in ,

ព្រះ​បាន​យាង​ចុះ​មក

God Came Down

ភាព​រសឹបរសាវ​នៃ​រដូវ​កាល​បុណ្យ​ណូអែល មាន​អំណាច​យ៉ាង​ចំឡែក​មក​លើ​យើង សូម្បី​តែ​ចំពោះ​អ្នក​មិន​ជឿ និង​លោកីយ៍​ទាំង​មូល។ រដូវ​កាល​នេះ​ហាក់​បី​ដូច​ជា​មាន​ភាព​ទាក់ទាញ​ឲ្យ​យើង​លង់​នៅ​ក្នុង «វេទមន្ត» នៃ​ការ​ប្រារព្ធ​ពិធី។

តើ​ហេតុអ្វី​បាន​រដូវ​កាល​ណូអែល​មាន​ការ​ទាក់ទាញ​បែប​នេះ សូម្បី​តែ​នៅ​ក្នុង​សង្គម​ដែល​ចង់​ដក​ព្រះ​គ្រីស្ទ​ចេញពី​ចំណុច​ស្នូល? ភាព​ទាក់ទាញ​នៃ​វេទមន្ត​ដ៏​ពិត​នៃ​រដូវ​កាល​បុណ្យ​ណូអែល​គឺ​មិនមែន​ផ្ដោត​លើ​កាដូ របស់​ល្អៗ តុក្កតា​ថ្មីៗ ឬប្រពៃណី​ដែល​យើង​ស្គាល់​នោះ​ទេ។ ចំណុច​ស្នូល​នៃ​បុណ្យ​ណូអែល [ហើយ​ថែម​ទាំង​ខ្សឹបខ្សៀវ​ទៅ​កាន់​វិញ្ញាណ​ដែល​ព្យាយាម «បង្ខាំង​សេចក្ដី​ពិត» (រ៉ូម ១:១៨)] គឺ​ត្រង់​ចំណុច​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង និង​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក៖ ​ព្រះ​ផ្ទាល់​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​ដូច​យើង​ដែរ។ គឺ​ព្រះ​ត្រៃឯក​នៃ​ផែនដី​យើង​នេះ ហើយ​យើង​ជា​ស្នា​ព្រះ​ហស្ដ​ដ៏​ល្អ​ប្រពៃ​ក្នុង​ចំណោម​របស់​សព្វសារពើ​ដែល​ទ្រង់​បាន​បង្កើត​មក ពោល​គឺ​ទ្រង់​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស មិនមែន​គ្រាន់តែ​ជា​ការ​សម្ដែង​ឲ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​សង្គ្រោះ​យើង។

រដូវ​កាល​បុណ្យ​ណូអែល​គឺ​ជា​រដូវ​កាល​អធម្មជាតិ។ ហើយ​សង្គម​របស់​យើង​ដែល​គ្រាន់​តែ​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​មើល​ឃើញ​នឹង​ភ្នែក ក៏​ពួក​គាត់​កំពុងតែ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​សម្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ដែល​លើស​ពី​ធម្មជាតិ ទោះបើ​ពួកគាត់​មិន​ងាយ​ទទួល​ស្គាល់ ឬ​ក៏​មិន​ដឹង​ច្បាស់​អំពី​មូល​ហេតុ​ក៏​ដោយ។ រដូវ​កាល​បុណ្យ​ណូអែល​រំញោច​លើ​អ្វី​មួយ​ដែល​រឿង​អាថ៌កំបាំង​ក្នុង​ព្រលឹង​យើង​មាន ហើយ​ថែម​ទាំង​ដាក់​ស្នេហ៍​លើ​យើង​ផង​ដែរ សូម្បី​តែ​ពេល​ដែល​គំនិត​គិតគូរ​របស់​យើង​គ្មាន​ការ​ស៊ី​គ្នា​ដ៏​ជាក់​លាក់​ដែល​មិន​ទទួល​ជឿ​ក៏​ដោយ។

