Day 23 The Genius of Geneva
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ១៥៣៩ នៃគ.ស. លោក ចន ខិលវិន (John Calvin) បានសរសេរលិខិតទៅកាន់លោក សាដូឡេតូ (Sadoleto) ដែលជាអ្នកមានតំណែងបន្ទាប់ពីសម្តេចប៉ាប ជនជាតិអ៊ីតាលីម្នាក់ ដែលចង់នាំទីក្រុងហ្សឺណែវឲ្យត្រឡប់ទៅរកក្រុមជំនុំរ៉ូម៉ាំងកាតូលិកវិញ។ លោក ខិលវិន បានមានប្រសាសន៍ថា «ភាពឆេះឆួល [របស់លោក] ចំពោះជីវិតនៅស្ថានសួគ៌ [គឺជា] ភាពឆេះឆួលដែលធ្វើឲ្យមនុស្សបន្តប្ដូរផ្តាច់ចំពោះតែខ្លួនឯង ហើយមិនបានលើកទឹកចិត្តពួកគេឲ្យផ្តល់កិត្តិយសដល់ព្រះនាមរបស់ព្រះជាម្ចាស់ឡើយ»។ លោកបានបន្តសរសេរទៀតថា លោក សាដូឡេតូ គួរតែ «ដាក់នៅចំពោះមុខ [មនុស្សជាតិ] នូវភាពឆេះឆួល ដើម្បីបង្ហាញពីសិរីល្អរបស់ព្រះជាម្ចាស់ ដែលជាមូលហេតុចម្បងនៃជីវិតរបស់គាត់» (Selections from His Writings, ទំព័រ៨៩)។
នេះគឺជាការពណ៌នាដ៏ស័ក្តិសមបំផុតសម្រាប់ពេញមួយជីវិត និងកិច្ចការរបស់លោក ខិលវិន៖ ពោលគឺភាពឆេះឆួល ដើម្បីបង្ហាញអំពីសិរីល្អរបស់ព្រះជាម្ចាស់។ អត្ថន័យចម្បងនៃជីវិត និងការអធិប្បាយរបស់លោក ខិលវិន គឺថាលោកបានរកឃើញឡើងវិញ និងបានអនុវត្តតាមភាពឆេះឆួលចំពោះភាពពិតទាំងស្រុង និងភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់។
លោក ខិលវិន បានកើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៥០៩ នៃគ.ស. ក្នុងទីក្រុងណូយ៉ុង (Noyon) ប្រទេសបារាំង។ នៅពេលនោះ លោក ម៉ធិន លូសើរ មានអាយុ២៥ឆ្នាំ ហើយទើបតែបានចាប់ផ្តើមបង្រៀនព្រះគម្ពីរនៅទីក្រុងវិឌតិនបើហ្គ (Wittenberg) នៃប្រទេសអាល្លឺម៉ង់។ លោក ខិលវិន មិនទាន់បានឮអំពីសេចក្តីបង្រៀន និងស្មារតីនៃសម័យកំណែទម្រង់អស់រយៈពេលម្ភៃឆ្នាំទៀត។ ក្នុងអំឡុងពេលនោះ លោកបានចំណាយពេលក្នុងវ័យជាយុវជនរបស់លោក ដើម្បីសិក្សាអំពីទេវសាស្ត្រនៅយុគសម័យកណ្តាល ច្បាប់ និងអក្សរសាស្ត្របុរាណ។
នៅឆ្នាំ១៥៣៣ នៃគ.ស. មានរឿងមួយដែលគួរឲ្យរំភើបបានកើតឡើងនៅក្នុងជីវិតរបស់លោក ដោយសារការបង្រៀនពីចលនាកំណែទម្រង់។ លោក ខិលវិន បានពន្យល់ថា លោកមានការពិបាកយ៉ាងខ្លាំងក្នុងការដើរតាមជំនឿកាតូលិក ដោយភាពស្វាហាប់។ បន្ទាប់មក លោកបានមានប្រសាសន៍ថា «ព្រះជាម្ចាស់បានផ្លាស់ប្តូរខ្ញុំភ្លាមៗ ដោយធ្វើឲ្យចិត្តគំនិតរបស់ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីរៀនសូត្រ។ បន្ទាប់ពីបានទទួលនូវការយល់ដឹង និងចំណេះដឹងខ្លះៗអំពីការកោតខ្លាចព្រះដ៏ពិតប្រាកដ នោះខ្ញុំក៏មានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការលូតលាស់ភ្លាមៗ» (Selections from His Writings, ទំព័រ២៦)។
ភ្លាមៗនោះលោក ខិលវិន ក៏បានឃើញ និងបានភ្លក់រសជាតិក្នុងព្រះបន្ទូលនូវភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់។ នៅខណៈពេលនោះ ទាំងព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គក៏បានក្លាយជាការពិតយ៉ាងមានឥទ្ធិពលចំពោះលោក។ បន្ទាប់មក លោកក៏បានក្លាយជាអ្នកបម្រើដ៏ប្ដូរផ្តាច់ម្នាក់របស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គពេញមួយជីវិតរបស់លោក។
