ម៉ាកុស ១:១៦-២០ «១៦ កាលព្រះយេស៊ូវកំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញស៊ីម៉ូន និងអនទ្រេជាប្អូន កំពុងទម្លាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី។ ១៧ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ១៨ ភ្លាមនោះគេក៏ទុកអួនចោល ហើយដើរតាមព្រះអង្គទៅ។ ១៩ កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។ ២០ ព្រះអង្គត្រាស់ហៅពួកគេមកភ្លាម ហើយពួកគេក៏ទុកសេបេដេជាឪពុក ឲ្យនៅក្នុងទូកជាមួយជើងឈ្នួល រួចដើរតាមព្រះអង្គទៅ» (ខបន្ថែម៖ ម៉ាថាយ ៤:១៨-២២; លូកា ៥:១-១១)។
គោលបំណងនៃកណ្ឌគម្ពីរម៉ាកុសទាំងមូលគឺ៖ «…កូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺមកដើម្បីបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួន ជាថ្លៃលោះដល់មនុស្សជាច្រើន» (ម៉ាកុស ១០:៤៥)។
ហើយការត្រាស់ហៅពួកសិស្សក៏មានភាពស៊ីគ្នាទៅនឹងគោលបំណងរបស់ព្រះយេស៊ូវផងដែរ។ ត្រង់នេះខ្ញុំចង់មានន័យថា ព្រះយេស៊ូវបានត្រាស់ហៅពួកសិស្សឲ្យមានចំណែកចូលរួមក្នុងការបម្រើជាមួយនឹងព្រះអង្គ។ នេះឯងជាមូលហេតុដែលព្រះយេស៊ូវបានត្រាស់ហៅពួកសិស្ស។ តើព្រះអង្គត្រាស់ហៅឲ្យពួកគេមានចំណែកក្នុងការបម្រើអ្វី? ចម្លើយគឺ៖ បម្រើព្រះអង្គក្នុងដំណឹងល្អរបស់ទ្រង់។ កណ្ឌគម្ពីរ ម៉ាកុស ១:១ «នេះជាការចាប់ផ្ដើមដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ» ដូច្នេះ ការត្រាស់ហៅមួយនេះគឺ ដើម្បីឲ្យពួកសិស្សមានចំណែកក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ—ពោលគឺការបង្កើតសិស្ស តាមរយៈការប្រកាស ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ ព្រោះពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកដល់ជិតបង្កើយដែរ ដូចដែលព្រះយេស៊ូវមានព្រះបន្ទូលក្នុងខ១៥។
គោលបំណង៖ ការត្រាស់ហៅរបស់ព្រះយេស៊ូវ និងការឆ្លើយតបរបស់ពួកសិស្ស ហើយថា «តើព្រឹត្តិការណ៍ទាំងពីរនេះមានសារៈសំខាន់អ្វីខ្លះ?»
ការត្រាស់ហៅរបស់ព្រះយេស៊ូវ
ខ១៦បានប្រាប់យើងថា ព្រះអង្គបានយាងតាមឆ្នេរសមុទ្រ ឬក៏បឹងកាលីឡេ ដែលនេះគឺជាទីកន្លែងនៃការត្រាស់ហៅ។ ហើយពេលហ្នឹងឯងគឺជាពេលដែលព្រះយេស៊ូវបានឃើញលោក ស៊ីម៉ូន និងលោកអនទ្រេ។ ហើយព្រះអង្គក៏ត្រាស់ហៅពួកគាត់ដោយមានបន្ទូលថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
សមុទ្រ ឬក៏បឹងកាលីឡេដែលមានប្រវែងទទឹង ១១ គ.ម. និងប្រវែងបណ្ដោយ ២០ គ.ម. ហើយជម្រៅ ០.២ គ.ម. (ឬក៏ ២០០ ម.)។ នៅខាងកើតមាត់បឹងមានភ្នំ ហើយនៅខាងលិចមានចំណោទដីដែលអាចដើរបាន។ ពេលមើលពីលើ បឹងនេះមានរាងដូចជាពិណ។ លោក Josephus ដែលជាប្រវត្តិវិទូម្នាក់បានសរសើរថា បឹងនេះមានទឹកផ្អែម មានត្រីជាច្រើនប្រភេទ ហើយមានដីដែលពោរពេញទៅដោយជីជាតិដែលងាយដាំដុះបាន។
សរុបសេចក្ដីទៅ អ្នកដែលរស់នៅម្ដុំបឹងកាលីឡេគឺភាគច្រើនជាអ្នកនេសាទត្រី។ ប្រវត្តិសាស្ត្របានបញ្ជាក់ប្រាប់យើងថា អ្នករស់នៅម្តុំនោះមិនមែនគ្រាន់តែលក់ត្រីនៅម្ដុំភូមិរបស់ខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែការលក់ដូរបានរាលដាលទៅដល់ភូមិ និងប្រទេសជិតខាងទៀតផង។
នេះហើយគឺជាមុខរបររកស៊ីរបស់លោក ស៊ីម៉ូន និងលោកអនទ្រេ លោក យ៉ាកុប ជាកូនសេបេដេ និងលោក យ៉ូហាន ជាប្អូន។ ដូច្នេះ ការត្រាស់ហៅរបស់ព្រះយេស៊ូវ និងការឆ្លើយតបរបស់បុគ្គលទាំង៤នាក់នេះពិតជាមានសារៈសំខាន់ចំពោះជីវិតយើងខ្លាំងណាស់។
ជាដំបូង យើងនឹងពិនិត្យមើលថា តើហេតុអ្វីបានជាការត្រាស់ហៅរបស់ព្រះយេស៊ូវមានសារៈសំខាន់ ហើយបន្ទាប់មកយើងនឹងមើលអំពីសារៈសំខាន់នៃការឆ្លើយតបរបស់បុគ្គលទាំង៤នាក់នោះ?
