ប្រសិនបើលោកអ្នកជាឪពុកម្ដាយដែលជាគ្រីស្ទបរិស័ទ តើលោកអ្នកប្រាថ្នាចង់បានអ្វីសម្រាប់កូនៗរបស់លោកអ្នក? ប្រសិនបើលោកអ្នកជាកូនដែលជាគ្រីស្ទបរិស័ទ តើលោកអ្នកប្រាថ្នាចង់បានអ្វីសម្រាប់គ្រួសាររបស់លោកអ្នក?
លោកអ្នកប្រហែលជាប្រាថ្នាចង់ឲ្យគ្រួសាររបស់ខ្លួនរីកចម្រើនខាងឯលក្ខណសម្បត្តិមួយចំនួនដូចជា សេចក្តីស្រឡាញ់ អំណរ ភាពស្អាតស្អំ សេចក្តីរួបរួម និងការកោតខ្លាចចំពោះព្រះជាម្ចាស់។ លោកអ្នកប្រហែលជាអាចគិតពីលក្ខណសម្បត្តិមួយចំនួន ប៉ុន្តែយើងនឹងព្យាយាមសរុបលក្ខណសម្បត្តិទាំងអស់នោះមកត្រឹមពាក្យមួយគឺពាក្យថាសុខភាពល្អ ។ លោកអ្នកចង់បានគ្រួសារមួយដែលមានសុខភាពល្អ គឺជាគ្រួសារដែលចុះសម្រុងគ្នា រួមរស់ជាមួយគ្នា និងចេះស្រឡាញ់គ្នា ស្របតាមអ្វីដែលព្រះជាម្ចាស់បានរៀបចំចាត់ចែងឲ្យក្រុមគ្រួសារនោះយកទៅអនុវត្ត។
ចំណែកឯ ពួកជំនុំរបស់យើងក៏ដូច្នោះដែរ។ ខ្ញុំសូមលើកទឹកចិត្តឲ្យគ្រីស្ទបរិស័ទគួរប្រាថ្នាចង់បានពួកជំនុំដែលមានសុខភាពល្អ មិនថាយើងជាគ្រូគង្វាល ឬសមាជិកពួកជំនុំនោះទេ។
ប្រហែលជាមានពាក្យដើម្បីនឹងពណ៌នាថា ពួកជំនុំគួរតែមានលក្ខណៈបែបណាប្រសើរជាងពាក្យ «សុខភាពល្អ» នេះទៅទៀត ដោយសារយើងកំពុងនិយាយអំពីមនុស្សដែលព្រះរាជបុត្រាដ៏គង់នៅអស់កល្បជានិច្ច ជាស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ព្រះអម្ចាស់បានទិញពួកគេដោយព្រះលោហិតរបស់ទ្រង់។ តើពាក្យថា សុខភាពល្អ គឺជាពាក្យដ៏ល្អបំផុតដែលខ្ញុំអាចយកមកពណ៌នាពីពួកជំនុំឬ? ទោះជាយ៉ាងណា ខ្ញុំចូលចិត្តពាក្យ សុខភាពល្អ ពីព្រោះពាក្យនេះទាក់ទងនឹងរូបកាយដែលមានជីវិតរស់នៅ ហើយលូតលាស់ទៅតាមដំណើររបស់វា។ រូបកាយនេះប្រហែលជាមានបញ្ហាខ្លះដែរ ដ្បិតវាមិនទាន់បានល្អឥតខ្ចោះនៅឡើយទេ។ ប៉ុន្តែវាកំពុងតែឈានទៅរកភាពល្អឥតខ្ចោះនោះហើយ។ វាកំពុងធ្វើនូវអ្វីដែលវាគួរតែធ្វើ ដ្បិតព្រះបន្ទូលកំពុងតែនាំផ្លូវវា។
