in ,

ចូរ​ស្រឡាញ់​ប្រពន្ធ​

Love Your Wife Like Jesus Loves Her

មាន​ពេល​ខ្លះ លោក​អ្នក​ទៅ​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​ដំណើរ​ជីវិត​របស់​លោក​អ្នក​កំពុង​ដំណើរ​ការ​ទៅ​យ៉ាងសន្សឹមៗ ប៉ុន្តែ​ក៏​មាន​ការ​បំផ្លាស់​បំប្រែ​យ៉ាង​តូច​តាច​ផង​ដែរ។ ហើយ​មាន​ពេល​ខ្លះ​ទៀត លោក​អ្នក​ទៅ​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​ក៏​មាន​សេចក្ដី​បង្រៀន​ណា​មួយ​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​បំផ្លាស់​បំប្រែ​ទិស​ដៅ​នៃ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ទាំង​ស្រុង​តែ​ម្ដង។

នៅ​ឆ្នាំ១៩៩៨ កាល​យើង​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ហើយ​ជា​និស្សិត​ឆ្នាំ​ទី១នៅ​មហា​វិទ្យាល័យ យើង​ខ្ញុំ​បាន​យល់​អត្ថន័យ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ក្នុង​របៀប​មួយ​ដែល​យើង​ខ្ញុំ​មិន​ធ្លាប់​បាន​យល់​ពី​មុន​មក​សោះ។ យើង​ខ្ញុំ​បាន​ចុះ​ឈ្មោះ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​គ្រូ​គង្វាល​នៅ​ឯ​មហា​វិទ្យាល័យ​របស់​យើង​ខ្ញុំ ដែល​ប្រធាន​បទ​មាន​ចំណង​ជើង​ថា «ការ​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍»។ នៅ​ថ្ងៃ​នោះ លោក​គ្រូ​គង្វាល​របស់​យើង​ខ្ញុំ​បាន​ឲ្យ​កិច្ចការ​ផ្ទះ​មួយ​មក​កាន់​យើង​ខ្ញុំ និង​បុរស​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្នុង​បន្ទប់​នោះ ដែល​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​យើង​ខ្ញុំ​នៅ​តែ​បន្ត​បំពេញ​កិច្ចការ​ផ្ទះ​មួយ​នោះ​អស់​រយៈ​ពេល​២២​ឆ្នាំ​ហើយ។ ហើយ​យើង​ខ្ញុំ​នឹង​នៅ​តែ​បន្ត​ធ្វើ​កិច្ចការ​នោះ​រហូត​ទាល់​តែ​ប្រពន្ធ​យើង​ខ្ញុំ និង​យើង​ខ្ញុំ​ស្លាប់។

លោក​គ្រូ​គង្វាល​យើង​ខ្ញុំ​បាន​អាន​មក​កាន់​ពួក​យើង​ថា «បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ» (អេភេសូរ ៥:២៥)។ បន្ទាប់​មក គាត់​ក៏​បាន​សួរ​សំណួរ​ដែល​យើង​គួរ​សួរ (សំណួរ​ដែល​យើង​ក្នុង​នាម​ជា​ប្ដី​តែង​តែ​បរាជ័យ​ក្នុង​ការ​សួរ​ជា​រៀង​រាល់​ថ្ងៃ​ខណៈ​ពេល​ដែល​យើង​រវល់​ធ្វើ​ការ និង​រវល់​ជា​មួយ​នឹង​ជីវិត​នៃ​គ្រួសារ​របស់​យើង​ខ្លាំង​ពេក)៖ តើ​ព្រះ​យេស៊ូវ​ស្រឡាញ់​ក្រុម​ជំនុំ​របស់​ទ្រង់​ដោយ​របៀប​ណា?

