in ,

តើវាជាអំពើបាបទេ ក្នុងការមិនចូលចិត្តគោលជំនឿនៃការជ្រើសតាំង?

«ខ្ញុំ​ជឿ​លើ​គោល​ជំនឿ​នៃ​ការ​ជ្រើស​តាំង តែ​ខ្ញុំ​មិន​ចូល​ចិត្ត​វា។ សម្រាប់​ខ្ញុំ តើ​វា​ជា​អំពើ​បាប​ទេ ក្នុង​ការ​មិន​ចូល​ចិត្ត​គោល​ជំនឿ​នៃ​ការ​ជ្រើស​តាំង?»

ខាង​ក្រោម​នេះ​គឺ​ជា​ចម្លើយ៖

វា​គឺ​ជា​អំពើ​បាប​ក្នុង​ការ​មិន​ចូល​ចិត្ត​គោល​ជំនឿ​ដ៏​ពិត​នៃ​ការ​ជ្រើស​តាំង។ វា​គឺ​ជា​អំពើ​បាប​ក្នុង​ការ​មិន​ចូល​ចិត្ត​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ។

ការ​ស្រឡាញ់​សេចក្ដី​ពិត​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ

ខ្ញុំ​នឹង​និយាយ​បែប​នេះ​ដោយ​សារ​មាន​មនុស្ស​ជា​ច្រើន​មាន​គំនិត​ខុសៗ​អំពី​គោល​ជំនឿ—គោល​ជំនឿ​គ្រប់​ប្រភេទ—ដែល​មិន​ត្រឹម​ត្រូវ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចិត្ត​ដ៏​ល្អ​របស់​ពួក​គាត់​មិន​ចូល​ចិត្ត​វា។ ដូច្នេះ លោក​អ្នក​អាច​លើក​ឡើង​ថា «ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ជ្រើស​តាំង» ហើយ​នៅ​អាច​ធ្វើ​ជា​មនុស្ស​ល្អ​បាន ពីព្រោះ​លោក​អ្នក​មិន​យល់​ច្បាស់​អំពី​ការ​ជ្រើស​តាំង។ ហើយ​អ្វី​ដែល​លោក​អ្នក​កំពុង​តែ​មិន​ចូល​ចិត្ត នោះ​លោក​អ្នក​គួរ​តែ​មិន​ចូល​ចិត្ត​វា​វិញ។ ឬ​ក៏​ថា លោក​អ្នក​ទំនង​ជា​បុគ្គល​ដែល​កំពុង​តែ​ចាប់​ផ្ដើម​យល់​យ៉ាង​ច្បាស់​លាស់ ហើយ​មនុស្ស​ចាស់​របស់​លោក​អ្នក ដែល​អាក្រក់ កំពុង​តែ​ងើប​ឡើង ហើយ​ក៏​កំពុង​តែ​មិន​ចូល​ចិត្ត​នូវ​អ្វី​ដែល​គួរ​តែ​ទទួល​បាន​ការ​ចូល​ចិត្ត។ យើង​ខ្ញុំ​មិន​ដឹង​ថា តើ​បុគ្គល​នេះ​គួរ​ទទួល​ការ​ណែ​នាំ​ឬ​ក៏​អត់​ទេ។ ដូច្នេះ នេះ​គឺ​ជា​គោលការណ៍៖ ដល់​កម្រិត​ដែល​លោក​អ្នក​យល់​ឃើញ​យ៉ាង​ច្បាស់​លាស់​ថា​សេចក្ដី​ពិត​នោះ​មាន​ចេញ​ពី​ព្រះ​គម្ពីរ នោះ​លោក​អ្នក​គួរ​តែ​ចូល​ចិត្ត​វា។

