in ,

ផ្លូវ​​​ទៅ​រក​សេចក្តី​ស្លាប់

មានបុរសម្នាក់អង្គុយនៅលើផ្លូវធំមួយដែលមានផ្លូវតូចៗដែលចេញជា១០ផ្លូវផ្សេងទៀត។ មានអ័ព្ទមួយយ៉ាងក្រាស់បានចុះមកលើផ្លូវទាំងនោះ ដូច្នេះហើយបានជាអ្នកដំណើរទាំងនោះមិនអាចដឹងបានថា នៅចុងបញ្ចប់នៃផ្លូវនោះមានអ្វីនោះទេ។

មុនពេលស្ដេចរបស់បុរសម្នាក់នោះបានចេញដំណើរទៅកាន់នគររបស់ទ្រង់វិញ ព្រះអង្គបានប្រាប់អំពីចុងបំផុតនៃផ្លូវនីមួយៗឲ្យបុរសនោះបានដឹង។ ផ្លូវមួយនាំគេទៅដល់រូងតោ។ ឯផ្លូវមួយទៀតនាំទៅដល់ច្រាំងថ្មដែលមានថ្មស្រួចៗនៅខាងក្រោម។ ហើយផ្លូវមួយទៀតចូលទៅក្នុងព្រៃដែលមានពេញទៅដោយសត្វកំណាចដែលចាំហែកស៊ីជាអាហារ។ ចំណែកឯផ្លូវមួយទៀតទៅកាន់វាលភក់ដែលមានខ្សាច់ផុង ហើយមិនអាចគេចផុតបានឡើយ។ ហើយផ្លូវមួយទៀតទៅកាន់ក្រុមកុលសម្ព័ន្ធដែលស៊ីសាច់មនុស្ស។ ហើយរបាយការណ៍ដែលមិនចង់ឮក៏បានបន្តនៅក្នុងរបៀបនោះ។ មានផ្លូវតែមួយគត់ដែលនាំទៅដល់នគររបស់ស្ដេចបាន។ ព្រះរាជសាររបស់ព្រះអង្គគឺច្បាស់ណាស់៖ ចូរដាស់តឿនអ្នកដទៃឲ្យដើរចេញឆ្ងាយពីការវិនាស ហើយឲ្យដើរសំដៅទៅកាន់ផ្លូវនៃជីវិតវិញ។

អ្នកដែលដើរកាត់ផ្លូវរបស់គាត់ដំបូង គឺជាបុរសវ័យក្មេងម្នាក់។ គាត់បាននិយាយទៅកាន់អ្នកដំណើរនោះថា «ឱ! សម្លាញ់អើយ! ខ្ញុំមានដំណឹងល្អសម្រាប់អ្នក! ស្ដេចនៃពិភពលោកនេះបានចាត់ខ្ញុំឲ្យមក ដើម្បីជួយអ្នក។ ក្នុងចំណោមផ្លូវទាំង១០នៅមុខអ្នក មានតែផ្លូវមួយនេះតែប៉ុណ្ណោះ ដែលមានសុវត្ថិភាព។ ហើយមិនគ្រាន់តែមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំអ្នកទៅកាន់ស្ដេច និងនគររបស់ទ្រង់ផ្ទាល់តែម្ដង—ជានគរដែលនឹងទទួលអ្នក អ្នកនឹងទទួលការបំពាក់ និងការផ្សះផ្សាដោយសេចក្ដីមេត្តាករុណាដ៏អស្ចារ្យរបស់ទ្រង់។ ចំណែកឯផ្លូវផ្សេងៗទៀត—ដូចដែលស្ដេចបានចែងយ៉ាងម៉ឺងម៉ាត់ដាក់ក្នុងបញ្ជីរបស់ទ្រង់—នាំទៅការបំផ្លាញយ៉ាងពិតប្រាកដ»។

