«បងប្អូនអើយ ឯត្រង់ពេលវេលា នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់មកអ្នករាល់គ្នាទេ
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់
ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ
តែបងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្ដីងងឹត ឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ
អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្ដីងងឹតឡើយ
ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ
ដ្បិតពួកអ្នកដែលដេកលក់ នោះគេតែងដេកនៅពេលយប់ ហើយពួកអ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក
ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង ដើម្បីឲ្យយើងរាល់គ្នាបានរស់នៅជាមួយនឹងទ្រង់ ទោះបើចាំយាមឬដេកលក់ក្ដី ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ ។» (១ថែស្សាឡូនីច ៥:១–១១ )។
មិនមែនសម្រាប់ឲ្យយើងដឹងទេ
មានមនុស្សជាច្រើនប្រាថ្នាចង់ដឹងថា តើព្រះយេស៊ូវនឹងយាងត្រឡប់មកវិញនៅពេលណា ដើម្បីនឹងបង្កើតនគរទ្រង់ឲ្យបានពេញលេញ។ ពួកសាវ័កក៏បានសួរអំពីសំណួរមួយនេះផងដែរ (ម៉ាថាយ ២៤:៣; ម៉ាកុស ១៣:៤; លូកា ២១:៧)។ ក្នុងការឆ្លើយតបរបស់ព្រះយេស៊ូវ ដែលគេហៅថា «ការបង្រៀននៅលើភ្នំដើមអូលីវ» ព្រះអង្គបានបញ្ជាក់ថា ទោះបើនឹងមានទីសម្គាល់ដែលនឹងត្រូវកើតឡើងមុនទ្រង់យាងត្រឡប់មកវិញក៏ដោយ ក៏ពេលវេលាដ៏ជាក់លាក់នៃការយាងត្រឡប់មកវិញជាលើកទី២របស់ទ្រង់គឺមិនមែនសម្រាប់ឲ្យយើងដឹងនោះទេ (ម៉ាថាយ ២៤:៣៦–៤៤; ម៉ាកុស ១៣:៣២–៣៧)។ ផ្ទុយទៅវិញ អ្នកជឿគួរតែរងចាំដោយមានការអត់ធ្មត់ ហើយត្រៀមខ្លួនជានិច្ចក្នុងការលេចមករបស់ទ្រង់ (ឧទាហរណ៍៖ ម៉ាថាយ ២៤:៤៥–២៥:១៣; លូកា ១២:៣៩–៤៦)។ ក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីចជំពូក៥សាវ័ក ប៉ុល ក៏បានឆ្លើយលើសំណួរអំពីពេលវេលានៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវដែរ ហើយគាត់បានយកតម្រាប់យ៉ាងយកចិត្តទុកដាក់ក្នុងការឆ្លើយតបរបស់គាត់តាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ។ នេះទំនងមកពីក្រុមជំនុំថែស្សាឡូនីចបានផ្ញើសំបុត្រ [ទៅកាន់សាវ័ក ប៉ុល] ឬក៏ថាលោក ធីម៉ូថេ បាននាំដំណឹង [ទៅកាន់សាវ័ក ប៉ុល] ដែលការនោះបណ្ដាលឲ្យក្រុមជំនុំថែស្សាឡូនីចមានចិត្តចង់ទទួលការណែនាំបន្ថែមទៀតអំពីពេលវេលានៃការយាងត្រឡប់មកវិញជាលើកទី២របស់ព្រះយេស៊ូវ។
