នេះគឺជាសំណួរដ៏អស្ចារ្យមួយពីលោកឪពុកម្នាក់របស់ក្មេងៗវ័យជំទង់ ដែលលោកមានឈ្មោះថា សាន ។ លោកពូ សាន គឺជាដៃគូរបំរើពន្ធកិច្ចយើង ហើយថ្មីៗនេះលោកពូ និងប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីមួយជាមួយយើង។
បន្ទាប់ពីកម្មវិធីនោះមក លោកពូបានសរសេរមកសួរយើងបែបដូច្នេះថា «ជម្រាបសួរលោកគ្រូ! តាមរយៈ ការមើលការបង្រៀនរបស់លោកគ្រូ ទាក់ទងនិងការសិក្សា ដើម្បីវិភាគលើបទគម្ពីរ ការនោះពិតជាបានលើកទឹកចិត្តដល់ព្រលឹងវិញ្ញាណ និងការសិក្សាព្រះគម្ពីររបស់ខ្ញុំផ្ទាល់ណាស់។ សូមអរគុណច្រើន! ទោះជាយ៉ាងនេះក្ដី នៅពេលយើងសម្លឹងមើលទៅលើការធ្វើការបង្កើតសិស្សដល់ពួកកូនៗវ័យជំទង់របស់យើងនៅផ្ទះ យើងមានអារម្មណ៍ថា យើងមិនពូកែគ្រប់គ្រាន់ក្នុងការពន្យល់ព្រះបន្ទូលក្នុងរបៀបនេះទេ ហើយបារម្ភថា យើងមានចំណុចខ្វះខាតទាក់ទងលើចំណុចនេះ ឬយ៉ាប់ជាងនេះទៀត យើងអាចនឹងបង្រៀនពួកគេមិនបានត្រឹមត្រូវក៏ថាបាន។ ក្នុងការបង្ហាត់បង្រៀនដល់កុមារៗ តើលោកគ្រូណែនាំឲ្យប្រើប្រាស់វិធីសាស្ត្រដូចគ្នា ដែលលោកគ្រូបានធ្វើដូចនៅក្នុងថ្នាក់វិភាគបទគម្ពីរដែរឬទេ? ឬក៏លោកគ្រូណែនាំឲ្យប្រើវិធីសាស្ត្រផ្សេងទៀតក្រៅពីនេះ? តើឪពុកម្ដាយរបស់ក្មេងៗវ័យជំទង់ អាចបង្ហាត់បង្រៀនដល់កូនៗរបស់ពួកគេដោយរបៀបណា ដើម្បីឲ្យដូចជាអ្វីដែលបានបង្រៀននៅថ្នាក់វិភាគលើបទគម្ពីរ»?
ការបង្កើតបរិយាកាស
សម្រាប់ខ្ញុំ រឿងដំបូងដែលឪពុកម្ដាយត្រូវពិចារណានោះគឺថា ក្នុងបរិយាកាសដែលយើងបានបង្កើតឡើងនៅក្នុងក្រុមគ្រួសារ ឬក្រុមជំនុំ ដែលជាកន្លែងមានការបង្រៀនបែបនេះ តើយើងបានបង្កើតឡើងក្នុងរបៀបដែលស័ក្ដិសមដល់មនុស្សមានវ័យក្មេងឬក៏អត់?