ជាញឹកញាប់ ខ្ញុំប្រាប់ពួកជំនុំរបស់ខ្ញុំថា នៅពេលដែលយើងនិយាយពីការតយុទ្ធជាមួយនឹងបាបក្នុងជីវិតរបស់យើង នោះយើងត្រូវដឹងថា លក្ខណៈខុសគ្នារវាងអ្នកជឿ និងអ្នកមិនជឿគឺមិនមែនត្រង់ថា អ្នកមិនជឿប្រព្រឹត្តបាប តែអ្នកជឿមិន ប្រព្រឹត្តបាបនោះទេ។ លក្ខណៈខុសគ្នានោះគឺត្រង់ថា តើយើងឈរនៅខាងណានៅក្នុងការតយុទ្ធនោះ។ អ្នកជឿឈរនៅខាងព្រះជាម្ចាស់ប្រឆាំងនឹងបាប ប៉ុន្តែអ្នកមិនជឿឈរខាងបាបប្រឆាំងនឹងព្រះជាម្ចាស់។ យើងអាចនិយាយម្យ៉ាងវិញទៀតថា អ្នកជឿនឹងប្រព្រឹត្តបាប ប៉ុន្តែនៅពេលពួកគេប្រព្រឹត្តបាប ពួកគេនឹងបែរទៅរកព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ហើយទូលថា «សូមជួយទូលបង្គំក្នុងការតយុទ្ធទាស់នឹងបាបនេះផង»។ ប៉ុន្តែសម្រាប់អ្នកមិនជឿវិញ ទោះបីជាពួកគេទទួលស្គាល់បាបរបស់ខ្លួនក៏ដោយ ក៏ពួកគេនៅតែនិយាយថា «ខ្ញុំចង់បានបាបរបស់ខ្ញុំជាជាងចង់បានព្រះជាម្ចាស់ទៅទៀត»។
ពួកជំនុំដែលមានសុខភាពល្អ មិនមែនជាពួកជំនុំដែលល្អឥតខ្ចោះ ហើយមិនប្រព្រឹត្តបាបនោះទេ។ ពួកគេមិនទាន់បានដោះស្រាយគ្រប់ទាំងបញ្ហាបាននៅឡើយទេ។ ប៉ុន្តែពួកគេជាពួកជំនុំដែលបន្តការព្យាយាមឈរនៅខាងព្រះជាម្ចាស់ក្នុងការតយុទ្ធទាស់នឹងសេចក្តីប៉ងប្រាថ្នាដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ ក៏ដូចជាទាស់នឹងការបោកបញ្ឆោតនៃលោកីយ៍ សាច់ឈាម និងសាតាំង។ ពួកគេជាពួកជំនុំមួយដែលបន្តការខំប្រឹងត្រាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។
សូមអនុញ្ញាតឲ្យខ្ញុំផ្តល់ជូនលោកអ្នកនូវនិយមន័យមួយដែលច្បាស់ជាងនេះ ហើយបន្ទាប់មកយើងនឹងពិនិត្យមើលបទគម្ពីរមួយចំនួនដែលគាំទ្រនិយមន័យនេះ៖ ពួកជំនុំដែលមានសុខភាពល្អ គឺជាពួកជំនុំដែលបន្តការឆ្លុះបញ្ចាំងឲ្យឃើញពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់ច្រើនឡើងៗដូចទៅនឹងចរិតលក្ខណៈដែលទ្រង់បានបើកសម្ដែងឲ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់។
ដូច្នេះ ប្រសិនបើមានគ្រូគង្វាលម្នាក់សួរខ្ញុំថា តើពួកជំនុំប្រភេទណាដែលខ្ញុំចង់លើកទឹកចិត្តឲ្យគាត់ប្រាថ្នាចង់បាន នោះខ្ញុំប្រហែលជានឹងឆ្លើយថា «ខ្ញុំលើកទឹកចិត្តឲ្យលោកគ្រូប្រាថ្នាចង់បានពួកជំនុំមួយដែលមានសុខភាពល្អ គឺជាពួកជំនុំដែលបន្តការឆ្លុះបញ្ចាំងឲ្យឃើញពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗដូចទៅនឹងចរិតលក្ខណៈដែលទ្រង់បានបើកសម្ដែងឲ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់»។
