in

ឡាសារដេកលក់

សេចក្ដី​អធិប្បាយ​មួយ​នេះ​របស់​លោកគ្រូ ដូន ខ័រសិន (Don Carson) ដែល​មាន​ចំណង​ជើង​ថា «ឡាសារ» ត្រូវ​បាន​ដក​ស្រង់​ចេញពី​កណ្ឌ​គម្ពីរ យ៉ូហាន ១១:១-៥៣ ដែល​គាត់​បាន​ចែក​ចាយ​នៅ​ឆ្នាំ​២០១៩ នៅ​ឯ​សិក្ខាសាលា​មួយ។ ប្រធាន​បទ​សិក្ខាសាលា​នោះ​មាន​ឈ្មោះ​ថា «ការ​សន្ទនា​ជា​មួយ​នឹង​ព្រះ​យេស៊ូវ»។ សិក្ខាសាលា​នោះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ចូល​រួម​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ខិតខំ​ព្យាយាម​របស់​ខ្លួន​ក្នុង​ផ្នែក​ផ្សាយ​ដំណឹង​ល្អ និង​ការ​ប្រកាស​ដំណឹង​ល្អ។

ខ​គម្ពីរ​ខាង​ក្រោម​នេះ​សាច់​រឿង​រៀង​វែង​បន្តិច (យ៉ូហាន ១១:១-៥៣)។ ហើយ​វា​ជា​ការ​ល្អ​ប្រសើរ​ណាស់ ដែល​យើង​ចំណាយ​ពេល​អាន​ទាំង​អស់។ ខណៈ​ពេល​ដែល​យើង​សិក្សា​លើ​ខ​មួយ​ទៅ​លើ​ខ​មួយ​ទៀត នោះ​យើង​នឹង​កាន់​តែ​យល់​អំពី​ផ្នត់​គំនិត​នៅ​ខ​គម្ពីរ​ទាំង​នេះ​ជា​មិន​ខាន។

«មាន​បុរស​ម្នាក់ ឈ្មោះ ឡាសារ មាន​ជំងឺ​ឈឺ​គាត់​នៅ​ភូមិ​បេថានី ជា​ភូមិ​របស់​នាង​ម៉ារា នឹង​បង​នាង​ឈ្មោះ ម៉ាថា។ ឯ​នាង​ម៉ារា ដែល​ប្អូន​នាង​ឈ្មោះ​ឡាសារ​មាន​ជំងឺ​នេះ គឺ​នាង​នេះ​ហើយ ដែល​បាន​ចាក់​ប្រេង​ក្រអូប​លាប​ថ្វាយ​ព្រះ​អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ​បាទ​ទ្រង់។ បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ​យេស៊ូវ ទូល​ថា “ព្រះ​អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ”។

កាល​ទ្រង់​បាន​ឮ​ដូច្នេះ នោះ​ក៏​មាន​បន្ទូល​ថា “ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សម្រាប់​ជា​កិត្តិ​សព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​តម្កើង​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដោយ​សារ​ជំងឺ​នេះ​ឯង”។ រី​ឯ​ព្រះ​យេស៊ូវ ទ្រង់​ស្រឡាញ់​នាង​ម៉ាថា​នឹង​ប្អូន​ស្រី​នាង ហើយ​នឹង​ឡាសារ​ផង។ ដូច្នេះ កាល​ទ្រង់​បាន​ឮ​ថា គាត់​ឈឺ នោះ​ទ្រង់​ក៏​គង់​នៅ​កន្លែង​ដដែល​២​ថ្ងៃ​ទៀ​ត។ ក្រោយ​នោះ​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា “ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ”។

ពួក​សិស្ស​ទូល​ទ្រង់​ថា “លោក​គ្រូ ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ?”។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា “ក្នុង​១​ថ្ងៃ មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ៍​នេះ។ តែ​បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់ នោះ​ត្រូវ​ជំពប់​ជើង​វិញ ពី​ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ”។

ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​មាន​បន្ទូល​ទៀត​ថា “ឡាសារ ជា​សម្លាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង”។

ដូច្នេះ ពួក​សិស្ស​ទូល​ថា “ព្រះ​អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ”។ ឯ​ព្រះ​យេស៊ូវ ទ្រង់​មាន​បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ទ្រង់​មាន​បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​សម្រាក​ប៉ុណ្ណោះ។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ជា​យ៉ាង​ច្បាស់​ថា “ឡាសារ ស្លាប់​ហើយ។ ខ្ញុំ​ក៏​អរ​ណាស់ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ឥឡូវ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ”។

ដូច្នេះ ថូម៉ាស ដែល​ហៅ​ថា ឌីឌីម គាត់​និយាយ​ទៅ​ពួក​សិស្ស ជា​គូកន​គាត់​ថា “ចូរ​យើង​រាល់​គ្នា​ទៅ​ដែរ ដើម្បី​នឹង​ប្ដូរ​ស្លាប់​ជា​មួយ​នឹង​លោក”។

កាល​ព្រះ​យេស៊ូវ​យាង​ទៅ​ដល់​ហើយ នោះ​បាន​ឮ​ថា “ឡាសារ នៅ​ក្នុង​ផ្នូរ​អស់​៤​ថ្ងៃ​ហើយ”។ រី​ឯ​ភូមិ​បេថានី​នោះ​នៅ​ជិត​ក្រុង​យេរូសាឡឹម ប្រហែល​ជា​៣​គីឡូ​ម៉ែត្រ​ទេ។ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​នាង​ម៉ាថា នឹង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។ កាល​ម៉ាថា​បាន​ឮ​ថា ព្រះ​យេស៊ូវ​យាង​មក​ហើយ នោះ​នាង​ក៏​ទៅ​ទទួល​ទ្រង់ តែ​ម៉ារា​អង្គុយ​នៅ​ឯ​ផ្ទះ។

ម៉ាថា​ទូល​ព្រះ​យេស៊ូវ​ថា “ព្រះ​អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ។ ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន”។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា “ប្អូន​នាង​នឹង​រស់​ឡើង​វិញ”។

ម៉ាថា​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ថា “នៅ​ថ្ងៃ​ចុង​បំផុត​កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ”។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា “ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ។ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?”។

នាង​ទូល​ឆ្លើយ​ថា “ព្រះ​ពរ​ព្រះ​អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ‘ទ្រង់​ជា​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ៍​មែន'”»។

កាល​នាង​បាន​ពោល​ពាក្យ​ដូច្នោះ​ហើយ នោះ​ក៏​ទៅ​ហៅ ម៉ារា ប្អូន​នាង មក​ដោយ​សម្ងាត់ ប្រាប់​ថា «លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​រក​ឯង»។ កាល​នាង ម៉ារា បាន​ឮ​ពាក្យ​នោះ ក៏​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​ឯ​ទ្រង់។ ឯ​ព្រះ​យេស៊ូវ ទ្រង់​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ គឺ​ទ្រង់​គង់​នៅ​ត្រង់​កន្លែង​ដែល ម៉ាថា បាន​ជួប​នោះ។ កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ កំពុង​តែ​ជួយ​កំសាន្ត​ចិត្ត​នាង ម៉ារា បាន​ឃើញ​ថា នាង​ក្រោក​ឡើង​ចេញ​ទៅ​ជា​ប្រញាប់​ដូច្នេះ គេ​ក៏​តាម​នាង​ទៅ ដោយ​និយាយ​គ្នា​ថា “នាង​គិត​ទៅ​យំ​ឯ​ផ្នូរ​ហើយ”។

នាង ម៉ារា ក៏​ទៅ​ដល់​កន្លែង ដែល​ព្រះ​យេស៊ូវ​គង់​នៅ កាល​បាន​ឃើញ​ទ្រង់ នោះ​នាង​ក្រាប​នៅ​ទៀប​ព្រះ​បាទ​ទូល​ថា “ព្រះ​អម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ”។

កាល​ព្រះ​យេស៊ូវ​ឃើញ​នាង​យំ ព្រម​ទាំង​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នឹង​នាង​ផង នោះ​ទ្រង់​មាន​សេចក្ដី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះ​ហឫទ័យ ហើយ​មាន​បន្ទូល​សួរ​ថា “អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា?”។

គេ​ទូល​ឆ្លើយ​ថា “ព្រះ​អម្ចាស់​សូម​យាង​ទៅ​ទត​មើល”។

ព្រះ​យេស៊ូវ​ក៏​ទ្រង់​ព្រះ​កន្សែង។

ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា “មើល៍! លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎”។

ហើយ​ពួក​គេ​ខ្លះ​និយាយ​ថា “លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ​មនុស្ស​នេះ​ស្លាប់​បាន​ដែរ​ឬ?”។

នោះ​ព្រះ​យេស៊ូវ​យាង​ទៅ​ដល់​ផ្នូរ ទាំង​មាន​សេចក្ដី​ក្នាញ់​ក្នុង​ព្រះ​ហឫទ័យ​ម្ដង​ទៀត ឯ​ផ្នូរ​នោះ​ជា​រអាង​ភ្នំ ហើយ​មាន​ថ្ម​១​បិទ​សន្ធប់។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​យក​ថ្ម​ចេញ”។

តែ ម៉ាថា ជា​បង​របស់​រូប​បុគ្គល​នោះ​ទូល​ថា “ព្រះ​អម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ”។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា “តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ទេ​ឬ​អី?”។

ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ​យេស៊ូវ​ងើប​ព្រះ​នេត្រ​ទៅ​លើ ទូល​ថា “ឱ​ព្រះ​វរបិតា​អើយ ទូល​បង្គំ​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូល​បង្គំ។ ទូល​បង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូល​បង្គំ​ជា​ដរាប តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្ដា​មនុស្ស​ដែល​ឈរ​នៅ​ជុំ​វិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន”។

កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា “ឡាសារ អើយ ចូរ​ចេញ​មក”។ នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា “ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ”។

ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ​យេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់។ តែ​មាន​ខ្លះ​ទៅ​ជម្រាប​ដល់​ពួក​ផារិស៊ី​ពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ នោះ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក។

និយាយ​ថា “តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សម្គាល់​ច្រើន​ណាស់ បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង”។

មាន​ក្រុម​ជំនុំ​ម្នាក់​ឈ្មោះ​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា “អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្ដា​ជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ”។

តែ​លោក​មិន​និយាយ​សេចក្ដី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សំដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​ជា​លោក​ទាយ​ថា ព្រះ​យេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ។ ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់​ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ។ ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សម្លាប់​ទ្រង់​ចេញ» (យ៉ូហាន ១១:១-៥៣)។

នេះ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់។

ភាព​ភ្ញាក់​ផ្អើល​នៃ​ដំណឹង​ល្អ

ជា​ច្រើន​លើក​ច្រើន​សារ ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល។ លោក ម៉ូសេ ក៏​បាន​គិត​ដូច្នោះ​ដែរ។ ក្នុង​នាម​ជា​បុរស​វ័យ​ក្មេង​ម្នាក់ គាត់​បាន​គិត​ថា គាត់​នឹង​នាំ​ឲ្យ​មាន​ការ​ធ្វើ​ការ​បដិវត្តន៍។ ប៉ុន្តែ គាត់​បែរ​ជា​ត្រូវ​ចំណាយ​ពេល​នៅ​ឯ​ទី​រហោស្ថាន​អស់​ប្រមាណ​ជិត​កន្លះ​សតវត្សរ៍។ ហើយ​នៅ​ចុង​ក្រោយ នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​គាត់ លោក ម៉ូសេ ក៏​មាន​អាយុ​ប្រមាណ​ជា​៨០​ឆ្នាំ ជា​អាយុ​សម​ល្មម​ក្នុង​ការ​ចូល​និវត្តន៍។ ហើយ​ម្យ៉ាង​ទៀត​គឺ​ថា លោក ម៉ូសេ ក៏​មិន​មាន​អំណោយ​ទាន​ក្នុង​ការ​និយាយ​ស្ដី​ផង​ដែរ គាត់​មិន​មាន​ទំនុក​ចិត្ត​ក្នុង​ការ​និយាយ​ស្ដី​ជា​សាធារណៈ។ វា​ពិត​ជា​គួរឲ្យ​ភ្ញាក់​ផ្អើល​មែន ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​បុរស​ម្នាក់​ដែល​មាន​អាយុ​៨០ឆ្នាំ​នេះ។

ហោរា ហាបាគុក ក៏​បាន​គិត​ថា ព្រះ​ជាម្ចាស់​មាន​ការ​ភ្ញាក់​ផ្អើល​បន្តិច​ដែរ។ ព្រះ​ជាម្ចាស់​ពិត​ជា​មាន​ពេញ​ទៅ​ដោយ​ការ​ភ្ញាក់​ផ្អើល​មែន។ ហោរា ហាបាគុក អាច​យល់​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​អំណាច​ដ៏​ខ្ពស់​មួយ​ក្នុង​តំបន់ ដើម្បី​កែ​តម្រូវ​រាស្ដ្រ​របស់​ទ្រង់​ដែល​ទទួល​បាន​ការ​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​នឹង​ព្រះ​អង្គ ដោយ​សារ​ពួក​គេ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ។ អ្វី​ដែល​គាត់​មិន​អាច​យល់​បាន​នោះ​គឺ​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​អំណាច​ដ៏​ខ្ពស់​មួយ​តាម​តំបន់ តែ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​សង្គម​ផ្សេងៗ គឺ​ជា​ពួក​មាន​ពេញ​ទៅ​ដោយ​ការ​ពុក​រលួយ​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ភាព​ពុក​រលួយ​ខាង​ឯ​ផ្នែក​សីលធម៌​យ៉ាង​ខ្លាំង ពេញ​ទៅ​ដោយ​អំពើ​ហិង្សា និង​មាន​ភាព​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ខាង​ឯ​ព្រះ​គុណ និង​ការ​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ជាង​សាសន៍​អ៊‌ីស្រាអែល​ទៅ​ទៀត ដែល​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​ពួក​គាត់​មក​កែ​តម្រូវ​ពួក​គេ។ តើ​ព្រះ​ជាម្ចាស់​ធ្វើ​បែប​នោះ​បាន​ដោយ​របៀប​ណា?

