in ,

តើ​ខ្ញុំ​រង់ចាំ​ព្រះ​ជាម្ចាស់​បាន​ដោយ​របៀប​ណា?

ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ទ័យ​ធ្វើ​ការ​សម្រាប់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ​អង្គ។ ដូច្នេះ តើ​យើង​រង់​ចាំ​ព្រះ​ជាម្ចាស់​បាន​ដោយ​របៀប​ណា? តើ​ការ​រង់​ចាំ​ព្រះ​ជាម្ចាស់​មាន​ន័យ​ថា​យើង​មិន​ធ្វើ​អ្វី​សោះ​មែន​ឬ? តើ​ពេល​ណា​យើង​ឈប់​រង់ចាំ ហើយ​ចាប់​ផ្ដើម​មាន​សកម្មភាព? ទាំង​នោះ​គឺ​ជា​សំណួរ​ដ៏​សំខាន់ៗ​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​អធិប្បាយ​លើ​កណ្ឌ​គម្ពីរ អេសាយ ៦៤:១-៤ ជា​សេចក្ដី​អធិប្បាយ​ដែល​គាត់​បាន​អធិប្បាយ​តាំង​ពី​ឆ្នាំ១៩៨២។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​គាត់​បាន​មាន​ប្រសាសន៍។

នៅ​ក្នុង​អត្ថន័យ​មួយ ព្រះ​ជាម្ចាស់​ធ្វើ​ការ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ព្រះ​ជាម្ចាស់​​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់​ផង។ ព្រះ​អង្គ​ធ្វើ​ឲ្យ​មាន​រដូវ​សាប​ព្រោះ និង​រដូវ​ចម្រូត សូម្បី​តែ​សម្រាប់​អស់​អ្នក​ដែល​បះបោរ​ប្រឆាំង​ព្រះ​អង្គ​ក៏​ដោយ (ម៉ាថាយ ៥:៤៥)។ ព្រះ​ជាម្ចាស់​ធ្វើ​ការ​សម្រាប់​របស់​សព្វ​សារពើ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក ហើយ​គ្រប់​ទាំង​អស់​គួរ​នាំ​យើង​ឲ្យ​មាន​ការ​ប្រែ​ចិត្ត។ ប៉ុន្តែ នៅ​ក្នុង​បរិបទ​របស់​យើង កិច្ច​ការ​ដែល​យើង​សំដៅ​ទៅ​លើ​គឺ​មិន​មែន​ជា​ព្រះ​គុណ​ទូទៅ​ដែល​បាន​ផ្ដល់​មក​សម្រាប់​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​ជា​ព្រះ​គុណ​ពិសេស​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​សម្រាប់​អស់​អ្នក​ដែល​ទទួល​បាន​ការ​រៀប​ចំ​យ៉ាង​ជាក់​លាក់​តែ​ប៉ុណ្ណោះ។

«ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់
ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ» (អេសាយ ៦៤:៤)។

កិច្ច​ការ​ដែល​បាន​លើក​ឡើង​នៅ​ទី​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​មែន​គ្រាន់​តែ​ជា​កិច្ច​ការ​នៃ​ការ​បង្កើត និង​ការ​ថែ​រក្សា​ទុក​នោះ​ទេ។ វា​មិន​មែន​គ្រាន់​តែ​ជា​ការ​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​ធម្មជាតិ​មួយ​ចំនួន​ដែល​ព្រះ​អង្គ​ធ្វើ​សម្រាប់​គ្រប់​គ្នា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​ការ​វិនិយោគ​របស់​ព្រះ​ជាម្ចាស់​ដ៏​គ្មាន​ដែន​កំណត់ អំណាច​នៃ​អធិបតេយ្យភាព​ក្នុង​ការ​ធ្វើ​គ្រប់​អ្វីៗ​ដែល​រាស្ត្រ​របស់​ព្រះ​អង្គ​ត្រូវ​ការ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ។ ហើយ​តើ​ព្រះ​អង្គ​ធ្វើ​សម្រាប់​អ្នក​ណា? គឺ​ព្រះ​អង្គ​ធ្វើ​សម្រាប់​អស់​អ្នក​ដែល​រង់​ចាំ​ទ្រង់។

