១យ៉ូហាន ៤:៧-១១
«ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង» (១យ៉ូហាន ៤:៧-៨)។
មនុស្សគ្រប់ៗគ្នាប្រហែលដឹងហើយថា មនុស្សគ្រប់រូបត្រូវការសេចក្តីស្រឡាញ់ ទោះបីអ្នកមិនជឿ និងអ្នកជឿក៏ដោយក៏ពួកគេត្រូវការសេចក្តីស្រឡាញ់ដែរ។ ប្រហែលយើងមិនចាំបាច់សួរថា ហេតុអ្វីបានមនុស្សគ្រប់ៗរូបត្រូវការសេចក្តីស្រឡាញ់នោះទេ? តែយើងគួរតែសួរបែបនេះវិញថា តើយើងគួរបង្ហាញសេចក្តីស្រឡាញ់យ៉ាងដូចម្តេច? ព្រះបន្ទូលព្រះអង្គបានបង្ហាញ និងពន្យល់ពីមូលហេតុដែលគ្រីស្ទបរិស័ទត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក។ តើសេចក្តីស្រឡាញ់ដែលគ្រីស្ទបរិស័ទគួរតែមានខុសគ្នាពីសេចក្តីស្រឡាញ់ដែលលោកីយ៍មានយ៉ាងដូចម្តេច? សព្វថ្ងៃនេះ មនុស្សតែងតែប្រើពាក្យថា «ស្រឡាញ់» ទៅកាន់អ្វីគ្រប់យ៉ាងដែលគេគិតថា គួរឲ្យស្រឡាញ់ គឺមានដូចជា៖ ខ្ញុំស្រឡាញ់ឆ្កែ ខ្ញុំស្រឡាញ់ឆ្មា ខ្ញុំស្រឡាញ់តុក្កតា ខ្ញុំស្រឡាញ់ម៉ូតូ។ល។ ដូច្នេះ ពេលខ្លះវាក៏ធ្វើឲ្យមានការច្រឡំទៅលើអត្ថន័យពាក្យ «ស្រឡាញ់» នោះ។ តើសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដនៅក្នុងព្រះគម្ពីរមានលក្ខណៈបែបណា?
មូលហេតុដែលគ្រីស្ទបរិស័ទត្រូវតែស្រឡាញ់គ្នា
គឺដោយសារតែការស្រឡាញ់គ្នាទៅវិញទៅមកជាបង្គាប់របស់ព្រះជាម្ចាស់។ ប្រសិនបើលោកអ្នកមើលកណ្ឌគម្ពីរ ១យ៉ូហាន ៤:៧ «ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក…»។ នេះគឺជាអ្វីដែលសាវ័ក យ៉ូហាន បានបន្ថែមលើបញ្ញត្តិដែលគាត់និយាយនៅកណ្ឌគម្ពីរ ១យ៉ូហាន ៣:២៣-២៤ «ឯបញ្ញត្តិទ្រង់នោះ គឺថា ត្រូវឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានបង្គាប់មកហើយ»។ តើពេលដែលលោកអ្នកឮពាក្យ «បញ្ញត្តិ» តើលោកអ្នកមានអារម្មណ៍បែបណា? ម្យ៉ាងវិញទៀត នៅពេលដែលគេបង្គាប់ តើលោកអ្នកគិតថា មានជម្រើស ឬក៏អត់? ចុះពេលដែលមាននរណាបង្គាប់លោកអ្នកឲ្យធ្វើអ្វីមួយ តើលោកអ្នកមានជម្រើស ឬអត់? ដូច្នេះ លោកអ្នកមិនមានជម្រើសទេ គឺលោកអ្នកត្រូវតែស្រឡាញ់។ នេះមានន័យថា ព្រះជាម្ចាស់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទស្រឡាញ់គ្នាទៅវិញទៅមក។ ដូច្នេះ លោកអ្នកគ្មានជម្រើសផ្សេងក្រៅពីនេះទេ។ ប្រសិនបើមាននរណាម្នាក់ដែលជាគ្រីស្ទបរិស័ទបាននិយាយថា ខ្ញុំមិនអាចស្រឡាញ់អ្នកដទៃបានទេ។ ខ្ញុំគិតថា គាត់គួរតែពិចារណាពីជីវិតនឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះគ្រីស្ទឡើងវិញ។