សាវ័ក ប៉ុល ក៏​បាន​គិត​ថា ព្រះ​ជាម្ចាស់​ក៏​មាន​ពេញ​ទៅ​ដោយ​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។ យើង​ខ្ញុំ​ចង់​មាន​ន័យ​ថា គាត់​អាច​អធិស្ឋាន​សម្រាប់​អ្នក​ដទៃ​ឲ្យ​ពួក​គាត់​ទទួល​បាន​ការ​ព្យាបាល​ឲ្យ​បាន។ គាត់​បាន​ឃើញ​អំណាច​នៃ​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ជម្ងឺ​មាន​ការ​ធូរ​ស្រាល​បាន។ តែ​គាត់​មាន​បន្លា១​ចាក់​មក​ក្នុង​សាច់​ឈាម ដែល​ជា​អ្នក​នាំ​សារ​ម្នាក់​ពី​សាតាំង ដើម្បី​មក​ធ្វើ​បាប​គាត់ ហើយ​គាត់​ក៏​បាន​អធិស្ឋាន​អំពី​ការ​នោះ​ផង​ដែរ។ ហើយ​ព្រះ​ជាម្ចាស់​បែរ​ជា​មាន​បន្ទូល​ថា «យើង​នឹង​មិន​ធ្វើ​ទេ។ យើង​នឹង​ប្រទាន​ព្រះ​គុណ​ដល់​ឯង​វិញ»។ ជា​ដំបូង ការ​ឆ្លើយ​តប​មួយ​នេះ​មិន​បាន​ធ្វើ​ឲ្យ​សាវ័ក ប៉ុល ស្កប់​ចិត្ត​ទាល់​តែ​សោះ។ គាត់​ក៏​ខំប្រឹង​ប្រែង​អធិស្ឋាន​បន្ត​ទៀត ដោយ​ញែក​ពេល​វេលា​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ទូល​អង្វរ​ក្នុង​រាល់​សេចក្ដី​អធិស្ឋាន រហូត​ទាល់​តែ​គាត់​បាន​ឃើញ​ថា «គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ»។ ជា​រឿយៗ ព្រះ​ជាម្ចាស់​នាំ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល។

ហើយ​បន្ទាប់​មក ពិត​ណាស់​ក៏​មាន​លោក អ័ប្រាហាំ។ ព្រះ​អង្គ​បាន​សន្យា​ថា គាត់​នឹង​មាន​កូន​ប្រុស​មួយ ហើយ​បន្ទាប់​មក​កូន​ប្រុស​នោះ​ក៏​បាន​កើត​មក​មែន ហើយ​ក្រោយ​មក​ទៀត​ព្រះ​ជាម្ចាស់​ក៏​បាន​ប្រាប់​លោក អ័ប្រាហាំ ឲ្យ​សម្លាប់​កូន​ប្រុស​នោះ​ចោល។

ប៉ុន្តែ ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ជា​ច្រើន​ដែល​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​អំពី​ដំណឹង​ល្អ​នៅ​ក្នុង​ចំណុច​ស្នូល​គឺ​ថា ដំណឹង​ល្អ​មាន​ពេញ​ទៅ​ដោយ​ការ​ភ្ញាក់​ផ្អើល។ ក្នុង​ចំណោម​ពួក​សាវ័ក តើ​មាន​អ្នក​ណា​បាន​គិត​ថា ព្រះ​ជាម្ចាស់​នឹង​រំដោះ​រាស្ត្រ​របស់​ទ្រង់​តាមរយៈ​ការ​ចាត់​ឲ្យ​ព្រះ​រាជបុត្រា​របស់​ទ្រង់​មក​សុគត​សម្រាប់​ពួក​គេ ជំនួស​ពួក​គេ? តើ​មាន​អ្នក​ណា​បាន​រំពឹង​គិត​ថា ព្រះ​យេស៊ូវ​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ការ​សុគត​ឡើង​វិញ? ពួក​ស្ត្រី​ដែល​បាន​ទៅ​ផ្នូរ​ក៏​មិន​បាន​រំពឹង​ទុក​ដែរ។ ពួក​គាត់​បាន​យក​ប្រេង​លាប ដើម្បី​ចាក់​លើ​ព្រះ​សព​របស់​ទ្រង់។ ពួក​សាវ័ក​ក៏​មិន​បាន​រំពឹង​ទុក​ដែរ។ ពួក​គាត់​រវល់​ក្នុង​ការ​លាក់​ពួន​នៅ​ឯ​បន្ទប់​ខាង​លើ។ ពួក​គាត់​មិន​បាន​លើក​ឡើង​ថា «ប្រាកដ​ណាស់ ខ្ញុំ​មិន​អាច​ចាំ​រហូត​ដល់​ថ្ងៃ​អាទិត្យ​បាន​ទេ»។ ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​ត្រង់​ថា នឹង​មាន​គេ​មក​ចាប់​ពួក​គាត់ ហើយ​យក​ពួក​គាត់​ទៅ​ឆ្កាង​ដែរ។ ដំណឹង​ល្អ​គឺ​ជា​ដំណឹង​ល្អ​នៃ​ការ​ភ្ញាក់​ផ្អើល។

ទោះ​បើ​មាន​ខគម្ពីរ​ជា​ច្រើន​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែល​រំពឹង​អំពី​ការ​យាង​មក​របស់​ព្រះ​មេស្ស៊ី​ដែល​នឹង​មាន​លក្ខណៈ​ជា អ្នក​បម្រើ កូន​ចៀម​ដែល​គេ​ត្រូវ​សម្លាប់ ស្ដេច​ដែល​មាន​ពេញ​ទៅ​ដោយ​សិរី​រុងរឿង អ្នក​យក​ជ័យ​ជម្នះ យញ្ញ​បូជា​នៃ​ការ​បង្ហូរ​ឈាម ហើយ​ទោះ​បើ​ខគម្ពីរ​ទាំង​អស់​នោះ​និយាយ​អំពី​ចំណុច​ទាំង​នោះ—ដែល​ភាគ​ច្រើន​ប្រើ​ប្រាស់​ការ​បែង​ចែក​ជា​ប្រភេទ​ជា​ជាង​កិរិយា​សព្ទ​ផ្ទាល់​ក្នុង​ការ​ទាយ​ទុក ដើម្បី​ចង្អុល​ទៅ​កាន់​ទិស​នោះ—ចំណុច​ពិត​គឺ​ថា ពួក​គាត់​មិន​បាន​យល់​អំពី​ការ​រំពឹង​គិត​យ៉ាង​ច្បាស់​លាស់​នោះ​ទេ។ នេះ​ជា​មូល​ហេតុ​ដែល​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ដើរ​ជា​មួយ​នឹង​ពួក​សាវ័ក​ពីរ​នាក់​នៅ​ឯ​ភូមិ​អេម៉ោស បន្ទាប់​ពី​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​ទើប​ទ្រង់​អាច​ស្ដី​បន្ទោស​ពួក​គេ​ថា «ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ តើ​មិន​គួរ​ឲ្យ​ព្រះ​គ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ?» (លូកា ២៤:២៥)។ ចំណុច​ពិត​នៅ​តែ​ដ​ដែល វា​គឺ​ជា​ការ​ដ៏​ភ្ញាក់​ផ្អើល​ណាស់។

ដូច្នេះ នៅ​ពេល​ដែល​យើង​មក​ដល់​ខ​គម្ពីរ​នេះ ត្រង់​កន្លែង​ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ថា ព្រះ​អង្គ​ផ្ទាល់​គឺ​ជា​សេចក្ដី​រស់​ឡើង​វិញ និង​ជា​ជីវិត នោះ​យើង​ឃើញ​ថា​ខ​គម្ពីរ​នេះ​មាន​ពេញ​ទៅ​ដោយ​ការ​ភ្ញាក់​ផ្អើល​ពី​មួយ​ទៅ​មួយ រហូត​ពេល​យើង​ដល់​មាន​ការ​ភ្ញាក់​ផ្អើល​នៃ​ដំណឹង​ល្អ​ដ៏​អស្ចារ្យ​បំផុត​ទាំង​អស់។

ភាព​ភ្ញាក់​ផ្អើល#១៖ ព្រះ​យេស៊ូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​រយៈ​ការ​ពន្យារ​ពេល

ទី១ ព្រះ​យេស៊ូវ​បាន​ឮ​អំពី​ការ​ទទូច​អង្វរ​ដែល​មាន​តម្រូវការ​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ ហើយ​ព្រះ​អង្គ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​រយៈ​ការ​ពន្យារ​ពេល។ កណ្ឌ​គម្ពីរ យ៉ូហាន ១១:១-១៦ ណែ​នាំ​អំពី​លោក ឡាសារ នាង​ម៉ារា និង​ម៉ាថា​មក​កាន់​យើង។ យើង​ខ្ញុំ​ស្រឡាញ់​ការ​ពណ៌នា​ណាស់ «ព្រះ​អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ»។ តើ​លោក​អ្នក​ធ្លាប់​កត់​សម្គាល់​អំពី​ចំណុច​ដូច​នេះ នៅ​ក្នុង​ក្រុម​ជំនុំ​ណា​មួយ​ដែល​មាន​គ្រូ​គង្វាល​ល្អ​ដែរ​ឬ​ទេ? ស្ទើរ​តែ​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​ជំនុំ​គិត​ថា ខ្លួន​គឺ​ជា​មិត្តភក្ដិ​ដ៏​ពិសេស​ម្នាក់​របស់​គ្រូ​គង្វាល។ ពួក​គាត់​មាន​អារម្មណ៍​ថា ទទួល​បាន​សេចក្ដី​ស្រឡាញ់។ ហើយ​នោះ​ក៏​ជា​ការ​ពិត​ដែរ នៅ​ក្នុង​ទំនាក់​ទំនង​ស្រដៀង​នោះ​ដែល​ធំ​ជាង​នោះ។ ចំណុច​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​លោក យ៉ូហាន គឺ​ថា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នេះ​បាន​ហៅ​ខ្លួន​ឯង​យ៉ាង​សាមញ្ញ​ថា​ជា «សិស្ស​មួយ​នោះ​ដែល​ទ្រង់​ស្រឡាញ់»។ នេះ​មិន​មែន​មាន​ន័យ​ថា «ទ្រង់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​លោក​អ្នក​នោះ​ទេ»។ គឺ​គ្រាន់​តែ​ជា​ចំណុច​ដែល​ថា​គាត់​បាន​មាន​អារម្មណ៍​ថា ខ្លួន​ទទួល​បាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​ថា​នោះ​គឺ​ជា​របៀប​ដែល​គាត់​ចូលចិត្ត​រាប់​អំពី​ខ្លួនឯង៖ «ទ្រង់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​លោក​អ្នក​នោះ​ទេ»។ ហើយ​យើង​ក៏​ឃើញ​អំពី​របៀប​ដែល​នាង​ម៉ារា និង​ម៉ាថា​បាន​និយាយ​សំដៅ​ទៅ​កាន់​លោក ឡាសារ បង​ប្អូន​ខ្លួន​ដែល​កំពុង​តែ​ឈឺ៖ «ព្រះ​អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ»។

វា​ពិត​ជា​ការ​ដ៏​អស្ចារ្យ​មែន​ខណៈ​ពេល​ដែល​យើង​មាន​សកម្មភាព​ជា​មួយ​នឹង​ទំនាក់​ទំនង​របស់​យើង គ្រួសារ​របស់​យើង ទំនួល​ខុស​ត្រូវ​របស់​យើង នោះ​យើង​ក៏​អាច​គិត​អំពី​ខ្លួន​ឯង​ថា​ជា «អ្នក​ដែល​ព្រះ​យេស៊ូវ​ស្រឡាញ់»។ តើ​នោះ​មិន​មែន​ជា​អ្វី​ដែល​សាវ័ក ប៉ុល បាន​អធិស្ឋាន​សម្រាប់​នៅក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ​ជំពូក ៣ ដែរ​មែន​ឬ?

«ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្ដោយ ជំរៅ នឹង​កម្ពស់​នៃ​សេចក្ដី​ស្រឡាញ់​នោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ​ដល់​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​របស់​ផង​ព្រះ» (អេភេសូរ ៣:១៨-១៩)។

មួយ​វិញ​សោត សាវ័ក ប៉ុល កំពុង​តែ​អធិស្ឋាន​ឲ្យ​គ្រីស្ទ​បរិស័ទ​ទាំង​នោះ​អាច​ពេញ​វ័យ។ ការ​អនុវត្ត​គឺ​ថា លោក​អ្នក​មិន​អាច​ពេញ​វ័យ​បាន លុះ​ត្រា​តែ​លោក​អ្នក​ទទួល​បាន​បទ​ពិសោធន៍​សម្រាប់​ខ្លួន​ឯង​យ៉ាង​ពេញ​លេញ​ឡើងៗ ត្រង់​ថា​ព្រះ​ជាម្ចាស់​ស្រឡាញ់​លោក​អ្នក។ បទ​ពិសោធន៍​នៃ​ការ​ពេញ​វ័យ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​នេះ​កំពុង​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ព្រះ​យេស៊ូវ​យ៉ាង​ផ្ទាល់​នៅ​លើ​ផែនដី​នេះ «អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ»។

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បានឮ​អំពី​ការ​នេះ នោះ​ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១១:៤ ថា «ជម្ងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ»។ ទោះ​បើ​ថា វា​មិន​ដល់​ស្លាប់​មែន ក៏​វា​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ស្លាប់​នៅ​តាម​ផ្លូវ​ដែរ។ «គឺ​សម្រាប់​ជា​កិត្តិសព្ទ​ដល់​ព្រះ​វិញ»។ មិន​មែន​ដើម្បី​ឲ្យ​ថា​ព្រះ​ជាម្ចាស់​ទំនង​នឹង​ទទួល​បាន​សិរី​ល្អ—នោះ​មិន​មែន​ជា​ផ្នត់​គំនិត​នៅ​ត្រង់​នេះ​ទេ—ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ការ​បើក​សម្ដែង​អំពី​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​វិញ។ ស្រប​ពេល​ដែល​ជំងឺ​របស់​លោក ឡាសារ បាន​បើក​សម្ដែង​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់ នោះ​វា​ក៏​បាន​បើក​សម្ដែង​អំពី​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ប្រោស​លោក ឡាសារ ពី​ស្លាប់​ឡើង​វិញ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​បុរស​ម្នាក់​នេះ​ឈឺ​យ៉ាង​ខ្លាំង។

ព្រះ​យេស៊ូវ​ប្រើ​ប្រាស់​ពាក្យ «ដូច្នេះ» ក្នុង​ការ​ផ្លាស់​ប្ដូរ ហើយ​វា​ក៏​ជា​ពាក្យ​ដ៏​ខ្លាំង​មួយ​ដែរ «ដូច្នេះ កាល​ទ្រង់​បានឮ​ថា គាត់​ឈឺ នោះ​ទ្រង់​ក៏​គង់​នៅ​កន្លែង​ដដែល​ពីរ​ថ្ងៃ​ទៀត (យ៉ូហាន ១១:៦)។ តើ​បង​ប្អូន​ចូល​ចិត្ត​របៀប​នោះ​ដែរ​ឬ​ទេ ទាក់​ទង​នឹង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់? «ពិត​ណាស់ ខ្ញុំ​ពិត​ជា​ស្រឡាញ់ ឡាសារ ដែល​ជា​សិស្ស​របស់​ខ្ញុំ​មែន។ ដូច្នេះ នៅ​ពេល​ដែល​ខ្ញុំ​ឮ​ថា​គាត់​កំពុង​តែ​ឈឺ​យ៉ាង​ខ្លាំង នោះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា ស្នាក់​នៅ​ពីរ​ថ្ងៃ​ទៀត​សិន​មុន​ខ្ញុំ​ចេញ​ទៅ​ជួយ​គាត់»។ នោះ​គឺ​ជា​អ្វី​ដែល​ខ​គម្ពីរ​នេះ​បាន​លើក​ឡើង! ហើយ​តាម​ពិត​ទៅ យើង​ក៏​ឃើញ​អំពី​ការ​ផ្ដោត​លើ​ពេល​វេលា​ក្នុង​ដំណើរ​រឿង​មួយ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ​អង្គ​បាន​រង់ចាំ​ពីរ​ថ្ងៃ​ទៀត។ ហើយ​កាល​នោះ បន្ទាប់​ពី​ពីរ​ថ្ងៃ នោះ​ព្រះ​អង្គ​មាន​បន្ទូល​ថា «ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ»។ ហើយ​យើង​ឃើញ​ថា នៅ​ក្នុង​ការ​សន្ទនា​បន្ទាប់​ព្រះ​យេស៊ូវ​បាន​ជ្រាប​បែប​អធិធម្មជាតិ​ថា​ខណៈ​ពេល​នោះ​លោក ឡាសារ បាន​ស្លាប់​ហើយ។ ដូច្នេះ ព្រះ​អង្គ​ឮ​ថា​លោក ឡាសារ កំពុង​ឈឺ ក៏​បាន​ចាំ​ពីរ​ថ្ងៃ បាន​ជ្រាប​ថា​លោក ឡាសារ បាន​ស្លាប់ ហើយ​បន្ទាប់​មក​ទ្រង់​ក៏​ចង់​ត្រឡប់​ទៅ​ទិស​ខាង​ត្បូង​វិញ ដែល​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ត្រូវ​ការ​រយៈ​ពេល​បី​ថ្ងៃ​ទៅ​បី​ថ្ងៃ​កន្លះ។

បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​ដល់ នោះ​ព្រះ​អង្គ​បាន​ឃើញ​ថា គេ​បាន​ទុក​លោក ឡាសារ នៅ​ក្នុង​ផ្នូរ​អស់​រយៈ​ពេល​បួន​ថ្ងៃ​ហើយ (យ៉ូហាន ១១:១៧)។ ដូច្នេះ ទោះ​បើ​ថា​ព្រះ​អង្គ​បាន​ចេញ​ដំណើរ​ភ្លាមៗ នោះ​លោក ឡាសារ ក៏​ទំនង​ជា​នឹង​ស្លាប់​បាត់​ទៅ​ហើយ​ដែរ។ គាត់​នឹង​ទំនង​ជា​បាន​ស្លាប់​អស់​រយៈ​ពេល​ពីរ​ថ្ងៃ។ ហេតុអ្វី​បាន​ជា​ព្រះ​អង្គ​រង់ចាំ​ពីរ​ថ្ងៃ​ទៀត? ការ​ស្លាប់​គឺ​នៅ​តែ​ជា​ការ​ស្លាប់។ ប៉ុន្តែ ចំណុច​សំខាន់​នៃ​រយៈ​ពេល​បួន​ថ្ងៃ​ក៏​ត្រូវ​បាន​ផ្ដោត​លើ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​កណ្ឌ​គម្ពីរ​នេះ។ ឧទាហរណ៍៖ នៅ​ខាង​ក្រោម​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១១:៣៥ «ព្រះ​អម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​បួន​ថ្ងៃ»។ យើង​ទំនង​ជា​មិន​ដឹង​អំពី​ការ​បញ្ចុះសព​នៅ​ក្នុង​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ក្ដៅ ទាក់​ទង​នឹង​ការ​បញ្ចុះ​សព ប្រពៃណី​របស់​ពួក​គាត់​គឺ​ថា​ត្រូវ​កប់​អ្នក​ស្លាប់​ក្នុង​ចន្លោះ​២៤​ម៉ោង​ដំបូង។ មិន​មាន​ការ​ដាក់​បារទ​សព​ទេ លុះ​ត្រា​តែ​បុគ្គល​នោះ​ជា​អ្នក​មាន​យ៉ាង​ខ្លាំង ហើយ​ទោះ​បើ​អាច​ធ្វើ​ដូច្នោះ​បាន​មែន​ក៏​ដោយ ក៏​ការ​រៀបចំ​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​ខែ​ដែរ។ លោក ឡាសារ បាន​ស្លាប់ ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​ក៏​បាន​រលួយ​ដល់​ថ្នាក់​ថា «ខ្មោច​នេះ​ធុំ​ក្លិន​ហើយ»។

ដោយ​សារ​មិន​មាន​ការ​ដាក់​បារទ​សព ឬ​ក៏​មាន​គ្រូ​ពេទ្យ​ដូច​បច្ចុប្បន្ន​កាល​ក្នុង​ការ​ត្រូវ​ប្រកាស​ថា​បុគ្គល​នោះ​បាន​ស្លាប់​ហើយ។ ម្ដង​ម្កាល អ្វី​ដែល​កើត​ឡើង​នោះ​គឺ​ថា​បេះ​ដូង​ក៏​បាន​ចាប់​ផ្ដើម​កន្ត្រាក់។ ការ​ដក​ដង្ហើម​ខ្សោយ​ដល់​ថ្នាក់​ថា លោក​អ្នក​ក៏​មិន​អាច​ឃើញ។ ធ្លាប់​មាន​របាយការណ៍​ថា ខណៈ​ពេល​ដែល​គេ​កំពុង​តែ​សែង​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ក្ដារមឈូស​របស់​គាត់​ទៅ​កាន់​ផ្នូរ នោះ​ស្រាប់​តែ​គេ​ឮ​សំឡេង​តឹកៗ​ចេញ​ពី​ខាង​ក្នុង ដោយ​សារ​បុគ្គល​នោះ​មាន​ស្មារតី​ឡើង​វិញ។ ការ​នោះ​ក៏​នាំ​ឲ្យ​សាសន៍​យូដា​មាន​គំនិត​មួយ​ចំនួន។ ឧទាហរណ៍៖ នៅ​ក្នុង​ឯក​សារ​មួយ​ពី​សតវត្សរ៍​ទី១ យើង​ឃើញ​ដូច​ត​ទៅ «នៅ​ពេល​ដែល​មើល​ទៅ​បុគ្គល​ណា​ម្នាក់​បាន​ស្លាប់ នោះ​ព្រលឹង​រេរា​ពីលើ​រូប​កាយ​នៃ​បុគ្គល​ដែល​បាន​ស្លាប់​អស់​រយៈ​ពេល​បី​ថ្ងៃ​ដំបូង ដោយ​ប្រាថ្នា​ចង់​ចូល​វិញ ប៉ុន្តែ​នៅ​ពេល​ដែល​វា​ឃើញ​ថា​រូប​កាយ​នោះ​បាន​ផ្លាស់​ប្ដូរ [ដែល​នេះ​មាន​ន័យ​ថា ការ​រលួយ​បាន​ចាប់​ផ្ដើម​ហើយ​ក៏​មិន​អាច​បក​ក្រោយ​វិញ​បាន] នោះ​វា​ក៏​ចាក​ចេញ​ទៅ»។

ប៉ុន្តែ ខ្ញុំ​មិន​មែន​កំពុង​តែ​លើក​ឡើង​ថា នោះ​គឺ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ជឿ​នោះ​ទេ។ ដ្បិត​ព្រះ​អង្គ​បាន​ជ្រាប​យ៉ាង​ច្បាស់​លាស់​ហើយ​ថា ប្រសិន​បើ​ព្រះ​អង្គ​បាន​ព្យាបាល​លោក ឡាសារ ឬ​ក៏​មើល​ទៅ​ហាក់​បី​ដូច​ជា​ថា​ព្រះ​អង្គ​បាន​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ​ក្រោយ​រយៈ​ពេល​តែ​ពីរ​ថ្ងៃ នោះ​នឹង​មាន​មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​ហ្វូង​និយាយ​ថា «គ្រាន់​តែ​ពីរ​ថ្ងៃ ព្រលឹង​គាត់​នៅ​រេរា​នៅ​ឡើយ​ទេ។ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​មិន​គួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុន្មាន​នោះ​ទេ»។ ប៉ុន្តែ បន្ទាប់​ពី​បួន​ថ្ងៃ មក​ដល់​ពេល​នេះ «ខ្មោច​នេះ​ធុំ​ក្លិន​ហើយ»។ ហេតុ​ដូច្នេះ​ហើយ ដោយ​សារ​ព្រះ​យេស៊ូវ​ស្រឡាញ់​លោក ឡាសារ នាង​ម៉ារា និង​នាង​ម៉ាថា នោះ​បាន​ជា​ព្រះ​អង្គ​រង់ចាំ​ពីរ​ថ្ងៃ​ទៀត។ ហើយ​ក្នុង​ការ​ដែល​ព្រះ​អង្គ​បាន​រង់​ចាំ​ពីរ​ថ្ងៃ នោះ​ព្រះ​អង្គ​បាន​ប្រាកដ​អំពី​ភាព​អស្ចារ្យ​នៃ​ការ​ស្លាប់​របស់​លោក ឡាសារ ត្រង់​ថា​នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ​មិន​អាច​មាន​អ្នក​ណា​និយាយ​បង្កាច់ បើ​មិន​គប្បី ឬ​ក៏​មាន​មន្ទិល​សង្ស័យ​បាន​ទេ។

«ខ្ញុំ​ក៏​អរ​ណាស់» ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល «ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ»។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ពួក​គេ​ជឿ​ថា ទ្រង់​ពិត​ជា​មាន​អំណាច​មែន​ក្នុង​ការ​ប្រោស​មនុស្ស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​យ៉ាង​ពិត ដោយ​មិន​មាន​រឿង​ដែល​គួរ​ឲ្យ​ខ្លាច ទាក់​ទង​នឹង​ការ​យឺត​យ៉ាវ​នៃ​វិញ្ញាណ​ដែល​ចាក​ចេញ។ ក្នុង​ករណី​នេះ ព្រះ​អង្គ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​រយៈ​ការ​ពន្យារ​ពេល។

ហើយ​ជា​រឿយៗ នោះ​គឺ​ជា​ករណី។ គឺ​កូន​ក្មេង​នោះ​ឯង​ដែល​រស់​នៅ​ក្នុង​ស្ថានភាព​ភ្លាមៗ។ កាល​កូន​ប្រុស​របស់​យើង​មាន​អាយុ​ប្រមាណ​ជា​៣ឆ្នាំ ឬ​ក៏​៣​ឆ្នាំ​កន្លះ គាត់​មាន​ក្រពះ​ស្មើ​នឹង​ក្មេង​ជំទង់។ ហើយ​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​មាន​កាល​វិភាគ​ដោយ​អាស្រ័យ​ទៅលើ​ការ​កុម្ម៉ង់។ ខណៈ​ពេល​ដែល​ជិត​ដល់​ម៉ោង​ញ៉ាំ​បាយ​បន្ទាប់ ប្រពន្ធ​របស់​ខ្ញុំ​នឹង​មិន​ចែក​អាហារ​សម្រន់ ដើម្បី​ទប់​ការ​ស្រេក​ឃ្លាន​នោះ​ទេ។ គាត់​តែង​តែ​ប្រាប់​កូន​យើង​ថា «វា​នឹង​ធ្វើ​ឲ្យ​កូន​លែង​ឃ្លាន​បាយ»។ តាម​ពិត​ទៅ ខ្ញុំ​ផ្ទាល់​មិន​ដែល​គិត​ថា យើង​អាច​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​យើង​លែង​ឃ្លាន​បាយ​បាន​ទេ ប៉ុន្តែ​នោះ​គឺ​ជា​រឿង​មួយ​ទៀត។ គាត់​តែង​តែ​តាម​ម្ដាយ​ខ្លួន។ ហើយ​មិន​យូរ​មិន​ឆាប់ គាត់​ក៏​បាន​បែរ ហើយ​និយាយ​ថា៖ «កូន​អើយ តែ​១០​នាទី​ទៀត​ទេ។ ចេញ​ទៅ​ណា​សិន​ទៅ។ ម៉ាក់​នឹង​រៀប​ចំ​អាហារ​ពេល​ល្ងាច​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​១០​នាទី​ទៀត»។ ប៉ុន្តែ ឥរិយាបថ​របស់​គាត់​គឺ​ថា «កូន​ឃ្លាន​ឥឡូវ​នេះ»។

ដូច​គ្នា​ផង​ដែរ នោះ​ឯង​គឺ​ជា​របៀប​ដែល​យើង​ចង់​បាន​ព្រះ​ពរ​របស់​យើង​ពី​ព្រះ​ជាម្ចាស់។ «ឥឡូវ​នេះ កូន​ត្រូវ​ការ​វា​ឥឡូវ​នេះ»។ ហើយ​ពេល​ខ្លះ ព្រះ​ជាម្ចាស់​បើក​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​រយៈ​ការ​យឺត​យ៉ាវ។ ព្រះ​អង្គ​បង្រៀន​យើង​នូវ​មេ​រៀន​ដែល​មាន​ដូច​ជា សេចក្ដី​ទ្រាំទ្រ និង​ការ​ស្មោះ​ត្រង់ មេ​រៀន​ដ៏​សំខាន់ៗ​ដែល​ខ្ពស់​ដាច់​ផុត​ពី​ពិភពលោក។ ឧទាហរណ៍ នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក៥​បាន​ចែង​ដូច​ត​ទៅ៖

«យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំ​ទ្រ សេចក្ដី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្ដី​ស៊ាំ​ថ្នឹក សេចក្ដី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ឯ​សេចក្ដី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ឡើយ ពីព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ» (រ៉ូម ៥:៣-៥)។

កណ្ឌ​គម្ពីរ​យ៉ាកុប​ជំពូក១​ក៏​លើក​ឡើង​នូវ​ការ​វែក​ញែក​ដូច​គ្នា​ដែរ។ ពេល​ខ្លះ ព្រះ​ជាម្ចាស់​បើក​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​មក​កាន់​យើង​តាម​រយៈ​ការ​យឺត​យ៉ាវ។

«ឱ​ពួក​បរិសុទ្ធ​ដែល​ភ័យ​ខ្លាច​អើយ! ចូរ​មាន​សេចក្ដី​ក្លាហាន​ជា​ថ្មី។ ពពក​ដែល​ឯង​ខ្លាច​យ៉ាង​ខ្លាំង គឺ​ធំ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ហើយ​វា​ក៏​នឹង​បែក​ទៅ​ជា​ព្រះ​ពរ​លើ​ក្បាល​ឯង​ផង​ដែរ។ ចូរ​កុំ​ថ្កោល​ទោស​ព្រះ​អម្ចាស់​ដោយ​មាន​ការ​យល់​ដឹង​ខ្សោយ ប៉ុន្តែ​ចូរ​ទុក​ចិត្ត​ទ្រង់​សម្រាប់​ព្រះ​គុណ​របស់​ទ្រង់​វិញ។ នៅ​ពី​ក្រោយ​ការ​ចង​ចិញ្ចើម​របស់​ទ្រង់ ទ្រង់​ក៏​លាក់​នូវ​ព្រះ​ភ័ក្ដ្រ​ដែល​ញញឹម។ គោល​បំណង​របស់​ទ្រង់​នឹង​ទុំ​យ៉ាង​លឿន ដោយ​មាន​ការ​បើក​សម្ដែង​រៀង​រាល់​ម៉ោង។ ត្រួយ​ទំនង​ជា​មាន​រសជាតិ​ល្វីង ប៉ុន្តែ​រសជាតិ​ផ្អែម​នឹង​មាន​នៅ​ក្នុង​ផ្កា។ ការ​មិន​ជឿ​ដែល​មាន​ការ​ខ្វះ​គឺ​ប្រាកដ​នឹង​មាន​កំហុស ហើយ​ក៏​នឹង​ពិនិត្យ​ព័ន្ធកិច្ច​របស់​ទ្រង់​ក្នុង​លក្ខណៈ​ដែល​ឥត​ប្រយោជន៍។ ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​កាត់​ស្រាយ​ផ្ទាល់ ហើយ​ទ្រង់​ក៏​នឹង​បើក​សម្ដែង​យ៉ាង​ច្បាស់​លាស់​ដែរ» (William Cowper, «ព្រះ​ជាម្ចាស់​ធ្វើ​ការ​ក្នុង​របៀប​ដ៏​អាថ៌កំបាំង» “God Moves in a Mysterious Way”)។

នេះ​គឺ​ជា​ការ​ភ្ញាក់​ផ្អើល​ទី១។ ព្រះ​យេស៊ូវ​បាន​ឮ​អំពី​ការ​ទទូច​អង្វរ​ដែល​មាន​តម្រូវការ​យ៉ាង​ខ្លាំង​ឲ្យ​ជួយ ហើយ​ព្រះ​អង្គ​ក៏​បាន​បើក​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​រយៈ​ការ​យឺត​យ៉ាវ។

ភាព​ភ្ញាក់​ផ្អើល#២៖ ព្រះ​យេស៊ូវ​បង្ហាញ​ការ​កំសាន្ត​ចិត្ត​តាម​រយៈ​ការ​ផ្ដោត​ចំណាប់​អារម្មណ៍​មក​កាន់​ទ្រង់​ផ្ទាល់

