យោងតាមប្រពៃណី ក្រុមជំនុំដំបូងបានសន្មតថា សាវ័ក ម៉ាថាយ គឺជាអ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អមុនគេក្នុងព្រះគម្ពីរសញ្ញាថ្មី។ គាត់បាននិពន្ធកណ្ឌគម្ពីរនេះឡើងប្រហែលមុនឆ្នាំ ៧០ នៃគ.ស. នៅពេលដែលពួករ៉ូមបានមកបំផ្លាញទីក្រុងយេរូសាឡឹមចោល។
ប៉ុន្តែ តើបងប្អូនធ្លាប់ងឿងឆ្ងល់ទេថា តើអ្វីទៅជាគោលបំណងចម្បងដែលសាវ័ក ម៉ាថាយ បាននិពន្ធកណ្ឌដំណឹងល្អរបស់គាត់? ឬក៏ថា តើយើងអាចសង្ខេបកណ្ឌគម្ពីរម៉ាថាយដោយរបៀបណាទៅ? យើងអាចសង្ខេបកណ្ឌគម្ពីរនេះថា៖ ព្រះយេស៊ូវគឺជាស្ដេច ពីព្រោះព្រះអង្គបានបំពេញគ្រប់ទាំងទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។
បើយើងគ្រាន់តែមើលបញ្ជីរាយនាមនៃពង្សាវតាររបស់ព្រះយេស៊ូវ នោះយើងនឹងឃើញថាប្រធានបទស្នូលគឺ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក៏ការគ្រោងទុករបស់ព្រះជាម្ចាស់នឹងកើតឡើង ក្នុងគ្រប់កិច្ចការទាំងអស់ យោងតាមគោលបំណង និងពេលវេលាទ្រង់ដែរ។ តោះ! ចូរយើងមើលបញ្ជីរាយនាមនៃពង្សាវតាររបស់ព្រះយេស៊ូវ ដែលសបញ្ជាក់ពីការសង្ខេបដែលថា ទ្រង់គឺជាស្ដេច!
ជាដំបូង យើងឃើញថាខ១៧សង្ខេបនូវខ២-១៦ និងបញ្ចប់ខ១នៃជំពូក១។ ខ១ និងខ១៧បានផ្ដើម និងបញ្ចប់ដោយព្រះគ្រីស្ទ ព្រះបាទ ដាវីឌ និងលោក អ័ប្រាហាំ ដោយមាន៣វគ្គនៃ១៤ជំនាន់។ ខ២-៦បានរៀបរាប់ចាប់តាំងពីជំនាន់លោក អ័ប្រាហាំ ដល់ព្រះបាទ ដាវីឌ។ ខ៧-១២បានរៀបរាប់ចាប់តាំងពីព្រះបាទ ដាវីឌ ដល់គ្រានិរទេស ហើយខ១៣-១៦បានរៀបរាប់ចាប់តាំងពីគ្រានិរទេសដល់គ្រាព្រះគ្រីស្ទ។ ចូរចងចាំថា បើគ្មានកណ្ឌគម្ពីរ ម៉ាថាយ ១:១-១៧ នោះយើងក៏នឹងមិនអាចមានដំណើររឿងដែលចាប់ផ្ដើមពីខ១៨ រហូតដល់ជំពូក២៨ខ២០នៃកណ្ឌគម្ពីរម៉ាថាយបានដែរ។
តើហេតុអ្វីបានជាសាវ័ក ម៉ាថាយ ចាប់ផ្ដើម និងបញ្ចប់ដោយព្រះគ្រីស្ទនៅក្នុង១៧ខដំបូងនៃជំពូក១?
ពាក្យ «ព្រះគ្រីស្ទ» គឺជាភាសាក្រិក ដែលស្មើគ្នានឹងពាក្យ «ព្រះមេស្ស៊ី» ក្នុងភាសាហេប្រ៊ូ ដែលមានន័យថា «អង្គជ្រើសតាំង»។ តើអ្វីទៅជាមុខងាររបស់ព្រះគ្រីស្ទ? មុខងារគឺដើម្បីបំពេញ បន្តសេចក្ដីតាំងសញ្ញា និងបង្កើតសេចក្ដីតាំងសញ្ញាថ្មី។ តើព្រះគ្រីស្ទបានបំពេញសេចក្ដីតាំងសញ្ញាដូចម្ដេចខ្លះ? បើយើងសង្ខេបព្រះគម្ពីរសញ្ញាចាស់ទាំងមូល នោះយើងអាចលើកឡើងដូចតទៅ៖ ព្រះគ្រីស្ទមានតួនាទីក្នុងការបំពេញសេចក្ដីតាំងសញ្ញាជាហោរា ជាសង្ឃ និងជាស្ដេច។ ហើយតួនាទីជាស្តេចនេះឯង ដែលយើងចង់ផ្ដោតលើក្នុងឯកសារនេះ។
មុននឹងយើងអាចបន្តទៅមុខបាន ជាដំបូងយើងត្រូវកត់សម្គាល់អំពីចំចំណុចត្រង់ថា ព្រះយេស៊ូវបានបន្តសេចក្ដីតាំងសញ្ញារបស់លោក អ័ប្រាហាំ និងស្ដេច ដាវីឌ បន្តិចសិន។ វគ្គទី១ និងវគ្គទី២នៃ១៤ជំនាន់ដំបូងក្នុងខ២-៦ និងខ៧-១២មានរយៈពេល ១១៥០ ឆ្នាំបានកន្លងផុតទៅ។ ហើយសាវ័ក ម៉ាថាយ ដកស្រង់ឈ្មោះចេញពីកណ្ឌគម្ពីរ ១របាក្ស. ១:២៨, ៣៤; ២:១-១៥; ៣:១០-១៥ និងកណ្ឌគម្ពីរនាងរស់ ៤:១៨-២២។
