ការជជែកវែកញែកគ្នាដេញដោលអំពីសំណួរដែលលើកឡើងថា តើគ្រីស្ទបរិស័ទគួរ ឬក៏មិនគួរប្រារព្ធពិធីបុណ្យណូអែល គឺជាព្រឹត្តិការណ៍មួយដែលបាន ហើយនឹងកំពុងនៅតែបន្តកើតឡើងអស់ជាច្រើនសតវត្សរ៍មកហើយ។ មានភាគីគ្រីស្ទបរិស័ទដែលប្ដូរផ្ដាច់ជំនឿយ៉ាងស្មោះត្រង់ចំនួនស្មើគ្នារវាងក្រុមទាំងពីរដែលនិយាយទាក់ទងទៅនឹងការជជែកគ្នាមួយនេះ ហើយភាគីទាំងពីរមានមូលហេតុជាច្រើនថាគ្រីស្ទបរិស័ទគួរ ឬក៏មិនគួរប្រារព្ធពិធីបុណ្យណូអែលក្នុងផ្ទះរបស់ខ្លួន។ ប៉ុន្តែ តើព្រះគម្ពីរមានចែងយ៉ាងដូចម្ដេចខ្លះ? តើព្រះគម្ពីរបានលើកឡើង ព្រមទាំងផ្ដល់ជូនការណែនាំយ៉ាងច្បាស់ថា តើគ្រីស្ទបរិស័ទគួរ ឬក៏មិនគួរប្រារព្ធពិធីបុណ្យណូអែលដែរឬអត់?
តោះ! ជាដំបូង ចូរយើងនាំគ្នាមើលអំពីមូលហេតុដែលគ្រីស្ទបរិស័ទមួយចំនួនមិនប្រារព្ធពិធីបុណ្យណូអែលជាមុនសិន។ ការជជែកគ្នាមួយទាស់នឹងពិធីបុណ្យណូអែលគឺថា ទំនៀមទម្លាប់នៅជុំវិញពិធីបុណ្យមួយនេះមានដើមកំណើតចេញពីប្រភពដែលមិនមែនជាគ្រីស្ទសាសនា។ ការស្វែងរកព័ត៌មានដែលអាចទុកចិត្តបានលើប្រធានបទមួយនេះគឺពិតជាពិបាកណាស់ ពីព្រោះដើមកំណើតជាច្រើននៃទំនៀមទម្លាប់របស់យើងសុទ្ធតែមានប្រភពដែលយើងមិនសូវដឹងយ៉ាងច្បាស់ ដែលជារឿយៗក៏ជាប្រភពទាស់ប្រឆាំងនឹងគ្នាទៀតផង។ កណ្ដឹង ទៀន របស់របរតាំងលម្អនានា និងពេលវេលានៃរដូវកាលគឺសុទ្ធតែមានការរៀបរាប់ក្នុងប្រវត្តិសាស្ត្រនៃការថ្វាយបង្គំរបស់ពហុទេពសាសនា ប៉ុន្តែការដែលបុគ្គលណាម្នាក់បានប្រើប្រាស់វត្ថុទាំងនោះនៅក្នុងផ្ទះរបស់គាត់គឺមិនមែនមានន័យថា បុគ្គលនោះបានវិលត្រឡប់ទៅរកពហុទេពសាសនាវិញនោះទេ។ ខណៈពេលដែលពិតជាមានទំនៀមទម្លាប់មួយចំនួនដែលមានឫសគល់ទៅនឹងពហុទេពសាសនា ក៏ស្របពេលនឹងគ្នានោះដែរក៏នៅមានទំនៀមទម្លាប់ជាច្រើនផ្សេងទៀតដែលមានឫសគល់ដ៏ពិតទាក់ទង និងអត្ថន័យនៃពិធីបុណ្យណូអែល—ការប្រសូតនៃព្រះសង្គ្រោះសម្រាប់លោកីយ៍ទាំងមូលនៅភូមិបេថ្លេហិម។ គេប្រើប្រាស់កណ្ដឹងក្នុងការគោះ ដើម្បីប្រកាសអំពីដំណឹងដ៏មានអំណរណាមួយ។ ការដុតទៀនគឺជាការរម្លឹកយើងថា ព្រះគ្រីស្ទគឺជាពន្លឺនៃលោកា (យ៉ូហាន ១:៤-៩)។ ផ្កាយដែលគេដាក់លើចុងដើមណូអែលគឺជាការរម្លឹកអំពីផ្កាយនៃភូមិបេថ្លេហិម ហើយការប្ដូរកាដូគ្នាទៅវិញទៅមក គឺជាការរម្លឹកយើងអំពីការដែលពួកហោរាពីទិសខាងកើតបានប្រទានអំណោយទៅកាន់ព្រះយេស៊ូវ ដែលជាអំណោយទានដ៏អស្ចារ្យបំផុតពីព្រះជាម្ចាស់ទៅកាន់មនុស្សលោក។