ព្រះ​យេស៊ូវ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​យ៉ាង​ធំ​ក្រៃ​លែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ជនគណនា​ជំពូក២ ហើយ​ក៏​បាន​កម្សាន្ត​ទុក្ខ​កង្វល់​នោះ​តាម​រយៈ​ការ​ផ្ដល់​ចំណាប់​អារម្មណ៍​មក​កាន់​ទ្រង់​ផ្ទាល់។ សូម​មើល​កណ្ឌ​គម្ពីរ យ៉ូហាន ១១:១៧-២៧៖ «កាល​ព្រះ​យេស៊ូវ​យាង​ទៅ​ដល់​ហើយ នោះ​បាន​ឮ​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​៤​ថ្ងៃ​ហើយ រី​ឯ​ភូមិ​បេ​ថា​នី​នោះ​នៅ​ជិត​ក្រុង​យេរូសាឡឹម ប្រហែល​ជា​៣​គីឡូ​ម៉ែត្រ​ទេ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា នឹង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់»។

មក​ដល់​ពេល​នេះ លោក​អ្នក​ត្រូវ​តែ​យល់​អំពី​របៀប​ដែល​ការ​កំសាន្ត​ចិត្ត​នេះ​បាន​កើត​ឡើង។ នៅ​ក្នុង​វប្បធម៌​នៅ​ជំនាន់​នោះ និង​នៅ​តំបន់​នោះ គេ​បង្ហាញ​អំពី​ភាព​ពេញ​វ័យ​ក្នុង​លក្ខណៈ​ជា​គ្រីស្ទ​បរិស័ទ​នៅ​ឯ​ពិធី​បុណ្យ​សព ឬ​ក៏​ការ​កាន់​ទុក្ខ​ដូច​នោះ តាម​រយៈ​ការ​មាន​សម្ដី​យ៉ាង​ម៉ឺង​ម៉ាត់។ ពេល​ដែល​ទៅ​ចូល​រួម​ការ​កាន់​ទុក្ខ​ជា​មួយ​នឹង​ស្រី​មេម៉ាយ ឬ​ក៏​បុរស​ពោះម៉ាយ​ណា​ម្នាក់​នៅ​ឯ​ពិធី​បុណ្យ​សព លោក​អ្នក​ទំនង​ជា​យំ​បន្តិចបន្តួច ប៉ុន្តែ​ទាំង​អស់​នោះ​គ្រាន់​តែ​ជា​ការ​ដាក់​វិន័យ និង​ការ​បង្ហាញ​ភាព​រម្យទម​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​ពិធី​បុណ្យ លោក​អ្នក​នឹង​ទំនង​ជា​លើក​ឡើង​នូវ​ពាក្យ​ពេចន៍​ដូច​ត​ទៅ៖ «គាត់​ពិត​ជា​ខ្លាំង​មែន»។

ប៉ុន្តែ ក្នុង​វប្ប​ធម៌​ផ្សេងៗ វា​មិន​ដូច្នោះ​ទេ។ របៀប​ដែល​លោក​អ្នក​បង្ហាញ​ទឹក​ភ្នែក ការ​កាន់​ទុក្ខ និង​ទុក្ខ​ព្រួយ​ដែល​បង្ហាញ​អំពី​ការ​កោត​ខ្លាច​ព្រះ​ជាម្ចាស់​គឺ​តាម​រយៈ​ការ​ស្រែក​យំ។ តាម​ពិត​ទៅ នៅ​ក្នុង​សតវត្សរ៍​ទី១​នៃ​សម័យ​កាល​សាសនា​យូដា នោះ​លោក​អ្នក​នឹង​មាន​កម្ម​វិធី​ដោយ​ជួល​អ្នក​យំ​អាជីព ឲ្យ​មក​ជួយ​យំ ប្រសិន​បើ​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​យំ​សោក។ ប្រសិន​បើ​មិន​មាន​ការ​យំ​សោក​ល្មម​គ្រប់​គ្រាន់ នោះ​អ្នក​យំ​អាជីព​នឹង​ចាប់​ផ្ដើម​ស្រែក​យំ​ទ្រហឹង ហើយ​ក្នុង​ការ​ធ្វើ​បែប​នោះ គាត់​ក៏​នឹង​ចាក់​ចុច​អារម្មណ៍​របស់​អ្នក​ចូល​រួម មិន​យូរ​មិន​ឆាប់​ទាំង​អស់​គ្នា​ក៏​នឹង​ចាប់​ផ្ដើម​យំ​ដែរ។ បន្ថែម​លើ​នេះ​ទៀត ជា​ទូ​ទៅ គេ​ក៏​នឹង​ជួល​អ្នក​ភ្លេង​អាជីព​ឲ្យ​មក​លេង​ភ្លេង​បុណ្យ​ខ្មោច។ ហើយ​គ្រួសារ​របស់​លោក ឡាសារ គឺ​ជា​អ្នក​មាន។ ដូច្នេះ ពួក​គេ​ទំនង​ជា​មាន​ក្រុម​ភ្លេង​ទាំង​មូល​ក្នុង​ការ​លេង​ភ្លេង​បុណ្យ​ខ្មោច។ ហើយ​ឥឡូវ​នេះ ពួក​គាត់​ក៏​បាន​មក​ពី​ទី​ក្រុង​យេរូសាឡឹម ដើម្បី​កំសាន្ត​ចិត្ត​នាង ម៉ារា និង​នាង ម៉ាថា។ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​ពួក​គាត់​ធ្វើ​នា​ពេល​ឆាប់ៗ​នេះ។ ពួក​គាត់​កំសាន្ត​ចិត្ត​នាង​ម៉ារា និង​នាង ម៉ាថា តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​ការ​លើក​ទឹក​ចិត្ត​ពី​ក្រោយ ទាក់​ទង​នឹង​ការ​យំ​សោក និង​ការ​សង្កៀត​ធ្មេញ។

នៅ​ពេល​ដែល​នាង ម៉ាថា បាន​ចេញ​ទៅ​ជួប​ព្រះ​យេស៊ូវ នាង ម៉ារា បាន​នៅ​ផ្ទះ។ ហើយ​ឥឡូវ​នេះ នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១១:២១ នៅ​ចុង​បញ្ចប់​នាង ម៉ាថា ក៏​បាន​ទៅ​ជួប​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ដួល​នៅ​ឯ​ព្រះ​បាទា​របស់​ទ្រង់។ «ព្រះ​អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ»។ មក​ដល់​ពេល​នេះ លោក​អ្នក​ទំនង​ជា​អាន​ឃ្លា​នោះ​ក្នុង​លក្ខណៈ​ដែល​ឃើញ​តែ​ចំណុច​អាក្រក់ៗ។ ហើយ​គិត​ថា នាង ម៉ាថា កំពុង​តែ​ស្ដី​បន្ទោស​ព្រះ​យេស៊ូវ។ «វា​ជា​កំហុស​របស់​លោក​គ្រូ។ ប្រសិន​បើ​លោក​គ្រូ​បាន​មក​ទីនេះ ដែល​ជា​កន្លែង​ដែល​លោក​គ្រូ​គួរ​តែ​មក នោះ​លោក​គ្រូ​នឹង​អាច​ព្យាបាល​គាត់ នៅ​ពេល​ដែល​គាត់​នៅ​ឈឺ។ ប្រសិន​បើ​លោក​គ្រូ​បាន​នៅ​ទី​នេះ គាត់​នឹង​មិន​ស្លាប់​ទេ។ ហេតុ​អ្វី​បាន​ជា​លោក​គ្រូ​នៅ​ឆ្ងាយ? តើ​លោក​គ្រូ​មិន​ស្រឡាញ់​យើង​មែន​ឬ?»។ ប៉ុន្តែ នោះ​គឺ​ជា​ការ​មើល​ក្នុង​លក្ខណៈ​ដែល​ឃើញ​តែ​ចំណុច​អាក្រក់ៗ​ខ្លាំង​ពេក​ហើយ។ ហើយ​តែ​ពាក់​កណ្ដាល ក៏​វា​ជា​ការ​មើល​ក្នុង​លក្ខណៈ​ដែល​ឃើញ​តែ​ចំណុច​អាក្រក់ៗ​ពេក​ដែរ។ ហើយ​នាង ម៉ាថា ផ្ទាល់​ក៏​ទំនង​ជា​ឃើញ​ថា ស្ដាប់​ទៅ​គាត់​ក៏​មាន​ទស្សនៈ​បែប​នោះ​ដែរ។

ដូច្នេះ គាត់​ក៏​បាន​សួរ​ភ្លាម នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១១:២២ «ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការអ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន»។ ប៉ុន្តែ លោក​អ្នក​មិន​គួរ​គិត​ថា នេះ​មាន​ន័យ​ថា គាត់​កំពុង​តែ​រំពឹង​ថា​ប្អូន​ប្រុស​របស់​គាត់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ​ភ្លាមៗ​នោះ​ទេ។ ចំណុច​ដែល​ថា គាត់​មិន​រំពឹង​គិត​ដូច្នោះ​គឺ​ច្បាស់​លាស់​ណាស់ ដ្បិត​សូម្បី​តែ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ទៅ​ដល់​ផ្នូរ​នៅ​ពេល​ក្រោយ​ទៀត​ក្នុង​ជំពូក (យ៉ូហាន ១១:៣៨) ក៏​គាត់​នៅ​ប្រកែក​ថា​គេ​មិន​គួរ​ប្រមៀល​ដុំ​ថ្ម​ចេញ​នោះ​ទេ។ វា​យឺត​ពេល​ហើយ។ «មក​ដល់​ពេល​នេះ ខ្មោច​ប្អូន​ប្រុស​របស់​ខ្ញុំ​ម្ចាស់​មាន​ក្លិន​អាក្រក់​ហើយ»។ នៅ​ពេល​នោះ គាត់​មិន​បាន​រំពឹង​ថា​មាន​ការ​អស្ចារ្យ​នោះ​ទេ។ គាត់​គ្រាន់​តែ​កំពុង​និយាយ​ថា «ឱ​ព្រះ​យេស៊ូវ​អើយ ខ្ញុំ​ម្ចាស់​មិន​បាន​កំពុង​តែ​ស្ដី​បន្ទោស​ទ្រង់​ទេ។ ខ្ញុំ​ម្ចាស់​ដឹង​ហើយ​ថា​ព្រះ​អង្គ​អស្ចារ្យ។ ខ្ញុំ​ម្ចាស់​ដឹង​ថា ព្រះ​ជាម្ចាស់​នឹង​ប្រទាន​មក​កាន់​ទ្រង់​នូវ​អ្វី​ដែល​ទ្រង់​ទូល​សូម»។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ហើយ​ឆ្លើយ​ថា «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»—ការ​នេះ​មាន​ន័យ​ពុំ​ច្បាស់​លាស់​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ គាត់​បាន​ឆ្លើយ​តប​ក្នុង​កម្រិត​អភិរក្សនិយម​នៃ​គោល​ជំនឿ​ត្រឹម​ត្រូវ​របស់​សាសន៍​យូដា​ដ៏​ល្អ​ម្នាក់។ «ព្រះ​អម្ចាស់ ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត​កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ»។ គាត់​បាន​ប្រកាន់​ខ្ជាប់​តាម​គោល​ជំនឿ​ដែល​ត្រឹម​ត្រូវ។ ប៉ុន្តែ គាត់​មិន​អាច​យល់​បាន​ត្រង់​ថា «ប្អូន​របស់​គាត់​នឹង​រស់​ឡើង​វិញ​នា​ពេល​ឆាប់ៗ​នេះ​ទេ»។ គាត់​មិន​បាន​យល់​អំពី​សក្ដានុពល​ភាព​នោះ​ទាល់​តែ​សោះ។ ហើយ​បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​លើក​ឡើង​នូវ​ពាក្យ​ពេចន៍​ដ៏​សំខាន់​បំផុត​ក្នុង​ជំពូក​ទាំង​មូល​នេះ។ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។

មក​ដល់​ពេល​នេះ អ្វី​ដែល​យើង​ត្រូវ​យល់​ជា​ដំបូង មុន​យើង​ចាប់​ផ្ដើម​មើល​ពាក្យ​ពេចន៍​ទាំង​នេះ​យ៉ាង​លម្អិត គឺ​អ្វី​ដែល​ព្រះ​យេស៊ូវ​មិន​បាន​លើក​ឡើង។ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ថា «ឱ​ស្ត្រី​ដ៏​គួរ​អាណិត​អើយ សូម​មក​នេះ។ ខ្ញុំ​កំពុង​តែ​អធិស្ឋាន​សម្រាប់​អ្នក។ អ្នក​ដឹង​ហើយ​ថា ព្រះ​ជាម្ចាស់​នៅ​បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ស្រឡាញ់​យើង»។ អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នោះ​គឺ​ថា ទ្រង់​បាន​ផ្ដោត​ចំណាប់​អារម្មណ៍​មក​កាន់​ទ្រង់​ផ្ទាល់។ វា​មិន​ល្មម​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​ឲ្យ​គាត់​បង្ហាញ​អំពី​គោល​ជំនឿ​ដ៏​ត្រឹម​ត្រូវ។ «ពិត​មែន​ហើយ គាត់​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​បំផុត»។ ក្នុង​នាម​ជា​សត្រូវ​ចុង​ក្រោយ សេចក្ដី​ស្លាប់​មិន​អាច​លើក​ឡើង​នូវ​ពាក្យ​ពេចន៍​ចុង​ក្រោយ​បាន​ទេ។ «ពិត​ណាស់ ទូល​បង្គំ​ដឹង​អំពី​ចំណុច​នេះ»។ ព្រះ​អង្គ​បាន​លើក​ឡើង​លើស​ពី​នោះ​ទៅ​ទៀត។ ព្រះ​អង្គ​បាន​ចង្អុល​បង្ហាញ​មក​កាន់​ទ្រង់​ផ្ទាល់ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។

មុន​ហ្នឹង នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការ​រស់​ឡើង​វិញ​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​ក្រោយ និង​អំពី​អំណាច​របស់​ទ្រង់​លើ​វា។ នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៥:២១ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ដ្បិត​ដែល​ព្រះ​វរបិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះ​រាជបុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ»។ ព្រះ​អង្គ​បាន​លើក​ឡើង​អំពី​ការ​បែប​នោះ​ពីរ​បី​ដង​នៅ​ក្នុង​ជំពូក​ទី៥ និង​៦។ ហើយ​ឥឡូវ​នេះ ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ក្នុង​របៀប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត»។

មាន​ការ​អះអាង​ពីរ​យ៉ាង «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត»។ ហើយ​អ្វី​ដែល​ទ្រង់​មាន​អត្ថ​ន័យ​ក្នុង​ឃ្លា​នីមួយៗ​ក៏​មាន​ការ​បក​ស្រាយ​នៅ​ក្នុង​ពាក្យ​ពេចន៍​បន្ត​បន្ទាប់។ «“ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ” អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់ នោះ​ក៏​គង់​តែ​រស់​ដែរ។ សេចក្ដី​ស្លាប់​មិន​អាច​លើក​ឡើង​នូវ​ពាក្យ​ពេចន៍​ចុង​ក្រោយ​បាន​ទេ ខ្ញុំ​ជា​ជីវិត។ អ្នក​ណា​ដែល​រស់​នៅ​តាម​រយៈ​ការ​ជឿ​លើ​ខ្ញុំ នោះ​នឹង​មិន​ដែល​ស្លាប់​ទេ។ ជីវិត​នោះ​ចាប់​ផ្ដើម​ឥឡូវ​នេះ។ ក្នុង​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ និង​អស់​កល្ប​ជានិច្ច ទាក់​ទង​ទៅ​នឹង​ការ​ភ្ជាប់​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ដ៏​គង់​នៅ ដែល​ប្រទាន​ជីវិត នោះ​លោក​អ្នក​ក៏​នឹង​មិន​ដែល​ស្លាប់​ដែរ។ អ្នក​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ “ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត”»។