ឧទាហរណ៍៖ ស្ថាន​នរក​គឺ​ជា​សេចក្ដី​ពិត​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ។ ដូច្នេះ នៅ​ពេល​ដែល​យើង​ខ្ញុំ​លើក​ឡើង​ថា លោក​អ្នក​គួរ​តែ​ចូល​ចិត្ត​ស្ថាន​នរក អ្វី​ដែល​យើង​ខ្ញុំ​ចង់​មាន​ន័យ​គឺ​ដូច​នេះ៖ លោក​អ្នក​គួរ​ចូល​ចិត្ត​ស្ថាន​នរក​ក្នុង​របៀប​ដែល​ព្រះ​ជាម្ចាស់​ពេញ​ព្រះ​ទ័យ​ដែរ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ (២ពេត្រុស ៣:៩)។ ព្រះ​អង្គ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​ទុច្ចរិត​ស្លាប់​ដែរ (អេសេគាល ១៨:២៣)។ ទ្រង់​ធ្វើ​ទុក្ខ​យើង ប៉ុន្តែ​មិន​ដោយ​ស្ម័គ្រ​ពី​ព្រះ​ហឫទ័យ​ទេ (បរិទេវ ៣:៣៣)។

កញ្ចក់​ពីរ

ដូច្នេះ ក្នុង​ព្រះ​ជាម្ចាស់​ផ្ទាល់ ទ្រង់​មាន​ព្រះ​ហឫទ័យ​ឲ្យ​មាន​ស្ថាន​នរក ហើយ​ក៏​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ឲ្យ​មាន​វា​ក្នុង​បែប​ជា​រូប​ភាព​ធំ ប៉ុន្តែ​ស្រប​ពេល​តែ​មួយ​ទ្រង់​ក៏​ព្រួយ​ព្រះ​ទ័យ​ក្នុង​ការ​ទម្លាក់​នរណា​ម្នាក់​ចូល​វា​ដែរ។ ហើយ​ពាក្យ​ថា​សព្វ​ព្រះ​ទ័យ​នៅ​ត្រង់​នេះ​ពិបាក​បន្តិច​ដែរ ពីព្រោះ​លោក​អ្នក​ត្រូវ​តែ​មាន​ទស្សនៈ​ពីរ​យ៉ាង។

ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​រៀប​ផែន​ការ​ឲ្យ​ស្ដេច នេប៊ូក្នេសា បំផ្លាញ​ទី​ក្រុង​យេរូសាឡឹម តើ​យើង​គួរ​ចូល​ចិត្ត​ការ​នោះ​ដែរ​ឬ​ទេ? ចម្លើយ​របស់​យើង​ខ្ញុំ​គឺ​ថា៖ យើង​គួរ ហើយ​ក៏​មិន​គួរ​ផង​ដែរ។ យើង​មិន​គួរ​ចូល​ចិត្ត​នៅ​ពេល​ដែល​ស្ត្រី​ស្ងោរ​កូន​របស់​ខ្លួន ប៉ុន្តែ​យើង​គួរ​ទទួល​យក​នូវ​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​សម្រេច​ឲ្យ​ការ​នោះ​កើត​ឡើង។ ហេតុ​ដូច្នេះ យើង​ត្រូវ​មាន​ទស្សនៈ​ពីរ​យ៉ាង ត្រង់​ថា​ទាក់​ទង​នឹង​អ្វី​ដែល​យើង​ឃើញ​ក្នុង​កញ្ចក់​តូច​យើង​មិន​គួរ​ចូល​ចិត្ត​វា​នោះ​ទេ តែ​ក្នុង​កញ្ចក់​ធំ​យើង​គួរ​ចូល​ចិត្ត​វា ពីព្រោះ​នោះ​ឯង​គឺ​ជា​របៀប​ដែល​ព្រះ​ជាម្ចាស់​បណ្ដាល​ឲ្យ​កើត​ឡើង​លើ​ផែនដី​នេះ។

ខណៈ​ពេល​ដែល​អ្នក​ជឿ​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​យេស៊ូវ នោះ​ពួក​គាត់​ក៏​នឹង​កាន់​តែ​ស្រឡាញ់​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​ស្រឡាញ់​ដែរ ក្នុង​របៀប​ដែល​ទ្រង់​ស្រឡាញ់​ការ​ទាំង​នោះ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក

ការបំបាក់អំណួត និងចិត្តថ្ម