in

របៀប​ជួយមិត្តភក្ដិគេចជៀសចេញពីដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន

How to Help Friends Escape the Prosperity Gospel

ព្វ​ថ្ងៃ​យើង​កំពុង​តែ​រស់នៅ​ក្នុង​យុគសម័យ​ដ៏​ទំនើបៗ ហើយ​ក៏​ជា​យុគសម័យ​ដ៏​អាក្រក់ៗ​ផង​ដែរ។ ភស្តុតាង​មួយ​ដែល​ស​បញ្ជាក់​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​យុគសម័យ​ដ៏​អាក្រក់ គឺ​ត្រង់​ថា​ឥឡូវ​នេះ​មាន​ការ​បង្រៀន​ខុស​ឆ្គង​បាន​ជ្រាប​ចូល​មក​ក្នុង​ប្រទេស​យើង ដែល​យើង​ហៅ​ការ​បង្រៀន​នោះ​ថា «ដំណឹងល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន»។

មាន​បណ្ដា​ក្រុម​ជំនុំ និង​ព័ន្ធ​កិច្ច​មួយ​ចំនួន​កំពុង​តែ​ប្រកាស និង​បង្រៀន​ទៅ​កាន់​ពួក​អ្នក​ក្រីក្រ​អំពី​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន។ ការ​បង្រៀន​បែប​នេះ​បាន​បង្ខាំង​សេចក្ដី​បង្រៀន​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាក់ទង​ទៅ​នឹង​ការ​រងទុក្ខ ហើយ​ក៏​បាន​បន្ទាប​សិរីរុងរឿង​នៃ​ដំណឹង​ល្អ​យ៉ាង​ទាប​រហូត​ដល់​ដី​ជំនួស​យក​ឥរិយាបថ​របស់​មនុស្ស ជា​ជាង​យក​សិរី​រុងរឿង​នៃ​ភ្នំ​កាល់វ៉ារី។

យើង​ទាំង​អស់​គ្នា​សុទ្ធ​សឹង​តែ​បាន​ជួប​ប្រទះ​គ្រូ​គង្វាល ក៏​ដូច​ជា​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​ដែល​អះអាង​ថា បើ​យើង​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ហើយ​ប្រកាស​ក្នុង​ព្រះ​នាម​ព្រះ​អង្គ​នៅ​ពេល​ដែល​យើង​ចង់​បាន​អ្វី​មួយ ដោយ​គ្រាន់​តែ​មាន​ជំនឿ​ឲ្យ​បាន​គ្រប់​គ្រាន់​ល្មម នោះ​ព្រះ​អង្គ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន។ យើង​ហៅ​សេចក្ដី​បង្រៀន​បែប​នេះ​ថា ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន។ ក្នុង​កាលៈទេសៈ​បែប​នេះ តើ​ឲ្យ​យើង​គួរ​នឹង​ឆ្លើយ​តប​ជា​មួយ​នឹង​ពួក​គាត់​ដោយ​របៀប​ណា​ទៅ? តើ​ព្រះ​គម្ពីរ​មាន​ចែង​យ៉ាង​ដូច​ម្ដេច​ខ្លះ​ដែល​យើង​អាច​យ​កម​ក​ប្រើ​ប្រាស់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​ពួក​គាត់? ខាង​ក្រោម​នេះ​គឺ​ជា​របៀប​៣​យ៉ាង​ដែល​យើង​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ឆ្លើយ​តប៖