អ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលគឺថា អ្នកដំណើរទាំងនោះមិនបានស្ដាប់តាមពាក្យណែនាំរបស់បុរសនោះទាល់តែសោះ។ មានស្ត្រីម្នាក់មកប្រកៀកដៃរបស់គាត់ ហើយស្រែកប្រាប់គាត់ឲ្យជ្រើសរើសផ្លូវមួយផ្សេងទៀតក្នុងចំណោមផ្លូវទាំង១០នេះ។ «លោក! សូមត្រឡប់មកវិញ! ផ្លូវមួយនោះជាផ្លូវទៅកាន់សេចក្ដីស្លាប់ទេ! សូមត្រឡប់មកវិញ!» គាត់បានស្រែកហៅរហូតដល់បុរសម្នាក់នោះបានបាត់ពីក្រសែភ្នែកទៅ។ អ្នកបម្រើនោះបានអង្គុយចុះដោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនម៉ោង។ តើខ្ញុំគួរធ្វើអ្វីផ្សេងទៀតទៅ?

បន្ទាប់មក ក៏មានអ្នកដំណើរទីពីរ ម្ដងនេះជាស្ត្រីវ័យក្មេងម្នាក់ បានបង្អង់ឈប់មួយភ្លែត ដើម្បីឲ្យបានស្ដាប់អំពីអ្វីដែលគាត់កំពុងនិយាយប្រាប់។ គាត់បានពិចារណាអំពីការរៀបរាប់របស់ផ្លូវនោះ ក៏ឃើញថា ផ្លូវទាំងនេះចង្អៀត ហើយពិបាក ដោយមិនបានគិតយ៉ាងម៉ត់ចត់ ក៏ជ្រើសរើសផ្លូវផ្សេងដោយទាស់ប្រឆាំងនឹងផ្លូវនេះ ហើយប្រាប់ទៅបុរសនោះវិញថា កុំបារម្ភអី ខ្ញុំនឹងមិនអីទេ។

ពេលដែលបុរសនោះឃើញអ្នកធ្វើដំណើរឯទៀតៗ នោះគាត់ក៏បានភ្លេចអំពីរឿងដ៏អាក្រក់ដែលនឹងកើតឡើងចំពោះស្ត្រីម្នាក់នោះ។ ប្ដី និងប្រពន្ធមួយគូបានដើរមកដល់គាត់ (ដោយមិនសូវមាត់ករ ឬសូម្បីតែមើលមុខគ្នា)។ គូស្នេហ៍មួយគូនេះ (ទោះបើទំនុកចិត្តរបស់ពួកគាត់មានស្មើនឹងការមិនសប្បាយចិត្តក៏ដោយ) បានឆ្លើយតបយ៉ាងឈ្លើយចំពោះការអញ្ជើញពីព្រះមហាក្សត្ររបស់បុរសម្នាក់នោះ។

ស្ត្រីម្នាក់នោះបានស្ដីបន្ទោស «ហែងក្រអឺតក្រទមសាហាវម្ល៉េះ!»។
ប្ដីក៏បានបន្ថែម «ហែងជាមនុស្សពុតត្បុត និងដើរតែការកាត់ទោសគេ»។
«សេចក្ដីស្រឡាញ់» ស្ត្រីម្នាក់នោះនិយាយមិនព្រមឈប់សោះ «ចូរឲ្យអ្នកដំណើរដទៃទៀតជ្រើសរើសផ្លូវដោយខ្លួនឯងចុះ ហើយកុំបង្ខំនរណាម្នាក់ឲ្យដើរតាមផ្លូវរបស់អ្នកឡើយ»។

គាត់បានព្យាយាមស្រែកប្រាប់ពួកគេពីក្រោយខ្នងថា វាមិនមែនជាផ្លូវរបស់គាត់នោះទេ ប៉ុន្តែជាផ្លូវរបស់ព្រះដ៏ជាស្ដេចវិញ ហើយពួកគេនៅតែមិនស្ដាប់ដដែល។ ពួកគេបានកាន់ដៃគ្នាដើរតម្រង់ទៅកាន់ផ្លូវដែលមានច្រាំងថ្ម ហើយបែរជាចំអកដល់បុរសនោះថាគាត់ជាមនុស្សល្ងីល្ងើនៅលើដងផ្លូវទៅវិញ។

