in

រៀប​ការ និង​ការ​នៅ​លីវ

«ដ្បិតមនុស្សខ្លះជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នក​ផ្សេងទៀត ជាមនុស្សកម្រៀវដោយសារគេក្រៀវ ហើយក៏​មាន​មនុស្ស​កម្រៀវ​ដែល​ក្រៀវ​ខ្លួនឯង​ដោយព្រោះតែ​នគរស្ថានសួគ៌។ ដូច្នេះ អ្នក​ដែលអាចទទួលយកបាន ចូរទទួលយកចុះ»
(ម៉ាថាយ ១៩:១២ គគខ)។

សំណួរ​ដ៏​សំខាន់​មួយ​ដែល​សិស្ស​របស់​ព្រះ​យេស៊ូវ​គួរ​សួរ​ខ្លួន​ឯង​នោះ​គឺ «តើ​ព្រះ​ជាម្ចាស់​សព្វព្រះហឫទ័យ​ឲ្យ​ខ្ញុំ​រៀបការ ឬក៏​នៅ​លីវ?» មាន​តែ​ការ​ដឹកនាំ​ពី​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាច​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នោះ​បាន។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឆ្លើយ​សំណួរ​នោះ​សម្រាប់​បុគ្គល​ណាមួយ​បាន​ឡើយ ហើយ​ការ​ព្យាយាម​ឆ្លើយ​សំណួរ​នោះ​សម្រាប់​បុគ្គល​ណា​មួយ​ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធំ​បាន​ដែរ។

ជាទូទៅ ព្រះបន្ទូល​បាន​បង្រៀន​យើង​ថា ព្រះជាម្ចាស់​បាន​បង្កើត​អាពាហ៍ពិពាហ៍​សម្រាប់​មនុស្ស​យើង​ដោយ​មាន​ទាំង​បំណង ព្រះហឫទ័យ​មួយ​ចំនួន​ដូចខាងក្រោម៖

ទី១ ព្រះជាម្ចាស់​បាន​គ្រោងទុក​ការ​ផ្សំផ្គុំ​ជា​ដៃគូ និង​ឲ្យ​មាន​ភាព​អរសប្បាយ​ជាមួយ​គ្នា​ក្នុង​អាពាហ៍ពិពាហ៍។ ព្រះជាម្ចាស់​បាន​ឃើញថា «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ» (លោកុប្បត្ដិ ២:១៨ គខប)។

ទី២ ព្រះជាម្ចាស់​បាន​រៀបចំ​អាពាហ៍ពិពាហ៍​ឡើង ដើម្បី​ឲ្យ​មនុស្ស​បង្កើត​កូនចៅ​តទៅ​មុខ​ទៀត។ យើង​អាច​ឃើញ​គោលបំណង​នេះ​តាមរយៈ​ព្រះ​រាជបញ្ជា​របស់​ព្រះ​ជាម្ចាស់​ដែល​បញ្ជាក់​ថា «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង» (លោកុប្បត្ដិ ១:២៨)។

