in

តើ​ខ្ញុំ​គួរ​អាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​ណា?

«ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​ដឹង​ហើយ​ថា លោក​គ្រូ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​បរិសុទ្ធ​បក​ប្រែ​ឆ្នាំ១៩៥៤ (ឬ​ក៏​ឈ្មោះ​មួយ​ទៀត​ព្រះ​គម្ពីរ​ប៊ីប) ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​មាន​ការ​ពិបាក​ក្នុង​ការ​យល់​ការ​បក​ប្រែ​ព្រះ​គម្ពីរ​បរិសុទ្ធ (ពគប) ដូច្នេះ​ពេល​ខ្លះ​ខ្ញុំ​ក៏​អាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​ខ្មែរ​បច្ចុប្បន្ន (គខប) ការ​បក​ប្រែ​ព្រះ​គម្ពីរ​កែ​សម្រួល​ឆ្នាំ២០១៦ (គកស) ព្រះ​គម្ពីរ​គ្រីស្ទ​បរិស័ទ​ខ្មែរ (គបខ) (មាន​តែ​សញ្ញា​ថ្មី) ឬ​ក៏​ព្រះ​គម្ពីរ​ខ្មែរ​សាកល (គខស) ដើម្បី​ឲ្យ​កាន់​តែ​យល់​លើ​ខ​គម្ពីរ​ណា​មួយ។ តើ​លោក​គ្រូ​គិត​ថា វា​សំខាន់​ទេ​ដែល​យើង​ត្រូវ​តែ​ជ្រើស​រើស​អាន និង​សញ្ជឹង​គិត​លើ​ការ​បក​ប្រែ​តែ​មួយ? ក្នុង​នាម​ជា​អ្នក​ជឿ ខ្ញុំ​ចង់​រស់​នៅ​ដោយ​ពឹង​លើ​ព្រះ​បន្ទូល ពីព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ សូម​លោក​គ្រូ​ជួយ​ផ្ដល់​យោបល់​លើ​ការ​ជ្រើស​រើស​យក​ការ​បក​ប្រែ​ណា​មួយ​ជា​គោល។ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា គ្រូៗ​មួយ​ចំនួន​ក៏​បាន​ជ្រើស​រើស​ប្រើ​ប្រាស់​តែ​ការ​បក​ប្រែ​មួយ ហើយ​អាន និង​ទន្ទេញ​ឲ្យ​ចាំ​មាត់​ពេញ​មួយ​ជីវិត ដល់​ថ្នាក់​ថា​ពួក​គាត់​ចាំ​ថា ខ​គម្ពីរ​ណា​មួយ​ស្ថិត​នៅ​ក្នុង​ទំព័រ​ណា​ទៀត​ផង។ ឧទាហរណ៍៖ ប្រសិន​បើ​ខ្ញុំ​ជ្រើស​រើស​ប្រើ​ប្រាស់​តែ​ការ​បក​ប្រែ​ព្រះ​គម្ពីរ​បរិសុទ្ធ តើ​ខ្ញុំ​នឹង​បាត់​បង់​ការ​យល់​ដឹង​មួយ​ចំនួន​មែន​ឬ ជា​ពិសេស​នៅ​ពេល​ដែល​ខ្ញុំ​មិន​យល់​ពាក្យ​ណា​មួយ? ខ្ញុំ​សូម​អរគុណ​លោក​គ្រូ​ទុក​ជា​មុន សម្រាប់​យោបល់​ដែល​លោក​គ្រូ​នឹង​ចែក​ចាយ»។