ការត្រាស់ហៅសំខាន់
ក្នុងប្រវត្តិសាស្ត្រ និងក្នុងព្រះគម្ពីរទាំងមូល យើងមិនដែលឃើញពួកសង្ឃ ពួកហោរា ស្ដេច ឬក៏បុគ្គលណាមកហៅបុគ្គលណាម្នាក់ផ្សេងទៀតឲ្យមកដើរតាមពួកគាត់ ដូចព្រះយេស៊ូវបានធ្វើនៅក្នុងខគម្ពីរនេះនោះទេ។ ពិតណាស់! ពួកសង្ឃ និងពួកហោរាបានត្រាស់ហៅរាស្ត្ររបស់ព្រះជាម្ចាស់ឲ្យត្រាប់តាម និងប្រព្រឹត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ ប៉ុន្តែមិនដែលមានបុគ្គលណាហៅបុគ្គលណាម្នាក់ទៀតឲ្យបោះបង់ចោលនូវអ្វីៗដែលគាត់កំពុងធ្វើ ហើយមកដើរតាមគាត់ទាំងស្រុងដូចព្រះយេស៊ូវបានធ្វើនោះឡើយ។
មានដំណើររឿងតែមួយគត់ដែលមានភាពស្រដៀងគ្នានឹងដំណើររឿងមួយនេះ៖ គឺការដែលលោក អេលីសេ ក្លាយជាសិស្សរបស់លោក អេលីយ៉ា នៅក្នុងកណ្ឌគម្ពីរ ១ពង្សាវតារក្សត្រ ១៩:១៩-២០។ ប៉ុន្តែ សូម្បីតែក្នុងដំណើររឿងមួយនេះក៏យើងឃើញថាលោក អេលីយ៉ា បានអនុញ្ញាតឲ្យលោក អេលីសេ ទៅលាឪពុកម្ដាយគាត់។
ដូច្នេះ ការត្រាស់ហៅរបស់ព្រះយេស៊ូវគឺពិតជាសំខាន់ ហើយប្លែកមែន។ អ្វីដែលព្រះយេស៊ូវបានធ្វើដែលផ្ទុយពីប្រពៃណីនៅសម័យរបស់ព្រះអង្គនោះគឺត្រង់ថា ពេលនោះពួកគ្រូៗគឺមិនមែនជាអ្នកចេញទៅហៅឲ្យសិស្សឲ្យមកដើរតាមពួកគាត់នោះទេ ប៉ុន្តែគឺពួកសិស្សទេតើដែលសុំដើរតាមពួកគ្រូៗ។
សរុបសេចក្ដីទៅ ការត្រាស់ហៅមួយនេះបង្ហាញថា ព្រះអង្គមិនមែនជាបុគ្គលធម្មតានោះទេ ប៉ុន្តែបង្ហាញអំពីភាពជាព្រះរបស់ទ្រង់។ គ្មានអ្នកណាអាចធ្វើដូចព្រះអង្គបានឡើយ ហើយទទួលបានការឆ្លើយតបដូចដែលទ្រង់បានទទួលផងដែរ។
ដូច្នេះ ត្រឡប់មកវិញ សំណួរសួរថា៖ ហេតុអ្វីបានជាការត្រាស់ហៅរបស់ព្រះយេស៊ូវសំខាន់ម្ល៉េះ? ចម្លើយគឺ៖ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ។ ព្រះអង្គគឺជាស្ដេចដែលបានយាងមកដល់។ ខ២-៣, ខ១៥ បានចែងថា៖ «“មើលយើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក គាត់នឹងរៀបចំផ្លូវឲ្យអ្នក។ មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោស្ថានថា ‘ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ’”…ពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកជិតបង្កើយ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ»។
ព្រះអង្គក៏ជាហោរា ប៉ុន្តែជាហោរាដែលមានឋានៈខុសប្លែកពីហោរាផ្សេងៗ។ ឃ្លា «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ» គឺជាកិរិយាសព្ទបង្គាប់បញ្ជាក្នុងវេយ្យាករណ៍។ គ្មានហោរាណា ឬក៏គ្រូណាធ្លាប់និយាយបែបនេះទៅកាន់បុគ្គលណាម្នាក់ឡើយ មានតែព្រះយេស៊ូវមួយអង្គគត់ដែលអាចធ្វើការនេះបាន ហើយទទួលបានការឆ្លើយតបដូចជាទ្រង់បានទទួល។
តើព្រះយេស៊ូវជាអ្នកណា?