ព្រះ​យេស៊ូវ​កំពុង​តែ​មាន​បន្ទូល​ថា «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើងវិញ។ ខ្ញុំ​ជា​ជីវិត។ មិន​អាច​មាន​ការ​រស់​ឡើង​វិញ​ពី​ស្លាប់ ហើយ​ក៏​មិន​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ក្រៅ​ពី​ទ្រង់​បាន​ឡើយ។ ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត»។ ព្រះ​អង្គ​កំពុង​តែ​ផ្ដោត​ចំណាប់​អារម្មណ៍​ទាំង​អស់​ទៅ​លើ​ទ្រង់​ផ្ទាល់។ «តើ​អ្នក​ជឿ​សេចក្ដី​នេះ​ឬ​ទេ? វា​ជា​រឿង​ម្យ៉ាង ក្នុង​ការ​ដែល​នាង ម៉ាថា ជឿ​ថា​វា​មាន​ការ​រស់​ឡើង​វិញ​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បំផុត។ អ្នក​កំពុង​តែ​ឯកភាព​ជា​មួយ​នឹង​គោល​ជំនឿ​ត្រឹម​ត្រូវ​ក្នុង​សាសនា​យូដា។ ប៉ុន្តែ តើ​អ្នក​ជឿ​ថា ខ្ញុំ​គឺ​ជា​សេចក្ដី​រស់​ឡើង​វិញ និង​ជា​ជីវិត​ដែរ​ឬ​ទេ?»។ ហើយ​ប្រសិន​បើ​គាត់​ឆ្លើយ​បែប​វិជ្ជមាន នោះ​ការ​អស្ចារ្យ​ដែល​កើត​ឡើង​គឺ​ស្ទើរ​តែ​ដូច​ជា​ការ​សម្ដែង​រឿង​ប្រៀប​ប្រដូច​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។ ទ្រង់​មិន​មែន​កំពុង​តែ​សួរ​ថា តើ​គាត់​ជឿ​ថា​ទ្រង់​ហៀប​នឹង​ប្រោស​ប្អូន​ប្រុស​របស់​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ភ្លាមៗ​នេះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​កំពុង​តែ​សួរ​ថា តើ​គាត់​អាច​មាន​ជំនឿ (ដែល​ជឿ​ថា​នឹង​មាន​ការ​រស់​ឡើង​វិញ​នៅ​គ្រា​ចុង​ក្រោយ) ដល់​ថ្នាក់​ថា​អាច​ទុក​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​លើ​ព្រះ​យេស៊ូវ​ថា​ជា​អង្គ​ដែល​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ឥឡូវ​នេះ ហើយ​ក៏​នឹង​ប្រោស​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែរ​ឬ​ទេ។ និយាយ​ឲ្យ​ខ្លី​ទៅ ព្រះ​អង្គ​កំពុង​តែ​សួរ​ថា តើ​គាត់​អាច​ទុក​ចិត្ត​លើ​ព្រះ​អង្គ​ថា​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត​ដែរ​ឬ​ទេ។ ហើយ​ប្រសិន​បើ​គាត់​ឆ្លើយ​បែប​វិជ្ជមាន នោះ​ការ​ប្រោស​លោក ឡាសារ នឹង​ក្លាយ​ដូច​ជា​ការ​សម្ដែង​រឿង​ប្រៀប​ប្រដូច​នៃ​ការ​ប្រទាន​អំណាច​ជីវិត​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​រង់ចាំ​គ្រា​ចុង​ក្រោយ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គាត់​ឆ្លើយ​ថា «ព្រះ​ពរ​ព្រះ​អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ទ្រង់​ជា​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ៍​មែន» (យ៉ូហាន ១១:២៧)។ ចម្លើយ​របស់​គាត់​បាន​បន្ត​ឲ្យ​ដំណើរ​រឿង​នេះ​បន្ត​ទៅ​មុខ​ទៀត។ ច្បាស់​លាស់​ណាស់ គាត់​ជឿ​ថា​បុគ្គល​ដែល​ជា​សេចក្ដី​រស់​ឡើង​វិញ និង​ជា​ជីវិត​ដាច់​ខាត​ត្រូវ​តែ​ជា​បុគ្គល​ដែល​ទ្រង់​ផ្ទាល់​គឺ​ជា​ព្រះ​មេស្ស៊ី ដែល​ត្រូវ​បាន​សន្យា​ថា​នឹង​យាង​មក។

ប៉ុន្តែ ការ​ភ្ញាក់​ផ្អើល​ក្នុង​ចំណុច​ទាំង​អស់​នេះ ចេញ​ពី​ទស្សនៈ​នៃ​សុខភាព និង​ប្រឹក្សា​បច្ចុប្បន្ន និង​ប្រឹក្សា​នៃ​ការ​កាន់​ទុក្ខ។ល។ គឺ​ក្រោយ​ថា​ការ​ឆ្លើយ​តប​របស់​ព្រះ​យេស៊ូវ​បាន​ផ្ដោត​យ៉ាង​ខ្លាំង ហើយ​សាមញ្ញ​ត្រង់​ថា​ព្រះ​អង្គ​កំពុង​តែ​ចង្អុល​បង្ហាញ​មក​កាន់​ទ្រង់​ផ្ទាល់។ តាម​ពិត​ទៅ ប្រសិន​បើ​លោក​អ្នក​ឈប់ ហើយ​គិត​អំពី​ចំណុច​នេះ នោះ​ឯង​គឺ​ជា​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន។ ព្រះ​អង្គ​បាន​ចង្អុល​បង្ហាញ​ឲ្យ​មនុស្ស​ម្នា​មើល​មក​កាន់​ទ្រង់​ផ្ទាល់។

សូម​ពិចារណា​អំពី​ពេល​ដែល​លោក យ៉ូហាន-បាទីស្ទ ចង្អុល​បង្ហាញ​ថា​តើ​ព្រះ​យេស៊ូវ​ជា​អ្នក​ណា កាល​នោះ​គាត់​បាន​លើក​ឡើង​ដោយ​មាន​ការ​បន្ទាបខ្លួន​ដូច​ត​ទៅ៖ «ព្រះ​អង្គ​ត្រូវ​តែ​កើន​ឡើង ប៉ុន្តែ​ដាច់​ខាត​ខ្ញុំ​ត្រូវ​តែ​ថយ​ចុះ។ ខ្ញុំ​មិន​ស័ក្ដិសម​ទាំង​ឲ្យ​ព្រះ​អង្គ​មក​ស្រាយ​ខ្សែ​ស្បែក​ជើង​ខ្ញុំ​ផង។ ព្រះ​អង្គ​គឺ​ជា​កូន​កំលោះ ហើយ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​កំដរ​ប៉ុណ្ណោះ។ មិន​មាន​ការ​ប្រៀប​ធៀប​ទេ។ ខ្ញុំ​មិន​មែន​ជា​ព្រះ​មេស្ស៊ី​ទេ»។ នេះ​មិន​មែន​ជា​ការ​បន្ទាប​ខ្លួន​បែប​ធ្វើ​ពុត​នោះ​ទេ គឺ​លោក យ៉ូហាន គ្រាន់​តែ​កំពុង​ប្រាប់​សេចក្ដី​ពិត។

ប៉ុន្តែ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ​ជំពូក១១ និង​លូកា​ជំពូក៧ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ទី​បន្ទាល់​អំពី​លោក យ៉ូហាន-បាទីស្ទ ព្រះ​អង្គ​មិន​បាន​លើក​ឡើង​នូវ​ពាក្យ​ពេចន៍​ដូច​នេះ​ឡើយ «គាត់​ជា​គ្រូ​ម្នាក់​ដែល​ពូកែ​អធិប្បាយ ហើយ​ខ្ញុំ​ក៏​បាន​ព្យាយាម​ត្រាប់​តាម​គំរូ​របស់​គាត់​ដែរ» នោះ​ទេ។ មិន​មាន​ការ​ឆ្លើយ​តប​បែប​បន្ទាប​ខ្លួន​ទៅ​វិញ​ទៅ​មក​នោះ​ទេ ដោយ​ម្ខាង​ព្យាយាម​បន្ទាប​ខ្លួន​ខ្លាំង​ជាង​ម្ខាង​ទៀត​ដែរ។ អ្វី​ដែល​ព្រះ​អង្គ​កំពុង​តែ​លើក​ឡើង​គឺ​ថា «ខ្ញុំ​ប្រាប់​សេចក្ដី​ពិត​ទៅ​កាន់​លោក​អ្នក។ លោក យ៉ូហាន-បាទីស្ទ គឺ​ជា​បុរស​ដ៏​ល្អ​ប្រពៃ ពីព្រោះ​គាត់​បាន​ណែនាំ​អំពី​ខ្ញុំ»។ ព្រះ​យេស៊ូវ​អះអាង​ថា លោក យ៉ូហាន គឺ​ជា​ហោរា អេលីយ៉ា ដែល​បាន​មក ជា​បុគ្គល​ដែល​ប្រកាស​ផ្លូវ​របស់​ព្រះ​អម្ចាស់ ដោយ​ចង្អុល​បង្ហាញ​អំពី​ព្រះ​យេស៊ូវ។

តាម​ពិត​ទៅ ក្នុង​អត្ថ​ន័យ​មួយ​លោក អ័ប្រាហាំ ក៏​បាន​ចង្អុល​បង្ហាញ​អំពី​ព្រះ​យេស៊ូវ។ ហើយ​លោក ម៉ូសេ ក៏​បាន​ចង្អុល​បង្ហាញ​អំពី​ព្រះ​យេស៊ូវ។ ហើយ​ស្ដេច ដាវីឌ ក៏​បាន​ចង្អុល​បង្ហាញ​អំពី​ព្រះ​យេស៊ូវ។ ហើយ​នាង អេសធើរ ក៏​បាន​ចង្អុល​បង្ហាញ​អំពី​ព្រះ​យេស៊ូវ។ ក្នុង​អត្ថ​ន័យ​មួយ របស់​ទាំង​អស់​នេះ មនុស្ស​ទាំង​អស់​នេះ ទំនៀម​ទម្លាប់​របស់​ពួក​គាត់ និង​ទី​កន្លែង​របស់​ពួក​គាត់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាន​ចង្អុល​ទៅ​មុខ​អំពី​ព្រះ​យេស៊ូវ។ ទាំង​នោះ​គឺ​ជា​ការ​ពិត។ ប៉ុន្តែ វា​ធ្លាក់​លើ​បុគ្គល​ម្នាក់​គឺ​លោក យ៉ូហាន-បាទីស្ទ ដែល​បាន​លើក​ឡើង​ថា «មើល៍ លោក​គឺ​ជា​ព្រះ​មេស្ស៊ី​ដែល​ត្រូវ​បាន​សន្យា ខ្ញុំ​បាន​មក​ដើម្បី​រៀប​ចំ​ផ្លូវ​សម្រាប់​ព្រះ​អម្ចាស់។ ទ្រង់​គឺ​ជា​ព្រះ​អង្គ​នេះ​ហើយ»។ ព្រះ​យេស៊ូវ​ក៏​បាន​ក្រោក​ឡើង ហើយ​មាន​បន្ទូល​ថា «នេះ​ហើយ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​គាត់​ជា​មនុស្ស​ដ៏​ល្អ​ប្រពៃ​ជាង​គេ ដែល​ធ្លាប់​រស់​នៅ ពីព្រោះ​គាត់​បាន​ណែនាំ​អំពី​ខ្ញុំ»។ នៅ​ក្នុង​គំនិត និង​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ លោក យ៉ូហាន មាន​ការ​យល់​ដឹង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ការ​ដឹង​ខ្លួន​យ៉ាង​ខ្លាំង​អំពី​ព្រះ​អង្គ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មិន​អាច​មាន​ការ​យល់​ណា​មួយ​ផ្សេង​ទៀត​អំពី​ទ្រង់​ថា​គ្រាន់​តែ​ជា​ការ​ចង្អុល​បង្ហាញ​មួយ​ប្រភេទ​ទៀត ប្រភេទ​មនុស្ស​មួយ​បែប​ទៀត ឬ​ក៏​ជា​ហោរា​ម្នាក់​ទៀត​ប៉ុណ្ណោះ​ទេ។ ពិត​ណាស់ «ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ​ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​រាជបុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ៍ ដោយ​សារ​ព្រះ​រាជបុត្រា​នោះ​ដែរ (ហេព្រើរ ១:១-២)។

មាន​ប្រយោគ​គូរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ឯ​ចុង​ជំពូក​១០​នៃ​កណ្ឌ​ដំណឹង​ល្អ​យ៉ូហាន៖

«រួច​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ទៀត គឺ​ជា​កន្លែង​ដែល​លោក យ៉ូហាន ធ្វើ​បុណ្យ​ជ្រមុជ​ជាន់​មុន​ដំបូង ហើយ​ទ្រង់​គង់​នៅ​ទី​នោះ នោះ​មាន​មនុស្ស​ជា​ច្រើន​មក​ឯ​ទ្រង់ ក៏​និយាយ​ថា លោក យ៉ូហាន គ្មាន​ធ្វើ​ទី​សម្គាល់​ណា​ទេ តែ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់» (យ៉ូហាន ១០:៤០-៤២)។

ចំពោះ​អ្នក​ដែល​ជា​គ្រូ​អធិប្បាយ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ប្រសិន​បើ​មាន​ចំណារ​លើ​ផ្នូរ​ខ្មោច​របស់​ខ្លួន​ដូច​នោះ តើ​លោក​អ្នក​នឹង​ពេញ​ចិត្ត​លើ​ការ​នេះ​ដែរ​ឬ​ទេ? «លោក​គ្រូ/អ្នក​គ្រូ [សូម​ដាក់​ឈ្មោះ​ខ្លួន] មិន​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ទេ ប៉ុន្តែ​គ្រប់​អ្វីៗ​ដែល​គាត់​បាន​លើក​ឡើង​អំពី​ព្រះ​យេស៊ូវ​គឺ​សុទ្ធ​តែ​ជា​ការ​ពិត»។ លោក យ៉ូហាន គឺ​ជា​មនុស្ស​ល្អ​ប្រពៃ​ជាង​គេ​បង្អស់ ដែល​ធ្លាប់​បាន​កើត​ពី​មនុស្ស​ស្រី រហូត​មក​ដល់​ពេល​នេះ ពីព្រោះ​គាត់​បាន​ចង្អុល​បង្ហាញ​ថា តើ​ព្រះ​យេស៊ូវ​ជា​នរណា។

ហើយ​នៅ​ក្នុង​ខ​គម្ពីរ​នេះ ព្រះ​យេស៊ូវ​បាន​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត​ដល់​បង​ស្រី​ដែល​ឯកា ដែល​ត្រូវ​បាន​គេ​វាយ​ផ្ដួល ហើយ​ក៏​កំពុង​តែ​កាន់​ទុក្ខ​ដែរ។ ហើយ​ព្រះ​អង្គ​មិន​បាន​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត​ដល់​បង​គាត់​តាម​រយៈ​ការ​និយាយ​ស្ដី​ក្នុង​ពាក្យ​ពេចន៍​បែប​អ​រូបិយ​អំពី​ជីវិត និង​សេចក្ដី​ស្លាប់ ឬ​ក៏​ក្នុង​របៀប​នៃ​ការ​រស់​ឡើង​វិញ​នៅ​គ្រា​ចុង​ក្រោយ​នោះ​ទេ ប៉ុន្តែ​គឺ​តាម​រយៈ​ការ​ចង្អុល​បង្ហាញ​ចំពោះ​នាង​មក​កាន់​ទ្រង់​ផ្ទាល់។ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។ ហើយ​ក្នុង​ការ​ដែល​យើង​កម្សាន្ត​ចិត្ត គ្រីស្ទ​បរិស័ទ​ដែល​កំពុង​តែ​ឆ្លង​កាត់​ពេល​វេលា​ពិបាកៗ ដោយ​ប្រឈម​មុខ​នឹង​ការ​ជំទាស់ ឬ​ក៏​ការ​បាត់​បង់ នោះ​ឯង​គឺ​ជា​កន្លែង​ដែល​យើង​ដាច់​ខាត​ត្រូវតែ​ផ្ដោត​ទៅ​លើ។ ដាច់​ខាត! យើង​ត្រូវ​តែ​ចង្អុល​បង្ហាញ​ទៅ​កាន់​ព្រះ​យេស៊ូវ។