ចុះចំណែកឯអ្នកជឿវិញ តើខ្ញុំប្រហែលជានឹងលើកទឹកចិត្តឲ្យលោកអ្នកចូលរួម បម្រើ និងខំអត់ធ្មត់ជាមួយពួកជំនុំប្រភេទណា? ចម្លើយគឺពួកជំនុំដែលមានសុខភាពល្អ ជាពួកជំនុំដែលបន្តការឆ្លុះបញ្ចាំងឲ្យឃើញពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗដូចទៅនឹងចរិតលក្ខណៈដែលទ្រង់បានបើកសម្ដែងឲ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់។
បើលោកអ្នកបានអានយ៉ាងយកចិត្តទុកដាក់ នោះលោកអ្នកច្បាស់ជា កត់សម្គាល់ឃើញថា ខ្ញុំបានប្រើពាក្យ «ប្រហែល» ម្តងហើយម្តងទៀត។ ខ្ញុំមានមូលហេតុពីរយ៉ាងដែលខ្ញុំប្រើពាក្យ «ប្រហែល»។ ទីមួយ ខ្ញុំមិនចង់ណែនាំថា នេះគឺជាវិធីតែមួយគត់សម្រាប់យើង ដើម្បីនឹងពណ៌នាថាពួកជំនុំគួរតែមានលក្ខណៈបែបណានោះទេ។ ពេលយើងស្ថិតនៅក្នុងស្ថានភាពផ្សេង ឬគោលបំណងផ្សេង នោះយើងប្រហែលជាឲ្យនិយមន័យបែបផ្សេងមួយទៀតដែរ។ ប្រហែលជាមានអ្នកនិពន្ធ ណាម្នាក់ចង់ឆ្លើយតបទាស់ទៅនឹងក្រឹត្យវិន័យនិយម ឬសេចក្តីអាសអាភាសនៅក្នុងពួកជំនុំ ដូច្នេះហើយគាត់នឹងចាប់ផ្តើមឲ្យនិយមន័យដោយលើកឡើងថា «លក្ខណៈសំខាន់បំផុតដែលពួកជំនុំយើងគួរផ្ដោតលើ គឺការយកឈើឆ្កាងជាគោល»។ ខ្ញុំនឹងឯកភាពដោយបន្លឺថា «អាម៉ែន» ត្រង់ចំណុចនេះ។ ឬក៏ប្រហែលជាមានអ្នកនិពន្ធម្នាក់ផ្សេងទៀតចង់ឆ្លើយតបទាស់ទៅនឹងការដែលពួកជំនុំមិនយកចិត្តទុកដាក់ទៅនឹងព្រះបន្ទូល ក្នុងករណីនេះ គាត់នឹងដាស់តឿនពួកជំនុំឲ្យយកព្រះគម្ពីរជាគោល។ នោះខ្ញុំនឹងឯកភាពដោយបន្លឺថា «អាម៉ែន» ម្ដងទៀត។
ទីពីរ ខ្ញុំមិនចង់សន្មតថា មិនមាននរណាម្នាក់អាចពន្យល់បានប្រសើរជាងអ្វីដែលខ្ញុំកំពុងតែព្យាយាមពន្យល់នោះទេ។ អ្វីដែលខ្ញុំបានសរសេរនេះ គឺជាអ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបាននៅពេលនេះ ដើម្បីនឹងពន្យល់ពីអ្វីដែលខ្ញុំជឿថាជាគោលដៅស្នូលរបស់ពួកជំនុំស្របតាមព្រះគម្ពីរ។ គោលដៅស្នូលនោះគឺ ការឆ្លុះបញ្ចាំងឲ្យឃើញពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់ដូចទៅនឹងចរិតលក្ខណៈដែលទ្រង់បានបើកសម្ដែងឲ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់។
តើមានគ្រីស្ទបរិស័ទណា ដែលមិនចង់ធ្វើតាមគោលដៅស្នូលនេះ?
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…