សំណួរសួរថា៖ ចំពោះបងប្អូន តើព្រះយេស៊ូវជាអ្នកណា? យោងតាមខទាំងនេះ យើងឃើញថាព្រះអង្គជាស្ដេចដែលបានយាងមកដល់ គឺជាព្រះដែលទទួលការជ្រើសតាំង គឺជាព្រះមេស្ស៊ី និងជាព្រះសង្គ្រោះ ហើយក៏ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែរ។
តើបងប្អូនបានជឿលើព្រះអង្គថាទ្រង់ជាព្រះសង្គ្រោះរបស់ខ្លួនហើយឬនៅ? ប្រសិនបើមិនទាន់ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនបំផ្លាស់បំប្រែចិត្ត ដោយលន់តួបាបខ្លួនទៅកាន់ព្រះអង្គ។ សូមឲ្យព្រះអង្គអត់ទោសបាបឲ្យបងប្អូន ហើយទទួលជឿព្រះអង្គជាព្រះសង្គ្រោះរបស់ខ្លួនចុះ «ព្រោះបើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់» (រ៉ូម ១០:៩-១០)។
តាមពិតទៅ ប្រសិនបើបងប្អូនបំផ្លាស់បំប្រែចិត្ត ការនេះក៏បង្ហាញថាព្រះអង្គអាច ហើយក៏មានអំណាចលើព្រលឹងវិញ្ញាណនៃមនុស្សមានបាបផងដែរ។
លើសពីនោះទៅទៀត ការត្រាស់ហៅពួកសិស្សទាំងបួននាក់នេះមានបីចំណុចស្នូល៖ គឺព្រះអង្គកំពុងតែត្រាស់ហៅឲ្យពួកគេ ១. មកដើរតាមទ្រង់ ២. ទទួលជីវិតបំផ្លាស់បំប្រែ (បើយើងបកឃ្លា «ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ» ឲ្យចំៗ នោះយើងអាចបកទៅជា «ខ្ញុំនឹងតាំងអ្នកឲ្យក្លាយទៅជាអ្នកនេសាទមនុស្សវិញ») និង ៣. ឲ្យមានចំណែកក្នុងព័ន្ធកិច្ចរបស់ព្រះអង្គនៃការនេសាទមនុស្ស។ យើងដឹងហើយថា ព័ន្ធកិច្ចចម្បងនៃនគររបស់ព្រះជាម្ចាស់គឺការហៅមនុស្សម្នាឲ្យមកចូលក្រោមឆ័ត្រនៃការសោយរាជ្យរបស់ព្រះជាម្ចាស់។
ត្រង់នេះ ខ្ញុំចង់និយាយបន្ថែមបន្តិចទៀតត្រង់ថា ព្រះយេស៊ូវកំពុងតែមានបន្ទូលសំដៅទៅកាន់សេចក្ដីសន្យារបស់ព្រះជាម្ចាស់នៅក្នុងកណ្ឌគម្ពីរ យេរេមា ១៦:១៦ ដែលទ្រង់កំពុងតែបំពេញ « យើងនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក» ប៉ុន្តែបរិបទគឺមិនដូចគ្នាទាំងស្រុងនោះទេ។ បរិបទនៃកណ្ឌគម្ពីរ យេរេមា ១៦ គឺការថ្កោលទោស ប៉ុន្តែត្រង់នេះលោក ម៉ាកុស មិនមែនគ្រាន់តែសំដៅទៅលើការប្រមែប្រមូលសាសន៍អ៊ីស្រាអែល ដើម្បីយកមកថ្កោលទោសនោះទេ ប៉ុន្តែក៏កំពុងផ្ដោតទៅលើអត្ថន័យនៃព័ន្ធកិច្ចសកលរបស់ក្រុមជំនុំរបស់ព្រះជាម្ចាស់ផងដែរ។
ទោះបើយើងដឹងហើយថា៖ ចេញពីទស្សនៈត្រី ដែលគេចាប់បាន យកទៅស្ល ឬក៏ធ្វើម្ហូប នោះវាមិនសប្បាយចិត្ត ឬក៏ល្អសម្រាប់វាទេ ប៉ុន្តែក្នុងបរិបទនៃដំណឹងល្អ នេះមិនមែនជាអត្ថន័យរបស់ព្រះយេស៊ូវឡើយ ហើយក៏មិនមែនជាព័ន្ធកិច្ចដែលពួកសិស្សបានបន្តធ្វើនៅក្នុងកណ្ឌគម្ពីរដំណឹងល្អផងដែរ។
