in ,

ព្រះ​កិត្តិយស និង​បេសកកម្ម​នៃព្រះអង្គ

«ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ចេស្ដា ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​ដរាប​ត​ទៅ»
(យ៉ូស្វេ ៤:២៤)។

តើ​ខ​គម្ពីរ​នេះ​ទាក់ទង​នឹង​បេសកកម្ម​ពិភព​លោក​ដោយ​របៀប​ណា?

មក​ដល់​ពេល​នេះ យើង​ឃើញ​ការ​ដែល​ព្រះ​អង្គ​បាន​ញែក​ទន្លេ យ័រដាន់ និង​សមុទ្រ​ក្រហម ក្នុង​របៀប​ដ៏​អស្ចារ្យ​ធំ​មួយ ទាក់ទង​នឹង​ការ​ដែល​ព្រះ​អង្គ​កំពុងតែ​ធ្វើ​ការ​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ធ្វើ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ដើរ​ឆ្លង​កាត់​បាន។ នេះ​គឺ​ជា​អត្ថន័យ​មាត្រា៖ ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​ញែក​សមុទ្រ​ក្រហម? ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​ញែក​ទន្លេ យ័រដាន់ ក្នុង​របៀប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​អស្ចារ្យ? ព្រះ​អង្គ​បាន​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ជាតិ​ទាំង​អស់​លើ​ផែនដី​អាច​ឃើញ​ព្រះ​ហត្ថ​ដ៏​ពេញ​ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់​បាន។ និង​ដើម្បី​ឲ្យ​ពួក​គេ​អាច​កោត​ខ្លាច​ដល់​ព្រះ​អង្គ​ដ៏​ជា​ព្រះ​របស់​ខ្លួន អស់​កល្ប​ជានិច្ច។

ព្រះ​កិត្តិយស​របស់​ព្រះ​ជា​ម្ចាស់​នៅ​គ្រប់​ទី​កន្លែង

អ្វី​ដែល​ខគម្ពីរ​នោះ​កំពុងតែ​លើក​ឡើង​គឺ​ជា​គោលបំណង​មួយ​របស់​ព្រះ​ជាម្ចាស់ ក្នុង​ការ​ដែល​សាសន៍​អ៊‌ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា ដោយ​សារ​ព្រះ​អង្គ​បាន​ប្រើ​ព្រះ​ហស្ត​ដែល​ពេញ​ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់ ក្នុង​ការ​ញែក​សមុទ្រ និង​ទន្លេ៖ គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ដឹង​អំពី​ការ​នោះ។ ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​របស់​សាសន៍​អ៊‌ីស្រាអែល គឺ​ជា​ព្រះ​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ​ចេស្ដា។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ ទាក់ទង​ទៅ​នឹង​បេសកកម្ម។ កណ្ឌ​គម្ពីរ ទំនុកតម្កើង ៩៦:៣ បាន​ចែង​ថា «ចូរ​ថ្លែង​ប្រាប់​ពី​សិរី​ល្អ​ទ្រង់ នៅ​កណ្ដាល​អស់​ទាំង​សាសន៍» ហើយ​ខ​គម្ពីរ​នេះ​ក៏​ជា​ប្រធានបទ​ជា​ច្រើន​ក្នុង​សន្និបាត។ ប្រធាន​បទ​គឺ៖ ព្រះ​អង្គ​កំពុង​តែ​ប្រកាស​សិរី​ល្អ​របស់​ទ្រង់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​ដែល​ធ្វើ​បេសកកម្ម។