អ្នកដែលជឿដល់ព្រះអង្គ គឺត្រូវតែស្រឡាញ់។ ប៉ុន្តែ លោកអ្នកក៏ឃើញហើយថា កាលណាមានសេចក្តីបង្គាប់ នោះវាមិនមែនកើតឡើងដោយឯងៗនោះទេ ។ នៅពេលដែលលោកអ្នកជឿយ៉ាងពិតប្រាកដ នោះព្រះអង្គក៏ផ្ដល់នូវសេចក្តីស្រឡាញ់ដែរ។ ប៉ុន្តែ សេចក្តីស្រឡាញ់នោះគឺត្រូវការលូតលាស់! ប្រសិនបើ សេចក្តីស្រឡាញ់កើតឡើងដោយឯងៗចំពោះយើងគ្រប់ៗគ្នា ដែលជាអ្នកជឿព្រះអង្គ ហើយយើងមានសេចក្ដីស្រឡាញ់ពេញវ័យ នោះព្រះទ្រង់មិនបង្គាប់យើងឲ្យស្រឡាញ់នោះទេ ពីព្រោះយើងរាល់គ្នាមានសេចក្តីស្រឡាញ់នោះរួចហើយ។ ប៉ុន្តែ សេចក្តីស្រឡាញ់គឺជាអ្វីមួយដែលត្រូវការអភិវឌ្ឍន៍ និងលូតលាស់។ វាមិនមែនជាការងាយស្រួលក្នុងការស្រឡាញ់ ជាពិសេសចំពោះមនុស្សមានបាប គឺវាមិនមែនជាការងាយស្រួលនោះទេ។ ការដែលលោកអ្នកស្រឡាញ់មនុស្សដែលពិបាកនឹងស្រឡាញ់នោះមិនមែនជាការងាយស្រួលទេ។ ប្រសិនបើលោកអ្នកសម្លឹងមើលមនុស្សដែលនៅជុំវិញខ្លួន ប្រហែលជាមានមនុស្សខ្លះគួរឲ្យស្រឡាញ់ ខ្លះទៀតមិនគួរឲ្យស្រឡាញ់ទាល់តែសោះ ពីព្រោះវាមិនមែនជាការងាយស្រួលទេក្នុងការស្រឡាញ់នរណាម្នាក់ដែលមិនគួរឲ្យស្រឡាញ់។ ជាពិសេសនៅពេលដែលលោកអ្នកអង្គុយ ឬនៅក្បែរនរណាម្នាក់ឲ្យកាន់តែស៊ីជម្រៅ នោះលោកអ្នកនឹងមើលឃើញនៅចំណុចអវិជ្ជមានជាច្រើនរបស់ពួកគេ នោះលោកអ្នកនឹងចាប់ផ្ដើមឃើញពីចំណុចខ្សោយផ្សេងៗរបស់ពួកគេ ហើយប្រសិនបើលោកអ្នកមិនប្រយ័ត្ននោះលោកអ្នកអាចនិយាយប្រាប់ពីចំណុចអវិជ្ជមានជាច្រើនរបស់គាត់ទៅកាន់អ្នកផ្សេង។ ការធ្វើបែបនោះគឺជាការនិយាយដើមគេ។ ហេតុដូច្នេះហើយបានជាសេចក្ដីស្រឡាញ់គឺជាអ្វីមួយដែលព្រះអង្គបានបង្គាប់លោកអ្នក ហើយនិងខ្ញុំ ហើយយើងក៏គ្មានជម្រើសផ្សេងទៀតទេ។ នៅពេលដែលយើងស្រឡាញ់ដោយគ្មានជម្រើស នោះមានន័យថា សេចក្ដីនោះជាការប្ដេជ្ញាចិត្ត ហើយវាក៏មិនមែនជាអារម្មណ៍នោះទេ។
ពិតប្រាកដណាស់ លោកអ្នកប្រហែលជាគិតថា តើឲ្យខ្ញុំស្រឡាញ់ម្ដេចបាន បើខ្ញុំមិនមានអារម្មណ៍នោះ? មានអ្នកខ្លះស្រឡាញ់ជាលក្ខណៈសង្សារ ហើយប្រហែលជាពួកគាត់ត្រូវការអារម្មណ៍ស្រឡាញ់គ្នាជាមុនសិនជាមួយនឹងសង្សាររបស់គាត់ រួចសឹមរៀបការ បន្ទាប់ពីរៀបការរួចមក នោះទើបពួកគាត់ធ្វើការប្ដេជ្ញានឹងគ្នាជាក្រោយ។ ពិតប្រាកដណាស់ ពេលខ្លះយើងត្រូវការមានអារម្មណ៍ជាមុន តែពេលខ្លះប្រហែលជាលោកអ្នកមិនអាចរង់ចាំទទួលអារម្មណ៍ស្រឡាញ់បាននោះឡើយ ហើយលោកអ្នកមិនអាចរង់ចាំឲ្យយើងមានអារម្មណ៍នៃសេចក្តីស្រឡាញ់ជាមុនសិន ដើម្បីឲ្យលោកអ្នកបង្ហាញដល់អ្នកដទៃបានទេ។ ប៉ុន្តែ យើងត្រូវតែស្ដាប់បង្គាប់ព្រះអង្គដោយជំនឿ។ ឱ!