របៀប​ស្រឡាញ់​១០​យ៉ាង​ដូច​ព្រះគ្រីស្ទ

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យើង​ខ្ញុំ​បាន​ស្វែង​រក​ក្នុង​ព្រះ​គម្ពីរ​អំពី​របៀប​ដែល​ព្រះ​គ្រីស្ទ​ស្រឡាញ់​ក្រុម​ជំនុំ​ទ្រង់ របៀប​ដែល​ទ្រង់​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ខ្ញុំ​បង្ហាញ​ក្ដី​ស្រឡាញ់​ក្នុង​ការ​ដែល​យើង​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​បាន​រក​ឃើញ​របៀប​នៃ​ការ​ស្រឡាញ់​នោះ​បាន​១០​យ៉ាង​ដែល​ល្អៗ។ ក្នុង​នាម​ជា​ប្ដី​ម្នាក់ ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​លោក​អ្នក​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ព្រះ​គ្រីស្ទ​ស្រឡាញ់​នាង ដូច្នេះ​ចូល​ឲ្យ​យើង​សញ្ជឹង​គិត​ទៅ​លើ​ជម្រៅ ភាព​ស្មុគ​ស្មាញ និង​ការ​ស្រឡាញ់​ដែល​គ្មាន​គូ​ផ្ទឹម​បាន​របស់​ទ្រង់​ចុះ។

១. ក្ដី​ស្រឡាញ់​ដ៏​រឹង​ចចេស

ព្រះ​យេស៊ូវ​នឹង​មិន​ដើរ​ចេញ​ពី​កូន​ក្រមុំ​របស់​ទ្រង់​ឡើយ។ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​នាង​ថា «ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប» (ម៉ាថាយ ២៨:២០)។ ក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សម្រាប់​ប្រពន្ធ​របស់​លោក​អ្នក​គឺ​មិន​ពឹង​អាស្រ័យ​លើ​ការ​ប្រព្រឹត្ត​របស់​នាង​ឡើយ ប៉ុន្តែ​ពឹង​អាស្រ័យ​លើ​ការ​តាំង​សេចក្ដី​សញ្ញា​នៃ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​នាង​វិញ។ នៅ​ពេល​ដែល​យើង​រក្សា​ទុក​នូវ​ការ​តាំង​សេចក្ដី​សញ្ញា​ខាង​ឯ​អាពាហ៍ពិពាហ៍​របស់​យើង មិន​ថា​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​នឹង​មាន​ការ​បំផ្លាស់​បំប្រែ​ខ្លាំង​ប៉ុណ្ណា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​ក៏​ដោយ ក៏​ការ​នោះ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ភាព​រឹង​ចចេស​របស់​ទ្រង់ និង​ការ​ដែល​ព្រះអង្គ​ស្រឡាញ់​ដោយ​មាន​ពេញ​ទៅ​ដោយ​ទឹក​ចិត្ត។ សូម​ឲ្យ​ប្រពន្ធ​យើង​ដឹង​ពី​ភាព​កក់ក្ដៅ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ» (ហេព្រើរ ១៣:៥)។