តាំង​ពី​ដើម​មក បន្ទាប់​ពី​មនុស្ស​បាន​ធ្លាក់​ក្នុង​អំពើ​បាប គឺ​ព្រះ​ជាម្ចាស់​បាន​ដំណើរ​ការ​នៃ​ការ​ប្រោស​លោះ​ចាប់​ផ្ដើម ព្រះ​អង្គ​បាន​គិត​អំពី​ជាតិ​សាសន៍​នានា។ ទោះ​បី​ជា​ទ្រង់​បាន​ជ្រើស​រើស​ផ្ដោត​លើ​សាសន៍​អ៊‌ីស្រាអែល អស់​រយៈ​ពេល ២០០០ ឆ្នាំ​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​បាន​គិត​ដល់​សាសន៍​ដទៃ​ផង​ដែរ។ ពីព្រោះ​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​លោក អ័ប្រាហាំ ថា «អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ជា​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ» (លោកុប្បត្ដិ ១២:២)។ នៅ​ពេល​ដែល​ព្រះ​អង្គ​ជ្រើស​រើស​សាសន៍​អ៊‌ីស្រាអែល ហើយ​ចាប់​ផ្ដើម​ធ្វើ​ការ​អស្ចារ្យ​ក្នុង និង​សម្រាប់​សាសន៍​អ៊‌ីស្រាអែល គឺ​ព្រះ​អង្គ​តែង​តែ​បាន​ធ្វើ​ការ​ទាំង​នោះ​លើ​ឆាក​ពិភព​លោក ដោយ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​សាសន៍​ដទៃ​ឃើញ​សិរី​ល្អ​របស់​ទ្រង់​ដែរ។

ប្រសិន​បើ​លោក​អ្នក​ត្រឡប់​ទៅ​មើល​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ១៤ នៅ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ នោះ​លោក​អ្នក​នឹង​ឃើញ​ថា​ព្រះ​អង្គ​បាន​លើក​ឡើង​នៅ​ក្នុង ១៤:៤ ដូច​ត​ទៅ៖ «នោះ​អញ​នឹង​បណ្ដាល​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង​ឡើង ហើយ​ទ្រង់​នឹង​ដេញ​តាម តែ​អញ​នឹង​បាន​កិត្តិ​សព្ទ ដោយ​សារ​ផារ៉ោន​នឹង​ពួក​ទ័ព​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ​យេហូវ៉ា​ពិត គេ​ក៏​ធ្វើ​សម្រេច​ដូច្នោះ»។

សំណួរ​សួរ​ថា៖ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ការ​នោះ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​បង្ហាញ​សិរី​ល្អ​របស់​ទ្រង់​ឲ្យ​អ្នក​ស្រុក​អេស៊ីព្ទ​ឃើញ តើ​នោះ​គ្រាន់​តែ​ជា​អ្វី​ដែល​ទ្រង់​មាន​ក្នុង​ព្រះ​ចិន្តា​របស់​ទ្រង់​មែន​ឬ ឬ​ក៏​ថា​ទ្រង់​ក៏​បាន​គិត​ថា ដំណឹង​នេះ​ក៏​នឹង​សាយ​ភាយ​គ្រប់​ទី​កន្លែង ហើយ​មនុស្ស​ទាំង​អស់​ក៏​នឹង​ដឹង​ថា ព្រះ​យេហូវ៉ា​គឺជា​ព្រះ​ដ៏​ពិត​ដែរ​ឬ​ទេ? ហើយ​អ្នក​ខ្លះ តាម​រយៈ​ព្រះ​គុណ និង​បែរ​ទៅ​រក​ព្រះ​ពិត ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ហើយ​នោះ​គឺ​ជា​គោល​បំណង​នៃ​បេសកកម្ម។