បញ្ហា​ទី១​នៃ​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន

វា​បន្ទាប​ទេវវិទ្យា​ដែល​មាន​ចែង​នៅក្នុង​ព្រះគម្ពីរ​ទាក់ទង​ទៅ​នឹង​ការ​ដែល​គ្រីស្ទ​បរិស័ទ​នីមួយៗ​គួរ​តែ​រំពឹង​នឹក​ចាំ​អំពី​ការ​រងទុក្ខ ពោល​គឺ​ការ​រងទុក្ខ​ដែល​គ្រីស្ទ​បរិស័ទ​ដឹង​ថា ខ្លួន​នឹង​ជួប​ប្រទះ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​សន្យា​ថា​ពួក​គាត់​ក៏​នឹង​រងទុក្ខ​បែប​ដូច្នោះ​ដែរ។ កណ្ឌ​គម្ពីរ ១ពេត្រុស ៤:១៩ បាន​ចែង​ថា «ដូច្នេះ ពួក​អ្នក​ដែល​រងទុក្ខ តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ នោះ​ត្រូវ​ផ្ញើ​ព្រលឹង​ខ្លួន ទុក​នឹង​ព្រះ​ដ៏​បង្ក​បង្កើត ដែល​ទ្រង់​ស្មោះ​ត្រង់ ដោយ​ខ្លួន​ប្រព្រឹត្ត​ការ​ល្អ​ចុះ»។ ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន​បន្ទាប​ការ​បង្រៀន​ដែល​មាន​ពាស​ពេញ​ក្នុង​ព្រះ​គម្ពីរ​មួយ​នេះ​យ៉ាង​ខ្លាំង​ក្លា៖ ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​យើង​រងទុក្ខ។ ហើយ​នេះ​មិន​គ្រាន់​តែ​ទាក់ទង​ទៅ​នឹង​ការ​រងទុក្ខ​នៃ​ការ​បៀតបៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់ទង​នឹង​ការ​រងទុក្ខ​ខាង​ឯ​សាច់ឈាម​ដែល​នឹង​រលាយ​បាត់​សូន្យ​ទៅ សាច់​ឈាម​ដែល​នឹង​មាន​ជំងឺ​នានា ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:២៣ និង​២កូរិនថូស ៤:១៦ ដែរ។
ជា​ទូ​ទៅ អាស្រ័យ​ដូច​នេះ​ហើយ​បាន​ជា​គ្រីស្ទ​បរិស័ទ​ដែល​ទៅ​ក្រុម​ជំនុំ​ដែល​បង្រៀន​ភាព​ចម្រុង​ចម្រើន​ជា​រឿយៗ​មិន​បាន​ត្រៀម​ខ្លួន​ទាល់​តែ​សោះ​ក្នុង​ការ​ទទួល​យក​នូវ​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​សម្រាប់​ពួក​គាត់ ហើយ​នេះ​គឺ​ពិត​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ត​ចង់​រក​របៀប​ដោះ​ស្រាយ​សម្រាប់​គ្រួសារ មិត្តភក្ដិ និង​គ្រូ​នានា​ទាក់ទង​នឹង​សេចក្ដី​បង្រៀន​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន​មួយ​នេះ។

នេះ​ឯង​ជា​មូល​ហេតុ​មួយ​ដែល​ក្រុម​ជំនុំ​មួយ​ចំនួន​មិន​សូវ​ពេញចិត្ត​ឬ​ក៏​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ជន​ពិការ​មក​ចូល​រួម​ជាមួយ​ក្រុម​ជំនុំ​របស់​ពួក​គេ ពីព្រោះ​ពួក​គេ​មិន​មាន​ទេវវិទ្យា​ដែល​ចេញ​ពី​ព្រះ​គម្ពីរ​ដែល​ទាក់ទង​នឹង​ការ​រង​ទុក្ខ ហើយ​ផល​ផ្លែ​ក៏​ពិបាក​ទទួល​ស្គាល់​ដែរ។

បញ្ហា​ទី២​នៃ​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន

ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន​ក៏​បន្ទាប​សិរីរុងរឿង​នៃ​ដំណឹង​ល្អ​យ៉ាង​ទាប​រហូត​ដល់​ដី​មក​ជំនួស​យក​ភាព​រុងរឿង​ខាង​ឯ​សាច់​ឈាម​វិញ។ អំណោយ​ទាន​ដ៏​ជាក់​លាក់​នៃ​ដំណឹង​ល្អ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​គឺ​មិន​ទាក់ទង​នឹង​ភាព​ចម្រុង​ចម្រើន​ខាង​ឯ​សាច់​ឈាម​នោះ​ទេ។ អំណោយ​ទាន​ដ៏​ជាក់​លាក់​គឺ​ជា​អំណរ​នៃ​ការ​មាន​ភាព​ផ្សះផ្សា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ និង​អំណរ​ដ៏​អស់​កល្ប​ជានិច្ច​ដែល​មាន​នៅ​ព្រះ​ហស្ដ​ខាង​ស្ដាំ​របស់​ព្រះ​អង្គ​ក៏​គ្មាន​ទី​បញ្ចប់​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ (ទំ​នុក​តម្កើង ១៦:១១)។ ទោះ​បើ​ថា​ជីវិត​យើង​សព្វ​ថ្ងៃ​នេះ​ល្អ​ប្រសើរ​ជាង​មុន​នៅ​លើ​ផែនដី​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​វា​ជា​ចំណាត់​ថ្នាក់​ទី២​ទាក់ទង​នឹង​របៀប​ដែល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ឲ្យ​តម្លៃ។