ខ្ញុំគិតថា យើងគួរតែព្យាយាមបង្រៀនយុវជនរបស់យើង ប៉ុន្តែយើងត្រូវផ្ដើមដោយសួរសំណួរនេះវិញថា តើយើងបានបង្កើតបរិយាកាសហើយឬនៅ? អ្វីដែលខ្ញុំចង់សំដៅនោះគឺ តើគ្រួសារធ្លាប់ធ្វើការចំណាយពេលវេលាផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ហើយឬនៅ ដែលធម្មតារួមមានការអានព្រះបន្ទូល និងការអធិស្ឋាន? បើសិនធ្លាប់ធ្វើបែបនេះមែន វាប្រហែលជាមានអារម្មណ៍ថាឆ្គងៗឬចម្លែកៗ បើភ្លាមៗយើងស្រាប់តែបង្វែរពេលវេលាបែបនេះនៅក្នុងគ្រួសាររបស់យើងឲ្យទៅជាបរិយាកាសក្នុងថ្នាក់រៀនដោយមានកិច្ចការផ្ទះ និងសំណួរផ្សេងៗជាដើម។ល។
សម្រាប់ខ្ញុំ គ្រប់គ្រួសារទាំងអស់ត្រូវតែឯកភាពគ្នាជាមួយនឹងរឿងនេះ។ តើយើងអាចបង្កើតពេលវេលា ឬបរិយាកាសមួយនៅក្នុងគ្រួសារ ឬនៅក្នុងពួកជំនុំដោយការប្រកបគ្នាជាមួយយុវជនទាំងឡាយ នៅកន្លែងដែលមានស្ថានភាពដូចនៅក្នុងថ្នាក់រៀន ដោយមានការរំពឹងទុកយ៉ាងហ្មត់ចត់ មានសំណួរនិងចម្លើយទាំងឡាយ ហើយនិងការវិភាគនានា និងកិច្ចការផ្ទះជាដើម ឲ្យមានអារម្មណ៍ធម្មតា ឬឲ្យមានការរំភើបកើតឡើងបានដែរឬទេ? នោះត្រូវតែធ្វើការបណ្ដុះផ្នត់គំនិតឡើង។
វគ្គបង្រៀនទាំងនេះ សំដៅទៅការបណ្ដុះបណ្ដាលជំនាញមួយ ដូចជាការដែលលោកអ្នកបណ្ដុះបណ្ដាលជំនាញចំអិនអាហារដល់កូនម្នាក់ក្នុងចំណោមកូនៗរបស់លោកអ្នក ឬជំនាញច្រូតស្រូវ ឬការព្យាយាមគួចចំណងមួយទៅនឹងផ្លែសន្ទូច ដូច្នេះនៅពេលត្រីធំស៊ីផ្លែសន្ទូច នោះវានឹងមិនរបូតចេញឡើយ។
ចំណុចសំខាន់នោះ គឺមិនមែនគ្រប់ពេលទាំងអស់នៃវគ្គទាំងនេះ លោកអ្នកនឹងទទួលបានបទពិសោធន៍យ៉ាងរីករាយបំផុតនៃការរកឃើញនូវអ្វីដែលថ្មីរហូតទេ ព្រោះក្រោយមកលោកអ្នកនឹងត្រូវញ៉ាំអាហារ លោកអ្នកនឹងមើលវាលស្រែដ៏ល្ហល្ហេវ ដែលទើបនឹងច្រូតកាត់រួច ហើយលោកអ្នកអាចស្ទូចត្រីបានដោយមិនចាំបាច់បាត់បង់ផ្លែសន្ទូចរបស់លោកអ្នកទេ។ លោកអ្នកនឹងព្យាយាមបណ្ដុះបណ្ដាលជំនាញមួយសម្រាប់ពេញមួយជីវិតដល់កូនៗ ហេតុនេះហើយឪពុកម្ដាយចាំបាច់ត្រូវតែឯកភាពនឹងសំណួរមួយនេះថា តើខ្ញុំអាចបង្កើតបរិយាកាសមួយនៅក្នុងគ្រួសារឲ្យទៅជាកន្លែងមួយដែលបង្រៀនជំនាញផ្សេងៗឲ្យកើតឡើងបានដែរឬទេ?
