in ,

យ៉ូហាន-បាទីស្ទ & អេលីយ៉ា

ណ្ឌ​គម្ពីរ ម៉ាថាយ ១១:៧-១៤ បាន​ប្រកាស​ថា «ពេល​ពួក​សិស្ស​ទាំង​នោះ​ចេញ​ផុត​ទៅ ព្រះ​យេស៊ូវ​ក៏​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ទៅ​កាន់​មហាជន អំពី​លោក យ៉ូហាន ថា៖ “តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី​នៅ​ទី​រហោស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ? តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុងរឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុងរឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី? ទៅ​មើល​ហោរា​ឬ? មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​លើស​ជាង​ហោរា​ទៅ​ទៀត។ លោក​នេះ​ហើយ​ដែល​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ថា ‘មើល៍! យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក អ្នក​នោះ​នឹង​ទៅ​មុន​អ្នក ដើម្បី​រៀបចំ​ផ្លូវ​របស់​អ្នក’។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី គ្មាន​អ្នក​ណា​ធំ​ជាង​លោក យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថានសួគ៌ អ្នក​នោះ​ធំ​ជាង​លោក​ទៅ​ទៀត។ តាំង​ពី​គ្រា​របស់​លោក យ៉ូហាន-បាទីស្ទ រហូត​មក​ទល់​ពេល​នេះ ព្រះរាជ្យ​នៃ​ស្ថានសួគ៌​បាន​ទទួល​រង​អំពើ​ឃោរឃៅ ហើយ​មនុស្ស​ឃោរឃៅ​ចាប់​យក​បាន​ព្រះរាជ្យ​នៃ​ស្ថានសួគ៌​ដោយ​កម្លាំង ដ្បិត​អស់​ទាំង​គម្ពីរ​ហោរា និង​គម្ពីរ​ក្រឹត្យវិន័យ​សុទ្ធ​តែ​បាន​ថ្លែង​ទុក រហូត​មក​ដល់​គ្រា​របស់​លោក យ៉ូហាន ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក យ៉ូហាន ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក”»។ ត្រង់​នេះ​ព្រះ​យេស៊ូវ​កំពុង​តែ​លើក​សម្រង់​សម្ដី​ចេញ​ពី​កណ្ឌ​គម្ពីរ ម៉ាឡាគី ៣:១ ដែល​ថា​អ្នក​នាំ​សារ​ហាក់​បី​ដូច​ជា​មាន​តួនាទី​ជា​ហោរា ដែល​នឹង​ត្រូវ​លេច​ឡើង​មក។ យោង​តាម​កណ្ឌ​គម្ពីរ ម៉ាឡាគី ៤:៥ អ្នក​នាំ​សារ​គឺ​ជា​ហោរា អេលីយ៉ា ដែល​ព្រះ​យេស៊ូវ​បាន​ផ្ដល់​អត្ត​សញ្ញាណ​ថា​ជា​លោក យ៉ូហាន-បាទីស្ទ។ តើ​នេះ​មាន​ន័យ​ថា​លោក យ៉ូហាន-បាទីស្ទ ជា​ហោរា អេលីយ៉ា មក​ចាប់​កំណើត​មែន​ឬ។ ទេ! មិន​មែន​មាន​ន័យ​ដូច្នោះ​ទេ!

