Day 21 The Radical Reformer
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
លោក ខនរ៉ាត ហ្គ្រេប៊ែល (Conrad Grebel) គឺជាអ្នកមានគំនិតកំណែទម្រង់បែបបដិវត្តន៍ដ៏ខ្លាំងក្លាម្នាក់ សូម្បីតែក្នុងចំណោមអ្នកដទៃទៀតដែលផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក៏ដោយ។ គំនិតរបស់លោកសម្រាប់ក្រុមជំនុំ គឺជាអ្វីដែលគ្រីស្ទបរិស័ទក្នុងចំណោមអ្នកដំណឹងល្អជាច្រើននាពេលបច្ចុប្បន្ននេះស្គាល់ហើយ។ ប៉ុន្តែ នៅក្នុងសម័យកាលរបស់លោក គំនិតទាំងនេះបានធ្វើឲ្យលោកក្លាយជាមនុស្សម្នាក់ដែលគេបានបោះបង់ចោល។ ពួករ៉ូម៉ាំងកាតូលិកបានដកលោកចេញ ហើយក៏បានបំបែកលោកចេញពីអ្នកកំណែទម្រង់ផ្សេងៗទៀតផងដែរ។
លោក ហ្គ្រេប៊ែល បានកើតនៅឆ្នាំ១៤៩៨ ក្នុងគ្រួសារដ៏មានមុខមាត់មួយនៅទីក្រុងហ្សូរីច។ នៅឆ្នាំ១៥២៤ លោកបានចាប់ផ្តើមការសិក្សានៅសាកលវិទ្យាល័យមួយក្នុងទីក្រុង បាសែល (Basel) ហើយការសិក្សានោះបានចាប់ផ្តើមយ៉ាងល្អប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាជាច្រើនក៏បានកើតឡើង ខណៈពេលដែលលោក ហ្គ្រេប៊ែល មិនយល់ស្របនឹងគំនិតគ្រូរបស់លោក និងមានជម្លោះជាច្រើន ហើយលោកបានប្រព្រឹត្តអំពើដែលមិនបានគិតទុកជាមុន។ ដោយសារមូលហេតុនេះ ឪពុករបស់លោកក៏បានបញ្ឈប់ការជួយទំនុកបម្រុងដល់រូបលោកទៀត។ ដោយការបន្ទាបខ្លួន លោកក៏បានត្រឡប់ទៅផ្ទះនៅទីក្រុងហ្សូរីចវិញ។ នៅទីនោះ លោកបានចូលរួមក្នុងក្រុមតូចមួយដែលសិក្សាព្រះគម្ពីរជាភាសាក្រិក ភាសាហេប្រឺ និងភាសាឡាតាំង ដោយមានលោក ហេនរីច ប៊ូលីងហ្គ័រ (Heinrich Bullinger) ជាគ្រូបង្រៀនរបស់ពួកគេ។
បន្ទាប់ពីមួយឆ្នាំមក ជីវិតរបស់លោក ហ្គ្រេប៊ែល ក៏បានផ្លាស់ប្តូរ។ លោកបានរៀបការជាមួយស្ត្រីម្នាក់ ដែលមានឋានៈក្នុងសង្គមទាបជាងលោក។ ការនេះបានបង្កឲ្យមានជម្លោះកាន់តែខ្លាំងទៀតជាមួយគ្រួសាររបស់លោក។ លោកក៏បានក្លាយជាគ្រីស្ទបរិស័ទម្នាក់ផងដែរ ហើយការរស់នៅរបស់លោកក៏បានបញ្ជាក់តាមរយៈការផ្លាស់ប្តូរយ៉ាងខ្លាំងនោះដែរ។ មិនយូរប៉ុន្មាន លោក ហ្គ្រេប៊ែល បានក្លាយជាអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រដ៏ឆេះឆួលបំផុតរបស់លោក ស្វីងហ្គើលី។ លោកចាប់ផ្តើមមានឈ្មោះល្បីល្បាញក្នុងនាមជាគ្រូអធិប្បាយនៃដំណឹងល្អដ៏មានសមត្ថភាពម្នាក់។
