កាតព្វកិច្ចមួយរបស់ពួកជំនុំ គឺធ្វើជាឧបករណ៍សម្រាប់ព្រះជាម្ចាស់ប្រើ ដើម្បីជួយឲ្យរាស្ត្ររបស់ទ្រង់រីកចម្រើនក្នុងព្រះគុណ។ ព្រះ ជាម្ចាស់អាចប្រើមនុស្សពេញវ័យខាងឯវិញ្ញាណដែលប្រាថ្នាចង់ញែកខ្លួនជាបរិសុទ្ធ ដើម្បីជួយឲ្យពួកជំនុំរីកចម្រើនខាងឯវិញ្ញាណ។ នៅពេលដែលព្រះជាម្ចាស់សង់រាស្ត្ររបស់ទ្រង់ឡើង ស្របពេលដែលពួកគេរីកចម្រើនជាមួយគ្នាក្នុងភាពបរិសុទ្ធ និងក្នុងសេចក្តីស្រឡាញ់ដែលចេះលះបង់ នោះពួកគេនឹងបង្កើនសមត្ថភាពក្នុងការដាក់វិន័យពួកជំនុំ ក៏ដូចជាជួយពួកគេក្នុងការបង្កើតសិស្ស។
នៅពេលដែលលោកអ្នកពិនិត្យមើលទៅលើជីវិតពួកជំនុំណាមួយ នោះលោកអ្នកនឹងឃើញថា ការរីកចម្រើនមានច្រើនប្រភេទ។ ខាងក្រោមនេះ គឺជាផ្នែកមួយចំនួនទាក់ទងនឹងការរីកចម្រើនដែលលោកអ្នកអាចមើលឃើញ៖
- ចំនួននៃអ្នកដែលឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ឲ្យចេញទៅធ្វើជាបេសកជនមានការកើនឡើង៖ «ខ្ញុំមានអំណរក្នុងការចែកចាយដំណឹងល្អជាមួយនឹងអ្នកជិតខាងរបស់ខ្ញុំដែលមកពីវៀតណាម។ ខ្ញុំគិតថា ព្រះជាម្ចាស់ត្រាស់ហៅខ្ញុំឲ្យធ្វើជាបេសកជននៅប្រទេស…»។
- សមាជិកដែលមានវ័យចំណាស់កាន់តែមានចិត្តឆេះឆួលឡើងវិញក្នុងការផ្សាយដំណឹងល្អ និងក្នុងការហ្វឹកហ្វឺនសមាជិកក្មេងខ្ចីខាងឯវិញ្ញាណ៖ «ខ្ញុំសូមអញ្ជើញប្អូនមកញុាំអាហារពេលល្ងាចជាមួយនឹងខ្ញុំម្តង»។
- សមាជិកដែលមានវ័យក្មេង ទៅចូលរួមពិធីបុណ្យសពរបស់សមាជិកពួកជំនុំវ័យចំណាស់ ដោយសារសេចក្តីស្រឡាញ់ មិនមែនដោយសារកាតព្វកិច្ចនោះទេ៖ «ក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំយល់ឃើញថា ជាការល្អណាស់ដែលលោក និងលោកស្រី… យកចិត្តទុកដាក់ចំពោះខ្ញុំ បង្ហាត់បង្រៀនខ្ញុំ»។
- ពួកជំនុំកាន់តែអធិស្ឋានច្រើនឡើងៗ ហើយកាន់តែផ្ដោតការអធិស្ឋានរបស់ពួកគេទៅលើការផ្សាយដំណឹងល្អ និងឱកាសធ្វើព័ន្ធកិច្ច៖ «ខ្ញុំកំពុងតែចាប់ផ្ដើមក្រុមតូចបែបផ្សាយដំណឹងល្អមួយក្រុម នៅកន្លែងធ្វើការរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ភ័យបន្តិចបន្តួចដែរ។ សូមពួកជំនុំជួយអធិស្ឋានឲ្យ…»។
- សមាជិកកាន់តែចែកចាយដំណឹងល្អជាមួយនឹងអ្នកមិនជឿ។
- សមាជិកពួកជំនុំមិនសូវរំពឹងលើកម្មវិធីរបស់អ្នកដឹកនាំពួកជំនុំទេ ប៉ុន្តែពួកគេបង្កើតឲ្យមានកម្មវិធីជាបេសកកម្មផ្សេងៗដោយខ្លួនឯងផ្ទាល់វិញ៖ «លោកគ្រូ តើលោកគ្រូគិតយ៉ាងម៉េចដែរ ប្រសិនបើខ្ញុំ និងបុប្ផារៀបចំកម្មវិធីណូអែលដោយប្រកបអាហារជាមួយនឹងនារីៗក្នុងពួកជំនុំយើង ដើម្បីយកឱកាសផ្សាយដំណឹងល្អដល់ពួកគេ?»