ទី៣ ព្រះជាម្ចាស់​បាន​រៀបចំ​អាពាហ៍ពិពាហ៍​ឡើង ដើម្បី​រក្សា​ភាព​បរិសុទ្ធ​នៅក្នុង​គ្រួសារ និង​សង្គម។ «ដោយ​ព្រោះ​មាន​ការ​សហាយ​ស្មន់​កើត​ឡើង បាន​ជា​គួរ​ឲ្យ​គ្រប់​គ្នា​មាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ…» (១កូវិនថូស ៧:២)។ ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​មិន​បាន​លើក​ឡើង​ថា មនុស្ស​មិន​អាច​រៀបការ​បាន​ទេ បើ​ពួក​គេ​ចង់​មាន​ជីវិត​បរិសុទ្ធ ហើយ​មាន​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​បម្រើ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ​ព្រះ​បន្ទូល​បាន​លើកឡើង​ថា «ចូរ​ឲ្យ​មនុស្ស​គ្រប់​គ្នា​គោរព​ការ​រៀបការ ហើយ​ការ​រួមដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ» (ហេព្រើរ ១៣:៤)។ ចំណុច​នេះ​ចង់​បញ្ជាក់​ថា «អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ នោះ​ឈ្មោះ​ថា​បាន​របស់​ល្អ…» (សុភាសិត ១៨:២២)។ គ្រូ​ប្រដៅ​នៅ​ក្នុង​កណ្ឌគម្ពីរ​សាស្ដា​បាន​លើក​ឡើង​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ថា «មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង» (សាស្ដា ៤:៩) ជាពិសេស ប្រសិនបើ​អ្នក​ទាំង​ពីរ​នេះ​ចាប់ដៃ​គ្នា​បម្រើ​ព្រះ​អម្ចាស់​ជាមួយ​គ្នា។ កណ្ឌគម្ពីរ ចោទិយកថា ៣២:៣០ បាន​ចែង​ពី​ប្រសិទ្ធភាព​នៃ​ការ​រីកចម្រើន​ក្នុង​ការ​សហការ​គ្នា ហើយ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​តែ​ម្នាក់​អាច​ដេញ​សត្រូវ​ដល់​មួយ​ពាន់ ហើយ​ពីរ​នាក់​ក៏​អាច​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ផាសក្រញាំ​ដែរ។

ទោះបីជា​អាពាហ៍ពិពាហ៍​គឺ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​សម្រាប់ មនុស្ស​យើង​ជាទូទៅ​ក្តី ក៏​មិនមែន​មាន​ន័យ​ថា ជា​បំណងព្រះហឫទ័យ​សម្រាប់​មនុស្ស​គ្រប់​រូប​នោះ​ទេ។ ទោះបើ​វា​មើល​ទៅ​ដូចជា​សិទ្ធិ​ដែល​មិន​មាន​អ្នក​ណា​ម្នាក់​អាច​ដកហូត​ចេញ​បាន​ក្ដី ក៏​សិស្ស​របស់​ព្រះ​អម្ចាស់យេស៊ូវ​អាច​សម្រេច​លើក​សិទ្ធិ​នេះ​ចេញ ដើម្បី​ឲ្យ​ខ្លួន​គាត់​អាច​បម្រើ​ព្រះ​គ្រីស្ទ​យ៉ាង​អស់ពីចិត្ត។

ព្រះអម្ចាស់យេស៊ូវ​បាន​កត់សម្គាល់​ថា នៅ​ក្នុង​នគរ​របស់​ទ្រង់​នឹង​មាន​អ្នក​ដែល​ប្រៀប​បាន​នឹង​អ្នក​ដែល​ក្រៀវ​ខ្លួនឯង​ដើម្បី​បម្រើ​ទ្រង់ «ដ្បិត​មនុស្ស​ខ្លះ​ជា​មនុស្ស​កម្រៀវ​តាំងពី​កំណើត​មក និងអ្នក​ផ្សេងទៀត ជា​មនុស្ស​កម្រៀវ​ដោយសារ​គេ​ក្រៀវ ហើយ​ក៏​មាន​មនុស្ស​កម្រៀវ​ដែល​ក្រៀវ​ខ្លួនឯង​ដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះ អ្នក​ដែលអាចទទួលយកបាន ចូរទទួលយកចុះ» (ម៉ាថាយ ១៩:១២)។

ជម្រើស​ធ្វើ​ជា​អ្នក​កម្រៀវ​កើត​ឡើង​តាមរយៈ​ការ​ស្ម័គ្រចិត្ត​តែ​ប៉ុណ្ណោះ ហើយ​គាត់​សម្រេច​ចិត្ត​ដោយសារ៖

១. គាត់​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា ព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ឲ្យ​គាត់​
នៅ​លីវ។