ទាក់ទងនឹងឃ្លា «ចំពោះពេលវេលា និងពេលកំណត់» កណ្ឌគម្ពីរ កិច្ចការ ១:៧ ក៏បានលើកឡើងគ្នាស្រដៀងនោះផងដែរ ពេលដែលព្រះយេស៊ូវឆ្លើយតបទៅនឹងសំណួររបស់ពួកសាវ័កអំពីពេលវេលានៃការស្ដារនគររបស់ព្រះជាម្ចាស់ឡើងវិញ៖ «ចំពោះពេលវេលា ដែលព្រះវរបិតាបានកំណត់ទុកដោយអំណាចរបស់ព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនចាំបាច់ដឹងទេ»។ ដោយប្រើឃ្លា «បងប្អូនអើយ» ម្ដងទៀតទៅកាន់ក្រុមជំនុំសាវ័ក ប៉ុល បានរម្លឹកក្រុមជំនុំទាក់ទងនឹងសេចក្ដីណែនាំដែលពួកគាត់បានទទួលរួចហើយ ពេលដែលសាវ័ក ប៉ុល និងក្រុមរបស់គាត់បាននៅជាមួយពួកគេនៅឯទីក្រុងថែស្សាឡូនីច។ ក្នុងឃ្លាដែលបម្រុងនឹងឲ្យមានចម្លើយសាវ័ក ប៉ុល បានលើកជាចម្លើយទៅកាន់ពួកគេថា៖ «មិនបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ»។
សាវ័ក ប៉ុល បានផ្ដោតសារជាថ្មីម្ដងទៀតថា ពួកគាត់បានដឹងចម្លើយលើសំណួរនេះរួចហើយ ដោយប្រើពហុសព្ទនាម «អ្នករាល់គ្នា» ហើយលើកឡើងថាពួកគាត់ដឹង «ច្បាស់» (ភាសាក្រិក «អាគ្រីបូស៍» “akribos” ដែលមានន័យជាភាសាខ្មែរថា «យ៉ាងត្រឹមត្រូវ») រួចហើយអំពីការឆ្លើយតបដ៏ត្រឹមត្រូវនេះ។
បើនិយាយឲ្យខ្លីទៅ ការឆ្លើយតបមួយនេះទំនងជាការខកចិត្តចំពោះមនុស្សមួយចំនួនហើយ៖ ពេលវេលានៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគឺជាពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើល។ ព្រះយេស៊ូវបានប្រៀបធៀបការយាងត្រឡប់មកវិញរបស់ទ្រង់ទៅនឹងចោរ ដែលមកពេលយប់ដែលគ្មាននរណាម្នាក់រំពឹងថាវានឹងមក (ម៉ាថាយ ២៤:៤៣; លូកា ១២:៣៩)។ នៅក្នុងខគម្ពីរមួយនេះសាវ័ក ប៉ុល កំពុងតែលើកយកសេចក្ដីបង្រៀនលើគ្រាចុងក្រោយរបស់ព្រះយេស៊ូវជាការយោងដូចជាគាត់បានធ្វើក្នុងខមុនៗដែរ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ១:១០; ៤:១៥; ៤:១៦; ៥:១)។ ការប្រៀបធៀបរបស់ព្រះយេស៊ូវទាក់ទងនឹង «ចោរ» គឺជាអ្វីដែលវប្បធម៌របស់ពួកសាវ័កបានដឹងយ៉ាងច្បាស់លាស់ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ២ពេត្រុស ៣:១០; វិវរណៈ ៣:៣; ១៦:១៥)។ ពាសពេញព្រះគម្ពីរសញ្ញាថ្មី បរិបទនៃសុភាសិតទាក់ទងនឹងចោរគឺជាការព្រមាន និងជាការដាស់តឿន។ ចោរបង្កឲ្យមានការខូចខាតក្នុងផ្ទះ ដូច្នេះអស់អ្នកដែលមិនបានត្រៀមខ្លួនជាស្រេចក្នុងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ក៏នឹងរងទុក្ខដោយបាត់បង់ និងវិនាសផងដែរ។ ចំណុចនេះជួយផ្ដល់ជាជំនួយដល់យើងក្នុងការពិនិត្យមើលអ្វីដែលមានចែងនៅក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:៣–៨។