គាត់បានធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ បន្ទាប់ពីគាត់បានណែនាំដូចនោះម្ដងហើយម្ដងទៀតដោយជួបការបដិសេធន៍ នោះគាត់ក៏បាក់ទឹកចិត្ត។ បេសកកម្មដែលគាត់បានចាប់ផ្ដើមដោយមានឯកសិទ្ធិក៏បានក្លាយជារឿងធម្មតា មានពេញដោយភាពច្របូកច្របល់ និងភាពសោះអង្គើយ។ ក្រុមគ្រួសារ មិត្តភក្ដិ អ្នកធ្វើការជាមួយគ្នា និងអ្នកដទៃទៀត បានឆ្លងកាត់តាមផ្លូវដែលពួកគេបានជ្រើសរើស។ គាត់បានព្យាយាមញញឹមដោយមានទឹកមុខសោះកក្រោះទៅកាន់មនុស្សដែលមិនមានការសង្ស័យក្នុងការជ្រើសរើសផ្លូវដែលពួកគេចូលចិត្ត ទៅកាន់ការបំផ្លាញទាំងស្រុង។

ហត់នឿយក្នុងការនិយាយអំពីការល្អ

ខ្ញុំមានអារម្មណ៍ដូចជាអ្នកបម្រើរបស់ស្ដេចម្នាក់នេះអញ្ចឹង។

ខ្ញុំធ្លាប់បានសួរជាញឹកញាប់ដូចហោរា អេសាយ «តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសម្ដែងចេញឲ្យអ្នកណាឃើញ» (អេសាយ ៥៣:១)។ នៅពេលដែលខ្ញុំកំពុងបរាជ័យ នោះខ្ញុំក៏ចង់ចុះចូលនឹងសេចក្ដីល្បួងនៃការចរចារ ការចរចារបានមកខ្សឹបដាក់ខ្ញុំថា «តើវាពិតជាមានតម្លៃមែនឬ?» ឬ «តើព្រះជាម្ចាស់ពិតជាបានមានព្រះបន្ទូលថា ដំណឹងល្អពិតជាអំណាចនៃព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះមែនឬ?»

ក្នុងការបន្ថែមចំពោះពាក្យខ្សឹបខ្សៀវមួយនេះ វាជំរុញខាងឯសាច់ឈាមក្នុងការគេចចេញពីការសន្ទនាដែលអាចនាំទៅរកភាពឆ្គាំឆ្គង ឬការបដិសេធបានយ៉ាងងាយស្រួល។ មានអ្នកខ្លះនៅក្នុងចំណោមយើង រួមទាំងខ្ញុំដែរ យកចិត្តទុកដាក់ចំពោះសម្លេងដែលប្រាប់យើងថា «ទៅទីនោះ» ថាមិនគួរសម ឬជាការសន្យា ជាជាងសម្លេងដែលប្រាប់យើងឲ្យចែកចាយពីព្រះនាមដែលបានប្រទានមកនៅក្រោមមេឃដែលតាមរយៈព្រះនាមនោះ ពួកគេនឹងទទួលបានសេចក្ដីសង្គ្រោះ (កិច្ចការ ៤:១២)។ ប៉ុន្តែ សំណួរមួយនេះ «តើពួកគេនឹងគិតដូចម្តេចអំពីខ្ញុំ?» បានរារាំងមនុស្សជាច្រើនមិនឲ្យនិយាយអំពីព្រះនាមព្រះគ្រីស្ទ។