ព្រះ​អង្គ​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌

ចំពោះ​អស់​អ្នក​ក្នុង​ចំណោម​យើង ដែល​សារភាព​ដោយ​មាន​អំណរ​ថា ព្រះ​គ្រីស្ទ​ជា​ចំណុច​ស្នូល​នៃ​ពិធី​បុណ្យ​ណូអែល​ជា​ព្រះ​អម្ចាស់​នៃ​យើង ជា​ព្រះ​សង្គ្រោះ និង​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​មហិមា យើង​ដឹង​ពី​មូល​ហេតុ​ដែល​ធ្វើ​បុណ្យ​ណូអែល​មាន​ភាព​រីករាយ ពីព្រោះ​ក្នុង​ចំណុច​ស្នូល​គឺ​ខ្លឹមសារ​នៃ​ភាព​អធម្មជាតិ៖ ព្រះ​ផ្ទាល់​បាន​យាង​មក​ក្នុង​ពិភព​យើង។ ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​ព្រះ​បាន «យាង​ចុះ​មក» (លោកុប្បត្ដិ ១១:៥) មិនមែន​គ្រាន់តែ​ចុះ​មក​ទត​មើល​គំនរ​នៃ​អំពើបាប​ដែល​មនុស្ស​យើង​បាន​សង​ឡើង​ដូច​ជា​ប៉ម​បាបិល​នោះ​ទេ ហើយ​ក៏​មិនមែន​យាង​មក ដើម្បី​ថ្កោល​ទោស​ដ៏​យុត្តិធម៌​ពី​ខាង​ក្រៅ​នោះ​ដែរ ប៉ុន្តែ​ដើម្បី​យក​កំណើត​ជា​មនុស្ស ព្រម​ទាំង​ផ្ដល់​នូវ​សេចក្ដី​មេត្តា​ករុណាចេញពី​ក្នុង​មក​វិញ។

ភាព​រុងរឿង​នៃ​បុណ្យ​ណូអែល​គឺ​មិនមែន​ជា​ទី​សម្គាល់​ត្រង់​ថា មេដឹកនាំ​សាសនា​ម្នាក់​បាន​ប្រសូត​នោះ​ឡើយ ប៉ុន្តែ​គឺ​ជា​ការ​ប្រារព្ធ​នៃ​ការ​រង់ចាំ​យ៉ាង​យូរ​ពី​ការ​ដែល​ព្រះ​ផ្ទាល់​បាន​យាង​ចុះ​មក—គឺ​ជា​ការ​យាង​ចុះ​មក​ដែល​ព្រះ​ជាម្ចាស់​បាន​ដាក់​នៅ​ក្នុង​ព្រលឹង​វិញ្ញាណ​របស់​យើង​តាំង​ពី​ដើម​មក​ម្ល៉េះ។ «ឱ! បេថ្លេហិម-អេប្រាតា​អើយ…នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់​គ្រង​លើ​អ៊ីស្រាអែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់​កល្ប​រៀង​មក» (មីកា ៥:២)។

ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​សេចក្ដី​អំណរ ហើយ​ឲ្យ​ផែនដី​បាន​រីក​រាយ​ឡើង។
ឲ្យ​សមុទ្រ​លាន់​ឮ​រំពង​ឡើង ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ក្នុង​នោះ​ដែរ!
ចូរ​ឲ្យ​ស្រែ​ចំការ នឹង​របស់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ទី​នោះ​បាន​សប្បាយ​ឡើង​យ៉ាង​ក្រៃ​លែង
នោះ​អស់​ទាំង​ដើមឈើ​នៅ​ព្រៃ​នឹង​ច្រៀង ដោយ​អំណរ​ដែរ
គឺ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក
គឺ​ទ្រង់​យាង​មក ដើម្បី​ជំនុំជម្រះ​ផែនដី។
ទ្រង់​នឹង​ជំនុំជម្រះ​លោកីយ៍ ដោយ​សេចក្ដី​សុចរិត
ព្រម​ទាំង​សាសន៍​ទាំង​ប៉ុន្មាន ដោយ​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់។
(ទំនុកតម្កើង ៩៦:១១-១៣)

អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​រដូវ​កាល​ណូអែល​ដំបូង​គឺ​ត្រង់​ថា នៅ​ចុង​បញ្ចប់​ព្រះ​អង្គ​ផ្ទាល់​បាន​យាង​ចុះ​មក មិនមែន​នៅ​ក្នុង​ពពក ឬ​ក៏​នៅ​ក្នុង​ខ្យល់ព្យុះ ឬ​ក៏​នៅ​ក្នុង​ភ្លើង ឬ​ក៏​នៅ​ក្នុង​ការ​រំញ្ជួយដី ឬ​ក៏​សូម្បីតែ​នៅ​ក្នុង​សំឡេង​ដ៏​ស្រទន់ ហើយ​ស្ងៀមស្ងាត់​នោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​យាង​មក​នៅ​ក្នុង​សណ្ឋាន​ដ៏​ពេញទី​នៃ​រាល់​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក​គឺ៖ ជា​មនុស្ស។ ព្រះ​អង្គ​បាន​យាង​ចុះ​មក​ក្នុង​នាម​ដូច​យើង​ម្នាក់ ហើយ​ក្នុង​ការ​ធ្វើ​បែប​នោះ​ព្រះ​អង្គ​បាន​លើក​ស្ទួយ​ពូជ​អំបូរ​យើង។ ព្រះ​អង្គ​មិន​បាន​យាង​ចុះ​មក​ជា​សត្វ​បក្សាបក្សី​នៅ​លើ​អាកាស ឬ​ក៏​ដូច​សត្វ​តិរច្ឆាន​នៅ​ក្នុង​ព្រៃ ឬ​ក៏​មច្ឆា​ដ៏​ខ្លាំង​ក្លា​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កាន់​តែ​ភ្ញាក់​ផ្អើល​ថែម​ទៀត​គឺ​ថា ព្រះ​អង្គ​មិន​បាន​យាង​មក​ដូចជា​សត្វ​សិង្ហ​ដែល​ចេះ​និយាយ​មួយ​នោះ​ទេ តែ​ទ្រង់​បាន​យាង​មក​នៅ​ក្នុង​សណ្ឋាន​ជា​មនុស្ស​យ៉ាង​ពេញទី! បុណ្យ​ណូអែល​គឺ​ជា​ការ​កត់​សម្គាល់​អំពី​ការ​ដែល​ទ្រង់​បាន «ប្រសូត​មក​មាន​រូប​ជា​មនុស្ស»—គឺ​ព្រះ​អង្គ​ផ្ទាល់​ដែល​បាន​បង្កើត ហើយ​ទ្រង់​ក៏​ថែមទាំង​មាន​ព្រះ​ទ័យ​អត់ធ្មត់​យ៉ាង​ក្រៃលែង ដែល​ឥឡូវ​នេះ «ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស» ទោះ​បើ​ភាព​ជា​មនុស្ស​យើង​មាន​ភាព​គួរ​ស្អប់​ខ្ពើម​ក៏​ដោយ (ភីលីព ២:៧-៨)។

ព្រះ​អង្គ​បាន​យាង​ចុះ​មក​​ដើម្បី​ធ្វើ​ជា​បាវ​បម្រើ

យើង​មាន​ការ​ងឿង​ឆ្ងល់​គ្រប់គ្រាន់​ល្មម​ហើយ​ត្រង់​ថា ទ្រង់​បាន «យាង​ចុះ​មក» ប៉ុន្តែ​នៅ​ពេល​ដែល​ទ្រង់​បាន​ធ្វើ​ដូច្នោះ គឺ​ទ្រង់​មិន​បាន​យាង​ចុះ​មក​ជា​មនុស្ស​ដែល​ពេញ​ដោយ​សិរីរុងរឿង ភាព​ស្រណុក​សុខ​ស្រួល និង​ភាព​ថ្លៃ​ថ្នូរ​នោះ​ទេ តែ «ទ្រង់​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បម្រើ» (ភីលីព ២:៧)។ ព្រះ​អង្គ​មិន​គ្រាន់​តែ​យាង​មក​ក្នុង​នាម​ដូចជា​អ្វី​ដែល​ទ្រង់​បាន​បង្កើត​នោះ​ឡើយ ប៉ុន្តែ​ទ្រង់​បាន​យាង​ចុះ​មក​ដោយ​មាន​ភាព​ក្រីក្រ ភាព​ទន់​ខ្សោយ និង​ការ​បន្ទាប​ខ្លួន​ទៀត​ផង។ ទ្រង់​បាន​យាង​មក​ដូច​នេះ៖

«បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង​ដោះ​ព្រះ​ពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ក្រោយ​នោះ​ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រ​មា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត» (យ៉ូហាន ១៣:៤-៥)។

ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ នៅ​លើ​ភ្នំ​ដែល​ទ្រង់​បាន​ផ្លាស់ប្រែ មាន​ពួក​សិស្ស​ទ្រង់​បី​នាក់​បាន​ឃើញ​បន្តិច​បន្តួច​នៃ​សិរីល្អ នៃ​ភាព​ជា​ព្រះ និង​ភាព​ជា​មនុស្ស​របស់​ទ្រង់ នោះ​ឯង​គឺ​ជា​អ្វី​ដែល​ទ្រង់​បាន​កំណត់​ទុក​មក​ហើយ។ «រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ​ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ហើយ​ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ» (ម៉ាថាយ ១៧:២) ។ ប៉ុន្តែ ព្រះ​យេស៊ូវ​ដែល​ពួកគេ​ស្គាល់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​លើ​គ្រប់​ច្រក​ល្ហក់​​ស្រុក​កាលីឡេ​គឺ​មិនមែន​ជា​អ្នក​មាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើយ។ «ព្រះ​យេស៊ូវ​មាន​បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សម្បុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ» (លូកា ៩:៥៨) ។ ពួក​សាវ័ក​របស់​ទ្រង់​បាន​ឃើញ​ពី​ការ​នេះ​ជាក់​នឹង​ភ្នែក «ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​ដែរ គឺ​ដើម្បី​នឹង​បម្រើ​គេ​វិញ» (ម៉ាកុស ១០:៤៥)។

ព្រះ​អង្គ​បាន​យាង​មក​​ដើម្បី​សុគត

ព្រះ​អង្គ​បាន​ពង្រីក​ការ​បម្រើ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​លើស​ពី​ភាព​រអាក់រអួល​នៃ​ជីវិត ពោល​គឺ​ទ្រង់​បាន​ធ្វើ​ជា​យញ្ញបូជា​ដោយ​លះបង់​ព្រះ​ជន្ម​ព្រះ​អង្គ​ផ្ទាល់ ទោះបើ​នោះ​គឺ​ជា​យញ្ញបូជា​ចុងក្រោយ​ក៏​ដោយ។ ព្រះ​អង្គ​មិនមែន​គ្រាន់តែ​យាង​មក ដើម្បី​បម្រើ​នោះ​ទេ ប៉ុន្តែ​ដើម្បី «នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង» (ម៉ាកុស ១០:៤៥)។

ការ​លាង​ជើង​ពួក​សាវ័ក​គឺ​គ្រាន់តែ​ជា​ផ្នែក​នៃ​រឿង​មួយ​តែ​ប៉ុណ្ណោះ។ ពិត​ណាស់! រឿង​មួយ​នោះ​គឺ​ពិត​ជា​ពិបាក​បំភ្លេច​ចោល​មែន ប៉ុន្តែ​រឿង​មួយ​នេះ​គឺ​គ្រាន់តែ​ជា​ការ​ភ្លក់​រសជាតិ​ដ៏​តិចតួច​មួយ​ប៉ុណ្ណោះ​ទាក់ទង​នឹង​ព័ន្ធកិច្ច​ផ្សេងៗ​ទៀត​របស់​ទ្រង់។ រឿង​មួយ​ទៀត​គឺ​ថា ទ្រង់​បាន​ក្រោក​ពី​សោយ​ឡើង បាន​នាំ​ពួក​សិស្ស​ចេញ​ទៅ​ឯ​សួនច្បារ​រង់ចាំ​ដោយ​មាន​ការ​ឈឺចាប់ ពេល​ពួកគេ​មក​ចាប់​ទ្រង់ ហើយ​ទ្រង់​បាន​ធ្វើ​ដំណើរ​តែ​ឯង​លើ​វិថី​ពេញ​ទៅ​ដោយ​ការ​ឈឺចាប់​នៃ​ការ​លាង​ជើង​បាន​រំពឹង​ទុក៖ «បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង» (ភីលីព ២:៨)។