យើងដឹងថាព្រះយេស៊ូវបានបន្តសេចក្តីតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹងលោក អ័ប្រាហាំ (និងព្រះបាទ ដាវីឌ) ដោយសារសាវ័ក ម៉ាថាយ បានសរសេរថា ព្រះយេស៊ូវគ្រីស្ទគឺ «…ជាជំនួរវង្សរបស់លោក អ័ប្រាហាំ» (ខ១, ១៧)។ តើសេចក្តីតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹងលោក អ័ប្រាហាំ មានបញ្ជាក់អំពីអ្វីខ្លះ? កណ្ឌគម្ពីរ លោកុប្បត្ដិ ១២:២ មានចែងដូចតទៅ៖ «យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ» (សូមអានបន្ថែម៖ លោកុ. ១៥; ១៨; ២២; ២៥។ល។)។ យើងអាចសង្ខេបថា សេចក្តីតាំងសញ្ញារបស់ព្រះជាម្ចាស់ជា មួយ នឹងលោក អ័ប្រាហាំ មានរួម៖ ពូជពង្ស ព្រះពរ ព្រំដែនទឹកដី។
ចេញពីវគ្គនេះ យើងសង្កេតឃើញថា ការគ្រោងទុករបស់ព្រះជាម្ចាស់បានកើតឡើង ក្នុងគ្រប់កិច្ចការទាំងអស់ យោងតាមគោលបំណង និងពេលវេលាទ្រង់ដែរ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ នៅក្នុងសម័យបុរាណ ការរាយឈ្មោះស្ត្រីក្នុងបញ្ជីពង្សាវតារគឺមិនមែនជារឿងធម្មតាទេ ប៉ុន្តែតាមការសង្កេតមើលក្នុងបញ្ជីមួយនេះយើងឃើញថាសាវ័ក ម៉ាថាយ បានរាយចុះនូវឈ្មោះស្ត្រី៤នាក់ ហើយបើយើងរាប់នាងម៉ារាដែរ គឺ៥នាក់។
ក្នុងខ៣ យើងឃើញនាង តាម៉ារ ហើយក្នុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក៣៨ យើងអាចអានអំពីដំណើររឿងនៃជីវិតរបស់គាត់យ៉ាងលម្អិតថែមទៀតបាន តែបើយើងនិយាយសង្ខេបទៅយើងឃើញថាលោក យូដា មិនបានឲ្យកូនប្រុសគាត់ឈ្មោះ សេឡា ទៅកាន់នាង តាម៉ារ បន្ទាប់ពី អ៊ើរ និងអូណាន់ «…ជាមនុស្សកាចអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ប្រហារគាត់ទៅ» (លោកុប្បត្ដិ ៣៨:៧)។ ក្រោយមក ខណៈពេលដែលនាងតាម៉ារបានឮដំណឹងថា ឪពុកក្មេករបស់គាត់កំពុងធ្វើដំណើរទៅកាត់រោមចៀម នាងក៏បានដោះសំលៀកបំពាក់កាន់ទុក្ខចេញ «រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា» (លោកុប្បត្ដិ ៣៨:១៤)។ ហើយកាលលោក យូដា ឃើញនាង លោកក៏ស្មានថានាងជាស្រីសំផឹង ដូច្នេះលោកក៏សុំដេកជាមួយនាងភ្លាម ហើយចេញពីការនោះ នាងក៏មានផ្ទៃពោះ បង្កើតកូនភ្លោះប្រុសពីរនាក់ ដាក់ឈ្មោះថា ពេរេស និងសេរ៉ាស។
យើងឃើញថា ព្រះជាម្ចាស់នៅតែធ្វើការ ហើយប្រើប្រាស់ដំណើររឿងមួយនេះ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ ទោះបើមានការបោកបញ្ឆោតគ្នាទៅវិញទៅមក និងការកុហកគ្នាក៏ដោយ។
ស្ត្រីទី២ដែលយើងឃើញនៅក្នុងបញ្ជីពង្សាវតាររបស់ព្រះយេស៊ូវគឺនាង រ៉ាហាប ក្នុងខ៥ ដែលលោក សាលម៉ូន បានយកធ្វើជាប្រពន្ធ ហើយនាងក៏បានបង្កើតបានបូអូស។ យោងតាមកណ្ឌគម្ពីរយ៉ូស្វេជំពូក២ និង៦ យើងឃើញថានាង រ៉ាហាប គឺជាស្រីសំផឹងម្នាក់ដែរតាមមុខរបរ ប៉ុន្តែព្រះអង្គនៅតែមិនរារាំងកាលៈទេសៈនោះក្នុងការប្រើប្រាស់នាងក្នុងតំណវង្សព្រះយេស៊ូវដែរ។
