in ,

​ជំងឺ​រាតត្បាត COVID-19

ជូន​ចំពោះ​គ្រីស្ទ​បរិស័ទ

ខ្ញុំ​គិត​ថា លោក​អ្នក​ទំនង​ជា​ចាប់​ផ្ដើម​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លះៗ​ហើយ​មើល​ទៅ។

ស្ថានភាព​នៃ​ជំងឺ​កូរ៉ូណា​ហាក់​បី​ដូច​ជា​កំពុង​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ច្រើន​ជាង​មុន។

ប្រាកដ​ណាស់! មនុស្ស​ម្នា​នៅ​មាន​អារម្មណ៍​ល្អៗ—ហើយ​ថែម​ទាំង​និយាយ​លេង​សើច​អំពី​ស្ថានភាព​នេះ​ផង។ ប៉ុន្តែ​ ដោយ​សារ​អ្នក​ខ្លះ​ក៏​បាន​ចាប់​ផ្ដើម​ទិញ​ម្ហូប​អាហារ​ស្តុក​ទុក​នៅ​ផ្ទះ​ស្ទើរ​តែ​អស់ពី​ផ្សារ នោះ​នាំ​ឲ្យ​យើង​ភ័យ​បន្តិច។ ជា​ពិសេស តម្លៃ​ម៉ាស និង​ទឹក​អាល់កុល​លាង​ដៃ​ក៏​បាន​ឡើង​ថ្លៃ​យ៉ាង​កប់​ពពក​ទៀត​ផង។

ដូច្នេះ យើង​ក៏​ងឿង​ឆ្ងល់​ថា៖ តើ​ភាព​ស្លន់​ស្លោ​នេះ​នឹង​មាន​ដំណាក់​កាល​អាក្រក់​ដល់​កម្រិត​ណា​ទៅ? តើ​សង្គម​យើង​នឹង​រួម​ដៃ​សហការ​គ្នា ដើម្បី​រក​ដំណោះ​ស្រាយ​ដែរ​ឬ​ទេ? ឬ​ក៏​ថា​ភាព​ស្លន់ស្លោ​នៃ​ការ​ទិញ​ដូរ​គឺ​ជា​ទី​សម្គាល់​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​នៅ​អនាគត? តើ​យើង​នឹង​សរសើរ​ពី​ភាព​ក្លាហាន​របស់​គ្រូ​ពេទ្យ? ឬ​ក៏​ថា តើ​បុគ្គលិក​ជា​ច្រើន​នៅ​ពេទ្យ​នឹង​រត់​ចេញ​ប្រសិន​បើ​គ្រោះ​អាសន្ន​កើត​ឡើង​ខ្លាំង​ជាង​មុន?

តើ​ភាព​ស្លន់ស្លោ​នេះ​នឹង​មាន​កម្រិត​អាក្រក់​ដល់​ថ្នាក់​ណា?

សេចក្ដី​ពិត​គឺ​ថា យើង​មិន​ដឹង​យ៉ាង​ប្រាកដ​នោះ​ទេ។

ដូច្នេះ ក្នុង​នាម​ជា​សង្គម​មួយ យើង​ក៏​កាន់​តែ​មាន​ភាព​បារម្ភ​ឡើង​ថែម​ទៀត។ បារម្ភ​អំពី​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ បារម្ភ​អំពី​ខ្លួន​ឯង។ នេះ​គឺ​ជា​ពេល​វេលា​ដែល​មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច។

ប៉ុន្តែ មិន​ថា​នឹង​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ឱ! គ្រីស្ទ​បរិស័ទ​អើយ! ចូរ​ចង​ចាំ​អំពី​ចំណុច​នេះ៖ នេះ​ហើយ​គឺ​ជា​ពេល​វេលា​របស់​យើង។ ព្រះ​ជាម្ចាស់​បាន​រៀប​ចំ​យើង​ឡើង ដើម្បី​កាលៈទេសៈ​នៃ​ពេល​វេលា​ដូច​នេះ។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​លោក​អ្នក​រស់​នៅ​សម័យ​នេះ។