ដូច្នេះ សំណួរ​ដ៏​ធំ​បំផុត​ឥឡូវ​នេះ​គឺ​ថា តើ​នោះ​ជា​អ្វី? តើ​លោក​អ្នក​ធ្វើ​ការ​នោះ​បាន​ដោយ​របៀប​ណា? ហើយ​ខ្ញុំ​ចង់​ព្យាយាម​បង្ហាញ​លោក​អ្នក​ពី​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ​អំពី​របៀប​ដែល​លោក​អ្នក​អាច​ចេះ​រង់ចាំ​ព្រះ​អម្ចាស់​បាន។

សូម​រង់​ចាំ ហើយ​អធិស្ឋាន

បណ្ដាជន​ដែល​ហោរា អេសាយ កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​គឺ​កំពុង​មាន​បញ្ហា៖ ពួក​គាត់​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ពី​សត្រូវ​របស់​ខ្លួន គឺ​សាសន៍​អាសស៊ើរ ហើយ​ក្រោយ​មក​ទៀត​គឺ​ពួក​សាសន៍​បាប៊ីឡូន។ ហើយ​ឥឡូវ​នេះ គ្រោះ​ថ្នាក់​ដែល​ព្រះ​អង្គ​ទត​ឃើញ​គឺ​មិន​សូវ​ពាក់​ព័ន្ធ​ខ្លាំង​ជា​មួយ​ពួក​អាសស៊ើរ និង​ពួក​ក្រុង​បាប៊ីឡូន​នោះ​ទេ ប៉ុន្តែ​គឺ​ជា​សេចក្ដី​ល្បួង​ក្នុង​ការ​រត់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​រក​គេ​ជួយ​ជាជាង​ស្វែង​រក​ជំនួយ​ពី​ព្រះ​ជាម្ចាស់​ទៅ​វិញ។ ជា​ជាង​រង់​ចាំ​ជំនួយ​របស់​ព្រះ​ជាម្ចាស់ ទ្រង់​ទត​ឃើញ​សេចក្ដី​ល្បួង​ដែល​បាន​លេច​ឡើង​យ៉ាង​ធំ ដែល​ពួក​គាត់​ព្យាយាម​រក គឺ​ជំនួយ​ពី​មនុស្ស។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​មាន​បន្ទូល​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៣១:១ ថា៖

វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ដើម្បី​រក​គេ​ជួយ
ព្រម​ទាំង​ពឹង​ដល់​សេះ
ហើយ​ទុក​ចិត្ត​និង​រទេះ​ចម្បាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន
ហើយ​និង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កម្លាំង​ណាស់
ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊‌ីស្រាអែល
ឬ​ស្វែង​រក​ព្រះ​យេហូវ៉ា​សោះ!

ដូច្នេះ ចំណុច​ដំបូង​គេ​បង្អស់​ក្នុង​ការ​រង់ចាំ​ព្រះ​ជាម្ចាស់​គឺ​មាន​ន័យ​ដូច​នេះ​ថា៖ មុន​ពេល​លោក​អ្នក​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​របស់​លោក​អ្នក​ផ្ទាល់ ឬ​ក៏​ជួល​នរណា​ម្នាក់​ឲ្យ​មក​ជួយ សូម​អធិស្ឋាន​ជា​មុន​សិន។ ចូរ​ស្វែង​រក​ការ​ប្រឹក្សា​មក​ពី​ព្រះ​ជាម្ចាស់។ តើ​អ្វី​ជា​របៀប​របស់​ព្រះ​អង្គ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ហើយ​នាំ​លោក​អ្នក​ចេញ​ពី​បញ្ហា​នេះ? នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១០៦:១៣ បាន​ចែង​ថា៖ «តែ​មិន​យូរ​ប៉ុន្មាន ក៏​ភ្លេច​កិច្ច​ការ​របស់​ទ្រង់​ទៅ ហើយ​មិន​បាន​រង់​ចាំ​ស្តាប់​សេចក្ដី​ដំបូន្មាន​របស់​ទ្រង់​ទេ»។