ឥឡូវនេះ សូមបន្ថែមពាក្យផ្អែមល្ហែមទាំងនេះទៅក្នុងការប្រឈមបញ្ហាផ្សេងៗនៅក្នុងថ្ងៃរបស់យើងទៅលើពាក្យ «ការអត់ឱន»—ជាពាក្យដែលបញ្ចុះបញ្ចូលគ្រីស្ទបរិស័ទឲ្យចូលរួមក្នុងការចុះចូលជាមួយនឹងការចរចាខណៈពេលដែលមនុស្សជាច្រើនដើរសំដៅទៅកាន់ផ្លូវវិនាស។ ខណៈពេលដែលព្រះយេស៊ូវមិនមានការខ្មាសអៀនក្នុងការប្រាប់មនុស្សដទៃថា មានតែទ្រង់ទេគឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត (យ៉ូហាន ១៤:៦) ជាញឹកញាប់ យើងតែងតែបរាជ័យក្នុងការចែកចាយសារនៃការសង្គ្រោះជីវិតដែលព្រះជាម្ចាស់បានប្រទានមកកាន់យើង។

ពាក្យបណ្ដាំទៅកាន់អ្នកធ្វើដំណើរ

ប្រសិនបើលោកអ្នកកំពុងគិតពិចារណាថា គួរជ្រើសរើសយកផ្លូវមួយណា ហើយចង់ដឹងពីមាគ៌ារបស់ស្ដេច នេះគឺជាចម្លើយសម្រាប់លោកអ្នក៖ ព្រះយេស៊ូវតែមួយអង្គគត់ជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ ទ្រង់តែមួយអង្គគត់ជាអ្នកសម្របសម្រួលរវាងព្រះនឹងមនុស្ស (១ធីម៉ូថេ ២:៥)។ ទ្រង់តែមួយគឺជាអ្នកផ្សះផ្សាជាមួយមនុស្សមានបាប (កូឡូស ១:២០)។ ទ្រង់តែមួយដែលបង្ហាញអំពីភាពល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ (ហេព្រើរ ១:៣)។ ទ្រង់តែមួយគឺជាសេចក្ដីរស់ឡើងវិញ និងជាជីវិត (យ៉ូហាន ១១:២៥)។ ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ (កិច្ចការ ៤:១២)។ មានផ្លូវពីរប្រភេទ៖ ផ្លូវរបស់ព្រះគ្រីស្ទ និងផ្លូវទៅកាន់ភាពវិនាស (ម៉ាថាយ ៧:១៣)។ គ្រប់ផ្លូវដែលមិននាំទៅរកការប្រែចិត្ត និងការមានជំនឿលើព្រះគ្រីស្ទ ដើម្បីទទួលបានការអត់ទោសរួចពីអំពើបាប គឺជាផ្លូវដែលនាំទៅកាន់សេចក្ដីស្លាប់ដែលមិនចេះចប់។

ព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកពិភពលោក ពេញទៅដោយមនុស្សមានបាបដែលកំពុងវិនាស ដើម្បីឲ្យទ្រង់សង្គ្រោះ និងប្រទានជីវិតដ៏នៅអស់កល្បជានិច្ចទៅកាន់អស់អ្នកដែលទទួលជឿព្រះអង្គ (យ៉ូហាន ៣:១៦-១៨)។ ព្រះនាមព្រះយេស៊ូវគឺជានាមមួយដែលបានប្រទានមកអ្នករាល់គ្នាសម្រាប់ទទួលបានសេចក្ដីសង្គ្រោះ។ ទ្រង់គឺជាអង្គតែមួយដែលអាចដកអំពើបាបរបស់លោកអ្នកចេញបាន។ អំពើល្អរបស់លោកអ្នកនឹងមិនសង្គ្រោះលោកអ្នកបានទេ ចរិតល្អរបស់លោកអ្នកនឹងមិនអាចជាទីពឹងជ្រករបស់លោកអ្នកបានដែរ បំណងល្អរបស់លោកអ្នកនឹងមិនអាចគ្របបាំងភាពអាក្រាតរបស់លោកអ្នកបានដូចគ្នា។ ទេវតានៃសេចក្ដីស្លាប់កំពុងដើរនៅខាងក្រៅ៖ មានតែទ្វារដែលបានលាបដោយព្រះលោហិតរបស់ព្រះគ្រីស្ទនៅលើក្របទ្វារប៉ុណ្ណោះដែលអាចសង្គ្រោះលោកអ្នកបាន។

