in

​ស្ត្រី​ដែល​គោរព​កោតខ្លាច​ព្រះ​ជាម្ចាស់

The Fourfold Beauty of a Godly Woman

ភាព​ស្អាតស្អំ​ទាំង៤យ៉ាង

ស្ត្រី​គ្រីស្ទបរិស័ទ​អាច​មាន​ឱកាស​ធ្វើ​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​ពិភពលោក​នេះ​បាន។ ភាព​ស្អាតស្អំ​នៃ​វិញ្ញាណ​របស់​នាង​អាច​នឹង​ធ្វើ​ឲ្យ​ប្ដី​ដែល​ជា​អ្នក​មិន​ជឿ​ត្រឡប់​ទៅ​ជា​អ្នក​ជឿ​លើ​ព្រះ​បាន។ ការ​ដែល​នាង​កាន់​តាម​គម្រោងការ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ការ​នោះ​អាច​ប្រកាស​សិរីល្អ​នៃ​ដំណឹងល្អ​បាន។ ជំនឿ និង​ចំណេះដឹង​របស់​នាង​លើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​អាច​ហៀរ​ហូរ​ទៅ​ដល់​ព័ន្ធកិច្ច​ផ្សេងៗ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ​ស្ត្រី​នោះ​មិន​ស្គាល់​ព្រះ និង​ព្រះបន្ទូល​របស់​ទ្រង់​យ៉ាង​ច្បាស់លាស់ ក៏​ដូចជា​មិន​កាន់​ខ្ជាប់​តាម​សេចក្តី​សន្យា​ដ៏​អស្ចារ្យ​ទេ​នោះ នោះ​ច្បាស់​ណាស់​ថា នាង​ក៏​នឹង​ចាប់ផ្ដើម​មាន​លក្ខណសម្បត្តិ​ដូច​នាង​អេវ៉ា ដែល​ជា​ម្ដាយ​ខាង​ឯ​សាច់ឈាម​ជា​មិន​ខាន។ ចិត្ត​របស់​នាង​អាច​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ឆបោក​ដ៏​ពូកែ​របស់​អារក្សសាតាំង ហើយ​ក៏​ងាយ​នឹង​បែរ​ចេញ​ពី​អ្វីៗ​ដែល​នាង​ស្រឡាញ់​ដែរ។

ចំពោះ​យើង​ដែល​ជា​អ្នកជឿ​ទុកចិត្ត​លើ​ព្រះគ្រីស្ទ នោះ​យើង​មិនមែន​គ្រាន់តែ​ជា​កូន​ចៅ​របស់​នាង​ អេវ៉ា​ ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ជា​កូន​ចៅ​របស់​នាង សារ៉ា​ ដែល​ជា​ស្ត្រី​មាន​សេរីភាព​ដែរ (កាឡាទី ៤:៣១)។ យើង​ជា​កូន​នៃ​សេចក្តី​សន្យា ហើយ​យើង​មិន​នៅ​ជាប់​ក្នុង​ចំណង​របស់​នាង​អេវ៉ា​ដែល​ជា​បាវបម្រើ​ទៀត​ឡើយ។ កណ្ឌគម្ពីរ ១ពេត្រុស ៣:១-៦ និង​ហេព្រើរ ១១:១១-១២ បាន​ប្រាប់​ឲ្យ​យើង​ដឹង​ថា យើង​ទទួល​បាន​ការសរសើរ​ពី​ជំនឿ​របស់​សារ៉ា ហើយ​អ្នក​និពន្ធ​កណ្ឌគម្ពីរ​នេះ​ក៏​បាន​យក​នាង​ធ្វើ​ជា​គំរូ​នៃ​ជីវិត​ស្ត្រី​ដែល​ត្រាប់​តាម​ព្រះគម្ពីរ​ផង​ដែរ។ ពេល​យើង​ព្យាយាម​ត្រាប់​តាម​ជំនឿ​របស់​សារ៉ា ពេល​នោះ​យើង​អាច​លើក​ស្ទួយ​ភេទ​ជា​ស្ត្រី​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​យើង ក៏​ដូច​ជា​អំណោយ​ទាន​ដ៏​ពិសេស​ដែល​ទ្រង់​ប្រទាន​មក​យើង ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ និង​ដើម្បី​ពង្រីក​អាណាចក្រ​របស់​ទ្រង់​ទៀត​ផង។ ខាង​ក្រោម​នេះ​មាន​រៀប​រាប់​ពី​លក្ខណសម្បត្តិ​បួន​យ៉ាង​អំពី​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់៖

