សុខាបានសួរថា «តើការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងសម្រេចបានអ្វីខ្លះសម្រាប់អ្នកដែលព្រះអង្គមិនបានជ្រើសតាំង? តើសម្រេចបានអ្វីមួយដែរឬទេ?»
វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនដែលសំណួរនេះតែងតែលេចឡើងម្ដងហើយម្ដងទៀតជាពិសេសថ្មីៗនេះមានគេធ្លាប់សួរយើងខ្ញុំថា «តើព្រះយេស៊ូវបានទិញព្រះគុណសាធារណៈ (ឬក៏ព្រះគុណសម្រាប់មនុស្សទាំងអស់) មែនឬ?»។ ដូច្នេះ យើងខ្ញុំចង់យកឱកាសនេះ ដើម្បីនឹងឆ្លើយសំណួរនេះ។
យើងខ្ញុំនឹងលើកឡើងអំពីការឆ្លុះបញ្ចាំងត្រួសៗតែប៉ុណ្ណោះ។ បើនិយាយឲ្យស្មោះទៅ យើងខ្ញុំមិនដឹងថាគួរឆ្លើយដោយរបៀបណាទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក៏យើងខ្ញុំគិតថា ក្នុងការដែលយើងខ្ញុំគ្រាន់តែប្រាប់អំពីមូលហេតុទៅកាន់លោកអ្នក នោះទំនងជាលោកអ្នកនឹងមិនអាចយល់បានយ៉ាងជ្រាលជ្រៅដែរ។
ក្នុងអត្ថន័យមួយ ខណៈពេលដែលយើងប្រព្រឹត្តអំពើបាប នោះយើងគួរទទួលបានការដាក់ទារុណកម្មដ៏នៅអស់កល្បជានិច្ច។ យើងមិនសមនឹងទទួលបានការដកដង្ហើមម្ដងទៀតឡើយ។ មិនគួរមានការលើកលែងទោសទេ។ យើងក៏មិនសមនឹងទទួលបានពេលវេលាទៀតដែរ។ ដូច្នេះ យ៉ាងច្បាស់ ក្នុងអត្ថន័យមួយចំនួន ពេលវេលាដែលព្រះអង្គនៅប្រទានដល់យើងគឺដោយសារព្រះគុណ។ ហើយព្រះគុណសម្រាប់មនុស្សមានបាបទាមទារឲ្យមានការបង់ថ្លៃ ឬក៏ការទិញយក ឬក៏ការធានាពីព្រះដ៏បរិសុទ្ធផ្ទាល់។ គឺព្រះគ្រីស្ទហើយដែលជាអង្គដែលប្រទានការនេះ។
ដូច្នេះ យើងខ្ញុំមានទំនោរក្នុងការនិយាយថា «ប្រាកដណាស់! ចំណុចពិតដែលថា អ្នកដែលមិនទទួលបានការជ្រើសតាំង អ្នកមិនជឿនៅពាសពេញផែនដីនេះកំពុងតែនៅបន្តទទួលខ្យល់ដង្ហើមជីវិត ហើយនៅមានឱកាសក្នុងការជឿគឺជាអំណោយមកពីព្រះ។ ដូចដែលថា ការដែលនៅមានឱកាសទទួលយកដំណឹងល្អក៏ជាអំណោយទានដែរ។ ហើយគឺឈើឆ្កាងហើយដែលផ្គត់ផ្គង់ឱកាសនេះ។»
នេះគឺជាចំណុចដែលយើងគួរចងចាំ៖ កណ្ឌគម្ពីរ រ៉ូម ២:៤-៥ បានចែងថា «តើអ្នកមិនដឹងថា សេចក្តីសប្បុរសរបស់ព្រះ នាំអ្នកឲ្យប្រែចិត្តទេឬ? ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត»។
