Day 30 The Runaway Nun
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅយប់ដ៏ត្រជាក់មួយក្នុងខែមេសា មានដូនជីគ្រីស្ទបរិស័ទដប់ពីររូបបានឡើងលើរទេះដឹកត្រីយ៉ាងស្ងាត់ៗ។ ពួកគេបានរងចាំលោកសមាជិកក្រុមប្រឹក្សាក្រុងម្នាក់ឈ្មោះ លីអូណាដ ខប (Leonard Koppe) ឲ្យចាប់ផ្តើមបររទេះ។ ដូនជីទាំងនោះបានរាប់នាទីដែលនៅសល់ដោយចិត្តខ្លាំងក្លា រហូតដល់ជីវិតជាដូនជីរបស់ពួកគេត្រូវបានបញ្ចប់ជារៀងរហូត។
គេបាននាំស្ត្រីទាំងនេះចេញដោយសម្ងាត់ពីអារាម (កន្លែងដូនជីកាតូលិករស់នៅ) នៅទីក្រុង នីមឈិន (Nimbschen) នៃប្រទេសអាល្លឺម៉ង់។ លោក ម៉ធិន លូសើរ បានរៀបចំគម្រោងការរត់គេចនេះ។ ប្រសិនបើមានគេចាប់ខ្លួនបាន គឺពួកគាត់នឹងត្រូវប្រឈមមុខនឹងការដាក់ទោស ក្នុងនាមជាឧក្រិដ្ឋជន។ ប្រសិនបើពួកគាត់រត់គេចខ្លួនបានជោគជ័យ អនាគតរបស់ពួកគាត់នៅតែមិនមានភាពប្រាកដប្រជាដែរ។ ពួកគាត់ពឹងផ្អែកទាំងស្រុងលើឆន្ទៈរបស់ក្រុមគ្រួសារ ក្នុងការទទួលយកពួកគាត់ត្រឡប់ចូលផ្ទះវិញ។ រីឯដូនជីគ្រីស្ទបរិស័ទដែលគ្រួសារបដិសេធមិនព្រមទទួលយកវិញ ពួកគាត់ត្រូវស្វែងរកស្វាមី ឬស្វែងរកការងារសម្រាប់ស្ត្រីដែលកម្រនឹងមានណាស់ ដើម្បីឲ្យពួកគាត់អាចទ្រទ្រង់ហិរញ្ញវត្ថុដោយខ្លួនឯងបាន។
លោកស្រី កាធើរីណា វ៉ុន បូរ៉ា (Katharina von Bora) គឺជាដូនជីគ្រីស្ទបរិស័ទម្នាក់ក្នុងចំណោមដូនជីទាំងនោះ។ គាត់មិនបានរកឃើញដំណោះស្រាយណាមួយក្នុងចំណោមជម្រើសទាំងនេះឡើយ។ បន្ទាប់ពីមានការសុំរៀបការមិនបានសម្រេចចំនួនពីរដង លោក លូសើរ មានអារម្មណ៍ថាត្រូវទទួលខុសត្រូវចំពោះអតីតដូនជីរូបនេះ។ លោកស្រី កាធើរីណា ដែលមានចិត្តក្លាហាន នៅទីបំផុតបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គាត់នឹងរៀបការជាមួយលោក លូសើរ ឬមិត្តភក្ដិរបស់លោកគឺលោក នីកូឡាស វ៉ុន អាំដូហ្វ (Nicolas von Amsdorf) តែប៉ុណ្ណោះ។ មើលទៅហាក់ដូចជាលោក លូសើរ បានទទួលយកបញ្ហាប្រឈមនេះ ហើយបានរៀបការជាមួយដូនជីគ្រីស្ទបរិស័ទ ដែលបានរត់គេចខ្លួនរូបនេះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៥២៥ នៃគ.ស.។
ការរៀបការជាមួយលោក លូសើរ បានធ្វើឲ្យលោកស្រី កាធើរីណា មានកម្រិតឋានៈក្នុងសង្គមធ្លាក់ទាប។ គាត់បានកើតក្នុងវង្សត្រកូលដ៏ឧត្តមមួយ ដែលមានបុព្វបុរស និងដូនតាជាច្រើនជំនាន់ដែលមានឋានៈខ្ពង់ខ្ពស់។ អាពាហ៍ពិពាហ៍នេះក៏បានរុញច្រានគាត់ឲ្យធ្លាក់ចូលទៅក្នុងរឿងអាស្រូវ និងការមើលងាយជាសាធារណៈផងដែរ។ លោក អេរ៉ាស្មូស នៃទីក្រុងរ៉តធឺដាម (Erasmus of Rotterdam) ថែមទាំងបានទាយថា អាពាហ៍ពិពាហ៍នេះនឹងនាំឲ្យមានការបង្កើតអាទទឹងនឹងព្រះគ្រីស្ទ ទៀតផង!