ខ្ញុំ​ស្រឡាញ់​របៀប​ដែល​គាត់​សួរ ជា​ពិសេស​ទាក់​ទង​នឹង​ការ​ចង់​រស់​នៅ​ដោយ​ពឹង​លើ​ព្រះ​បន្ទូល។ ការ​ចង់​ធ្វើ​បែប​នេះ​គឺ​ជា​ការ​ល្អ​ណាស់។ ហើយ​គាត់​ក៏​បាន​លើក​ឡើង​យ៉ាង​ត្រូវ​ផង​ដែរ​ថា ខ្ញុំ​ចូល​ចិត្ត​ព្រះ​គម្ពីរ​បរិសុទ្ធ ឬ​ក៏​ព្រះ​គម្ពីរ​ប៊ីប ក្នុង​ការ​អាន និង​សញ្ជឹង​គិត។ ខ្ញុំ​ចង់​បញ្ជាក់​ថា គ្មាន​ការ​បក​ប្រែ​ណា​ល្អ​ឲ្យ​ឥត​ខ្ចោះ​នោះ​ទេ គ្មាន​ការ​បក​ប្រែ​ណា​ដែល​មាន​ភាព​ស៊ី​គ្នា​ទាំង​ស្រុង​រវាង​ទម្រង់​នៃ​ភាព​ស្មើ​គ្នា​ទៅ​នឹង​ភាសា​ដើម តាម​កម្រិត​ដែល​អ្នក​បក​ប្រែ​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​អាន និង​រក្សា​ភាព​ថ្លៃថ្នូរ​ឲ្យ​បាន​ត្រឹម​ត្រូវ១០០% ហើយ​ស្រប​ពេល​នោះ​អាច​ឲ្យ​មនុស្ស​សាមញ្ញៗ​ទាំង​អស់​គ្នា​អាច​ប្រើ​ប្រាស់​បាន​ដែរ។ ការ​បក​ប្រែ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍។ ប៉ុន្តែ សម្រាប់​ខ្ញុំ និង​ក្រុម​ជំនុំ​ខ្ញុំ យើង​បាន​ជ្រើស​រើស​ការ​បក​ប្រែ​តែ​មួយ (គឺ​ព្រះ​គម្ពីរ​បរិសុទ្ធ) ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​អាន និង​សិក្សា​ព្រះ​បន្ទូល​សម្រាប់​ផ្ទាល់​ខ្លួន និង​សម្រាប់​ក្រុម​ជំនុំ​របស់​ខ្ញុំ ព្រម​ទាំង​សម្រាប់​ក្មេង​ជំទង់​ផង​ដែរ។ ប្រសិន​បើ​ក្រុម​ជំនុំ​ខ្ញុំ​មាន​ការ​ប្រើ​ប្រាស់​ការ​បក​ប្រែ​ព្រះ​គម្ពីរ​ច្រើន​ពេក នោះ​អាច​នាំ​ឲ្យ​មាន​ការ​ពិបាក​សម្រាប់​យើង​ក្នុង​ការ​គ្រប់​គ្រង ក៏​ដូច​ជា​មាន​ភាព​ស៊ី​គ្នា​ជា​ក្រុម​ជំនុំ។ ប៉ុន្តែ ការ​មិន​មាន​ការ​បក​ប្រែ​ណា​មួយ​ល្អ​ខ្លាំង​ជាង​ការ​បក​ប្រែ​ណា​មួយ​នោះ​ទេ។ ការ​ជ្រើស​រើស​ប្រើ​ប្រាស់​ការ​បក​ប្រែ​ណា​មួយ​គឺ​ជា​ការ​ជ្រើស​រើស​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​មិន​គួរ​បង្ខំ​ឲ្យ​អ្នក​ដទៃ​ប្រើ​ប្រាស់​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន​របស់​យើង​ដែរ។ ឬ​ក៏​បន្ទាប​បន្ថោក​លើ​ការ​បក​ប្រែ​ណា​មួយ​ថា អាក្រក់​ជាង​ការ​បក​ប្រែ​ណា​មួយ​ផ្សេង​ទៀត​នោះ​ទេ។

នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​ជ្រើស​រើស​ប្រើ​ប្រាស់​ការ​បក​ប្រែ​តែ​មួយ ប្រសិន​បើ​យើង​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​ក្រុម​ជំនុំ​ដែល​ព្យាយាម​មាន​ព័ន្ធកិច្ច​នៅ​ក្នុង​គ្រប់​ចំណុច​នៃ​ជីវិត។ ចំណុច​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​អំពី​ការ​បក​ប្រែ​ព្រះ​គម្ពីរ​បរិសុទ្ធ​ឆ្នាំ១៩៥៤ គឺ​ថា​អ្នក​បក​ប្រែ​បាន​ព្យាយាម​បក​ប្រែ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ងាយ​យល់​នៅ​ពេល​ដែល​ពួក​គាត់​បាន​បក​ប្រែ​នៅ​ពេល​នោះ។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​ការ​បក​ប្រែ​មួយ​នេះ​ណាស់។

