ប្រមាណសប្ដាហ៍មុន យើងបានស្រង់មតិយោបល់លើសំណួរដ៏សាមញ្ញមួយទាក់ទងនឹងការថ្វាយតង្វាយដោយសូមឲ្យបងប្អូនបោះឆ្នោត។ បន្ទាប់ពីបានឃើញលទ្ធផល យើងក៏ទទួលបានការលើកទឹកចិត្ត និងការបារម្ភខ្លះៗផងដែរ។ មើលទៅ ហាក់បីដូចជាក្រុមជំនុំនាពេលបច្ចុប្បន្ននេះនៅមានការជជែកវែកញែកគ្នាយ៉ាងក្ដៅៗនៅឡើយទេទាក់ទងនឹងការថ្វាយតង្វាយ១ភាគ១០។
សម្រាប់ជាព័ត៌មានដល់លោកអ្នក ខាងក្រោមនេះគឺជារូបថតនៃលទ្ធផល៖
តើព្រះជាម្ចាស់ពិតជាបានបញ្ជាឲ្យយើងថ្វាយតង្វាយ១0%ចេញពីប្រាក់ខែរាល់ខែរបស់យើងមែនឬ? ឬក៏ថា យើងអាចថ្វាយតាមតែអារម្មណ៍យើងនាំឲ្យថ្វាយបានដែរឬទេ? មានយោបល់ជាច្រើនទាក់ទងនឹងការថ្វាយ ប៉ុន្តែតើព្រះគម្ពីរមានលើកឡើងយ៉ាងដូចម្ដេចខ្លះទាក់ទងនឹងចំណុចទាំងអស់នោះ?
ជាការស្អាងទឹកចិត្តដល់លោកអ្នក ខាងក្រោមនេះគឺជាការល្បងលចេញពីព្រះគម្ពីរទាក់ទងនឹងការថ្វាយតង្វាយ១ភាគ១០ និងជាគំរូនៃការឲ្យក្នុងព្រះគម្ពីរសញ្ញាថ្មី៖
«ចុះ តើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងតង្វាយ១ភាគក្នុង១០ ហើយក្នុងតង្វាយលើកចុះឡើងនោះឯង ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែកោងយករបស់អញយ៉ាងដូច្នេះ ចូរនាំយកតង្វាយ១ភាគក្នុង១០ទាំងអស់ មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ» (ម៉ាឡាគី ៣:៨-១០)។
កណ្ឌគម្ពីរ ម៉ាឡាគី ៣:៨-១០ គឺជាខគម្ពីរដែលគ្រូអធិប្បាយជាច្រើនពេញនិយមយកមកប្រើប្រាស់ណាស់ក្នុងការជំរុញឲ្យមានការថ្វាយតង្វាយ។ ជាទូទៅនៅព្រឹកថ្ងៃអាទិត្យ គ្រូគង្វាលជាច្រើនតែងតែអធិប្បាយយ៉ាងខ្លីមួយចេញពីកណ្ឌគម្ពីរម៉ាឡាគីមុនពួកគាត់លើកតង្វាយ។ យើងទំនងអាចនឹងសូត្រជាមួយគ្នាបាន ព្រោះយើងបានឮវាជាច្រើនលើកច្រើនសារក្នុងក្រុមជំនុំ មិនថានិកាយណាក៏ដោយ ជាពិសេសនៅក្រុមជំនុំដែលអធិប្បាយដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន។
សេចក្ដីអធិប្បាយនោះទំនងជាមានការចាប់ផ្ដើមដូចនេះ៖
«ព្រឹកនេះខ្ញុំចង់និយាយទៅកាន់បងប្អូនមុនយើងលើកតង្វាយ។ សូមបើកព្រះគម្ពីររបស់បងប្អូនទៅក្នុងកណ្ឌគម្ពីរម៉ាឡាគីជំពូក៣ ហើយសួរខ្លួនឯងថា «តើខ្ញុំកំពុងកេងប្រវ័ញ្ចពីព្រះជាម្ចាស់ឬ?» បើបងប្អូនមិនថ្វាយតង្វាយ១០%ទេ នោះមានន័យថា បងប្អូនកំពុងកេងប្រវ័ញ្ចពីព្រះហើយ។»