១. នាង​មាន​សង្ឃឹម​លើ​ព្រះជាម្ចាស់

«ដ្បិត​ពី​ដើម ពួក​ស្រីៗ បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តែង​ខ្លួន​យ៉ាង​ដូច្នោះ ទាំង​ចុះ​ចូល​ចំពោះ​ប្តី​ខ្លួន​ដែរ។» (១ពេត្រុស ៣-៥)

អ្វី​ដ៏​មាន​តម្លៃ​វិសេស​នៅ​ចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​គឺ៖ ស្ត្រី​ដែល​មាន​ចិត្ត​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​យ៉ាង​ជ្រាលជ្រៅ​លើ​ព្រះ​ជាម្ចាស់។ ការ​នេះ​ឯង គឺ​ជា​មូលដ្ឋាន​នៃ​រាល់​អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ឲ្យ​នាង​មាន។ សារ៉ា​បាន​ដាក់​ក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់ ហើយ​នាង​ក៏ «បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះត្រង់» ទៀត​ផង (ហេព្រើរ ១១:១១)។ ក្នុង​នាម​ជា​ស្ត្រី យើង​មិន​គួរ​ឈប់​ដេញ​តាម​ការ​ព្យាយាម​​ស្គាល់​ព្រះជាម្ចាស់​តាមរយៈ​ព្រះបន្ទូល​របស់​ទ្រង់​ឡើយ។

ពេល​ដែល​យើង​ផ្ដល់​កំណើត​ដល់​កូនៗ និង​ពេល​ដែល​យើង​ប្រលូក​ចូល​ក្នុង​ព័ន្ធកិច្ច​ផ្សេងៗ យើង​ភាគ​ច្រើន​នឹង​ប្រាថ្នា​ចង់​មើល​ថែ​ពួកគេ​ឲ្យ​បាន​ល្អ​បំផុត។ ប៉ុន្តែ ជា​រឿយៗ​យើង​មាន​អារម្មណ៍​ខ្សោះ​ល្វើយ ព្រោះ​វិញ្ញាណ​របស់​យើង​ខ្វះ​ការ​ផ្គត់ផ្គង់​ជា​ខ្លាំង។ យើង​គ្មាន​អ្វី​សេសសល់​នឹង​ចែកចាយ​ដល់​វិញ្ញាណ​ផ្សេងៗ​ដែល​មាន​តម្រូវការ​ទៀត ព្រោះ​យើង​មិន​ទាំង​មាន​អ្វី​ផ្គត់ផ្គង់​ដល់​ខ្លួន​យើង​ផង។ ស្ត្រី​ដែល​ដាក់​ក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់ គឺ​ជា​ស្ត្រី​ដែល​ស្គាល់​នូវ​លក្ខណសម្បត្តិ​របស់​ទ្រង់​ដែល​សន្យា​នោះ​យ៉ាង​ច្បាស់ ក៏​ដូច​ជា​ស្គាល់​សេចក្តី​សន្យា​យ៉ាង​ចំៗ​ផង​ដែរ។ នាង​បាន​ចំណាយ​ពេល​ជា​មួយ​ព្រះអង្គ​ដោយ​ការ​សិក្សាព្រះបន្ទូល និង​ការអធិស្ឋាន នាង​ជឿ​លើ​ដំណឹងល្អ ហើយ​យក​ព្រះនាម​របស់​ទ្រង់​ទុក​ជា​ទី​ពឹង​ជ្រក។