សូមពិចារណាអំពីផ្លូវរបស់លោកអ្នកមុនវាយឺតពេល។ ការមិនជ្រើសរើសផ្លូវមួយ ក៏ជាផ្លូវដែរ។ ការជឿជាក់ថា គ្មានផ្លូវពិត ក៏ជាផ្លូវមួយដែរ។ គោលលទ្ធិនៃការជឿលើសីលធម៌ សម្ភារៈនិយម និងសាសនាមិនពិតផ្សេងៗក៏មានផ្លូវរបស់ពួកវាដែរ។ ចូរប្រៀបធៀបសាសនាទាំងនេះជាមួយនឹងផ្លូវតែមួយប៉ុណ្ណោះដែលអាចនាំទៅរកជីវិតបាន ដែលនោះគឺជាព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ព្រះអង្គ។

តើនេះជាអាកប្បកិរិយាសមរម្យមែនឬ? អត់ទេ! ជាការអត់ឱនមែនឬ? អត់ទេ! ដែលមានឯកសិទ្ធិពិសេសមែនឬ? ប្រាកដណាស់! ពេញដោយសេចក្ដីស្រឡាញ់មែនឬ? ពិតប្រាកដណាស់! «តែឯព្រះ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង» (រ៉ូម ៥:៨)។ តើលោកអ្នកនឹងចូលរួមជាផ្នែកមួយជាមួយពួកយើងដែរឬទេ?

ការអង្វរករដល់គ្រីស្ទបរិស័ទ

ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកជាម្នាក់ក្នុងចំណោមបុរស ឬស្ត្រីទាំងនោះដើរដល់ផ្លូវបែក ដែលស្ដេចបានបង្គាប់ឲ្យមានការព្រមាន និងណែនាំ ដូច្នេះ ចូរកុំឲ្យចុះចាញ់ ឬបោះបង់ឡើយ ដ្បិតលោកីយ៍នេះត្រូវការការប្រកាសប្រាប់របស់លោកអ្នក។ កុំឲ្យលុតជង្គង់ថ្វាយបង្គំរូបសំណាក់ដែលលោកីយ៍បានសង់ហើយហៅថាជា «ការស្រឡាញ់» នោះឡើយ។ ចំណុចចរចាគឺជាសេចក្ដីស្រឡាញ់ក្នុងករណីតែមួយប៉ុណ្ណោះ គឺការគោរពខ្លួនឯង និងអំពើបាប ព្រងើយកន្តើយចំពោះមហាជនដែលកំពុងធ្វើដំណើរទៅកាន់ស្ថាននរក ហើយជាការព្រមទទួលយកនូវភាពកំសាកដែលធ្វើឲ្យយើងមានការមិនអើពើលើបុគ្គលដែលកំពុងវិនាស ដែលយើងអះអាងថាខ្លួនស្រឡាញ់។

ប្រសិនបើយើងជឿស្ដេចរបស់យើង នោះយើងមិនអាចអង្គុយនៅស្ងៀមបានទេ ប្រសិនបើយើងពិតជាខ្វាយខ្វល់អំពីព្រលឹងអ្នកដទៃមែន នោះយើងក៏នឹងមិនអាចនៅស្ងៀមដែរ។ បើសិនជាយើងពិតជាស្រឡាញ់សិរីល្អរបស់ព្រះជាម្ចាស់មែន នោះយើងត្រូវតែហាមាត់និយាយ។ យើងមិនអាចមើលគ្រួសារ មិត្តភក្ដិ ហើយសូម្បីតែសត្រូវដើរឆ្លងកាត់ដោយមានការព្រងើយកន្តើយចំពោះពួកគេនោះទេ។