ក្នុងខ៥ យើងឃើញឈ្មោះនាង រស់ ដែលជាប្រពន្ធរបស់លោក បូអូស ហើយក៏បានបង្កើត អូបិឌ។ នាង រស់ កើតចេញពីពូជសាសន៍ម៉ូអាប់។ កណ្ឌគម្ពីរលោកុប្បត្ដិជំពូក១៩មានរៀបរាប់អំពីប្រវត្តិនៃដើមចមនៃជាតិសាសន៍ម៉ូអាប់ ដែលកើតមកតាមរយៈកូនស្រីលោក ឡុត ដែលបានបង្អកស្រាឪពុកខ្លួនរហូតដល់ស្រវឹង ហើយក៏បានរួមដំណេកជាមួយនឹងគាត់ ហើយក៏មានកូនដែលជាជាតិសាសន៍ម៉ូអាប់មក។ យោងតាមកណ្ឌគម្ពីរ ចោទិយកថា ២៣:៣ សាសន៍ម៉ូអាប់មិនអាចចូលព្រះវិហារបានរហូតដល់១០តំណក្រោយមក ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏ព្រះជាម្ចាស់នៅតែរាប់បញ្ចូលទាំងសាសន៍បែបនេះចូលក្នុងពង្សាវតាររបស់ព្រះរាជបុត្រាទ្រង់ដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមអានគម្ពីរនាងរស់ទាំងមូល។
ហើយចំណែកឯ «ប្រពន្ធរបស់អ៊ូរី» ក្នុងខ៦ ដែលស្ដេច ដាវីឌ បានយកក៏បង្កើតបានសាឡូម៉ូន។ ជាជាងប្រើឈ្មោះនាង បាតសេបា សាវ័ក ម៉ាថាយ បានប្រើឃ្លានេះថា «ប្រពន្ធរបស់អ៊ូរី» ដើម្បីសបញ្ជាក់ដោយបើកអាក្រាតអំពីភាពធ្ងន់ធ្ងរនៃអំពើបាបដ៏គួរឲ្យស្អប់ខ្ពើមរបស់ស្ដេច ដាវីឌ ដែលជាដំបូងទ្រង់បានប្រព្រឹត្តអំពើផិតក្បត់ដោយយកប្រពន្ធរបស់អ្នកដទៃ ហើយក៏បានធ្វើជាតួសម្លាប់ប្ដីរបស់ស្ត្រីនោះផងដែរ។ នេះឯងជាមូលហេតុចម្បងដែលស្ដេច ដាវីឌ មិនអាចបំពេញ ក៏ដូចជាបន្តសេចក្ដីតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹង លោក អ័ប្រាហាំ និងទ្រង់ក្នុងនាមជាស្ដេចបាន។
មុនយើងមើលការតាំងសេចក្ដីសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹងស្ដេច ដាវីឌ ចូរឲ្យយើងសង្ខេបសាច់រឿងអំពីអ្វីដែលព្រះជាម្ចាស់បានសម្រេចតាមរយៈស្ត្រីទាំងអស់នោះសិន។ បើយើងនិយាយឲ្យខ្លីទៅ ស្ត្រីទាំងនោះសុទ្ធតែមាន ឬក៏ហាក់បីដូចជាសុទ្ធតែមានរឿងអាស្រូវខាងឯផ្លូវភេទ ដែលរួមទាំងនាង ម៉ារា ដែលមានកូនក្នុងផ្ទៃ ខណៈពេលដែលទើបតែភ្ជាប់ពាក្យនៅឡើយ។ ប៉ុន្តែ យើងដឹងហើយថានាង ម៉ារា បានមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណបរិសុទ្ធបានចាប់បដិសន្ធិលើនាង។ យោងតាមខ១៦ យើងឃើញថានាង ម៉ារា មិនមានរឿងអាស្រូវខាងឯផ្លូវភេទទេ ពីព្រោះសាវ័ក ម៉ាថាយ បានពណ៌នាអំពីលោក យ៉ូសែប ថា៖ «ជាប្ដីនាង ម៉ារា» ជាជាងថាជាឪពុករបស់ព្រះយេស៊ូវ ឬក៏ថាតាមរយៈគាត់នាង ម៉ារា បានបង្កើតព្រះយេស៊ូវនោះឡើយ។ តាមពិតទៅកិរិយាសព្ទដែលសាវ័ក ម៉ាថាយ បានប្រើប្រាស់គឺជាកិរិយាសព្ទអសកម្ម ទាក់ទងលើពាក្យ «បង្កើត» ដែលនេះមានន័យថាលោក យ៉ូសែប គ្មានចំណែកទេក្នុងការបង្កបង្កើតព្រះយេស៊ូវក្នុងផ្ទៃនាង ម៉ារា។ លើសពីនោះទៅទៀតកណ្ឌគម្ពីរ ម៉ាថាយ ១:២៥ ក៏បានចែងថាលោក យ៉ូសែប «…មិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចម្បងមក»។
កណ្ឌគម្ពីរ អេសាយ ១:១៨ បានផ្ដល់ជាសង្ឃឹមដល់យើងដោយចែងថា៖