ព្រះជាម្ចាស់អើយ យើងខ្ញុំសុខចិត្តព្រមស្រឡាញ់គាត់ម្នាក់នោះ។ ដូច្នេះ សេចក្ដីស្រឡាញ់គឺជាការប្ដេជ្ញាចិត្ត មិនមែនពឹងផ្អែកទៅលើអារម្មណ៍នោះឡើយ។ ប៉ុន្តែ ជាទូទៅ តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ នៅពេលដែលយើងចាប់ផ្ដើមធ្វើសកម្មភាពបង្ហាញពីសេចក្តីស្រឡាញ់ចំពោះអ្នកដែលមិនគួរឲ្យស្រឡាញ់ នោះអារម្មណ៍របស់យើងនឹងកើតឡើងមានបន្តិចម្តងៗ។ សេចក្តីស្រឡាញ់មិនពឹងផ្អែកទៅលើអារម្មណ៍បាននោះទេ។ អារម្មណ៍របស់មនុស្សគ្រប់ៗរូបតែងតែកើនឡើង ហើយពេលខ្លះក៏មានការថយចុះ ដែលជនជាតិខ្មែរតែងតែនិយាយថា៖ «ម្ង៉ៃកាត់ ម្ង៉ៃកោរ»។
ពេលខ្លះ មានមនុស្សមួយចំនួនមានអារម្មណ៍ល្អ ពួកគេតែងតែបង្ហាញសេចក្តីស្រឡាញ់ទៅអ្នកដទៃដូចជា៖ បែបរួសរាយ ញញឹម ជួយអ្នកដទៃ និយាយលេងសើច ទៅកាន់មនុស្សគ្រប់ៗគ្នា ប៉ុន្តែ ថ្ងៃបន្ទាប់មកពួកគេបានមានអារម្មណ៍មិនល្អ ដូច្នេះ ពួកគេហាក់បីដូចនៅស្ងៀមដោយមិនខ្វល់ពីអ្នកដទៃទៅវិញ។ សរុបសេចក្តីមក សេចក្តីស្រឡាញ់គឺការប្ដេជ្ញាចិត្ត មិនមែនជាអារម្មណ៍នោះទេ។ ហើយនៅដែលលោកអ្នក ហើយនិងខ្ញុំធ្វើការប្ដេជ្ញាចិត្ត ជាញយៗគឺតែងតែតម្រូវឲ្យមានការលះបង់ ប្រសិនបើ លោកអ្នកគ្មានការលះបង់ផ្ទាល់ខ្លួនទេ ដោយនិយាយថា ខ្ញុំនឹងបង្ហាញសេចក្តីស្រឡាញ់ដោយលោកអ្នកមិនធ្វើអ្វីសោះ ដោយមិនបង្ហាញពីការលះបង់ថា ទោះបើជាមានអ្វីក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់គាត់ ទោះបើគាត់មានការលំបាកក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់គាត់ ទោះបើពេលខ្លះគាត់ជាមនុស្សរឹងចចេស ឬមានបញ្ហាអ្វីក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់គាត់។
នេះហើយគឺជាការដែលយើងបង្ហាញថាយើងស្តាប់បង្គាប់ព្រះអង្គ។ ហើយសេចក្តីស្រឡាញ់គឺជាបញ្ញត្តិរបស់ព្រះអង្គ ដែលយើងគឺជាអ្នកដែលចុះចូលជាមួយព្រះអង្គ គឺយើងត្រូវតែបង្ហាញពីសេចក្តីស្រឡាញ់នោះ។ ដូចគ្នាផងដែរ សេចក្តីស្រឡាញ់មិនអាចកើតឡើងបានដោយឯងៗនោះទេ ប្រសិនបើយើងមិនអនុវត្ត និងបង្ហាញពីសេចក្តីស្រឡាញ់នោះចំពោះអ្នកដទៃ ហើយវាក៏លូតលាស់ផងដែរ។ ឧទាហរណ៍៖ សេចក្តីស្រឡាញ់របស់លោកអ្នកប្រៀបដូចជាសេចក្តីសង្គ្រោះ ហើយសាវ័ក យ៉ូហាន បានមានប្រសាសន៍ថា អស់អ្នកណាដែលជឿលើព្រះអង្គ នោះមានជីវិតអស់កល្បជានិច្ចគឺមានន័យថា គាត់បានសេចក្តីសង្គ្រោះ។ ប៉ុន្តែ សាវ័ក ប៉ុល បានលើកឡើងថា