មិនថាគ្រូម្នាក់នោះចំណាយពេល១០នាទី ឬក៏៣០នាទីនោះទេ អ្វីដែលគាត់បានលើកឡើងគឺជាការអនុវត្តនៃបទគម្ពីរមួយចេញពីព្រះគម្ពីរដែលព្រះជាម្ចាស់មានបន្ទូលតាមរយៈហោរា ម៉ាឡាគី ទៅកាន់រាស្ត្រអ៊ីស្រាអែលអំពីស្ថានភាពខាងឯព្រលឹងវិញ្ញាណរបស់ពួកគេនៅគ្រានោះ។ ពេលនោះជាពេលមុនព្រះមែស្ស៊ីយាងមក គឺព្រះយេស៊ូវ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងរាស្ត្ររបស់ទ្រង់ ទាក់ទងនឹងយញ្ញបូជាដ៏មិនបរិសុទ្ធរបស់ពួកគេ (១:៧) ការដែលពួកគេប្រមាថព្រះនាមទ្រង់ (១:១២) ពួកសង្ឃដ៏ពុករលួយរបស់ពួកគេ (២:៩) និងការមិនស្ដាប់បង្គាប់ដ៏ពេញទីរបស់ពួកគេនោះទេ (៣:៨-១៥)។ នេះគឺជាអត្ថបទទំនាយដ៏ល្អមួយសម្រាប់អធិប្បាយក្នុងក្រុមជំនុំ ហើយមានចំណុចច្រើនណាស់ដែលយើងអាចរៀនបានអំពីសាសន៍អ៊ីស្រាអែល លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ និងការយាងមករបស់ព្រះគ្រីស្ទ។
ប៉ុន្តែ វាជាការដ៏គួរឲ្យសោកស្ដាយណាស់ ដែលគេតែងតែប្រើប្រាស់ខគម្ពីរនេះ ដើម្បីប្រាប់ក្រុមជំនុំសព្វថ្ងៃនេះថា ពួកគាត់ត្រូវតែថ្វាយ១០% (១ភាគ១០) នៃប្រាក់ខែពួកគាត់ ព្រោះបើមិនដូច្នោះទេ នោះមានន័យថា ពួកគាត់នឹងត្រូវបណ្ដាសាហើយ (ម៉ាឡាគី ៣:៩) ហើយថា ដាច់ខាត ពួកគាត់ត្រូវតែយកតង្វាយនោះមកដាក់ក្នុង «ឃ្លាំង» (ម៉ាឡាគី ៣:១០)។ គេកាត់ស្រាយ «ឃ្លាំង» ឲ្យមានន័យថា ក្រុមជំនុំ ឬក៏ក្នុងករណីខ្លះថា គណនីធនាគាររបស់គ្រូគង្វាលផ្ទាល់តែម្ដង។
មានការសន្មតជាច្រើនទាក់ទងនឹង «ការថ្វាយតង្វាយ១ភាគ១០» ព្រោះខ្វះភាពយល់ដឹង ឬក៏មានការបង្រៀនខុសចេញពីព្រះគម្ពីរ។ មានអ្នកខ្លះថា ការថ្វាយតង្វាយ១ភាគ១០គឺជាបញ្ញត្តិពីព្រះគម្ពីរសញ្ញាចាស់ដែលត្រូវបានលើកមកប្រើប្រាស់ក្នុងព្រះគម្ពីរសញ្ញាថ្មីផងដែរ។ មានអ្នកខ្លះទៀតថា វាគ្រាន់តែជាគោលការណ៍ដ៏ល្អមួយប៉ុណ្ណោះ។ ហើយស្របគ្នានេះដែរ នៅមានអ្នកខ្លះទៀតលើកឡើងតវ៉ាថា យើងត្រូវតែលើកយកសម័យកាលនៃក្រុមជំនុំណាមួយមកធ្វើជាគំរូនៃការថ្វាយតង្វាយ។ ជាចុងក្រោយ នៅមានអ្នកខ្លះទៀតជឿយ៉ាងសាមញ្ញថា ពួកគាត់ត្រូវតែថ្វាយ១ភាគ១០ ព្រោះនោះជាអ្វីដែលគេបានប្រាប់ឲ្យគាត់ធ្វើតាំងពីដើមមកម្ល៉េះ។
តោះ! ចូរយើងនាំគ្នាឆ្លើយនូវសំណួរដ៏សំខាន់ៗដោយរំពឹងលើព្រះគម្ពីរ មិនមែនលើការសន្មតនោះទេ។ ការសិក្សាព្រះគម្ពីរទំនងនឹងលើកចោលនូវបន្ទុកដ៏ធ្ងន់មួយដែលលោកអ្នកលីលើស្មាទាក់ទងនឹងប្រធានបទមួយនេះ។
តើអ្វីទៅជា «ការថ្វាយតង្វាយ១ភាគ១០»?