ការ​បក​ប្រែ​បច្ចុប្បន្ន ឬ​ក៏​ការ​បក​ប្រែ​ថ្មីៗ​នេះ​បាន​ដាក់​ខ្លួន​ធ្វើ​ជា​អ្នក​កាត់​ស្រាយ ឬ​ក៏​សម្រួល​លើ​ឃ្លា​ណា​មួយ ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​យល់។ ហើយ​ខ្ញុំ​គិត​ថា អ្នក​អាន​ជា​ច្រើន​ដែល​អាន​ព្រះ​គម្ពីរ​ដែល​អ្នក​បក​ប្រែ​បាន​កាត់​ស្រាយ​ឲ្យ​មាន​ការ​ងាយ​ស្រួល​យល់។ ឧទាហរណ៍៖ ប្រសិន​បើ​មាន​ការ​បក​ប្រែ​មួយ​បាន​បក​ប្រែ​កណ្ឌ​គម្ពីរ រ៉ូម ១:៥ ថា «សម្រាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ» (ពគប) ហើយ​មាន​ការ​បក​ប្រែ​មួយ​ទៀត​ថា «ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ» (គកស) អ្វី​ដែល​យើង​ឃើញ​នោះ​គឺថា​ការ​បក​ប្រែ​របស់ គកស គឺ​ជា​ការ​បក​ប្រែ​បែប​កាត់​ស្រាយ ខណៈ​ពេល​ដែល​ការ​បក​ប្រែ​របស់ ពគប បាន​ព្យាយាម​រក្សា​ទម្រង់​ភាសា​ដើម។ ត្រង់​នេះ ការ​បក​ប្រែ​របស់ ពគប មិន​សូវ​មាន​ភាព​ច្បាស់​លាស់ ប៉ុន្តែ​នោះ​ជា​លំនាំ​ដែល​ភាសា​ដើម​មាន។

ប៉ុន្តែ ការ​បក​ប្រែ​របស់ គកស មាន​ភាព​ច្បាស់​លាស់​ជាង។ ឃ្លា «ចុះ​ចូល តាម​សេចក្ដី​ជំនឿ» មិន​សូវ​មាន​ភាព​ច្បាស់​លាស់​ទេ។ យើង​មិន​ដឹង​ថា ការ​ចុះ​ចូល និង​ជំនឿ​មាន​ភាព​ស៊ី​គ្នា​យ៉ាង​ដូច​ម្ដេច​ទេ លុះ​ត្រា​តែ​យើង​គិត​អំពី​ចំណុច​ទាំង​ពីរ​នេះ​នៅ​ក្នុង​បរិបទ​របស់​វា​ផ្ទាល់។ ប៉ុន្តែ​ការ​បក​ប្រែ «នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ» គឺ​ជា​ការ​បក​ប្រែ​បែប​កាត់​ស្រាយ ដោយ​មាន​អត្ថន័យ​ថា ជំនឿ​បង្កើត​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់។ បញ្ជាក់៖ នេះ​ទំនង​ជា​ត្រូវ ហើយ​ក៏​មិន​ត្រឹម​ត្រូវ​ដែរ ប៉ុន្តែ​ពិត​ណាស់ ការ​បក​ប្រែ​នេះ​មាន​ការ​ងាយ​ស្រួល​យល់​ជាង។ នេះ​ទំនង​ជា​មូល​ហេតុ​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ការ​បក​ប្រែ​នេះ ប៉ុន្តែ​សូម​យល់​ថា​នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​ទេ។ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​បក​ប្រែ​បក​ប្រែ​ក្នុង​លក្ខណៈ​កាត់​ស្រាយ​សម្រាប់​អ្នក​អាន​ទេ។ ខ្ញុំ​គិត​ថា អ្នក​កាត់​ស្រាយ​គួរ​តែ​ជា​អ្នក​កាត់​ស្រាយ​ផ្ទាល់ ហើយ​អ្នក​បក​ប្រែ​មិន​គួរ​កាត់​ស្រាយ​ឲ្យ​អ្នក​អាន ដូច​ជា​ក្នុង​ករណី​នេះ​ឡើយ។

