាស់។
៣. មិត្តភក្ដិក្លាយជាសត្រូវ
ជាចុងក្រោយ ដោយយោងតាមការពិនិត្យមើលនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:២៦ ព្រះថ្មីមួយនេះដែលនាងបានផ្តល់ឈ្មោះឲ្យគឺសេចក្ដីរំជួល។ សាវ័ក ប៉ុល បានលើកឡើងថាវាអាស្រូវបារាយណាស់។ នាងកំពុងតែជាប់ក្នុងទាសភាពនៃសេចក្ដីរំជួលដ៏អាស្រូវបារាយ។ សេចក្ដីរំជួលនោះមិនមែនគ្រាន់តែនាំឲ្យមានការប្រព្រឹត្តបែបអធម្មជាតិ និងការផ្លាស់ប្ដូរដែលគួរឲ្យអាណិតអាសូរជំនួសរបៀបដែលព្រះជាម្ចាស់បានបង្កើតមនុស្សស្រីមកប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏បានបង្វែរមិត្តភក្ដិឲ្យក្លាយទៅជាសត្រូវផងដែរ។
នាងបានលើកឡើងថា នាងគ្រាន់តែមានអារម្មណ៍ថ្កោលទោសពីមនុស្សតែប៉ុណ្ណោះ។ អារម្មណ៍ទាំងនោះគឺមិនមែនជាព្រះទេ។ ចំពោះនាងវាមិនសំខាន់អ្វីទេ ត្រង់ពាក្យសម្ដីមិត្តភក្ដិរបស់នាងដែលកំពុងតែថ្កោលទោសនាង។ អារម្មណ៍របស់នាងគឺជាអ្វីដែលសំខាន់ចំពោះនាង។ នោះឯងគឺជារបៀបដែលព្រះថ្មីមួយនេះយកនាងមកធ្វើជាទាសកររបស់វាធ្វើឲ្យជាប់ក្នុងទាសភាព។
តាមពិតទៅ ហេតុការណ៍មិនមែនជាអ្វីដែលសំខាន់ចំពោះនាងទៀតទេ។ តែអ្វីដែលសំខាន់គឺអារម្មណ៍នៃការថ្កោលទោស។ ប្រសិនបើនាងមានអារម្មណ៍ថា ប្អូនបានថ្កោលទោសនាង នោះទោះបើប្អូនស្រឡាញ់នាងក៏វាមិនមែនជារឿងសំខាន់ដល់នាងទៀតឡើយ ព្រោះអារម្មណ៍គឺជាព្រះរបស់នាងហើយ។
ការមើលមកលើកខ្លួនឯងថាជាមនុស្សសុចរិត គឺជាចំណុចស្នូលមួយនៃសេចក្ដីរំជួលដ៏អាស្រូវបារាយនេះ។ ពួកគាត់រាប់ខ្លួនឯងថាលើសជាងសីលធម៌។ ប៉ុន្តែ ចូរកុំច្រឡំថា យើងខ្ញុំកំពុងថាពួកគាត់ល្អឥតខ្ចោះនោះទេ ផ្ទុយពីនេះទៅវិញអ្វីដែលយើងខ្ញុំកំពុងតែចង់លើកឡើង គឺថាពួកគាត់មានអំនួតរហូតដល់ហ៊ានរាប់ខ្លួនឯងថាជាមនុស្សល្អ ឬក៏នៅក្រៅសីលធម៌។ ចំពោះនាង នាងមានអារម្មណ៍ថា ខ្លួនលើសពីសីលធម៌ជាងអស់អ្នកដែលនៅជុំវិញនាង ដែលពេលនេះនាងគិតថា គេកំពុងតែថ្កោលទោសនាង។ វាជាសេចក្ដីរំជួលដ៏អាស្រូវបារាយក្នុងករណីថា ឥឡូវនេះនាងយកមិត្តភក្ដិដែលកំពុងតែនិយាយសេចក្ដីពិតដោយក្ដីស្រឡាញ់ ហើយបែរជាធ្វើឲ្យមិត្តភក្ដិនោះក្លាយទៅជាសត្រូវទៅវិញ។
ការប្រព្រឹត្តតាមសេចក្ដីរំជួល
យើងខ្ញុំបានលើកឡើងថា នៅក្នុងខគម្ពីរនោះមានកម្រិតពីរយ៉ាង។ នោះគឺជាកម្រិតមួយ៖
«ព្រះទ្រង់ប្រគល់គេទៅក្នុងសេចក្ដីរំជួលដ៏អាស្រូវបារាយ»។
នេះគឺជាកម្រិតមួយទៀតថា៖ «ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទម្លាប់ពីប្រពៃណីចេញ ឲ្យខុសពីធម្មតា»។ ជាដំបូង មានសេចក្ដីរំជួលដ៏អាស្រូវបារាយ—ទាសភាពនៃការយកអារម្មណ៍មកធ្វើជាព្រះបន្ទាប់មកទៀត ក៏មានការប្រព្រឹត្ត។ ជាបន្ទាប់ ចាប់ផ្តើមមានទំនាក់ទំនងញ៉េះញ៉ោះញ៉ែញ៉ងបែបជាស្នេហា បន្ទាប់មកទៀត មានការស្ទាបអង្អែល ការថើប ហើយក្រោយមកទៀត យើងមិនដឹងថា តើពួកគាត់នឹងប្រព្រឹត្តបែបណាខ្លះទៀតទេ ដែលគួរឲ្យយើងអាណិត អ្វីដែលពួកគាត់បំពេញទៅដោយគ្មានក្ដីសង្ឃឹម ក្នុងការដែលយើងធ្វើឲ្យរឿងអធម្មជាតិប្រែក្លាយទៅជាធម្មជាតិវិញ។