២. គាត់​មាន​បំណងប្រាថ្នា​ថ្វាយ​ខ្លួន​គាត់​ទាំង​ស្រុង ដើម្បី​បម្រើ​ ព័ន្ធកិច្ច​របស់​ព្រះ​អម្ចាស់​ដោយ​មិន​មាន​ការ​ជំពាក់ជំពិន​នឹង​ការ​ ទទួលខុសត្រូវ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។

ដូច្នេះ​បុគ្គល​ដែល​ចង់​ធ្វើ​ជា​មនុស្ស​នៅ​លីវ គាត់​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​ថា ​នោះ​ហើយ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​គាត់ (១កូរិនថូស ៧:៧)។ មាន​តែ​តាមរយៈ​ការ​នេះ​ប៉ុណ្ណោះ ទើប​សិស្ស​របស់​ព្រះ​យេស៊ូវ​ដឹង​យ៉ាង​ច្បាស់​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ព្រះ​គុណ​ដែល​ពួក​គេ​ត្រូវ​ការ​ក្នុង​ជីវិត​ជា​អ្នក​នៅ​លីវ។

ហើយ​វា​ត្រូវតែ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ទីណា​ដែល​មាន​ការ​បង្ខំ​ឲ្យ​នៅ​លីវ​ដើម្បី​បម្រើ​ព័ន្ធកិច្ច​ព្រះ​ជាម្ចាស់ ទី​នោះ​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​សេចក្តី​ស្មោកគ្រោក និង​សេចក្តី​កំផិត​ជា​ច្រើន។

សាវ័ក ប៉ុល បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ដែល​មិន​រៀបការ​អាច​បម្រើ​ព័ន្ធកិច្ច​របស់​ស្ដេច​លើ​អស់​ទាំង​ស្ដេច​បាន​យ៉ាង​ច្រើន៖ «អ្នក​ដែល​គ្មាន​ប្រពន្ធ នោះ​តែង​រវល់​តែ​នឹង​ការ​របស់​ព្រះ​អម្ចាស់​ដែល​នឹង​ធ្វើ​ដូច​ម្ដេច​ឲ្យ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ប៉ុណ្ណោះ តែ​អ្នក​ណា​ដែល​មាន​ប្រពន្ធ នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ៍​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្ដេច​ឲ្យ​ប្រពន្ធ​បាន​ពេញ​ចិត្ត» (១កូរិនថូស ៧:៣២-៣៣)។

នោះ​ហើយ​ជា​ហេតុផល​ដែល​បណ្ដាល​ឲ្យ​សាវ័ក ប៉ុល ​ប្រាថ្នា​ថា អ្នក​មិន​ទាន់​រៀបការ និង​មេម៉ាយ ឬ​ពោះម៉ាយ​ក្ដី គួរ​រស់នៅ​ដូច​គាត់​ដោយ​មិន​ចាំបាច់​រៀបការ (១កូរិនថូស ៧:៧-៨)។

សូម្បី​តែ​អស់​អ្នក​ដែល​បាន​រៀបការ​រួច​ហើយ​ក្តី ក៏​សាវ័ក ប៉ុល បាន​ប្រាប់​ពួក​គេ​ថា ពេលវេលា​ចង្អៀត​ណាស់ ដូច្នេះ​ពួក​គេ​ត្រូវ​ប្រើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​នាំ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ៖

បង​ប្អូន​អើយ ខ្ញុំ​ប្រាប់​សេចក្តី​នេះ​ថា ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ ពួក​ដែល​យំ ដូច​ជា​មិន​យំ ពួក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ ពួកដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ ហើយ​ពួក​អ្នក​ដែល​ប្រើប្រាស់​លោកីយ៍​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ៍​នេះ​តែង​តែ​ផ្លាស់​ទៅ (១កូរិនថូស ៧:២៩-៣១)។