២. នាង​ពឹង​ជ្រក​ក្នុង​ព្រះជាម្ចាស់

«…ត្រូវ​តុបតែង​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​គ្រឿង​លម្អ​ដែល​មិន​ចេះ​ពុក​រលួយ​នៃ​វិញ្ញាណ​សម្លូត និង​រម្យទម ដែល​មាន​តម្លៃ​វិសេស​បំផុត​នៅ​ចំពោះ​ព្រះ​វិញ» (១ពេត្រុស ៣:៤ គកស)។

លោក​គ្រូ ម៉ាធ្យូ ហិនរី (Matthew Henry) បាន​ពណ៌នា​ពី​វិញ្ញាណ​សម្លូត និង​ចិត្ត​ស្លូត​ត្រង់​ថា​ជា «ការ​ដែល​វិញ្ញាណ​ចេះ​ចុះចូល​យ៉ាង​ស្ងៀមស្ងាត់​ចំពោះ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​គ្រោង​ទុក​សម្រាប់​យើង»។ ស្ត្រី​ដែល​ពិតជា​ស្គាល់​ព្រះជាម្ចាស់ នាង​នឹង​ដាក់​ក្ដីសង្ឃឹម​លើ​ទ្រង់ ក៏​ដូចជា​យក​ទ្រង់​ជា​ទី​ពឹង​ជ្រក។ នាង​រម្ងាប់​អារម្មណ៍​នៃ​វិញ្ញាណ​របស់​នាង ហើយ​ក៏​មិន​បាន​ទាស់​ទទឹង ឬ​ក៏​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ដែល​នាង​យក​ជា​ទី​ពឹង​ជ្រក​ដែរ ព្រោះ​នាង​ដឹង​ច្បាស់​ថា ទ្រង់​ជា​អ្នក​គ្រោង​ទុក​នូវ​កាលៈទេសៈ​ផ្សេងៗ​សម្រាប់​ជីវិត​របស់​នាង។

ស្ត្រី​ស្លូតត្រង់​នឹង​ទុក​ចិត្ត​ព្រះអម្ចាស់ ជាជាង​មាន​ចិត្ត​ថប់បារម្ភ។ នាង​ជា​ស្ត្រី​ដែល​មាន​អំណរ​ក្នុង​ព្រះអង្គ ហើយ​អ្វីៗ​ដែល​នាង​ធ្វើ គឺ​នាង​ថ្វាយ​ដល់​ទ្រង់ ដោយ​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​សម្រេច ដោយ​ទុក​ចិត្ត​លើ​ទ្រង់។ នាង​មាន​ចិត្ត​ត្រេកអរ​នឹង​សន្តិភាព​យ៉ាង​ក្រៃលែង។ នាង​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​អះអាង​ពី​ខ្លួន​ព្រះអង្គ។ នាង​បង្អង់​នៅ​ចំពោះ​ទ្រង់ ហើយ​រង់ចាំ​ទ្រង់​ដោយ​ចិត្ត​អត់ធ្មត់។ នាង​មិន​ព្យាយាម​រក​សេចក្តី​យុត្តិធម៌​ដោយ​ខ្លួន​ឯង ហើយ​ក៏​មិន​សងសឹក​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ខ្លួន​ឡើយ ដ្បិត​ព្រះនាម​ដែល​នាង​បាន​ដាក់​សង្ឃឹម​លើ គឺ​ជា​ប៉ម​ដ៏​រឹង​មាំ​របស់​នាង។ នាង​ទន្ទឹង​រង់ចាំ​ព្រះអង្គ​ជានិច្ច (ទំនុក​តម្កើង ៣៧:៧, ៩, ៣៤)។