ព្រះ​អង្គ​បាន​យាង​មក​ដើម្បី​រំដោះ​រាស្ដ្រ​ទ្រង់

ប៉ុន្តែ នេះ​មិនមែន​ជា​ការ​យាង​ចុះ​ចេញពី​ស្ថានសួគ៌​ដ៏​សាមញ្ញ​ប៉ុណ្ណោះ​ទេ គឺ​ជា​បាវ​បម្រើ​រហូត​ដល់​សុគត។ នេះ​គឺ​ជា​ការ​យាង​​ចុះ​មក​ដោយ​មាន​គោល​បំណង។ នេះ​គឺ​ជា​ការ​បន្ទាប​ខ្លួន​ក្នុង​បេសកកម្ម។ ការ​សុគត​ដែល​ព្រះ​អង្គ​បាន​យាង​មក ​ដើម្បី​សុគត​គឺ​មិនមែន​ជា​ព្រឹត្តិការណ៍​ដ៏​ចៃដន្យ​ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ។ ទ្រង់​បាន​យាង​មក​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ វិសាលភាព​នៃ​ការ​ថ្វាយ​យញ្ញបូជា​ចុងក្រោយ​របស់​ទ្រង់​បាន​ធួន​នឹង​វិសាលភាព​នៃ​ការ​បះបោរ​របស់​រាស្ដ្រ​ទ្រង់ ហើយ​ការ​ធួន​នោះ​ក៏​លើស​ជាង​ការ​បះបោរ​នោះ​ទៀត​ផង។ ហើយ​តាមរយៈ​ការ​ធ្វើ​បែប​នេះ ព្រះ​អង្គ​បាន​បង្ហាញ​យើង​នូវ​ជម្រៅ​ចិត្ត​នៃ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ផ្ទាល់ ហើយ​និង​របស់​ព្រះវរបិតា​ដែរ។ «តែ​ឯ​ព្រះ ទ្រង់​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង» (រ៉ូម ៥:៨)។

ភាព​ទាក់ទាញ​ចេញពី​រដូវ​ការ​បុណ្យ​ណូអែល គឺ​មិនមែន​គ្រាន់តែ​ក្នុង​ចំណុច​ថា ព្រះ​អង្គ​ផ្ទាល់​បាន​យាង​ចេញពី​ស្ថានសួគ៌​មក​យក​កំណើត​ជា​មនុស្ស​នោះ​ទេ ហើយ​ក៏​រឹត​តែ​មិនមែន​ត្រង់​ថា ទ្រង់​បាន​បន្ទាប​អង្គ​ខ្លួន​ផ្ទាល់​ក្នុង​នាម​ជា​បាវ​បម្រើ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អ្នក​ដទៃ​ឡើយ។ ហើយ​ក៏​ថែមទាំង​មិនមែន​ត្រង់​ថា ទ្រង់​យាង​មក​ដើម្បី​សុគត ឬ​ដើម្បី​បើក​សម្ដែង​ព័ន្ធកិច្ច​របស់​ទ្រង់​រហូត​ដល់​ថ្នាក់​ទ្រង់​សុគត​ទៀត​ដែរ។ ភាព​ទាក់ទាញ​គឺ​ត្រង់​ថា ព្រះ​អង្គ​បាន​យាង​ចុះ​មក ហើយ​បាន​សម្រេច​ការ​ទាំង​អស់​នោះ ដើម្បី​រំដោះ​យើង។  នោះ​ឯង​គឺ​ជា​ក្ដី​សន្យា​នៃ​សារ​របស់​ព្រះ​ជាម្ចាស់​បាន​លើកឡើង ចាប់តាំង​ពី​ពេល​ប្រកាស៖ «ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា «‍យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប» (ម៉ាថាយ ១:២១)។

ព្រះ​អង្គ​យាង​ចុះ​មក​រំដោះ​យើង​ចេញពី​អំពើបាប និង​ដើម្បី​ស្ដារ​យើង​ទៅ​កាន់​អំណរ​ចុងក្រោយ​ដែល​ទ្រង់​បាន​បង្កើត​យើង​ឲ្យ​មាន៖ គឺ​ដើម្បី​ឲ្យ​ស្គាល់​ទ្រង់ ហើយ​ឲ្យ​មាន​អំណរ​ក្នុង​ទ្រង់។ ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ផ្សះផ្សា​យើង «ឲ្យ​ជា​នឹង​អង្គ​ទ្រង់» (កូឡូស ១:២០)។ ព្រះ​អង្គ​មិន​បាន​យាង​មក ដើម្បី​ជំរុញ​ឲ្យ​យើង​យក​រដូវ​កាល​បុណ្យ​ណូអែល​មក​ធ្វើ​ជា​មុខ​របរ​រក​ស៊ី​លក់​ដូរ​ទេ ប៉ុន្តែ «ព្រះ​គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្ដង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ» (១ពេត្រុស ៣:១៨)។

និពន្ធដោយ៖ លោកគ្រូ David Mathis
បកប្រែដោយ៖ លោក ឈាង បូរ៉ា និងលោក ទេព រ៉ូ
កែសម្រួលដោយ៖ លោកស្រី ឡូញ ណារ៉ុង និង​លោក ម៉េង មនោ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ទុកចិត្ត​លើ​ទ្រង់​នឹង​មិន​ខក​ចិត្ត

ព្រះ​សង្គ្រោះ​បាន​ស្ម័គ្រ​ព្រះ​ទ័យ