កិច្ច​ការ​ដំបូង​គេ​ក្នុង​ការ​រង់​ចាំ​គឺ​ជា​ការ​អធិស្ឋាន—មុន​ពេល​យើង​ធ្វើ​អ្វី​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​យើង។ ហើយ​ខ្ញុំ​ដឹង​ថា ប្រសិន​បើ​លោក​អ្នក​ដូច​ជា​ខ្ញុំ​ដែរ នោះ​លោក​អ្នក​ក៏​ធ្លាប់​ឆ្លង​កាត់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន ហើយ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​លោក​អ្នក​និយាយ​ថា «ខ្ញុំ​ភ្លេច​អធិស្ឋាន»។ ហើយ​យើង​គួរ​តែ​ខិត​ខំ​ធ្វើ​ការ​ក្នុង​ការ​ផ្លាស់​ប្រែ​ទម្លាប់​នៃ​ការ​ឈប់​ម្ដង​ហើយ​ម្ដង​ទៀតៗ​នេះ ដើម្បី​អធិស្ឋាន​សិន។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​អ្វី​ដែល​សាវ័ក ប៉ុល ចង់​សំដៅ​ទៅ​លើ​នៅ​ពេល​ដែល​គាត់​បាន​លើក​ឡើង​ថា «ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ» (១ថែស្សាឡូនិច ៥:១៧)។ មុន​ពេល​លោក​អ្នក​ធ្វើ​អ្វី​មួយ ក្នុង​គ្រប់​ការ​តូចៗ​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក—គ្រប់​ទាំង​ការ​សម្ភាសន៍ រាល់​គ្រប់​ទាំង​ការ​ជួប​ជុំ—ចូរ​អធិស្ឋាន​ទៅ​កាន់​ព្រះ​អង្គ​សិន។ «តើ​ការ​នេះ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​ទូល​បង្គំ​ពឹង​លើ​ព្រះ​អង្គ? តើ​ព្រះ​អង្គ​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី?» បន្ទាប់​មក សូម​ធ្វើ​តាម​អ្វី​ដែល​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ចុះ។

យើង​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​អ្នក​ជម្ងឺ។ សេចក្ដី​អធិស្ឋាន​ប្រៀប​ដូច​ជា​ការ​យក​ទូរស័ព្ទ​តេ​ទៅ​គ្រូ​ពេទ្យ ហើយ​ប្រាប់​ថា «ខ្ញុំ​មាន​បញ្ហា​ហើយ ខ្ញុំ​កំពុង​ឈឺ។ តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច?»។ មុន​ពេល​លោក​អ្នក​លេប​ថ្នាំ​ណា​មួយ ឬ​ហាត់​ប្រាណ សូម​លើក​ទូរស័ព្ទ​តេ​ទៅ​កាន់​គ្រូ​ពេទ្យ​សិន​ចុះ។

បន្ទាប់​មក គ្រូ​ពេទ្យ​ទំនង​ជា​ប្រាប់​លោក​អ្នក​ថា «ចូរ​សម្រាក​សិន កុំ​ធ្វើ​អ្វី​ឡើយ»។ ឬ​គាត់​ទំនង​ជា​ប្រាប់​ថា «ចូរ​លេប​ថ្នាំ ហើយ​ហាត់​ប្រាណ​ចុះ»។ ដូច្នេះ ការ​ណែ​នាំ​ទាំង​ពីរ​នេះ​ពី​ព្រះ​អម្ចាស់​នាំ​យើង​ចូល​នៅ​ក្នុង​របៀប​ពីរ​ខុស​គ្នា​នៃ​ការ​រង់​ចាំ។ យើង​មិន​ឈប់​រង់​ចាំ​បន្ទាប់​ពី​យើង​ទទួល​បាន​ការ​ត្រាស់​ហៅ​នោះ​ទេ៖ យើង​នៅ​បន្ត​រង់​ចាំ។ មាន​ការ​រង់​ចាំ​ពីរ​ប្រភេទ​ខុស​គ្នា។ ចូរ​យើង​មើល​ភាព​ខុស​គ្នា​ទាំង​ពីរ​នេះ​ម្ដង​មួយៗ​ចុះ។