«…ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។»។ ដូចដែលមានរៀបរាប់នៅខាងលើ ស្ត្រីទាំងអស់នោះ (និងបុរសនានា) សុទ្ធតែមានរឿងអាស្រូវ ហើយពោរពេញទៅដោយអំពើបាប ឬក៏ថាជីដូនជីតារបស់ពួកគាត់សុទ្ធតែមានប្រវត្តិអតីត ជាអ្នកដែលប្រព្រឹត្តអំពើបាបយ៉ាងខ្លាំងក្លា ប៉ុន្តែទោះជាយ៉ាងណាក៏ព្រះជាម្ចាស់នៅតែជ្រើសរើសប្រើប្រាស់កាលៈទេសៈនៃជីវិតរបស់ពួកគាត់ក្នុងការបំពេញផែនការរបស់ទ្រង់ដែរ។ យើងទាំងអស់គ្នា (រួមទាំងអ្នកនិពន្ធ និងមិត្តអ្នកអាន) ក៏សុទ្ធតែមានរឿងអាស្រូវក្នុងជីវិតផងដែរ។ ក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៤:៧ សាវ័ក ប៉ុល បានលើកឡើងថាយើងជា «ភាជនៈដី» ដែលនេះមានន័យថា ងាយ ក៏ដូចជាធ្លាប់បាក់បែក ប៉ុន្តែព្រះអង្គនៅជ្រើសរើសសង្គ្រោះយើង និងប្រើប្រាស់យើង។ សាវ័ក ប៉ុល បានសរសេរក្នុងកណ្ឌគម្ពីរ អេភេសូរ ២:១-១០ ថាពីដើមយើងស្លាប់ ប្រព្រឹត្តរំលងទាស់នឹងព្រះអង្គ ប៉ុន្តែដោយសារព្រះអង្គស្រឡាញ់យើងជាខ្លាំង ដូច្នេះទ្រង់ក៏បានសង្គ្រោះយើងដោយព្រះគុណតាមរយៈជំនឿ។
វគ្គទី២នៃ១៤ជំនាន់ក្នុងខ៧-១២ មានរយៈពេល ៤០០ ឆ្នាំបានកន្លងផុតទៅ។ ហើយសាវ័ក ម៉ាថាយ បានដកស្រង់ឈ្មោះចេញពីកណ្ឌគម្ពីរ ១របាក្ស. ៣:១០-១៥។ លោកអ្នកក៏អាចអានបន្ថែមទៀតនៅក្នុងកណ្ឌគម្ពីរ ១&២សាំយូអែល; ១&២ពង្សាវតារក្សត្រ; ១&២របាក្សត្រ; អេសាយ; អេសេគាល ដែលមានរៀបរាប់ទាក់ទងទៅនឹងស្ដេចនានា។ ហើយចំណែកឯកណ្ឌគម្ពីរដែលមានរៀបរាប់អំពីគ្រានិរទេសមានដូចតទៅ៖ យេរេមា; ដានីយ៉ែល; អេសេគាល និងខ្លះៗក្នុងកណ្ឌគម្ពីរ ១&២ពង្សាវតារក្សត្រ និង១&២របាក្សត្រ។
យោងតាមឃ្លា «ជាវង្សាហ្លួងដាវីឌ» ក្នុងខ១ យើងដឹងថាព្រះជាម្ចាស់ក៏បានធ្វើសេចក្តីតាំងសញ្ញាជាមួយ
ស្ដេច ដាវីឌ ទោះបើស្ដេច ដាវីឌ មិនបានបំពេញ ក៏ដូចជាបន្តសេចក្ដីតាំងសញ្ញារបស់ព្រះជាម្ចាស់ដោយបានជោគជ័យទៅកាន់លោក អ័ប្រាហាំ យ៉ាងពេញទីក៏ដោយ។
កណ្ឌគម្ពីរ ២សាំយ៉ូអែល ៧:៥-១៦ មានរៀបរាប់អំពីការដែលព្រះជាម្ចាស់ធ្វើការតាំងសេចក្ដីសញ្ញាជាមួយនឹងស្ដេច ដាវីឌ ហើយអ្នកនិពន្ធបានសរសេរដូចតទៅ៖ «…នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ» (៧:១៦)។ សេចក្ដីតាំងសញ្ញាមួយនេះដែលព្រះជាម្ចាស់បានធ្វើជាមួយនឹងស្ដេច ដាវីឌ មានរួមដូចតទៅ៖ ពូជពង្ស ព្រះពរ ព្រំដែនទឹកដី និងព្រះបាទស្ដេច [ណាមួយអង្គ] ដែលនឹងនៅអស់កល្បជានិច្ច។
យើងបានឃើញហើយថាស្ដេច ដាវីឌ បានបរាជ័យក្នុងការបំពេញសេចក្ដីតាំងសញ្ញាដែលព្រះជាម្ចាស់បានធ្វើទៅកាន់លោក អ័ប្រាហាំ ហើយទ្រង់ក៏បានបរាជ័យក្នុងនាមជាអង្គដែលព្រះជាម្ចាស់បានបន្តសេចក្ដីតាំងសញ្ញាជាមួយផងដែរ ហេតុដូច្នេះហើយបានជាយើងត្រូវការមានស្ដេចមួយអង្គផ្សេងទៀតដែលនឹងអាចបំពេញ បន្ត ក៏ដូចជាបង្កើតសេចក្ដីតាំងសញ្ញាថ្មីណាមួយទៀតជាមួយនឹងព្រះជាម្ចាស់។ ហើយនេះឯងគឺជាមូលហេតុចម្បងដែលសាវ័ក ម៉ាថាយ បាននិពន្ធកាន់គម្ពីរដំណឹងល្អរបស់គាត់។ តោះ! ចូរយើងនាំគ្នាមើលអំពីរបៀបដែលសាវ័ក ម៉ាថាយ ប្រើប្រាស់បញ្ជីពង្សាវតាររបស់ព្រះយេស៊ូវ ដើម្បីបង្ហាញថាព្រះអង្គគឺជាស្ដេច!