យើងត្រូវតែបង្ហើយសេចក្តីសង្គ្រោះរបស់យើង។ មនុស្សគ្រប់ៗគ្នាគឺមានសាច់ដុំ ហើយសាច់ដុំរបស់យើងនឹងមិនរីកចម្រើនធំឡើងបាននោះទេប្រសិនបើយើងមិនហាត់ប្រាណ។ ពិតប្រាកដណាស់ អ្នកដែលជឿនឹងមានសេចក្តីស្រឡាញ់ដែលមកពីព្រះ ប៉ុន្តែវាមិនអាចពេញវ័យឡើងដោយឯងៗបាននោះទេ គឺត្រូវការហ្វឹកហាត់ និងលូតលាស់។ វាប្រៀបដូចជាយើងហាត់ប្រាណ ដើម្បីឲ្យមានសាច់ដុំធំអញ្ចឹងដែរ។ ចំណែកឯលោកអ្នកវិញ តើលោកអ្នកធ្វើលំហាត់ប្រាណនៃសេចក្តីស្រឡាញ់របស់យើងយ៉ាងដូចម្តេចចំពោះមនុស្សដែលនៅជុំវិញខ្លួន?
ជាទូទៅ សេចក្តីស្រឡាញ់ត្រូវមានការលះបង់ (ការហាត់ប្រាណក៏ត្រូវមានការលះបង់ ពេលខ្លះពេលព្រឹកលោកអ្នកមិនចង់ងើបពីដំណេកទេ ប៉ុន្តែយើងត្រូវតែលះបង់)។ ដូចគ្នានេះដែរ ដើម្បីឲ្យសាច់ដុំនៃសេចក្តីស្រឡាញ់របស់លោកអ្នករីកចម្រើនធំឡើងៗបាន ទាល់តែលោកអ្នកហាត់ប្រាណ ហើយពេលខ្លះគឺតម្រូវឲ្យលោកអ្នកលះបង់ និងត្រូវការអត់ធ្មត់ និងពេលវេលាផងដែរ។ ដូច្នេះ មូលហេតុដែលយើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកគឺដោយសារតែសេចក្តីស្រឡាញ់ជាបញ្ញត្តិ និងជាសេចក្តីបង្គាប់ដែលមកពីព្រះជាម្ចាស់។
ព្រះជាម្ចាស់ជាប្រភពនៃសេចក្តីស្រឡាញ់
កណ្ឌគម្ពីរ ១យ៉ូហាន ៤:៧-៨ បានចែងដូចតទៅ «…ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះអង្គ…» ព្រះជាម្ចាស់ជាព្រះនៃសេចក្តីស្រឡាញ់ នោះហើយគឺជាចរិតលក្ខណៈរបស់ព្រះអង្គតាំងពីអស់កល្បរៀងមក។ នៅក្នុងទំនាក់ទំនងនៃសេចក្តីស្រឡាញ់ នោះព្រះអង្គបានប្រកបជាមួយព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយនោះគឺជាផ្នែកមួយនៃចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ដោយព្រោះទ្រង់គឺជាព្រះនៃសេចក្ដីស្រឡាញ់ ហើយអស់អ្នកដែលជឿដល់ព្រះអង្គក៏ត្រូវតែមានសេចក្តីស្រឡាញ់ដូចទ្រង់ផងដែរ។ នេះហើយគឺជាហេតុផលដែលយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ វាពិតជាអស្ចារ្យណាស់សម្រាប់លោកអ្នក ហើយនិងខ្ញុំ ដែលមានព្រះដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ ហើយយើងក៏អាចឃើញពីប្រភពនៃសេចក្តីស្រឡាញ់របស់យើងគឺមកពីព្រះអង្គ ហើយនេះក៏ជាមូលហេតុដែលគ្រីស្ទបរិស័ទត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក។
ព្រះបានស្រឡាញ់យើងជាខ្លាំង
កណ្ឌគម្ពីរ ១យ៉ូហាន ៤:៩-១១៖ «សេចក្ដីស្រឡាញ់របស់ព្រះបានសម្ដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ៍ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាតង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ»។