សូម​រង់​ចាំ ហើយ​សម្រាក

ចំណុច​ទី១នេះ គឺ​ប្រសិន​បើ​គ្រូ​ពេទ្យ​ប្រាប់​ថា «ចូរ​សម្រាក​សិន​ចុះ»។ នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៣០:១៥-១៦ មាន​ចែង​យ៉ាង​ដូច​នេះ៖ ព្រះ​ជាម្ចាស់​មាន​បន្ទូល​ទៅ​បណ្ដា​ជន​ថា

«“ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ
ហើយ​ផ្អាក​សម្រាក ឯង​រាល់​គ្នា​នឹង​មាន​កម្លាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ ចិត្ត”
តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ គឺ​បាន​សប​ឆ្លើយ​ថា
“ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ
ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន
ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ
ដូច្នេះ​គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា”»។

និយាយ​ម៉្យាង​ទៀត ព្រះ​ជាម្ចាស់​កំពុង​និយាយ​ទូរស័ព្ទ​ថា «ចូរ​គ្រាន់​តែ​អង្គុយ​ចុះ​សិន យើង​នឹង​ធ្វើ​ការ​នោះ​សម្រាប់​ឯង។ កុំ​ខំ​ពេក ហើយ​សម្រាក​ចុះ យើង​នឹង​ធ្វើ​ជា​កម្លាំង​ដល់​ឯង»។ ប៉ុន្តែ ពួក​គាត់​មិន​ធ្វើ​តាម​នោះ​ទេ។ ពួក​គាត់​ចង់​ធ្វើ​សម​យុទ្ធ ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​លើ​ពួក​គេ​ផ្ទាល់​សម្រាប់​ភាព​រុង​រឿង​ដល់​ទ័ព​សេះ និង​ទ័ព​រទេះ​ចម្បាំង​របស់​ពួក​គាត់​វិញ។ ពេល​ខ្លះ យើង​ត្រូវ​តែ​ស្ម័គ្រ​ចិត្ត​លើក​ទូរស័ព្ទ​ក្នុង​ការ​ទទួល​យក​ដំណឹង​ខក​ចិត្ត៖ «នៅ​ស្ងៀម»។ យើង​ត្រូវ​តែ​ស្ដាប់​អ្វី​ដែល​លោក​ម៉ូសេ​បាន​លើក​ឡើង​ទៅ​កាន់​បណ្ដា​ជន​ខណៈ​ពេល​ដែល​ពួក​គេ​ហៀប​នឹង​ឆ្លង​សមុទ្រ​ក្រហម៖

«កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ នៅ​ថ្ងៃ​នេះ…ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ» (និក្ខមនំ ១៤:១៣-១៤)។

ដូច្នេះ ចំណុច​ទី២ក្នុង​ការ​រង់​ចាំ​ព្រះ​អម្ចាស់​គឺ​មាន​ន័យ​ដូច​នេះ៖ បន្ទាប់​ពី​លោក​អ្នក​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះ​ដ៏​ជា​គ្រូ​ពេទ្យ​រួច​ហើយ ហើយ​ព្រះ​អង្គ​មាន​បន្ទូល​ថា «ឲ្យ​នៅ​ស្ងៀម» នោះ​ចូរ​នៅ​ស្ងៀម ហើយ​សម្រាក​ចុះ។