៣. នាង​ចុះចូល​ចំពោះ​ប្ដី​ខ្លួន

«ដ្បិត​ពី​ដើម ពួក​ស្រីៗ​បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តែង​ខ្លួន​យ៉ាង​ដូច្នោះ ទាំង​ចុះ​ចូល​ចំពោះ​ប្តី​ខ្លួន​ដែរ ដូច​ជា​នាង​សារ៉ា​បាន​ចុះ​ចូល​នឹង​លោក​អ័ប្រាហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង…» (១ពេត្រុស ៣:៥-៦)។

ការ​ចុះចូល​ចំពោះ​ប្ដី​របស់​ខ្លួន គឺ​ជា​ការ​បង្ហាញ​ថា ប្រពន្ធ​មាន​ក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់ ព្រមទាំង​យក​ទ្រង់​ជា​ទី​ពឹង​ជ្រក។ នាង សារ៉ា បាន​ចុះ​ចូល​ចំពោះ​លោក អ័ប្រាហាំ ពីព្រោះ​នាង​បាន​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ហើយ​ស្ដាប់បង្គាប់​ទ្រង់។ ការ​ដែល​នាង​ចុះចូល​ចំពោះ​ប្ដី មិន​មែន​ដោយសារ​ប្ដី​ទេ ប៉ុន្តែ​នាង​ចុះចូល​ដោយ​សារ​នាង​បាន​សម្លឹង​មើល​ទៅ​ឯ​ព្រះ​ជា​អង្គ​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន។ នៅពេលដែល​ស្ត្រី​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ក្នុង​ការ​ចុះចូល​ចំពោះ​ប្ដី នោះ​មាន​ន័យ​ថា នាង​កំពុងតែ​ដើរ​ក្នុង​គន្លង​​របស់​នាង អេវ៉ា​ដែល​ជា​ម្ដាយ​ខាង​សាច់​ឈាម។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​គេ​ឃើញ​ដំណឹងល្អ​បែប​ស្រពិចស្រពិល ខុស​ពី​របៀប​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​បង្ហាញ​តាមរយៈ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។

ប៉ុន្តែ​ស្ត្រី​ណា​ដែល​ពឹង​ជ្រក​លើ​ព្រះជាម្ចាស់ ហើយ​ចុះចូល​នឹង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជា​សិរសា នោះ​នាង​នឹង​ត្រាប់​តាម​គំរូ​របស់​នាង សារ៉ា ដែល​​បាន​ហៅ​ប្ដី​ខ្លួន​ថា លោកម្ចាស់ (ដែល​ការ​នោះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា នាង សារ៉ា បាន​ទទួល​ស្គាល់​ថា ប្ដី​មាន​អំណាច ប៉ុន្តែ​កុំ​ច្រឡំ​ថា នាង​ថ្វាយបង្គំ​ប្ដី)។ ខណៈពេល​ដែល​ព្រះគម្ពីរ​បាន​ពន្យល់​ពី​ចំណុច​សំខាន់ៗ​ទាក់ទង​នឹង​លក្ខណសម្បត្តិ​នៃ​ការចុះចូល (គួរ​មាន​ឬ​ក៏​មិន​មាន​លក្ខណៈ​បែប​ណា ឬ​ថា តើ​ប្រពន្ធ​គួរ​គោរព និង​ស្ដាប់បង្គាប់​ប្ដី​យ៉ាង​ដូចម្ដេច) ស្ត្រី​ដែល​ត្រាប់តាម​គំរូ​របស់​នាង សារ៉ា នៅ​តែ​ស្គាល់​ពី​មូលហេតុ​អាថ៌កំបាំង​នៃ​ការ​ចុះចូល​ចំពោះ​ប្ដី​ដែរ​ត្រង់​ថា ក្ដី​សង្ឃឹម​របស់​នាង​គឺ​នៅ​លើ​ព្រះជាម្ចាស់​ជា​ចម្បង។