សាវ័ក ប៉ុល បានទាញយកពាក្យពេចន៍ចេញពីព្រះគម្ពីរសញ្ញាចាស់សម្រាប់ «ថ្ងៃនៃព្រះយេហូវ៉ា» (ឧទាហរណ៍៖ អេសាយ ១៣:៦, ៩; យេរេមា ៤៦:១០; អេសេគាល ៣០:៣; យ៉ូអែល ២:៣១; ៣:១៤; អេម៉ុស ៥:១៨–២០; សេផានា ១:៧–១៨; ម៉ាឡាគី ៤:៥) ដើម្បីបង្ហាញអំពីថ្ងៃដែលព្រះអម្ចាស់យេស៊ូវនឹងលេចមក ដើម្បីកាត់ក្ដីចុងក្រោយលើខ្មាំងសត្រូវរបស់ទ្រង់ និងដើម្បីបង្ហាញថារាស្ត្ររបស់ទ្រង់គ្មានទោស (១កូរិនថូស ១:៨; ៥:៥; ២កូរិនថូស ១:១៤; ២ថែស្សាឡូនីច ២:២; ២ពេត្រុស ៣:១០)។
ចូរត្រៀមខ្លួនជាស្រេចពេលព្រះអង្គយាងមក
ដោយសារការយោងត្រឡប់មកវិញរបស់ព្រះយេស៊ូវគឺជាពេលវេលាដ៏ភ្ញាក់ផ្អើល នោះសាវ័ក ប៉ុល បានព្រមានអស់អ្នកដែលមិនទាន់បានដើរតាមព្រះគ្រីស្ទថា កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការដែលព្រះអង្គយាងមកចាប់ពួកគេដោយមិនបានត្រៀមខ្លួនជាស្រេច។ មនុស្សម្នាទំនងនឹងសាំពេកក្នុងស្ថានភាពមិនផ្លាស់ប្ដូរដល់ថ្នាក់ថា ពួកគេភ្លេចថាព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ដើម្បីថ្កោលទោសទាំងមនុស្សរស់ និងមនុស្សស្លាប់។ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ២ពេត្រុស ៣:៤)។
សាវ័ក ប៉ុល បានលើកឡើងអំពីអស់អ្នកដែលសង្កេតឃើញថា «មានសេចក្ដីសុខសាន្តហើយ មានសន្តិសុខហើយ!» ហើយសន្មតថាទីសម្គាល់សម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ និងការថ្កោលទោសចុងក្រោយគឺនៅយូរណាស់ទៀត។ បុគ្គលបែបនោះបានបរាជ័យក្នុងការត្រៀមខ្លួនសម្រាប់ការលេចឡើងវិញរបស់ព្រះគ្រីស្ទ។ តាមពិតទៅ ទំនងជាអាចមាន «ពេលនោះ និងមានមហន្តរាយកើតមានដល់គេភ្លាម» ដែលនាំមកនូវការថ្កោលទោសចុងក្រោយ។ ដោយប្រើប្រាស់លំនាំនៃការប្រៀបប្រដូចពីសញ្ញាចាស់សម្រាប់មហន្តរាយ (អេសាយ ២៦:១៧; យេរេមា ៤:៣១; ៦:២៤; មីកា ៤:៩–១០; ជាពិសេសសម្រាប់ប្រធានបទ «ថ្ងៃនៃព្រះយេហូវ៉ា» សូមអានកណ្ឌគម្ពីរ អេសាយ ១៣:៨) សាវ័ក ប៉ុល បានលើកការប្រៀបប្រដូចទៅនឹងការឈឺចាប់នៅពេលដែលស្ត្រីហៀបនឹងសម្រាលកូនមាន ដែលអាចឈឺខ្លាំង ហើយកើតឡើងភ្លាមៗបានផងដែរ។ ព្រះយេស៊ូវ និងសាវ័ក ប៉ុល ក៏បានលើកឡើងអំពីភាពឈឺចាប់នៅពេលសម្រាលកូនទាក់ទងទៅនឹងការប្រៀបប្រដូចនៅគ្រាចុងក្រោយដែរ (ម៉ាថាយ ២៤:៨; ម៉ាកុស ១៣:៨; យ៉ូហាន ១៦:២១; រ៉ូម ៨:២២)។ ដូចនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រង់នេះការផ្ដោតក៏នៅតែលើការឈឺចាប់ផ្ទាល់ ដោយមិនបានលើកឡើងអំពីអំណរនៅពេលសម្រាលកូន។ គ្មាននរណាម្នាក់អាចនឹងរត់គេចចេញពីការថ្កោលទោសភ្លាមៗដែលព្រះគ្រីស្ទនឹងនាំមកនោះទេ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ រ៉ូម ២:៣)។
ផ្ទុយពីអស់អ្នកដែលកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:៣ បានលើកឡើង អ្នកជឿនៅក្រុមជំនុំថែស្សាឡូនីច «មិននៅក្នុងសេចក្ដីងងឹត» ដោយសារពួកគេជាអ្នកដើរតាមព្រះយេស៊ូវ ហើយក៏ព្យាយាមត្រាប់តាមសេចក្ដីបង្រៀនរបស់ទ្រង់ផងដែរ។ គេដឹងហើយថា ពួកគាត់បានត្រៀមខ្លួនជាស្រេចក្នុងការយាងមកវិញរបស់ព្រះយេស៊ូវ។ ចំណុចផ្ទុយគ្នាមួយនេះទំនងទាក់ទងនឹងអ្វីដែលសាវ័ក ប៉ុល បានលើកឡើងក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:៣ អំពីអស់អ្នកដែលមិនទាន់ស្គាល់ព្រះគ្រីស្ទនៅឡើយ។ ទាំង «សេចក្ដីងងឹត» និង «យប់» ក្នុងខគម្ពីរទាំងនេះកំពុងតែសំដៅទៅលើអស់អ្នកដែលមិនទាន់បានដកពិសោធន៍លើការបំភ្លឺដែលជះពន្លឺចេញពីដំណឹងល្អក្នុងព្រលឹងរបស់គេ។ ហើយផ្ទុយពី «កូននៃពន្លឺ/ថ្ងៃ» គឺជាអស់អ្នកដែលឃើញយ៉ាងច្បាស់លាស់ហើយល្មមក្នុងការដើរតាមព្រះយេស៊ូវ។
ការប្រៀបប្រដូចមួយនេះអំពីសេចក្ដីងងឹត និងពន្លឺផ្ដល់នូវការអនុវត្តជាច្រើនដល់សាវ័ក ប៉ុល ជាពិសេសពេលរួមគ្នាជាមួយនឹងការប្រៀបប្រដូចដែលព្រះយេស៊ូវបានលើកឡើងអំពីចោរ។ ដោយសារជាទូទៅពួកចោរមកលួចនៅពេលយប់ (១ថែស្សាឡូនីច ៥:២) នោះអស់អ្នកដែលជាកូនពន្លឺ និងថ្ងៃនឹងមិនមានការភ្ញាក់ផ្អើលដោយសារចោរនោះទេ។ ពួកគេរស់នៅក្នុងជំនឿ ក្ដីសង្ឃឹម និងក្ដីស្រឡាញ់ (១ថែស្សាឡូនីច ៥:៨) កាលនោះបង្ហាញថា ពួកគេបានទទួលសេចក្ដីសង្គ្រោះក្នុងព្រះគ្រីស្ទ (១ថែស្សាឡូនីច ៥:៩) ខណៈពេលដែលពួកគេបន្តរស់នៅក្នុងការញែកជាបរិសុទ្ធ តាមរយៈការដើរក្នុងផ្លូវរបស់ទ្រង់ដែលមានពេញទៅដោយពន្លឺ។ ហើយផ្ទុយពីគ្នា អស់អ្នកដែលបន្តរស់នៅក្នុងសេចក្ដីងងឹតខាងឯវិញ្ញាណនឹងមានការភ្ញាក់ផ្អើលភ្លាមៗ នៅពេលដែលព្រះគ្រីស្ទយាងត្រឡប់មកវិញ ដើម្បីបំផ្លាញពួកគេចោល (១ថែស្សាឡូនីច ៥:៣)។
