in

កុំ​បោះ​បង់​ចោល​ការ​អធិស្ឋាន​សម្រាប់​កូនៗ​របស់​ខ្លួន

ប៉ុន្មាន​ឆ្នាំ​មុន យើង​ខ្ញុំ​បាន​និពន្ធ​ឯកសារ​មួយ​លើក​ឡើង​អំពី​ចំណុច​៧​យ៉ាង​ដែល​យើង​ជា​ឪពុក​ម្ដាយ​អាច​អធិស្ឋាន​សម្រាប់​កូនៗ​របស់​យើង។ ហើយ​យើង​ខ្ញុំ​នៅ​តែ​ឃើញ​ថា​ចំណុច​ទាំង​នោះ​ក៏​នៅ​តែ​ជា​ជំនួយ​ដដែល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ការ​លើក​ឡើង​នូវ​ចំណុច​ទាំង​នោះ​ក៏​យើង​ខ្ញុំ​បាន​រួម​បញ្ចូល​លក្ខខណ្ឌ​ផង​ដែរ៖

ពិត​ណាស់! ការ​អធិស្ឋាន​គឺ​មិន​មែន​ជា​វេទមន្ត​នោះ​ទេ។ ការ​អធិស្ឋាន​មិន​មែន​គ្រាន់​តែ​ជា​ការ​និយាយ​នូវ​អ្វីៗ​ដែល​ត្រឹម​ត្រូវ ហើយ​ការ​នោះ​កូនៗ​របស់​យើង​នឹង​ទទួល​បាន​ជោគជ័យ​ឡើយ។ មាន​ឪពុក​ម្ដាយ​មួយ​ចំនួន​បាន​អធិស្ឋាន​យ៉ាង​ម៉ឺងម៉ាត់ ហើយ​កូនៗ​របស់​ពួក​គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ពេញ​ទៅ​ដោយ​អំណោយ​ទាន ឬ​ក៏​ជា​អ្នក​ប្រាជ្ញ អ្នក​ភ្លេង ឬ​ក៏​អ្នក​កីឡា​ដ៏​ពូកែ។ ហើយ​ក៏​មាន​ឪពុក​ម្ដាយ​មួយ​ចំនួន​ទៀត​បាន​អធិស្ឋាន​យ៉ាង​ម៉ឺងម៉ាត់​ដែរ ប៉ុន្តែ​កូនៗ​របស់​ពួក​គាត់​ក៏​មាន​ជំងឺ​ពិការ​យ៉ាង​ធ្ងន់ធ្ងរ ឬ​ក៏​មេរោគ ឬ​ក៏​បាន​ដើរ​ចេញ​ដូច​ជា​កូន​វង្វេង​ក្នុង​ទី​រហោស្ថាន ឬ​ក៏​ប្រទះ​នឹង​ការ​ពិបាក​ក្នុង​សង្គម ក្នុង​ការ​សិក្សា ឬ​ក៏​ក្នុង​កីឡា។ ហើយ​សេចក្ដី​ពិត​គឺ​ថា ព្រះ​ជាម្ចាស់​ក៏​កំពុង​តែ​ឆ្លើយ​តប​នូវ​សំណូម​ពរ​អធិស្ឋាន​របស់​ឪពុក​ម្ដាយ​ទាំង​នោះ​ដែរ ប៉ុន្តែ​សម្រាប់​គោល​បំណង​ខុសៗ​គ្នា។

ពេល​ដែល​ពេល​វេលា​កាន់​តែ​កន្លង​ផុត នោះ​លក្ខខណ្ឌ​ទាំង​នេះ​ក៏​កាន់​តែ​សំខាន់​ឡើងៗ​សម្រាប់​យើង​ខ្ញុំ។ ពេល​ដែល​យើង​ខ្ញុំ​កាន់​តែ​ចំណាយ​ពេល​ក្នុង​ព្រះ​បន្ទូល ក្នុង​ការ​អាន​ប្រវត្តិសាស្ត្រ ក្នុង​ការ​សញ្ជឹងគិត​ខណៈ​ពេល​ដែល​យើង​ខ្ញុំ​កាន់​តែ​មាន​វ័យ​ចំ​ណាស់​ទៅៗ នោះ​យើង​ខ្ញុំ​ក៏​កាន់​តែ​លែង​ដាក់​ទំនុក​ចិត្ត​លើ​ការ​យល់​ដឹង​របស់​យើង​ខ្ញុំ​អំពី​របៀប​ដែល​អ្វី​មួយ​មាន​សភាព​ពី​ក្រោយ​នៅ​ក្នុង​ពេល​ណា​មួយ​ដែរ។

ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់ មិន​មែន​លើ​ការ​យល់​ដឹង​របស់​យើង​ខ្ញុំ

យើង​ខ្ញុំ​មាន​វ័យ​ចំណាស់​ល្មម​ក្នុង​ការ​ដែល​បាន​ឃើញ​ចលនា​មួយ​ចំនួន​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​កើត​ឡើង ហើយ​ក៏​បាន​ធ្លាក់​ចុះ​វិញ​ផង​ដែរ។ យើង​ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ដឹក​នាំ​ជា​ច្រើន​បាន​ងើប​ឡើង ហើយ​ក៏​បាន​​ធ្លាក់​ចុះ​ទៅ​វិញ។ យើង​ខ្ញុំ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ហើយ​មាន​ប្រមាណ​ជា​វ័យ ២0 ឆ្នាំ​ជាង​មាន​ការ​ឆេះ​ឆួល​ខាង​ឯ​ព្រលឹង​វិញ្ញាណ​បាន​ចាប់​ផ្ដើម​ដំណើរ​យ៉ាង​ខ្លាំង-រឹងមាំ ប៉ុន្តែ​ក៏​បាន​ស្រងាក​ចិត្ត​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ក្នុង​វ័យ​ប្រមាណ​ជា ៣0 ទៅ ៤0 ឆ្នាំ​ជាង ហើយ​ក៏​ចាប់​ផ្ដើម​ចុះ​ខ្សោយ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​បាន​បោះបង់​ជំនឿ​ចោល​ទាំង​ស្រុង​ទៀត​ផង។ ហើយ​យើង​ខ្ញុំ​ក៏​បាន​ធ្លាប់​ឃើញ​មនុស្ស​មួយ​ចំនួន​ដែល​មិន​មាន​ចំណាប់​អារម្មណ៍​ខាង​ឯ​ព្រលឹង​វិញ្ញាណ ហើយ​ខ្លះ​ក្នុង​ករណី​មួយ​ចំនួន​ក៏​បាន​ល្មើស​សីលធម៌ ប៉ុន្តែ​យុវជន​ទាំង​នោះ​ក៏​បាន​មាន​ការ​ឆេះ​ឆួល​ខាង​ឯ​ព្រលឹង​វិញ្ញាណ និង​មនុស្ស​ធំ​ដែល​មាន​ភាព​ពេញ​វ័យ​ឡើង។

យើង​ខ្ញុំ​ក៏​ធ្លាប់​រស់​នៅ​ក្បែរ​ផ្ទះ​ឪពុក​ម្ដាយ​ជា​ច្រើន​នាក់​ដែល​បាន​ចិញ្ចឹម​កូនៗ​រហូត​ដល់​ធំ។ យើង​ខ្ញុំ​ក៏​ធ្លាប់​ឃើញ​កូនៗ​ដែល​មាន​ពេញ​ដោយ​ជំនឿ ដែល​ឪពុក​ម្ដាយ​បាន​អធិស្ឋាន​ឲ្យ បោះបង់​ជំនឿ​របស់​ឪពុក​ម្ដាយ​ខ្លួន​ចោល។ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ឃើញ​កូនៗ​របស់​ឪពុក​ម្ដាយ​ដែល​មិន​មាន​ជំនឿ ប៉ុន្តែ​ពួក​គាត់​បាន​ឱប​ក្រសោប​ព្រះ​គ្រីស្ទ ហើយ​ដើរ​តាម​ព្រះ​អង្គ​មិន​ថា​ពួក​គាត់​បាន​មាន​បទពិសោធន៍​យ៉ាង​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សង្ស័យ​លើ​ឪពុកម្ដាយ​ដែល​មិន​ស្មោះ​ត្រង់​នោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​ខ្ញុំ​មិន​សូវ​ពឹង​អាង​លើ​វេទមន្ត។