ទោះបីជាមានបរិយាកាសដែលច្របូកច្របល់ជុំវិញជីវិតអាពាហ៍ពិពាហ៍ ដែលមានភាពចម្រូងចម្រាសក៏ដោយ ក៏ទំនាក់ទំនងរបស់ពួកគាត់មានភាពស្និទ្ធស្នាល មានសេចក្តីស្រឡាញ់ ដែលបង្កើតផលផ្លែ មានភាពស្មោះត្រង់ និងយូរអង្វែងទៀតផងដែរ។ ប្តីប្រពន្ធមួយគូនេះបានរើទីលំនៅចូលទៅក្នុងផ្ទះថ្មីរបស់ពួកគាត់ ដែលមានឈ្មោះថា ដឺ ប្លេក ខ្លយស្ទ័រ (The Black Cloister)។ លោកស្រី កាធើរីណា បានចាប់ផ្តើមតួនាទី «ថ្មី» មួយដែលមិនធ្លាប់មានក្នុងអំឡុងយុគសម័យមជ្ឈិមសម័យ គឺជាភរិយារបស់គ្រូគង្វាល។
នៅព្រឹកបន្ទាប់ពីពិធីអាពាហ៍ពិពាហ៍ លោកស្រី កាធើរីណា ក៏បានចាប់ផ្តើមការងារថ្មីរបស់គាត់ ដោយរៀបចំអាហារពេលព្រឹកជូនមិត្តភក្ដិមួយចំនួនដែលបានចូលរួមក្នុងពិធីការពីយប់មុន។ តួនាទីរបស់លោកស្រី កាធើរីណា ក្នុងនាមជាភរិយារបស់អ្នកកំណែទម្រង់ដ៏ល្បីល្បាញ ជាម្តាយបង្កើតបានកូន៦នាក់ (និងកូនកំព្រាជាច្រើននាក់ទៀត) ព្រមទាំងជាអ្នកគ្រប់គ្រងក្រុមគ្រួសារ និងទ្រព្យសម្បត្តិផងនោះ គឺគាត់ក៏បានក្លាយជាគំរូដ៏ល្អសម្រាប់ភរិយារបស់គ្រូគង្វាលគ្រីស្ទបរិស័ទប្រូតេស្តង់នាជំនាន់នោះផងដែរ។
ក្រុមអ្នកកំណែទម្រង់បានចាក់គ្រឹះយ៉ាងរឹងមាំចំពោះតួនាទីនេះ ទុកជាការងារដ៏សំខាន់ និងគួរឲ្យគោរពមួយ ដោយមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៅក្នុងទេវសាស្ត្រ និងព្រះគម្ពីរ។ ពួកគាត់បានផ្តល់ការគោរពថ្មីដល់ស្ត្រីជាគ្រីស្ទបរិស័ទ តាមរយៈការរាប់បញ្ចូលកិច្ចការផ្ទះទៅក្នុងកិច្ចការនៃការផ្សព្វផ្សាយដំណឹងល្អ។ ការនេះបានផ្លាស់ប្តូររូបភាពស្ត្រីគ្រីស្ទបរិស័ទគំរូ ឲ្យខុសប្លែកពីឧត្តមគតិសម័យមជ្ឈិមសម័យបែបចាស់ (medieval ideal) ដែលឲ្យស្ត្រីធ្វើជាដូនជីគ្រីស្ទបរិស័ទ។