ទី១ អ្នក​ស្ដាប់​ដំបូង​របស់​ព្រះ​យេស៊ូវ (ក៏​ដូច​ជា​អ្នក​ស្ដាប់​ដំបូង​របស់​សាវ័ក ម៉ាថាយ) នឹង​មិន​សន្មត​ថា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​កំពុង​តែ​សំដៅ​ទៅ​លើ​ការ​ចាប់​ជាតិ​នោះ​ឡើយ។ លើស​ពី​នោះ​ទៅ​ទៀត​ហោរា អេលីយ៉ា មិន​បាន​ស្លាប់​ទេ។ ព្រះ​ជាម្ចាស់​បាន​ប្រើ​ប្រាស់​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង ហើយ​យក​ហោរា អេលីយ៉ា ទៅ​ឯ​ស្ថានសួគ៌ ដោយ​ខ្យល់​កួច (២ពង្សាវតារក្សត្រ ២:១១)។ ការ​អះអាង​រក​មូល​ហេតុ​ទាក់​ទង​នឹង​ការ​ចាប់​ជាតិ ឬ​ក៏​ការ​រស់​ឡើង​វិញ​សម្រាប់​ហោរា អេលីយ៉ា បញ្ជាក់​ថា​លោក​អ្នក​កំពុង​តែ​មើល​រំលង​ចំណុច​ស្នូល​ហើយ។ តាម​ពិត​ទៅ គេ​បាន​យល់​ទំនាយ​នៃ​ការ​ដែល​ហោរា អេលីយ៉ា នឹង​ត្រឡប់​មក​វិញ​ថា​គាត់​នឹង​ត្រឡប់​មក​វិញ​ក្នុង​សាច់​ឈាម​លើ​ផែនដី​នេះ​ពី​ស្ថានសួគ៌។

ទី២ ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា​លោក យ៉ូហាន-បាទីស្ទ គឺ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ហោរា អេលីយ៉ា ព្រោះ​គាត់​បាន​មក «ដោយ​វិញ្ញាណ និង​អំណាច​របស់…អេលី‌យ៉ា» (លូកា ១:១៧) តែ​គាត់​មិន​មែន​ជា​ហោរា អេលីយ៉ា ក្នុង​សាច់​ឈាម​ផ្ទាល់​នោះ​ទេ។ លោក យ៉ូហាន-បាទីស្ទ គឺ​ជា​អ្នក​មុន​គេ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែល​ចង្អុល​ផ្លូវ​សម្រាប់​ការ​យាង​មក​ដល់​របស់​ព្រះ​អម្ចាស់ ដូច​ដែល​ហោរា អេលីយ៉ា បាន​បំពេញ​តួនាទី​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (ហើយក៏​ទំនង​ជា​អាច​នឹង​ធ្វើ​ការ​នេះ​ម្ដង​ទៀត​នៅ​ឯ​អនាគត​ផង​ដែរ—សូម​អាន​កណ្ឌ​គម្ពីរ​វិវរណៈ​ជំពូក១១)។

ទី៣ ហោរា អេលីយ៉ា ផ្ទាល់​ក៏​បាន​លេច​ឡើង​ជា​មួយ​នឹង​លោក ម៉ូសេ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បំផ្លាស់​បំប្រែ​រូប​កាយ​បន្ទាប់​ពី​លោក យ៉ូហាន-បាទីស្ទ បាន​ស្លាប់​ហើយ។ ការ​នេះ​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ ប្រសិន​បើ​ហោរា អេលីយ៉ា បាន​ប្ដូរ​អត្ត​សញ្ញាណ​របស់​គាត់​ទៅ​ជា​លោក យ៉ូហាន (ម៉ាថាយ ១៧:១១-១២)។

ទី៤ កណ្ឌ​គម្ពីរ ម៉ាកុស ៦:១៤-១៦ និង ៨:២៨ បង្ហាញ​ថា​ទាំង​ពួក​មនុស្សម្នា និង​ស្ដេច ហេរ៉ូឌ បាន​វែក​ញែក​យ៉ាង​ច្បាស់​លាស់​រវាង​លោក យ៉ូហាន-បាទីស្ទ និង​ហោរា អេលីយ៉ា។

ជា​ចុង​ក្រោយ លោក យ៉ូហាន ផ្ទាល់​គឺ​ជា​ភស្តុតាង​ដែល​ថា គាត់​មិន​មែន​ជា​ហោរា អេលីយ៉ា ដែល​បាន​មក​យក​កំណើត​ជា​ថ្មី​នោះ​ទេ។ ក្នុង​ជំពូក​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​និពន្ធ​ដោយ​សាវ័ក យ៉ូហាន យើង​ឃើញ​ថា​លោក យ៉ូហាន-បាទីស្ទ បាន​រាប់​ខ្លួន​ថា​ជា​អ្នក​នាំ​សារ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៤០:៣ មិន​មែន​ជា​ហោរា អេលីយ៉ា ក្នុង​កណ្ឌ​គម្ពីរ ម៉ាឡាគី ៣:១ នោះ​ទេ។ លោក យ៉ូហាន-បាទីស្ទ ថែម​ទាំង​បដិសេធ​យ៉ាង​ច្បាស់​លាស់​ថា គាត់​មិន​មែន​ជា​ហោរា អេលីយ៉ា ដែរ (យ៉ូហាន ១:១៩-២៣)។