ភាព​ភ្ញាក់​ផ្អើល#៣៖ ព្រះ​យេស៊ូវ​បង្ហាញ​អធិបតេយ្យ​ភាព​របស់​ទ្រង់​ក្នុង​ការ​មាន​ព្រះ​កន្សែង និង​ការ​ខ្ញាល់

ទី៣ ព្រះ​យេស៊ូវ​មក​ប្រឆាំង​នឹង​សេចក្ដី​ស្លាប់​ដែល​មិន​អាច​ផ្លាស់​ប្ដូរ​បាន ហើយ​ក៏​បាន​បង្ហាញ​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ​លើ​វា តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​ព្រះ​កន្សែង និង​ការ​ដែល​ទ្រង់​ខ្ញាល់។ យើង​ឃើញ​ការ​ភ្ញាក់​ផ្អើល​ថែម​ទៀត​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១១:២៨-៤៤។ តាម​ការ​មើល​ទៅ ព្រះ​យេស៊ូវ​ក៏​បាន​នៅ​ក្រៅ​ភូមិ​បេថ្លេហឹម មិន​មែន​មក​ពី​ព្រះ​អង្គ​មិន​ចង់​ឲ្យ​គេ​ដឹង​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​សារ​ព្រះ​អង្គ​កំពុង​តែ​អនុញ្ញាត​ឲ្យ​ការ​កាន់​ទុក្ខ​បន្ត​ទៅ​មុខ​ទៀត ហើយ​ពួក​សិស្ស​របស់​ទ្រង់​ក៏​កំពុង​តែ​ព្យាយាម​ការ​ពារ​ព្រះ​អង្គ​ដែរ។ ព្រះ​អង្គ​ជ្រាប​ថា ទ្រង់​កំពុង​តែ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ពី​អ្នក​ដឹក​នាំ។ ប៉ុន្តែ នាង ម៉ាថា ក៏​បាន​ត្រឡប់​ទៅ​វិញ ហើយ​ហៅ​នាង ម៉ារា។ ហើយ​នាង ម៉ារា ក៏​បាន​ទៅ​ឯ​ព្រះ​យេស៊ូវ។ ប៉ុន្តែ នៅ​ពេល​នេះ មហាជន​បាន​មើល​ការ​ដែល​នាង ម៉ារា ចាក​ចេញ។

«លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ» នាង ម៉ាថា បាន​លើក​ឡើង «លោក​ហៅ​រក​ឯង»។ នៅ​ពេល​ដែល​នាង ម៉ារា បានឮ​ពាក្យ​នោះ គាត់​ក៏​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​ឯ​ទ្រង់។ ពេល​នោះ ព្រះ​យេស៊ូវ​មិន​ទាន់​បាន​ចូល​ភូមិ​នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​កន្លែង​ដែល​នាង ម៉ាថា បាន​ទៅ​ជួប​ទ្រង់។ នៅ​ពេល​ដែល​ពួក​សាសន៍​យូដា​ដែល​បាន​នៅ​ជា​មួយ​នឹង​នាង ម៉ារា នៅ​ក្នុង​ផ្ទះ ដែល​កំពុង​តែ​កម្សាន្ត​ចិត្ត​គាត់ បាន​ឃើញ​អំពី​ភាព​ប្រញាប់​ប្រញាល់​ដែល​គាត់​បាន​ក្រោក​ឡើង ហើយ​ចេញ​ទៅ ដូច្នេះ​ពួក​គាត់​ក៏​ទៅ​តាម​គាត់ ដោយ​គិត​ថា​គាត់​កំពុង​តែ​ទៅ​ឯ​ផ្នូរ ដើម្បី​កាន់​ទុក្ខ​នៅ​ទី​នោះ (យ៉ូហាន ១១:២៨-៣១)។

នៅ​ពេល​ដែល​គាត់​ទៅ​ជិត​ដល់​ព្រះ​យេស៊ូវ គាត់​ក៏​បាន​លើក​ឡើង​នូវ​ពាក្យ​សម្ដី​ដូច​ដែល​បង​ស្រី​របស់​គាត់​នាង ម៉ាថា បាន​លើក​ឡើង​ផង​ដែរ។ «ព្រះ​អម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ» (យ៉ូហាន ១១:៣២)។ នេះ​ប្រហែល​មក​ពី​ពួក​គាត់​បាន​និយាយ​ជា​មួយ​គ្នា​អំពី​ការ​នោះ។ ហើយ​នោះ​គឺ​ជា​សេចក្ដី​សន្មត​ដែល​ពួក​គាត់​បាន​សន្និដ្ឋាន។ ប៉ុន្តែ ឥឡូវ​នេះ​ការ​សន្ទនា​បាន​ឈាន​ទៅ​ដល់​ទិស​ដៅ​ខុស​គ្នា។ នេះ​មិន​មែន​ជា​ការ​សម្ភាសន៍​តែ​រវាង​ព្រះ​យេស៊ូវ និង​នាង ម៉ាថា នោះ​ទេ ហើយ​ឥឡូវ​នេះ​គឺ​រវាង​ព្រះ​យេស៊ូវ និង​នាង ម៉ារា។ ផ្ទុយ​ទៅ​វិញ នៅ​ទី​នោះ​ក៏​មាន​ពួក​មហាជន​ដែរ។ អ្នក​កាន់​ទុក្ខ​អាជីព​នៃ​សាសន៍​យូដា​ក៏​បាន​មក​ជា​មួយ​នឹង​គាត់​ដោយ​យំ​ផង​ដែរ។

ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ដោយ «ទ្រង់​មាន​សេចក្ដី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះ​ហឫទ័យ»។ ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១១:៣៨ បាន​ចែង​ថា «នោះ​ព្រះ​យេស៊ូវ​យាង​ទៅ​ដល់​ផ្នូរ ទាំង​មាន​សេចក្តី​ក្នាញ់​ក្នុង​ព្រះ​ហឫទ័យ​ម្តង​ទៀត ឯ​ផ្នូរ​នោះ​ជា​រអាង​ភ្នំ ហើយ​មាន​ថ្ម១​បិទ​សន្ធប់»។

ទំនង​ប្រសិន​បើ​លោក​អ្នក​បាន​កត់​សម្គាល់​អំពី​ការ​ដែល​ទ្រង់​បាន​ព្រះ​កន្សែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១១:៣៥ («ព្រះ​យេស៊ូវ​ក៏​ទ្រង់​ព្រះ​កន្សែង») នោះ​ជា​ស្វ័យប្រវត្តិ​លោក​អ្នក​ក៏​ទំនង​ជា​គិតថា នេះ​ក៏​ដូច​ជា​ទឹក​ភ្នែក​ដែល​យើង​ស្រក់ នៅ​ពេល​ដែល​យើង​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​ផង​ដែរ​ហើយ​មើល​ទៅ។ ហើយ​យើង​ទំនង​ជា​និយាយ​ថា ព្រះ​យេស៊ូវ​បាន​ព្រះ​កន្សែង ពីព្រោះ​ព្រះ​អង្គ​បាន​បាត់​បង់​មិត្តភក្ដិ​របស់​ទ្រង់។ «មែន»? ព្រះ​យេស៊ូវ​ជ្រាប​ហើយ​ថា នៅ​ក្នុង​អំឡុង​ពេល​បី​នាទី​ខាង​មុខ​នេះ​លោក ឡាសារ នឹង​ដើរ​ចេញ។ ចំពោះ​ខ្ញុំ ស្ដាប់​ទៅ នេះ​ជា​ការ​បង្ហាញ​អារម្មណ៍​មិន​ពិត។ ប្រសិន​បើ​ទឹក​ភ្នែក​ជា​មូល​ហេតុ​ដោយ​សារ​ព្រះ​អង្គ​នឹក​មិត្តភក្ដិ​របស់​ទ្រង់ នោះ​ព្រះ​អង្គ​គ្រាន់​តែ​ត្រូវ​ចាំ​បី​នាទី​ទៀត​ប៉ុណ្ណោះ។ ទេ! ព្រះ​អង្គ​ខ្ញាល់ ហើយ​មួម៉ៅ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ព្រះ​កន្សែង។ ហេតុ​អ្វី? ដំណើរ​រឿង​បាន​ប្រាប់​យើង (យ៉ូហាន ១១:៣៣)។ ព្រះ​អង្គ​ឃើញ​នាង ម៉ារា យំ ហើយ​សាសន៍​យូដា​ដែល​បាន​មក​ជា​មួយ​នឹង​គាត់​ក៏​បាន​យំ​ដែរ។ ហើយ​នេះ​គឺ​ជា​ការ​ថ្លង់​យ៉ាង​ខ្លាំង។ តាម​ប្រពៃណី នេះ​តម្រូវ​ឲ្យ​មាន​ការ​ស្រែក​យំ សំឡេង​បន្ទុក និង​វង់​តន្ត្រី​ភ្លេង​ខ្មោច។ មាន​ទឹក​ភ្នែក និង​ការ​ស្រែក​យំ​លើស​ដើម។ ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​ខ្ញាល់? ដ្បិត​អ្វី​ដែល​ព្រះ​អង្គ​ឃើញ​គឺ​សេចក្ដី​ស្លាប់ ដែល​ជា​ខ្មាំង​សត្រូវ​ចុង​ក្រោយ។ វា​ពិត​ជា​ការ​ដែល​គួរ​ឲ្យ​ក្នាញ់​មែន។

ក្នុង​វប្បធម៌​លោក​ខាង​លិច គេ​បាន​ផ្សាំង​សេចក្ដី​ស្លាប់​យ៉ាង​ខ្លាំង ពួក​អាជីព​បាន​មក ហើយ​យក​សព​ចេញ ហើយ​បន្ទាប់​មក​អប់​កុំ​ឲ្យ​ស្អុយ​រលួយ ហើយ​គេ​ចាក់​ភ្លេង​ស្រទន់​នៅ​ឯ​កន្លែង​បុណ្យ​សព ហើយ​ទាំង​អស់​គឺ​ជា​ការ​ផ្សាំង។ ប៉ុន្តែ នេះ​មិន​មែន​ជា​របៀប​ដែល​កើត​ឡើង​ក្នុង​ពិធីបុណ្យ​សព​នៅ​ក្នុង​ប្រពៃ​ណី​ផ្សេងៗ​នៅ​ជុំវិញ​ពិភព​លោក​នេះ​នោះ​ទេ។ ការ​ស្លាប់​គឺ​ជា​ការ​អស់​សង្ឃឹម។ វា​មិន​មែន​គ្មាន​ន័យ​ទេ​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា ឥឡូវ​នេះ​សេចក្ដី​ស្លាប់​នៅ​តែ​ជា​ខ្មាំង​សត្រូវ​ចុង​ក្រោយ​មែន។ ទេ វា​មិន​មាន​ពាក្យ​ពេចន៍​ចុង​ក្រោយ​ឡើយ តែ​វា​ជា​ខ្មាំង​សត្រូវ​ចុង​ក្រោយ។ តាម​រយៈ​វា យើង​គួរ​តែ​មាន​ភាព​ខ្នាន់​ក្នាញ់។ យើង​យក​សព​ដៃ​គូ​ជីវិត​របស់​យើង​ទៅ​កប់​ក្នុង​ផ្នូរ។ យើង​កប់​សព​កូន​របស់​យើង។ យើង​បញ្ចុះ​សព​ឪពុក​ម្ដាយ​ដែល​មាន​វ័យ​ចំណាស់​របស់​យើង។ ហើយ​ពិត​ណាស់ ក្នុង​ផ្នែក​ណា​មួយ​នៃ​ជីវិត​របស់​យើង យើង​ចងចាំ​អំពី​ប្រភេទ​អំណរ​ណា​មួយ ដែល​ថា​សេចក្ដី​ស្លាប់​មិន​មាន​ពាក្យ​ពេចន៍​ចុង​ក្រោយ​ឡើយ។ នៅ​ពេល​ដែល​អ្នក​ម្ដាយ​ដ៏​វ័យ​ចំណាស់​របស់ខ្ញុំ​ស្លាប់​បន្ទាប់​ពី​គាត់​មាន​ជំ​ងឺ​អាល់ហ្សៃមឺរ (“Alzheimer” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ជំងឺ​ភ្លេច​ភ្លាំង») អស់​រយៈ​ពេល​៩​ឆ្នាំ ដោយ​គាត់​មិន​ចង​ចាំ​ថា​យើង​ជា​កូនៗ​របស់​គាត់ ហើយ​នៅ​ពេល​ដែល​គាត់​ភ្ញាក់​ឡើង​នៅ​ក្នុង​ស្ថាន​ភាព​សិរី​ល្អ នោះ​គាត់​នឹង​នៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​គ្រីស្ទ។ នឹង​មាន​ថ្ងៃ​មួយ​ដែល​គាត់​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ខាង​ឯ​រូប​កាយ នៅ​ឯ​ស្ថានសួគ៌​ថ្មី និង​ផែនដី​ថ្មី ដែល​ជា​ផ្ទះ​សម្រាប់​អស់​អ្នក​ដែល​សុចរិត។ ពិត​ណាស់ វា​ពិត​ជា​គួរ​ឲ្យ​អស្ចារ្យ​មែន ប៉ុន្តែ​វា​ក៏​មិន​បាន​ងាករេ​ចេញពី​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ផង​ដែរ ដែល​ជា​ចំណុច​ដ៏​អាក្រក់​នៃ​ជំងឺ​ភ្លេច​ភ្លាំង និង​សេចក្ដី​ស្លាប់ និង​ទុក្ខ​សង្រេង និង​ការ​ដែល​អ្នក​ជិត​ស្និទ្ធ​ស្លាប់​ចោល។ ហើយ​ទាំង​អស់​នោះ​គឺ​ជា​លទ្ធផល​នៃ​អំពើ​បាប។