ទី១ សាវ័ក ម៉ាថាយ បានបញ្ជាក់ថា ព្រះយេស៊ូវកើតចេញពីខ្សែស្រឡាយស្ដេច ដោយលើកឡើងថា ព្រះអង្គ «ជាវង្សាហ្លួងដាវីឌ»។ ពាក្យថា «វង្សាហ្លួង» បញ្ជាក់ថាព្រះយេស៊ូវជាប់សាច់ឈាមជាមួយនឹងវង្សត្រកូលស្តេច។ យើងដឹងហើយថាស្ដេច សុល គឺជាស្ដេចដំបូងនៃសាសន៍អ៊ីស្រាអែល ប៉ុន្តែដោយសារទ្រង់មិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ (១សាំយូអែល ១៥) ដូច្នេះព្រះអង្គក៏បានជ្រើសរើសចាក់ប្រេងតាំងលើ ដាវីឌ ឲ្យធ្វើ និងបន្តខ្សែស្ដេចសម្រាប់ប្រទេសអ៊ីស្រាអែលវិញ (១សាំយូអែល ១០ និង១៦)។ សាវ័ក ម៉ាថាយ ក៏បានលេងវេយ្យាករណ៍ក្នុងខ៦ («អ៊ីសាយបង្កើតដាវីឌដ៏ជាស្ដេច ស្ដេច ដាវីឌ…») ដើម្បីផ្ដោតលើប្រធានបទស្ដេច ទោះបើគាត់មិនចាំបាច់ធ្វើបែបនោះក៏ដោយក្នុងឃ្លា «ដ៏ជាស្ដេច»។ យោងតាមវេយ្យាករណ៍ភាសាក្រិក គេមិនចាំបាច់បញ្ជាក់ឃ្លានោះទេ ប៉ុន្តែសាវ័ក ម៉ាថាយ បានសរសេរឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ឲ្យយើងឃើញថា គាត់កំពុងតែផ្ដោតទៅលើប្រធានបទថា ព្រះយេស៊ូវគឺជាស្ដេច។
ទី២ សាវ័ក ម៉ាថាយ បានញែកលោក យូដា ចេញពីបងប្អូនគាត់ក្នុងខ២ «អ័ប្រាហាំបង្កើតអ៊ីសាកៗ បង្កើតយ៉ាកុបៗ បង្កើតយូដា ហើយនឹងបងប្អូនគាត់»។ ការញែកបែបនេះគឺ ដើម្បីបញ្ជាក់ថា ព្រះយេស៊ូវកើតចេញពីខ្សែស្ដេច។ ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក៤៩ លោក ម៉ូសេ បានរៀបរាប់អំពីការដែលលោក យ៉ាកុប ប្រទានពរដល់កូនៗរបស់គាត់ ហើយបើយើងគ្រាន់តែរាប់សាច់ខគម្ពីរ នោះយើងក៏នឹងឃើញអំពីភាពសំខាន់របស់ខ្សែគ្រប់គ្រួសាររបស់លោក យូដា ដែរ។ ខ៨-១២ រៀបរាប់អំពីពររបស់លោក យូដា ហើយខ១០បានបញ្ជាក់ដោយចែងថា «ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្ដាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់»។ យើងដឹងហើយថា គ្មានស្ដេច ឬក៏បុគ្គលណាអាចរក្សា «ដំបងរាជ្យ ឬអំណាចគ្រប់គ្រង» ដោយមិនឲ្យឃ្លាតចេញបានទេ ព្រោះពួកគាត់សុទ្ធតែស្លាប់ ប៉ុន្តែចំពោះព្រះយេស៊ូវវិញ ទ្រង់អាចធ្វើការនោះបាន ដ្បិតទ្រង់ជាព្រះផង និងជាមនុស្សផង ១០០%។
ទី៣ យើងឃើញថាក្នុងខ៣សាវ័ក ម៉ាថាយ ក៏បានប្រើប្រាស់បញ្ជីវង្សលោក ពេរេស ដើម្បីបញ្ជាក់ថាព្រះយេស៊ូវគឺជាស្ដេច។ ពួកបុរាណវិទូសាសន៍អ៊ីស្រាអែលបានលើកឡើងថា ជាទូទៅគេប្រើប្រាស់បញ្ជីវង្សលោក ពេរេស ដើម្បីបង្ហាញពីខ្សែស្រឡាយស្ដេច ជាជាងប្រើប្រាស់បញ្ជីខ្សែស្រឡាយលោក សេរ៉ាស ដែលជាបងប្រុសគាត់។ បើគ្រាន់តែមានអំណះអំណាងត្រឹមតែលោក ពេរេស នោះគ្រប់គ្រាន់ហើយក្នុងការបង្ហាញថាបុគ្គលណាម្នាក់កើតចេញពីខ្សែស្ដេច ឬក៏អត់ តែយើងឃើញហើយថាសាវ័ក ម៉ាថាយ បានបញ្ជាក់រហូតដល់លោក យូដា និងលោក អ័ប្រាហាំ ទៀតផង។
ទី៤ ក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១:២០ អ្នកនិពន្ធបានបញ្ជាក់ថាលោក យ៉ូសែប ជា «ពូជហ្លួងដាវីឌ»។ ដែលចំណុចនេះកាន់តែបញ្ជាក់ថែមថា ព្រះយេស៊ូវកើតចេញពីតំណវង្សស្ដេច។ ដូចដែលយើងបានលើកឡើងហើយថា ទោះបើលោក យ៉ូសែប មិនមែនជាឪពុកផ្ទាល់ខាងឯសាច់ឈាមរបស់ព្រះយេស៊ូវក៏ដោយ ក៏គាត់នៅតែជាឪពុករបស់ព្រះយេស៊ូវខាងឯផ្លូវច្បាប់។ នេះហើយជាមូលហេតុ ដែលពួកគាត់បានធ្វើដំណើរទៅ «បេថ្លេហិម ពីព្រោះគាត់ជាព្រះវង្ស ហើយជាព្រះញាតិនឹងហ្លួងដាវីឌដែរ» (លូកា ២:៤) ពេលដែល សេសារ-អូគូស្ទ ចេញព្រះរាជឱង្ការឲ្យគ្រប់គ្នាទៅចុះឈ្មោះតាមស្រុកកំណើតរៀងៗខ្លួន។