លើស​ពី​នោះ​ទៅ​ទៀត យើង​ខ្ញុំ​ក៏​បាន​ឃើញ​ខ្លួន​ឯង​ផ្ទាល់​ឆ្លង​កាត់​ពេលវេលា​ផ្សេងៗ​នៃ​ជីវិត​របស់​ខ្លួន​ដែរ។ យើង​ខ្ញុំ​ធ្លាប់​មាន​ពេល​ដែល​ខ្លួន​ពេញ​ទៅ​ដោយ​ជំនឿ ខាង​ភាព​ចេះ​ឆួល ហើយ​ក៏​មាន​ពេល​វេលា​ដែល​ខ្លួន​បាក់​ទឹក​ចិត្ត កាល​ខ្ញុំ​ជា​បុរស​ដែល «មាន​ជំនឿ​តិច» (ម៉ាថាយ ៦:៣០)។ យើងខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​ពេល​វេលា​នៃ​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​មាន​វិបត្តិ​ខាង​ឯ​ជំនឿ​ទៀត​ផង។ កាល​យើង​ខ្ញុំ​ឈាន​ដល់​វ័យ​កណ្ដាល ចំណុច​មួយ​ដែល​យើង​ខ្ញុំ​ដឹង​អំពី​ខ្លួន​ឯង​គឺ​ថា​ខ្លួន «មាន​សេចក្ដី​កម្សោយ នៅ​ព័ទ្ធ​ជុំ​វិញ​ខ្លួន​ដែរ» (ហេព្រើរ ៥:២)។ យើង​ខ្ញុំ​អាច​ធ្វើ​ទី​បន្ទាល់​បាន​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​មាន​ភាព​ស្មោះ​ត្រង់​ដោយ​មិន​បរាជ័យ​រវាង​យើង​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់ ទោះ​បើ​ថា​យើង​ខ្ញុំ​មិន​មាន​ភាព​ស្មោះ​ត្រង់​យ៉ាង​ជាប់​លាប់​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​ការ​ទុក​ចិត្ត​ទ្រង់​ក៏​ដោយ។

ពិត​ណាស់! យើង​ខ្ញុំ​បាន​រៀន​ថា យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​អង្គ​បាន ប៉ុន្តែ​មិន​អាច​ទុក​ចិត្ត​លើ​ការ​យល់​ដឹង​របស់​យើង​ខ្ញុំ​បាន​ជា​ទៀង​ទាត់​បាន​ឡើយ។ យើង​ខ្ញុំ​បាន​រៀន​ថា បើ​និយាយ​ឲ្យ​ចំ គឺ​កុំ​ឲ្យ​សន្មត​ច្រើន​ពេក​មិន​ថា​ ទាក់​ទង​នឹង​មនុស្ស​ជាតិ ឬ​ក៏​ទាក់​ទង​នឹង​ខ្លួន​របស់​យើង​ផ្ទាល់។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ ដ្បិត​ព្រះ​អង្គ «ទ្រង់​មិន​ទុក​ចិត្ត​នឹង​គេ​ទេ…ដ្បិត​ទ្រង់​ជ្រាប​ហើយ ពី​សេចក្ដី​ដែល​នៅ​ក្នុង​មនុស្ស​ទាំង​ឡាយ» (យ៉ូហាន ២:២៤-២៥)។ នេះ​គឺ​ជា​មេរៀន​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ទាក់​ទង​ជា​មួយ​នឹង​ការ​អធិស្ឋាន​សម្រាប់​កូនៗ​របស់​យើង​ខ្ញុំ។

ការ​ចិញ្ចឹម​កូន​បាន​ជំរុញ​ខ្ញុំ​ឲ្យ​អធិស្ឋាន

យើង​ខ្ញុំ​គឺ​ជា​ឪពុក​នៃ​មនុស្ស​ជាតិ​ដ៏​អស្ចារ្យ​៥​នាក់។ ពួក​គាត់​អស្ចារ្យ​ចំពោះ​យើង​ខ្ញុំ​មិន​មែន​មក​ពី​ពួក​គាត់​ជា​អ្នក​សម្បើម​ដែល​យើង​ខ្ញុំ​អាច​អួត​អំពី​នោះ​ទេ ប៉ុន្តែ​មក​ពី​ថា​ពួក​គាត់​គឺ​ជា​មនុស្ស​ដែល «ព្រះ​អង្គ​បាន​បង្កើត…មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ» តាម​រយៈ​ដំណើរ​ការ​ប្រវត្តិ​សាស្ត្រ​ដ៏​ពិបាកៗ និង​ការ​រក្សា​កេរ្តិ៍​ដំណែល​ហ្សែន​នៃ​មនុស្ស​គួរ​ឲ្យ​ស្ញប់ស្ញែង ហើយ​អស្ចារ្យ—ដែល​ប្រពន្ធ និង​យើង​ខ្ញុំ​ជា​អ្នក​មាន​ចំណែក​ថ្មីៗ​បំផុត (ទំនុក​តម្កើង ១៣៩:១៤)។ ពេល​ខ្លះ យើង​ខ្ញុំ​នៅ​ស្ងៀម ហើយ​សម្លឹង​មើល​ពួក​គាត់ ពី​ការ​អស្ចារ្យ​ទាក់​ទង​នឹង​អ្វីៗ និង​បុគ្គលិក​ភាព​ដែល​ពួក​គាត់​បាន​ក្លាយ​ជា ក្រៅពី​អ្វី​ដែល​ពួក​គាត់​ធ្វើ។