មានការជជែកវែកញែកគ្នាមួយទៀតដែលទាស់ទៅនឹងការប្រារព្ធពិធីបុណ្យណូអែល ជាពិសេសការមានដើមណូអែល គឺថាព្រះគម្ពីរហាមមិនឲ្យយកដើមឈើចូលមកក្នុងផ្ទះ ហើយតុបតែងវាទេ។ កណ្ឌគម្ពីរ យេរេមា ១០:១-១៦ គឺជាខគម្ពីរដែលគេតែងតែលើកយកមកប្រើប្រាស់ ដើម្បីប្រឆាំង ប៉ុន្តែខគម្ពីរមួយនេះកំពុងនិយាយសំដៅទៅលើការកាប់ដើមឈើ យកវាឆ្លាក់ទៅធ្វើជារូបព្រះទេតើ ហើយបន្ទាប់មកតុបតែងរូបព្រះនោះដោយប្រើប្រាស់មាសប្រាក់សម្រាប់ទុកជាគោលបំណងនៃការក្រាបចុះថ្វាយបង្គំពីមុខវា (អេសាយ ៤៤:៩-១៨)។ ដាច់ខាត! យើងមិនត្រូវដកខគម្ពីរនៅក្នុងកណ្ឌគម្ពីរយេរេមាយកមកប្រើប្រាស់ខុសបរិបទជាការជជែកវែកញែកគ្នាដ៏ត្រឹមត្រូវទាស់នឹងការមានដើមណូអែលនោះឡើយ។
គ្រីស្ទបរិស័ទ ដែលបានជ្រើសរើសមើលរំលងការប្រារព្ធពិធីបុណ្យណូអែល ចង្អុលបង្ហាញទៅលើចំណុចពិតដែលថា ព្រះគម្ពីរមិនបានផ្ដល់នូវថ្ងៃខែកំណើតរបស់ព្រះគ្រីស្ទទេ ដែលតាមពិតទៅនោះគឺជាចំណុចដ៏ពិតមែន។ ទំនងថ្ងៃទី២៥ ខែធ្នូ គឺមិនមែនជាពេលវេលានៅជិតពេលវេលាដែលព្រះយេស៊ូវបានប្រសូតផង ហើយភាគីទាំងពីរបានធ្វើការជជែកវែកញែកមួយនេះគឺត្រឹមត្រូវ មានចំណុចខ្លះស៊ីគ្នាទៅនឹងរដូវកាលនៅប្រទេសអ៊ីស្រាអែល ទំនៀមទម្លាប់មួយចំនួននៃការឃ្វាលសត្វចៀមនៅរដូវត្រជាក់ នឹងកាលបរិច្ឆេទនៃការដែលសាសន៍រ៉ូមធ្វើការជំរឿនប្រជាជន។ គ្មានចំណុចណាមួយក្នុងចំណោមចំណុចទាំងអស់នោះដែលមិនមានបរិមាណនៃការប៉ាន់ស្មានខ្លះៗនោះទេ ដែលចំណុចនេះនាំយើងឲ្យវិលត្រឡប់ទៅរកចំណុចពិតវិញដែលថា ព្រះគម្ពីរមិនបានប្រាប់យើងអំពីពេលវេលានៃពេលដែលព្រះយេស៊ូវប្រសូតនោះឡើយ។ មនុស្សមួយចំនួនយកចំណុចនេះមកធ្វើជាភស្តុតាងវិជ្ជមានដែលថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យឲ្យយើងប្រារព្ធការប្រសូតរបស់ទ្រង់ទេ ស្របពេលនោះដែរ ក៏នៅមានមនុស្សមួយចំនួនកាត់យល់ចំណុចដែលថា ព្រះគម្ពីរមិនបានលើកឡើងគឺជាការគាំទ្រ។