២. ស្រឡាញ់​ដោយ​សង្ឃឹម

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សម្លឹង​មើល​កូន​ក្រមុំ​របស់​លោក​អ្នក ព្រះ​អង្គ​បាន​ឃើញ​រួច​ហើយ​អំពី​ការ​ញែក​ជា​បរិសុទ្ធ​របស់​នាង។ ក្ដី​សង្ឃឹម​មួយ​នេះ​មាន​យុទ្ធការ​នៅ​លើ​អំណាច និង​ក្ដី​សង្ឃឹម​នៃ​ដំណឹង​ល្អ។ សាវ័ក ប៉ុល បាន​សរសេរ​ទៅ​កាន់​អស់​អ្នក​ជឿ​ថា​ពួក​គាត់ «បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា» (១កូរិនថូស ៦:១១)។ តាម​ពិត​ទៅ ទ្រង់​មិន​មែន​គ្រាន់​តែ​មើល​មក​កាន់​នាង​ថា នាង​បាន​ញែក​ជា​បរិសុទ្ធ​ហើយ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​បាន​មើល​មក​កាន់​នាង​ថា នាង​បាន​ទទួល​សិរី​ល្អ​រួច​ជា​ស្រេច​ទៅ​ហើយ (រ៉ូម ៨:៣០)។ តើ​ប្រពន្ធ​របស់​លោក​អ្នក​នឹង​លើក​ឡើង​ថា​លោក​អ្នក​ស្រឡាញ់​នាង​ដោយ «សង្ឃឹម​ទាំង​អស់» ប៉ុន្មាន​ដង​ទៅ (១កូរិនថូស ១៣:៧)? ដោយ​រំពឹង​គិត​ពី​ភាព​អស់​កល្ប​ជានិច្ច នោះ​លោក​អ្នក​នឹង​អាច​មាន​ការ​អត់ធ្មត់​ជា​មួយ​នឹង​ប្រពន្ធ​លោក​អ្នក​បាន ដូច​ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​នាង ហើយ​និង​លោក​អ្នក​ផង​ដែរ។

៣. ការ​ដេញ​តាម​ស្រឡាញ់

ព្រះ​យេស៊ូវ​មិន​ដែល​ឈប់​ដេញ​តាម​នូវ​ក្ដី​ស្រឡាញ់​នៃ​ដួង​ចិត្ត​របស់​ប្រពន្ធ​លោក​អ្នក មិន​មែន​ក្នុង​ភាព​ជា​ស្នេហា ប៉ុន្តែ​ក្នុង​ភាព​ដែល​ជាប់​លាប់។ តាម​ពិត​ទៅ ព្រះ​អង្គ​មិន​គ្រាន់​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ភក្ដី​ភាព​របស់​នាង​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​សុឆន្ទៈ​របស់​នាង​ផង​ដែរ (លូកា ១៥:៤-៧)។ ក្នុង​របៀប​ស្រដៀង​គ្នា​នោះ​ដែរ ព្រះ​ជាម្ចាស់​នឹង​ទទួល​បាន​សិរីល្អ ពេល​ដែល​ប្ដី​បន្ត​សង្វាត​ដេញ​តាម​ស្វែង​រក​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់​ផង​ដែរ។ ប្ដី​ណា​ដែល​បាន​លង់​ក្នុង​ក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​ក៏​នឹង​មិន​ចេះ​ឈប់​មាន​ភាព​ផ្អែម​ល្ហែម​ចំពោះ​ប្រពន្ធ​របស់​គាត់​ឡើយ។

៤. ក្ដី​ស្រឡាញ់​ដែល​អត់​ទោស

ព្រះ​យេស៊ូវ​ប្រទាន​ព្រះ​គុណ​ទៅ​កាន់​ប្រពន្ធ​របស់​លោក​អ្នក នៅ​ពេល​ដែល​នាង​មិន​ស័ក្ដិ​សម​នឹង​ទទួល​ព្រះ​គុណ​នោះ​ផង។ ទំនង​ជា​ចំណុច​មួយ​ដែល​លោក​អ្នក​អាច​បង្ហាញ​លក្ខណៈ​បែប​ដូច​ជា​ព្រះ​គ្រីស្ទ​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​នោះ គឺ​ផ្ដល់​ការ​អត់​ទោស​ទៅ​កាន់​ប្រពន្ធ​របស់​លោក​អ្នក​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចង​ចាំ​ថា​លោក​អ្នក​ក៏​ត្រូវ​ការ​ការ​អត់​ទោស​ផង​ដែរ។ គំរូ​មួយ​នៃ​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​នៃ​ការ​អត់​ទោស​ដែល​ប្ដី​អាច​ធ្វើ​បាន​គឺ​ព្យាយាម​ត្រាប់​តាម​ព្រះ​យេស៊ូវ ដូច​នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ចម្អិន​អាហារ​ពេល​ព្រឹក​សម្រាប់​សាវ័ក ពេត្រុស ដែល​គាត់​ទើប​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ទ្រង់ ដោយ​បាន​បដិសេធ​ទ្រង់​បី​ដង​ពេល​ទ្រង់​ជាប់​ឆ្កាង (យ៉ូហាន ២១:១២-១៥)។ ទាក់​ទង​នឹង​តម្រូវ​ការ​នៃ​ការ​ផ្សះផ្សា តើ​មាន​នរណា​ជា​អ្នក​ចាប់​ផ្ដើម​ការ​ដោះ​ស្រាយ​មុន លោក​អ្នក ឬ​ក៏​ប្រពន្ធ​របស់​លោក​អ្នក?