នេះ​មិន​មែន​ចង់​មាន​ន័យ​ថា មនុស្ស​ប្រុស​គួរតែ​លះ​អាល័យ​ចោល​ទំនួល​ខុសត្រូវ​នៅ​ផ្ទះ​របស់​ខ្លួន ឬ​បោះបង់​ចោល​ប្រពន្ធ​និង​កូន​របស់​ខ្លួន ហើយ​ទៅ​ធ្វើ​ជា​បេសកជន​នោះ​ទេ។ ប៉ុន្តែ គាត់​មិន​គួរ​ព្យាយាម​រក​ការ​អរសប្បាយ និង​ការ​ស្កប់ចិត្ត​ចេញ​តែ​ពី​គ្រួសារ​របស់​គាត់​នោះ​ឡើយ។ គាត់​មិន​គួរ​យក​លេស​ថា មក​ពី​ប្រពន្ធ​កូន​របស់​គាត់ បាន​ជា​គាត់​ដាក់​ព្រះ​យេស៊ូវ​ជា​ទីពីរ​ទៅ​វិញ។

លោក ស៊ី. ធី. ស្ទឹដ (C. T. Studd) បារម្ភ​ថា គូដណ្ដឹង​របស់​គាត់​គិត​ពី​គាត់​ច្រើន​ពេក ហើយ​ការ​នោះ​នឹង​ធ្វើ​ឲ្យ​នាង​បែរ​ជា​យក​ព្រះ​អម្ចាស់យេស៊ូវ​ជា​ទី​ពីរ​សម្រាប់​ជីវិត​របស់​នាង​ទៅ​វិញ។ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង គាត់​ក៏​បាន​តែង​ជា​កំណាព្យ​ខ្លី​មួយ​ទុក​ឲ្យ​នាង​ទន្ទេញ​ជា​ប្រចាំ​ថ្ងៃ​គឺ៖

ព្រះយេស៊ូវ​អើយ ទូលបង្គំ​ស្រឡាញ់​ទ្រង់​ណាស់
ព្រះអង្គ​ជាក់​ច្បាស់​សំខាន់​ដល់​ទូលបង្គំ
ភរិយា​សំណព្វ​មិន​ស្មើ​ដូច​ទ្រង់ ដួង​ចិត្ត​ទូលបង្គំ​ស្រឡាញ់​ទ្រង់​ពន់​ពេក។

ពួក​អ្នក​កាន់លទ្ធិកុម្មុយនីស្ទ​ប្រកាន់យក​គោលការណ៍​ឈ្នះ​ពិភពលោក សំខាន់​ជាង​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​ពួក​គេ​ទៅ​ទៀត។ លោក ហ្គោដឹន អនណល ឡន់ស្ដេល (Gordon Arnold Lonsdale) បាន​ធ្វើ​គំរូ​ស្រាប់​ហើយ។ បន្ទាប់ពី​ប៉ូលិស​បាន​ចាប់​ខ្លួន​គាត់​នៅ​ក្នុង​ប្រទេស​អង់គ្លេស ថា​គាត់​ជា​គិញ​មក​ពី​រុស្សី​ក្នុង​ឆ្នាំ ១៩៦០ ពួក​ប៉ូលិស​បាន​រក​ឃើញ​សំបុត្រ​មួយ​ច្បាប់​ពី​ប្រពន្ធ​របស់​គាត់​រួម​ជាមួយ​នឹង​ចម្លើយ​តប​ប្រមាណ​ជា​ជិត៦​ទំព័រ។ ប្រពន្ធ​គាត់​បាន​សរសេរ​ថា៖