តួនាទីរបស់លោកស្រី កាធើរីណា គឺថែទាំលោក លូសើរ ជួយសម្រួលដល់កិច្ចការ និងការធ្វើដំណើររបស់គាត់ ហើយចិញ្ចឹមបីបាច់កូនៗ ព្រមទាំងចាត់ចែងកិច្ចការជាច្រើនក្នុងផ្ទះសម្បែង។ លោកស្រីបានជួសជុល និងរៀបចំអតីតវត្តអារាមអូគូស្ទីន (Augustinian monastery) ឲ្យក្លាយជាផ្ទះរបស់ពួកគេ។ លោកស្រីបានទទួលស្វាគមន៍ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់ទាំង៤០។ លោកស្រីតែងតែរៀបចំអាហារជូនក្រុមមនុស្សដែលមានគ្នាពី ៣០ ឬ ៤០នាក់ និងបានរៀបចំពិធីជប់លៀងសម្រាប់មនុស្សច្រើនជាង ១០០នាក់ទៀតផង។ លោកស្រីបានធ្វើឲ្យក្រុមគ្រួសារអាចផ្គត់ផ្គង់ខ្លួនឯងបាន តាមរយៈការទិញដី និងធ្វើកសិកម្មដាំដំណាំ ចម្ការផ្លែឈើ និងចិញ្ចឹមសត្វ ដើម្បីផ្តល់អាហារដល់សមាជិកគ្រួសារ និងភ្ញៀវ។ លើសពីនេះ លោកស្រីក៏បានធ្វើនំប៉័ង ឈីស និងបិទស្រាបៀដោយផ្ទាល់ផងដែរ។
ស្របតាមជំនឿរបស់ក្រុមអ្នកកំណែទម្រង់ដែលថា គ្រប់ទិដ្ឋភាពនៃជីវិតដែលជាហេតុជំរុញឲ្យសុទ្ធតែពាក់ព័ន្ធគ្នានឹងខាងឯព្រលឹងវិញ្ញាណ គឺលោកស្រី កាធើរីណា មិនបានបែងចែករវាងកិច្ចការ «ជាក់ស្តែង» និងកិច្ចការ «ខាងឯព្រលឹងវិញ្ញាណ» ឡើយ។ លោកស្រីជឿថា ខ្លួនកំពុងបម្រើព្រះក្នុងគ្រប់កិច្ចការទាំងអស់ ហើយលោកស្រីបានរកឃើញកម្លាំងសម្រាប់កិច្ចការប្រចាំថ្ងៃរបស់គាត់តាមរយៈជំនឿនេះ។ ការចូលរួមរបស់លោកស្រីនៅក្នុងទេវវិទ្យា គឺធ្វើឡើងជាចម្បងតាមរយៈការចូលរួមក្នុង «កិច្ចសន្ទនានៅតុអាហារ» (Table Talks) ដែលគ្រួសារលោក លូសើរ បានរៀបចំឡើងនៅក្នុងផ្ទះរបស់ពួកគេ។ លោកស្រីបានចេះដឹងភាសាឡាតាំង និងព្រះបន្ទូលគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការជជែកដេញដោលយ៉ាងរស់រវើកក្នុងអំឡុងពេលទទួលទានអាហារ ដែលលោក លូសើរ តែងតែលើកទឹកចិត្តឲ្យធ្វើ។
នៅឆ្នាំ១៥៤២ នៃគ.ស. លោកស្រី កាធើរីណា និងលោក លូសើរ បានកាន់ទុក្ខចំពោះមរណភាពរបស់កូនស្រីអាយុ១៣ឆ្នាំរបស់ពួកគេ គឺនាង ម៉ាក់ដាឡេណា (Magdalena)។ លោក លូសើរ បានសរសេរថា៖ «ខ្ញុំ និងភរិយាគួរតែអរព្រះគុណដោយសេចក្តីរីករាយសម្រាប់ការចាកចេញទៅដោយសន្តិភាពរបស់នាង ម៉ាក់ដាឡេណា និងការស្លាប់ដែលប្រកបដោយព្រះពរ។ ប៉ុន្តែ សេចក្តីស្រឡាញ់តាមនិស្ស័យធម្មជាតិរបស់យើងខ្លាំងក្លាណាស់ រហូតដល់ថាយើងមិនអាចធ្វើបែបនេះបានដោយមិនយំ និងមិនមានអារម្មណ៍ក្រៀមក្រំក្នុងចិត្តឡើយ ហើយមានអារម្មណ៍ដូចជាយើងកំពុងជួបប្រទះសេចក្តីស្លាប់ផ្ទាល់ខ្លួនដូច្នោះដែរ។ សូម្បីតែការសុគតរបស់ព្រះគ្រីស្ទក៏មិនអាចដកអារម្មណ៍នេះចេញពីពួកយើងទាំងស្រុងបានដែរ...ទោះបីជាការនោះគួរតែអាចដកចេញបានក៏ដោយ។»
សេចក្តីក្រៀមក្រំនេះគឺប្រហាក់ប្រហែលនឹងសេចក្តីក្រៀមក្រំរបស់លោកស្រី កាធើរីណា នៅពេលដែលលោក ម៉ធិន បានទទួលមរណភាពនៅឆ្នាំ១៥៤៦ នៃគ.ស.ដែរ។ លោកស្រីបានរៀបរាប់អំពីសេចក្តីក្រៀមក្រំនោះនៅក្នុងសំបុត្រមួយក្នុងចំណោមសំបុត្រដែលនៅសល់បន្តិចបន្តួចរបស់លោកស្រីថា៖
«ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំជាខ្លាំង ហើយខ្ញុំមិនអាចពន្យល់ប្រាប់នរណាម្នាក់ថា ចិត្តរបស់ខ្ញុំឈឺចាប់កម្រិតណានោះទេ។ ខ្ញុំមិនដឹងថា ខ្លួនឯងយ៉ាងណា ឬមានអារម្មណ៍បែបណានោះដែរ។ ខ្ញុំមិនអាចបរិភោគ ឬផឹកអ្វីបានឡើយ។ ខ្ញុំក៏មិនអាចគេងលក់បានដែរ។ ប្រសិនបើខ្ញុំធ្លាប់ជាម្ចាស់...អាណាចក្រមួយ ខ្ញុំនឹងមិនមានអារម្មណ៍ស្តាយក្នុងការបាត់បង់វា ដូចអារម្មណ៍ដែលខ្ញុំមាននៅពេលនេះឡើយ បន្ទាប់ពីព្រះអង្គដ៏ជាម្ចាស់បានដកយកបុរសដ៏មានតម្លៃនេះចេញពីខ្ញុំ—ហើយមិនមែនត្រឹមតែពីខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគឺពីពិភពលោកទាំងមូលតែម្តង។»
លោកស្រី កាធើរីណា បានចំណាយជីវិតដែលនៅសល់ដើរសុំជំនួយពីមនុស្សដែលធ្លាប់គាំទ្រលោក លូសើរ។ លោកស្រីសង្ឃឹមថានឹងរក្សាផ្ទះរបស់ពួកគាត់ និងថែរក្សាកូនៗរបស់ពួកគាត់។ លោកស្រីបានទទួលមរណភាព បន្ទាប់ពីបានធ្លាក់ពីលើរទេះសេះនៅក្នុងខែធ្នូ ឆ្នាំ១៥៥២ នៃគ.ស.។ នៅលើគ្រែដែលជិតនឹងទទួលមរណភាព លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងកាន់ព្រះគ្រីស្ទឲ្យជាប់ដូចជាគ្រាប់ផ្លែស្អិតដែលជាប់នឹងអាវរងាដូច្នោះដែរ។»

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។