៥. ស្រឡាញ់​ដោយ​អំណរ

ព្រះ​យេស៊ូវ​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ប្រពន្ធ​របស់​លោក​អ្នក​ក្នុង​លក្ខណៈ​បែប​ស្ទាក់​ស្ទើរ​ទេ ប៉ុន្តែ​បែប​ជាប់​លាប់​ក្នុង​ការ​ស្រឡាញ់​នាង ពោល​គឺ​ព្រះ​អង្គ​ស្រឡាញ់​ក្នុង​ការ​ស្រឡាញ់​នាង​ណាស់។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​នៅ​ជា​មួយ​នឹង​កូន​ក្រមុំ​របស់​ទ្រង់។ ព្រះ​អង្គ​ទទួល​បាន​អំណរ​តាម​រយៈ​ការ​ដែល​ទ្រង់​ប្រទាន​អំណរ​មក​កាន់​យើង (ហេព្រើរ ១២:២)។ ប្រពន្ធ​ណា​ដែល​ទទួល​បាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​បែប​នេះ ហើយ​ដឹង​ថា​ប្ដី​របស់​គាត់​ស្រឡាញ់​ពេញចិត្ត​ក្នុង​ការ​ស្រឡាញ់​គាត់ នោះ​គាត់​នឹង​អាច​ក្លាយ​ទៅ​ជា​ព្រះ​ពរ​ដ៏​មហិមា​ថែម​ទៀត​ចំពោះ​អ្នក​ដទៃ​ជា​មិន​ខាន។ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​លោក​អ្នក​ដោយ​មាន​អំណរ​ក្នុង​របៀប​ដែល​ថា គាត់​នឹង​ដឹងពី​ក្ដី​ស្រឡាញ់​មួយ​នោះ ហើយ​អ្នក​ដទៃ​ក៏​អាច​នឹង​មើល​ឃើញ​ពី​ក្ដី​ស្រឡាញ់​នោះ​បាន​ដែរ។

៦. ស្រឡាញ់​ដោយ​បម្រើ

ព្រះ​យេស៊ូវ​បាន​បម្រើ​នាង​ក្នុង​ការ​រស់ និង​ការ​ស្លាប់​របស់​ព្រះ​អង្គ។ មិន​មាន​អ្វី​ដែល​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ឲ្យ​លោក​អ្នក​ធ្វើ​សម្រាប់​ប្រពន្ធ​លោក​អ្នក​ដែល​វា​ហួស​ហេតុ​ខ្លាំង​ពេក​នោះ​ទេ! ព្រះ​យេស៊ូវ «បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង» (អេភេសូរ ៥:២៥)។ មាន​ប្ដី​ជា​ច្រើន​នាក់ ឬ​ភាគ​ច្រើន​ដែល​រាប់​ខ្លួន​ឯង​ថា​ជា​ស្ដេច​ដែល​ត្រូវ​តែ​មាន​គេ​បម្រើ​លោក ប៉ុន្តែ​លោក​អ្នក ហើយ​និង​យើង​ខ្ញុំ​គឺ​ត្រូវ​បាន​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​មេ​បាវ​បម្រើ (អ្នក​បម្រើ​ចម្បង) នៅ​ក្នុង​ផ្ទះ​របស់​យើង​វិញ។ របៀប​ដែល​យើង​អាច​បង្ហាញ​ពី​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ​បាន​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង គឺ​យើង​បាន​ចូល​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​យេស៊ូវ ដែល​ទ្រង់​បាន​បម្រើ​ពួក​សាវ័ក​ទ្រង់ ដោយ​យក​កន្សែង និង​ចាន​ក្លាំ​លាង​ជើង​ពួក​គេ (យ៉ូហាន ១៣:១២-១៧)។