នេះជាការអស្ចារ្យយ៉ាងខ្លាំង ដែលពេលខ្លះលោកអ្នកមានអារម្មណ៍ថា លោកអ្នកមិនស័ក្ដិសមនឹងទទួលនូវសេចក្ដីស្រឡាញ់មកពីព្រះអង្គ ប៉ុន្តែព្រះគម្ពីរ នៅត្រង់ខ១១បានចែងថា «ព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ»។ ត្រង់ពាក្យថា «ស្រឡាញ់យើង» គឺមានរួមបញ្ចូលទាំងលោកអ្នក ហើយនិងខ្ញុំដែរថា ព្រះអង្គទ្រង់ស្រឡាញ់លោកអ្នក ហើយនិងខ្ញុំ។ ហើយលោកអ្នកចាប់ផ្ដើមសួរខ្លួនឯងថា តើលោកអ្នកជានរណា? ឬក៏ថា ហេតុអ្វីបានជាព្រះអង្គទ្រង់ស្រឡាញ់លោកអ្នកដូច្នេះ? តើខ្ញុំស័ក្តិសមឲ្យទ្រង់ស្រឡាញ់ខ្ញុំដែរឬទេ? ប្រហែលសំណួរទាំងនេះគឺជាសំណួរដែលអាចប៉ះពាល់អារម្មណ៍យើង។ ប្រសិនបើលោកអ្នកមិនស័ក្តិសមឲ្យព្រះអង្គស្រឡាញ់លោកអ្នកទេ ប៉ុន្តែផ្ទុយទៅវិញព្រះអង្គបានស្រឡាញ់លោកអ្នក តើវាមានហេតុផលអ្វី ដែលលោកអ្នកមិនអាចស្រឡាញ់អ្នកដទៃបានទៅ? តើវាមានហេតុផលអ្វី ដែលលោកអ្នកពិបាកក្នុងការស្រឡាញ់អ្នកដទៃ? ឬក៏ដោយសារបុគ្គលិកលក្ខណៈ ការមានមានះ និងការចចេសរបស់អ្នកដទៃ ឬក៏យ៉ាងណា តែផ្ទុយទៅវិញព្រះអង្គទ្រង់ទតមើលក្នុងជីវិតលោកអ្នក។ ហើយព្រះអង្គក៏អាចសួរសំណួរដល់យើងថា «តើលោកអ្នកស្រឡាញ់អ្នកដទៃប៉ុណ្ណា?» គ្រប់ៗគ្នានឹងឈរនៅមុខបល្ល័ង្កនៃទ្រង់ ហើយព្រះអង្គនឹងជំនុំជម្រះនូវអ្វីដែលយើងបានធ្វើមកលើអ្នកដទៃ។
ព្រះអង្គស្រឡាញ់លោកអ្នកខ្លាំងណាស់។ តើលោកអ្នកមានហេតុផលអ្វី ដែលលោកអ្នកមិនអាចស្រឡាញ់អ្នកដទៃបាន? តើលោកអ្នកអាចដឹងដោយរបៀបណាថា ព្រះជាម្ចាស់ទ្រង់ស្រឡាញ់លោកអ្នក? ពេលខ្លះលោកអ្នកហាក់បីដូចជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនស្រឡាញ់លោកអ្នកទេ ប៉ុន្តែព្រះគម្ពីរបានប្រាប់យើងថា ព្រះអង្គបានសម្ដែងឲ្យយើងដឹងរួចហើយ។ នៅត្រង់ខ៩ដោយចែងថា «ព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាតង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង»។ នៅពេលលោកអ្នកយល់ថា តាំងពីមុនអស់កល្បរៀងមក គឺព្រះជាម្ចាស់មានលក្ខណៈបីអង្គ គឺព្រះវបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ បានប្រកបគ្នាដោយមានសេចក្តីស្រឡាញ់យ៉ាងល្អមួយតាំងពីដើមរៀងមក ដោយព្រះអង្គទ្រង់គឺជាព្រះត្រៃឯក ដែលអង្គនីមួយៗមានទំនាក់ទំនងជាមួយគ្នា ពេញទៅដោយសេចក្តីស្រឡាញ់។