នេះ​មិន​មែន​ជា​ពេល​វេលា ដើម្បី​ឲ្យ​យើង​គិត​អំពី​ខ្លួន​ឯង​ឡើយ ប៉ុន្តែ​យើង​ត្រូវ​គិត​អំពី​អ្នក​ជិត​ខាង​យើង​វិញ។ ពួក​គាត់​ជា​ច្រើន​កំពុង​តែ​មានការ​ភ័យ​ខ្លាច ហើយក៏​នឹង​កាន់​តែ​បន្ត​ភ័យ​ខ្លាច ខណៈ​ពេល​ដែល​វីរុស​មួយ​នេះ​នៅ​តែ​បន្ត​រាតត្បាត។

នេះ​គឺ​ជា​ពេល​វេលា​សម្រាប់​យើង​ក្នុង​ការ​បង្ហាញ​ព្រះ​បន្ទូល​នៃ​ជីវិត​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង—ហើយ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​អស់​អ្នក​ដែល​កំពុង​ភ័យ​ខ្លាច ក៏​ដូច​ជា​កំពុង​តែ​ងឿង​ឆ្ងល់​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង។

នេះ​គឺ​ជា​ពេល​វេលា​របស់​យើង​ក្នុង​ការ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​មិន​ថា​អនាគត​នឹង​នាំ​មក​នូវ​អ្វី​ក៏​ដោយ។ ដ្បិត​យើង​មិន​ដូច​អ្នក​ជិត​ខាង​យើង​ដែល​មិន​មែន​ជា​អ្នក​ជឿ​ព្រះ​អង្គ ព្រោះ​យើង​ដឹង​ហើយ​ថា ក្ដី​សង្ឃឹម​របស់​យើង​នៅ​ឯ​ណា។ យើង​ដឹង​ថា សន្តិភាព​របស់​យើង​នៅ​ឯ​ណា។ យើង​ដឹង​ថា អនាគត​របស់​យើង​នៅ​ឯ​ណា។

គឺ​វា​នៅ​ជា​មួយ​នឹង​អង្គ​ដែល​បាន​យក​ឈ្នះ​លើ​ការ​ឈឺ​ថ្កាត់៖ អង្គ​ដែល​បាន​ប៉ះ​មនុស្ស​ឃ្លង់ ហើយ​ព្យាបាល​ពួក​គេ​ដោយ​ព្រះ​បន្ទូល។ គឺ​វា​នៅ​ជា​មួយ​នឹង​អង្គ​ដែល​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់—ដែល​បាន​មាន​បន្ទូល​ទៅ​កាន់​លោក ឡាសារ ថា «ចេញ​មក!»។ គឺ​វា​នៅ​ជា​មួយ​នឹង​អង្គ​ដែល​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់—មិន​មែន​ឈ្នះ​តែ​មួយ​ដង​ទេ—ប៉ុន្តែ​ឈ្នះ​យ៉ាង​អស់​កល្ប​ជានិច្ច។

គឺ​វា​នៅ​ជា​មួយ​នឹង​អង្គ​ដែល​នឹង​យាង​ត្រឡប់​មក​វិញ ដើម្បី​លើក​ផែន​ដី​នេះ និង​ប្រោស​រូប​កាយ​អស់​អ្នក​ដែល​បាន​ជឿ​ទុក​ចិត្ត​លើ​ទ្រង់​ឲ្យ​រស់​ឡើង​វិញ។

សរុប​សេចក្ដី​ទៅ៖ តោះ! ចូរ​យើង​កុំ​ភ័យ​ខ្លាច​ឡើយ។ ចូរ​កុំ​ចុះ​ចូល​នឹង​ភាព​ស្លន់ស្លោ។ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​បម្រើ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង​ដែល​មាន​ពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច​ចុះ។

ប្រសិន​បើ​ជំងឺ​រាតត្បាត​នេះ​នឹង​កើត​ឡើង​នៅ​ប្រទេស​យើង ចូរ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង ពេល​វេលា និង​ខ្លួន​ឯង​ផ្ទាល់ ដើម្បី​បម្រើ​អស់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​អង្គ។

ចូរ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចែក​ចាយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​អំពី​ដំណឹង​ល្អ​នៃ​ជីវិត​របស់​ព្រះ​អង្គ។

នេះ​ហើយ​គឺ​ជា​ពេល​វេលា​របស់​យើង។
តោះ! ចូរ​យើង​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ល្អ។

និពន្ធ​ដោយ៖ លោក​ Akos Balogh
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​ចុះ​ចូល​ចំពោះ​អំពើ​បាប​

ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់