Day 26 The Teenage Martyr
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៥៥៤ នៃគ.ស. វាគឺជាពេលវេលាពីរថ្ងៃមុនការប្រហារជីវិតលោកស្រី ឡេឌី ជេន ហ្គ្រេយ (Lady Jane Grey)។ ព័ន្ធការីកាតូលិកម្នាក់គឺលោក ចន ហ្វិកខិនហាំ (John Feckenham) បានចូលទៅក្នុងបន្ទប់ឃុំឃាំងរបស់ឡេឌី ជេន នៅក្នុងប៉មនៃទីក្រុងឡុងដ៍ (Tower of London)។ គាត់សង្ឃឹមថានឹងអាចសង្គ្រោះព្រលឹងរបស់នាងបាន ឬក៏យ៉ាងហោចណាស់គាត់ជឿបែបនោះ។
មហាក្សត្រយានី ម៉ារី ដែលមានចិត្តឃោរឃៅ (“Bloody Mary”) បានចុះហត្ថលេខាលើដីកាប្រហារជីវិតប្អូនជីដូនមួយរបស់ព្រះនាងគឺនាង ជេន រួចរាល់ហើយ។ ទោះជាយ៉ាងណាក៏ដោយក៏ព្រះនាងបានបញ្ជូនព័ន្ធការីដែលមានបទពិសោធន៍ម្នាក់របស់ព្រះនាង ឲ្យទៅព្យាយាមបញ្ចុះបញ្ចូលឡេឌី ជេន ឲ្យត្រឡប់មកក្រុមជំនុំកាតូលិកវិញ មុនពេលការប្រហារជីវិតនាងមកដល់។ នៅពេលនោះ ឡេឌី ជេន មានអាយុប្រហែលដប់ប្រាំពីរឆ្នាំ។
មានការពិភាក្សាដេញដោលយ៉ាងក្តៅគគុកមួយបានកើតឡើងរវាងលោក ហ្វិកខិនហាំ ដែលជាអ្នកកាន់សាសនាកាតូលិក និងឡេឌី ជេន ដែលជាអ្នកជឿវ័យក្មេងលើទេវសាស្ត្រនៃការកែទម្រង់។ លោក ហ្វិកខិនហាំ បានលើកឡើងថា មនុស្សទទួលបានការរាប់ជាសុចរិតដោយសារទាំងជំនឿ និងការប្រព្រឹត្ត។ ចំណែកឯឡេឌី ជេន ជឿជាក់យ៉ាងមុតមាំលើជំនឿតែមួយគត់ (sola fide) ដែលមានន័យថា តាមរយៈជំនឿតែម្យ៉ាងគឺគ្រប់គ្រាន់ហើយ ដើម្បីទទួលនូវការរាប់ជាសុចរិត។ លោក ហ្វិកខិនហាំ បានអះអាងថា នំប៉័ង និងទឹកទំពាំងបាយជូរនៅក្នុងពិធីលៀងព្រះអម្ចាស់គឺជាព្រះកាយ និងព្រះលោហិតដ៏ពិតប្រាកដរបស់ព្រះគ្រីស្ទ។ រីឯឡេឌី ជេន នាងជឿថាធាតុទាំងនេះគឺជាតំណាងឲ្យកិច្ចការរបស់ព្រះយេស៊ូវ ដើម្បីសង្គ្រោះមនុស្សជាតិ។ លោក ហ្វិកខិនហាំ គាំទ្រអំណាចរបស់ក្រុមជំនុំកាតូលិក រួមជាមួយនឹងព្រះបន្ទូល។ ចំណែកនាងបានប្រកែកថា ក្រុមជំនុំស្ថិតនៅក្រោមការដឹកនាំដ៏មានអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
នៅទីបំផុតលោក ហ្វិកខិនហាំ បានមានប្រសាសន៍ទៅកាន់ឡេឌី ជេន ថា៖ «ខ្ញុំប្រាកដណាស់ថា យើងទាំងពីរនាក់នឹងមិនជួបគ្នាម្តងទៀតឡើយ»។ លោកចង់មានន័យបង្កប់ថា នាងគឺជាអ្នកដែលត្រូវកាត់ទោសឲ្យធ្លាក់នរក។ ប៉ុន្តែឡេឌី ជេន បានបង្វែរការព្រមាននោះមកលើលោក ហ្វិកខិនហាំ វិញដោយនាងអះអាងថា៖ «វាជាការពិតដែលយើងនឹងមិនជួបគ្នាម្តងទៀតមែន លុះត្រាតែព្រះជាម្ចាស់កែប្រែចិត្តគំនិតរបស់លោក»។
