ហេតុអ្វីបានជាយើងរាប់គោលលទ្ធិនៃភាពជាព្រះរាជបុត្រាតាំងពីអស់កល្បថាជាទ្រព្យដ៏មានតម្លៃ?
ទេវវិទ្យាដែលល្អគឺជាការអញ្ជើញយើងឲ្យមើលកាន់តែស៊ីជម្រៅទៅកាន់ចំណុចមួយចំនួនដែលយើងជឿ។ នៅពេលយើងនិយាយអំពីគោលលទ្ធិដ៏សំខាន់បំផុត នោះយើងមានអត្ថប្រយោជន៍នៃប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃគោលលទ្ធិ និងការលន់តួបាបក្នុងការជួយយើងឲ្យដើរតាមផ្លូវនោះ។ ឧទាហរណ៍៖ យើងជឿថា ព្រះដ៏ជាព្រះរាជបុត្រាគឺ «ជាស្ងួនភ្ងាដ៏អស់កល្បជានិច្ច មិនមែនជាបុត្រាដែលព្រះវរបិតាបង្កើត ព្រះអង្គគ្មានការចាប់ផ្ដើម ហើយក៏មានលក្ខណៈដូចព្រះវរបិតាផងដែរ»។ តើឃ្លាដែលថា ជាបុត្រាតាំងពីអស់កល្បមានន័យយ៉ាងដូចម្ដេច ហើយហេតុអ្វីបានជាការនេះមានសារៈសំខាន់?
ជំនឿនៅលើព្រះយេស៊ូវដែលថា ទ្រង់ជាព្រះរាជបុត្រានៃព្រះគឺជាខ្លឹមសារដ៏សំខាន់ក្នុងភាពជាគ្រីស្ទបរិស័ទ។ ព្រះគម្ពីរ ១យ៉ូហាន ៤:១៥ បានចែងថា «អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ»។ យើងប្រកាសថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះក្នុងការឆ្លើយតបចំពោះចម្លើយនៃសារដំណឹងល្អដែលថា «ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក» (១យ៉ូហាន ៤:១៤)។ ប៉ុន្តែ នៅពេលយើងបានប្រកាសថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ នោះយើងនឹងមានហេតុផលដ៏ល្អមួយក្នុងការសួរខ្លួនឯងថា តើភាពជាបុត្រារបស់ទ្រង់ស៊ីជម្រៅប៉ុណ្ណា ឬឈានដល់កម្រិតណា?
ចម្លើយនោះគឺថា ភាពជាបុត្រានៃព្រះរាជបុត្រាគឺមានភាពស៊ីជម្រៅដូចជាព្រះដែរ៖ វាត្រឡប់ទៅក្នុងភាពជាព្រះវិញ។ មិនដែលមានពេលណាមួយដែលព្រះរាជបុត្រាមិនមែនជាព្រះរាជបុត្រានោះឡើយ។
តើមានមធ្យោបាយណាផ្សេងទៀតទេ?
មធ្យោបាយផ្សេងៗទៀតមិនអាចទទួលយកបានឡើយ។ ឧទាហរណ៍៖ ប្រសិនបើមាននរណាម្នាក់និយាយថា ព្រះយេស៊ូវមិនតែងតែជាព្រះរាជបុត្រានៃព្រះរហូតទេ ប៉ុន្តែបានក្លាយជាព្រះរាជបុត្រានៅក្នុងចំណុចមួយចំនួនអំឡុងពេលព្រះអង្គមានព្រះជន្មរបស់ព្រះអង្គប៉ុណ្ណោះ—ឧទាហរណ៍៖ ដូចជានៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើទ្រង់ ឬពេលព្រះអង្គផ្លាស់ប្រែ ឬពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ—ដែលនោះជាប្រភេទនៃការប្ដូរអត្ថន័យដែលមិនសមរម្យបំផុត។ ការនោះនឹងកំណត់ភាពជាព្រះរាជបុត្រាត្រឹមដំណាក់កាលមួយនៃព្រះជន្មរបស់ព្រះគ្រីស្ទប៉ុណ្ណោះ រួចហើយកាត់ភាពជាព្រះចេញមុនពេលទទួលស្គាល់ពីដើម ឬដ៏អស់កល្បរបស់ទ្រង់ជាមិនខាន។
ឬក៏ប្រសិនបើនរណាម្នាក់បានសារភាពថា តែងតែមានរឿងបែបនេះដូចជាបុគ្គលទីពីរនៃព្រះត្រៃឯក ប៉ុន្តែបុគ្គលនោះមិនមែនជា «ព្រះរាជបុត្រា» ទេ រហូតទាល់តែទ្រង់បានប្រសូតមក។ ការបែបនោះក៏ជាការកាត់ចេញនូវភាពជាព្រះរាជបុត្រាមុនពេលដែលវាទៅដល់ចំណុចពីមុនដែរ។ នៅក្នុងដំណើររឿងនេះ យើងមានព្រះយេស៊ូវដែលជាព្រះរាជបុត្រានៅខាងយើង ប៉ុន្តែនៅខាងព្រះជាម្ចាស់ មិនមានភាពជាព្រះរាជបុត្រាទេ។ ប៉ុន្តែ ប្រសិនបើភាពជាព្រះរាជបុត្រាមានពិតប្រាកដតែនៅខាងយើងទេ ហើយមិនស្របនឹងអ្វីដែលមាននៅក្នុងព្រះជាម្ចាស់ទេ នោះតើធ្វើដូចម្ដេចឲ្យគេដឹងថា ព្រះជាម្ចាស់ទ្រង់ចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមក?