នៅក្នុងខ៥សាវ័ក ប៉ុល និងដៃគូបេសកកម្មរបស់គាត់បានប្ដូរប្រធានបទពីការនិយាយអំពី «អ្នករាល់គ្នា» មកកាន់ការនិយាយអំពី «យើង»។ ពួកគាត់បានរាប់បញ្ចូលខ្លួនជាមួយនឹងអ្នកជឿក្នុងក្រុមជំនុំថែស្សាឡូនីចថា ជាកូននៃពន្លឺ ហើយការនោះបានពង្រឹងការប្រកបគ្នាជាមួយនឹងគ្នា។
ហើយឥឡូវនេះសាវ័ក ប៉ុល ណែនាំអំពីការប្រៀបប្រដូចពីរយ៉ាងទៀត។ នៅពេលដែលគាត់លើកឡើងថា «យើង…មិនត្រូវដេកលក់» គាត់មិនមែនមានន័យចំៗនោះទេ។ ការដេកបញ្ចេញអត្ថន័យអសកម្ម ការមិនមានអារម្មណ៍លើការឲ្យតម្លៃលើតម្រូវការឲ្យមានការត្រៀមខ្លួន។ ការស្រវឹងស្រាកាន់តែបន្ថែមលើអត្ថន័យនៃការគ្មានទំនួលខុសត្រូវថែមទៀត។ នៅក្នុងខគម្ពីរមួយចំនួនផ្សេងទៀតសាវ័ក ប៉ុល បានលើកទឹកចិត្តឲ្យមានភាពម៉ឺងម៉ាត់ខាងឯសាច់ឈាម ហើយឲ្យគេចចេញពីការស្រវឹង (កាឡាទី ៥:២១; អេភេសូរ ៥:១៨; ១ធីម៉ូថេ ៣:៣; ទីតុស ១:៧) ប៉ុន្តែត្រង់នេះវាជាការប្រៀបប្រដូច (សូមអានបន្ថែម៖ ១កូរិនថូស ១៥:៣៤)។ ក្នុងបរិបទនៃការដេក និងការស្រវឹងធ្វើឲ្យបុគ្គលម្នាក់មិនបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខនឹង «ចោរ» ដែលមកពេលយប់។
ដោយតភ្ជាប់ការប្រៀបប្រដូចនោះទៅនឹងការវែកញែកខាងលើ (១ថែស្សាឡូនីច ៥:៤–៥) ទាក់ទងនឹងសេចក្ដីងងឹត និងពន្លឺសាវ័ក ប៉ុល បានសង្កេតឃើញថា អស់អ្នកដែលដេក និងស្រវឹងគឺទាំងពីរជាអស់អ្នកដែលធ្វើការទាំងនោះនៅពេលយប់ និងក្នុងសេចក្ដីងងឹត។ ផ្ទុយគ្នាទៅវិញ កូនៗនៃពន្លឺនឹងដេក ហើយមានស្មារតីម៉ឺងម៉ាត់ ដែលកាលនោះនាំឲ្យពួកគាត់បានត្រៀមខ្លួនជាស្រេចក្នុងការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ។ (សូមអានបន្ថែម៖ យ៉ូហាន ១២:៣៥–៣៦; អេភេសូរ ៥:៨–១៤)។ ដូច្នេះការបង្គាប់ឲ្យ «ចាំយាម ហើយដឹងខ្លួន» សំដៅទៅលើការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនសម្រាប់ការលេចឡើងមករបស់ព្រះគ្រីស្ទ។
មានមនុស្សមួយចំនួនបានយល់ថា ការដែលកូនៗនៃពន្លឺចាំយាមត្រង់នេះគឺទាក់ទងទៅនឹងចំណេះដឹង ដោយលើកឡើងថា «កូនៗ» ទាំងនេះបានសិក្សាព្រះបន្ទូល ហើយដឹងអំពីពេលវេលាយ៉ាងច្បាស់លាស់ ដូច្នេះពួកគាត់អាចទាយអំពីការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទបាន។ ទោះជាយ៉ាងណាក្ដី រូបភាពបែបនេះមិនដំណើរការក្នុងរបៀបនេះទេ។ ការបន្តមានភាពម៉ឺងម៉ាត់ និងការចាំយាមរបស់កូនៗនៃពន្លឺទាំងនេះ គឺទាក់ទងទៅនឹងរបៀបដែលពួកគាត់រស់នៅជាប្រចាំថ្ងៃ។ ហើយក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:៨ សាវ័ក ប៉ុល នឹងលើកឡើងយ៉ាងចំៗអំពីភាពម៉ឺងម៉ាត់ដែលមានរួមទាំង៖ ជំនឿ ក្ដីស្រឡាញ់ និងក្ដីសង្ឃឹម។