គោលបំណងនៃដំណឹងល្អគឺ ដើម្បីបង្កើតសិស្សថែមទៀត ដើម្បីរំដោះពួកគេ «ចេញពី» ជាជាងចាប់យកពួកគេទៅ «ថ្កោលទោស» ហើយនេះឯងគឺជាចំណុចស្នូលនៃការប្រៀបប្រដូចរបស់ព្រះយេស៊ូវ ទោះបើទស្សនៈគឺមើលចេញពីអ្នកនេសាទ ជាជាងពីត្រីក៏ដោយ។ បងប្អូនអាចអានបន្ថែមទៀតក្នុងកណ្ឌគម្ពីរ អេម៉ុស ៤:២ និងកណ្ឌគម្ពីរ ហាបាគុក ១:១៤-១៧ ដែលទាក់ទងនឹងប្រធានបទនៃការប្រៀបប្រដូចមួយនេះ។
នៅមានចំណុចជាច្រើនទៀតដែលយើងអាចមើលបាន ទាក់ទងទៅនឹងការត្រាស់ហៅរបស់ព្រះយេស៊ូវ និងសារៈសំខាន់នៃការត្រាស់ហៅមួយនេះ។ ប៉ុន្តែ ដោយសារពេលវេលាកាន់តែខើចទៅ ខ្ញុំចង់ត្រឡប់មកប្រធានបទយើងវិញ ហើយមើលនូវសំណួរមួយទៀតដែលសួរថា៖ តើពួកសិស្សបានឆ្លើយតបយ៉ាងដូចម្ដេច? ហើយថា តើការឆ្លើយតបនោះមានសារៈសំខាន់យ៉ាងដូចម្ដេច? ហើយតើយើងអាចអនុវត្តបានដោយរបៀបណា? តើវាមានន័យយ៉ាងដូចម្ដេចសម្រាប់យើងសព្វថ្ងៃនេះ?
ការឆ្លើយតបរបស់ពួកសិស្ស
ក្នុងដំណើររឿងទាំងពីរ៖ លោក ស៊ីម៉ូន លោក អនទ្រេ និងលោក យ៉ាកុប ជាកូនលោក សេបេដេ និងលោក យ៉ូហាន ជាប្អូន ពួកគេក៏ទុកអួនចោលភ្លាម ហើយដើរតាមព្រះយេស៊ូវ នៅពេលដែលព្រះអង្គត្រាស់ហៅពួកគាត់។ តាមពិតទៅ អួនត្រង់នេះទំនងជាសំដៅទៅលើសំណាញ់បង់ត្រី ដូចដែលយើងបង់ត្រីនៅស្រុកខ្មែរយើងនេះដែរ។
ប៉ុន្តែ ការចាកចេញពីមុខរបររកស៊ី និងឪពុកខ្លួនមិនមែនមានន័យថា ជាការបោះបង់ចោលជាអចិន្ត្រៃយ៍នោះទេ។ កណ្ឌគម្ពីរ ម៉ាកុស ១:២៩-៣១ និង ៣:៩ បានប្រាប់យើងថាលោក ស៊ីម៉ូន មិនបានផ្ដាច់ទំនាក់ទំនងពីផ្ទះសម្បែង និងក្រុមគ្រួសារ ឬក៏ទូករបស់គាត់ទាំងស្រុងនោះទេ។ នេះហើយជាមូលហេតុដែលបេសកជននៅអាចបន្តមានទំនាក់ទំនងជាមួយនឹងគ្រួសាររបស់គាត់បាន ទោះបើពួកគាត់បានចាកចេញពីប្រទេសខ្លួនក៏ដោយ។
ហើយការឆ្លើយតបរបស់បុគ្គលនីមួយៗក៏មិនដូចគ្នាទាំងស្រុងផងដែរ។ យើងឃើញថាលោក ស៊ីម៉ូន និងលោក អនទ្រេ បាន «ទុកអួន (ឬក៏សំណាញ់) ចោល ហើយដើរតាមព្រះអង្គ»។ ហើយលោក យ៉ាកុប និងលោក យ៉ូហាន បាន «ទុកសេបេដេជាឪពុក ឲ្យនៅក្នុងទូកជាមួយជើងឈ្នួល រួចដើរតាមព្រះអង្គ»។ ដូច្នេះ យើងអាចសន្មតថា តម្លៃនៃភាពជាសិស្សមានលក្ខណៈខុសៗគ្នាសម្រាប់បុគ្គលនីមួយៗ។
ការដើរតាមព្រះយេស៊ូវ
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ការទុកសំណាញ់ និងទុកឪពុកខ្លួនចោល ដើម្បីដើរតាមព្រះយេស៊ូវបង្ហាញអំពីតំណាងនៃការសម្រេចចិត្តដែលមានការបំផ្លាស់បំប្រែក្នុងជីវិតរស់នៅជាប្រចាំថ្ងៃ។ តើបងប្អូនកំពុងឲ្យតម្លៃលើអ្វី ដែលបងប្អូនត្រូវតែបោះបង់ចោល ដើម្បីដើរតាមព្រះយេស៊ូវ?
បុរសទាំងនេះមានជំនួញមុខរបររកស៊ីលក់ត្រីដែលមានការលេចធ្លោ។ ពួកគេទាំងបួននាក់ទំនងជាដៃគូរកស៊ីជាមួយគ្នា។ ពួកគេមានជោគជ័យក្នុងការរកស៊ី ហើយក៏ទំនងជាចេះភាសាហេប្រឺ អារ៉ាប់ និងក្រិកទៀតផង ដោយសារការរកស៊ីរបស់ពួកគេគឺមិនមែនគ្រាន់តែនៅក្នុងភូមិ ប៉ុន្តែចេញទៅប្រទេសនានាដែរ។ យើងដឹងថា ពួកគេមានជោគជ័យ ព្រោះពួកគាត់មាន «ជើងឈ្នួល»។ ទាំងអស់នោះ ពួកគេបានបោះបង់ចោល ដើម្បីដើរតាមព្រះយេស៊ូវ! ចុះចំណែកឯបងប្អូនវិញ តើបងប្អូនត្រូវបោះបង់អ្វីចោល ដើម្បីដើរតាមព្រះយេស៊ូវ?
យើងបានឃើញហើយថា ការត្រាស់ហៅរបស់ព្រះយេស៊ូវគឺជាការត្រាស់ហៅឲ្យពួកគាត់លះបង់អ្វីៗគ្រប់យ៉ាងទាំងអស់ចោល ហើយមកដើរតាមទ្រង់។ ការដែលពួកគេឆ្លើយតបដោយលះបង់ចោលអ្វីៗគ្រប់យ៉ាងភ្លាមៗ នោះគឺជាការបង្ហាញអំពីការស្តាប់បង្គាប់ដ៏អស្ចារ្យ ជាការស្តាប់បង្គាប់ដែលមានគ្រប់ជ្រុងជ្រោយ។ យើងក៏នឹងឃើញអំពីចំណុចដូចនេះក្នុងកណ្ឌគម្ពីរ ម៉ាកុស ២:១៤ នៅពេលដែលព្រះយេស៊ូវត្រាស់ហៅពួកសិស្សផ្សេងៗដែរ។
ការឆ្លើយតបបែបនេះក៏ជាការបង្ហាញថា អ្នកហៅក៏មិនមែនជាបុគ្គលធម្មតាដែរ ប៉ុន្តែគឺជាព្រះផ្ទាល់។ ហើយការឆ្លើយតបបែបនេះក៏បង្ហាញផងដែរថា៖ ព្រះអង្គគឺជាអង្គដែលអនុញ្ញាតឲ្យពួកគេអាចឆ្លើយតបដូចបែបហ្នឹងបាន។ កណ្ឌគម្ពីរ យ៉ូហាន ១៥:១៦ បានចែងដូចតទៅ «មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល…»។
យើងអាចសង្ខេបការឆ្លើយតបរបស់ពួកសិស្សទៅជាពីរចំណុចបាន៖ ១. ការឆ្លើយតបបែបអវិជ្ជមាន និង ២. ការឆ្លើយតបបែបវិជ្ជមាន។
ការឆ្លើយតបបែបអវិជ្ជមាន
ទី១ ខ្ញុំចង់មានន័យថា ពួកគេបានឆ្លើយតបបែបអវិជ្ជមានត្រង់ថា ពួកគេបានទុកសំណាញ់ និងឪពុករបស់ខ្លួនចោល។ ហើយទី២ ខ្ញុំចង់មានន័យថា ពួកគេបានឆ្លើយតបបែបវិជ្ជមានត្រង់ថា ពួកគេបានចាប់ផ្ដើមដើរតាមព្រះយេស៊ូវភ្លាមៗ។
សំណួរសួរថា៖ តើបងប្អូនបានឆ្លើយតបបែបអវិជ្ជមានចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ហើយឬនៅ? តើបងប្អូនបានបោះបង់អ្វីខ្លះចោល ដើម្បីដើរតាមព្រះយេស៊ូវ?