៧. ស្រឡាញ់​ដោយ​ញែក​ជា​បរិសុទ្ធ

ព្រះ​យេស៊ូវ​ស្រឡាញ់​ប្រពន្ធ​របស់​លោក​អ្នក​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​ជួយ​ឲ្យ​នាង​លូត​លាស់​ក្នុង​ការ​ញែក​ជា​បរិសុទ្ធ និង​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​ធ្វើ​ជា​អ្នក​ទូល​អង្វរ​ជំនួស​នាង​នៅ​មុខ​ព្រះ​ភក្ត្រ​របស់​ព្រះ​វរបិតា (១យ៉ូហាន ២:១)។ តើ​លោក​អ្នក​លើក​ទឹក​ចិត្ត​ឲ្យ​ប្រពន្ធ​របស់​លោក​អ្នក​ទៅ​ចូល​រួម​ការ​រៀន​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ ទោះ​បើ​ការ​ឲ្យ​នាង​ទៅ​នោះ​មាន​ន័យ​ថា លោក​អ្នក​ត្រូវ​តែ​មើល​ថែ​រក្សា​កូន​ចៅ​តែ​ម្នាក់​ឯង​នៅ​យប់​នោះ? តើ​លោក​អ្នក​អធិស្ឋាន​ជា​ជាប់​លាប់​សម្រាប់​ប្រពន្ធ​របស់​លោក​អ្នក​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដែរ​ឬទេ? ចូរ​ខំ​ឲ្យ​ខ្លាំង​ក្នុង​ការ​ជួយ​ឲ្យ​ប្រពន្ធ​លោក​អ្នក​លូត​លាស់​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ចុះ។

៨. ស្រឡាញ់​ដោយ​ដឹក​នាំ

ព្រះ​យេស៊ូវ​ដឹក​នាំ​យើង​ទៅ​កាន់​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​យើង។ ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​ស្រឡាញ់​ប្រពន្ធ​របស់​លោក​អ្នក​ដោយ​មាន​ការ​ដឹក​នាំ ជា​ជាង​ការ​ស្រឡាញ់​ដែល​គ្មាន​សកម្ម​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះអង្គ​ក៏​ដឹក​នាំ​នាង​ទៅ​កាន់​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​នាង​ទៀត​ផង (ទំនុក​តម្កើង ២៣:២)។ យើង​មិន​អាច​ដឹក​នាំ​ប្រពន្ធ​យើង​ខាង​ឯ​ព្រលឹង​វិញ្ញាណ​បាន​ឡើយ ប្រសិន​បើ​យើង​មិន​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះអង្គ​តាម​រយៈ​ព្រះ​បន្ទូល និង​ការ​អធិស្ឋាន​ដោយ​ខ្លួន​ឯង​ជា​មុន​សិន។ របៀប​មួយ​ដែល​លោក​អ្នក​អាច​ដឹក​នាំ​នាង​ឲ្យ​បាន​ល្អ​គឺ​តាម​រយៈ​ការ​សុំ​គំនិត​យោបល់​ពី​នាង ហើយ​បន្ទាប់​មក​ធ្វើ​ការ​សម្រេច​ចិត្ត​ធំៗ (និង​ទទួល​យក​ផល​កម្ម) ​ជា​ជាង​ឲ្យ​ការ​សម្រេច​ចិត្ត និង​ផល​កម្ម​ធ្លាក់​ទៅ​លើ​នាង។