ទម្លាប់នៃគំនិតនិងដួងចិត្ត
បន្ទាប់មក នៅពេលលោកអ្នកបានឯកភាពគ្នាហើយ ខ្ញុំសង្ឃឹមថា លោកអ្នកនឹងអាចឯកគ្នាបាន ដូច្នេះសំណួរដែលត្រូវសួរនោះគឺ តើលោកអ្នកនឹងធ្វើអ្វីជាមួយនឹងពេលវេលានោះ? នេះគឺជាការណែនាំមួយ។
អ្វីដែលជាការណែនាំដល់ការផ្ដល់មតិរបស់ខ្ញុំនៅទីនេះគឺ គោលដៅនៃការបង្រៀននេះ គឺជាទម្លាប់ នៃគំនិតនិងដួងចិត្តពេញមួយជីវិត ដើម្បីចូលទៅឲ្យជិតបទគម្ពីរតាមរបៀបជាក់លាក់មួយ។ ម្យ៉ាងទៀត ការដែលអាចធ្វើតាមរបៀបជាក់លាក់ណាមួយមិនមែនជាគោលដៅនោះឡើយ។ ការព្យាយាមធ្វើតាមបទ ពិសោធន៍មេរៀនរបស់គ្រូបង្រៀនមិនមែនជាគោលដៅនោះទេ។ តែវាជាទម្លាប់នៃគំនិត និងទម្លាប់នៃដួងចិត្ត ដែលលោកអ្នកបណ្ដុះឡើង ឬជាការដែលលោកអ្នកសាបព្រោះឡើងក្នុងចិត្តកូនៗរបស់លោកអ្នក តាមរយៈការធ្វើការលើបច្ចេកទេសទេសទាំងនេះវិញទេតើ ទើបជាគោលដៅ។
ខ្ញុំនឹងពន្យល់គោលដៅនោះដល់កូនៗរបស់ខ្ញុំ។ ខ្ញុំអាចនិយាយបានថា «នោះហើយគឺជាអ្វីដែលយើងចង់បាន។ យើងមិនមែនកំពុងតែព្យាយាមធ្វើឲ្យកូនរបស់យើងដូចអ្នកដែលបង្រៀនគេនោះទេ។ យើងគ្រាន់តែចង់បណ្ដុះទម្លាប់នៃគំនិត និងទម្លាប់នៃដួងចិត្តយ៉ាងប្រាកដណាមួយដល់កូនៗ ដើម្បីឲ្យកូនអាចនឹងចូលជិតព្រះបន្ទូលប្រកបដោយផលផ្លែពេញមួយជីវិតរបស់ខ្លួន»។
ការដើរតាមគំរូល្អ
មានវិធីផ្សេងទៀតដែលអាចនិយាយបាននោះគឺ «តើអ្វីទៅជាចំណុចជាក់លាក់ដែលគ្រូកំពុងរកមើលនៅពេលគាត់វិភាគព្រះបន្ទូល? ចូរធ្វើបញ្ជីមួយ។ សរសេរវាឲ្យបានជាក់លាក់។» រឿងនេះនឹងក្លាយជាឧបសគ្គមួយ ពីព្រោះជាញឹកញាប់យើងមិនដឹងអំពីអត្ថន័យនៃពាក្យដែលយើងកំពុងអាននោះទេ។ ការនេះធំណាស់។ ផ្នែកដ៏ធំមួយនៃការរៀនជំនាញមួយគឺការអាចនិយាយអំពីអ្វី ដែលខ្លួនកំពុងតែឃើញ។
បើសិនលោកអ្នកមិនអាចពណ៌នាអំពីអ្វីដែលខ្លួនកំពុងតែឃើញនោះទេ វាក្លាយជាការលំបាកជាមិនខាន។ ប្រសិនបើលោកអ្នកកំពុងចំអិនអាហារតាមរូបមន្តមួយ ហើយវាប្រាប់ថា «ត្រូវបន្ថែមជីត្រចៀកជ្រូកចូល»? វីវរហើយ លោកអ្នកមិនបានស្គាល់ទេថា ជីត្រចៀកជ្រូកនោះជាអ្វីនោះទេ។ ប្រាកដណាស់ លោកអ្នកប្រហែលជាស្ទាត់ជំនាញក្នុងការចំអិនអាហារ ប៉ុន្តែប្រសិនបើលោកអ្នកមិនស្គាល់ជីនោះ វាអាចនឹងធ្វើឲ្យពិបាកជាមិនខានឡើយ។ ការពិតដូចគ្នានេះដែរ ទាក់ទងនឹងការអានអត្ថបទមួយ ឬនៅក្នុងវេយ្យាករណ៍ និងការកំណត់ទំនាក់ទំនងផ្សេងៗនៅចន្លោះសេចក្ដីសន្និដ្ឋានណាមួយ។
១. ការឲ្យនិយមន័យពាក្យ
តើអ្វីទៅជាអត្ថន័យនៃពាក្យមួយជាក់លាក់នៅក្នុងបរិបទនេះ? ពាក្យដូចគ្នាអាចមានអត្ថន័យខុសៗគ្នានៅក្នុងបរិបទផ្សេងៗគ្នា។ ដូច្នេះ តើយើងសម្រេចលើអត្ថន័យនៃពាក្យ ដែលមាននៅក្នុងបរិបទណាមួយដ៏ជាក់លាក់បានដោយរបៀបណា?
