មានគ្រីស្ទបរិស័ទជាច្រើននាក់តែងតែងឿងឆ្ងល់អំពីសំណួរមួយនេះ។ មានតារាចម្រៀងខាងឯលោកីយ៍ជាច្រើននាក់ដែលមានទេពកោសល្យយ៉ាងខ្លាំង។ យើងអាចទទួលបានភាពរីករាយជាច្រើនបែបចេញពីចម្រៀងខាងឯលោកីយ៍។ មានចម្រៀងខាងឯលោកីយ៍ជាច្រើនដែលយើងអាចងាយនឹងចងចាំនូវចង្វាក់ភ្លេងរបស់វាបាន មានការយល់ដឹងដ៏ជ្រៅជ្រះ នឹងមានសារបែបវិជ្ជមានជាច្រើនប្រភេទដែរ។ បើទាក់ទងនឹងការសម្រេចចិត្តថា តើយើងគួរ ឬក៏មិនគួរស្ដាប់ចម្រៀងបែបលោកីយ៍ ជាដំបូងយើងត្រូវតែពិចារណាលើចំណុចដ៏សំខាន់ៗបីយ៉ាងនេះជាមុនសិន៖ ១) គោលបំណងចម្រៀង ២) ស្ទាយចម្រៀង ៣) តើចម្រៀងទាំងនោះនិយាយអំពីអ្វីខ្លះ។
១) គោលបំណងចម្រៀង
តើព្រះជាម្ចាស់គ្រាន់តែបង្កើតតន្ត្រីមក ដើម្បីជាការថ្វាយបង្គំ ឬក៏ថា តើព្រះអង្គមានបំណងចង់ឲ្យយើងប្រើប្រាស់តន្ត្រីទាំងនោះឲ្យមានការរីករាយ និងការធ្វើឲ្យមានអារម្មណ៍ធូរស្បើយដែរឬទេ? ស្ដេច ដាវីឌ គឺជាបុគ្គលដ៏ល្បីល្បាញជាងគេបំផុតខាងឯតន្ត្រីចម្រៀងដែលមាននៅក្នុងព្រះគម្ពីរ ហើយទ្រង់ប្រើប្រាស់បទចម្រៀងជាចម្បងសម្រាប់គោលបំណងនៃការថ្វាយបង្គំព្រះជាម្ចាស់ (ទំនុកតម្កើង ៤:១; ៦:១; ៥៤:១; ៥៥:១; ៦១:១; ៦៧:១; ៧៦:១)។ ទោះជាយ៉ាងណាក្ដី នៅពេលដែលវិញ្ញាណអាក្រក់មកធ្វើបាបស្ដេច សូល ក៏ទ្រង់បានហៅឲ្យលោក ដាវីឌ មកដេញពិន ដើម្បីបន្ធូរអារម្មណ៍ទ្រង់ផងដែរ (១សាំយូអែល ១៦:១៤-២៣)។ សាសន៍អ៊ីស្រាអែលក៏បានប្រើប្រាស់ឧបករណ៍ភ្លេង ដើម្បីប្រកាសអំពីអាសន្ន (នេហេមា ៤:២០) និងដើម្បីធ្វើឲ្យខ្មាំងសត្រូវរបស់ពួកគាត់មានការស្លន់ស្លោផងដែរ (ពួកចៅហ្វាយ ៧:១៦-២២)។ ក្នុងព្រះគម្ពីរសញ្ញាថ្មីសាវ័ក ប៉ុល បានដាស់តឿនឲ្យគ្រីស្ទបរិស័ទលើកទឹកចិត្តគ្នាទៅវិញទៅមកដោយប្រើប្រាស់បទចម្រៀង៖ «ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកតម្កើង ទំនុកបរិសុទ្ធ នឹងចម្រៀងខាងឯវិញ្ញាណ ព្រមទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត» (អេភេសូរ ៥:១៩)។ សរុបសេចក្ដីទៅ ទោះបើគោលបំណងចម្បងនៃតន្ត្រី មើលទៅហាក់បីដូចជាទាក់ទងទៅនឹងតែការថ្វាយបង្គំក៏ដោយ ក៏ព្រះគម្ពីរនៅតែអនុញ្ញាតឲ្យយើងប្រើប្រាស់តន្ត្រី និងចម្រៀងសម្រាប់ការមួយចំនួនទៀតបានផងដែរ។
២) ស្ទាយចម្រៀង
ជាការដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំងណាស់ដែលត្រង់ថា ស្ទាយចម្រៀងគឺជាចំណុចដែលធ្វើឲ្យគ្រីស្ទបរិស័ទជាច្រើននាក់បែកបាក់គ្នា។ មានគ្រីស្ទបរិស័ទមួយចំនួនបាននិយាយយ៉ាងម៉ឺងម៉ាត់ថា យើងមិនគួរប្រើប្រាស់ឧបករណ៍ណាមួយក្នុងការប្រគំតន្ត្រីនោះទេ។ មានគ្រីស្ទបរិស័ទមួយចំនួនទៀតមានចិត្តចង់តែច្រៀងបទចម្រៀងបែប «ទំនុកបរិសុទ្ធ»។ ហើយក៏នៅតែមានគ្រីស្ទបរិស័ទមួយចំនួនទៀតដែលចង់តែប្រើប្រាស់បទចម្រៀងតាមបែបសម័យកាលនេះ និងដូចជាមានចង្វាក់ភ្លេងរៀងខ្លាំងៗដែរ។ នៅមានគ្រីស្ទបរិស័ទមួយចំនួនទៀតបានអះអាងថា ពួកគាត់អាចថ្វាយបង្គំបានយ៉ាងល្អប្រសើរតែក្នុងបរិយាកាសនៃការប្រគំតន្ត្រីបែបចង្វាក់ភ្លេងរ៉ុក (“rock concert”)។ ជាជាងទទួលស្គាល់ថា ចង្វាក់ភ្លេងខុសៗគ្នាបែបនោះគឺជាចំណង់ចំណូលចិត្តបែបបុគ្គល ក៏ដូចជាចំណុចខុសៗគ្នានៃប្រពៃណី គ្រីស្ទបរិស័ទមួយចំនួនបែរទៅជាអះអាងថា ចង្វាក់ភ្លេងស្ទាយដែលពួកគាត់ចូលចិត្តទាក់ទងនឹងតន្ត្រី និងចម្រៀងគឺមានតែចង្វាក់ភ្លេងបែបនោះទេដែលស៊ីគ្នាទៅនឹងព្រះគម្ពីរ ហើយក៏ថែមទាំងអះអាងថា រាល់ចង្វាក់ភ្លេងតាមបែបផ្សេងៗទៀតគឺមិនល្អ មិនបរិសុទ្ធ ក៏ដូចជាចេញពីសាតាំងផ្ទាល់តែម្ដង។
ព្រះគម្ពីរមិនដែលមានលើកឡើងនៅក្នុងខណាមួយឡើយដែលទាក់ទងទៅនឹងការថ្កោលទោសស្ទាយចម្រៀងណាមួយនោះទេ។ ហើយព្រះគម្ពីរក៏មិនដែលប្រកាសថា ឧបករណ៍ភ្លេងណាមួយមិនល្អបរិសុទ្ធនោះដែរ។ ព្រះគម្ពីរមានលើកឡើងជាច្រើនប្រភេទទាក់ទងទៅនឹងឧបករណ៍ភ្លេងបែបខ្សែ និងឧបករណ៍ភ្លេងបែបផ្លុំជាខ្យល់។ ទោះបើព្រះគម្ពីរមិនបានលើកឡើងយ៉ាងចំៗអំពីស្គរក៏ដោយ ក៏ព្រះគម្ពីរនៅតែបានលើកឡើងអំពីឧបករណ៍បែបគោះផងដែរ (ទំនុកតម្កើង ៦៨:២៥; អែសរ៉ា ៣:១០)។ ស្ទើរតែគ្រប់ឧបករណ៍ភ្លេងនៅក្នុងសម័យនេះគឺសុទ្ធតែជាការកែសម្រួល ឬក៏ការបញ្ចូលបន្ថែមនៃឧបករណ៍ភ្លេងពីសម័យមុន ហើយក៏គ្រាន់តែជាការលេងដោយមានល្បឿនខុសៗគ្នា ឬក៏ការផ្ដោតទៅលើភាពខុសៗគ្នាតែប៉ុណ្ណោះ។ គ្មានខគម្ពីរណាមួយដែលយើងអាចយកមកប្រើប្រាស់ជាមូលដ្ឋាន ដើម្បីប្រកាសថា ស្ទាយចម្រៀងមួយណាគឺជាស្ទាយដែលមិនថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់ ឬក៏ជាស្ទាយដែលមិនស្ថិតនៅក្រោមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ។
៣) តើបទចម្រៀងនោះបាននិយាយរៀបរាប់អំពីអ្វីខ្លះ?