យើងឃើញថា ការថ្វាយតង្វាយគឺជាអ្វីដែលក្រឹត្យវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់បានតាំងឲ្យមាន ហើយក្នុងករណីមួយចំនួន មុនមានក្រឹត្យវិន័យ មានអ្នកខ្លះបានសច្ចា ឬក៏បានថ្វាយតង្វាយ១ភាគ១០ (លោកុប្បត្ដិ ១៤:២០; ២៨:២២)។ ការថ្វាយមានរួមបញ្ចូលភាគរយនៃសត្វចិញ្ចឹម គ្រាប់ធញ្ញជាតិ ឬក៏ផលផ្លែផ្សេងៗ។ ពេលដែលយើងសិក្សាការថ្វាយតង្វាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ នោះយើងនឹងឃើញមូលដ្ឋាននៃសេចក្ដីពិតមួយចំនួនដែលយើងមិនអាចមើលរំលងបានឡើយ៖
- ចំនួនតង្វាយសរុបនឹងមានលើសជាង២០%ពេលដែលយើងបូកសរុបតង្វាយទាំងអស់ (លេវីវិន័យ ២៧:៣០-៣២; និក្ខមនំ ១៨:២១, ២៤ និងចោទិយកថា ១៤:២២-២៧; ១៤:២៨-២៩)។
- ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យពួកសង្ឃធ្វើជាម្ចាស់ដី ឬក៏ទទួលមរតកនោះទេ ដូច្នេះតង្វាយក្លាយជាអ្វីដែលផ្គត់ផ្គង់លើការរស់នៅ និងតម្រូវការរបស់ពួកគាត់ (ជនគណនា ១៨:២៤)។
- តង្វាយដើរតួដូចជាប្រព័ន្ធបង់ពន្ធ ដើម្បីជួយផ្គត់ផ្គង់ដល់អ្នកក្រីក្រ ពិធីជប់លៀងប្រចាំឆ្នាំ និងការធ្វើឲ្យពួកសង្ឃគ្រប់គ្រងអាចដំណើរការទៅមុខបាន (ចោទិយកថា ១៤:២២-២៩ និងនេហេមា ១២:៤៤)។
- ការថ្វាយតង្វាយមិនសូវពាក់ព័ន្ធនឹងលុយកាក់ប៉ុន្មានទេ លើកលែងករណីមួយចំនួន (ចោទិយកថា ១៤:២៥)។
- គេបានចាត់ទុកការមិនថ្វាយតង្វាយថាជាការមិនស្ដាប់បង្គាប់ជាចំហក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ (ម៉ាឡាគី ៣:៩)
- តង្វាយ (ផលផ្លែ និងអ្វីៗផ្សេងទៀត) គឺត្រូវបានទុកនៅក្នុងឃ្លាំងដ៏ពិតសម្រាប់ការចែកចាយឲ្យបានច្បាស់លាស់ (១របាក្សត្រ ២៧:២៥-២៧)។
- ព្រះជាម្ចាស់ចាត់ទុកឃ្លាំង និងព្រះដំណាក់របស់ទ្រង់ថាខុសគ្នា (ម៉ាឡាគី ៣:១០)។
ដោយយោងតាមអ្វីដែលបានលើកឡើងខាងលើនេះ ចូរយើងធ្វើសេចក្ដីសន្និដ្ឋានចេញពីព្រះគម្ពីរដូចតទៅ៖
- សាសន៍អ៊ីស្រាអែលបានថ្វាយនូវផលផ្លែ គ្រាប់ធញ្ញជាតិ និងសត្វចិញ្ចឹម។
- តង្វាយបានផ្គត់ផ្គង់ពួកសង្ឃ ព្រោះពួកគាត់មិនមានសិទ្ធិធ្វើជាម្ចាស់អ្វីទេ។
- ការថ្វាយតង្វាយគឺលើស១០%ទៅទៀត។
- តង្វាយគឺជាក្រឹត្យវិន័យ ដែលមានលក្ខណៈដូចជាការបង់ពន្ធសម្រាប់ការមើលថែសាសន៍អ៊ីស្រាអែល។
- ឃ្លាំងមានទីកន្លែងដ៏ជាក់លាក់មែន មិនមែន «ខាងឯវិញ្ញាណ» នោះទេ ឬក៏សំដៅទៅលើព្រះវិហារឡើយ។
តើសព្វថ្ងៃនេះគេបានអនុវត្តនូវសេចក្ដីបង្រៀនក្នុងព្រះគម្ពីរសញ្ញាចាស់យ៉ាងខុសឆ្គងដោយរបៀបណា?