របៀបត្រៀមខ្លួន
ខគម្ពីរមួយនេះកាន់តែពន្យល់ថែមទៀតអំពីរូបភាពដែលសាវ័ក ប៉ុល កំពុងតែចង្អុលបង្ហាញក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:៤–៨។ តើការត្រៀមខ្លួនជាស្រេចក្នុងការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទមានលក្ខណៈយ៉ាងដូចម្ដេចទៅណ៎? ការត្រៀមខ្លួនមានន័យថា យើងរស់នៅដោយមានជំនឿ ក្ដីស្រឡាញ់ និងក្ដីសង្ឃឹមក្នុងព្រះគ្រីស្ទ។ សូមកត់សម្គាល់ផងដែរថាមុននេះសាវ័ក ប៉ុល ក៏បានលើកឡើងអំពីចំណុចទាំងបីនៃជំនឿ ក្ដីស្រឡាញ់ និងក្ដីសង្ឃឹម (១ថែស្សាឡូនីច ១:៣; សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៣:១៣; កាឡាទី ៥:៥–៦; និងកូឡូស ១:៤–៥)។
សាវ័ក ប៉ុល ប្រើប្រាស់រូបភាពនៃគ្រឿងសឹកពីស្ថានសួគ៌របស់ព្រះជាម្ចាស់ចេញពីកណ្ឌគម្ពីរ អេសាយ ៥៩:១៧ (ក្នុងកណ្ឌគម្ពីរអេសាយ គឺព្រះជាម្ចាស់ដែលជាអង្គពាក់គ្រឿងសឹកបែបនោះ)។ ក្នុងបទគម្ពីរមួយទៀតដែលមនុស្សជាច្រើនស្គាល់ (អេភេសូរ ៦:១៤–១៧) សាវ័ក ប៉ុល បានពន្យល់ថែមទៀតអំពី «គ្រឿងសឹករបស់ព្រះជាម្ចាស់» ដូចនៅក្នុងខគម្ពីរនោះ នៅទីនេះគាត់ក៏បញ្ជាក់ថា គ្រឿងសឹកដែលព្រះជាម្ចាស់ប្រទានគឺ ដើម្បីប្រដាប់ពួកបរិសុទ្ធរបស់ទ្រង់។ អ្នកកាត់ស្រាយមួយចំនួន (ជាពិសេសលើខគម្ពីរអេភេសូរ) តែងតែពន្លើសដោយប្រើពាក្យពេចន៍អំពីមូលហេតុនៃគំនិតនីមួយៗថា (ដូចជាជំនឿ ឬក៏សេចក្ដីសង្ឃឹមជាដើម) វាស៊ីគ្នាជាមួយនឹងគ្រឿងសឹកនៃទ័ពរ៉ូម៉ាំង។ ទោះជាយ៉ាងណាក្ដី យើងគួរតែមានការគ្រប់គ្រងលើខ្លួនឯងថែមទៀតក្នុងការវែកញែករូបភាពមួយនេះ ដោយសារសាវ័ក ប៉ុល បានមានការរៀបរាប់ខុសៗគ្នាលើចំណុចនីមួយៗនៃការប្រដាប់ក្នុងកណ្ឌគម្ពីរថែស្សាឡូនីចខ្សែទី១ និង អេភេសូរ។ ដូច្នេះ «អាវក្រោះ» គឺជា «សេចក្តីសុចរិត» ក្នុងកណ្ឌគម្ពីរ អេភេសូរ ៦:១៤ (ដោយយកតម្រាប់តាមកណ្ឌគម្ពីរ អេសាយ ៥៩:១៧) ហើយក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:៨ «អាវក្រោះ» កំពុងសំដៅទាំងទៅលើ «ជំនឿ និងសេចក្ដីស្រឡាញ់»។ ចំណុចស្នូលចម្បងនៃរូបភាពធំរបស់សាវ័ក ប៉ុល គឺអំពីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសង្ឃឹម ដែលនោះប្រៀបទៅនឹងគ្រឿងសឹកដែលការពារអ្នកជឿ ហើយជួយឲ្យពួកគាត់ត្រៀមខ្លួនក្នុងសង្គ្រាមខាងឯវិញ្ញាណ។