ដែលអាចចាត់ឲ្យមកតាំងពីអស់កល្ប
នៅពេលព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា (១យ៉ូហាន ៤:១៤; កាឡាទី ៤:៤) នោះគេនិយាយដោយសន្មតថា ព្រះវរបិតាតែងតែមានព្រះរាជបុត្រានៅជាមួយព្រះអង្គដែលអាចចាត់ឲ្យមកបាន។ ព្រះរាជបុត្រាតែងតែគង់នៅទីនោះជាមួយព្រះវរបិតា៖ ព្រះជាម្ចាស់តែមួយតែងតែជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ជម្រៅនៃសារតាមបទគម្ពីរនៃសេចក្ដីសង្គ្រោះដែលថា អ្វីដែលយើងជួបប្រទះនៅក្នុងព្រះគ្រីស្ទគឺមិនមែនជាព្រឹត្តិការណ៍ ឬការរៀបចំឡើយ ប៉ុន្តែគឺថា នៅពេលយើងជួបព្រះរាជបុត្រា នោះយើងជួបអង្គមួយដែល «ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក» (យ៉ូហាន ១:២) ជាអង្គមួយដែល «រស់នៅអស់កល្បជានិច្ចដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ» (១យ៉ូហាន ១:២)។
នេះគឺជាបន្ទាត់នៃការគិតតាមព្រះគម្ពីរដែលបានបង្ហាញតាំងពីបុរាណនៅក្នុងសតវត្សទី៤នៅក្នុង «គោលជំនឿណៃសៀ» (Nicean Creed) ដែលបានទទួលស្គាល់ព្រះយេស៊ូវថាជាព្រះរាជបុត្រា និងបានហៅទ្រង់ថា «បានបង្កើតតាំងពីអស់កល្ប»។ ពាក្យថា «បានបង្កើត» “begotten” សព្វថ្ងៃនេះ ស្ដាប់ទៅហាក់បីដូចជាចាស់គម្រិលហើយ ប៉ុន្តែវាមានន័យថា «មានប្រភពមកពីព្រះវរបិតា»។ វាដូចជាការប្រៀបធៀបរវាងខាងឪពុក និងខាងម្ដាយដោយប្រើពាក្យ «កើត» ដែរ៖ កូនៗកើតមកពីប្រភពនៃឪពុក ហើយកើតចេញពីម្ដាយមក។
ដោយហៅព្រះដ៏ជាព្រះរាជបុត្រាថាស្ងួនភ្ងា ប្រពៃណីរបស់គ្រីស្ទបរិស័ទគឺមានការបង្ហាញយ៉ាងច្បាស់ថា ភាពជាបុត្រារបស់ព្រះគ្រីស្ទមានឫសគល់រហូតទៅដល់ភាពនៃព្រះមកម៉្លេះ។ ព្រះរាជបុត្រាមានកម្មសិទ្ធិក្នុងភាពជាព្រះ ឬមានលក្ខណៈដូចព្រះ ដើម្បីនិយាយនៅក្នុងភាសាទំនាក់ទំនងនៃព្រះត្រៃឯក នោះគឺថា ព្រះរាជបុត្រាគឺជាអង្គមួយដែលមានលក្ខណៈដូចជាព្រះវរបិតាដែរ។
ហេតុអ្វីបានជាត្រូវប្រើភាសាក្រៅព្រះគម្ពីរ?