បានត្រឹមតែជាងមួយឆ្នាំក្រោយមក គឺនៅក្នុងខែតុលា ឆ្នាំ១៥២៣ នៃគ.ស. លោក ហ្គ្រេប៊ែល និងលោក ស្វីងហ្គើលី ក៏មានការមិនយល់ស្របគ្នាមួយបានចាប់ផ្តើមកើតឡើងអំពីពិធីបុណ្យអភិបូជា (Mass) របស់ពួកកាតូលិក។ នៅក្នុងការជជែកដេញដោលជាសាធារណៈមួយនេះ ពួកគាត់ទាំងពីរចង់បញ្ឈប់ពិធីបុណ្យអភិបូជានេះ ប៉ុន្តែលោក ស្វីងហ្គើលី បានផ្លាស់ប្តូរគំនិតរបស់លោកវិញនៅពេលលោកកត់សម្គាល់ឃើញថា សមាជិកក្រុមប្រឹក្សាក្រុងមិនទាន់បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលយកការផ្លាស់ប្តូរនេះ។ លោក ហ្គ្រេប៊ែល មានអារម្មណ៍ថា រឿងនេះមិនអាចទទួលយកបានទេ ពីព្រោះលោកជឿថា យើងត្រូវតែអនុវត្តភ្លាមៗតាមព្រះបន្ទូលដ៏ច្បាស់លាស់របស់ព្រះជាម្ចាស់។ ពួកគាត់មានអារម្មណ៍ថា ត្រូវបានភាគីម្ខាងទៀតក្បត់៖ លោក ហ្គ្រេប៊ែល គិតថា លោក ស្វីងហ្គើលី កំពុងធ្វើការសម្របសម្រួលដោយបោះបង់គោលការណ៍ តាមរយៈការបន្តធ្វើពិធីបុណ្យអភិបូជា ហើយលោក ស្វីងហ្គើលី វិញក៏គិតថា លោក ហ្គ្រេប៊ែល ជាមនុស្សដែលរមិលគុណ និងចូលចិត្តការទាមទារខ្លាំងពេក។
ការមិនយល់ស្របគ្នានេះបានពាក់ព័ន្ធទៅនឹងចំណុចខុសគ្នាដ៏សំខាន់បំផុតមួយរបស់លោក ហ្គ្រេប៊ែល ជាមួយនឹងក្រុមអ្នកកំណែទម្រង់សំខាន់ៗទៀត៖ តើក្រុមជំនុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់នរណា? លោក ហ្គ្រេប៊ែល បានជឿយ៉ាងមុតមាំថា សមាជិកក្រុមប្រឹក្សាក្រុងមិនគួរមានអំណាចលើក្រុមជំនុំ និងការអនុវត្តផ្សេងៗរបស់ក្រុមជំនុំឡើយ ហើយពួកគេក៏មិនគួរមានការត្រួតត្រាលើព្រះបន្ទូលរបស់ព្រះផ្ទាល់នោះដែរ។ ម្យ៉ាងវិញទៀត លោកក៏បានគិតថា ក្រុមជំនុំមិនគួរមានអំណាចលើរដ្ឋាភិបាលវិញដែរ ហើយលោកបានប្រឆាំងនឹងការអនុវត្តនានា ដូចជាការបង្ខំឲ្យមានការដាក់ដង្វាយជាដើម។ គំនិតនៃការបែងចែករវាងក្រុមជំនុំ និងរដ្ឋាភិបាលក៏បានចាប់ផ្តើមរីកធំទៅៗ។ សម្រាប់ពួកយើងសព្វថ្ងៃនេះ ការបែងចែកបែបនេះហាក់ដូចជារឿងធម្មតាទេ ប៉ុន្តែនៅសម័យនោះ វាគឺជាគំនិតថ្មី និងជាការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាណាស់។
សកម្មភាពចុងក្រោយដែលបានបញ្ចប់ទំនាក់ទំនងរបស់លោក ហ្គ្រេប៊ែល ជាមួយនឹងក្រុមអ្នកកំណែទម្រង់សំខាន់ៗទៀត គឺពាក់ព័ន្ធនឹងការជ្រមុជទឹកឲ្យទារក។ លោក ហ្គ្រេប៊ែល បានសង្ឃឹមថា លោក ស្វីងហ្គើលី ប្រហែលជាអាចយល់ស្របជាមួយលោកថា មានតែមនុស្សពេញវ័យទេដែលបានទទួលជឿប៉ុណ្ណោះ នោះទើបអាចទទួលពិធីជ្រមុជទឹកបាន ប៉ុន្តែរឿងនេះមិនបានកើតឡើងឡើយ។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៥២៥ នៃគ.