ពួក​គាត់​មាន​បុគ្គល​ភាព​ខុស​ពី​គ្នា មាន​លក្ខណៈ​ខុស​ពី​គ្នា និង​ពី​ឪពុក​ម្ដាយ​របស់​ខ្លួន។ ពួក​គាត់​ក៏​មាន​ចរិត​ប្លែកៗ​ពី​គ្នា ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ខុសៗ​គ្នា ចំណាប់​អារម្មណ៍ និង​ទំនោរ​ផ្សេងៗ​គ្នា។

ដូច​ឪពុក​ម្ដាយ​ដែល​មាន​វ័យ​ក្មេង​ជា​ច្រើន​នាក់ ប្រពន្ធ​ខ្ញុំ និង​យើង​ខ្ញុំ​បាន​ចាប់​ផ្ដើម​ដំណើរ​នៃ​ការ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​ដែល​សន្មត​ដោយ​អចេតនា​ថា ប្រសិន​បើ​យើង​មើល​កូនៗ​របស់​យើង​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​ពួក​គាត់​ក៏​នឹង​ឱបក្រសោប​នូវ​រាល់​អ្វីៗ​ដែល​យើង​ឱប​ក្រសោប​ដោយ​មិន​មាន​ការ​តយុទ្ធ ការ​ឈឺ​ចាប់ និង​ការ​សួរ​សំណួរ​ត្រង់​ថា «តើ​ពី​មុន​យើង​ធ្លាប់​មាន​ការ​ឈឺ​ចាប់ ដើម្បី​ឱប​ក្រសោប​ចំណុច​នោះ​ដែរ​ឬ​ទេ?»។ ទោះ​បើ​នៅ​ពេល​នោះ​លោក​អ្នក​បាន​សួរ​យើង​ខ្ញុំ​យ៉ាង​ចំៗ​អំពី​ការ​នេះ នោះ​យើង​ខ្ញុំ​នឹង​បដិសេធ​ជា​មិន​ខាន យោង​តាម​ទ្រឹស្ដី​ដឹង​ថា​មិន​ដូច្នោះ​ទេ។ វា​ជា​ការ​ពិបាក​ណាស់​ក្នុង​ការ​គេច​ចេញ​ពី​សុទិដ្ឋិនិយម​ដូច​នោះ។

ប៉ុន្តែ ការ​មើល​កូន​បាន​នាំ​ឲ្យ​យើង​ខ្ញុំ​បន្ទាប​ខ្លួន​យ៉ាង​ខ្លាំង។ យើង​ខ្ញុំ​គិត​ថា តាម​រយៈ​ការ​ធ្វើ​ជា​ឪពុក នោះ​ចំណុច​ខ្សោយ និង​កម្រិត​របស់​យើង​ខ្ញុំ​ក៏​ត្រូវ​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​លាស់។ អត្រា​ឥទ្ធិពល​នៃ​ការ​នេះ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កាន់​តែ​មិន​មាន​ទំនុក​ចិត្ត​ក្នុង​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ខ្ញុំ និង​ការ​មិន​ទុក​ចិត្ត​លើ​ខ្លួន​ឯង និង​ការ​ដែល​មិន​ពឹង​លើ​វា ហើយ​កាន់​តែ​មាន​អារម្មណ៍​នៃ​ការ​អស់​សង្ឃឹម​លើ​វា ប៉ុន្តែ​ឲ្យ​ពឹង​លើ​អំណាច​របស់​ព្រះ​ជាម្ចាស់​ពី​កិច្ចការ​ទាំង​ក្នុង​ជីវិត​កូនៗ​របស់​យើង​ខ្ញុំ​នូវ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ក្នុង​ខ្ញុំ—ពោល​គឺ​ព័ន្ធកិច្ច​នៃ​ព្រះ​គុណ​ដែល​យើង​ខ្ញុំ​ដឹង​ថា ឪពុក​ម្ដាយ​របស់​យើង​ខ្ញុំ​នឹង​មាន​ប្រសាសន៍​ថា​វា​បាន​កើត​ឡើង​មែន មិន​ថា​ពួក​គាត់​ខ្សោយ ឬ​មាន​កម្រិត​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។