- យើងកត់សម្គាល់ឃើញមានការសន្ទនាទាក់ទងខាងឯវិញ្ញាណ នៅពេលសមាជិកពួកជំនុំជួបជុំគ្នាជាលក្ខណៈមិនផ្លូវការ ហើយពួកគេហ៊ានសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្តនៅចំពោះមុខគ្នា។ ពេលជាមួយគ្នា ពួកគេនាំបញ្ហាទាំងនោះទៅឯឈើឆ្កាង៖ «បងអើយ! ខ្ញុំកំពុងតែប្រឈមមុខនឹងអំពើបាប…»។
- ការថ្វាយដោយការលះបង់មានការកើនឡើង៖ «អូនសម្លាញ់! តើមានវិធីណាដែលយើងអាចដកលុយ ១០០,០០០រៀលពីថវិកាប្រចាំខែរបស់យើង ដើម្បីនឹងទំនុកបម្រុង…»។
- ផលផ្លែនៃព្រះវិញ្ញាណមានការកើនឡើង។
- សមាជិកពួកជំនុំលះបង់ការងារ ដើម្បីបម្រើពួកជំនុំ៖ «តើឯងមានបានឮទេថា ពូសុខបដិសេធមិនធ្វើការនៅរៀងរាល់ចុងសប្ដាហ៍ ដើម្បីឲ្យគាត់មានពេលវេលាគ្រប់គ្រាន់បន្តបម្រើពួកជំនុំទៀត?»
- បុរសជាប្តី ដឹកនាំប្រពន្ធរបស់ពួកគេដោយមានការលះបង់៖ «អូនសម្លាញ់! តើមានការអ្វីខ្លះដែលបងអាចធ្វើ ដើម្បីឲ្យអូនមានអារម្មណ៍ថា បងស្រឡាញ់អូន និងយល់ចិត្តអូន?»
ស្ត្រីជាប្រពន្ធ ចុះចូលចំពោះប្តីរបស់ខ្លួន៖ «បងសម្លាញ់! តើមានអ្វីខ្លះដែលអូនអាចធ្វើបាននៅថ្ងៃនេះ ដើម្បីជួយសម្រាលបន្ទុករបស់បង?» - ឪពុកម្ដាយ ស្ដីបង្ហាត់បង្រៀនកូនៗរបស់ខ្លួនខាងឯជំនឿ៖ «យប់នេះ យើងនឹងអធិស្ឋានឲ្យអ្នកបម្រើព័ន្ធកិច្ចនៅក្នុងប្រទេស…»។
- ពួកជំនុំមានគំនិតរួមក្នុងការដាក់វិន័យដល់អ្នកមិនព្រមកែប្រែពីអំពើបាប និងអ្នកប្រព្រឹត្តបាបជាសាធារណៈ។
- ពួកជំនុំបង្ហាញសេចក្តីស្រឡាញ់រួមចំពោះអ្នកមិនព្រមកែប្រែពីអំពើបាប ដោយព្យាយាមចូលកៀកពួកគេ ហើយប្រាប់ពួកគេឲ្យបែរចេញពីអំពើបាប មុនពេលដែលពួកជំនុំដាក់វិន័យដល់ពួកគេ៖ «ប្រសិនបើអ្នកបានទទួលសារនេះហើយ សូមទូរស័ព្ទមកខ្ញុំវិញដ្បិតខ្ញុំចង់ដឹងពីអ្នក»។
ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួន ស្ដីពីការរីកចម្រើនរបស់ពួកជំនុំដែលគ្រីស្ទបរិស័ទទូលសូមពីព្រះជាម្ចាស់ ហើយព្យាយាមអនុវត្តតាម។ តើពួកជំនុំដែលមានសុខភាពល្អនឹងកើនចំនួនសមាជិកដែរឬទេ? ជាធម្មតា ពួកជំនុំដែលមានសុខភាពល្អនឹងកើនចំនួនសមាជិកដែរ ដោយព្រោះពួកគេបានបង្ហាញពីទីបន្ទាល់ដែលធ្វើឲ្យអ្នកមិនជឿចាប់អារម្មណ៍ទៅនឹងដំណឹងល្អ។ ប៉ុន្តែ យើងមិនគួរសន្មតថា ពួកជំនុំដែលមានសុខភាពល្អត្រូវតែកើនចំនួនសមាជិកនោះទេ ពីព្រោះពេលខ្លះ ព្រះជាម្ចាស់មានគោលបំណងផ្សេងទៀត ដូចជាទ្រង់បង្រៀនរាស្ត្ររបស់ទ្រង់ឲ្យចេះអត់ធ្មត់។ យើងត្រូវផ្ដោតការយកចិត្តទុកដាក់របស់យើងទៅលើភាពស្មោះត្រង់ និងការរីកចម្រើនខាងឯវិញ្ញាណដ៏ពិត។