ពិតប្រាកដណាស់! ព្រះជាម្ចាស់បានបង្កើតមនុស្សមក ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ ហើយក៏បង្ហាញថា ទ្រង់គឺជាព្រះដ៏ធំសម្បើម និងជាព្រះដែលពិតប្រាកដ។ ប៉ុន្តែ ដោយសារតែការមិនស្ដាប់បង្គាប់ នោះធ្វើឲ្យមនុស្សធ្លាក់ក្នុងអំពើបាប ហើយក៏ដោយសារលទ្ធផលនៃអំពើបាប គឺជាសេចក្តីស្លាប់រហូតអស់កល្បជានិច្ចដោយគ្មានផ្លូវដែលអាចជួយឲ្យត្រឡប់មកវិញបាន។ ដោយសារព្រះអង្គជ្រាបថា គ្មានផ្លូវណាដែលអាចសង្គ្រោះមនុស្សមានបាបបាន នោះទ្រង់ក៏ចាត់ព្រះរាជបុត្រារបស់ទ្រង់តែមួយឲ្យយាងចុះមកក្នុងលោកីយ៍នេះ ដើម្បីសុគតនៅលើឈើឆ្កាងទុកជាតង្វាយឲ្យធួននឹងបាបរបស់យើង។ នេះមានន័យថា ឲ្យសមនឹងអំពើបាប និងអ្វីដែលព្រះអង្គបានធ្វើនៅលើឈើឆ្កាងឲ្យសព្វគ្រប់អស់ហើយ និងគ្របបាំងអំពើបាបរបស់យើង។ ដែលនេះមានន័យបន្ថែមទៀតថា វាល្មម មិនខ្វះ។ ទ្រង់ធ្វើបែបនេះសម្រាប់ឲ្យយើងមានជីវិតរស់នៅជាមួយនឹងព្រះអង្គឡើងវិញបាន។ សេចក្តីទាំងនេះគឺជាដំណឹងល្អសម្រាប់លោកអ្នក ហើយនិងខ្ញុំ។ ហើយវាក៏ជាហេតុផលដែលយើងត្រូវតែស្រឡាញ់ដល់អ្នកដទៃដែរ។
ហេតុដូច្នេះ «សេចក្តីស្រឡាញ់» មានន័យថា ជាការប្ដេជ្ញាចិត្ត ដែលទាមទារឲ្យមានការលះបង់។ ក្នុងការបង្ហាញពីសេចក្ដីស្រឡាញ់ នោះយើងត្រូវមានការលះបង់ ដូចដែលព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គមកផែនដីផងដែរ។ ហើយការដែលត្រូវការលះបង់គឺ ដើម្បីជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់អ្នកដែលទទួលនូវសេចក្តីស្រឡាញ់នោះ។ សរុបសេចក្តីមកវិញ សេចក្តីស្រឡាញ់គឺជាការទាមទារឲ្យមានការលះបង់ ដើម្បីផលប្រយោជន៍ល្អបំផុតដល់អ្នកដែលទទួលនូវសេចក្តីស្រឡាញ់។ ចុះតើអ្វីទៅជា ផលប្រយោជន៍ដ៏ល្អបំផុតដែលអ្នកដទៃអាចនឹងទទួលបាន? នោះគឺជាការដែលនាំមនុស្សឲ្យស្គាល់ព្រះអង្គ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច។ ជីវិតអស់កល្បជានិច្ចគឺជាការល្អបំផុត! ចំណែកឯអ្នកដទៃ ដែលជាគ្រីស្ទបរិស័ទរួចហើយ អ្វីដែលល្អបំផុតនោះគឺនាំពួកគេឲ្យកាន់តែមានក្តីស្រឡាញ់ដែលលូតលាស់ ហើយមានភាពពេញវ័យឡើងៗ។
ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតការធ្វើបែបនោះនឹងនាំឲ្យលោកីយ៍នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ព្រះ ហើយក៏ជាសញ្ញាមួយនៃចំណុចស្នូលនៃជំនឿរបស់គ្រីស្ទបរិស័ទដែរ។ ចូររស់នៅដោយបង្ហាញពីសេចក្តីស្រឡាញ់ទៅដល់អ្នកដទៃ ដែលនៅជុំវិញខ្លួនដោយស្រឡាញ់គ្នាទៅវិញទៅមកចុះ។
មតិយោបល់
Loading…