in ,

គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ​ក្នុង​ការ​រៀបចំ​ការ​អធិស្ឋាន​របស់​លោក​អ្នក

ខ្ញុំ​ចូល​ចិត្ត​រុករក​នូវ​អ្វី​ដែល​ខ្ញុំ​ហៅ​ថា «គន្លឹះ​នៃ​សេចក្ដី​ជំនឿ» ដែល​ជា​វិធីសាស្ត្រ ឬ​តិចនិក​ងាយៗ​សម្រាប់​រស់នៅ​ជា​ជីវិត​គ្រីស្ទ​បរិស័ទ។ នៅ​ពេល​ដែល​ខ្ញុំ​អាន ស្ដាប់​សេចក្ដី​អធិប្បាយ និយាយ​ទៅ​កាន់​អ្នក​ដទៃ ខ្ញុំ​តែង​តែ​ស្វែង​រក​នូវ​គំនិត​យោបល់​អំពី​របៀប​ដែល​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​រស់​នៅ​ដោយ​បង្ហាញ​អំពី​ជំនឿ​របស់​ពួក​គេ​តាម​វិធី​ងាយៗ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ចែក​រំលែក​នូវ​វិធី​ដ៏​សាមញ្ញ​បំផុត​មួយ ដើម្បី​បង្ហាញ​អំពីការ​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ចេះ​បម្រើ។ ថ្ងៃ​នេះ ខ្ញុំ​ប្ដូរ​មក​ចែក​ចាយ​អំពី​ការ​អធិស្ឋាន​ម្ដង។

ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​ប្រាប់​យើង​ថា យើង​អាច​អធិស្ឋាន​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រាប់​យើង​ថា យើង​គួរ​តែ​ និង​ត្រូវ​តែ​អធិស្ឋាន​ផង​ដែរ។ ការ​អធិស្ឋាន​គឺ​ជា​ទំនួល​ខុស​ត្រូវ ក៏​ដូច​ជា​អភ័យឯកសិទ្ធិ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ទំនួល​ខុស​ត្រូវ និង​អភ័យឯកសិទ្ធិ​ធំៗ​មួយ​ចំនួន​ទៀត​របស់​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​ការ​អធិស្ឋាន​ក៏​មិន​ងាយ​ស្រួល​ដែរ។ ការ​អធិស្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​គឺ​ជា​ការ​លំបាក ហើយ​ការ​អធិស្ឋាន​ជា​ប្រព័ន្ធ​ក៏​លំបាក​ដែរ។

គ្រីស្ទ​បរិស័ទ​បាន​បង្កើត​គំរូ និង​ប្រព័ន្ធ​ជា​ច្រើន ដើម្បី​ជួយ​ពួក​គាត់​នៅ​ពេល​ដែល​ពួក​គាត់​អធិស្ឋាន។ គំរូ​អធិស្ឋាន​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​គឺ​គំរូ​នៃ​ការ​អធិស្ឋាន​ក្នុង​សំណុំ​រង្វង់​របស់​លោកគ្រូ ចន ផាយភ័រ (John Piper)។ នៅ​ក្នុង​សេចក្ដី​អធិប្បាយ​មួយ​កាល​ពី​ខែ​មករា ឆ្នាំ២០០០ ស្ដី​អំពី​ការ​អំពាវនាវ​របស់​សាវ័ក ប៉ុល ឲ្យ​អធិស្ឋាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ កូឡូស ៤:២ លោក​គ្រូ ចន បាន​រៀប​រាប់​អំពី​របៀប​ដែល​លោក​រៀប​ចំ​ការ​អធិស្ឋាន​របស់​ខ្លួន។

សូម​ពិចារណា​ក្នុង​ការ​អធិស្ឋាន​ក្នុង​សំណុំ​រង្វង់​ដោយ​ចាប់​ផ្ដើម​ពី​ព្រលឹង​ផ្ទាល់​របស់​លោក​អ្នក ហើយ​ចេញ​ទៅ​ពិភព​លោក​ទាំង​មូល។ នេះ​ជា​ការ​អនុវត្ត​ជា​ប្រចាំ​របស់​ខ្ញុំ។ ខ្ញុំ​អធិស្ឋាន​សម្រាប់​ព្រលឹង​ផ្ទាល់​របស់​ខ្ញុំ​ជា​មុន។ នេះ​មិន​មែន​ដោយ​ព្រោះ​ខ្ញុំ​ស័ក្តិសម​ជាង​អ្នក​ឯ​ទៀត​នោះ​ទេ ប៉ុន្តែ​ដោយ​ព្រោះ​ថា​ប្រសិន​បើ​ព្រះ​ជាម្ចាស់​មិន​ដាស់ ពង្រឹង បន្ទាប​ចុះ និង​បំពេញ​ព្រលឹង​របស់ខ្ញុំ​ជា​មុន​សិន​ទេ នោះ​ខ្ញុំ​មិន​អាច​អធិស្ឋាន​សម្រាប់​ព្រលឹង​របស់​អ្នក​ផ្សេង​ទៀត​បាន​នោះ​ទេ។ ដូច្នេះ ខ្ញុំ​ទូល​អង្វរ​ទៅ​កាន់​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ព្រឹក​សម្រាប់​ការ​ទ្រាំទ្រ ការ​បន្សុទ្ធ និង​អំណាច​នៃ​ព្រលឹង​ផ្ទាល់​របស់​ខ្ញុំ។