ព្រះ​យេស៊ូវ​ឃើញ​អំពើ​បាប ការ​ស្រក់​ទឹក​ភ្នែក សេចក្ដី​ស្លាប់ និង​ការ​បាត់​បង់ ហើយ​ព្រះ​អង្គ​ក៏​ក្ដួល​អាណិត ទាំង​ខ្នាញ់ ហើយ​ក៏​បាន​ព្រះ​កន្សែង។ នេះ​គឺ​ជា​ទឹក​ភ្នែក​ដូច​គ្នា​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​លើក​ឡើង​អំពី​សេចក្ដី​វេទនា​ទៅ​លើ​ទី​ក្រុង​យេរូសាឡឹម ហើយ​ក៏​បាន​ព្រះ​កន្សែង (លូកា ១៩:៤១)។ ពិត​ណាស់ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អាណិត​អាសូរ ប៉ុន្តែ​ព្រះ​អង្គ​ក៏​មាន​ការ​ខ្នាន់​ក្នាញ់​ផង​ដែរ។ ក្នុង​អត្ថន័យ​មួយ យើង​មិន​គួរ​ផ្សាំង​សេចក្ដី​ស្លាប់​ឡើយ ដោយ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​គ្រីស្ទ​បរិស័ទ​បាន​ស្លាប់​ទៅ ហើយ​ការ​នោះ​ក៏​បាន​បណ្ដាល​ឲ្យ​យើង​បរាជ័យ​ក្នុង​ការ​ឃើញ​អំពី​ចំណុច​អាក្រក់​នៃ​រឿង​នោះ។ ព្រះ​អង្គ​គ្រោង​ទុក​ឲ្យ​យើង​ទាំង​អស់​គ្នា​បាន​ស្លាប់​ម្ដង ហើយ​បន្ទាប់​មក​ក៏​នឹង​មាន​ការ​ថ្កោល​ទោស។ មិន​មាន​ការ​គេច​ផុត​ចេញ​បាន​ទេ។ វា​គឺ​ជា​ផល​ផ្លែ​នៃ​អំពើ​បាប ដែល​មិន​អាច​ជៀស​ផុត​ចេញ​បាន ហើយ​វា​ក៏​អាក្រក់​ណាស់​ដែរ។ ដូច្នេះ ព្រះ​អង្គ​ក៏​បាន​ព្រមាន​សេចក្ដី​ស្លាប់​នោះ​ចោល ដែល​មិន​អាច​ផ្លាស់​ប្ដូរ​បាន ហើយ​ក៏​បាន​បក​ស្រាយ​អំពី​វា​ក្នុង​លក្ខណៈ​ដែល​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព ដូច​ដែល​យើង​បាន​ឃើញ ប៉ុន្តែ​អម​ជា​មួយ​នឹង​ទឹក​ភ្នែក​ដែល​ពេញ​ទៅ​ដោយ​ការ​ក្នាញ់។

មាន​មនុស្ស​មួយ​ចំនួន​ចង់តែ​ផ្ដោត​ចំណាប់​អារម្មណ៍​លើ​ចំណុច​ដែល​ថា​លោក ឡាសារ បាន​ពិត​ជា​រស់​ឡើង​វិញ​ពី​ផ្នូរ​មែន។ ហើយ​យើង​ក៏​ងឿង​ឆ្ងល់​ថា តើ​គាត់​បាន​គិត​អ្វី​អំពី​ការ​នឹង​ដែរ។ គាត់​បាន​ស្លាប់ ហើយ​ក៏​បាន​រស់​ឡើង​វិញ។ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិន​ដែល​ឮ​អំពី​អ្វី​ទាក់​ទង​នឹង​ចំណុច​នៅ​ឯ​ម្ខាង​ទៀត​អញ្ចឹង? លោក អ័រហ្វ្រិឌ លូដ ថេនីសិន (Alfred, Lord Tennyson) បាន​និពន្ធ​កំណាព្យ​ដែល​មាន​ចំណង​ជើង​ថា «សម្រាប់​អនុស្សាវរីយ៍» (“In Memoriam”) ដោយ​គាត់​ព្យាយាម​ផ្ដោត​ទៅ​លើ​ថា ហេតុ​អ្វី​បាន​ជា​មាន​ការ​ស្ងៀម​ស្ងាត់​លើ​ចំណុច​នេះ។

មើល៍! ព្រះ​គ្រីស្ទ​បាន​ប្រោស​មនុស្ស​ម្នាក់​ឲ្យ​រស់​ឡើង​វិញ!

ផ្សេងៗ​ទៀត​មិន​មាន​ការ​បើក​សម្ដែង​សោះ

ព្រះ​អង្គ​មិន​បាន​ប្រាប់​សោះ ឬ​ក៏​មាន​អ្វី​មួយ​លាក់​បាំង

បបូរ​មាត់​របស់​អ្នក​ផ្សាយ​ដំណឹង​ល្អ។

តើ​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​បើក​សម្ដែង​អ្វី​ខ្លះ? ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​យ៉ាង​ក្នាញ់​ថា

«ចូរ​យក​ថ្ម​ចេញ»។

តែ​នាង ម៉ាថា ជា​បង​របស់​រូប​បុគ្គល​នោះ​ទូល​ថា «ព្រះ​អម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ»។

បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​មាន​បន្ទូល​ថា «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា “បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬអី?”»។

ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ (យ៉ូហាន ១១:៣៩-៤១)

ហើយ​បន្ទាប់​មក​ព្រះ​យេស៊ូវ​ក៏​អធិស្ឋាន។ ព្រះ​អង្គ​អធិស្ឋាន​ដោយ​ដឹង​ថា​ការ​អធិស្ឋាន​នេះ​គឺ​ជា​ការ​អធិស្ឋាន​ជា​សាធារណៈ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ត្រូវ​តែ​រៀប​ចំ​ពាក្យ​ពេចន៍​ក្នុង​របៀប​មួយ។ ការ​អធិស្ឋាន​ជា​សាធារណៈ​មិន​អាច​មាន​បែប​បទ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ការ​អធិស្ឋាន​តែ​ម្នាក់​ឯង​នោះ​ទេ ទោះ​បើ​ថា​លោក​អ្នក​កំពុង​តែ​ទូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ក៏​ដោយ ក៏​លោក​អ្នក​ដឹង​ហើយ​ថា មនុស្សម្នា​នៅ​ជុំ​វិញ​ក៏​កំពុង​តែ​ស្តាប់​ដែរ ហើយ​ពួក​គេ​ក៏​កំពុង​តែ​រៀន​បាន​ចំណុច​អ្វី​មួយ​ពី​ការ​អធិស្ឋាន​នោះ​ដែរ។ ដូច្នេះ៖

«ឱ​ព្រះ​វរ​បិតា​អើយ ទូល​បង្គំ​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូល​បង្គំ ទូល​បង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូល​បង្គំ​ជា​ដរាប តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្ដា​មនុស្ស​ដែល​ឈរ​នៅ​ជុំ​វិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន» (យ៉ូហាន ១១:៤១-៤២)។

នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ។ «កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា “ឡាសារ​អើយ ចូរ​ចេញ​មក”» (យ៉ូហាន ១១:៤៣)។

មាន​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​លេង​សើច​បាន​កត់​សម្គាល់​ថា ប្រសិន​បើ​ព្រះ​យេស៊ូវ​មិន​បាន​ដាក់​ឈ្មោះ​លោក ឡាសារ មុន​ការ​បញ្ជា​ឲ្យ​ចេញ​មក នោះ​គ្រប់​ផ្នូរ​ខ្មោច​ទាំង​អស់​នៅ​ក្រុង​យេរូសាឡឹម​នឹង​ប្រាកដ​ជា​បើក ហើយ​អ្នក​ស្លាប់​នឹង​ដើរ​ចេញ​ទាំង​អស់​ជា​មិន​ខាន។ អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ។ នោះ​គឺ​ជា​កន្លែង​ផ្ដោត​លើ មិន​មែន​លើ​អ្វី​ដែល​លោក ឡាសារ កំពុង​តែ​គិត​នោះ​ទេ។ តើ​គាត់​បាន​និយាយ​ថា «សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឃើញ​ប្អូន​ឯង»។ ឬ​ក៏​ថា «អុញ ខ្ញុំ​ត្រឡប់​មក​វិញ​មែន»? ព្រះ​គម្ពីរ​មិន​បាន​ណែនាំ​នូវ​ចំណុច​ទាំង​នោះ​មក​កាន់​យើង​នោះ​ទេ។ វា​គឺ​ជា​ចំណុច​បន្ទាប់​បន្សំ។ វា​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ការ​បើក​សម្ដែង​អំពី​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ សូម្បី​តែ​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់ ការ​បើក​បង្ហាញ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់។

ភាព​ភ្ញាក់​ផ្អើល#៤៖ ព្រះ​យេស៊ូវ​ប្រទាន​ជីវិត​តាម​រយៈ​ការ​សុគត

ហើយ​ជា​ចុង​ក្រោយ ការ​ភ្ញាក់​ផ្អើល​ដល់​ធំ​បំផុត​ក្នុង​ចំណោម​ការ​ភ្ញាក់​ផ្អើល​ទាំង​អស់។ ព្រះ​យេស៊ូវ​បាន​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ខាង​ឯ​សីលធម៌ និង​ខាង​ឯ​វិញ្ញាណ ហើយ​ក៏​បាន​ប្រទាន​ជីវិត​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​សុគត។ ពួក​មហាជន​ក៏​បាន​ឆ្លើយ​តប​ដូច​ដែល​បាន​គិត​ទុក​ជាមុន។ អ្នក​ខ្លះ​បាន​ជឿ​ដល់​ព្រះ​យេស៊ូវ នៅ​ពេល​ដែល​ពួក​គេ​បាន​ឃើញ​ការ​អស្ចារ្យ ប៉ុន្តែ​ត្រង់​ថា​ជំនឿ​នោះ​ពិត​ខ្លាំង​ប៉ុណ្ណា ខ​គម្ពីរ​មិន​បាន​បើក​បង្ហាញ​ទេ។ ប៉ុន្តែ អ្នក​ខ្លះ​ក៏​បាន​ទៅ​ជម្រាប​ដល់​ពួក​ផារិស៊ី ដើម្បី​ឲ្យ​ឃើញ​ថា តើ​ពួក​គាត់​អាច​បង្ក​រឿង​អ្វី​ខ្លះ​បាន (យ៉ូហាន ១១:៤៦)។ ហើយ​ការ​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្រមូល​ក្រុម​ប្រឹក្សា​សាន់ហេឌ្រិន (Sanhedrin) ដោយ​ព្យាយាម​រក​ផ្លូវ​ចេញ​ពី​បញ្ហា​ដ៏​ស្មុគ​ស្មាញ​នៅ​មុខ​ពួក​គេ?

តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ជា​មួយ​នឹង​បុគ្គល​នេះ? គាត់​បាន​ប្រមូល​ផ្ដុំ​មនុស្ស​ជា​ច្រើន ហើយ​មិន​យូរ​មិន​ឆាប់​ទាំង​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង។ «ពិត​ណាស់ មាន​គ្រោះ​ថ្នាក់។ ពួក​គេ​នឹង​ចាត់​ឲ្យ​ពួក​ទ័ព​ចុះ​មក ហើយ​សម្លាប់​មនុស្សម្នា​ជា​មិន​ខាន។ ពួក​គេ​នឹង​ដក​ហូត​ព្រះ​វិហារ​របស់​យើង​ចេញ។ ពួក​គេ​នឹង​ដក​ហូត​ដំណែង​របស់​យើង​ចេញ​ដែរ។ ពួក​គេ​ក៏​ដក​ហូត​ចេញ​នូវ​ឋានៈ​ដែល​មាន​អភ័យ​ឯក​សិទ្ធិ​របស់​យើង​ទាំង​អស់​ចេញ ដោយ​សារ​បុគ្គល​ម្នាក់​នេះ​បាន​ប្រមូល​ផ្ដុំ​មនុស្សម្នា​ជា​ច្រើន​នាក់​ទាក់​ទង​នឹង​សាសនា ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ការ​បះបោរ។ ប្រសិន​បើ​យើង​បន្ត​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​នេះ​ធ្វើ​បែប​នេះ នោះ​មិន​យូរ​មិន​ឆាប់​គ្រប់​គ្នា​នឹង​ជឿ​ដល់​គាត់ ហើយ​ពួក​សាសន៍​រ៉ូម​ក៏​នឹង​មក ហើយ​ដក​ចេញ​នូវ​ព្រះ​វិហារ​របស់​យើង និង​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។

ដូច្នេះ លោក កៃផា ក៏​បាន​មាន​ប្រសាសន៍។ ភាសា​ដែល​គាត់​ប្រើ​ប្រាស់​គឺ​ជា​ភាសា​មើល​ងាយ។ «ឱ​ពួក​ល្ងង់​អើយ ពួក​ឯង​មិន​ដឹង​អ្វី​សោះ។ ពួក​ឯង​ពិត​ជា​ភ្លីភ្លើ​មែន។ តើ​ពួក​ឯង​មិន​ដឹង​ទេ​ថា “បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្ដាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ” ទេ​ឬ?»។ នេះ​គឺ​នយោបាយ​ខ្សែ​ញាតិវង្ស។ វា​គឺ​ជា​ភាព​ស័ក្ដិសិទ្ធិ​ដែល​គួរ​ឲ្យ​ខ្លាច។ គាត់​មិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់​ទង​ទៅ​នឹង​ភាព​យុត្តិធម៌ ឬ​ក៏​សេចក្ដី​ពិត​ទេ ដោយ​គ្មាន​ការ​ឆ្លុះ​បញ្ចាំង​លើ​អ្វី​ដែល​ទំនង​ជា​ការ​សន្និដ្ឋាន​ដ៏​ត្រឹម​ត្រូវ​ចេញ​ពី​ចំណុច​ពិត—ចំណុច​ពិត​ដែល​មនុស្សម្នា​ជា​ច្រើន​នាក់​បាន​ទទួល​ស្គាល់—ត្រង់​ថា​ព្រះ​យេស៊ូវ​បាន​ប្រោស​លោក ឡាសារ ពី​ស្លាប់​ឡើង​វិញ គ្មាន​ការ​ពិចារណា​លើ​ការ​គិត​ស្មាន​របស់​ពួក​គេ​អំពី​ព្រះ​យេស៊ូវ គ្មាន​ការ​ថ្វាយ​បង្គំ និង​គ្មាន​ការ​ស្រឡាញ់។ ចំពោះ​លោក កៃផា ទាំង​អស់​នេះ​គឺ​គ្រាន់​តែ​ជា​នយោបាយ​ប៉ុណ្ណោះ។ សំណើ​ដែល​គាត់​កំពុង​តែ​ស្នើ​គឺ ការ​ស្លាប់​ជំនួស។ «វា​ជា​ការ​ល្អ​បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស មិន​ថា​អយុត្តិធម៌​ប៉ុណ្ណា​ក៏​ដោយ ជា​ជាង​ឲ្យ​ជាតិ​ទាំង​មូល​វិនាស​ទាំង​អស់​គ្នា»។