៩. ស្រឡាញ់​ដោយ​ផ្គត់​ផ្គង់

ព្រះ​យេស៊ូវ​ផ្គត់​ផ្គង់​ដល់​ប្រពន្ធ​របស់​លោក​អ្នក​នូវ​រាល់​អ្វីៗ​ដែល​នាង​ត្រូវ​ការ។ តើ​លោក​អ្នក​ចេះ​កត់​សម្គាល់​ពី​តម្រូវ​ការ​របស់​ប្រពន្ធ​លោក​អ្នក​ដែរ​ឬ​ទេ ទោះ​បើ​លើស​ពី​ការ​ផ្គត់​ផ្គង់​ខាង​ឯ​សាច់​ឈាម ហើយ​បន្ទាប់​មក​ធ្វើ​អ្វី​មួយ ដើម្បី​បំពេញ​តម្រូវ​ការ​នោះ? ព្រះ​គ្រីស្ទ​ថែរក្សា​នាង ដោយ​ផ្គត់​ផ្គង់​នូវ​បរិយាកាស​សម្រាប់​ការ​លូត​លាស់ និង​ការ​រីក​ចម្រើន។ សាវ័ក ប៉ុល បាន​ពន្យល់​មក​កាន់​យើង​ថា «ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ» (អេភេសូរ ៥:២៨)។ ពេល​ដែល​យើង​ខ្ញុំ​ឃើញ​ថា វា​ជា​ទំនួល​ខុស​ត្រូវ​របស់​យើង​ខ្ញុំ​ក្នុង​ការ​ធ្វើអ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ជួយ​ឲ្យ​ប្រពន្ធ​យើង​ខ្ញុំ​រីក​ចម្រើន​ឡើង ការ​នោះ​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​ខ្ញុំ។

១០. ស្រឡាញ់​ដោយ​ស្គាល់

ព្រះ​យេស៊ូវ​ស្គាល់​ប្រពន្ធ​របស់​លោក​អ្នក​ខ្លាំង​ជាង​នាង​ស្គាល់​ខ្លួន​ឯង​ទៅ​ទៀត។ ព្រះ​អង្គ​ស្រឡាញ់​នាង​ដោយ​ស្គាល់​នាង។ ព្រះ​អង្គ​ស្គាល់​ចំណុច​ខ្លាំងៗ​របស់​នាង និង​ចំណុច​ខ្សោយៗ​របស់​នាង ហើយ​ព្រះ​អង្គ​បាន​មាន​សកម្ម​ភាព​ជំនួស​នាង​ទៀត​ផង (អេភេសូរ ៥:២៩-៣០)។ ទោះ​បើ​យើង​មិន​អាច​នឹង​ស្គាល់​ប្រពន្ធ​យើង​ដូច​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ស្គាល់​ពួក​គាត់​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ព្យាយាម​ស្គាល់​ពួក​គាត់​តាម​លទ្ធភាព​ដែល​យើង​អាច​ស្គាល់​ពួក​គាត់​បាន​ដែរ។ ការ​អធិស្ឋាន​របស់​យើង​សម្រាប់​ពួក​គាត់​នឹង​តែង​តែ​មាន​ការ​រារាំង ប្រសិន​បើ​យើង​បរាជ័យ​ក្នុង​ការ​ស្គាល់​ពួក​គាត់ (១ពេត្រុស ៣:៧)។ ពេល​ដែល​យើង​ព្យាយាម​ឲ្យ​កាន់​តែ​ស្គាល់​ប្រពន្ធ​របស់​យើង នោះ​ពួក​គាត់​នឹង​ដឹង​ថា យើង​កំពុង​តែ​ស្រឡាញ់​ពួក​គាត់​ហើយ។