បើមើលពីមួយជ្រុង ជីវិតរបស់ឡេឌី ជេន គឺជាដំណើររឿងនៃការកេងប្រវ័ញ្ច។ មនុស្សដែលមានអំណាចបានប្រើប្រាស់នាងជាឧបករណ៍សម្រាប់សង្គម និងនយោបាយខ្លួន។ ឪពុកម្តាយរបស់នាងបានបង្ខំនាងឲ្យអនុវត្តតាមកាលវិភាគអប់រំយ៉ាងតឹងរ៉ឹង ដោយសង្ឃឹមថានាងនឹងបានរៀបការជាមួយរាជទាយាទនៃរាជបល្ល័ង្ករបស់ប្រទេសអង់គ្លេស។ នៅពេលដែលឱកាសនោះបានបាត់បង់ទៅហើយ គ្រួសារ ហ្គ្រេយ (the Greys) បានធ្វើការជាមួយទីប្រឹក្សាដ៏សំខាន់របស់ព្រះមហាក្សត្រ ដើម្បីរៀបការឡេឌី ជេន ជាមួយលោក ហ្គីលហ្វដ ឌីតលី (Guildford Dudley) ជាបុរសម្នាក់ដែលនាងស្អប់ជាខ្លាំង។ បន្ទាប់មក នៅពេលដែលស្តេចបានសោយទិវង្គត ក្រុមអ្នករៀបចំផែនការសម្ងាត់ខាងនយោបាយក៏បានថ្វាយមកុដដល់នាង ដែលជាហេតុនាំឲ្យមានសាលក្រមប្រហារជីវិតនាង។
ដំណើររឿងរបស់ឡេឌី ជេន គឺជាការឆ្លុះបញ្ចាំងអំពីកណ្ឌគម្ពីរ សាស្តា—ពោលគឺការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេនៅក្រោមមេឃ។
ទោះជាយ៉ាងណាក៏ដោយ តាមរយៈការរៀបចំទុកជាមុនរបស់ព្រះជាម្ចាស់ យើងដូចជាបានមើលឃើញឡេឌី ជេន ម្នាក់ផ្សេងទៀត។ ឡេឌី ជេន បានប្រើប្រាស់ជំនាញភាសាក្រិក និងភាសាហេប្រឺរបស់នាង ដើម្បីសិក្សាព្រះបន្ទូលជាភាសាដើម។ ឪពុកម្តាយបានបញ្ជូននាងទៅកាន់វាំងរបស់ស្តេច ហិនរី ទី៨ (King Henry VIII) ដើម្បីឲ្យទទួលការបណ្ដុះបណ្តាល ហើយនៅទីនោះនាងក៏បានស្គាល់ព្រះយេស៊ូវ តាមរយៈម្ចាស់ក្សត្រី ខេតធឺរីន ផារ (Queen Katherine Parr)។ ជាចុងក្រោយឡេឌី ជេន បានប្រឈមមុខនឹងការកាត់ក្តី ការជាប់ពន្ធនាគារ និងការកាត់ក្បាល ដោយមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប់នឹងបបូរមាត់របស់នាង។
ទស្សនៈទីពីរនេះមិនមែនជាការព្យាយាមលើកតម្កើង ឬការថ្វាយបង្គំដល់ឡេឌី ជេន ឡើយ។ រឿងរ៉ាវទាំងឡាយបានប្រាប់យើងថាឡេឌី ជេន មានភាពរឹងចចេស ខ្លាំងណាស់នៅក្នុងជំនឿរបស់នាង។ ទស្សនៈនេះបង្ហាញថា ព្រះជាម្ចាស់នៅតែនាំមកនូវលទ្ធផលល្អៗតាមរយៈ សាច់ញាតិដែលពូកែប្រើល្បិច និងបន្ទប់ពន្ធនាគារដ៏ឯកោ។ ឡេឌី ជេន ប្រហែលជាបានប្រាប់មនុស្សជាច្រើនថា៖ «អ្នកទាំងអស់គ្នាចង់ប្រើប្រាស់ខ្ញុំសម្រាប់គោលបំណងផ្ទាល់ខ្លួន ប៉ុន្តែព្រះទ្រង់សម្រេចជាការល្អវិញ» (លោកុប្បត្តិ ៥០:២០)។
ឡេឌី ជេន បានឡើងសោយរាជ្យ ដោយបង្ខំចិត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៥៥៣ នៃគ.ស. ហើយក៏បានចាកចេញពីព្រះរាជបល្ល័ង្កដោយស្ម័គ្រចិត្តនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៥៥៣ នៃគ.ស. នៅពេលដែលមហាក្សត្រយានី ម៉ារី បានប្រមូលកងទ័ពដើម្បីទម្លាក់ប្អូនជីដូនមួយរបស់ព្រះនាងចេញពីតំណែងជាម្ចាស់ក្សត្រី។ ដោយសារហេតុផលនេះហើយទើបមនុស្សទូទៅតែងតែចងចាំឡេឌី ជេន តាមរយៈតួលេខមួយគឺ៖ ម្ចាស់ក្សត្រីប្រាំបួនថ្ងៃ។