ប្រាកដ​ណាស់! នឹង​មាន​ថ្ងៃ​ដ៏​ល្អ​ប្រសើរ​នៅ​ឯ​ផែនដី​ថ្មី​ដែល​ពេល​នោះ​គ្រប់​អ្វីៗ​នឹង​រុងរឿង​ជា​មិន​ខាន ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​ដំណឹង​ល្អ​ឲ្យ​មាន​ភ្លាមៗ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​ទាក់ទង​នឹង​អ្វី​ផ្សេងៗ​ទៀត​នោះ​ឡើយ។ បញ្ហា​ដ៏​ធំ​បំផុត​ក្នុង​លោកីយ៍​នេះ​គឺ​ថា ព្រះ​ជាម្ចាស់​ក្រោធ​នឹង​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក ដោយ​សារ​ពួក​វា​បះ​បោរ​ទាស់​ប្រឆាំង​នឹង​ព្រះ​អង្គ ហើយ​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ​គឺ​ថា ក្នុង​ព្រះ​គ្រីស្ទ ព្រះ​ជាម្ចាស់​បាន​បង្កើត​ឲ្យ​មាន​ការ​ស្កប់​ចិត្ត​ជា​ចម្បង​ទាក់ទង​ទៅ​​នឹង​កំហឹង​មួយ​នោះ ហើយ​បាន​យក​ព្រះ​អង្គ​ផ្ទាល់​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​របស់​ទ្រង់ មិន​មែន​ការ​អាក្រក់​របស់​យើង​នោះ​ទេ។ គ្រូៗ​ដែល​ប្រកាស​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ដ៏​ខ្លាំង​ក្រៃ​លែង ដោយ​ពួក​គាត់​បាន​បង្វែរ​លទ្ធផល​ចំណាត់​ថ្នាក់​ទី២​នៃ​ដំណឹង​ល្អ​ឲ្យ​ក្លាយ​ទៅ​ជា​ចំណាត់​ថ្នាក់​លេខ១​ទៅ​វិញ ដែល​ទាក់ទង​ទៅ​នឹង​ចំណុច​មួយ​ចំនួន​ដែល​អាច​នឹង​កើត​ឡើង​បាន តែ​ការ​ពិត​វា​មិន​ដូច្នោះ​ឡើយ។

បញ្ហា​ទី៣នៃ​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន

គ្រូៗ​ដែល​បង្រៀន​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន​ក៏​បង្ខូច​មូល​ដ្ឋាន​គ្រឹះ​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង​ផង​ដែរ ដោយ​ពួក​គាត់​ផ្ដោត​ខ្លាំង​ទៅ​លើ​ចំណុច​ថា តើ​យើង​អាច​នឹង​បង្កើត​ផល​ផ្លែ​នៃ​ជំនឿ​ដែល​នាំ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​មហិមា​ជា​ជាង​ការ​ផ្ដោត​ទៅ​លើ​សិរី​រុងរឿង​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​គ្រីស្ទ​ក្នុង​ការ​ដែល​ព្រះ​អង្គ​សុគត​ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​នឹង​ដក​ពិរុទ្ធភាព​នៃ​អំពើ​បាប​របស់​យើង​ចេញ និង​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​ស្កប់​ព្រះ​ទ័យ​នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់។

ការ​ស្រឡាញ់​អស់​អ្នក​ដែល​យើង​ស្រឡាញ់

ខាង​ក្រោម​នេះ​គឺ​ជា​របៀប​មួយ​ចំនួន​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​អស់​អ្នក​ដែល​លង់​ក្នុង​សេចក្ដី​បង្រៀន​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន៖