កូន​ពីរ​នាក់​របស់​យើង​ខ្ញុំ​ក្នុង​ចំណោម​កូន​ផ្សេងៗ​ទៀត​បាន​ចាប់​ផ្ដើម​រស់​នៅ​ក្នុង​ជីវិត​ឯក​រាជ្យ​ភាព​ពេញវ័យ​របស់​ខ្លួន ហើយ​បី​នាក់​ទៀត​នៅ​ជំទង់​នៅ​ឡើយ។ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ យើង​ខ្ញុំ​បាន​មើល ការ​ឡើង និង​ការ​ចុះ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ជា​ច្រើន​ប្រភេទ។ ពួក​គាត់​បាន​រស់​នៅ​ក្នុង​ផ្ទះ​ដូច​គ្នា​ជា​មួយ​នឹង​ឪពុក​ម្ដាយ​ដូចៗ​គ្នា ដែល​បាន​រស់​នៅ​ដោយ​បង្ហាញ​ជំនឿ​របស់​ពួក​គេ​នៅ​មុខ​ពួក​គេ​ក្នុង​របៀប​ស្ទើរ​តែ​ដូចៗ​គ្នា​ដែរ។ ពួក​គាត់​ក៏​បាន​ចូល​រួម​ក្រុម​ជំនុំ​ដូច​គ្នា​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​ពួក​គាត់​កំពុង​តែ​ធ្វើ​ដំណើរ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ប្លែកៗ​ពី​គ្នា និង​ក្នុង​ល្បឿន​ខុសៗ​គ្នា​ដែរ។

ចូរ​សូម ចូរ​រក ចូរ​គោះ

នៅ​ត្រង់​ចំណុច​នេះ​ឯង​ដែល​ជំនឿ​របស់​ឪពុក​ម្ដាយ​ទទួល​បាន​ការ​ល្បង​ល។ ពិត​ប្រាកដ​ណាស់ យើង​សុទ្ធ​តែ​ចង់​ឲ្យ​កូនៗ​របស់​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​អម្ចាស់​យេស៊ូវ ដែល​ជា​កែវ​មុក្ដា​យ៉ាង​ល្អ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ​អស់​ពី​គំនិត​ខ្លួន ហើយ​អស់​ពី​កម្លាំង និង​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង (ម៉ាថាយ ១៣:៤៥-៤៦; លូកា ១០:២៧)។ ហើយ​យើង​ក៏​ចង់​ឲ្យ​ពួក​គាត់​ដក​បទពិសោធន៍​លើ​ការ​ទាំង​នេះ​តាម​ដែល​អាច​ធ្វើ​បាន​ពេល​នៅ​ក្មេង​បំផុត។

ប៉ុន្តែ យើង​មិន​ដឹង​ថា តើ​ផ្លូវ​មួយ​ណា​ជា​ផ្លូវ​ដ៏​ល្អ​បំផុត​សម្រាប់​ពួក​គាត់​នីមួយៗ​ក្នុង​ការ​រៀន​អំពី​ចំណុច​នេះ​នោះ​ទេ។ យើង​មិន​ដឹង​អំពី​គោល​បំណង​នានា​របស់​ព្រះ​ជាម្ចាស់ ឬ​ក៏​ពេលវេលា​របស់​ព្រះ​អង្គ​ក្នុង​ការ​បើក​សម្ដែង​រូប​អង្គ​ទ្រង់​ចំ​ពោះ​កូនៗ​របស់​យើង​នោះ​ដែរ។ ហើយ​យើង​ក៏​មិន​អាច​សម្លឹង​មើល​ការ​អាថ៌កំបាំង​នៃ​អធិបតេយ្យ​ភាព​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ជ្រើស​តាំង​ទាក់​ទង​ទៅ​នឹង​កូនៗ​របស់​យើង​ទៀត​ផង (រ៉ូម ៨:២៩-៣០)។