ទី១ ពេលណាបុគ្គលណាម្នាក់កាត់ស្រាយព្រះគម្ពីរមិនត្រឹមត្រូវ យើងត្រូវតែមានការប្រុងប្រយ័ត្នក្នុងការមិនឆាប់សន្និដ្ឋានដោយវាយប្រហារ។ ពេលដែលនរណាម្នាក់កាត់ស្រាយអ្វីមួយខុសឆ្គង នោះមិនមែនមានន័យថា គាត់ជាទិដ្ឋិកជននោះទេ ប៉ុន្តែការខុសឆ្គងគឺជារឿងដ៏ធ្ងន់ធ្ងរណាស់ ហើយក៏អាចនាំអ្នកផ្សេងឲ្យខុសឆ្គងផងដែរ—ដែលតែឯងនោះជាចំណុចភារកិច្ចមួយដោយឡែកផ្សេងទៀតទេតើ។
ទី២ យើងត្រូវតែកំណត់អំពីអ្វី និងអំពីមូលហេតុដែលគេបង្រៀន។ តើពួកគេមានទស្សនៈជាមូលដ្ឋានខាងទេវវិទ្យាមួយណាខ្លះដែលបណ្ដាលឲ្យបញ្ចូលព្រះគម្ពីរសញ្ញាចាស់ទៅក្នុងសញ្ញាថ្មី? តើពួកគេមានទម្លាប់ដាក់សេចក្ដីបង្រៀនរបស់ពួកគេលើ «គោលការណ៍» ចេញពីប្រវត្តិសាស្ត្រ និងការស្រាវជ្រាវផ្សេងទៀតដែលមិនចេញពីព្រះគម្ពីរ ជាជាងពឹងលើខគម្ពីរ និងការកាត់ស្រាយដ៏ត្រឹមត្រូវឬ? ឬក៏ថា ពួកគេកំពុងបង្វែរបទគម្ពីរក្នុងរបៀបដែលយើងមើលឃើញយ៉ាងច្បាស់ ដើម្បីបំពេញតម្រូវការខាងឯហិរញ្ញវត្ថុរបស់ពួកគេផ្ទាល់ និងមានលំនាំនៃការកេងប្រវ័ញ្ចក្នុងព័ន្ធកិច្ច? យើងត្រូវតែសួរសំណួរដ៏សំខាន់ទាំងនេះពេលយើងឃើញគេយកបទគម្ពីរមកអនុវត្តក្នុងរបៀបមិនត្រឹមត្រូវ។
ខាងក្រោមនេះជារបៀបមួយចំនួនដែលគេអនុវត្ត «ការថ្វាយតង្វាយ១ភាគ១០» យ៉ាងខុសឆ្គងនៅនាបច្ចុប្បន្នកាលនេះ។ របៀបខ្លះធ្ងន់ធ្ងរជាងរបៀបមួយទៀត ប៉ុន្តែយើងគួរកត់សម្គាល់លើគ្រប់ចំណុច៖
- គេបង្រៀនថា «ឃ្លាំង» ក្នុងកណ្ឌគម្ពីរ ម៉ាឡាគី ៣:១០ គឺជាព្រះដំណាក់របស់ព្រះជាម្ចាស់—ក្រុមជំនុំ—ឬក៏ថាក្នុងករណីជាច្រើន ជាគណនីធនាគាររបស់គ្រូគង្វាលផ្ទាល់។
- ការបង្ខំថា តង្វាយ១០%គឺជាក្រឹត្យវិន័យ ខណៈពេលដែលពួកគេមើលរំលងក្រឹត្យវិន័យផ្សេងៗទៀតអំពីការថ្វាយតង្វាយ។
- គេបានបង្រៀនពីការថ្វាយតង្វាយថាជាបញ្ញត្តិសម្រាប់ព្រះគម្ពីរសញ្ញាថ្មីទៅកាន់សមាជិកក្រុមជំនុំ ហើយបានគំរាមកំហែងថា ពួកគាត់នឹងប្រឈមមុខនឹងការថ្កោលទោសពីព្រះជាម្ចាស់បើពួកគាត់មិនថ្វាយ១០%នៃប្រាក់ខែរាល់ខែនោះទេ។
- ការថ្វាយតង្វាយមានរួមបញ្ចូលទាំងការតែងតាំងដ៏ពិសេសដែលអាចបើកទម្លាក់ព្រះពរដ៏ពិសេសដូចជា៖ ការឡើងតំណែងនៅកន្លែងធ្វើការ រួចពីបំណុល ឬក៏អាចឲ្យអស់អ្នកពួកគាត់ស្រឡាញ់ទទួលសេចក្ដីសង្គ្រោះ។
- ការជៀសវាងពីដំបូន្មានរបស់សាវ័ក ប៉ុល ទាក់ទងនឹងការថ្វាយ ដើម្បីឲ្យពួកគាត់ត្រាប់តាមក្រឹត្យវិន័យចេញពីសញ្ញាចាស់។
- គេសន្និដ្ឋានថា យើងត្រូវតែបន្តដាក់តង្វាយ១ភាគ១០ ដោយសារព្រះយេស៊ូវមិនបានបញ្ជាក់ថាឲ្យផ្អាកធ្វើទេ។
តើព្រះយេស៊ូវបានមានបន្ទូលអំពីការថ្វាយតង្វាយដែរឬទេ?