ខ្ញុំ​គិត​ថា ការ​លើក​ឡើង​បែប​នេះ​ទំនង​ជា​អាច​ធ្វើ​ឲ្យ​អ្នក​អាន ឬ​ក៏​ស្ដាប់​ឯក​សារ​នេះ​ខក​ចិត្ត​បន្តិច ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​គឺ​ថា ខ្ញុំ​ចង់​ឲ្យ​អ្នក​អាន​ផ្ទាល់​ជា​អ្នក​សម្រេច​ចិត្ត​យល់​អំពី​ឃ្លា «ចុះ​ចូល តាម​សេចក្ដី​ជំនឿ» ជា​ជាង​ឲ្យ​អ្នក​បក​ប្រែ​កាត់​ស្រាយ​សម្រាប់​អ្នក​អាន។ នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​គិត​ថា ការ​បក​ប្រែ​ដែល​មិន​សូវ​មាន​ភាព​ងាយ​ស្រួល​យល់ ដូច​ជា​នៅ​ក្នុង​ករណី​នេះ គឺ​ជា​ការ​បក​ប្រែ​ដែល​ល្អ​ជាង។ ខ្ញុំ​យល់​ថា នៅ​ក្នុង​ខ​គម្ពីរ​មួយ​ចំនួន មាន​ការ​បក​ប្រែ​ដែល​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ភាសា​ដើម​ខ្លាំង​ពេក ដល់​ថ្នាក់​ថា​ពិបាក​យល់​យ៉ាង​ខ្លាំង​មែន​ទែន។ ដោយ​សារ​ពេល​ខ្លះ វេយ្យាករណ៍​នៃ​ភាសា​ក្រិក​មិន​ដំណើរ​ការ​ដូច​ជា​ភាសា​ខ្មែរ​ទេ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ការ​បក​ប្រែ​នីមួយៗ​មាន​កម្រិត កំណត់ ឬ​ក៏​ព្រំ​ដែន​របស់​វា។

ដោយ​បាន​លើក​ឡើង​ដូច​ខាងលើ តាម​ដែល​ខ្ញុំ​ដឹង ខ្ញុំ​គិត​ថា​ទាក់​ទង​ទៅ​នឹង​ការ​បក​ប្រែ​នៅ​ក្នុង​ភាសា​យើង មិន​មាន​ការ​បក​ប្រែ​ណា​ដែល​នឹង​នាំ​ឲ្យ​យើង​ធ្លាក់​ក្នុង​សេចក្ដី​បង្រៀន​ខុស​ឆ្គង ឬ​ក៏​ចាប់​ផ្ដើម​មាន​គោល​ជំនឿ​ខុស​ឆ្គង​នោះ​ទេ។ ដូច្នេះ សំណួរ​ដែល​ថា តើ​យើង​គួរ​ជ្រើស​រើស​ប្រើ​ប្រាស់​បក​ប្រែ​តែ​មួយ ឬ​ក៏​ការ​បក​ប្រែ​ទាំង​អស់​ដែល​យើង​មាន​ក្នុង​ភាសា​យើង​នៅ​បច្ចុប្បន្ន​នេះ គឺ​ជា​សំណួរ​ដ៏​ល្អ​ណាស់។ ច្បាប់​នៃ​គោលការណ៍​មួយ​ដែល​ខ្ញុំ​មាន​គឺ​ដូច​នេះ៖ ចូរ​ប្រើ​ប្រាស់​ការ​បក​ប្រែ​ជា​ច្រើន ដើម្បី​ឲ្យ​កាន់​តែ​យល់​ព្រះ​គម្ពីរ ឬ​ក៏​ដើម្បី​បង្កើន​ការ​យល់​លើ​ព្រះ​គម្ពីរ—ឧទាហរណ៍ ប្រើ​ប្រាស់​ការ​បក​ប្រែ​នានា​បែប​ជា​សេចក្ដី​អត្ថាធិប្បាយ—ហើយ​ជ្រើស​រើស​ប្រើ​ប្រាស់​ការ​បក​ប្រែ​ណា​មួយ​ជា​គោល សម្រាប់​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់ និង​សម្រាប់​ចម្អែត​ចិត្ត​គំនិត​របស់​លោក​អ្នក។