ដូចដែលយើងបានឃើញហើយថា គោលបំណង ឬក៏ស្ទាយចម្រៀងគឺមិនមែនជាចំណុចមូលដ្ឋាននៃការសម្រេចចិត្តថា តើគ្រីស្ទបរិស័ទគួរស្ដាប់ចម្រៀងលោកីយ៍ ឬក៏អត់នោះទេ។ ដូច្នេះ ឥឡូវនេះយើងត្រូវតែពិចារណាលើចំណុចថា តើបទចម្រៀងនោះនិយាយអំពីអ្វី? ទោះបើកណ្ឌគម្ពីរ ភីលីព ៤:៨ មិនបាននិយាយយ៉ាងចំៗទាក់ទងទៅនឹងតន្ត្រីក៏ដោយ ក៏ខគម្ពីរមួយនេះនៅតែណែនាំយ៉ាងល្អទាក់ទងទៅនឹងពាក្យពេចន៍ផងដែរ៖ «មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ»។ ប្រសិនបើឲ្យយើងមានការគិតគូអំពីចំណុចបែបៗនោះ ប្រាកដណាស់ចំណុចនោះឯងគឺជាអ្វីដែលយើងគួរអនុញ្ញាតឲ្យចូលមកក្នុងចិត្តគំនិតរបស់យើង តាមរយៈតន្ត្រី និងពាក្យពេចន៍នៅក្នុងបទចម្រៀង។ តើពាក្យពេចន៍នៅក្នុងបទចម្រៀងបែបលោកីយ៍អាចមានសេចក្ដីពិត គួររាប់អាន សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ មានឈ្មោះល្អ មានសគុណ និងគួរឲ្យសរសើរបានដែរឬទេ? ប្រសិនបើមានមែន ខណៈពេលដែលគ្រីស្ទបរិស័ទស្ដាប់បទចម្រៀងលោកីយ៍ដែលមានលក្ខណៈបែបនោះ នោះគ្មានអ្វីខុសឆ្គងទេ។
ទោះជាយ៉ាងណាក្ដីក៏យើងនៅឃើញផងដែរថា បទចម្រៀងលោកីយ៍ជាច្រើនមិនស៊ីគ្នាទៅនឹងស្តង់ដារនៃកណ្ឌគម្ពីរ ភីលីព ៤:៨ ទេ។ ជាទូទៅ បទចម្រៀងលោកីយ៍ឲ្យតម្លៃលើភាពអសីលធម៌ និងអំពើហិង្សា ហើយស្របគ្នានោះដែរក៏មិនឲ្យតម្លៃលើភាពបរិសុទ្ធ និងសច្ចៈធម៌នោះឡើយ។ ប្រសិនបើបទចម្រៀងមួយនោះឲ្យតម្លៃលើអ្វីដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ នោះគ្រីស្ទបរិស័ទក៏មិនគួរស្ដាប់វាដែរ។ ទោះជាយ៉ាងណាក្ដីក៏នៅតែមានបទចម្រៀងបែបលោកីយ៍ជាច្រើនដែលមិនបាននិយាយអំពីព្រះជាម្ចាស់ ប៉ុន្តែវាឲ្យតម្លៃបែបកោតខ្លាចព្រះជាម្ចាស់ដោយមានលក្ខណៈស្មោះត្រង់ បរិសុទ្ធ និងសច្ចៈធម៌ផងដែរ។ ប្រសិនបើមានបទចម្រៀងបែបស្នេហាណាមួយឲ្យតម្លៃទៅលើភាពបរិសុទ្ធនៃជីវិតអាពាហ៍ពិពាហ៍ឬ ក៏ភាពបរិសុទ្ធនៃសេចក្ដីស្រឡាញ់ដ៏ពិត ហើយទោះបើបទចម្រៀងមួយនោះមិននិយាយអំពីព្រះជាម្ចាស់ ឬក៏អំពីព្រះបន្ទូលក៏ដោយ ក៏យើងនៅតែអាចស្ដាប់បទចម្រៀងនោះបាន ហើយមានសេចក្ដីអរសប្បាយជាមួយនឹងវាបានដែរ។
ចំណុចណាមួយដែលបុគ្គលណាម្នាក់អនុញ្ញាតឲ្យវាជ្រាបចូលក្នុងខួរក្បាលរបស់គាត់ នោះមិនយូរមិនឆាប់ចំណុចនោះនឹងជះឥទ្ធិពលទៅលើរបៀបនិយាយស្ដី និងទង្វើរបស់គាត់ជាមិនខាន។ គោលបំណងនៃកណ្ឌគម្ពីរ ភីលីព ៤:៨ និងកូឡូស ៣:២, ៥៖ ចូរបង្កើតឲ្យមានលំនាំនៃការគិតគូរដែលបរិសុទ្ធ។ កណ្ឌគម្ពីរ ២កូរិនថូស ១០:៥ បានបង្គាប់យើងឲ្យ «នាំអស់ទាំងគំនិតឲ្យចុះចូលស្ដាប់បង្គាប់ព្រះគ្រីស្ទវិញ»។ ខគម្ពីរទាំងនេះលើកឡើងយ៉ាងច្បាស់លាស់ទាក់ទងទៅនឹងប្រភេទនៃបទចម្រៀងដែលយើងមិនគួរស្ដាប់។
ប្រាកដណាស់! ប្រភេទនៃតន្ត្រី និងបទចម្រៀងដ៏ល្អបំផុតគឺជាបែបដែលសរសើរតម្កើង និងថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់។ មានគ្រីស្ទបរិស័ទជាច្រើនដែលមានទេពកោសល្យខាងឯតន្ត្រី និងចម្រៀងហើយពួកគាត់មានចំណែកស្ទើរតែក្នុងគ្រប់ប្រភេទនៃបទចម្រៀង ដែលមានចាប់តាំងពីបទញាក់ បទស៊្លូ បទកន្ត្រាក់អារម្មណ៍ បទរ៉េប។ល។ គ្មានចំណុចអាក្រក់ពីធាតុដើមនៃស្ទាយតន្ត្រី និងចម្រៀងណាមួយនោះទេ។ គឺពាក់ព័ន្ធទៅនឹងពាក្យពេចន៍នៃបទចម្រៀងតែប៉ុណ្ណោះ ដែលនឹងធ្វើឲ្យគ្រីស្ទបរិស័ទសម្រេចចិត្តថា «វាត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវ» សម្រាប់យកមកស្ដាប់។ មិនថាអ្វីក៏ដោយប្រសិនបើវាអាចនាំឲ្យលោកអ្នកគិតអំពីវា ឬក៏នាំឲ្យលោកអ្នកមានចំណែកក្នុងការធ្វើអ្វីមួយដែលមិនថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់ នោះលោកអ្នកគួរតែគេចឲ្យផុតពីវាទៅ។
មតិយោបល់
Loading…