ទី៥ សូម្បីតែពួកហោរាពីទិសខាងកើតក៏សួរនាំរកស្ដេចដែរ «តើព្រះអង្គដែលប្រសូតមក ធ្វើជាស្ដេចសាសន៍យូដា ទ្រង់គង់នៅឯណា?»។ ការសួរនាំដេញដោលបែបនេះសបញ្ជាក់បង្ហាញថា ពិតជាមានស្ដេចដែលបានកើតនៅជំនាន់នោះមែន ហើយយើងដឹងហើយថាព្រះយេស៊ូវគឺជាស្ដេចដែលពួកហោរាកំពុងតែសួរនាំរក ពីព្រោះនៅចំណុចបន្ទាប់ក៏បានបញ្ជាក់ថែមទៀតផងដែរ។ តង្វាយដែលពួកហោរាពីទិសខាងកើតនាំមកថ្វាយព្រះយេស៊ូវគ្រីស្ទដែលមានដូចជា មាស កំញាន និងជ័រល្វីងទេស គឺសុទ្ធតែជាតង្វាយដែលគេនាំមកថ្វាយទុកសម្រាប់តែស្ដេចប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សសាមញ្ញៗនោះឡើយ។
ទី៦ ស្ដេច ហេរ៉ូឌ បានសម្លាប់ក្មេងៗ (ម៉ាថាយ ២) ដែលមានអាយុក្រោម២ឆ្នាំ។ ហេតុអ្វីបានជាស្ដេច ហេរ៉ូឌ សម្លាប់ពួកក្មេងៗទាំងនោះ? ក្នុងខ៣នៃជំពូក២មានចែងថា «កាលស្ដេច ហេរ៉ូឌ បានឮ នោះទ្រង់មានសេចក្ដីវិតក្កព្រួយ»។ ស្ដេច ហេរ៉ូឌ ខ្លាចថាស្ដេចថ្មីមួយអង្គដែលទើបតែកើតនេះនឹងបះបោរទាស់ប្រឆាំងទាមទារដោយវាយប្រហារយករាជ្យបល្ល័ង្ករបស់ទ្រង់ ហេតុដូច្នេះហើយបានជាទ្រង់សម្លាប់ក្មេងៗអស់នោះចោល។
ទី៧ ម្ដងហើយម្ដងទៀត យើងឃើញថាសាវ័ក ម៉ាថាយ បានកត់ចុះអំពីរបៀបដែលគេហៅព្រះយេស៊ូវថាជា «ព្រះរាជបុត្រាហ្លួងដាវីឌ» (៩:២៧; ១២:២៣; ១៥:២២; ២០:៣០-៣១; ២១:៩, ១៥; ២២:៤៥)។ ងារនេះមិនមែនជាងារលេងសើចនោះទេ ប៉ុន្តែជាងារដែលគេញែកទុក ដើម្បីសម្គាល់លើបុគ្គលដែលកើតចេញពីខ្សែស្រឡាយស្ដេចតែប៉ុណ្ណោះ ហើយក៏ជាស្ដេចផ្ទាល់តែម្ដង។
ទី៨ នៅពេលដែលព្រះយេស៊ូវសុគត គេបានសរសេរស្លាកវាយនៅលើឈើឆ្កាងពីលើព្រះសិរសារបស់ទ្រង់ថា «នេះឈ្មោះយេស៊ូវ ជាស្ដេចសាសន៍យូដា» (២៧:៣៧)។ ទោះបើនៅគ្រានោះសាសន៍យូដាបានបដិសេធដោយមិនទទួលស្គាល់ថា ព្រះយេស៊ូវជាស្ដេចរបស់ខ្លួនក៏ដោយ ក៏ការដែលពួកគាត់ព្យាយាមសើចចំអកដាក់ទ្រង់ ដោយវាយស្លាកបែបនេះមកដាក់នៅលើឈើឆ្កាង ក៏សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថែមទៀតថា ព្រះយេស៊ូវគឺពិតជាស្ដេចមែន!
ទាំងនេះគឺគ្រាន់តែជាមូលហេតុខ្លះៗតែប៉ុណ្ណោះ ក្នុងការបើកបង្ហាញថា ព្រះយេស៊ូវគឺជាស្ដេចដោយយើងគ្រាន់តែសង្កេតមើលបញ្ជីពង្សាវតាររបស់ទ្រង់។
ក្នុងវគ្គទី៣នៃ១៤ជំនាន់ពីគ្រានិរទេសដល់គ្រាព្រះគ្រីស្ទក្នុងខ១៣-១៦ យើងឃើញថាមានរយៈពេល ៦០០ ឆ្នាំបានកន្លងផុតទៅ ហើយសាវ័ក ម៉ាថាយ បានដកស្រង់ឈ្មោះទាំងនោះចេញពីកណ្ឌគម្ពីរ ១របាក្ស. ៣:១៥-១៦ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ២ពង្សាវ. ២៤-២៥; យេរេមា ២២, ២៩, ៥២, ៣៩-៤៣; កណ្ឌគម្ពីរ ដានីយ៉ែល ទាំងមូល; អេសេគាល ១៧ និងកណ្ឌគម្ពីរ ២របាក្ស. ៣៦)។ នៅក្នុងគ្រានេះយើងសង្កេតឃើញថា មានរយៈពេល ៤០០ ឆ្នាំដែលព្រះជាម្ចាស់មិនបានមានព្រះបន្ទូលមកកាន់មនុស្សលោកឡើយ។ នេះជាគ្រាដែលពួកសាសន៍អ៊ីស្រាអែលបានក្លាយជាពួកឈ្លើយនៅប្រទេសផ្សេងៗ។ ក្នុងកណ្ឌគម្ពីរ ២ពង្សាវតារក្សត្រជំពូក២៣-២៥ និងកណ្ឌគម្ពីរយេរេមាជំពូក២៨ យើងឃើញថាស្ដេច យេកូនាស ត្រូវបានស្ដារឡើងវិញ ដោយចេញពីគុក ហើយរស់នៅជាសេរីក្នុងប្រទេសដែលទ្រង់កំពុងជាប់ជាឈ្លើយ។ ទោះបើមើលទៅការជាប់គុកក្នុងផ្ទះ ដោយមានសេរីភាពបែបនេះហាក់បីដូចជាមិនសូវជារឿងសំខាន់ប៉ុន្មានក៏ដោយ ក៏យើងនៅតែដឹងផងដែរថា នេះគឺជាសេចក្ដីសង្ឃឹមដល់សាសន៍អ៊ីស្រាអែលដែរ។
នៅក្នុងវគ្គទី៣នេះ យើងឃើញថា មានស្ដេច៣អង្គដែលគ្មាននាមរាយចុះនៅក្នុងបញ្ជីពង្សាវតារដែលសាវ័ក ម៉ាថាយ បានលើកឡើង ហើយក៏ថែមទាំងមានបុគ្គលម្នាក់ដែលយើងគ្មានព័ត៌មានអ្វីសោះទាក់ទងនឹងជីវិតគាត់។ ស្ដេចទាំង៣អង្គគឺ អ័ហាស៊ីយ៉ា (២របាក្ស. ២២-២៥) យ៉ូអាស (២ពង្សាវ. ១២) អ័ម៉ាស៊ីយ៉ា (២ពង្សាវ. ១៤) ហើយលោក អ័ប៊ីយុឌ (ខ១៣) ដែលជាបុគ្គលដែលយើងគ្មានព័ត៌មានអ្វីសោះទាំងក្នុង និងក្រៅព្រះគម្ពីរ។ ជាជាងងឿងឆ្ងល់ ហើយបាត់បង់ទំនុកចិត្តលើព្រះគម្ពីរ យើងត្រូវតែចងចាំថា ១) វាជារឿងធម្មតាទេក្នុងការមិនលើកឡើងនូវរាល់ឈ្មោះនៃបុគ្គលនីមួយៗក្នុងបញ្ជីពង្សាវតារ ២) សាវ័ក ម៉ាថាយ បានធ្វើការនេះ ដោយមិនលើកឡើងនាមបុគ្គលទាំង៣អង្គនេះ ដើម្បីឲ្យយើងមានការងាយស្រួលក្នុងការចាំថាមាន១៤ជំនាន់ក្នុងវគ្គនីមួយៗនៃពង្សាវតាររបស់ព្រះយេស៊ូវ ហើយ ៣) បើយើងត្រឡប់ក្រោយវិញទៅមើលដំណើររឿងនៃបុគ្គលនីមួយៗនោះ នោះយើងសង្កេតឃើញថា ពួកគាត់គឺជាស្ដេចដ៏សែនអាក្រក់ ហើយក៏ត្រូវបណ្ដាសាទៀតផង។ នោះឯងទំនងជាមូលហេតុដែលសាវ័ក ម៉ាថាយ ជ្រើសរើសមិនបូកបញ្ចូលនាមរបស់ពួកគាត់ក្នុងបញ្ជីពង្សាវតាររបស់ព្រះយេស៊ូវ។ ហើយចំពោះលោក អ័ប៊ីយុឌ ដែលយើងគ្មានព័ត៌មានអ្វីសោះទាក់ទងនឹងជីវិតរបស់គាត់ យើងក៏មិនគួរបាត់បង់ទំនុកចិត្តលើព្រះបន្ទូលផងដែរ ពីព្រោះយើងអាចនៅជឿទុកចិត្តផងដែរថា ព្រះជាម្ចាស់នៅតែ ក៏ដូចជាបាន និងនៅបន្តសម្រេចផែនការរបស់ទ្រង់ក្នុងពេលវេលារបស់ទ្រង់ មិនថាយើងស្ថិតនៅក្នុងកាលៈទេសៈនៃជីវិតណាក៏ដោយ។
មកដល់គ្រានិរទេស យើងឃើញថា ព្រះជាម្ចាស់បានតាំងសេចក្ដីសញ្ញាថ្មីមួយទៀតជាមួយនឹងសាសន៍អ៊ីស្រាអែល។ កណ្ឌគម្ពីរ អេសេគាល ៣៦-៣៧ បានលើកឡើងថា ព្រះជាម្ចាស់នឹងដកចិត្តថ្មចេញ ហើយដាក់ចិត្តសាច់ឈាមនៅក្នុងមនុស្សលោកវិញ។ ក្នុងជំពូកទាំងនេះ យើងឃើញអ្នកនិពន្ធលេងពាក្យ «ខ្យល់» ដែលទាក់ទងនឹងព្រះវិញ្ញាណក្នុងភាសាដើម បើប្រៀបធៀបនឹងកណ្ឌគម្ពីរកិច្ចការជំពូក២។
កណ្ឌគម្ពីរ យេរេមា ៣១:៣១-៣៤ «…នឹងមានគ្រាមកដល់ដែលយើងតាំងសញ្ញាថ្មីនឹងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេចេញពីស្រុកអេស៊ីព្ទមកនោះ…យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង» (ខ៣១, ៣២, ៣៣)។ ក្នុងការតាំងសេចក្ដីសញ្ញាថ្មីមួយនេះនៅគ្រានិរទេស យើងឃើញថាពួកមនុស្សលោកនឹងមាន៖ បេះដូងថ្មី ការបោះបង់បាបចោល និងការផ្ដើមទំនាក់ទំនងថ្មីជាមួយព្រះជាម្ចាស់។
ហើយតាមរយៈព្រះយេស៊ូវគ្រីស្ទក្នុងនាមជាព្រះមេស្ស៊ីដែលមានន័យថា «អង្គជ្រើសតាំង» ទ្រង់ក៏បានបង្កើតសេចក្ដីតាំងសញ្ញាថ្មីមួយទៀត ដែលសង់លើសេចក្ដីតាំងសញ្ញាជាមួយនឹងលោក អ័ប្រាហាំ និងស្ដេច ដាវីឌ ហើយសេចក្ដីតាំងសញ្ញាថ្មីមួយនេះមានរួម៖ ពូជពង្សនៃសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ ព្រះពរ (អេសាយ ៤២; ៤៩; លូកា ២:៣២; កិច្ចការ ១៣) ព្រំដែនទឹកដី (សម្រាប់តែសាសន៍អ៊ីស្រាអែល) ព្រះបាទស្ដេចយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ។