ចម្លើយគឺថា យើងមើលទៅលើបរិបទភ្លាមៗ នៅក្នុងប្រយោគដែលបានប្រើប្រាស់ពាក្យនោះ បន្ទាប់មក យើងមើលទៅលើកថាខណ្ឌ ហើយបន្ទាប់មកទៀតយើងមើលទៅលើកណ្ឌគម្ពីរទាំងមូល។
ឧទាហរណ៍ ពាក្យមួយដែលត្រូវបានប្រើប្រាស់ទាំងនៅក្នុងកណ្ឌគម្ពីរ អេភេសូរ និងកណ្ឌគម្ពីររ៉ូម៖ យើងនឹងមើលទៅលើកណ្ឌគម្ពីរទាំងពីរនេះ បន្ទាប់មកយើងអានសំបុត្រផ្សេងៗសាវ័ក ប៉ូល បន្ទាប់មកទៀត អានព្រះគម្ពីរទាំងមូល។ មានចំណុចផ្ចិតមួយនៅចំកណ្ដាល នៅពេលដែលយើងបែរចេញពីបរិបទភ្លាមៗ ដែលមានកម្លាំងចលករ និងមានអំណាចក្នុងការកំណត់និយមន័យលើពាក្យមួយ។
២. ការស្វែងរកសេចក្ដីសន្និដ្ឋាន
តើអ្វីទៅជាសេចក្ដីសន្និដ្ឋាន ដែលនិពន្ធបានបង្កើតឡើងដោយការផ្គុំពាក្យទាំងឡាយជាមួយគ្នា? សេចក្ដីសន្និដ្ឋាន គឺជាការសាងបណ្ដុំមូលដ្ឋាននៃអត្ថន័យពាក្យ។ គ្រប់ពាក្យសុទ្ធតែមានអត្ថន័យ នៅពេលពាក្យនោះត្រូវបានប្រើប្រាស់នៅក្នុងសេចក្ដីសន្និដ្ឋាននានា។ សេចក្ដីសន្និដ្ឋានគឺជាការអះអាងមូលដ្ឋាន។
ជាធម្មតា វាមានប្រធានមួយ និងកិរិយាសព្ទមួយជាមួយពាក្យបំពេញន័យខ្លះៗ។ ដូច្នេះ ទំនងជាយើងកំពុងអានកណ្ឌគម្ពីរ រ៉ូម ១:១៦ ហើយពាក្យដែលយើងចង់ឲ្យនិយមន័យលើនោះគឺ ដំណឹងល្អ ហើយសេចក្ដីសន្និដ្ឋាន ដែលតំណាងឲ្យវាគឺ «ខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ»។ នោះហើយគឺជាអ្វី ដែលខ្ញុំចង់សំដៅទៅលើ ដោយប្រើពាក្យពេចន៍ ហើយនិងសេចក្ដីសន្និដ្ឋាននានា។
៣. ការបញ្ជាក់ពីទំនាក់ទំនង
តើសេចក្ដីសន្និដ្ឋានទាំងនោះមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេច? តើសេចក្ដីសន្និដ្ឋាន ចាប់ផ្ដើមដោយ ពាក្យ ពីព្រោះ មែនទេ? ឬក៏ចាប់ផ្ដើមដោយពាក្យ ដូច្នេះ ដើម្បី ឬទោះបី នៅពេល ជាដើមមែនទេ?
វាពិតជាមានប្រយោជន៍ណាស់ក្នុងការឲ្យឈ្មោះសម្រាប់ទំនាក់ទំនងទាំងនោះ។ នេះគឺជារបៀបមួយដែលអ្នកនិពន្ធប្រាប់ពីអត្ថន័យរបស់គាត់។ គាត់ផ្គុំពាក្យទាំងឡាយជាមួយគ្នា ដើម្បីឲ្យចេញជាសេចក្ដីសន្និដ្ឋាន បន្ទាប់មក គាត់ដាក់សេចក្ដីសន្និដ្ឋាននានាជាមួយគ្នាក្នុងទំនាក់ទំនងនៃតក្កយ៉ាងជាក់លាក់។
ឧទាហរណ៍ជាក់ស្ដែង យើងសំគាល់ឃើញនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:១៦—«ខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ» ដែលវាមានទំនាក់ទំនងជាមួយនិងអ្វីដែលនៅខាងមុខខគម្ពីរ និងអ្វីដែលនៅខាងក្រោយខគម្ពីរ។ ដែលមានសេចក្ដីថា «ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អ មកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្ដានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ»។ ដូច្នេះ យើងមានការវែកញែកដោយប្រើឈ្នាប់បីយ៉ាង។ នៅពេលដែលខ្ញុំបានចាប់ផ្ដើមមើលឃើញការនោះ គឺកាលខ្ញុំអាយុ២២ឆ្នាំ ពិភពលោករបស់ខ្ញុំបានផ្ទុះឡើងដោយក្ដីរំភើប និងការយល់ឃើញកាន់តែច្បាស់។
៤. ការកំណត់ចំនុចសំខាន់
បន្ទាប់មកខ្ញុំសួរទៀត តើអ្វីទៅជាលំហូរនៃការវែកញែក នៅពេលសេចក្ដីសន្និដ្ឋានទាំងនេះជាមួយទំនាក់ទំនងវាបានប្រមូលផ្ដុំគ្នាឡើង ហើយតើអ្វីជាគំនិតសំខាន់នៃលំហូរនេះ?