ព្រះដ៏ឃោរឃៅនៃអារម្មណ៍របស់នាងនឹងអនុញ្ញាតឲ្យនាងមានជោគជ័យមួយដំណាក់កាលសិន។ ប៉ុន្តែ មិនយូរមិនឆាប់នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:២៧ បានលើកឡើងថា វានឹងផ្ទុះឡើងដ៏គួរឲ្យឈឺចាប់យ៉ាងខ្លាំងបំផុត។ ខគម្ពីរនោះបានលើកឡើងថា «ប្រុសប្រព្រឹត្តនឹងប្រុសៗជាការដ៏អាក្រក់ជួជាតិ» នៅក្នុងករណីនេះគឺ នាង និងសង្សារស្រីរបស់នាង «នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្ដីកំហុសរបស់ខ្លួន»។
ប្រសិនបើប្អូនបានលើកខគម្ពីរមួយនេះមកពន្យល់ប្រាប់នាង ពេលនោះប្រហែលជានាងទំនងអាចឆ្លើយតបមកវិញថា នាងមានអារម្មណ៍ថា ប្អូនកំពុងតែថ្កោលទោសនាងហើយ។ សូមប្អូនចងចាំ៖ ចំពោះនាង អារម្មណ៍នោះគឺជាព្រះថ្មីរបស់នាងរួចទៅហើយ ដូច្នេះប្អូនត្រូវតែហ៊ាននិយាយទៅកាន់នាង។
ក្នុងដំណាក់កាលដ៏ខ្លីនេះមានតែព្រះជាម្ចាស់មួយអង្គទេ ដែលជ្រាបថា ទារុណកម្មនេះនឹងកើនឡើងដល់កម្រិតណា។ ប្អូនអាចដកស្រង់ចំណុចទាំងអស់នោះឡើង ដោយចេញពីកណ្ឌគម្ពីររ៉ូមជំពូក១ ដើម្បីយកមករម្លឹកខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងនេះទៅទៀត។
ព្រមានក្នុងក្ដីស្រឡាញ់
ឱ! ប្អូនបុប្ផាអើយ! ចំពោះយើងខ្ញុំ មើលទៅចំណុចដ៏ល្អបំផុត ដែលប្អូនអាចធ្វើលើកនេះគឺ៖ រកវិធីសាស្ត្រណាមួយក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់មិត្តប្អូន ទៅកាន់តួនាទីដ៏ខ្លាំងដែលអារម្មណ៍នាងកំពុងតែមាននៅក្នុងជីវិតរបស់នាងនាពេលឥឡូវនេះ។ អារម្មណ៍នោះមិនអាចយកឈ្នះ និងមិនសមទៅនឹងសេចក្ដីពិត ហើយនិងអំណាចរបស់ព្រះបន្ទូលទេ។
«ខ្ញុំនឹងចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីម្នាក់ទៀត ហើយខ្ញុំនឹងបន្តធ្វើបែបនោះ។ ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងធ្វើនោះត្រឹមត្រូវ ហើយខ្ញុំនឹងសាកល្បងមើល។ ខ្ញុំមិនដែលចង់ធ្វើបែបនេះទេ ខ្ញុំក៏គ្មានពិរុទ្ធភាពដែរ ហើយក៏មិនអាម៉ាស់មុខដែរ។ ខ្ញុំពិតជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនថ្កោលទោសខ្ញុំទេ។ ឥឡូវនេះ ខ្ញុំទទួលការថ្កោលទោសតែពីមនុស្សប៉ុណ្ណោះ ហើយខ្ញុំមានអារម្មណ៍មួយមកប្រាប់ខ្ញុំថា វាមិនអីទេ»។ សូមកត់សម្គាល់ទៅលើពាក្យថា «អារម្មណ៍» ដែលនាងបានប្រើប្រាស់ម្តងហើយម្តងទៀត។
ប្រសិនបើនាងពិតជាធ្លាប់បានចុះចូលក្រោមភាពជាអម្ចាស់របស់ព្រះយេស៊ូវនៅក្នុងជីវិតនាងមែន នោះទំនងជានាងនឹងប្រើលេសនេះ ទាំងអស់នោះគឺជាភាសាសម្ងាត់មួយផ្សេងទៀតសម្រាប់ការតាំងខ្លួនឯងធ្វើជាព្រះ។ ទំនងប្អូនមិនទាន់អស់ឱកាសទាំងស្រុងនៅឡើយទេក្នុងការស្រែកហៅបង្វែរឲ្យនាងត្រឡប់មកវិញ។ ចូរកុំភ័យខ្លាចឡើយក្នុងការដែលនាងនឹងថ្កោលទោសប្អូនដោយរាប់ថាប្អូនកំពុងតែថ្កោលទោសនាង។ នោះទំនងជាការលះបង់មួយដែលប្អូនត្រូវតែធ្វើក្នុងការស្រឡាញ់នាងឲ្យបានល្អ។
មតិយោបល់
Loading…