in ,

កត្តា​ជំរុញ​ដ៏​ល្អ​ក្នុង​ការ​ចង​ចាំ​ព្រះ​គម្ពីរ

ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​គឺ​ជា​ការ​ពិបាក​ណាស់។ វា​តម្រូវ​ឲ្យ​មាន​ពេល​វេលា កម្លាំង​ឆន្ទៈ និង​ការ​ផ្ដោត​អារម្មណ៍ ហើយ​នេះ​មាន​ន័យ​ថា យើង​ត្រូវ​មាន​កត្តា​ជំរុញ​ដ៏​ល្អៗ​ក្នុង​ការ​ជំរុញ​ចិត្ត​ឲ្យ​ទន្ទេញ​ព្រះ​គម្ពីរ នៅ​ពេល​យើង​ចាប់​ផ្ដើម។ នេះ​គឺ​ជា​អ្វី​ដែល​លោក​គ្រូ ចន ផាបភ័រ ធ្វើ​សម្រាប់​យើង នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា «បើ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា» (“If My Words Abide in You”) ដែល​គាត់​បាន​អធិប្បាយ​នៅ​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ២០០៩។ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​គាត់​បាន​ចែក​ចាយ៖

មូល​ហេតុ​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ដោយ​សូត្រ​កណ្ឌ​គម្ពីរ ទំនុកតម្កើង១; ១៦; ១០៣; រ៉ូម ៥:១-៨; រ៉ូម ៨; ម៉ាថាយ ៦:១, ២៥-៣៤ និង​១កូរិនថូស ១៣ គឺ​ដោយ​សារ​ខ្ញុំ​សង្ឃឹម​ថា—ហើយ​ក៏​អធិស្ឋាន​យ៉ាង​ខ្លាំង​សម្រាប់​លោក​អ្នក—គឺ​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក​ដូច​ដែល​កាល​ព្រះ​អង្គ​បាន​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​ខ្ញុំ​កាល​ពី៣១ឆ្នាំ​មុន។

កាល​ខ្ញុំ​មាន​អាយុ៣១ឆ្នាំ

កាល​នោះ​ខ្ញុំ​បាន​ដើរ​ចូល​កន្លែង​ប្រជុំ​ដែល​ខ្ញុំ​ត្រូវ​បង្រៀន។ ហើយ​ខ្ញុំ​ក៏​បាន​អង្គុយ​ចាំ។ ពេល​នោះ លោក​បណ្ឌិត អាត លូវីស (Art Lewis) ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​ងើប​ឡើង​ហើយ​សូត្រ​កណ្ឌ​គម្ពីរ ម៉ាថាយ ៦:២៥-៣៤។ ហើយ​គាត់​បាន​ធ្វើ​តែ​ប៉ុណ្ណោះ។ គាត់​គ្រាន់​តែ​មើល​មក​កាន់​យើង ហើយ​សូត្រ​យក​តែ​ម្ដង។ កាល​នោះ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់។

កាល​ខ្ញុំ​មាន​អាយុ៣១ឆ្នាំ ហើយ​មិន​ដែល​ឃើញ​នរណា​សូត្រ​ព្រះ​គម្ពីរ​ដូច​នោះ នៅ​ក្នុង​ព្រះ​វិហារ​ឡើយ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ការ​នោះ​បាន​នាំ​ឲ្យ​ខ្ញុំ​ឈាន​ចូល​ក្នុង​ដំណើរ​ការ​នៃ​ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់។ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​លើក​ឡើង​ក្នុង​អត្ថបទ​នេះ គឺ​លើក​ទី​បន្ទាល់​របស់​ខ្ញុំ​លាយ​ជា​មួយ​ទី​បន្ទាល់​របស់​ព្រះ​យេស៊ូវ ទាក់​ទង​នឹង​ការ​ឲ្យ​តម្លៃ​លើ​ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់។

គន្លឹះ៨យ៉ាង​នៃ​ការ​ទន្ទេញ​ព្រះ​គម្ពីរ

ខ្ញុំ​កំពុង​តែ​សូម​អង្វរ​បង​ប្អូន។ ហើយ​នេះ​គឺ​ជា​ទី​បន្ទាល់​របស់​ខ្ញុំ។ ខ្ញុំ​នឹង​លើក​ឡើង៨ប្រយោគ ដោយ​មិន​មាន​ការ​បក​ស្រាយ​បន្ថែម៖

១. ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​នាំ​ឲ្យ​លោក​អ្នក​អាច​សញ្ជឹង​គិត​លើ​ព្រះ​គម្ពីរ ទោះបី​លោក​អ្នក​មិន​កំពុង​អាន​ព្រះ​គម្ពីរ​ក៏​ដោយ។ ហើយ​ការ​សញ្ជឹង​គិត​គឺ​ជា​គន្លង​ផ្លូវ​នៃ​ការ​ឈាន​ទៅ​ដល់​ការ​យល់​ដឹង​ឲ្យ​កាន់​តែ​ជ្រៅ​ជ្រះ​បន្ថែម​ទៀត។ ដូច្នេះ ប្រសិន​បើ​លោក​អ្នក​នឹង​រំពឹង​គិត​ក្នុង​ក្រឹត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ (សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុក​តម្កើង ១:២) នោះ​ដាច់​ខាត​លោក​អ្នក​ត្រូវ​តែ​មាន​ខ​គម្ពីរ​ចង​ចាំ​ខ្លះៗ​នៅ​ក្នុង​ចិត្ត​គំនិត​របស់​លោក​អ្នក។

២. ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​ចម្រើន​កម្លាំង​ដល់​ជំនឿ​របស់​ខ្ញុំ ពីព្រោះ «សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ» (រ៉ូម ១០:១៧)។ ហើយ​ការ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ខ្ញុំ​ឮ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ។

៣. ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​រចនា​របៀប​ដែល​ខ្ញុំ​សង្កេត​មើល​ពិភព​លោក​នេះ តាម​រយៈ​ការ​នាំ​ឲ្យ​ចិត្ត​គំនិត​របស់​ខ្ញុំ​ត្រាប់​តាម​ទស្សនៈ​របស់​ព្រះ​ជាម្ចាស់​លើ​គ្រប់​អ្វីៗ​ទាំង​អស់។

៤. ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​នាំ​ឲ្យ​យើង​មាន​ព្រះ​បន្ទូល​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ​លើ​សេចក្ដី​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ពីព្រោះ​ការ​ព្រមាន និង​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​របៀប​ដែល​យើង​យក​ឈ្នះ​លើ​ការ​កុហក​បាន—គឺ​ការ​កុហក​បោក​បញ្ឆោត​របស់​អារក្ស​សាតាំង។

៥. ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​ការពារ​គំនិត​របស់​ខ្ញុំ ដោយ​នាំ​ឲ្យ​ខ្ញុំ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដឹង​សេចក្ដី​ខុស​ឆ្គង។ លោកីយ៍​នេះ​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​ខុស​ឆ្គង ព្រោះ​ព្រះ​ក្នុង​លោកីយ៍​នេះ​គឺ​ជា​ព្រះ​ដែល​កុហក។

៦. ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​នាំ​ឲ្យ​ខ្ញុំ​អាច​ច្បាំង​ជាមួយ​នឹង​អារក្ស​បាន ដោយ​ប្រើ​កម្លាំង​ដែល​វា​មិន​អាច​ត​យុទ្ធ​ជា​មួយ​បាន ដើម្បី​ការពារ​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​គ្រួសារ​របស់​ខ្ញុំ​ដែល​វា​កំពុង​តែ​វាយ​ប្រហារ។ តើ​លោក​អ្នក​កំពុង​តែ​ប្រយុទ្ធ​ជា​មួយ​វា​ដោយ​ប្រើ​អ្វី? វា​ខ្លាំង​ជាង​យើង​រាប់​លាន​ដង។ ហើយ​វា​ស្អប់​លោក​អ្នក និង​គ្រួសារ​របស់​លោក​អ្នក និង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក និង​ក្រុម​ជំនុំ ក៏​ដូច​ជា​ព្រះ​ជាម្ចាស់​ដែរ។ ការ​ដែល​មាន​អ្នក​រស់​នៅ​លើ​ផែនដី​នេះ ដែល​គ្រប់​គ្រង​ដោយ​អារក្ស ដើរ​ដោយ​មិន​មាន​ដាវ​នៅ​ក្នុង​ដៃ គឺ​ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​ណាស់​ចំពោះ​ខ្ញុំ។

៧. ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​ផ្ដល់​មក​កាន់​យើង​នៅ​ពាក្យ​ពេចន៍​ដ៏​ខ្លាំង និង​ផ្អែម​ល្ហែម​ក្នុង​ការ​ធ្វើ​ព័ន្ធ​កិច្ច​ជា​មួយ​នឹង​អស់​អ្នក​ដែល​មាន​តម្រូវ​ការ។ តើ​ធ្លាប់​មាន​ពេល​ទេ ដែល​លោក​អ្នក​មិន​បាន​ត្រៀម​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​នឹង​អ្នក​ដែល​មាន​តម្រូវ​ការ? លោក​អ្នក​មិន​ចាំ​បាច់​មាន «ការ​មិន​បាន​ត្រៀម​ទុក​ជា​មុន» ដូច​នោះ​ទេ។

៨. ហើយ​ជា​ចុង​ក្រោយ ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​ប្រទាន​នូវ​របៀប​ប្រកប​គ្នា​ជា​មួយ​នឹង​ព្រះ​យេស៊ូវ ពីព្រោះ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​សញ្ជឹង​គិត​លើ​ព្រះ​បន្ទូល​របស់​ទ្រង់—ដោយ​មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ​ផ្ទាល់​យ៉ាង​ផ្អែម​ល្ហែម ពេញ​ដោយ​អំណាច និង​សេចក្ដី​ពិត​មែន។ ហើយ​បន្ទាប់​មក ខ្ញុំ​សន្ទនា​ជា​មួយ​នឹង​ព្រះ​អង្គ​វិញ តាម​រយៈ​ការ​អធិស្ឋាន។ ហើយ​ប្រសិន​បើ​ខ្ញុំ​មាន​ព្រះ​បន្ទូល​នៅ​ក្នុង​ចិត្ត​គំនិត​របស់​ខ្ញុំ នោះ​មាន​ន័យ​ថា យើង​អាច​មាន​ការ​សន្ទនា​ជា​មួយ​គ្នា​នៅ​ទី​ណា​ក៏​បាន​ដែរ។ វា​ពិត​ជា​ផ្អែម​ល្ហែម​ណាស់។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ,​លោកស្រី ឡូញ ស្រីរដ្ឋ,​ លោក ខែម បូឡុង, លោក ឯក សត្យា​ និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​អង្វរ​ក​មួយ​សម្រាប់​ភាព​គ្មាន​ទោស

ប្រាំពីរ​នាទី​ដែល​នាំ​ការ​ផ្លាស់​ប្ដូរដល់ជីវិតរបស់លោកអ្នក