សេចក្ដីសង្គ្រោះ និងការប្រោសលោះ
សាវ័ក ប៉ុល បានលើកឡើងក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:៨ ដូចតទៅ៖ «សេចក្ដីសង្ឃឹមនៃការសង្គ្រោះ»។ កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:៩–១០ បានបន្តដោយរៀបរាប់អំពីសេចក្ដីសង្ឃឹម នឹងការប្រោសលោះដែលមានពេញទៅដោយព្រះគុណរបស់ព្រះជាម្ចាស់ក្នុងព្រះគ្រីស្ទនាំមកនូវក្ដីសង្ឃឹមដល់អ្នកជឿ ដោយធានាដល់យើងថា វាសនារបស់យើងគឺមិនស្ថិតក្រោមសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលជាការបំផ្លាញដ៏នៅអស់កល្បជានិច្ចនោះទេ ប៉ុន្តែគឺជាសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ចវិញ។ ខណៈពេលដែលក្នុងអត្ថន័យមួយ អ្នកជឿទទួលបាន «ការសង្គ្រោះ» នៅបច្ចុប្បន្នកាលនេះ តែក្នុងបរិបទនៃសេចក្ដីសង្គ្រោះមួយនេះវិញគឺវាស៊ីគ្នាទៅនឹងសេចក្ដីក្រោធ និងការថ្កោលទោសនូវឯអនាគតទេតើ។ ហេតុដូច្នេះហើយបានជានៅត្រង់នេះសាវ័ក ប៉ុល កំពុងតែសម្លឹងទៅមើលឯសេចក្ដីសង្គ្រោះនៅទីបញ្ចប់នៃរាស្ត្ររបស់ព្រះគ្រីស្ទក្នុងការរស់ឡើងវិញ។
យើងអាចទទួលបានសេចក្ដីសង្គ្រោះបែបនោះ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ២ថែស្សាឡូនីច ២:១៤) តាមរយៈតែព័ន្ធកិច្ចរបស់ព្រះយេស៊ូវតែមួយគត់ ដែលខគម្ពីរបានប្រកាសថាជា «ព្រះអម្ចាស់» និង «ព្រះគ្រីស្ទ» ដ៏នៅអស់កល្បជានិច្ច។ ដោយសង្ខេបដំណឹងល្អយ៉ាងត្រួសៗ (១ថែស្សាឡូនីច ៥:១០) សាវ័ក ប៉ុល បានរម្លឹកក្រុមជំនុំអំពីការសុគតរបស់ព្រះយេស៊ូវ «ជួសយើង» ដែលនេះមានន័យថា ការសុគតរបស់ទ្រង់បានបង់ថ្លៃលោះជំនួសអំពើបាបរបស់យើង។ លើសពីនោះទៅទៀត ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវបានផ្ដល់នូវក្ដីសង្ឃឹមថា ថ្ងៃមួយយើងនឹងរស់នៅជាមួយនឹងព្រះអង្គ—តាមរយៈការរួបរួមជាមួយនឹងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះការដែលយើងនឹងរស់ឡើងវិញក៏អាចកើតឡើងបានផងដែរ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៥:២០–២៨)។