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៥៥៤ នៃគ.ស. មហាក្សត្រយានី ម៉ារី បានចុះហត្ថលេខាលើព្រះរាជក្រឹត្យប្រហារជីវិត ដែលនឹងបញ្ជូនឡេឌី ជេន ទៅកាន់កន្លែងប្រហារជីវិតនៅប្រាំថ្ងៃបន្ទាប់។ ឡេឌី ជេន បានប្រើប្រាស់ពេលវេលាចុងក្រោយរបស់នាង ដើម្បីរៀបចំសុន្ទរកថាខ្លីមួយសម្រាប់ប្រកាសនៅថ្ងៃនៃការប្រហារជីវិតរបស់នាង និងដើម្បីផ្ញើសារចុងក្រោយមួយចំនួនទៀត ក្រៅពីការជជែកដេញដោលជាមួយលោក ហ្វិកខិនហាំ។ នៅផ្នែកខាងក្នុងនៃព្រះគម្ពីរសញ្ញាថ្មីជាភាសាក្រិករបស់នាង នាងបានសរសេរទៅកាន់ប្អូនស្រីឈ្មោះនាង ខេតធឺរីន (Katharine)៖
«ឱប្អូនស្រីជាទីស្រឡាញ់អើយ នេះគឺជាសៀវភៅនៃក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ នេះគឺជាសំណេររបស់ទ្រង់ដែលបានបន្សល់ទុកឲ្យយើង។ សៀវភៅនេះនឹងនាំប្អូនទៅកាន់ផ្លូវនៃអំណរអស់កល្បជានិច្ច...ហើយចំពោះមរណភាពរបស់បងវិញ ប្អូនស្រីជាទីស្រឡាញ់ សូមមានអំណរដូចជាបងដែរចុះ ពីព្រោះបងនឹងគេចផុតពីភាពពុករលួយនេះ ហើយនឹងទទួលបាននូវសេចក្តីមិនពុករលួយវិញ។ បងប្រាកដណាស់ថា តាមរយៈការបាត់បង់ជីវិតដែលមនុស្សរមែងស្លាប់ដោយជៀសមិនផុតនេះ នោះបងនឹងទទួលបានជីវិតអស់កល្បវិញ។»
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ គេបាននាំឡេឌី ជេន ទៅកាន់ជញ្ជាំងនៃប៉មស (White Tower) ដែលស្ថិតនៅចំកណ្តាលក្រុង។ មានហ្វូងមនុស្សមួយក្រុមតូច និងអ្នកប្រហារជីវិតម្នាក់កំពុងរង់ចាំទទួលនាង។ ឡេឌី ជេន បានងាកទៅរកមនុស្សដែលកំពុងសម្លឹងមើលមកកាន់នាង ហើយនិយាយថា «ខ្ញុំមិនរំពឹងថានឹងទទួលបានការសង្គ្រោះតាមរបៀបណាមួយផ្សេងទៀតនោះឡើយ គឺមានតែតាមរយៈសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ តាមរយៈព្រះលោហិតនៃព្រះរាជបុត្រាទ្រង់តែមួយគត់ គឺព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ»។ បន្ទាប់មក នាងបានលុតជង្គង់ ហើយសូត្រកណ្ឌគម្ពីរ ទំនុកតម្កើង ជំពូក៥១៖ «ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ...»។
នៅពេលដែលគេបានចងរុំបិទភ្នែករួចហើយ ឡេឌី ជេន ក៏បានស្ទាបស្ទង់រកផ្លូវទៅកាន់កំណល់សម្រាប់ប្រហារជីវិត ហើយបានដាក់ក្បាលរបស់នាងនៅក្នុងចង្អូរនៃកំណល់នោះ។ សំឡេងចុងក្រោយដែលហ្វូងមនុស្សបានឮ មុនពេលពូថៅវាយមកលើកំណល់សម្រាប់ប្រហារជីវិតនោះ គឺជាការអធិស្ឋានដែលចេញពីសំឡេងរបស់ឡេឌី ជេន ក្នុងវ័យដប់ប្រាំពីរឆ្នាំថា៖ «បពិត្រព្រះអម្ចាស់អើយ កូនសូមប្រគល់វិញ្ញាណកូនដល់ព្រះហស្តទ្រង់វិញ»។ នេះគឺជាមរណភាពរបស់ឡេឌី ជេន ហ្គ្រេយ ដែលជាមរណសាក្សីក្នុងវ័យជំទង់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។