កណ្ឌគម្ពីរ ម៉ាថាយ ១៦:២៤-២៦ មានចែងដូចតទៅ៖ «បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន នឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតខ្លួន ដោយព្រោះខ្ញុំ នឹងបានជីវិតវិញ។ ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?”»។
ត្រង់នេះ ព្រះយេស៊ូវកំពុងមានន័យថា ឲ្យយើងចុះចូលយ៉ាងពេញទីចំពោះការយកព្រះគ្រីស្ទធ្វើជាម្ចាស់របស់យើង ហើយយើងក៏គ្មានសិទ្ធិអំណាចអ្វីទាល់តែសោះលើខ្លួនឯងដែរ។ បងប្អូន! ដើម្បីឲ្យយើងអាចដើរតាមព្រះយេស៊ូវបាន ដាច់ខាតយើងត្រូវតែដើរដូចដែលព្រះអង្គបានដើរផងដែរ!
យើងដឹងហើយថា ព្រះអង្គមានពេញទៅដោយការស្តាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទ្រង់រស់នៅក្រោមអំណាច និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែនេះមិនមែនមានន័យថា ព្រះយេស៊ូវមានលក្ខណៈតិចជាងព្រះជាម្ចាស់ ឬក៏ព្រះវិញ្ញាណបរិសុទ្ធទេ ដូចដែលក្រុមខុសឆ្គងមួយចំនួនកំពុងបង្រៀនថាព្រះយេស៊ូវមិនមានលក្ខណៈស្មើ ឬក៏ដូចព្រះទាំងស្រុងនោះទេ ឬក៏ថាព្រះអង្គគ្រាន់តែជាហោរាម្នាក់ដែលមានឋានៈស្មើនឹងហោរាផ្សេងៗទៀតប៉ុណ្ណោះ។ ទេ! ព្រះយេស៊ូវគឺជាព្រះ ១០០% ដូចព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធដែរ!
ហើយអ្វីដែលខ្ញុំចង់មានន័យគឺត្រង់ថា ពេលដែលព្រះយេស៊ូវបានចុះចូលក្រោមអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ ពេលដែលព្រះអង្គបានយាងមកផែនដី ហើយយកលក្ខណៈជាមនុស្ស ពេលនោះព្រះអង្គក៏ជាមនុស្ស ១០០% ផងដែរ។ ខ្ញុំគ្រាន់តែកំពុងសំដៅទៅលើពេលដែលព្រះអង្គនៅជាមនុស្ស ហើយបានស្តាប់បង្គាប់ ដូចដែលកណ្ឌគម្ពីរកូឡូសបានលើកឡើង។
លក្ខណសម្បត្តិរបស់ព្រះយេស៊ូវគឺថា ទ្រង់បានបម្រើអ្នកដទៃដោយមិនមានភាពអាត្មានិយម ទ្រង់ចេះអត់ធ្មត់ និងបានស៊ូដោយប្រឈមមុខចំពោះសេចក្ដីអាក្រក់ដ៏ធ្ងន់ធ្ងរ មានភាពឆេះឆួល ចេះចំណាយលុយកាក់ និងពេលវេលាបានយ៉ាងត្រឹមត្រូវ ព្រះអង្គដឹងខ្នាត ស្លូតបូត ហើយសប្បុរស និងស្មោះត្រង់ ព្រមទាំងមានភក្ដីភាពផងដែរ (កាឡាទី ៥:២២-២៣)។
តើជីវិតរស់នៅជាប្រចាំថ្ងៃរបស់បងប្អូនមានលក្ខណសម្បត្តិដូចព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរឬទេ? តើបងប្អូនបានលះកាត់ចិត្តខ្លួនឯងចោលហើយឬនៅ ដើម្បីដើរតាមព្រះអង្គ? មុនបងប្អូនអាចដើរតាមព្រះយេស៊ូវបាន ជាដំបូងបងប្អូនត្រូវតែមានការឆ្លើយតបបែបអវិជ្ជមានជាមុនសិន។ ពួកសិស្សទាំងបួននាក់នេះបានឆ្លើយតបដោយបោះបង់មុខរបររកស៊ីរបស់ខ្លួន ព្រមទាំងឪពុកខ្លួនចោល។ តើបងប្អូនត្រូវលះបង់អ្វីខ្លះ?