ប៉ុន្តែ គ្រប់​អ្វីៗ​ដែល​យើងខ្ញុំ​បាន​មើល​ឃើញ និង​បាន​ដក​បទ​ពិសោធន៍​ក្នុង​ព្រះ​បន្ទូល និង​ក្នុង​មេរៀន​ជីវិត​របស់​យើង​ខ្ញុំ​គឺ​ថា មាន​ពីរ​ចំណុច៖ យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​បាន ហើយ​យើង​មិន​អាច​ទុក​ចិត្ត​លើ​អ្វី​ដែល​យើង​គិត ឬ​ក៏​ឃើញ​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ។ ដែល​នេះ​មាន​ន័យ​ថា អ្វី​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​កំពុង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឥឡូវ​នេះ​នឹង​ប្រែ​នៅ​អនាគត ហើយ​អ្វី​ដែល​មើល​ទៅ​កំពុង​តែ​ដូច​ជា​បំបាក់​ទឹក​ចិត្ត​របស់​ខ្ញុំ​ឥឡូវ​នេះ នោះ​នឹង​ប្រែ​ទៅ​ជា​ការ​ផ្សេង​នៅ​អនាគត​វិញ។ ហេតុ​ដូច្នេះ យើង​ខ្ញុំ​នៅ​មាន​ជំហរ​នៅ​លើ​អ្វី​ដែល​យើង​ខ្ញុំ​បាន​និពន្ធ​ក្នុង​ឯក​សារ​នោះ​លើស​ដើម​ទៅ​ទៀត៖ សូម​អធិស្ឋាន​សម្រាប់​កូនៗ​របស់​លោក​អ្នក​ចុះ។ ព្រះ​យេស៊ូវ​បាន​សន្យា​មក​កាន់​យើង​ថា​ប្រសិន​បើ​យើង​សូម រក និង​គោះ នោះ​ព្រះ​វរបិតា​នឹង​ប្រទាន​នូវ​អ្វី​ដែល​ល្អ​មក​កាន់​យើង​វិញ​ជា​មិន​ខាន (លូកា ១១:៩-១៣) ទោះ​បើ​ថា​ចំណុច​ល្អ​នោះ​យើង​មិន​អាច​មើល​ឃើញ​រហូត​ដល់​៤០​ឆ្នាំ​ក្រោយ​មក​ទៀត​ក៏​ដោយ។

ឃ្លា​ចុង​ក្រោយ​រម្លឹក​យើង​ខ្ញុំ​អំពី​ដំណើរ​រឿង​របស់​បុគ្គល​ម្នាក់​ទាក់​ទង​នឹង​ការ​ដែល​គាត់​បំផ្លាស់​បំប្រែ​ចិត្ត។ កាល​គាត់​នៅ​អាយុ​១៥​ឆ្នាំ គាត់​បាន​រៀប​រាប់​អំពី​ការ​ដែល​គាត់​បាន​បោះ​បង់​ចោល​អ្វី​ដែល​គាត់​មើល​ទៅ​ហាក់​បី​ដូច​ជា​ចំណង​នៃ​សាសនា​ទាក់​ទង​នឹង​ជំនឿ ហើយ​ក៏​បាន​ឱប​ក្រសោប​យ៉ាង​ឆេះ​ឆួល​នូវ​ជំនឿ​ដែល​ថា​គ្មាន​ព្រះ ថែម​ទាំង​ដុត​ព្រះ​គម្ពីរ​របស់​គាត់​ចោល ដើម្បី​ប្រកាស​អំពី​សេរីភាព​របស់​គាត់។ បន្ទាប់​មក ដំណើរ​យ៉ាង​យឺតយ៉ាវ​នៃ​ការ​ចាប់​ផ្ដើម​យល់​ដោយ​មិន​បាន​រំពឹង​ពេល​គាត់​មាន​វ័យ​ចំណាស់​ថា អ្វី​ដែល​គាត់​ធ្លាប់​បាន​គិត​ថា​ជា​ចំណង តាម​ពិត​ទៅ​គឺ​ជា​សេរីភាព​ដ៏​ពិត ហើយ​អ្វី​ដែល​គាត់​បាន​គិត​ថា​ជា​សេរីភាព តាម​ពិត​ទៅ​គឺ​ជា​ចំណង ហើយ​អ្វី​ដែល​គាត់​បាន​ធ្លាប់​គិត​ថា​ជា​ភាព​ងងឹត​អវិជ្ជា តាម​ពិត​ទៅ​គឺ​ជា​ពន្លឺ។ យើង​ខ្ញុំ​គិត​ថា អស់​អ្នក​ដែល​បាន​ធ្លាប់​ស្គាល់​បុគ្គល​នេះ ប្រាកដ​ណាស់​មិន​ដែល​នឹក​ស្មាន​ដល់​នោះ​ទេ។