អ្វីដែលយើងត្រូវវែកញែកឲ្យច្បាស់លាស់គឺត្រង់ថា ក្រុមជំនុំមិនជំនួសឲ្យសាសន៍អ៊ីស្រាអែលទេ។ ព្រះជាម្ចាស់បានប្រទានព្រះពរមួយចំនួនមកកាន់សាសន៍ដទៃ ដោយសារសាសន៍អ៊ីស្រាអែលបានបដិសេធព្រះយេស៊ូវ ដែលជាស្ដេចរបស់ខ្លួន។ ពិតណាស់! ព្រះយេស៊ូវនៅតែជាស្ដេចរបស់ពួកគេ (ទោះបើពួកគេបានបដិសេធទ្រង់ក៏ដោយ) ប៉ុន្តែស្របគ្នានោះដែរព្រះអង្គក៏បានយកសាសន៍ដទៃមកធ្វើជារាស្ត្ររបស់ទ្រង់ផងដែរ។
ទាក់ទងនឹងព្រំដែនទឹកដីដែលសម្គាល់សម្រាប់សាសន៍អ៊ីស្រាអែល នឹងមានគ្រាមួយនៅឯអនាគត ដែលព្រះយេស៊ូវនឹងសោយរាជ្យ ១០០០ ឆ្នាំយោងតាមគម្ពីរវិវរណៈជំពូក១៩។ ព្រះយេស៊ូវមិនមែនគ្រាន់តែជាព្រះប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គក៏ជាស្ដេចផងដែរ។ ដូចដែលបានលើកឡើងនៅខាងលើ យើងបានឃើញហើយថា ព្រះយេស៊ូវបានបំពេញតួនាទីជាព្រះមេស្ស៊ីក្នុងនាមជាហោរា ជាសង្ឃ និងជាស្ដេច។ ព្រះអង្គមិនមែនគ្រាន់តែធ្វើជាសង្ឃ ដើម្បីធ្វើយញ្ញបូជាប៉ុណ្ណោះឡើយ ប៉ុន្តែទ្រង់ផ្ទាល់គឺជាយញ្ញបូជាដ៏ល្អប្រសើរជាងយញ្ញបូជានានាផ្សេងទៀត។ យើងអាចសង្ខេបកណ្ឌគម្ពីរហេព្រើរដូចតទៅ៖ ព្រះយេស៊ូវល្អប្រសើរជាងពួកហោរា ពួកទេវតា លោក ម៉ូសេ លោក យ៉ូស្វេ ពួកសម្ដេចសង្ឃ លោក អ័ប្រាហាំ ពួកសង្ឃនៅសម័យសញ្ញាចាស់ សេចក្ដីតាំងសញ្ញាចាស់ រោងឧបោសថ យញ្ញបូជាចាស់ និងភ្នំស៊ីណាយ។
សរុបសេចក្ដីទៅ យើងឃើញថា សាវ័ក ម៉ាថាយ បាននិពន្ធកណ្ឌដំណឹងល្អរបស់គាត់ ដើម្បីបញ្ជាក់ថា ព្រះយេស៊ូវគឺជាស្ដេច ហើយតាមរយៈការគ្រាន់តែពិនិត្យមើល១៧ខដំបូងនៃជំពូកទី១នៃកណ្ឌគម្ពីរម៉ាថាយដែលមាន២៨ជំពូក យើងក៏អាចឃើញពីភស្តុតាងថា ព្រះយេស៊ូវគឺពិតជាស្ដេចយ៉ាងច្បាស់លាស់បានផងដែរ។ ព្រះបុត្រយេស៊ូវ ដែលបានប្រសូតមក ទ្រង់គឺជាស្ដេច «ព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ។ ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ។» (យ៉ូហាន ១:១១-១២)។
ចំពោះអ្នកណាដែលមិនទាន់បានទទួលជឿលើព្រះគ្រីស្ទនៅឡើយ យើងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនបើកចំហចិត្តស្វែងយល់បន្ថែមទៀត ហើយស្គាល់ឲ្យច្បាស់អំពីព្រះយេស៊ូវ ហើយទទួលជឿលើទ្រង់ចុះ ដ្បិតព្រះអង្គគឺជាស្ដេចនៃយើង ដែលបានយាងមកសង្គ្រោះយើង។ ទ្រង់បានបំពេញនូវរាល់បទទំនាយក្នុងព្រះគម្ពីរសញ្ញាចាស់ក្នុងនាមជាព្រះមេស្ស៊ី។
នៅចុងបញ្ចប់ មិនថាលោកអ្នកចុះចូលដោយលុតជង្គង់ស្ម័គ្រចិត្ត ឬក៏អត់ក៏ដោយ ក៏ព្រះយេស៊ូវនៅតែជាស្ដេច ដ្បិតកណ្ឌគម្ពីរ ភីលីព ២:១០–១១ បានចែងហើយថា គ្រប់ជង្គង់នៅស្ថានសួគ៌ និងនៅផែនដី និងនៅក្រោមផែនដីនឹងលុតចុះ ហើយគ្រប់អណ្ដាតនឹងប្រកាសថា «ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។ ពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ ទ្រង់នឹងជំនុំជម្រះ ហើយច្បាំងដោយសុចរិត ហើយព្រះពស្ត្រទ្រង់នឹងជ្រលក់ដោយឈាម ដោយសារព្រះអង្គថ្កោលទោសមនុស្សបានបាប (វិវរណៈ ១៩:១១–២១)។
រ៉ូម ១០:៩-១០ បានចែងថា «បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់»។
មតិយោបល់
Loading…