ជីវិត​នេះ​អី​ក៏​អយុត្តិធម៌​ម៉្លេះ! អូន​យល់​ច្បាស់​ហើយ​ថា​បង​ធ្វើការ ហើយ​វា​គឺ​ជា​កិច្ចការ​របស់​បង បង​ស្រឡាញ់​ការ​ងារ​បង ហើយ​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ដោយ​យកចិត្ត​ទុកដាក់។ ទោះបីជា​យ៉ាង​នេះ​ក្តី ហេតុផល​របស់​អូន​ស្តាប់​ទៅ​ដូច​ជា​មាន​លក្ខណៈ​ចង្អៀតចង្អល់​ក្នុង​បែបបទ​នៃ​ការ​និយម​របស់​ស្ត្រី ហើយ​អូន​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់។ សូម​ឆ្លើយ​តប​មក​អូន​ផង​ថា​បង​ស្រឡាញ់​អូន​ប៉ុណ្ណា ហើយ​ប្រហែល​ជា​អូន​នឹង​បាន​ធូរ​ចិត្ត។

លោក ឡន់ស្ដេល (Lonsdale) បាន​ឆ្លើយតប​ដូចតទៅ៖

ការ​ដែល​បង​ចង់​លើកឡើង​នោះ​គឺ​ថា សូម្បី​តែ​រូប​បង​ផ្ទាល់​ក៏​មាន​ជីវិត​តែ​មួយ ​ហើយ​ក៏​មិនមាន​ភាព​សុខស្រួល​យ៉ាង​ដូច្នោះ​ដែរ។ អ្វី​ដែល​បង​ចង់​ធ្វើ​នោះ​គឺ រស់នៅ​ដើម្បី​កុំ​ឲ្យ​បង​មាន​ភាព​អាម៉ាស់ នៅពេល​ដែល​បង​ក្រឡេក​មើល​ក្រោយ…ពេលនេះ​បង​មាន​អាយុ​៣៩​ឆ្នាំ​ទៅ​ហើយ តើ​វា​មាន​នៅ​សល់​ពេល​ច្រើន​ទៀត​ទេ?១

សាវ័ក ប៉ុល​បាន​លើក​ឡើង​ថា «…ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ​គួរតែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ» (១កូរិនថូស ៧:២៩)។

អារក្សសាតាំង​តែងតែ​ប្រើ​អាពាហ៍ពិពាហ៍​ដែល​មាន​លក្ខណៈ​ឆាប់រហ័ស ឬ​ការ​យល់​ពី​អត្ថន័យ​នៃ​អាពាហ៍ពិពាហ៍​មិន​បាន​ត្រឹមត្រូវ មក​រារាំង​សិស្ស​ដ៏​ក្មេងខ្ចី​របស់​ព្រះ​យេស៊ូវ​មិន​ឲ្យ​បម្រើ​ព័ន្ធកិច្ច​របស់​ទ្រង់​យ៉ាង​ពេញទី។ មាន​អ្នក​ត្រួសត្រាយ​ដ៏​ឆេះឆួល​របស់​ព្រះ​ជាម្ចាស់​ជាច្រើន​បាន​លះបង់​ព័ន្ធកិច្ច​ដែល​ទ្រង់​បាន​ដាក់​ឲ្យ​គាត់​ធ្វើ​ចោលចេញ ដើម្បី​ទៅ​រៀបការ​វិញ។

ពេលខ្លះ​អាពាហ៍ពិពាហ៍​អាច​ជា​សត្រូវ​ដ៏​ធំ​មួយ​ដែល​រារាំង​យើង​មិន​ឲ្យ​បំពេញ​បំណងព្រះហឫទ័យ​របស់​ព្រះ​គ្រីស្ទ​ដែល​ថា មនុស្ស​គ្រប់​រូប​គួរ​តែ​ឮ​ដំណឹងល្អ​ពី​ទ្រង់។