មានខគម្ពីរមួយចំនួននៅក្នុងគម្ពីរសញ្ញាថ្មីបានលើកឡើងអំពីការថ្វាយតង្វាយ ប៉ុន្តែមិនមានខគម្ពីរណាបង្គាប់បញ្ចាឲ្យក្រុមជំនុំថ្វាយតង្វាយ១ភាគ១០នោះទេ។ ដោយយោងលើកណ្ឌគម្ពីរ ម៉ាថាយ ២៣:២៣ និងលូកា ១១:៤២ មានអ្នកខ្លះនៅទទូចថា ការថ្វាយតង្វាយ១ភាគ១០នៅក្នុងក្រុមជំនុំនៅនាពេលបច្ចុប្បន្ននេះត្រូវនៅមានបន្តទៀត ព្រោះព្រះយេស៊ូវមិនបានបញ្ជាក់ឲ្យផ្អាកអំពីការថ្វាយតង្វាយ១ភាគ១០នោះទេ។ ទោះជាយ៉ាងនេះក្ដី អ្វីដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងកាលៈទេសៈមួយចំនួន (ដែលមានដូចជា ការស្ដីឲ្យពួកផារិស៊ីក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៣:២៣) គឺលម្អៀងទៅលើការហៅមនុស្សទាំងនោះជាអ្នកពុតត្បុត ជាជាងបង្គាប់បញ្ជាឲ្យក្រុមជំនុំថ្វាយតង្វាយ១ភាគ១០។ ពួកផារិស៊ីត្រាប់តាមតែចំណុចមួយចំនួននៃក្រឹត្យវិន័យ ប៉ុន្តែល្មើសលើក្រឹត្យវិន័យផ្សេងៗទៀត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេជិះជាន់លើអ្នកដទៃដោយឲ្យត្រាប់តាមក្រឹត្យវិន័យខណៈពេលដែលខ្លួនមិនបានត្រាប់តាមនៅឡើយផង។ ដូច្នេះ យើងមិនអាចកាត់ស្រាយយ៉ាងត្រឹមត្រូវបាននោះទេ ដោយសន្មតថាក្រុមជំនុំគួរតែបន្តថ្វាយតង្វាយ១ភាគ១០ដោយផ្អែកលើគំរូពួកផារិស៊ី។
ការយកព្រះបន្ទូលរបស់ព្រះយេស៊ូវមកប្រកែកថា ត្រូវតែបន្តក្នុងការថ្វាយតង្វាយ១ភាគ១០គឺពិបាកណាស់ បើយើងយល់តាមបរិបទឲ្យត្រឹមត្រូវ។
តើយើងអាចសន្មតថា ក្រុមជំនុំគួរថ្វាយតង្វាយ១ភាគ១០ដែរឬទេ?
ទំនងមានអ្នកខ្លះប្រកែកថា ក្រុមជំនុំដំបូងនៅព្រះគម្ពីរសញ្ញាថ្មីបានដឹងរួចទៅហើយអំពីការថ្វាយតង្វាយ ពីព្រោះពួកគាត់ស្គាល់ក្រឹត្យវិន័យពួកសាសន៍យូដា ហើយក៏បានសន្មតថា ការថ្វាយតង្វាយ១ភាគ១០គឺជារឿងធម្មតា។ ឬក៏ យ៉ាងហោចណាស់ វាគឺជាគោលការណ៍មួយដែលពួកគាត់អាចយកមកអនុវត្តសម្រាប់ជាការស្ដាប់បង្គាប់ដ៏សំខាន់មួយ។ ទោះបើយើងមើលរំលងចំណុចខុសឆ្គងដ៏រាប់មិនអស់នៃការកាត់ស្រាយមួយនេះ ដោយគ្រាន់តែមើលត្រួសៗក៏ដោយ នោះក៏យើងនឹងឃើញថា ក្រុមជំនុំដំបូងមិនគ្រាន់តែមានតែសាសន៍យូដាតែប៉ុណ្ណោះទេ ហើយការស្ដាប់បង្គាប់ក្រឹត្យវិន័យក៏មិនមែនជាចំណុចផ្ដោតនៃក្រុមជំនុំដែរ តែពួកគាត់ផ្ដោតទៅលើព្រះគ្រីស្ទទេតើ។ ក្រុមជំនុំបានចាត់ឲ្យសាវ័ក ប៉ុល ទៅធ្វើព័ន្ធកិច្ចជាមួយនឹងសាសន៍ដទៃ ហើយក្រុមជំនុំដំបូងមានពេញទៅដោយអ្នកជឿជាច្រើនជាសាសន៍ដទៃផងដែរ។ ប្រសិនបើការថ្វាយតង្វាយ១ភាគ១០គឺជាក្រឹត្យវិន័យមួយពីសាសន៍យូដា