ការដែលសាវ័ក ប៉ុល លើកឡើងថា «ទោះបើយើងនៅរស់ ឬដេកលក់ក្តី» នាំមកនូវយ៉ាងតិចណាស់ការកាត់ស្រាយពីរយ៉ាង។ វាអាចពឹងលើគំនិតនៃការដេក/ការចាំយាមដែលមាននៅក្នុងបរិបទភ្លាមៗនោះ (១ថែស្សាឡូនីច ៥:៦–៧) ប៉ុន្តែបើដូច្នោះមែន នោះខ១០នឹងជំទាស់គ្នានឹងការព្រមានរបស់សាវ័ក ប៉ុល ទៅកាន់អស់អ្នកដែលកំពុងដេក និងកំពុងនៅក្នុងសេចក្ដីងងឹតហើយ ដែលមានន័យថា ពួកគាត់កំពុងស្ថិតក្រោមការបំផ្លាញចោលជាមិនខាន (១ថែស្សាឡូនីច ៥:៣–៧)។ ផ្ទុយទៅវិញ «ទោះបើយើងនៅរស់ ឬដេកលក់ក្តី» ទំនងជាកំពុងសំដៅទៅលើអ្វីដែលសាវ័ក ប៉ុល បានលើកឡើងក្នុងការវែកញែកនៅដើមដំបូងរបស់គាត់ទាក់ទងនឹងសេចក្ដីបង្រៀននៃគ្រាចុងក្រោយ (១ថែស្សាឡូនីច ៤:១៣–១៨)។ ដែលត្រង់នោះ «ការដេក» សំដៅទៅលើអស់អ្នកដែលស្លាប់ក្នុងព្រះគ្រីស្ទ ហើយការនៅរស់សំដៅទៅលើអស់អ្នកជឿដែលកំពុងតែមានជីវិតរស់នៅបច្ចុប្បន្ននោះ។ ទាក់ទងនឹងអ្នកដើរតាមព្រះយេស៊ូវ ទាំងអ្នកស្លាប់ក្នុងព្រះគ្រីស្ទ និងអ្នកជឿដែលកំពុងនៅរស់ គឺយើងកំពុងតែរងចាំការថ្កោលទោសចុងក្រោយ និងជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះគ្រីស្ទ។
ដូចដែលនៅក្នុងសេចក្ដីសន្និដ្ឋានក្នុងវគ្គមុន (១ថែស្សាឡូនីច ៤:១៨) ត្រង់នេះសាវ័ក ប៉ុល កំពុងតែអញ្ជើញក្រុមជំនុំថែស្សាឡូនីចសារជាថ្មីឲ្យមានការលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមកដែលមានមូលដ្ឋានគ្រឹះលើសេចក្ដីពិតនៃដំណឹងល្អដែលមានក្នុងសេចក្ដីបង្រៀនរបស់គាត់។ អមជាមួយនឹងឃ្លា «ចូរលើកទឹកចិត្តគ្នា» សាវ័ក ប៉ុល ក៏បានបន្ថែមផងដែរថាឲ្យ «ស្អាងចិត្តគ្នាទៅវិញទៅមក» ដែលនេះជាពាក្យស្លោកពន្យល់ថែមទៀតលើការលើកទឹកចិត្ត និងការពង្រឹងគ្នាទៅវិញទៅមក (សូមអានបន្ថែមក្នុងការគម្ពីរ កិច្ចការ ២០:៣២; ១កូរិនថូស ១៤:៤)។ ត្រង់នេះអ្នកនិពន្ធសន្មតថា គ្រីស្ទបរិស័ទឲ្យតម្លៃលើសង្គម ដ្បិតបើយើង (ទាំងផ្ទាល់ខ្លួន និងរួមគ្នា) ចង់មានការស្អាងគ្នាទៅវិញទៅមកឡើងក្នុងព្រះគ្រីស្ទវិញ នោះយើងត្រូវការគ្នាទៅវិញទៅមកសម្រាប់ជាការលើកទឹកចិត្តផងដែរ។ ក្នុងខគម្ពីរមួយនេះ និងក្នុងសំបុត្រទាំងមូលសាវ័ក ប៉ុល អះអាងថាក្រុមជំនុំថែស្សាឡូនីចពិតជាបានដើរតាមព្រះគ្រីស្ទមែន («ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់» សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ១:៦–១០; ៣:៦–៧; ៤:១)។ ក្នុងអត្ថន័យនេះផ្ទាល់ វាជារបៀបមួយដែលសាវ័ក ប៉ុល បាន «លើកទឹកចិត្ត» និង «ស្អាងចិត្ត» ក្រុមជំនុំ៖ គាត់បានសរសើរពួកគេសម្រាប់អ្វីដែលពួកគេកំពុងតែធ្វើបានយ៉ាងល្អ។
មតិយោបល់
Loading…