៤. នាង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ

«…ឯ​អ្នក​រាល់​គ្នា ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ​ដោយ​បាន​ប្រព្រឹត្ត​ល្អ ឥត​ភិតភ័យ​នឹង​សេចក្តី​ស្ញែង​ខ្លាច​ណា​ឡើយ» (១ពេត្រុស ៣:៦)។

ស្ត្រី​ដែល​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​នឹង​មិន​ភ័យខ្លាច​អ្វី​សោះ​ឡើយ ពីព្រោះ​នាង​ស្គាល់​ព្រះ​របស់​នាង​យ៉ាង​ច្បាស់។ នាង​មិន​ភ័យ​ខ្លាច​នឹង​ផ្លូវ​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​នាង​ដើរ​នោះ​ឡើយ។ នាង​មិន​ភ័យ​ខ្លាច​នឹង​ការ​ឈឺថ្កាត់។ នាង​មិន​ភ័យខ្លាច​ថា អនាគត​របស់​នាង​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ ហើយ​នាង​ក៏​មិន​ភ័យ​ខ្លាច​នឹង​សេចក្តី​ស្លាប់ ឬ​ជ្រលង​នៃ​សេចក្តី​ងងឹត​នោះ​ដែរ។ នាង​ផ្ញើ​កូនៗ ជីវិត​អាពាហ៍ពិពាហ៍ និង​ព័ន្ធកិច្ច​របស់​នាង​ទុក​នឹង​ព្រះជាម្ចាស់។ ដោយសារ​តែ​នាង​មាន​សង្ឃឹម​លើ​ព្រះជាម្ចាស់ នោះ​បាន​ជា​នាង​ពង្រីក​អាណាចក្រ​របស់​ព្រះជាម្ចាស់​តាមរយៈ​ការ​ចុះចូល​ទៅ​នឹង​គម្រោងការ​របស់​ទ្រង់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ ការ​ចុះចូល​បែប​នោះ​រួម​មាន៖ ភាព​ជា​ស្ត្រី ជីវិត​អាពាហ៍ពិពាហ៍ ភាព​ជា​ម្ដាយ និង​ព័ន្ធកិច្ច។

ហើយ​បើ​ទោះ​ជា​នាង​ជំពប់ ឬ​សើច​ដូច​ជា នាង សារ៉ា ឬ​ក៏​មិន​ជឿ​លើ​សេចក្តី​សន្យា​របស់​ព្រះជាម្ចាស់​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ត្រឡប់​ការ​សើច​នោះ​ឲ្យ​ទៅ​ជា​ការ​មាន​ទំនុកចិត្ត​លើ​ព្រះ​អង្គ​សង្គ្រោះ និង​ឲ្យ​ទៅ​ជា​ការ​មាន​សង្ឃឹម​ដែល​ពេញ​ដោយ​អំណរ​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់​វិញ​ដែរ។ ដោយសារ​ជំនឿ នាង​បាន​សើច ពីព្រោះ​នាង​បាន​ទន្ទឹង​រង់ចាំ​ស្ថានសួគ៌​ដែល​ជា​ទីក្រុង​នៅ​ស្ថិតស្ថេរ។ ដោយសារ​ជំនឿ នាង​បាន​ចូល​រួម​ជា​មួយ​ស្ត្រី​បរិសុទ្ធ​ផ្សេងៗ​ដែល​បាន​រាប់​សេចក្តី​សន្យា​របស់​ទ្រង់​ថា​ជា​សេចក្តី​ស្មោះត្រង់។ ពិភពលោក​ដ៏​ខ្មៅ​ងងឹត​នេះ​មិន​ស័ក្តិសម​នឹង​នាង​ឡើយ ហើយ​ព្រះជាម្ចាស់​ក៏​មិន​អាម៉ាស់​នឹង​ការ​ដែល​នាង​ហៅ​ទ្រង់​ថា​ជា​ព្រះ​របស់​នាង​ផង​ដែរ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោកស្រី Amanda Criss
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

16 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ប្រភព​ចំណេះ

បង្គាប់​មា​តា​បិតា