វាទំនងជាមានសុវត្ថិភាពជាងក្នុងការកម្រិតខ្លួនយើងត្រឹមភាសាក្នុងព្រះគម្ពីរតែប៉ុណ្ណោះ ហើយក៏មិនទៅណាឆ្ងាយក្រៅពីការគាំទ្រថា ទ្រង់ជាព្រះរាជបុត្រានោះដែរ។ ប៉ុន្តែ បន្ទាប់ពីយើងបានដកស្រង់ចេញពីភាសាក្នុងព្រះគម្ពីររួចមក នោះយើងឃើញថា តម្លៃនៃការប្រើប្រាស់ពាក្យគន្លឹះមួយចំនួនដែលមិនត្រូវបានដកស្រង់ចេញដោយផ្ទាល់ពីព្រះគម្ពីរ គឺជាអ្វីដែលយើងអាចប្រើប្រាស់ ដើម្បីបញ្ជាក់នូវអ្វីដែលយើងយល់ពីព្រះគម្ពីរចំពោះអត្ថន័យរបស់វា។
នេះគឺជាជំហានដ៏ជាក់លាក់ដែលយើងប្រើនៅពេលដែលយើងនិយាយថា ព្រះរាជបុត្រាមកពីព្រះវរបិតាតាំងពីអស់កល្បមកម៉្លេះ។ យើងកំពុងបញ្ជាក់ថា នៅពេលដែលយើងនិយាយថា «ព្រះរាជបុត្រា» យើងមិនមែនមានន័យថា គ្រាន់តែជាអ្វីដែលមានភាពទាក់ទងជាមួយនឹងប្រភេទនៃកូនចិញ្ចឹមណាមួយនោះទេ។ ឧទាហរណ៍៖ យើងមិនមែនមានន័យថា ព្រះរាជបុត្រានេះក្មេងជាង ឬមានម្ដាយជាព្រះ ឬស្ថិតនៅក្រោមអំណាចនៃការគ្រប់គ្រងរបស់ឪពុកម្ដាយនោះទេ។
ការគាំទ្រការចាប់កំណើតតាំងពីអស់កល្បរបស់ទ្រង់បង្ហាញថា យើងកំពុងផ្ដោតលើទំនាក់ទំនងដ៏អស់កល្ប និងពិសេសមួយជាមួយភាពជាព្រះ ជាជាងផ្ដោតទៅលើទំនាក់ទំនងដោយសេរីចំពោះគ្រប់ទាំងទិដ្ឋភាពនៃភាពជាកូននៅផែនដីជាមួយនឹងភាពជាព្រះរាជបុត្រាដ៏ជាព្រះ ។ ព្រះរាជបុត្រាមកពីព្រះវរបិតា ពោលគឺមានភាពអស់កល្បដូចគ្នា ភាពជាព្រះដូចគ្នា និងមានភាពស្មើគ្នា។ ភាពជាព្រះរាជបុត្រាតាំងពីអស់កល្បមកមានន័យថា យើងមិនគួរយកគំនិតទាំងអស់របស់យើងអំពីភាពជាកូន ហើយអនុវត្តគំនិតទាំងនោះទៅលើទ្រង់ឡើយ ប៉ុន្តែ យើងគួររៀនចេញពីព្រះរាជបុត្រាដ៏អស់កល្បនូវអ្វីដែលព្រះអង្គមានន័យដោយការហៅអង្គទ្រង់ថាជាព្រះរាជបុត្រារបស់ព្រះនោះវិញ។
ហេតុអ្វីបានជាការនេះសំខាន់?
តើភាពជាបុត្រាតាំងពីអស់កល្បមានសារៈសំខាន់ប៉ុណ្ណា? តម្លៃមូលដ្ឋានរបស់វាគឺថា វាបានប្រាប់អំពីសេចក្ដីពិតដែលថា តើព្រះដ៏ជាព្រះរាជបុត្រាជានរណាដោយយោងតាមបទគម្ពីរ។ ទោះបីវាជាការពិតដោយគ្មានផលប៉ះពាល់ជាក់ស្ដែងបន្ថែមទៀតក៏ដោយ ក៏ការនោះមានភាពគ្រប់គ្រាន់ដែរ ពីព្រោះការប្រកាសពីភាពជាបុត្រាដ៏អស់កល្បរបស់ព្រះរាជបុត្រានឹងជួយយើងក្នុងការរក្សាលំនឹងមិនមែនគ្រាន់តែក្នុងជំនឿលើព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែលើគ្រប់ចំណុចទាំងអស់ដែលយើងនិយាយអំពីព្រះរាជបុត្រាផងដែរ។