គ្រីស្ទបរិស័ទមួយចំនួនបានអះអាងថា ដោយសារលោកីយ៍បានប្រារព្ធពិធីបុណ្យណូអែល—ទោះបើថា ឥឡូវនេះខាងនយោបាយលើកឡើងថាប្រសិនបើចង់និយាយឲ្យត្រូវ នោះគួរហៅពិធីបុណ្យនេះថា «ថ្ងៃសម្រាក»—ដូច្នេះហើយគ្រីស្ទបរិស័ទគួរតែគេចចេញពីវាទៅ។ ប៉ុន្តែ ចំណុចជជែកវែកញែកមួយនេះគឺដូចគ្នា និងចំណុចជជែកវែកញែកដែលសាសនាខុសឆ្គងយកមកប្រើប្រាស់ ដើម្បីបដិសេធព្រះគ្រីស្ទទាំងមូល ក៏ដូចជាក្រុមខុសឆ្គងជាច្រើនទៀតដែរ ឧទាហរណ៍ពួកសាក្សីយេហូវ៉ាដែលបដិសេធភាពជាព្រះរបស់ព្រះគ្រីស្ទ។ គ្រីស្ទបរិស័ទ ដែលប្រារព្ធពិធីបុណ្យណូអែលជាទូទៅចាត់ទុកឱកាសនោះជាពេល ដើម្បីប្រកាសអំពីព្រះគ្រីស្ទថា «ព្រះអង្គគឺជាមូលហេតុនៃការប្រារព្ធពិធីបុណ្យនេះ» ទៅកាន់ពិភពលោកទាំងមូល និងទៅកាន់អស់អ្នកដែលជាប់ក្នុងអន្ទាក់នៃសាសនាខុសឆ្គង។
ដូចដែលយើងបានឃើញរួចហើយ មិនមានហេតុផលសមរម្យណាមួយចេញពីព្រះគម្ពីរក្នុងការហាមប្រាមមិនឲ្យប្រារព្ធពិធីបុណ្យណូអែលនោះទេ។ ហើយស្របគ្នានោះដែរ ក៏មិនមានការបញ្ជាចេញពីព្រះគម្ពីរដែលតម្រូវឲ្យយើងប្រារព្ធពិធីបុណ្យនៅឯណាដែរ។ តាមពិតទៅ ជាចុងបញ្ចប់ ការប្រារព្ធ ឬក៏មិនប្រារព្ធពិធីបុណ្យណូអែលគឺជាការសម្រេចចិត្តផ្ទាល់ៗខ្លួនទេតើ។ មិនថាគ្រីស្ទបរិស័ទសម្រេចចិត្តបែបណាក៏ដោយ ទាក់ទងនឹងពិធីបុណ្យណូអែល ក៏ពួកគាត់មិនគួរប្រើប្រាស់ទស្សនៈផ្ទាល់ខ្លួនទុកជាការវ៉ៃផ្ដួលនរណាម្នាក់ចុះ ឬក៏រិះគន់នរណាម្នាក់បែបមិនត្រឹមត្រូវដែលជំទាស់នឹងទស្សនៈគាត់នោះឡើយ ហើយភាគីទាំងពីរនៃទស្សនៈនីមួយៗក៏មិនគួរប្រើប្រាស់ការសម្រេចចិត្តរបស់ខ្លួនទុកជាគ្រឿងបំពាក់ដែលជាសញ្ញានៃការផ្ដល់កិត្តិយសដែលតម្កើងអំនួតអួតអាង ដើម្បីប្រារព្ធ ឬក៏មិនប្រារព្ធផងដែរ។ ដូចនៅក្នុងរាល់គ្រប់ចំណុចទាំងអស់ យើងអាចស្វែងរកប្រាជ្ញាពីព្រះអង្គដែលប្រទានឲ្យដ៏ទូលំទូលាយទៅកាន់អស់អ្នកដែលទូលសូមពីទ្រង់ (យ៉ាកុប ១:៥) ហើយទទួលយកគ្នាទៅវិញទៅមកក្នុងក្ដីស្រឡាញ់ និងព្រះគុណបែបជាគ្រីស្ទបរិស័ទ មិនថាយើងកាន់ទស្សនៈមួយណាក៏ដោយដែលទាក់ទងនឹងបុណ្យណូអែល។
នៅខ្វះការបកស្រាយដេីមណូអែលតំណាងឲ្យអ្វី?