បន្ទាប់​មក ខ្ញុំ​ចូល​ទៅ​ស្រទាប់​សំណុំ​រង្វង់​បន្ទាប់ គឺ​គ្រួសារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​អធិស្ឋាន​សម្រាប់​ពួក​គេ​ម្នាក់ៗ​ចំ​ឈ្មោះ​តែ​ម្ដង​ដូច​ជា៖ ណូអែល សែលលី ប៊ែនយ៉ាមីន អ័ប្រាហាំ បាណាបាស តាប៊ីថា និង​បង​ប្អូន​សាច់​ឆ្ងាយ​របស់​ខ្ញុំ​មួយ​ចំនួន​ទៀត។

បន្ទាប់​មក ខ្ញុំ​ចូល​ទៅ​ស្រទាប់​សំណុំ​រង្វង់​បន្ទាប់ គឺ​បុគ្គលិក និង​ពួក​ចាស់ទុំ​នៃ​ក្រុម​ជំនុំ បេថ្លេហិម។ ខ្ញុំ​អធិស្ឋាន​ចំ​ឈ្មោះ​របស់​ពួក​គេ​ទាំង​អស់។

បន្ទាប់​មក ខ្ញុំ​អធិស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដែល​ជា​ក្រុមជំនុំ​បាទីស្ទ​បេថ្លេហិម។ ហើយ​បន្ទាប់​មក ខ្ញុំ​អធិស្ឋាន​ចេញ​ពី​ចំណុច​នោះ មក​អធិស្ឋាន​ពី​បញ្ហា និង​ក្រុម​ផ្សេងៗ​នៅ​ពេល​វេលា​ខុសៗ​គ្នា​ដូច​ជា៖ បេសកជន​របស់​យើង និកាយ​របស់​យើង សាលា​រៀន​របស់​យើង មហា​សន្និបាត​បាទីស្ទ ការ​ផ្សាយ​ដំណឹង​ល្អ​ទូ​ទៅ និង​ក្រុម​ជំនុំ​ជុំ​វិញ​ពិភព​លោក ជា​ពិសេស​ក្រុម​ជំនុំ​ដែល​កំពុង​រង​ទុក្ខ​លំបាក។ រង្វង់​ធំៗ​ខាង​ក្រៅ​រួម​មាន​ទីក្រុង រដ្ឋ ជាតិ​សាសន៍ និង​បញ្ហា​សង្គម​វប្បធម៌​ពិភព​លោក។

លោក​អ្នក​មិន​អាច​អធិស្ឋាន​សម្រាប់​គ្រប់​ទាំង​រឿង​គ្រប់​ពេល​បាន​នោះ​ទេ។ ដូច្នេះ ការ​អធិស្ឋាន​របស់​លោក​អ្នក​ត្រូវ​តែ​មាន​ភាព​ខុសៗ​គ្នា។ ហើយ​ចិត្ត​របស់​លោក​អ្នក​ក៏​នឹង​កំណត់​បន្ទុក​ភាគ​ច្រើន​របស់​លោក​អ្នក​ផង​ដែរ។ ថ្ងៃ​ខ្លះ លោក​អ្នក​អាច​អធិស្ឋាន​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ ឬ​បុគ្គលិក​ម្នាក់ ឬ​វិបត្តិ​មួយ​នៅ​ក្នុង​ក្រុម​ជំនុំ បើ​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​ពិភព​លោក​នេះ​នឹង​យក​ពេល​វេលា​របស់​លោក​អ្នក​ស្ទើរ​ទាំង​អស់​ជា​មិន​ខាន។ ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​មាន​គំរូ​មួយ—ដូច​ជា​គំរូ​អធិស្ឋាន​តាម​សំណុំ​រង្វង់​នេះ—នោះ​លោក​អ្នក​នឹង​មិន​មាន​ការ​លំបាក​ថា ត្រូវ​ចាប់​ផ្ដើម​ការ​អធិស្ឋាន​ពី​ត្រង់​ចំណុច​ណា​នោះ​ទេ។

នេះ​ជា​វិធី​ដ៏​សាមញ្ញ ហើយ​ងាយ​ស្រួល៖ ដោយ​ចាប់​ផ្ដើម​អធិស្ឋាន​ពី​សំណុំ​រង្វង់​ជិត​ចេញ​ទៅ​សំណុំ​រង្វង់​ឆ្ងាយ​ទៅៗ។

ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​ប្រាប់​យើង​ថា យើង​អាច​អធិស្ឋាន​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រាប់​យើង​ថា យើង​គួរ​តែ​ និង​ត្រូវ​តែ​អធិស្ឋាន​ផង​ដែរ។ ការ​អធិស្ឋាន​គឺ​ជា​ទំនួល​ខុស​ត្រូវ…

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ ជឿន ជីវិចន្ធា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, កញ្ញា ហុង រស្មី និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចំពោះ​លោក​អ្នក តើ​ព្រះ​យេស៊ូវ​ជា​នរណា?

ដំណឹង​ល្អ​