អាពាហ៍ពិពាហ៍​គឺ​ជា​ការ​ប្រទាន​មក​ពី​ព្រះ​ជាម្ចាស់ ប៉ុន្តែ​នៅពេល​ដែល​វា​ក្លាយ​ជា​រនាំង​ទាស់​នឹង​ព្រះ​ហឫទ័យ​របស់​ទ្រង់ នោះ​មាន​ន័យ​ថា​យើង​កំពុងតែ​ប្រើប្រាស់​វា​មិន​បាន​ត្រឹមត្រូវ។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​អាច​នឹង​រៀបរាប់​ឈ្មោះ​អ្នក​ដែល​យើង​ស្គាល់​ជា​ច្រើន គឺ​ជា​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​ទៅ​ធ្វើ​ជា​បេសកជន តែ​មិនដែល​ចេញ​ទៅ​សោះ ព្រោះ​ពួក​គេ​រវល់​តែ​ជាប់ដៃជាប់ជើង​ជាមួយ​អ្នក​ជាទីស្រឡាញ់​របស់​ខ្លួន​ប៉ុណ្ណោះ។ មិន​គួរ​ឲ្យ​មាន​ការ​ណា​មួយ​មក​បង្អាក់​បំណងព្រះហឫទ័យ​ ដែល​ព្រះ​ជាម្ចាស់​មាន​សម្រាប់​អ្នក​ណា​ម្នាក់​នោះ​ឡើយ សូម្បីតែ​ការ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​គូជីវិត​ក៏​ដោយ…សព្វថ្ងៃ​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ទៅ​ដោយ​គ្មាន​ព្រះ​គ្រីស្ទ ព្រោះ​តែ​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​ទៅ​ផ្សាយ​ដំណឹងល្អ បែរ​ទៅជា​លើកតម្កើង​គ្រួសារ​ជា​ទីមួយ​ជាជាង​ការ​បំពេញតាម​បំណងព្រះហឫទ័យ​របស់​ទ្រង់​ទៅវិញ។២

អាពាហ៍ពិពាហ៍​អាច​ក្លាយ​ជា​សត្រូវ​នឹង​ការ​បំពេញ​បេសកកម្ម​របស់​ព្រះ​គ្រីស្ទ ជាពិសេស ចំពោះ​អ្នក​ត្រួសត្រាយ​ដែល​ផ្សាយ​ដំណឹង​ល្អ​នៅ​កន្លែង​ពិបាក ហើយ​មិន​ទាន់​បាន​ឮ​ដំណឹងល្អ។

មាន​បុរស​ស្ត្រី​ជា​ច្រើន​ដែល​ជា​អ្នក​នាំមុខ​ប្រហែល​ជា​ត្រូវ​លះបង់ សូម្បីតែ តម្រូវការ​ចាំបាច់​ឬ​ការ​ល្អ​មួយ​ចំនួន​ក្នុង​ជីវិត​ក៏​ដោយ។ អ្នក​នាំមុខ​ត្រូវ​មាន​ភាព​រឹងប៉ឹង ត្រូវ​ធ្វើជា​ទាហាន​ដ៏​ល្អ​ដែល​មិន​ជាប់​ទាក់ទិន​នឹង​រឿង​ផ្សេងៗ​ក្នុង​ជីវិត​នេះ និង​ធ្វើ​ជា​កីឡាករ​ដែល​ចោល​អស់​ទាំង​បន្ទុក ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ពួក​គេ​ឲ្យ​មាន​មុខងារ​ពិសេស​សម្រាប់​ទ្រង់។៣

សម្រាប់​អស់​អ្នក​ដែល​បាន​ឮ​ការ​ត្រាស់ហៅ​នេះ ហើយ​បាន​ឆ្លើយតប​វិញ អ្នក​នោះ​នឹង​មាន​រង្វាន់​ជា​ទី​គាប់​ចិត្ត។ «ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា…អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះសំបែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរដក​ដែរ» (ម៉ាថាយ ១៩:២៨-២៩)។

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

11 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រីស្ទបរិស័ទ & បុណ្យ​ហាឡូវីន

ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ដំណឹងល្អ