តើអ្វីទៅជាមូលហេតុដែលបណ្ដាលឲ្យមានការរីកចម្រើនបែបហ្នឹង? មូលហេតុដែលបណ្ដាលឲ្យមានការរីកចម្រើនបែបហ្នឹងគឺ៖ ការអធិប្បាយតាមព្រះគម្ពីរ ទេវវិទ្យាតាមព្រះគម្ពីរដ៏ត្រឹមត្រូវ ការយកដំណឹងល្អជាគោល ការយល់ពីការក្លាយជាគ្រីស្ទបរិស័ទតាមព្រះគម្ពីរ ការយល់ពីការផ្សាយដំណឹងល្អតាមព្រះគម្ពីរ ការយល់ពីសមាជិកភាពពួកជំនុំតាមព្រះគម្ពីរ ការយល់ពីការដាក់វិន័យពួកជំនុំតាមព្រះគម្ពីរ និងការយល់ពីភាពជាអ្នកដឹកនាំតាមព្រះគម្ពីរ។
ប្រសិនបើពួកជំនុំបង្រៀនតែអ្វីដែលជាគំនិតរបស់គ្រូគង្វាល ឬពួកគេមានការសង្ស័យពីព្រះជាម្ចាស់ច្រើនជាងថ្វាយបង្គំទ្រង់ ឬមិនបង្រៀនដំណឹងល្អឲ្យបានត្រឹមត្រូវ ហើយផ្សាយដំណឹងល្អមិនត្រឹមត្រូវ ឬមិនឲ្យតម្លៃដល់សមាជិកពួកជំនុំ ឬពួកគេធ្វើតាមគ្រូគង្វាលជាជាងព្រះជាម្ចាស់ នោះពួកគេពិបាករំពឹងថា ពួកគេនឹងអាចរកបាននូវសហគមន៍មួយដែលរួបរួមគ្នា ឬសហគមន៍មួយដែលចេះស្អាងចិត្តគ្នាណាស់។ ពួកជំនុំបែបនេះនឹងមិនថ្វាយសិរីល្អដល់ព្រះជាម្ចាស់នោះទេ។
ព្រះជាម្ចាស់ទទួលសិរីល្អតាមរយៈការរីកចម្រើននៃពួកជំនុំ
នៅពេលដែលយើងជួបប្រទះពួកជំនុំដែលកាន់តែមានលក្ខណៈដូចជាព្រះគ្រីស្ទនោះ តើអ្នកណាទទួលសិរីល្អ? ព្រះជាម្ចាស់ជាអ្នកទទួលសិរីល្អ។ ដូចដែលលោក ប៉ុល បានរៀបរាប់ថា «តែព្រះបានធ្វើឲ្យដុះ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹកមិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់» (១កូរិនថូស ៣:៦-៧; កូល៉ុស ២:១៩ គកស)។
ដូចគ្នានេះដែរ លោក ពេត្រុស ធ្វើសេចក្តីសន្និដ្ឋានក្នុងសំបុត្រទីពីររបស់លោកដែលលោកសរសេរទៅកាន់គ្រីស្ទបរិស័ទដំបូងមួយក្រុមថា «សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន» (២ពេត្រុស ៣:១៨ គកស)។ យើងប្រហែលជាច្រឡំថា ការរីកចម្រើនរបស់យើងនឹងនាំសិរីល្អដល់ខ្លួនឯង។ ប៉ុន្តែលោក ពេត្រុស បានដឹងច្បាស់ជាងយើង ដោយលោកបានសរសេរថា «ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក» (១ពេត្រុស ២:១២ គកស)។ លោក ពេត្រុស ចាំព្រះបន្ទូលរបស់ព្រះយេស៊ូវយ៉ាងច្បាស់ថា «ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរអ្នករាល់គ្នា? » មិនដូច្នេះទេ! គឺ សរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ វិញ (ម៉ាថាយ ៥:១៦ គកស)។ ការដែលពួកជំនុំព្យាយាមបង្កើតសិស្ស និងការដែលពួកគេព្យាយាមឲ្យមានការរីកចម្រើន គឺជាសញ្ញាសម្គាល់មួយទៀតនៃពួកជំនុំដែលមានសុខភាពល្អ។
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…