ដូច្នេះ ប្រសិនបើអ្នកដែលមិនទទួលបានការជ្រើសតាំងបដិសេធ—ហើយពួកគាត់ក៏ពិតជាបដិសេធមែនដែរ—គឺពួកគាត់កំពុងតែបដិសេធព្រះគុណមួយនេះ ហើយព្រះគុណនោះផ្ទាល់ក៏បានក្លាយជាការថ្កោលទោសបន្ថែមលើពួកគាត់។ ការនេះក៏ធ្វើឲ្យយើងខ្ញុំងឿងឆ្ងល់ផងដែរថា «តើក្នុងអត្ថន័យមួយណាដែលថាវាជាព្រះគុណ?» ក្នុងអត្ថន័យមួយវាគឺជាព្រះគុណ។ វាគឺជាការផ្ដល់ជូនដ៏ពិត ហើយក៏ជាឱកាសដ៏ពិតផងដែរ។ ប៉ុន្តែ ប្រសិនបើលោកអ្នកបដិសេធព្រះគុណនេះ នោះវានឹងវាយបកមករកលោកអ្នកវិញ ហើយក៏នឹងកាន់តែបង្កើនបរិមាណនៃការថ្កោលទោសលើសដើមជាមិនខាន។
វាប្រៀបដូចជាការបង្ហាញសេចក្ដីសប្បុរសទៅកាន់បុគ្គលណាម្នាក់ដែលគាត់បដិសេធសេចក្ដីសប្បុរសនោះ នោះវានឹងកាន់តែបង្ហាញថាគាត់អាក្រក់ប៉ុណ្ណាហើយ។ ហើយការដែលវាបង្ហាញថា គាត់អាក្រក់ខ្លាំងប៉ុណ្ណាក៏នឹងកាន់តែនាំមកនូវការថ្កោលទោសខ្លាំងលើសដើមទៀតលើគាត់ផងដែរ។
ចម្លើយដែលយើងខ្ញុំគិតគឺថា ប្រាកដណាស់! យើងខ្ញុំគិតថា ព្រះគុណដ៏ពិត ព្រះគុណសាធារណៈដ៏ពិត ការផ្ដល់ជូននូវសេចក្ដីសង្គ្រោះដ៏ពិត—ឥឡូវនេះ ចំណុចដែលថាលោកអ្នកកំពុងតែអានអត្ថបទមួយនេះ—គឺជាព្រះគុណ។ ហើយប្រសិនបើលោកអ្នកមិនមែនជាគ្រីស្ទបរិស័ទ នោះព្រះអង្គកំពុងតែផ្ដល់ជូនព្រះគុណដល់លោកអ្នកនៅពេលវេលានេះតែម្ដង តាមរយៈការដាស់តឿនរបស់យើងខ្ញុំថា ប្រសិនបើលោកអ្នកបដិសេធ នោះការថ្កោលទោសក៏នឹងកាន់តែលើសដើមហើយ។
ហើយនេះឯងគឺជាអំណោយទានចំពោះលោកអ្នកឥឡូវនេះដែលព្រះជាម្ចាស់ទំនងជានឹងសព្វព្រះហឫទ័យប្រើប្រាស់នៅពេលក្រោយ ដើម្បីឲ្យលោកអ្នកទទួលស្គាល់ថា «ទេ! ខ្ញុំមិនចង់ឲ្យការថ្កោលទោសលើជីវិតរបស់យើងខ្ញុំគុណជាទ្វេលើសដើមទៀតនោះទេ។ ខ្ញុំចង់ឆ្លើយតបនឹងព្រះគុណនេះនៅពេលនេះតែម្ដង»។
នេះឯងគឺជាអ្វីដែលយើងខ្ញុំគិតថាគួរជាការឆ្លើយតបចំពោះអត្ថបទមួយនេះ៖ សូមទទួលយកព្រះគុណចុះ។ ដោយសារលោកអ្នកកំពុងតែមានជីវិតឥឡូវនេះ នោះលោកអ្នកក៏នៅមានឱកាសក្នុងការទទួលជឿ ហើយទទួលបានសេចក្ដីសង្គ្រោះដែរ។
ព្រះគ្រីស្ទបានទិញព្រះគុណទាំងអស់ ប៉ុន្តែក៏នៅមានការបង់ថ្លៃខ្លះទៀតដែរ។
មតិយោបល់
Loading…