សូម​រង់​ចាំ ហើយ​ធ្វើ​ចុះ

ប៉ុន្តែ នៅ​មាន​ចំណុច​ទី៣នៃ​ការ​រង់​ចាំ​ព្រះ​អម្ចាស់។ ព្រះ​អង្គ​ទំនង​ជា​មាន​បន្ទូល​ថា «ចូរ​ក្រោក​ឡើង ហើយ​ហាត់​ប្រាណ និង​លេប​ថ្នាំ​ចុះ»។ ឬ​ក៏​ដើម្បី​ត្រឡប់​ទៅ​ឯ​បរិបទ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​វិញ ព្រះ​អង្គ​ទំនង​ជា​មាន​បន្ទូល​ថា «ចូរ​ទៅ​ឯ​សមរភូមិ ហើយ​ច្បាំង​ចុះ»។

គ្រួសារ​របស់​ខ្ញុំ​បាន​អាន​កណ្ឌ​គម្ពីរ ២សាំយ៉ូអែល សម្រាប់​ជា​ការ​រៀន​ជា​មួយ​គ្នា​នៅ​ពេល​ព្រឹក ហើយ​កាល​ពីរ-បី​ថ្ងៃ​កន្លង​ទៅ​នេះ យើង​បាន​អាន​កណ្ឌ​គម្ពីរ ២សាំយ៉ូអែល ៥:១៩។ នៅ​ត្រង់​នេះ ស្ថាន​ភាព​គឺ​ថា ស្ដេច ដាវីឌ ទើប​តែ​បាន​សោយ​រាជ្យ​ក្រោយ​ពី​ស្ដេច សូល បាន​សោយ​ទិវង្គត ហើយ​ពួក​សាសន៍​ភីលីស្ទីន​កំពុង​ឡោម​ព័ទ្ធ។ នេះ​គឺ​ជា​អ្វី​ដែល​ទ្រង់​បាន​ធ្វើ «ដាវីឌ​ទូល​សួរ​ដល់​ព្រះ​យេហូវ៉ា»។ ទ្រង់​បាន​រង់​ចាំ។ «តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ទូល​បង្គំ​ឬ​អី?» រង់​ចាំ​សិន។ ហើយ​ចម្លើយ​គឺ​ថា «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​ដៃ​ឯង​ជា​ពិត​ប្រាកដ»។ ដូច្នេះ ព្រះ​បន្ទូល​មក​កាន់​ស្តេច ដាវីឌ មិន​មែន​ឲ្យ «នៅ​ស្ងៀម» ទៀត​ទេ។ ប៉ុន្តែ ព្រះ​បន្ទូល​មក​កាន់​ស្ដេច ដាវីឌ គឺ​ឲ្យ​ទៅ «ច្បាំង»។ ស្ដេច ដាវីឌ មិន​បាន​ដោះ​ស្រាយ​បញ្ហា​ដោយ​ដៃ​ផ្ទាល់​របស់​ទ្រង់​ឡើយ។ ទ្រង់​បាន​រង់​ចាំ។

ប៉ុន្តែ នេះ​ជា​ខ្លឹម​សារ​សំខាន់។ ឥឡូវ សូម​ព្យាយាម​យល់​ឲ្យ​បាន​ច្បាស់ ដោយ​សារ​យើង​ងាយ​នឹង​គិត​ថា ការ​រង់​ចាំ​គឺ​មាន​ន័យ​ថា​ជា​ការ​នៅ​ស្ងៀម ប៉ុន្តែ​នៅ​ពេល​យើង​ចាប់​ផ្ដើម​មាន​សកម្មភាព—រៀប​ចំ​សេចក្ដី​អធិប្បាយ ឬ​រៀប​ចំ​មេរៀន ទៅ​ធ្វើ​ការ រៀប​ចំ​របាយ​ការណ៍ នៅ​ដល់​យប់​ជ្រៅ ដើម្បី​ធ្វើ​ការ​ហើយ​ធ្វើ​ការ​ទៀត—នោះ​យើង​មិន​ត្រូវ​រង់​ចាំ​ទៀត​នោះ​ទេ។ នេះ​មិន​មាន​នៅ​ក្នុង​ករណី​លើក​លែង​នេះ​ឡើយ—ការ​នេះ​ផ្លាស់​ប្រែ​ជីវិត​ទាំង​អស់—ដោយ​សារ​ក្នុង​អត្ថន័យ​មួយ​នៃ​ការ​រង់​ចាំ​គឺ​ជា​ការ​ធ្វើ​ការ។ កណ្ឌ​គម្ពីរ សុភាសិត ២១:៣១ បាន​ចែង​ដូច​នេះ​ថា៖