អ្វី​ដែល​ខ្ញុំ​បាន​គិត​ដល់​នោះ​គឺ​នាង រ៉ាហាប។ កណ្ឌ​គម្ពីរ ហេព្រើរ ១១:៣១ បាន​លើក​ឡើង​ថា «ដោយ​សារ​ជំនឿ នោះ​នាង​រ៉ាហាប ជា​ស្រី​សំផឹង» នាង រ៉ាហាប កំពុង​តែ​រស់​នៅ​ក្នុង​ទី​ក្រុង​យេរីខូរ ដែល​ហៀប​នឹង​ត្រូវ​បំផ្លាញ​ចោល ខណៈ​ពេល​ដែល​សាសន៍​អ៊‌ីស្រាអែល​កំពុង​តែ​ឆ្លង​ទន្លេ​យ័រដាន់ «ដោយ​សារ​ជំនឿ នោះ​នាង​រ៉ាហាប…មិន​បាន​វិនាស​ទៅ ជា​មួយ​នឹង​ពួក​អ្នក​រឹង​ចចេស​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​ឈ្លប​លប ដោយ​មេត្រី​ចិត្ត»។

ទាក់ទង​នឹង​កណ្ឌ​គម្ពីរ ហេព្រើរ ១១:៣១ សំណួរ​របស់​ខ្ញុំ​គឺ​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​ដូច្នោះ? ហេតុ​អ្វី?

ការ​ដែល​នាង រ៉ាហាប កោត​ខ្លាច​ព្រះ​យេហូវ៉ា

ហើយ​នេះ​ជា​ចម្លើយ៖ ក្នុង​កណ្ឌ​គម្ពីរ យ៉ូស្វេ ២:៩ នាង រ៉ាហាប បាន​និយាយ​ទៅ​កាន់​ពួក​ឈ្លប​លប​ថា «ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ស្រុក​នេះ ដល់​អ្នក​រាល់​គ្នា​ហើយ ១​ទៀត​សេចក្ដី​ស្ញែង​ខ្លាច​របស់​អ្នក​រាល់​គ្នា បាន​ធ្លាក់​មក​លើ​យើង​ដែរ ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន គេ​នឹង​រលាយ​បាត់​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ»។ តើ​គាត់​ដឹង​អំពី​ការ​នោះ​ដោយ​របៀប​ណា? ខ១០​បាន​ប្រាប់​យើង​ដូច​ត​ទៅ៖ «ដ្បិត​យើង​បាន​ឮ​ពី​ការ ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ដល់​ស្ដេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ដែរ គឺ​ដល់​ស៊ីហុន​ហើយ​នឹង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ»។

ព្រះ​ជាម្ចាស់​បាន​គិត​អំពី​សេចក្ដី​សង្គ្រោះ​របស់​នាង រ៉ាហាប នៅពេល​ដែល​ព្រះ​អង្គ​ញែក​សមុទ្រ​ក្រហម។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ។ នៅ​ពេល​ដែល​ខ្ញុំ​លើក​ឡើង​ថា ការ​សរសើរ​ព្រះ​ជាម្ចាស់​ទាក់​ទង​ទៅ​នឹង​សិរី​ល្អ​របស់​ទ្រង់​ផ្ទាល់ ក្នុង​ការ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ជា​សកម្មភាព​នៃ​ការ​ធ្វើ​បេសកកម្ម កេរ្តិ៍​ឈ្មោះ​ដែល​ទ្រង់​នឹង​ទទួល​បាន​ចេញ​ពី​ទង្វើ​នោះ គឺ​ដើម្បី​នាំ​ឲ្យ​មនុស្ស​ដូច​ជា​នាង រ៉ាហាប ឲ្យ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​ឈប់​បន្ត​បះបោរ​ទាស់​ប្រឆាំង​នឹង​ព្រះ​ដ៏​ពិត ហើយ​ឲ្យ​ឱបក្រសោប​ទ្រង់ និង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។

លោក​គ្រូ​បាន​ចែក​ចាយ​អំពី​ផែនការ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​បង្ហាញ​សិរី​ល្អ​របស់​ទ្រង់​ទៅ​កាន់​សាសន៍​ដទៃ ពោល​គឺ​ការ​ប្រកាស​អំពី​ព្រះ​នាម​ទ្រង់។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី ឡូញ ស្រីរ័ត្ន, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្គាល់

ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក