Day 22 The Champion of the Kirk
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅដើមសតវត្សរ៍ទី១៦ នៃគ.ស. ប្រទេសស្កុតឡែនមានចំណុចរួមមួយដូចទៅនឹងបណ្តាប្រទេសដទៃទៀតនៅអឺរ៉ុបដែរ នោះគឺ៖ ក្រុមជំនុំដែលមានអំពើពុករលួយ និងកម្សោយខាងឯវិញ្ញាណយ៉ាងខ្លាំង ព្រមទាំងមានថ្នាក់ដឹកនាំដែលខ្វះសីលធម៌។ ឧទាហរណ៍ដ៏ល្បីល្បាញមួយគឺលោក ដេវីដ ប៊ីតុន (David Beaton) ដែលជាអ្នកមានតំណែងបន្ទាប់ពីសម្តេចប៉ាប និងជាមហាសាសនិកបាលម្នាក់។ លោកមិនបានគោរពតាមច្បាប់នៃការរស់នៅលីវទេ ហើយបានមានកូនឥតខាន់ស្លាយ៉ាងតិចចំនួនដប់បួននាក់។ ការខ្វះចំណេះដឹងខាងឯវិញ្ញាណមានកម្រិតខ្ពស់រហូតដល់លោក ចច ប៊ូខានណាន់ (George Buchanan) ដែលជាប្រវត្តិវិទូម្នាក់អាចនិយាយបានថា មានពួកសង្ឃខ្លះគិតថា ព្រះគម្ពីរសញ្ញាថ្មី គឺជាសៀវភៅដែលទើបតែបោះពុម្ពផ្សាយថ្មីៗនេះ និពន្ធដោយលោក ម៉ធិន លូសើរ។
លោក ចន នូស៍ (John Knox) បានឈានជើងចូល ហើយសម័យកំណែទម្រង់ក៏បានចាប់ផ្តើម។
លោក ចន នូស៍ កើតនៅទីក្រុង ហាតឌីងតុន (Haddington) ក្នុងតំបន់ អ៊ីសឡូធៀន (East Lothian) នៅចន្លោះឆ្នាំ១៥១៣ និង១៥១៥។ លោកបានចូលរៀននៅសាលាក្នុងតំបន់ និងបានសិក្សានៅសាកលវិទ្យាល័យ សេន អាន់ឌ្រូស៍ (University of St. Andrews)។ លោកបានក្លាយជាសង្ឃមួយរូប ហើយក៏បានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបំពេញកិច្ចការជាសារការី (notary) និងគ្រូបង្រៀន។ ដូចគ្នាទៅនឹងលោក ចន ខិលវិន យើងក៏មិនបានដឹងអំពីព័ត៌មានលម្អិតនៃការកែប្រែចិត្តរបស់លោក ចន នូស៍ មកក្លាយជាគ្រីស្ទបរិស័ទនោះឡើយ។
លោក ចន នូស៍ បានទៅដល់ទីក្រុង សេន អាន់ឌ្រូស៍ ជាមួយនឹងសិស្សវ័យក្មេងរបស់លោកមួយចំនួន បន្ទាប់ពីគេបានសម្លាប់លោក ចច វីសឆាត (George Wishart) ដែលជាគ្រីស្ទបរិស័ទប្រូតេស្តង់ ដោយសារជំនឿ។
នៅឆ្នាំ១៥៤៧ នៃគ.ស. លោកបានចូលរួមជាមួយបណ្តាអ្នកកំណែទម្រង់ ដែលរស់នៅក្នុងប្រាសាទនៅទីនោះ។ មានគេបានស្នើឲ្យលោក ចន អធិប្បាយ ប៉ុន្តែដំបូងឡើយលោកបានបដិសេធ។ ទោះជាយ៉ាងណាក៏ដោយក៏គេស្ទើរតែបានបង្ខំលោកផ្ទាល់ ឲ្យទទួលយកការអញ្ជើញពីអ្នកដែលរស់នៅក្នុងប្រាសាទនោះ ដើម្បីក្លាយជាអ្នកបម្រើព្រះជាម្ចាស់របស់ពួកគេ។ ពីរបីខែក្រោយមក មាននាវាបារាំងជាច្រើនបានមកវាយប្រហារប្រាសាទនៅក្នុងឈូងសមុទ្រ សេន អាន់ឌ្រូស៍។ គេបានចាប់ខ្លួនលោក ចន និងអ្នកផ្សេងទៀត ហើយគេបានធ្វើឲ្យលោកក្លាយជាទាសករ អស់រយៈពេលមួយឆ្នាំកន្លះ។
នៅឆ្នាំ១៥៤៩ នៃគ.ស. គេបានដោះលែងលោក ចន ហើយលោកបានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសវិញ។ លោកបានដឹកនាំក្រុមជំនុំមួយនៅក្នុងក្រុង ប៊ើវីក (Berwick) ប៉ុន្តែមិនយូរប៉ុន្មានលោកក៏បានទៅរស់នៅក្រុង ញូខាសល (Newcastle)។ បន្ទាប់មក លោកបានក្លាយជាគ្រូអធិប្បាយសម្រាប់រាជវង្ស ក្នុងរជ្ជកាលរបស់ស្តេចវ័យក្មេង អ៊ែដវើដ ទី៦ (King Edward VI)។ នៅពេលដែលស្តេច អ៊ែដវើដ បានសោយទិវង្គតនៅឆ្នាំ១៥៥៣ នៃគ.ស. វាគឺជាការបរាជ័យដ៏ធំមួយសម្រាប់ក្រុមនៅក្នុងប្រទេសអង់គ្លេស។ ព្រឹត្តិការណ៍នេះបាននាំឲ្យព្រះនាង ម៉ារី ធូឌ័រ (Mary Tudor) ក្លាយជាម្ចាស់ក្សត្រី។ លោក ចន បានពណ៌នាអំពីព្រះនាងថាជា «អ្នកស្រី យេសិបិល ដែលថ្វាយបង្គំព្រះក្លែងក្លាយ»។ លោក ចន ក៏បានស្វែងរកសុវត្ថិភាពនៅតាមតំបន់ផ្សេងទៀតនៃទ្វីបអឺរ៉ុប។
រវាងឆ្នាំ១៥៥៣ និង១៥៥៩ នៃគ.ស. លោក ចន បានរស់នៅក្នុងជីវិតដែលធ្វើដំណើរផ្លាស់ទីទៅមកដោយគ្មានគោលដៅច្បាស់លាស់។ លោកបានចំណាយពេលខ្លះជាមួយលោក ខិលវិន នៅក្នុងក្រុងហ្សឺណែវ។ លោកបានហៅក្រុងហ្សឺណែវថាជា «សាលារៀននៃព្រះគ្រីស្ទដែលមានភាពល្អឥតខ្ចោះបំផុត ចាប់តាំងពីសម័យពួកសាវ័កមក»។ បន្ទាប់មក លោកបានទទួលការអញ្ជើញទៅធ្វើជាគ្រូគង្វាលសម្រាប់ក្រុមជំនុំដែលនិយាយភាសាអង់គ្លេសនៅទីក្រុង ហ្វ្រែងហ្វឺត អាម ម៉េន (Frankfurt am Main)។
លោក ចន បានរៀបការជាមួយស្ត្រីជនជាតិអង់គ្លេសម្នាក់ឈ្មោះ ម៉ាជូរី បូស៍ (Marjorie Bowes)។ នៅឆ្នាំ១៥៥៦ នៃគ.ស. លោកបានត្រឡប់ទៅក្រុងហ្សឺណែវវិញ ជាកន្លែងដែលលោកបានធ្វើជាគ្រូគង្វាលដល់ក្រុមជនភៀសខ្លួនប្រហែលពីររយនាក់។ នៅឆ្នាំបន្ទាប់ លោកទទួលបានសំណើដ៏បន្ទាន់មួយឲ្យវិលត្រឡប់ទៅកាន់ប្រទេសស្កុតឡែនវិញ។ នៅឆ្នាំ១៥៥៨ នៃគ.ស. ម្ចាស់ក្សត្រីវ័យក្មេង ម៉ារី នៃប្រទេសស្កុតឡែន ត្រូវបានកំណត់ឲ្យរៀបអភិសេកជាមួយព្រះអង្គម្ចាស់នៃប្រទេសបារាំងម្នាក់។ ព្រឹត្តិការណ៍នេះនឹងរៀបចំប្រទេសស្កុតឡែនឲ្យនៅក្រាមការគ្រប់គ្រងបែបរ៉ូម៉ាំងកាតូលិក ជាអចិន្ត្រៃយ៍។
នៅឆ្នាំដដែលនោះលោក ចន បានសរសេរសំបុត្រមួយច្បាប់ទៅកាន់ប្រជាជននៃប្រទេសស្កុតឡែន។ លោកបានលើកទឹកចិត្តពួកគេកុំឲ្យបោះបង់ចោលដំណឹងល្អ តាមរយៈការសម្របសម្រួលដោយបោះបង់គោលការណ៍ដើមនៃសេចក្ដីពិតចោល។ លោកបានរម្លឹកពួកគេថា ពួកគេនឹងត្រូវតែឆ្លើយចំពោះទង្វើរបស់ខ្លួននៅចំពោះមុខបល្ល័ង្កនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់៖
«[មានអ្នកខ្លះបានលើកជាលេសថា៖] “យើងគ្រាន់តែជារាស្ត្រសាមញ្ញតែប៉ុណ្ណោះ។ យើងមិនអាចកែប្រែកំហុសឆ្គង និងបទឧក្រិដ្ឋរបស់អ្នកត្រួតត្រា អភិបាល និងក្រុមបព្វជិតរបស់យើងបានឡើយ។ យើងបានស្នើសុំឲ្យមានការផ្លាស់ប្តូរ ហើយយើងក៏សង្ឃឹមចង់បានវាដែរ ប៉ុន្តែ...គេបានបង្ខំយើងឲ្យចុះចូលចំពោះអ្វីៗទាំងអស់ដែលពួកគេចង់បាន។” ខ្ញុំសូមប្រាប់ថា លេសឥតប្រយោជន៍ទាំងនេះនឹងមិនអាចជួយលោកអ្នកបានឡើយ នៅចំពោះព្រះភក្ត្រព្រះ។»
នៅឆ្នាំ១៥៥៩ នៃគ.ស. លោក ចន បានវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចាប់ផ្តើមព័ន្ធកិច្ចជាសាធារណៈដ៏សំខាន់បំផុតរបស់លោក ក្នុងនាមជាអ្នកដឹកនាំនៃក្រុមជំនុំស្កុតឡែន។ ទោះបីជាលោកបានចាកឆ្ងាយពីស្រុកកំណើតរបស់លោកអស់រយៈពេលយ៉ាងយូរក៏ដោយ ក៏មានកត្តាជាច្រើនដែលធ្វើឲ្យលោក ចន មានការត្រៀមខ្លួនជាស្រេចក្នុងការដឹកនាំចលនាកំណែទម្រង់ខាងឯជំនឿនៅក្នុងប្រទេសស្កុតឡែន៖ ឈ្មោះរបស់លោកមានការជាប់ពាក់ព័ន្ធនឹងវីរជនល្បីៗពីពេលកន្លងថ្មីៗ ទុក្ខវេទនាដែលលោកបានឆ្លងកាត់ក៏បង្ហាញអំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក បទពិសោធន៍ដ៏ទូលំទូលាយរបស់លោកបានរៀបចំលោកឲ្យក្លាយជាអ្នកដឹកនាំ ហើយស្មារតីនៃការទទួលខុសត្រូវខ្ពស់បានធ្វើឲ្យលោក «មិនខ្លាចញញើតនឹងមនុស្សណាឡើយ»។ លោក ចន បានដាក់ខ្លួនក្នុងការធ្វើការកំណែទម្រង់នៅប្រទេសស្កុតឡែន សម្រាប់រយៈពេលដប់បីឆ្នាំបន្ទាប់។
នៅរដូវក្តៅនៃឆ្នាំ១៥៧២ នៃគ.ស. លោក ចន ចាប់ផ្តើមមានសុខភាពចុះខ្សោយ ហើយនៅត្រឹមខែវិច្ឆិកា គេបានឃើញជាក់ស្តែងថា លោកនឹងមិនអាចរស់នៅបានយូរប៉ុន្មានទៀតទេ។ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា៖ លោក ចន បានសុំឲ្យលោកស្រី ម៉ាហ្ការីត (Margaret [បញ្ជាក់៖ ភរិយាទីមួយរបស់គាត់បានស្លាប់ហើយ]) ដែលជាភរិយាទីពីររបស់លោក អានកណ្ឌគម្ពីរ ១កូរិនថូស ជំពូក១៥ ឲ្យលោកស្តាប់។ ប្រហែលម៉ោង ៥:០០ ល្ងាច លោកបានស្នើសុំជាចុងក្រោយថា «សូមអាននៅកន្លែងដែលខ្ញុំបានដាក់យុថ្កាដំបូងរបស់ខ្ញុំ» [នេះប្រហែលសំដៅទៅលើពេលដែលលោកជឿដំបូង]។ ប្រពន្ធគាត់ក៏បានអានកណ្ឌគម្ពីរ យ៉ូហាន ជំពូក១៧។ នៅល្ងាចនោះ លោកក៏បានទទួលមរណភាពទៅ។
មានការពន្យល់ជាច្រើនចំពោះឥទ្ធិពលរបស់លោក ចន និងឥទ្ធិពលនៃចលនាកំណែទម្រង់ខាងឯជំនឿនៅប្រទេសស្កុតឡែន។ ប្រាកដណាស់! មានកត្តាជាច្រើនបានរួមចំណែកតាមរយៈការរៀបចំទុកជាមុនរបស់ព្រះជាម្ចាស់ ដើម្បីនាំមកនូវការភ្ញាក់រលឹកផុលផុសខាងឯវិញ្ញាណបែបនេះ។ ប៉ុន្តែ ជំនឿផ្ទាល់ខ្លួនរបស់លោក ចន គឺថា «ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដល់មនុស្សសាមញ្ញយ៉ាងបរិបូរណ៍»។ នេះគឺជាមេរៀនដ៏អស្ចារ្យបំផុតនៃជីវិតរបស់លោក។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។