ហើយ​ពិត​ណាស់ ចំណុច​ដែល​គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ខ្លាំង ដូច​អស់​អ្នក​កំពុង​តែ​អាន​កណ្ឌ​គម្ពីរ​នេះ​ដឹង​ថា​ប្រមាណ​ជា​៤០​ឆ្នាំ​ខាង​មុខ​ទៀត ជាតិ​សាសន៍​នេះ​នឹង​ត្រូវ​វិនាស។ គេ​បាន​កម្ទេច​ទីក្រុង​យេរូសាឡឹម ហើយ​ព្រះ​វិហារ​ក៏​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​ដែរ។ ការ​សុគត​របស់​ព្រះ​យេស៊ូវ ដែល​កើត​ចេញពី​ទស្សនៈ​នយោបាយ​ទាំង​នោះ គ្មាន​ប្រយោជន៍​អ្វី​ទេ។ ប៉ុន្តែ សាវ័ក យ៉ូហាន បាន​ឃើញ​នូវ​អ្វី​មួយ​ផ្សេង​ទៀត​ដែល​ជ្រៅ​ជ្រះ​ជាង​នោះ​ទៅ​ទៀត។ គាត់​បាន​លើក​ឡើង​ថា «តែ​លោក​មិន​និយាយ​សេចក្តី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​ជា​លោក​ទាយ​ថា ព្រះ​យេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ» (យ៉ូហាន ១១:៥១)។ ការ​នោះ​បាន​កើត​ចេញ​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់។ គាត់​បាន​ទាយ​ថា ព្រះ​យេស៊ូវ​នឹង​សុគត​សម្រាប់​សាសន៍​យូដា។ តាម​ពិត​ទៅ នោះ​គឺ​ជា​អ្វី​ដែល​លោក កៃផា បាន​មាន​ប្រសាសន៍​មែន។ នេះ​មិន​មែន​ក្នុង​អត្ថន័យ​ដែល​ថា តាម​រយៈ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់ នោះ​ព្រះ​អង្គ​ប្រើ​ប្រាស់​លោក កៃផា ដូច​ក្នុង​របៀប​ដែល​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​សត្វ​លា​របស់​លោក បាឡាម។ នៅ​ពេល​ដែល​សត្វ​លា​របស់​លោក បាឡាម បាន​ផ្ដល់​ប្រឹក្សា​របស់​វា​ទៅ​កាន់​ហោរា សត្វ​លា​របស់​លោក បា​ឡាម មិន​មែន​កំពុង​តែ​ផ្ដល់​ជូន​នូវ​ការ​ពិចារណា​នៃ​យោបល់​របស់​វា​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់​តាម​រយៈ​ការ​អស្ចារ្យ​របស់​ទ្រង់​ប៉ុណ្ណោះ​ដែល​អនុញ្ញាត​ឲ្យ​វា​ធ្វើ​ការ​ហ្នឹង​បាន។ លោក កៃផា កំពុង​តែ​ផ្ដល់​ជូន​នូវ​យោបល់​របស់​គាត់។ ហើយ​គាត់​ក៏​បាន​និយាយ​អំពី​យញ្ញ​បូជា​ជំនួស​មែន​ដែរ។ គាត់​គ្រាន់​តែ​យល់​អំពី​ទិស​ដៅ​ខុស​ប៉ុណ្ណោះ។ គាត់​បាន​គិត​អំពី​យញ្ញ​បូជា ដែល​បុរស​ម្នាក់​ស្លាប់​ជំនួស​ជាតិ​សាសន៍​ទាំង​មូល ក្នុង​ទី​កន្លែង​សាធារណៈ ដើម្បី​បញ្ឈប់​ការ​បះបោរ​ខាង​ឯ​នយោបាយ។ ប៉ុន្តែ ដូច​ដែល​បាន​កើត​ឡើង​ជា​រឿយៗ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន ពេល​ខ្លះ​មនុស្ស​និយាយ​បាន​យ៉ាង​ល្អ​ច្រើន​ជាង​ខ្លួន​ដឹង​ទៅ​ទៀត។

ព្រះ​យេស៊ូវ​បាន​សុគត​ជំនួស​រាស្ត្រ​របស់​ទ្រង់ មិន​មែន​គ្រាន់​តែ​សម្រាប់​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជំនួស​បុត្រា​បុត្រី​របស់​ព្រះ​ជាម្ចាស់​ដែល​នៅ​ដាច់ៗ​ពី​គ្នា​ដែរ ព្រះ​អង្គ​បាន​ទទួល​យក​ការ​ស្លាប់​របស់​ពួក​គេ​ក្នុង​ការ​សុគត​របស់​ទ្រង់។ ព្រះ​អង្គ​បាន​សុគត​ជំនួស​ពួក​គេ។ ព្រះ​យេស៊ូវ​បាន​ប្រឈម​មុខនឹង​ការ​ស្លាប់​ខាង​ឯ​សីលធម៌ និង​ខាង​ឯ​វិញ្ញាណ ហើយ​ក៏​បាន​ប្រទាន​ជីវិត​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​សុគត។ ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ក្រុម​ជំនុំ មាន​កំណាព្យ​ដែល​សង្ខេប​ដ៏​សាមញ្ញ​មួយ​ដែល​លើក​ឡើង​អំពី​ចំណុច​នេះ

ព្រះ​អង្គ​ត្រូវ​បាន​គេ​បន្ទាប​បន្ថោក ទទួល​បាប ហើយ​ក៏​យកឈ្នះ​លើ​អំពើបាប ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​ក៏​បាន​បំភ្លេច​វា​ចោល ហើយ​តាម​រយៈ​ការ​សុគត ព្រះ​អង្គ​បាន​សម្លាប់​សេចក្ដី​ស្លាប់​ចោល​ដែរ។

យើង​រស់​នៅ​ក្នុង​សម័យ​កាល​ក្រោយ​ឈើ​ឆ្កាង។ នេះ​គឺ​ជា​ផ្នែក​បឋម និង​មូល​ដ្ឋាន​គ្រឹះ​នៃ​គោល​ជំនឿ​គ្រីស្ទ​បរិស័ទ។ យើង​មិន​អាច​សារភាព​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​មេស្ស៊ី ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់ ដោយ​មិន​ឱប​ក្រសោប​នូវ​គោល​ជំនឿ​នៃ​សេចក្ដី​ពិត​ដែល​ថា ព្រះ​យេស៊ូវ​បាន​សុគត​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បាន​ផង​ដែរ។ ព្រះ​អង្គ​គឺ​ជា​សេចក្ដី​រស់​ឡើង​វិញ និង​ជា​ជីវិត។ ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​លើក​ឡើង​នូវ​ពាក្យ​ពេចន៍​នោះ​ជា​លើក​ដំបូង សូម្បី​តែ​ពួក​សាវ័ក​ក៏​មិន​បាន​មាន​ការ​យល់​ដឹង​យ៉ាង​ល្អ​អំពី​អត្ថន័យ​នៃ​ពាក្យ​ពេចន៍​នោះ​នៅ​ឡើយ​ដែរ។

នៅ​ពេល​ដែល​សាវ័ក ពេត្រុស បាន​ទទួល​ស្គាល់​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​មេស្ស៊ី គាត់​មិន​បាន​លើក​ឡើង​ក្នុង​ការ​សារភាព​របស់​គាត់​ថា​ព្រះ​មេស្ស៊ី​ត្រូវ​តែ​សុគត​នោះ​ទេ។ ដ្បិត​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​អំពី​ការ​សុគត​របស់​ទ្រង់​ដែល​បម្រុង​នឹង​កើត​ឡើង នោះ​សាវ័ក ពេត្រុស ក៏​បាន​តប​វិញ​ថា «ឱ​ព្រះ​អម្ចាស់​អើយ សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ»។ ហើយ​ការ​នោះ​ក៏​បាន​នាំ​ឲ្យ​គាត់​ជាប់​ងារ​ដែល​មិន​អាច​លុប​បំបាត់​បាន​ក្នុង​ការ​ស្តី​បន្ទោស​ដូច​ត​ទៅ៖ «សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ…ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ»។ នេះ​មិន​មែន​មាន​ន័យ​ថា​សាវ័ក ពេត្រុស បាន​ចាញ់​ល្បួង តាម​រយៈ​ទ្រព្យ​សម្បត្តិ​របស់​អារក្ស​សាតាំង ហើយ​សាវ័ក ពេត្រុស ក៏​មិន​មែន​ជា​អ្នក​ដែល​កំពុង​តែ​មាន​ប្រសាសន៍​ដែរ ប៉ុន្តែ​គឺ​អារក្ស​ផ្ទាល់​ទេ​តើ។ ផ្ទុយ​ទៅ​វិញ កាល​នោះ​សាវ័ក ពេត្រុស គ្រាន់​តែ​ផ្ដល់​ជូន​នូវ​ទស្សនៈ​នៃ​ការ​ពិចារណា​របស់​គាត់​ប៉ុណ្ណោះ ដូច​ការ​លោក កៃផា បាន​ផ្ដល់​ជូន​នូវ​ទស្សនៈ​របស់​គាត់​ផ្ទាល់​ដែរ។ ប៉ុន្តែ នៅ​ពេល​ដែល​សាវ័ក ពេត្រុស បាន​មាន​ប្រសាសន៍ នោះ​គាត់​កំពុង​តែ​បម្រើ ដោយ​ធ្វើ​ជា​មាត់​របស់​អារក្ស។ ពេល​លោក កៃផា បាន​មាន​ប្រសាសន៍​ក្នុង​ការ​គ្រោង​ទុក​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់ នោះ​គាត់​កំពុង​តែ​បម្រើ ដោយ​ធ្វើ​ជា​មាត់​របស់​ព្រះ​ជាម្ចាស់។

ភ្លាមៗ​នោះ សរសៃ​ខ្សែ និង​គំនិត​នៃ​ព្រះ​គម្ពីរ​សញ្ញាចាស់​ក៏​បាន​មក​ផ្គុំ​គ្នា​ឡើង។ ហេតុ​អ្វី​បាន​ជា​មាន​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប​ម្ដង​ហើយ​ម្ដង​ទៀត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ? ហេតុ​អ្វី​បាន​ជា​មាន​ការ​សម្លាប់​កូន​ចៀម​នៅ​ថ្ងៃ​រំលង​ដែល​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ចេញ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ? ហេតុ​អ្វី​ចាំ​បាច់​មាន​ការ​សម្លាប់​ទាំង​នោះ។ ហេតុ​អ្វី​ចាំ​បាច់​មាន​បទ​បង្ហាញ​នៃ​ការ​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​តាម​រយៈ​សង្ឃ ដែល​ជា​មនុស្ស​កណ្ដាល​ម្ដង​ក្នុង​មួយ​ឆ្នាំ​ក្រោម​ការ​ណែនាំ​របស់​ព្រះ​ជាម្ចាស់​នៅ​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប ដើម្បី​យក​ឈាម​នៃ​ការ​ប្រោស​លោះ​សម្រាប់​ទាំង​អំពើ​បាប​របស់​សង្ឃ និង​អំពើ​បាប​របស់​ប្រជារាស្ត្រ ហើយ​លាប​នៅ​លើ​ហឹប​នៃ​សេចក្ដី​សញ្ញា​អញ្ចឹង? ហេតុ​អ្វី​ត្រូវ​មាន​ការ​ទាំង​អស់​នេះ? តើ​វា​នឹង​បញ្ចប់​នៅ​កន្លែង​ណា? តើ​វា​នឹង​ទៅ​ដល់​កន្លែង​ណា?

ចម្លើយ​គឺ​ថា មនុស្សម្នា​មិន​អាច​ទាយ​អំពី​ទី​កន្លែង​ដែល​វា​ទៅ​បាន​នោះ​ទេ ពីព្រោះ​ពួក​គាត់​មិន​ទាន់​មាន​ទស្សនៈ​ធំ​ល្មម​គ្រប់​គ្រាន់​សម្រាប់​ព្រះ​ជាម្ចាស់​នៅ​ឡើយ។ ពួក​គាត់​មិន​អាច​នឹក​ស្មាន​ដល់​ថា ព្រះ​ជាម្ចាស់​នឹង​ផ្សះផ្សា​រាស្ដ្រ​របស់​ទ្រង់​មក​កាន់​ទ្រង់​ផ្ទាល់ តាម​រយៈ​វិធី​សាស្ត្រ​នេះ​នោះ​ទេ ទោះ​បើ​បទ​បង្ហាញ​ទាំង​អស់​មាន​នៅ​ទី​នោះ​ក៏​ដោយ ហើយ​ទំនាយ​ទាំង​អស់​ក៏​មាន​រួច​ស្រេច​ផង​ដែរ​ក៏​ដោយ។ ពួក​គាត់​មិន​បាន​ឃើញ​អំពី​ចំណុច​នោះ​ទេ។ ដំណឹង​ល្អ​ផ្ទាល់​បាន​មក​ដល់​នៅ​ក្នុង​លក្ខណៈ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

សព្វ​ថ្ងៃ​នេះ យើង​លន់តួ​អំពី​សេចក្ដី​ពិត​ដែល​ថា ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង ហើយ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពី​ការ​សុគត​ផង​ដែរ។ ហើយ​នោះ​គឺ​ជា​ការ​លន់តួ​ដ៏​បឋម​នៃ​ប្រាជ្ញា​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ ក៏​នៅ​មាន​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ធ្លាប់​ឮ​ពាក្យ​ពេចន៍​ទាំងនេះ ហើយ​ក៏​មិន​ទាន់​បាន​ទទួល​ជឿ​លើ​វា​ផង​ដែរ។ យើង​ទន្ទឹង​រង់ចាំ​នូវ​ថ្ងៃ ដែល​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ពួក​គាត់​នឹង​មាន​សមត្ថភាព​ក្នុង​ការ​ឃើញ ការ​ភ្ញាក់​ផ្អើល​បាន​កើត​ឡើង ហើយ​ពួក​គាត់​ឃើញ និង​ទទួល​ជឿ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ពេត្រុស អាច​និយាយ​អំពី​ពួក​បរិសុទ្ធ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ ដោយ​ព្យាយាម​យល់​អំពី​លក្ខណៈ​នៃ​ទំនាយ​នានា ដែល​ពួក​គាត់​បាន​សរសេរ​ចុះ។ ពួក​គាត់​បាន​ព្យាយាម​យល់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ពេល​ដែល​ព្រះ​គម្ពីរ​លើក​ឡើង​អំពី​ការ​រង​ទុក្ខ​របស់​ព្រះ​គ្រីស្ទ និង​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់។ ឱ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​អើយ យើង​ពិត​ជា​មាន​អភ័យ​ឯក​សិទ្ធិ​មែន ក្នុង​ការ​រស់​នៅ​ក្នុង​សម័យ​កាល​ក្រោយ​ការ​រង​ទុក្ខ និង​ផ្នូរ​ដែល​នៅ​ទទេ។

វា​គឺ​ជា​ការ​ប្រកាស​របស់​គ្រីស្ទ​បរិស័ទ​ដែល​ជា​មូល​ដ្ឋាន ដែល​រៀប​រាប់​អំពី​ដំណឹង​ល្អ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត នៅ​ក្នុង​សម័យ​កាល​យើង ក្នុង​ការ​សង្ឃឹម និង​រំពឹង​យ៉ាង​ខ្លាំង​ដែល​ថា​ព្រះ​ជាម្ចាស់ តាម​រយៈ​ការ​ប្រកាស​ដំណឹង​ល្អ នោះ​ទ្រង់​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​ឃើញ និង​ទទួល​ជឿ​ដែរ។

ឱ​បង​ប្អូន​អើយ សូម្បី​តែ​ពួក​ទេវតា​ក៏​ប្រាថ្នា​ចង់​ឃើញ​នូវ​ចំណុច​ទាំង​នេះ​ផង​ដែរ។ ឱ​ព្រះ​អម្ចាស់​អើយ សូម​មាន​សេចក្ដី​មេត្តា​ករុណា​លើ​យើង ដើម្បី​ឲ្យ​យើង​អាច​ព្យាយាម​យល់​នូវ​អាថ៌កំបាំង​ដ៏​ជ្រាលជ្រៅ​នៃ​ព្រះ​គុណ​របស់​ទ្រង់ ដែល​ទ្រង់​បាន​បើក​សម្ដែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ ហើយ​ដើម្បី​កុំ​ឲ្យ​យើង​គ្រាន់​តែ​ប្រាថ្នា​ចង់​យល់ និង​ជឿ​ប៉ុណ្ណោះ​ដែរ ប៉ុន្តែ​ដើម្បី​ឲ្យ​យើង​ប្រកាស​ដំណឹង​ល្អ​នេះ​ទៅ​កាន់​អ្នក​ដែល​ត្រូវ​ការ អ្នក​ដែល​បាត់​បង់ និង​លោកីយ៍​ដែល​បាក់​បែក សម្រាប់​ជា​សិរី​ល្អ​ដល់​ទ្រង់។

និពន្ធដោយ៖ លោកគ្រូ Don Carson
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​ និង​ លោក ធីម៉ូថេ ឯក
ដកស្រង់ និងកែសម្រួលចេញពី www.thegospelcoalition.org​ ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

១០យ៉ាងមានប្រយោជន៍

ខគម្ពីរអំពីគ្រូក្លែងក្លាយ