ដែលក្រុមជំនុំត្រូវតែត្រាប់តាម ចុះតើហេតុអ្វីបានជាសាវ័ក ប៉ុល មិនបានបង្រៀនអំពីការនោះទៅកាន់ក្រុមជំនុំកូរិនថូស? ក្រុមជំនុំកាឡាទី? ក្រុមជំនុំកូឡូស? ព្រះគម្ពីរសញ្ញាថ្មីមិនបានលើកឡើងអំពីការថ្វាយតង្វាយ១ភាគ១០ទាល់តែសោះ មិនថាជាបញ្ញត្តិ ឬការបង្រៀនឲ្យក្រុមជំនុំត្រាប់តាមនោះទេ តែទស្សនៈនៃការឲ្យត្រូវបានបង្រៀនឡើងយ៉ាងជាក់ស្ដែង ដោយពុំបានបង្រៀនពីការថ្វាយតង្វាយ១ភាគ១០ទេ។ អ្វីដែលសាវ័ក ប៉ុល បង្រៀនអំពីការឲ្យគឺទាក់ទងទៅនឹងការពេញដោយព្រះគុណ ការផ្ដោតទៅលើការតាំងសញ្ញាថ្មី និងការផ្ដោតលើដំណឹងល្អដែលមានការនិពន្ធជាថ្មីទាំងស្រុងតែម្ដង។
យើងមិនស្ថិតនៅក្រោមក្រឹត្យវិន័យទៀតឡើយ «ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ» (រ៉ូម ៦:១៤)។
សព្វថ្ងៃនេះ តើយើងគួរឲ្យដោយរបៀបណាទៅ?
ប្រសិនបើយើងផ្ដោតលើការបង្រៀន និងការឲ្យលើបរិបទដ៏ត្រឹមត្រូវនៃអ្វីដែលព្រះគម្ពីរសញ្ញាថ្មីពិតជាបានបង្រៀនមែន នោះយើងនឹងឃើញយ៉ាងច្បាស់លាស់ ហើយមានសេរីភាពជាមិនខាន។ មានក្រុមជំនុំជាច្រើនមិនបន្ធូរ «ការថ្វាយតង្វាយ១ភាគ១០» ពីសមាជិកខ្លួនទេ ព្រោះពួកគាត់ខ្លាចថា នឹងលែងមានអ្នកថ្វាយ។ មួយវិញសោតទៀត ពួកគាត់បានសន្មតថា ជាជាងថ្វាយដោយសប្បុរសតាមការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ នោះសមាជិកនឹងទំនងជាបន្ថយការថ្វាយ ឬក៏ឈប់ឲ្យទាំងស្រុងតែម្ដង។ នេះគឺជាទស្សនៈបែបទុទ្ទិដ្ឋិនិយម ដែលជាការគិតលើគ្រីស្ទបរិស័ទថាជាមនុស្សអន់ និងនិន្នាការការស្ដាប់បង្គាប់ព្រះគម្ពីរ។ ហើយទស្សនៈបែបនោះ ក៏ជាការធ្វេសប្រហែសក្នុងការចងចាំថា ការឲ្យដោយសប្បុរសគឺនៅជាចំណុចដ៏ធំមួយនៃជីវិតរស់នៅរបស់គ្រីស្ទបរិស័ទ។
នៅពេលដែលយើងទទួលការបង្រៀនដ៏ត្រឹមត្រូវ តើវាមិនមែនជាការពិតដែរឬអី ដែលអ្នកជឿដ៏ពិតនីមួយៗ ចង់ប្រព្រឹត្តនូវអ្វីដែលត្រឹមត្រូវនៅមុខព្រះភក្ត្រព្រះជាម្ចាស់? ប្រសិនបើយើងបង្រៀន ហើយស្ដាប់បង្គាប់ព្រះគម្ពីរយ៉ាងត្រឹមត្រូវ តើការឲ្យនឹងមិនចម្រើនឡើងទេឬអី ខណៈពេលដែលព្រះជាម្ចាស់ប្រទានពរសម្រាប់ព័ន្ធកិច្ចដ៏រុងរឿងរបស់ទ្រង់? តើការបំពេញតម្រូវការនៃពួកបរិសុទ្ធនឹងមិនកើតឡើងទេឬអី? តើក្រុមជំនុំនឹងមិនលូតលាស់ក្នុងការរួបរួមដោយពេញដោយអំណរទេឬអី? តើអ្នកមាននឹងមិនរស់នៅក្នុងលក្ខណៈជាអ្នកឧបត្ថម្ភ ហើយអ្នកក្រនឹងថ្វាយដោយមានការលះបង់ក្នុងនាមជាអ្នករួមចំណែកស្មើគ្នាក្នុងព្រះភក្ត្រព្រះជាម្ចាស់ទេឬអី?