ការឆ្លើយតបបែបវិជ្ជមាន
ហើយទី២ ទាក់ទងនឹងការឆ្លើយតបបែបវិជ្ជមានរបស់ពួកសិស្ស៖ យើងឃើញថា ភ្លាមៗនោះពួកគាត់ក៏ចាប់ផ្ដើមដើរតាមព្រះយេស៊ូវ។ បងប្អូន! ការដើរតាមមួយនេះបង្ហាញពីការទទួលយកសេចក្ដីសន្យានៃមុខរបរថ្មីក្នុងជីវិតរបស់ពួកគាត់—ពោលគឺក្លាយជាអ្នកនេសាទមនុស្ស ជាជាងអ្នកនេសាទត្រី។
ត្រង់នេះ យើងឃើញអំពីការដែលព្រះយេស៊ូវបានត្រាស់ហៅឲ្យអ្នកដទៃមានចំណែកក្នុងព័ន្ធកិច្ចរបស់ទ្រង់ ហើយដូចដែលយើងបានឃើញនៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងមូលគឺថា ពួកគាត់ក៏បានបន្តធ្វើព័ន្ធកិច្ចដែលព្រះអង្គបានត្រាស់ហៅឲ្យពួកគាត់ធ្វើផងដែរ។ ដូច្នេះ បងប្អូន! យើងក៏ត្រូវធ្វើដូចនេះផងដែរ។
មុននឹងខ្ញុំបកស្រាយបន្ថែមទៀតលើចំណុចនេះ ខ្ញុំចង់ចំណាយពេលបន្តិចបន្តួចបកស្រាយទៅលើចំណុចនៃការដើរតាមព្រះយេស៊ូវជាមុនសិន។
ជាដំបូង ការដើរតាមព្រះយេស៊ូវគឺមិនមែនជាអ្វីដែលយើងធ្វើតែមួយភ្លែតនោះទេ ប៉ុន្តែគឺជាអ្វីដែលយើងត្រូវតែចំណាយជីវិតទាំងមូលរបស់យើងក្នុងការដើរតាមព្រះអង្គ។
ចំពោះបងប្អូនដែលបានដើរតាមព្រះអង្គហើយ ហើយទំនងជាកំពុងតែមានការហត់នឿយក្នុងការបន្តដំណើរជាមួយទ្រង់។ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនសម្លឹងមើលទៅឯព្រះអង្គ ទូលសូមកម្លាំងពីទ្រង់ក្នុងការបន្តទៅមុខទៀត។ បងប្អូន! សូមកុំធ្វើដូចមនុស្សមួយចំនួន ដែលគ្រាន់តែដើរតាមព្រះអង្គ ដើម្បីទទួលបានប្រយោជន៍ខាងឯផ្នែកសម្ភារៈនិយមលើផែនដីនេះឡើយ។ កុំដើរតាមព្រះ ដើម្បីបំពេញក្រពះ។ ខ្ញុំធ្លាប់ជួបមនុស្សច្រើនពេកហើយដែលអះអាងថាខ្លួនចង់ទទួលជឿ ហើយដើរតាមព្រះយេស៊ូវ ប៉ុន្តែគ្រាន់តែទទួល ដើម្បីបានប្រយោជន៍ពីក្រុមជំនុំ។ សូមកុំធ្វើបែបនេះឲ្យសោះ បងប្អូន!
ចំពោះបងប្អូនដែលមិនទាន់បានបើកចិត្តទទួលជឿព្រះយេស៊ូវនៅឡើយ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនឆ្លើយតបដោយបើកចិត្តទទួលជឿព្រះអង្គ ហើយដើរតាមទ្រង់ដូចដែលពួកសិស្សទាំងនោះបានធ្វើផងដែរ។ បងប្អូន! ពួកគាត់បានឆ្លើយតបដោយស្ដាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះយេស៊ូវ។ ប្រសិនបើថ្ងៃនេះគឺជាពេលដំបូងដែលបងប្អូនឮដំណឹងល្អ សូមកុំឲ្យឱកាសនៃការទទួលបានសេចក្ដីសង្គ្រោះរំលងពីបងប្អូនឡើយ។ បងប្អូន! សូមបើកចិត្តទទួលជឿព្រះអង្គឥឡូវនេះភ្លាមចុះ។
តើបងប្អូននឹងសម្រេចចិត្តយ៉ាងដូចម្ដេច?