ទី១ ចូរ​ឯកភាព និង​អបអរសាទរ​ជា​មួយ​នឹង​ពួក​គាត់​ត្រង់ថា ពួក​គាត់​បាន​គិត​យ៉ាង​ត្រឹម​ត្រូវ​ហើយ​ដោយ​ជឿ​ថា​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​មាន​សុខ​ភាព​ល្អ និង​មាន​ទ្រព្យ​សម្បត្តិ—មិន​យូរ​មិន​ឆាប់។ ព្រះ​ជាម្ចាស់​មិន​បាន​ចាត់​ព្រះ​យេស៊ូវ​ឲ្យ​មក​កាន់​ផែនដី​នេះ ដើម្បី​ធ្វើឲ្យ​ពួក​គាត់​មាន​ទុក្ខ​លំបាក​ដ៏​អស់​កល្ប​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ឲ្យ​មាន​ភាព​អរ​សប្បាយ​ដ៏​អស់​កល្ប​ជានិច្ច និង​ដើម្បី​ឲ្យ​ដក​ចេញ​នូវ​រាល់​ទឹក​ភ្នែក​ពី​ភ្នែក​របស់​ពួក​គាត់ (វិវរណៈ ២១:៤)។

ប៉ុន្តែ សូម​លើក​សំណួរ​នេះ​ជា​មួយ​នឹង​គ្រួសារ​របស់​លោក​អ្នក​ទាក់ទង​ទៅ​នឹង​ពេល​វេលា។ ទាក់ទង​ទៅ​នឹង​ពេល​វេលា គ្រូៗ​ដែល​បង្រៀន​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន​បាន​យល់​ដឹង​មិន​ត្រឹម​ត្រូវ​សោះ។ តើ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ទទួល​បាន​នូវ​សេចក្ដី​សន្យា​ដ៏​ល្អៗ​ទាំងអស់​នោះ​សម្រាប់​ឥឡូវនេះ​ក្នុង​វេលា​នេះ​យ៉ាង​ពេញទី​មែន ឬក៏​ថា​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា​ព្រះ​ជាម្ចាស់​បាន​សង្គ្រោះ​យើង​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ទៀត ហើយ​ថា​ដំណើរ​ជីវិត​នៅ​លើ​ផែនដី​នេះ រវាង​ការ​បំផ្លាស់​បំប្រែ​ចិត្ត​ជឿ និង​ការ​ទទួល​បាន​សិរី​ល្អ​គឺ​ទាក់ទង​គ្នា​យ៉ាង​ស្អិតល្មួត​ជា​មួយ​នឹង​ការ​រងទុក្ខ​ក្នុង​ក្ដី​សង្ឃឹម​នៃ​សិរី​ល្អ​ទៅ​វិញ​ទេ​ឬ? ដូច្នេះ ត្រង់​នេះ​យើងខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ជជែក​គ្នា​អំពី​ប្រធាន​បទ​នេះ​ជា​មួយ​នឹង​ពួក​គាត់​ដោយ​ផ្ដោត​ទៅ​លើ​ពេល​វេលា ដោយ​មិន​មែន​ថា​យើង​នឹង​ទទួល​បាន​សុខ​ភាព​ល្អ ទ្រព្យ​សម្បត្តិ ឬក៏​ភាព​អរ​សប្បាយ​ក្នុង​ព្រះ​ជាម្ចាស់​មិន​យូរ​មិន​ឆាប់​នោះ​ទេ។