លោក ខិលវិន បានដឹងអំពីប្រភេទនៃព័ន្ធកិច្ចដែលលោកចង់ធ្វើ។ លោកចង់រីករាយនឹងភាពស្រណុកសុខស្រួលក្នុងការសិក្សាស្រាវជ្រាវ និងការសរសេរ ដើម្បីឲ្យលោកអាចគាំទ្រដល់ជំនឿនៃអ្នកកំណែទម្រង់ ក្នុងនាមជាអ្នកប្រាជ្ញម្នាក់។ តែព្រះជាម្ចាស់មានផែនការខុសប្លែកពីនោះយ៉ាងខ្លាំងសម្រាប់លោក។
បន្ទាប់ពីលោកបានគេចខ្លួនចេញពីទីក្រុងប៉ារីស និងចាកចេញពីប្រទេសបារាំងជាស្ថាពរមក នោះលោក ខិលវិន បានគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងស្ត្រាសប៊ឺក (Strasbourg) ដើម្បីរស់នៅក្នុងជីវិតដ៏មានសន្តិភាពក្នុងការសរសេរអក្សរសិល្ប៍។ ប៉ុន្តែ ខណៈពេលដែលលោក ខិលវិន កំពុងស្នាក់នៅមួយយប់ក្នុងទីក្រុងហ្សឺណែវ លោក វៀលឡាម ហ្វើរូល (William Farel) ដែលជាអ្នកដឹកនាំដ៏ឆេះឆួលម្នាក់នៃចលនាកំណែទម្រង់នៅក្នុងទីក្រុងនោះ បានដឹងថាលោក ខិលវិន នៅទីនោះ ហើយក៏បានតាមរកលោក។ ជំនួបមួយនេះបានផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងហ្សឺណែវ ហើយថែមទាំងពិភពលោកទាំងមូលទៀតផង។ លោក ខិលវិន បានចងចាំថា៖
«លោក ហ្វើរូល ដែលមានភាពឆេះឆួលយ៉ាងខ្លាំង និងអស្ចារ្យក្នុងការផ្សព្វផ្សាយដំណឹងល្អបានដឹងថា ខ្ញុំចង់ផ្ដោតលើការសិក្សាផ្ទាល់ខ្លួន។ នៅពេលលោកបានឃើញថា ការសុំជំនួយពីខ្ញុំមិនបានសម្រេច លោកក៏បានដាក់បណ្តាសាថា ព្រះនឹងនាំបញ្ហាមកដល់ការសិក្សារបស់ខ្ញុំ ប្រសិនបើខ្ញុំបដិសេធមិនព្រមជួយក្នុងពេលដែលមានតម្រូវការបន្ទាន់បំផុតបែបនេះ។ បណ្តាសានេះបានធ្វើឲ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង រហូតដល់ខ្ញុំបានបញ្ឈប់ការធ្វើដំណើរដែលខ្ញុំបានគ្រោងទុក។»
ដំណើរជីវិតរបស់លោកក៏បានផ្លាស់ប្តូរជារៀងរហូត។ លោក ខិលវិន មិនដែលបានត្រឡប់ទៅធ្វើការក្នុងអ្វីដែលលោកហៅថា «សន្តិភាពនៃការសិក្សា» ទៀតឡើយ។ ចាប់ពីពេលនេះតទៅ រាល់ទំព័រនៃសៀវភៅទាំង៤៨ភាគ រួមមានខិត្តប័ណ្ណ សេចក្តីអធិប្បាយ សេចក្តីអត្ថាធិប្បាយ និងសំបុត្រដែលលោកបានសរសេរនឹងត្រូវបង្កើតឡើងក្រោមសម្ពាធនៃការបំពេញភារកិច្ចជាគ្រូគង្វាល។ សម្រាប់រយៈពេល២៨ឆ្នាំបន្ទាប់ (លើកលែងតែការសម្រាករយៈពេលពីរឆ្នាំ) លោក ខិលវិន បានចំណាយពេលក្នុងជីវិតរបស់គាត់ ដើម្បីពន្យល់ព្រះបន្ទូលរបស់ព្រះ។ លោកបានបង្ហាញអំពីភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់នៅក្នុងខគម្ពីរដល់ប្រជាជននៅក្នុងទីក្រុងហ្សឺណែវ។
សេចក្តីត្រូវការចម្បងសម្រាប់សម័យកំណែទម្រង់គឺថា៖ ក្រុមជំនុំកាតូលិកបាន «បំផ្លាញសិរីល្អរបស់ព្រះគ្រីស្ទក្នុងរបៀបជាច្រើន» (Portrait of Calvin, ទំព័រ១១៣)។ យោងតាមលោក ខិលវិន៖ មូលហេតុដែលក្រុមជំនុំមានការ «នាំឲ្យវង្វេងដោយសេចក្តីបង្រៀនចម្លែកៗជាច្រើន» គឺ «ដោយសារតែយើងមិនបានឃើញនូវឧត្តមភាពរបស់ព្រះគ្រីស្ទ» (Portrait of Calvin, ទំព័រ៦៦)។ បើនិយាយម្យ៉ាងទៀត សេចក្តីបង្រៀនតាមព្រះគម្ពីរដ៏ត្រឹមត្រូវទទួលបានការការពារតាមរយៈពេលវេលា ដោយសារសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះសិរីល្អ និងភាពអស្ចារ្យរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទ។
បញ្ហាចម្បងៗសម្រាប់លោក ខិលវិន មិនមែនជាបញ្ហាដែលត្រូវបានគេស្គាល់យ៉ាងច្បាស់អំពីសម័យកំណែទម្រង់នោះទេ ដែលរួមមាន៖ ការរាប់ជាសុចរិត ការរំលោភបំពានពីពួកសង្ឃ ការបំផ្លាស់វត្ថុធាតុ ["transubstantiation" ជំនឿដែលថានំប៉័ង និងស្រាទំពាំងបាយជូរក្លាយជាព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ទ] ការអធិស្ឋានទៅកាន់ពួកបរិសុទ្ធ និងអំណាចរបស់សម្តេចប៉ាប។ សម្រាប់លោក ខិលវិន បញ្ហាចម្បងគឺថា តើសិរីល្អរបស់ព្រះជាម្ចាស់បានបញ្ចេញពន្លឺយ៉ាងពេញលេញ ឬត្រូវបានកាត់បន្ថយ។ ចាប់តាំងពីការចាប់ផ្តើមនៃព័ន្ធកិច្ចរបស់លោក រហូតដល់លោកស្លាប់ ការផ្ដោតដ៏ចម្បងរបស់លោកគឺលើភាពជាស្នូល ឧត្តមភាព និងភាពឧត្តុង្គឧត្តមនៃសិរីល្អរបស់ព្រះជាម្ចាស់។
លោក ហ្គើហាឌុស វ៉ូស (Geerhardus Vos) បានលើកឡើងថា ការផ្ដោតលើសិរីល្អរបស់ព្រះជាម្ចាស់គឺជាមូលហេតុដែលទំនៀមទម្លាប់របស់អ្នកកំណែទម្រង់ទទួលបានជោគជ័យពេញលេញ ជាជាងទំនៀមទម្លាប់លូទែរនិយមក្នុងការ «គ្រប់គ្រងលើខ្លឹមសារដ៏សម្បូរបែបនៃព្រះគម្ពីរ»។ ពិតណាស់ ក្រុមទាំងពីរបាន «ពឹងផ្អែកលើព្រះគម្ពីរ» ដូចគ្នា ប៉ុន្តែមានចំណុចខុសប្លែកគ្នាត្រង់ថា៖
«ទេវវិទ្យាកំណែទម្រង់បានយល់អំពីព្រះគម្ពីរតាមរយៈការផ្ដោតលើចំណុចស្នូលដ៏ជ្រាលជ្រៅបំផុតនៃព្រះគម្ពីរ។ ទេវវិទ្យានេះបានប្រើប្រាស់ចំណុចស្នូលនេះ ដើម្បីស្វែងយល់ឲ្យបានពេញលេញនូវព្រះបន្ទូល និងអនុញ្ញាតឲ្យផ្នែកនីមួយៗនៃខ្លឹមសារនៃបទគម្ពីរទាំងនោះបង្ហាញចេញនូវអត្ថន័យដោយខ្លួនឯង។ ចំណុចស្នូលនេះគឺជាឧត្តមភាពនៃសិរីល្អរបស់ព្រះជាម្ចាស់នៅក្នុងអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក ដែលបានបើកបង្ហាញនូវរតនៈសម្បត្តិដ៏សម្បូរបែបនៃព្រះគម្ពីរ» (Shorter Writings, ២៤៣)។
បញ្ញវន្តពិតនៃទីក្រុងហ្សឺណែវមិនមែនជាគំនិតរបស់លោក ចន ខិលវិន នោះទេ ប៉ុន្តែគឺជាបំណងប្រាថ្នាក្នុងការផ្តល់ព្រះកិត្តិយសដល់ព្រះជាម្ចាស់។ មនុស្សក្នុងជំនាន់នីមួយៗត្រូវតែស្វែងរកនូវមេរៀនដ៏មានតម្លៃនៅក្នុងព្រះគម្ពីរសម្រាប់ជាការឆ្លើយតបចំពោះគ្រោះថ្នាក់ និងឱកាសដ៏វិសេសវិសាលដែលពួកគេប្រឈមមុខជាមួយ។ ជំនាន់របស់យើងក៏ត្រូវការចំណុចនេះផងដែរ។ ខ្ញុំជឿថា លុះត្រាតែយើងទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងដោយរីករាយពីសេចក្តីពិតដ៏សំខាន់បំផុតដែលព្រះគម្ពីរបានបង្ហាញព្រមទាំងភាពឧត្តុង្គឧត្តមនៃសិរីល្អរបស់ព្រះ នោះយើងនឹងទទួលបានជោគជ័យក្នុងភារកិច្ចនេះ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។