៥. ប្រៀបធៀបអត្ថបទ
តើអ្វីជាលំហូរស្រដៀងគ្នានៃគំនិតនៅកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរ? ឧទាហរណ៍៖ នៅក្នុងចំណុចនេះ «ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ» ហូរចេញពីកណ្ឌគម្ពីរ រ៉ូម ជំពូក១ យើងប្រហែលជាត្រូវមើលទៅក្នុងកណ្ឌគម្ពីរ ២ ធីម៉ូថេ ១:១២ ដែលសាវ័កប៉ុល បានលើកឡើងថា «តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម»។
បន្ទាប់មកខ្ញុំសួរទៀតថា តើអ្វីជាទំនាក់ទំនងរវាងលំហូរនៃគំនិតនៅក្នុងរបៀប ដែលសេចក្ដីខ្មាសត្រូវបានយកឈ្នះនៅក្នុងកណ្ឌគម្ពីរ ២ ធីម៉ូថេ ហើយពីរបៀប ដែលសេចក្ដីខ្មាសត្រូវបានយកឈ្នះនៅក្នុង កណ្ឌគម្ពីរ រ៉ូម ជំពូក ១? នៅពេលខ្ញុំធ្វើការប្រៀបធៀបបែបនេះលំហូរស្រដៀងគ្នានៃគំនិតត្រូវបានប្រៀបធៀបឡើងមួយជ្រុងម្ដង នោះខ្ញុំក៏កាន់តែទទួលការយល់ច្បាស់ជាងមុន។
៦. ការប្រឈមមុខនឹងការពិត
តើអ្វីទៅជាការពិតជាក់ស្ដែងដែលមានសារៈសំខាន់ខ្លាំងជាសេចក្ដីពិតនៅពីក្រោយពាក្យនានា និងសេចក្ដីសន្និដ្ឋានផ្សេងៗ ហើយនិងលំហូរទាំងឡាយនៃគំនិត? មនុស្សវ័យក្មេង និងមនុស្សវ័យចំណាស់ជាច្រើនមានសេចក្ដីរំភើបក្រៃលែង នៅពេលពួកគេរកឃើញអំពីអត្ថន័យនៃពាក្យ រកឃើញអំពីរបៀបដែលសេចក្ដីសន្និដ្ឋានដំណើរការ ហើយនិងរកឃើញអំពីរបៀបដែលលំហូរសមហេតុផលនៃគំនិតអភិវឌ្ឍឡើង នោះពួកគេមានក្ដីរំភើបចិត្តជាខ្លាំងចំពោះពាក្យនានា និងតក្កនោះ។
ភ្លាមនោះ ពួកគេបានលេងល្បែងមួយ ហើយពួកគេកំពុងតែភ្លេចខ្លួនថា មានស្ថានសួគ៌ និងស្ថាននរក មានជីវិត និងសេចក្ដីស្លាប់ មានព្រះ និងសាតាំងពិតមែន។ សេចក្ដីពិតដ៏មហិមាជាច្រើន គឺនៅពីក្រោយពាក្យទាំងនេះ ដូច្នេះហើយខ្ញុំចង់រុញច្រានខ្លួនប្រាណខ្ញុំតាមរយៈពាក្យពេចន៍នានាឲ្យចូលទៅក្នុងសេចក្ដីពិតវិញ។ នេះគឺចំណុចទី៦៖ តើអ្វីទៅជាសេចក្ដីពិត?
៧. ការអនុវត្តន៍អត្ថបទ
ជាការបញ្ចប់ តើអ្វីទៅជាការអនុវត្តន៍ផ្ទាល់ខ្លួនដែលខ្ញុំអាចនាំឲ្យអត្ថន័យរបស់អ្នកនិពន្ធជ្រាបចូលក្នុងជីវិតរបស់ខ្ញុំ និងពិភពលោកដែលនៅជុំវិញខ្ញុំ?
នៅក្នុងសំណួរទាំង៧នោះ ឧបករណ៍ដែលមានប្រយោជន៍បំផុតគឺ សៀវភៅខគម្ពីរយោង (concordance) គឺជាសៀវភៅ ឬជាកម្មវិធីកុំព្យូទ័រ ដែលអនុញ្ញាតឱ្យយើងមើលឃើញគ្រប់នៃការប្រើប្រាស់ពាក្យជាក់លាក់មួយរបស់អ្នកនិពន្ធនៅគ្រប់កន្លែងដែលពាក្យនោះបានប្រើប្រាស់។ នេះ ជាឧបករណ៍ដ៏សាមញ្ញបំផុត ដែលខ្ញុំប្រើប្រាស់ក្នុងការសិក្សាព្រះគម្ពីរ។
សៀវភៅសេចក្ដីអត្ថាធិប្បាយក៏មិនអាចពន្យល់បានដូចនេះ។ វចនានុក្រមព្រះគម្ពីរក៏មិនអាចពន្យល់បានដែរ។ អ្វីដែលជាឧបសគ្គចំពោះការយល់ដឹងស៊ីជម្រៅ ស្ទើរតែកៅសិបប្រាំបួនភាគរយនៃគ្រប់ពេលទាំងអស់តែម្ដង គឺការកំពុងរកមើលអត្ថន័យពាក្យនានា ដែលនាំខ្ញុំឲ្យចាប់គិតដូចជាគំនិតរបស់អ្នកនិពន្ធ។
ទម្លាប់ពេញមួយជីវិត
នៅពេលយើងជួយឲ្យកូនៗរបស់យើងកំណត់នូវសំណួរទាំង៧ប្រភេទនោះហើយ អ្វីដែលយើងចង់បានគឺគ្រាន់តែឲ្យពួកគេបង្កើតទម្លាប់ពេញមួយជីវិតនៃការចេះសួរ និងការឆ្លើយនូវសំណួរទាំងអស់នោះ។
យើងមិនអាចធ្វើជំនួសពួកគេឡើយ។ ពួកគេត្រូវតែធ្វើការនោះដោយខ្លួនឯងផ្ទាល់។ យើងអាចធ្វើដូច្នេះបានដោយតាមរយៈការធ្វើការមើលទៅលើអត្ថបទទាំងឡាយជាមួយសំណួរទាំងអស់នោះ។ យើងអាចធ្វើវាជាមួយគ្នាបាន។ យើងអាចបង្គាប់ឲ្យពួកគេធ្វើវាម្ដងហើយម្ដងទៀត។
ការផ្ដល់យោបល់មួយចុងក្រោយ៖ ការសរសេរចុះនូវចម្លើយទាំងឡាយតបទៅសំណួរទាំង៧នោះសម្រាប់រាល់អត្ថបទដែលយើងសិក្សា គឺជាការជួយឲ្យកាន់តែបង្កើតផលផ្លែច្រើនជាងការគ្រាន់តែព្យាយាមធ្វើវាតែនៅក្នុងខួរក្បាលរបស់យើង។
សូមចាំថា គោលបំណង គឺមិនមែនតែដើម្បីឲ្យមានការស្ទាត់ជំនាញលើបច្ចេកទេសដូចការគូសពន្យល់ ឬដើម្បីឲ្យមានការស្ទាត់ជំនាញដូចការរៀនវិភាគលើបទគម្ពីរនោះទេ។ នេះមិនមែនជាគោលបំណងទេ។ គោលបំណងគឺដើម្បីបង្កើតទម្លាប់ពេញមួយជីវិតនៃគំនិត និងដួងចិត្តដែលចេះបន្ទាបខ្លួន ហើយនិងការឆេះឆួលក្នុងការសួរ និងឆ្លើយនូវសំណួរនានាអំពីព្រះគម្ពីរ។
នៅពេលវ័យជំទង់ឈានចូលមកដល់ យើងត្រូវបង្រៀនកូនៗរបស់យើងអំពីរបៀបផ្លាស់ប្ដូរពីការអានព្រះគម្ពីរមកជាសិក្សាព្រះគម្ពីរវិញ។ នេះគឺជាចំណុចប្រាំពីរក្នុងការចាប់ផ្ដើម។
មតិយោបល់
Loading…