សូមគិតបែបដូចនេះ៖ ការថ្វាយ១០%ប្រហែលជាការថ្វាយតិចពេកហើយចំពោះសេដ្ឋីណាម្នាក់ ហើយចំពោះជនក្រីក្រវិញ ការថ្វាយ១០%គឺជាការលះបង់ដ៏ច្រើនសន្ធឹកសន្ធាប់ណាស់។ ប៉ុន្តែ ប្រសិនបើបុគ្គលទាំងពីរនោះឲ្យក្នុងរបៀបដែលព្រះគម្ពីរសញ្ញាថ្មីបានណែនាំ នោះសេដ្ឋីម្នាក់ទំនងជាអាចឲ្យដល់៨០% ហើយនៅមានលុយសល់ជាច្រើនដដែល ខណៈពេលដែលជនក្រីក្រម្នាក់អាចឲ្យ២-៣% ដែលនោះជាការឈានដោយជំនឿចំពោះគាត់។ ព្រះជាម្ចាស់ទតឃើញដួងចិត្ត និងការលះបង់មិនមែនចំនួនថ្វាយនោះទេ។ អ្នកខ្លះទំនងជាចង់ប្រើប្រាស់១០% ជារង្វាស់ ឬក៏ថា ក្រុមអ្នកដឹកនាំណាមួយចង់ប្ដេជ្ញាឲ្យក្នុងចំនួនណាមួយជាមួយគ្នា ដើម្បីផ្គត់ផ្គង់ក្រុមជំនុំ។ នេះគឺជាការល្អដែរ! ប៉ុន្តែ គ្មានរបៀបណាមួយក្នុងចំណោមរបៀបខាងលើនេះគឺជាការបង្គាប់បញ្ជាឲ្យ «ថ្វាយតង្វាយ១ភាគ១០» នោះទេ វាគ្រាន់តែជាការប្ដេជ្ញាចិត្តតែប៉ុណ្ណោះ។
យើងគួរយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធតាមរយៈសាវ័ក ប៉ុល ក្នុងកណ្ឌគម្ពីរ២កូរិនថូស៨ និងតាមគំរូក្រុមជំនុំម៉ាសេដូនទាក់ទងនឹងការឲ្យ។ ជំនួសការបង្រៀនឲ្យថ្វាយដោយពឹងលើក្រឹត្យវិន័យទៅកាន់ពួកបរិសុទ្ធនៅក្នុងក្រុមជំនុំ ចូរឲ្យយើងទុកចិត្តលើព្រះដែលបាននិពន្ធ និងរក្សាទុកព្រះបន្ទូល (អេសាយ ៤០:៨; ២ធីម៉ូថេ ៣:១៦-១៧) ឲ្យព្រះអង្គធ្វើការយ៉ាងអស្ចារ្យតាមរយៈសេចក្ដីពិតដ៏ត្រឹមត្រូវរបស់ទ្រង់ ក្នុងការឲ្យរាស្ត្រទ្រង់អនុវត្ត។
ដោយពឹងលើការនិពន្ធរបស់សាវ័ក ប៉ុល ដែលមានពីរជំពូកយ៉ាងច្បាស់លាស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាក់ទងនឹងការឲ្យ ដែលយើងគួរមើលដោយយកចិត្តទុកដាក់ ខាងក្រោមនេះគឺជារបៀបដប់យ៉ាងដែលយើងគួរឲ្យទៅកាន់ក្រុមជំនុំសព្វថ្ងៃនេះ។ មិនមែនជាការថ្វាយតង្វាយ១ភាគ១០ទេ…ប៉ុន្តែជាការឲ្យ៖
១. ជាលទ្ធផលនៃព្រះគុណព្រះជាម្ចាស់ (២កូរិនថូស ៨:១)។
២. ក្នុងគ្រាលំបាក និងក្នុងពេលក្រីក្រ (២កូរិនថូស ៨:២ក, ២គ)។
៣. ដោយអំណរជាបរិបូរ (២កូរិនថូស ៨:២ខ; ៩:៧)។
៤. អាស្រ័យលើលទ្ធភាព មិនមែនលើការបង្គាប់បញ្ជាដែលមានកំណត់ភាគរយនោះទេ (២កូរិនថូស ៨:៣ក)។
៥. ដោយមានការលះបង់ (២កូរិនថូស ៨:៣ខ)។
៦. ស្ម័គ្រចិត្ត មិនមែនបង្ខំ ឬការចាញ់ឧបាយកល (២កូរិនថូស ៨:៣គ; ៩:៧)។