លោក យ៉ូហាន បាន​ធ្វើ​នូវ​អ្វី​សម្រាប់​ព្រះ​យេស៊ូវ​ដែល​ហោរា អេលីយ៉ា នឹង​ប្រាកដ​ជា​បាន​ធ្វើ​សម្រាប់​ការ​យាង​មក​របស់​ព្រះ​អម្ចាស់​ដែរ ប៉ុន្តែ​គាត់​មិន​មែន​ជា​ហោរា អេលីយ៉ា មក​ចាប់​កំណើត​ឡើយ។ ព្រះ​យេស៊ូវ​បាន​រាប់​លោក យ៉ូហាន-បាទីស្ទ ថា​ជា​ហោរា អេលីយ៉ា ហើយ​ស្រប​គ្នា​នោះ​ដែរ​លោក យ៉ូហាន-បាទីស្ទ បាន​បដិសេធ​អត្ត​សញ្ញាណ​មួយ​នោះ។ តើ​ឲ្យ​យើង​អាច​យល់​បាន​យ៉ាង​ត្រឹម​ត្រូវ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ​ទាក់​ទង​នឹង​សេចក្ដី​បង្រៀន​ទាំង​ពីរ​នេះ? មាន​ឃ្លា​គន្លឹះ​មួយ​ក្នុង​ការ​រាប់​របស់​ព្រះ​យេស៊ូវ​ទាក់​ទង​នឹង​លោក យ៉ូហាន-បាទីស្ទ ដែល​ដាច់​ខាត​យើង​មិន​ត្រូវ​មើល​រំលង​សោះ។ ព្រះ​អង្គ​បាន​លើក​ឡើង​ថា «ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក យ៉ូហាន ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក»។ និយាយ​ម្យ៉ាង​វិញ​ទៀត អត្ត​សញ្ញាណ​របស់​លោក យ៉ូហាន-បាទីស្ទ ជា​ហោរា អេលីយ៉ា គឺ​មិន​មែន​ជា​អ្វី​ដែល​បាន​ទាយ​ទុក​ទាក់​ទង​ទៅ​នឹង​ការ​ដែល​ថា​គាត់​មាន​សាច់​ឈាម​របស់​ហោរា អេលីយ៉ា ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ទាក់​ទង​ទៅ​នឹង​តួនាទី​នៃ​ការ​ឆ្លើយ​តប​របស់​មនុស្សម្នា​ទេ​តើ។ ចំពោះ​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ នោះ​ពួក​គាត់​ក៏​នឹង​ទទួល​ស្គាល់​ផង​ដែរ​ថា​លោក យ៉ូហាន-បាទីស្ទ មាន​តួនាទី​ជា​ហោរា អេលីយ៉ា ដ្បិត​ពួក​គាត់​ទទួល​ជឿ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់។ ចំពោះ​អ្នក​ដឹក​នាំ​ថ្នាក់​សាសនា​ដែល​បាន​បដិសេធ​ព្រះ​យេស៊ូវ នោះ​ពួក​គេ​មិន​បាន​ទទួល​ស្គាល់​ថា​លោក យ៉ូហាន-បាទីស្ទ មាន​តួនាទី​ដូច​ដែល​គាត់​បាន​ធ្វើ​នោះ​ទេ។

និពន្ធ​ដោយ៖ ក្រុម GotQuestions
លោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ និងលោក ខែម បូឡុង
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​អំណាច

បើក្រុមជំនុំមិនអធិស្ឋាន