ការ​ប្រឆាំង​អារក្ស​ជា​មួយ​នឹង​សេចក្ដី​ស្រឡាញ់

មាន​ល្ងាច​មួយ យើង​ខ្ញុំ​កំពុង​ដើរ​នៅ​ក្នុង​បន្ទប់​គេង​របស់​យើង​ដោយ​មិន​បាន​ពាក់​ស្បែក​ជើង ហើយ​ពេល​នោះ​យើង​ខ្ញុំ​ក៏​បាន​ឃើញ​នូវ​អ្វី​មួយ​ដែល​យើង​មិន​ចង់​ឃើញ​នៅ​ក្នុង​ផ្ទះ​យើង ពោល​គឺ​កន្ទុយ​សត្វ​ពស់​មួយ​ដែល​កំពុង​តែ​លូន​ចេញ​ពី​កន្លែង​ជ្រុង​ជញ្ជាំង​ដែល​ជួប​គ្នា​ជា​មួយ​នឹង​កម្រាល​ឥដ្ឋ។ យើង​បាន​រក​ឃើញ​ថា គ្រឹះ​ផ្ទះ​របស់​យើង​បាន​ប្រេះ ហើយ​សត្វ​ពស់​នោះ​ក៏​បាន​ចូល​តាម​កំហែង​ប្រេះ​នោះ ឡើង​មក​ក្នុង​ផ្ទះ​របស់​យើង។

បង​ប្អូន​អើយ យើង​មាន​ខ្មាំង​សត្រូវ​មួយ គឺ​ពស់​ពី​បុរាណ ដែល​មាន​បំណង​ចិត្ត​ក្នុង​ការ​លូន​ចូល​មក​ក្នុង​ផ្ទះ​យើង ហើយ​បង្ក​បង្កើត​ឲ្យ​មាន​បញ្ហា។ ប៉ុន្តែ ចូរ​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់ យើង​ដឹង​ហើយ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ជា​អ្នក​កិន​ក្បាល​សត្វ​ពស់ ព្រះ​អង្គ​បាន​យក​ឈ្នះ​លើ​វា​រួច​ហើយ ហើយ​ព្រះ​អង្គ​ស្រឡាញ់​យើង​ដោយ​មាន​សេចក្ដី​ស្រឡាញ់​បែប​អធម្ម​ជាតិ​ទៀត​ផង។ ចូរ​ដឹង​ឲ្យ​ប្រាកដ​ថា នៅ​ពេល​ដែល​លោក​អ្នក​ស្រឡាញ់​ប្រពន្ធ​លោក​អ្នក​ដូច​ដែល​ព្រះ​គ្រីស្ទ​ស្រឡាញ់​នាង នោះ​មូល​ដ្ឋាន​គ្រឹះ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​នឹង​ទទួល​បាន​ការ​ពង្រឹង​ឡើង សាតាំង​បាន​ចាញ់​ជា​ថ្មី​ម្ដង​ទៀត ហើយ​ព្រះ​គ្រីស្ទ​ក៏​ត្រូវ​បាន​តម្កើង​ឡើង​សម្រាប់​ឲ្យ​អ្នក​ដទៃ​កាន់​តែ​មើល​ឃើញ​ទ្រង់​ថែម​ទៀត​ផង។

និពន្ធ​ដោយ៖ លោក​គ្រូ Tim Counts
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងកញ្ញា លី វួចឡេង
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. ខ្ញុំអានអត្ថបទអត់សូវយល់ និងការបកប្រែ
    ហើយពាក្យ(ភាពរឹងចចេសរបស់ទ្រង់) មិនត្រូវប្រើចំពោះព្រះឡើយ ព្រោះពាក្យរឹងចចេសវាប្រើសម្រាប់តែមនុស្សដែលមិនស្តាប់បង្គាប់ ដែលរឹងរូស មនុស្សក្បាលរឹង កូនដែលមិន ស្តាប់បង្គាប់ ហ្នឹងទើបប្រើភាសាររឹងចចេស។ សូមព្រះប្រទានពរ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក

គ្មាន​ក្ដី​សង្ឃឹម