ខ្ញុំចង់បញ្ចប់ពេលវេលារបស់យើងដោយមើលជាមួយគ្នាត្រួសៗលើចំណុចនៃការធ្វើព័ន្ធកិច្ចដូចព្រះយេស៊ូវ។ ខ្ញុំបានលើកឡើងថា ព្រះយេស៊ូវបានធ្វើព័ន្ធកិច្ចដោយព្រះអង្គបានត្រាស់ហៅឲ្យអ្នកដទៃឲ្យមានចំណែកជាមួយទ្រង់ ហើយថាយើងក៏គួរធ្វើដូចបែបនោះដែរ។
ក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ២:២ ដែលជាសំបុត្រចុងក្រោយបង្អស់របស់សាវ័ក ប៉ុល គាត់បានសរសេរទៅកាន់លោក ធីម៉ូថេ ដូចតទៅ៖ «ហើយអ្វីដែលអ្នកបានឮពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ ដែលមានសមត្ថភាពអាចបង្រៀនអ្នកផ្សេងទៀតបានដែរ»។
ត្រង់នេះយើងឃើញអំពីតុល្យភាពនៃទ្រង់ទ្រាយដ៏ធំក្រៃលែងនៃការធ្វើព័ន្ធកិច្ចរហូតទៅដល់ថាមានបួនតំណ។ អ្វីដែលយើងបានរៀនពីអ្នកដទៃ យើងត្រូវតែបង្រៀនទៅកាន់អ្នកផ្សេងទៀត ដែលអាចបង្រៀនតទៅកាន់អ្នកដទៃទៀតបានដែរ។
ប្រសិនបើបងប្អូនជាអ្នកដឹកនាំ តើបងប្អូនកំពុងតែបង្រៀន ដោយផ្ដល់ឱកាសឲ្យអ្នកដទៃធ្វើជាអ្នកដឹកនាំ ដើម្បីឲ្យគាត់អាចទៅបង្រៀនដល់អ្នកដទៃទៀត ដែលឲ្យធ្វើជាអ្នកដឹកនាំបានដែរឬទេ? ឬក៏ថា បងប្អូនគឺជា «ក្រាញ់-ស្ទាន» ដោយកាន់អំណាចតែឯង? ដូចដែលព្រះយេស៊ូវបានជ្រើសរើសពួកសិស្សទាំងនោះឲ្យមានចំណែកក្នុងព័ន្ធកិច្ចរបស់ព្រះអង្គ នោះយើងក៏ត្រូវធ្វើដូចទ្រង់ដែរ។
ហើយលើសពីនោះទៅទៀត ព័ន្ធកិច្ចរបស់យើងមិនអាចមានប្រសិទ្ធភាពបានឡើយ (ឬក៏ថា អាចដុះបែកមែកពេញមេឃយ៉ាងធំធេង ហើយជះឥទ្ធិពលដល់អ្នកដទៃបានដែរ) លុះត្រាតែយើងមានភាពស្មោះត្រង់ក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង និងជាមួយអ្នកដទៃ តែជាពិសេសជាមួយព្រះជាម្ចាស់ផ្ទាល់ជាមុនសិន ដ្បិតព្រះអង្គទតមើលឃើញរាល់គ្រប់អ្វីៗទាំងអស់ នោះទើបយើងអាចមានលទ្ធភាពក្នុងការប្រកាសសេចក្ដីពិតដែលមានប្រសិទ្ធភាពបាន។ ព្រោះបើយើងនិយាយបាតដៃខ្នងដៃ នោះវាគ្មានប្រសិទ្ធភាពទេ ជាពិសេសប្រសិនបើយើងនិយាយបែបនេះ ប៉ុន្តែជីវិតរស់នៅរបស់យើងបែរជាបង្ហាញថាជាបែបនោះ នោះវាក៏គ្មានប្រសិទ្ធភាពផងដែរ។ វាគ្មានន័យអ្វីសោះ! វាគ្មានប្រយោជន៍ទេ។
ព័ន្ធកិច្ចរបស់ព្រះយេស៊ូវមានប្រសិទ្ធភាព ពីព្រោះព្រះអង្គបានយកឈ្នះលើសេចក្ដីល្បួង ហើយបានរស់នៅក្នុងជីវិតដ៏បរិសុទ្ធ ហើយទ្រង់ក៏បានត្រាស់ហៅឲ្យអ្នកដទៃមានចំណែកជាមួយទ្រង់ក្នុងការធ្វើព័ន្ធកិច្ចដែរ។ សូមឲ្យយើងមិនគ្រាន់តែឆ្លើយតបដោយដើរតាមការត្រាស់ហៅរបស់ព្រះអង្គប៉ុណ្ណោះនោះទេ ប៉ុន្តែសូមឲ្យយើងត្រាប់តាមជីវិតរស់នៅរបស់ព្រះអង្គផងដែរ ក្នុងការចេញទៅបង្កើតសិស្ស!
មតិយោបល់
Loading…