ប៉ុន្តែ វាជាគោលលទ្ធិដែលមានអត្ថន័យជាក់ស្ដែងផងដែរ ដោយសារតែភាគច្រើនវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងគោលលទ្ធិនៃសេចក្ដីសង្គ្រោះ។ យើងបាននិយាយអំពីសារៈសំខាន់នៃការតាមដានរកប្រភពនៃភាពជាកូនចិញ្ចឹមរហូតដល់ភាពជាព្រះ ដើម្បីប្រកាសឲ្យកាន់តែច្បាស់ជាងមុនថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ការមានភាពរីកចម្រើនក្នុងភាពជាកូនចិញ្ចឹមក្នុងភាពជាព្រះ ក្នុងអង្គដែល «បានមកពីព្រះវរបិតាតាំងពីអស់កល្ប ប៉ុន្តែព្រះជាម្ចាស់មិនបានសូន្យ ឬក៏បង្កើតទ្រង់ឡើង ព្រះអង្គគ្មានការចាប់ផ្ដើម ហើយក៏មានលក្ខណៈដូចព្រះវរបិតាផងដែរ» ក៏មានន័យថា ភាពជាកូនចិញ្ចឹមរបស់យើងមានឫសគល់ក្នុងព្រះជាម្ចាស់ផងដែរ។
នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សមានបាប ព្រះអង្គបានធ្វើដូចនោះដោយទ្រង់បានយាងមកឯយើងនៅពេលដែលយើងត្រូវការទ្រង់យ៉ាងខ្លាំង ហើយព្រះអង្គបាននាំយើងចូលក្នុងព្រះជន្មរបស់ព្រះអង្គដោយទទួលបានព្រះពរ និងការរួបរួម។ ព្រះជាម្ចាស់បានបើកសម្ដែងអំពីព្រះជន្មនៃភាពជាព្រះរបស់ព្រះអង្គមកកាន់យើងដោយមិនបានធ្វើឲ្យខូចភាពជាព្រះរបស់ព្រះអង្គ ឬបំផ្លាញភាពជាមនុស្សរបស់យើងឡើយ ពីព្រោះព្រះដ៏ជាព្រះវរបិតាបានបញ្ជូនព្រះដ៏ជាព្រះរាជបុត្រា និងព្រះដ៏ជាព្រះវិញ្ញាណបរិសុទ្ធឲ្យមកហ៊ុមព័ទ្ធយើងនៅក្នុងព្រះជន្មរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលនោះជាប្រភពនៃសេចក្ដីសង្គ្រោះតែមួយគត់របស់យើង។
ការយកធ្វើជាកូនចិញ្ចឹមទៅក្នុងភាពជាកូនដ៏អស់កល្បជានិច្ច
ភាពជាកូនចិញ្ចឹមដែលយើងបានទទួល ជាកូនចិញ្ចឹមក្នុងនាមជាបុត្រាបុត្រី គឺជាកូនចិញ្ចឹមដែល (នៅក្នុងភាពជាព្រះដ៏ជាព្រះរាជបុត្រា) បានត្រឡប់ទៅក្រោយទៅក្នុងព្រះជាម្ចាស់វិញ។ អ្នកដែលទទួលការប្រោសលោះបានត្រឡប់ជាកូនចិញ្ចឹមដោយសារព្រះគុណ ប៉ុន្តែអ្វីដែលជាបុគ្គលទីពីរក្នុងព្រះត្រៃឯកគឺដោយធម្មជាតិ។ ភាពជាកូនចិញ្ចឹមគឺផ្សារភ្ជាប់នឹងច្រវាក់មួយខ្សែដែលមានព្រះជាម្ចាស់នៅចុងម្ខាង ហើយសេចក្ដីសង្គ្រោះរបស់យើងនៅចុងម្ខាងទៀត។ ព្រះរាជបុត្រាតែមួយបានប្រសូតមក ហើយនាំមកនូវការប្រកបគ្នាជាមួយកូនៗដែលបានទទួលមកធ្វើជាកូនចិញ្ចឹម។ កាលណាយើងសារភាពដោយទទួលស្គាល់កាន់តែច្បាស់ និងប្រាកដអំពីព្រះដ៏ជាព្រះរាជបុត្រាស្ងួនភ្ងាដ៏អស់កល្បជានិច្ច នោះយើងក៏កាន់តែនឹងយល់អំពីការកើតជាថ្មីរបស់យើងក្នុងនាមជាកូនចិញ្ចឹមផងដែរ។
គោលលទ្ធិនៃភាពជាព្រះរាជបុត្រាតាំងពីអស់កល្បគឺជាកំណប់នៃទេវសាស្ត្ររបស់គ្រីស្ទបរិស័ទ។ ក្រៅពីវាជាសេចក្ដីពិតនៅក្នុងព្រះគម្ពីរ ភាពជាព្រះរាជបុត្រាតាំងពីអស់កល្បបានក្លាយជាគោលជំហរតាមប្រពៃណីយ៉ាងជ្រាលជ្រៅដែលបានប្រកាសដោយក្រុមជំនុំជាច្រើនសតវត្សមកហើយ។ ហើយវាក៏បានក្លាយជាបទពិសោធន៍នៃសេចក្ដីសង្គ្រោះ និងជាជីវិតរបស់គ្រីស្ទបរិស័ទ ដែលជាជីវិតនៃកូនចិញ្ចឹមដែលមានមូលដ្ឋាននៅក្នុងជម្រៅដ៏អស់កល្បនៃព្រះរាជបុត្រាដ៏នៅអស់កល្បជានិច្ច។
មតិយោបល់
Loading…