ស. លោក ស្វីងហ្គើលី បានស្នើឲ្យមានការជជែកដេញដោលជាសាធារណៈ ដើម្បីពិភាក្សាអំពីបញ្ហានេះ។ លោក ហ្គ្រេប៊ែល រួមជាមួយលោក ហ្វេលីក ម៉ាន់ស៍ (Felix Manz) និងលោក ចច ប្លូរ៉ុក (George Blaurock) បានមកចូលរួម ដើម្បីគាំទ្រការជ្រមុជទឹកឲ្យអ្នកជឿ។ នៅចុងក្រោយ ក្រុមប្រឹក្សាក្រុងបាន លម្អៀងទៅខាងលោក ស្វីងហ្គើលី។ ពួកគេបានបញ្ជាឲ្យក្រុមរបស់លោក ហ្គ្រេប៊ែល បញ្ឈប់ការជួបជុំគ្នា ដើម្បីសិក្សាព្រះគម្ពីរ។ ពួកគេក៏បានបង្គាប់ផងដែរថា ទារកទាំងអស់ដែលមិនទាន់បានទទួលពិធីជ្រមុជទឹក គឺត្រូវតែនាំមកឲ្យទទួលពិធីជ្រមុជទឹកភ្លាម បើមិនដូច្នោះទេ នោះគ្រួសាររបស់ពួកគេត្រូវចាកចេញពីទីក្រុងនេះ។ កូនស្រីរបស់លោក ហ្គ្រេប៊ែល ទើបតែមានអាយុពីរសប្តាហ៍នៅពេលនោះ ហើយលោកបានមានប្រសាសន៍ថា នាង «មិនទាន់បានទទួលពិធីជ្រមុជទឹក ហើយក៏នឹងមិនទទួលការជ្រមុជតាមបែបសាសនារ៉ូម៉ាំងកាតូលិកទេ» ដរាបណាដែលលោកនៅមានជីវិតនៅឡើយ។ យ៉ាងណាមិញ លោកមិនបាននៅរស់យូរតទៅទៀតនោះឡើយ។
ប៉ុន្មានថ្ងៃបន្ទាប់ពីការជជែកដេញដោលនោះលោក ហ្គ្រេប៊ែល បានជួបជុំជាមួយក្រុមអ្នកផ្លាស់ប្តូរយ៉ាងខ្លាំងដែលស្ថិតក្នុងការនិរទេស នៅផ្ទះរបស់លោក ហ្វេលីក ម៉ាន់ស៍។ លោកបានធ្វើពិធីជ្រមុជទឹកសម្រាប់មនុស្សពេញវ័យជាលើកដំបូងដល់លោក ប្លូរ៉ុក ដែលជាអតីតសង្ឃមានគ្រួសារម្នាក់។ នៅក្នុងខែបន្ទាប់ៗលោក ហ្គ្រេប៊ែល បានអធិប្បាយ «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹក» នៅក្នុងព្រះវិហារ ហ្គាល (St. Gall)។ មានមនុស្សប្រហែលប្រាំរយនាក់បានឆ្លើយតប ដោយធ្វើតាមអ្វីដែលលោកបានអធិប្បាយនោះយ៉ាងពិតប្រាកដមែន។
គេបានចាប់លោក ហ្គ្រេប៊ែល ហើយឃុំគាត់ក្នុងគុកនៅក្នុងខែតុលា ឆ្នាំ១៥២៥ នៃគ.ស.។ លោកបានរត់គេចចេញពីគុកនៅឆ្នាំបន្ទាប់។ បន្ទាប់ពីបានរត់គេចខ្លួន លោកបានបន្តប្រកាសដំណឹងល្អ។ លោកបានទទួលមរណភាពដោយសារគ្រោះចង្រៃ (plague) ត្រឹមតែប៉ុន្មានខែក្រោយមកតែប៉ុណ្ណោះ។
យើងអាចសង្ខេបអំពីកម្លាំងជំរុញដ៏ខ្លាំងនៅពីក្រោយសកម្មភាព និងការផ្លាស់ប្តូរនានានៅក្នុងគោលលទ្ធិរបស់លោក ហ្គ្រេប៊ែល ដូចនេះថា៖ ចូរបន្តអធិប្បាយ និងដើរតាមព្រះបន្ទូលដោយមិនចុះចាញ់។ តាមសម្ដីផ្ទាល់របស់លោក៖
«សូមព្យាយាមឲ្យអស់ពីចិត្ត ដើម្បីអធិប្បាយតែព្រះបន្ទូលរបស់ព្រះ ដោយគ្មានការរារែក។ ចូរប្រឹងប្រែង ដើម្បីបង្កើត និងការពារតែការប្រព្រឹត្តតាមព្រះហឫទ័យព្រះតែប៉ុណ្ណោះចុះ។ ចូរចាត់ទុកថាមានតែអ្វីដែលច្បាស់លាស់ និងប្រាកដប្រជានៅក្នុងព្រះបន្ទូលប៉ុណ្ណោះ នោះទើបជាអ្វីដែលល្អ និងត្រឹមត្រូវ។ ចូររុញច្រានចោល ស្អប់ និងដាក់បណ្តាសានៅលើរាល់ឧបាយកល ពាក្យសម្ដី ការប្រព្រឹត្ត និងមតិយោបល់របស់មនុស្សទាំងឡាយ សូម្បីតែរបស់ខ្លួនអ្នកផ្ទាល់។»
ទោះបីជាវាមានន័យថាត្រូវនិរទេស ឬជួបការអាក្រក់ជាងនោះទៅទៀតក៏ដោយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។