៧. ដោយមានចិត្តចង់រួមចំណែកក្នុងព័ន្ធកិច្ចដំណឹងល្អ (២កូរិនថូស ៨:៤)។
៨. ចេញពីការមានសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់ (២កូរិនថូស ៨:៥ក)។
៩. ដោយសប្បុរសតាមដែលព្រះអម្ចាស់ផ្គត់ផ្គង់ (២កូរិនថូស ៩:៦)។
១០. ដោយទុកចិត្តលើព្រះជាម្ចាស់ក្នុងការប្រទាននូវអ្វីដែលលោកអ្នកបានឲ្យ ដើម្បីឲ្យលោកអ្នកកាន់តែអាចឲ្យថែមទៀតបាន (២កូរិនថូស ៩:១០-១១)។
សេចក្ដីបង្រៀនរបស់សាវ័ក ប៉ុល នាំមកនូវការបន្ធូរចិត្តយ៉ាងខ្លាំង ដ្បិតសេចក្ដីបង្រៀនរបស់គាត់នាំមកនូវចំណុចខុសគ្នាឆ្ងាយណាស់ពីសេចក្ដីអធិប្បាយរបស់គ្រូគង្វាលជាច្រើនដែលពួកគាត់ដកខគម្ពីរខុសបរិបទ ក្នុងព្រះគម្ពីរសញ្ញាចាស់យកមកឲ្យក្រុមជំនុំអនុវត្តតាមបំណងចិត្ត ដែលពួកគាត់ចង់ឲ្យក្រុមជំនុំធ្វើ។ ដូចដែលព្រះគុណរបស់ព្រះជាម្ចាស់ដោះចោលនូវភាពជាប់ទោសចាស់នៃក្រឹត្យវិន័យចោល ហើយក៏ចាក់ព្រះគុណបង្ហូរលើក្រុមជំនុំថ្មីដូច្នោះដែរ ព្រះគម្ពីរសញ្ញាថ្មីក៏បានណែនាំតាមលក្ខណៈបែបសេរី សប្បុរស និងផ្ដោតទៅលើដំណឹងល្អផងដែរ។ ការតម្រូវឲ្យក្រុមជំនុំអនុវត្តការថ្វាយតង្វាយ១០% គឺមិនមែនគ្រាន់តែជារបៀបនៃការកាត់ស្រាយព្រះបន្ទូលមិនស៊ីគ្នានោះទេ ប៉ុន្តែការធ្វើបែបនោះក៏ជាការដាក់ដែនកំណត់ដ៏តិចតួចពេក—ពេលដែលលោកអ្នកគិតអំពីការដែលក្រុមជំនុំលើកទឹកចិត្តឲ្យថ្វាយដោយសប្បុរស។ ការឲ្យគឺមិនពាក់ព័ន្ធទៅនឹងក្រឹត្យវិន័យនោះទេ ប៉ុន្តែគឺពាក់ព័ន្ធទៅនឹងដួងចិត្ត។ សមាជិកក្រុមជំនុំម៉ាសេដូនសុទ្ធតែជាអ្នកក្រីក្រ ប៉ុន្តែពួកគាត់បានឲ្យហាក់បីដូចខ្លួនជាអ្នកមានអញ្ចឹង។ ពួកគាត់មិនបានលុតដំខ្លួនឯងក្នុងការត្រាប់តាមក្រឹត្យវិន័យនោះទេ ប៉ុន្តែគាត់មានអំណរក្នុងអភ័យឯកសិទ្ធិនៃការរស់នៅក្រោមការដឹកនាំពីព្រះគុណរបស់ព្រះជាម្ចាស់វិញ។ នេះគឺជាគំរូដ៏ល្អឥតខ្ចោះនៃរបៀបដែលគ្រីស្ទបរិស័ទឲ្យក្នុងសេចក្ដីតាំងសញ្ញាថ្មី។
ពេលដែលយើងមានការយល់ដឹងដ៏ត្រឹមត្រូវលើបរិបទ ហើយបង្រៀនដោយស្មោះត្រង់ដោយមានការដឹងជាក់ក្នុងចិត្ត នោះយើងនឹងឃើញថា ព្រះគម្ពីរបានផ្ដល់ដល់យើងនូវរាល់អ្វីៗដែលយើងត្រូវការ ដើម្បីឲ្យយើងគិតដោយមានភាពស៊ីសង្វាក់គ្នានឹងព្រះគម្ពីរ និងមានតុល្យភាពទាក់ទងនឹងការធ្វើជាអ្នកឲ្យដោយសប្បុរស។
មតិយោបល់
Loading…