«គេ​ត្រៀម​សេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម
តែ​ការ​ដែល​មាន​ជ័យ​ជម្នះ នោះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា​ទេ»។

តើ​លោក​អ្នក​ឃើញ​ពី​ការ​ទាក់​ទង​គ្នា​នៃ​ការ​នោះ​សម្រាប់​អ្នក​ចម្បាំង​ដែរ​ឬ​ទេ? វា​មាន​ន័យ​ថា​នៅ​ពេល​ដែល​ព្រះ​អម្ចាស់​មាន​បន្ទូល​ថា «ចូរ​ទៅ» ស្ដេច ដាវីឌ មិន​បាន​លែង​រង់​ចាំ​ទៀត​ទេ។ ទ្រង់​បាន​ចេញ​ទៅ​ច្បាំង​ដោយ​មាន​ចិត្ត​រំពឹង​ទុក ដោយ​ដឹង​ថា «បាទ ខ្ញុំ​នឹង​ប្រយុទ្ធ​ឲ្យ​អស់​ពី​កម្លាំង​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​រង់​ចាំ​លើ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​ហស្ត​របស់​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ជ័យ​ជម្នះ​ដល់​ខ្ញុំ​បាន»។ មិន​ថា​លោក​អ្នក​ខិត​ខំ​ធ្វើ​ការ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​លោក​អ្នក​គួរ​តែ​មាន​ចិត្ត​នៃ​ការ​រង់​ចាំ ចិត្ត​នៃ​ការ​រំពឹង ចិត្ត​ដែល​ថា​តាម​រយៈ​សកម្មភាព​ទាំង​នេះ នោះ​នឹង​មាន​ពន្លឺ​មក​ពី​ស្ថាន​សួគ៌​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​មួយ។ នេះ​គឺ​ជា​របៀប​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​បាន​រៀប​រាប់​ថា៖

«គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​មាន​ពល​ទ័ព​ច្រើន​ឡើយ
មនុស្ស​ខ្លាំង​ពូកែ​ក៏​មិន​បាន​រួច ដោយ​មាន​កម្លាំង​យ៉ាង​ខ្លាំង​នោះ​ដែរ
ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្ត​ត្រាណ
ក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយ​សារ​កម្លាំង​ដ៏​ខ្លាំង​របស់​វា​ដែរ….
ព្រលឹង​នៃ​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា
ទ្រង់​ជា​ជំនួយ ហើយ​ជា​ខែល​របស់​យើង​ខ្ញុំ
ដ្បិត​ចិត្ត​យើង​ខ្ញុំ​រីក​រាយ​ឡើង​ក្នុង​ទ្រង់
ពីព្រោះ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់​ហើយ
ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​របស់​ទ្រង់​សណ្ឋិត​នៅ​លើ​យើង​ខ្ញុំ
តាម​ដែល​យើង​ខ្ញុំ​បាន​សង្ឃឹម​ដល់​ទ្រង់» (ទំនុកតម្កើង ៣៣:១៦-១៧, ២០-២២)។

ប្រសិន​បើ​ព្រះ​អម្ចាស់​ណែនាំ​យើង​ក្នុង​ការ​ចាត់​វិធាន​ការ​ប្រុង​ប្រយ័ត្ន​ដែល​ជាក់​លាក់​ជាង​មុន ដូច​ជា​ការ​ចាក់​សោ​ទ្វារ​នៅ​ពេល​យប់ សូម​កុំ​គិត​ថា លោក​អ្នក​អាច​ឈប់​រង់​ចាំ​ព្រះ​អម្ចាស់​ទៀត​ឡើយ។ ដ្បិត​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១២៧:១ បាន​ចែង​ថា៖