តាមត្រូវពេលកំណត់

នៅទីបំផុត អ្នកបម្រើរបស់ស្ដេចម្នាក់នេះ តាមរយៈការពិចារណាអំពីទំនាក់ទំនងរបស់គាត់ផ្ទាល់ជាមួយនឹងស្ដេច និងការសញ្ជឹងគិតលើព្រះបន្ទូលរបស់ទ្រង់ នោះគាត់ក៏ទទួលបានកម្លាំងចិត្តចេញពីព្រះរាជសាររបស់ទ្រង់ឡើងវិញ។

មានបុរសចំណាស់ម្នាក់បានដើរយ៉ាងយឺតៗតាមផ្លូវតម្រង់មករកគាត់។
«លោកពូ! ខ្ញុំមានដំណឹងល្អមួយយ៉ាងអស្ចារ្យសម្រាប់លោកពូ ហើយខ្ញុំសង្ឃឹម ហើយអធិស្ឋានថា លោកពូនឹងទទួលយកវាដែរ។ ស្ដេចនៃខ្ញុំបានចាត់ខ្ញុំឲ្យមកជាមួយនឹងសារបន្ទាន់មួយដែលថាលោកពូ សូម្បីតែនៅវ័យចំណាស់ដូចលោកពូក៏ដោយ ក៏អាចស្វែងរកជីវិតដ៏នៅអស់កល្បជានិច្ចបានដែរ។ លោកពូ! ផ្លូវមួយនេះ ទោះបីជាវាពិបាក ហើយមានទ្វាដែលតូចចង្អៀតមែន ប៉ុន្តែវាជាផ្លូវតែមួយគត់ដែលនាំទៅរកជីវិត។ ផ្លូវផ្សេងៗទៀតមានអ្វីមួយដែលអាក្រក់ជាងសេចក្ដីស្លាប់ដែលមានចែងនៅលើវាទៅទៀត។ សូម្បីតែឥលូវនេះ ក៏ស្ដេចរបស់ខ្ញុំកំពុងរង់ចាំ និងត្រៀមហើយរួចរាល់ក្នុងការទទួលលោកពូ»។

ហេតុអ្វីបានជាស្ដេចមួយអង្គនេះប្រទាននូវការស្វាគមន៍ដូចនេះមកកាន់ខ្ញុំ»?

«ដោយសារតែសេចក្ដីស្រឡាញ់ដ៏មហិមារបស់ទ្រង់ នោះទ្រង់បានធ្វើឲ្យមានផ្លូវមួយ—តាមរយៈការបង់ថ្លៃយ៉ាងខ្ពស់បំផុតចំពោះអង្គទ្រង់ផ្ទាល់—ក្នុងការទទួលអស់អ្នកណាដែលមកឯទ្រង់ដោយជំនឿ…មែនហើយ! សូម្បីតែលោកពូ…មែនហើយ! នោះគឺជាសេចក្ដីសន្យារបស់ព្រះអង្គ…មែនហើយ! គឺជាផ្លូវមួយនេះ។

ចូរកុំឲ្យចុះចាញ់ឡើយ ក៏កុំឲ្យបោះបង់ដែរ។ សូមបន្តអធិស្ឋានសម្រាប់កូនៗរបស់លោកអ្នក៖ សូមបន្តនិយាយអំពីសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ទៅកាន់អ្នកជិតខាង សូមបន្តចង្អុលបង្ហាញទៅកាន់ព្រះយេស៊ូវគ្រីស្ទ។ កុំឲ្យយើងណាយចិត្តនឹងការនិយាយល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ (កាឡាទី ៦:៩)។

និពន្ធដោយ៖ លោកគ្រូ Greg Morse
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖លោក ឈាង​ បូរ៉ា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ធីម៉ូថេ ឯក និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សូមដាក់ព្រះគ្រីស្ទ និងព្រះហឫទ័យរបស់ទ្រង់ជាចម្បង

រកឃើញព្រះអង្គ ហើយជាមួយទ្រង់រាល់គ្រប់អ្វីៗ