ខ្ញុំ​សង្កេត​ឃើញ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ណាស់​ក្នុង​ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់—ដូច​ជា​ការ​ទន្ទេញ​ព្រះ​គម្ពីរ​មួយ​កណ្ឌ​ទាំង​មូល​ឲ្យ​ចាំ​ដូច​ដែល​ខ្ញុំ​ធ្វើ—ប្រសិន​បើ​ខ្ញុំ​ប្ដូរ​ការ​បក​ប្រែ​ពី​មួយ​ទៅ​ការ​បក​ប្រែ​មួយ​ទៀត ខ្ញុំ​ឃើញ​ថា ការ​ប្ដូរ​ការ​បក​ប្រែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភាន់​ច្រឡំ។ ខ្ញុំ​មិន​ធ្លាប់​ស្គាល់​បុគ្គល​ណា—ទោះ​បី​ខ្ញុំ​គិត​ថា បុគ្គល​បែប​នេះ​ទំនង​ជា​មាន—បាន​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់ អស់​ជា​ច្រើន​ឆ្នាំ និង​ជា​ច្រើន​កណ្ឌ បាន​ព្យាយាម​ទន្ទេញ​មួយ​កណ្ឌ​ទាំង​មូល ដោយ​បាន​ប្ដូរ​ការ​បក​ប្រែ​មួយ​ទៅ​ការ​បក​ប្រែ​មួយ​ទៀត​នោះ​ទេ។

ចម្លើយ​ទូទៅ​របស់​ខ្ញុំ​គឺ​ថា៖ ទាក់​ទង​ទៅ​នឹង​ការ​បក​ប្រែ​មួយ​ចំនួន​ដែល​យើង​មាន​នៅ​ក្នុង​ភាសា​យើង សូម​ជ្រើស​រើស​ប្រើ​ប្រាស់​ការ​បក​ប្រែ​ណា​មួយ​ដែល​លោក​អ្នក​គិត​ថា ព្រះ​ជាម្ចាស់​បាន​ប្រើ​ប្រាស់​ក្នុង​ការ​នាំ​ឲ្យ​លោក​ម្នាក់​ឮ​ព្រះ​សូរ​សៀង​របស់​ទ្រង់ ដោយ​មាន​ពេញ​ទៅ​ដោយ​អំណាច​ព្រះ​ចេស្ដា និង​ងាយ​យល់​ចុះ។ ហើយ​សូម​កុំ​ព្យាយាម​បន្ទាប​បន្ថោក​ការ​បក​ប្រែ​មួយ​ទៀត ដែល​លោក​អ្នក​មិន​ប្រើ​ប្រាស់។ សូម​កុំ​ចំណាយ​ពេល​ក្នុង​ការ​បង្ក​ឲ្យ​មាន​ជម្លោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សូម​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់ និង​សិក្សា​ព្រះ​គម្ពីរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​ខ្លួន​ឯង​ផ្ទាល់​វិញ។ ហើយ​សូម​ប្រើ​ប្រាស់​ការ​បក​ប្រែ​នានា​បែប​ជា​សេចក្ដី​អត្ថាធិប្បាយ ដើម្បី​ចម្រើន​ការ​យល់​ដឹង​របស់​លោក​អ្នក​វិញ តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ខ​គម្ពីរ​ដែល​លោក​អ្នក​កំពុង​តែ​អាន ក្នុង​ការ​បក​ប្រែ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស​ប្រើ​ប្រាស់​ជា​គោល។

ទាក់​ទង​នឹង​ជម្រើស​នៃ​ការ​ជ្រើស​រើស​ថា យើង​នឹង​ប្រើ​ប្រាស់​ការ​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​ណា អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា យើង​ត្រូវ​តែ​ត្រាំ​ខួរ​ក្បាល​របស់​យើង​នៅ​ក្នុង​ព្រះ​បន្ទូល​ជា​រៀង​រាល់​ថ្ងៃ រហូត​ទាល់​តែ​យើង​បាន​ផ្លាស់​ប្រែ​នៅ​ក្នុង​ការ​គិត​របស់​យើង និង​នៅ​ក្នុង​អារម្មណ៍​របស់​យើង​ទាំង​ក្នុង​ចិត្ត និង​គំនិត​ដែល​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មធ្យោបាយ ៣​យ៉ាង ដើម្បី​ថែ​ទាំ​សុខភាព​ព្រលឹង​វិញ្ញាណ

តើ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ជា​អ្វី? (វិវរណៈ ២០)