ចូរ​កុំ​បាត់​បង់​ទឹក​ចិត្ត

ដូច្នេះ ចូរ​យើង​កុំ​បោះ​បង់​ចោល​នូវ​ការ​អធិស្ឋាន​សម្រាប់​កូនៗ​របស់​យើង​ឡើយ។ ព័ន្ធកិច្ច​នៃ​ការ​ទទូច​អង្វរ​មួយ​នេះ​គឺ​ជា​ការ​ត្រាស់​ហៅ​អស់​មួយ​ជីវិត។ ដាច់​ខាត! យើង​មិន​ត្រូវ​សន្មត​ច្រើន​ពេក​ទេ ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ជាតិ។ ប្រសិន​បើ​កូនៗ​របស់​យើង​កំពុង​តែ​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ​ខាង​ឯ​ព្រលឹង​វិញ្ញាណ នោះ​ពួក​គាត់​ក៏​មិន​ទាន់​រួច​ផុត​ចេញ​ពី​គ្រោះ​ថ្នាក់​នៅ​ឡើយ​ដែរ។ ប្រសិន​បើ​ពួក​គាត់​កំពុង​តែ​រស់​នៅ​ដោយ​មិន​មាន​សុខភាព​ល្អ​ខាង​ឯ​ព្រលឹង​វិញ្ញាណ នោះ​ដំណើរ​រឿង​របស់​ពួក​គាត់​ក៏​មិន​ទាន់​ឈាន​ដល់​ចំណុច​ចុង​ក្រោយ​នៅ​ឡើយ​ដែរ។ ដូច្នេះ យើង «ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ» (លូកា ១៨:១)។

ព្រះ​ជាម្ចាស់​ស្មោះ​ត្រង់។ ទ្រង់​នឹង​មិន​ដែល​ខក​ខាន​ឡើយ​ទាក់​ទង​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។ ចូរ​យើង​មាន​ភាព​ស្មោះ​ត្រង់​ទាក់​ទង​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ​លើ​ជីវិត​យើង ហើយ​ចូរ​យើង​ស្មោះ​ត្រង់​ជា​មួយ​នឹង​កូនៗ​របស់​យើង​តាម​រយៈ​ការ​បន្ត​ទទូច​អង្វរ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ជំនួស​ពួក​គាត់​ចុះ។ មិន​ថា​មាន​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ​ក៏​ព្រះ​អង្គ​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​ខិតខំ​ប្រឹងប្រែង​បែប​នោះ​ដែល​ព្រះ​អង្គ​បាន​គ្រោង​ទុក​ជា​មុន​ក្នុង​ព្រះ​ប្រាជ្ញាញាណ​របស់​ព្រះ​អង្គ​ក្លាយ​ទៅ​ជា​ការ​អត់​ប្រយោជន៍​ដែរ (១កូរិនថូស ១៥:៥៨)។

និពន្ធ​ដោយ៖ លោក​គ្រូ Jon Bloom
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ហុង សម្ភស, លោក ឯក សត្យា, លោក សឹម រក្សា
និង​លោក ជួប ប៊ុនហាក់
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អត្ថបទ​លេខ​១០–បើ​សិន​មាន​ស្ត្រី​​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ តើ​ស្ត្រី​អាច​ធ្វើ​ជា​គ្រូ​គង្វាល​បាន​ដែរ​ឬ​ទេ?

អត្ថបទ​លេខ​១១–តើ​ស្ត្រី​ងាយ​នឹង​ចាញ់​បញ្ឆោត​ជាង​បុរស​មែន​ឬ? តើ​នោះ​ជា​សេចក្ដី​បង្រៀន​របស់​អត្ថបទ​គម្ពីរ ១ធីម៉ូថេ ២:១៤?