«បើ​គ្មាន​ព្រះ​យេហូវ៉ា​ថែ​រក្សា​ទីក្រុង
នោះ​ពួក​យាម​ល្បាត​គេ​ចាំ​យាម​ជា​ឥត​ប្រយោជន៍​ដែរ»។

សូម្បី​តែ​យើង​ដែល​ជា​អ្នក​យាម កំពុង​តែ​បំពេញ​កាតព្វកិច្ច​របស់​យើង​ក៏​ដោយ ក៏​យើង​ត្រូវ​រង់​ចាំ​ព្រះ​អម្ចាស់​ដែរ ដ្បិត​ព្រះ​អង្គ​តែ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​នាំ​មក​នូវ​សុវត្ថិភាព។ ដូច្នេះ ចំណុច​ទី៣​នៃ​របៀប​នៃ​ការ​រង់​ចាំ​ព្រះ​អម្ចាស់​គឺ​ដូច​នេះ៖ សូម្បី​តែ​នៅ​ពេល​ព្រះ​អម្ចាស់​មាន​បន្ទូល​ថា «ធ្វើ​ចុះ» ក៏​យើង​នៅ​តែ​ប្រព្រឹត្ត​ដោយ​ទុក​ចិត្ត​លើ​កិច្ចការ​របស់​ព្រះ​អង្គ ហើយ​យើង​រង់​ចាំ​ព្រះ​អម្ចាស់​ដោយ​មាន​ចិត្ត​រំពឹង​ទុក ទោះ​បី​ជា​ការងារ​របស់​យើង​ងាយ​រង​គ្រោះ និង​ខ្សោយ​ក្ដី ក៏​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ទាំង​អស់​ដែល​យើង​ធ្វើ​គឺ​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់​ដែរ។ ហើយ​ត្រង់​ចំណុច​នេះ យើង​រង់​ចាំ​នៅ​ក្នុង​គ្រប់​ទាំង​កិច្ចការ​របស់​យើង។

សូម​មើល​ព្រះ​ជាម្ចាស់​ធ្វើ​ការ

សរុប​សេចក្ដី​មក សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​សង្ខេប​នូវ​ចំណុច​ទាំង​បី​នេះ៖

១. នៅ​ពេល​ដែល​លោក​អ្នក​ស្ថិត​ក្រោម​កាលៈទេសៈ​ដែល​មាន​សម្ពាធ ដែល​កាលៈទេសៈ​នោះ​នាំ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​ត្រូវ​ធ្វើ​ឲ្យ​ហើយ—មាន​អ្វី​មួយ​ដែល​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ឬ​ក៏​មាន​អ្វី​មួយ​ដែល​មាន​អ្នក​ផ្សេង​មក​ជួយ—ចូរ​រង់​ចាំ​ព្រះ​អម្ចាស់​សិន ដែល​នេះ​មាន​ន័យ​ថា លោក​អ្នក​ត្រូវ​តែ​អធិស្ឋាន។ មុន​ពេល​លោក​អ្នក​ធ្វើ​អ្វី​មួយ សូម​ស្វែង​រក​ព្រះ​អម្ចាស់ សូម​ស្វែង​រក​ការ​ប្រឹក្សា​ពី​ព្រះ​អង្គ​សិន។ តើ​ព្រះ​អង្គ​នឹង​ឲ្យ​លោក​អ្នក​ធ្វើ​អ្វី ប្រ​សិន​បើ​មាន?