ទី២ ចូល​និយាយ​ទៅ​កាន់​ពួក​គេ​អំពី​ចំណុច​មួយ​ដែល​ថា ព្រះ​ជាម្ចាស់​ផ្ទាល់​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​ល្អ​អស្ចារ្យ​សម្រាប់​យើង មិន​មែន​អំណោយ​ទាន​របស់​ទ្រង់​ឡើយ។ ឧទាហរណ៍៖ «ឯ​នៅ​ស្ថាន​សួគ៌ តើ​ទូល​បង្គំ​មាន​អ្នក​ឯ​ណា​ក្រៅ​ពី​ទ្រង់ ហើយ​នៅ​ផែន​ដី​ទូល​បង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ ឯ​សាច់ នឹង​ចិត្ត​ទូល​បង្គំ នោះ​នឹង​សាប​សូន្យ​ទៅ​បាន ប៉ុន្តែ​ព្រះ​ទ្រង់​ជាទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក​នៃ​ទូល​បង្គំ​ជា​ដរាប​ដែរ» (ទំនុក​តម្កើង ៧៣:២៥-២៦)។ ហើយ​កណ្ឌ​គម្ពីរ ហាបាគុក ៣:១៧-១៨ ក៏​បាន​ចែង​ផង​ដែរ​ថា «ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំងបាយជូរ ហើយ​ផល​នៃ​ដើម​អូ​លីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ»។ ចំពោះ​គ្រូៗ​ដែល​អធិប្បាយ​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន ពួក​គាត់​មិន​ស្គាល់​ខ​គម្ពីរ​ទាំង​នេះ​ទេ ដោយ​សារ​ក្នុង​ខ​ទាំង​នេះ​បាន​ដក​ចេញ​នូវ​ចំណុច​មួយ​ចំនួន និង​ដោយ​សារ​របៀប​ដែល​យើង​អាច​ទទួល​បាន​អំណរ​ដូច​ដែល​មាន​ចែង​ក្នុង​គម្ពីរ​នេះ។

ទី៣ ចូរ​លើក​ឡើង​អំពី​ចំណុច​នៃ​របៀប​ដែល​គ្រួសារ​របស់​លោក​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​ជន​ពិការ​អចិន្ត្រៃយ៍។ តើ​ពួក​គាត់​រអៀស​ខ្លួន​ដោយ​សារ​ជន​ពិការ​ក្នុង​សង្គម​របស់​ពួក​គាត់​ដែរ​ឬ​ទេ? ឬ​ក៏​ថា​ជន​ពិការ​ទាំង​នោះ​គឺ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដែល​ពួក​គាត់​មាន​តាម​រយៈ​ការ​ដែល​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​នឹង​ជន​ពិការ​ទាំង​នោះ​ឬ? ហើយ​វា​គឺ​ជា​ចំណុច​សម្គាល់​នៃ​ជំនឿ​ដ៏​អស្ចារ្យ​មួយ​ដែល​អស់​អ្នក​នោះ​មាន​ខណៈ​ពេល​ដែល​ពួក​គាត់​មិន​ទាន់​បាន​ទទួល​ការ​ព្យាបាល ប៉ុន្តែ​ពួក​គាត់​នៅ​មាន​អំណរ​ក្នុង​ក្ដី​សង្ឃឹម​នៃ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់ ជា​ជាង​ពិបាក​ចិត្ត និង​ខឹង​ព្រះអង្គ។ តើ​នោះ​មិន​មែន​ជា​ជំនឿ​ដ៏​អស្ចារ្យ​ទេ​ឬ​អី?

ទី៤ ចូរ​សួរ​គ្រួសារ​លោក​អ្នក​ថា តើ​ពួក​គាត់​យល់​ឃើញ​យ៉ាង​ដូច​ម្ដេច​ទាក់ទង​នឹង​សេចក្ដី​សន្យា​នៃ​ការ​រងទុក្ខ​ក្នុង​ព្រះគម្ពីរ? ប្រសិន​បើ​ពួក​គាត់​លើក​ឡើង​ថា «អឺ តាម​ពិត​ទៅ វា​ទាក់ទង​តែ​នឹង​ការ​បៀតបៀន​ប៉ុណ្ណោះ​ទេ។ ព្រះអង្គ​មិន​បាន​សន្យា​ថា យើង​នឹង​រងទុក្ខ​ដោយ​មាន​ជំងឺ​នោះ​ទេ» នោះ​លោក​អ្នក​អាច​លើក​ឡើង​នូវ​ខ​គម្ពីរ​ដែល​រៀប​រាប់​អំពី​ការ​ដែល​រូប​រាង​កាយ​យើង​នឹង​រលួយ​សូន្យ​បាត់​ទៅ។ ហើយ​សួរ​យោបល់​ពួក​គាត់​អំពី​ខ​គម្ពីរ​ទាំង​នោះ។ តាម​ការ​យល់​ដឹង​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​គិត​ថា​ការ​ប្រកាស​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុង​ចម្រើន​បាន​ដក​ចេញ​ទាំង​ស្រុង​នូវ​ការ​រងទុក្ខ មិន​មែន​គ្រាន់​តែ​ទាក់ទង​នឹង​ការ​រងទុក្ខ​នៃ​ការ​បៀតបៀន​ប៉ុណ្ណោះ​នោះ​ទេ។