២. ប្រសិន​បើ​ព្រះ​អម្ចាស់​មាន​បន្ទូល​ថា «ចូរ​អង្គុយ​ចុះ ហើយ​សម្រាក​សិន» ប្រសិន​បើ​ព្រះ​អម្ចាស់​មាន​បន្ទូល​ថា «យប់​នេះ កុំ​ទៅ​ព្រះ​វិហារ ដើម្បី​ប្រជុំ​ពិភាក្សា​គ្នា​ឡើយ៖ ចូរ​នៅ​ផ្ទះ ហើយ​អធិស្ឋាន​ចុះ។ យើង​នឹង​ធ្វើ​ការ​ដែល​ល្អ​ប្រសើរ​ជាង​ការ​ជជែក​របស់​ឯង​ផង»។ សូម​កុំ​ទៅ​ឡើយ។

៣. ហើយ​ប្រសិន​បើ​ព្រះ​អម្ចាស់​មាន​បន្ទូល​ថា «ចូរ​ទៅ ហើយ​ជជែក​ឲ្យ​អស់​ពី​កម្លាំង​របស់​អ្នក​ចុះ» ចូរ​កុំ​ពឹង​លើ​ខ្លួន​ឯង តែ​ចូរ​ទៅ​ចូល​រួម​ចុះ។

ខ្ញុំ​សូម​ផ្ដោត​អត្ថន័យ​លើ​ចំណុច​ទី២នេះ ខ្ញុំ​មិន​មែន​មាន​ន័យ​ថា វា​ជា​ការ​ខ្ជិល​ច្រអូស ឬ​គេច​ពី​កាតព្វកិច្ច​នោះ​ទេ។ ខ្ញុំ​មាន​ន័យ​ថា ពេល​ខ្លះ បទ​ពិសោធន៍​នៃ​ការ​ខក​ចិត្ត នៅ​ពេល​លោក​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ពេល​លោក​អ្នក​គិត​ថា​វា​ពឹង​ផ្អែក​លើ​លោក​អ្នក​យ៉ាង​ខ្លាំង ហើយ​លោក​អ្នក​មាន​ភាព​ឆេះ​ឆួល​យ៉ាង​ខ្លាំង នោះ​ព្រះ​អម្ចាស់​ទំនង​ជា​មាន​បន្ទូល​ទៅ​លោក​អ្នក​ថា «យប់​នេះ ឯង​គ្រាន់​តែ​នៅ​ផ្ទះ ហើយ​ចាំ​មើល​យើង​ធ្វើ​ការ​ជំនួស​វិញ»។ ហើយ​លោក​អ្នក​មាន​ការ​ខក​ចិត្ត​បន្តិច​បន្តួច​ដែរ​ដោយ​សារ​លោក​អ្នក​បាន​រៀប​ចំ​ផែន​ការ​ទាំង​ស្រុង​រួច​ហើយ។ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ធ្វើ​ជំនួស​លោក​អ្នក ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួល​បាន​សិរី​ល្អ មិន​មែន​យើង​នោះ​ទេ។

ដូច្នេះ មិន​ថា​យើង​នៅ​ស្ងៀម ហើយ​អង្គុយ ឬ​មិន​ថា​យើង​ធ្វើ​ការ​ប៉ុណ្ណា​នោះ​ទេ សូម​ឲ្យ​យើង​មាន​គំនិត​បែប​នេះ៖ យើង​រង់​ចាំ​ព្រះ​អម្ចាស់ ហើយ​យើង​មាន​ចិត្ត​រំពឹង​ថា បើ​ទោះ​ជា​ការងារ​របស់​យើង​លំបាក​ប៉ុណ្ណា​ក៏​ដោយ ក៏​ការ​សម្រេច​​ចុង​ក្រោយ​គឺ​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់​ដែរ។ ហើយ​ព្រះ​អង្គ​ក៏​សព្វ​ព្រះ​ទ័យ​ធ្វើ​ការ​សម្រាប់​អស់​អ្នក​ដែល​រង់​ចាំ​ទ្រង់។

ព្រះ​ជាម្ចាស់​ធ្វើ​ការ​សម្រាប់​អស់​អ្នក​ដែល​រង​ចាំ​ទ្រង់។ ប៉ុន្តែ តើ​ការ​រង​ចាំ​ព្រះ​អង្គ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី ឡូញ ស្រីរ័ត្ន, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ​

ទេ! ខ្ញុំ​នឹង​មិន​អធិស្ឋាន​ឲ្យ​អ្នក​ទេ