ទី៥ ចូល​ចែក​ចាយ​អំពី​ដំណើរ​រឿង​នៃ​គ្រីស្ទ​បរិស័ទ​ពី​មុនៗ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​ព្រះ​ជាម្ចាស់​បាន​ប្រើ​ប្រាស់​យ៉ាង​ពេញ​ទី ហើយ​ពួក​គាត់​ក៏​បាន​រងទុក្ខ​យ៉ាង​ឥត​ល្ហែ​ផង​ដែរ។

ទី៦ ទាក់ទង​ទៅ​នឹង​របៀប​រៀប​រយ​នៃ​ការ​សន្ទនា​បែប​នេះ ចូល​សូម​ឪពុក​ម្ដាយ បង​ប្រុស បង​ស្រី ឬក៏​អ្នក​ណា​ដែល​លោក​អ្នក​ត្រូវ​ជជែកគ្នា​អំពី​ចំណុច​នេះ ហើយ​សុំ​ពួក​គាត់​ឲ្យ​មាន​ការ​អនុញ្ញាត​និយាយ​អំពី​ចំណុច​ទាំង​អស់​នេះ ហើយ​រៀបចំ​ពេល​វេលា​ដែល​ពួក​គាត់​រំពឹង​ថា​នឹង​អាច​និយាយ​គ្នា ជាជាង​និយាយ​យក​តែ​ម្ដង​ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​លោក​អ្នក​ត្រូវ​មាន​ការ​ការពារ។ យើង​ខ្ញុំ​សង្កេត​ឃើញ​ថា ជា​រឿយៗ យើង​ព្យាយាម​ព្រោះ​គ្រាប់​នៃ​គំនិត​របស់​យើង​នៅ​ក្នុង​ពេល​វេលា​ដែល​មិន​បាន​ព្រាង​ទុក​ជា​មុន ហើយ​វា​ក៏​មិន​មែន​ជា​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ពួក​គាត់ ដើម្បី​រៀប​ចំ​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ។

ទី៧ ចូល​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដោយ​ទូល​សូម​អង្វរ​ឲ្យ​ព្រះ​អង្គ​បើក​ភ្នែក​ពួក​គាត់​ឃើញ​អំពី​អំណរ​ដ៏​ល្អ​ក្នុង​ការ​រងទុក្ខ​ឥឡូវ​នេះ ហើយ​នឹង​ឃើញ​អំពី​អំណរ​ដ៏​ល្អ​ក្នុង​ភាព​ចម្រុង​ចម្រើន​នៅ​ពេល​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ។ «ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រងទុក្ខ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ​រីក​រាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរី​ល្អ​ទ្រង់​លេច​មក» (១ពេត្រុស ៤:១៣)។

ការ​រិះគន់​ដំណឹង​ល្អ​ដែល​សន្យា​ភាព​ចម្រុងចម្រើន​ពី​ចម្ងាយ​គឺ​ជា​ការ​ងាយ​ស្រួល​ធ្វើ ប៉ុន្តែ​ចុះ​បើ​សេចក្ដី​បង្រៀន​បែប​នោះ​បាន​មក​ដល់​ក្នុង​ផ្ទះ​យើង​វិញ? តើ​យើង​គួរ​រិះគន់​ដូច​ម្ដេច? តើ​យើង​អាច​និយាយ​ជា​មួយ​នឹង​មិត្តភក្ដិ​ស្ថិត​ស្នាល និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង ដែល​បាន​ទទួល​សេចក្ដី​បង្រៀន​ដូច​នោះ​បាន​ដោយ​របៀប​ណា?

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បក​ប្រែ​ដោយ៖ លោក​គ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, កញ្ញា សួន សុជាតា, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្គាល់​ព្រះ​ជាម្ចាស់​

​យ៉ាង​ពេញ​ទី