in

គ្រូ​គង្វាល​របស់​ខ្ញុំ​មិន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​សោះ តើ​ការ​នោះ​មិន​អី​ទេ?

សំណួរ​សាមញ្ញ​មួយ​ដែល​បាន​ទទួល​តាមរយៈ​អ៊ីមែល​ពី​ប្អូន​ស្រី​ម្នាក់​មក​ពី​ខេត្ត ជា​ប្រិយមិត្ត​អ្នក​ស្ដាប់​ម្នាក់​របស់​ផ្លូវ​ពិត។ នេះ​ជា​សារ​របស់​ប្អូន​ស្រី «មក​ដល់​លោក​គ្រូ និង​ក្រុម​ការងារ​ផ្លូវ​ពិត។ នាង​ខ្ញុំ​ជា​គ្រីស្ទបរិស័ទ​ថ្មី​ម្នាក់ ហើយ​នាង​ខ្ញុំ​មាន​បញ្ហា​ជា​មួយ​ពួក​ជំនុំ​របស់​នាង​ខ្ញុំ។ នាង​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​កាល​ពី​៤​ឆ្នាំ​មុន ហើយ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៅ​ទីនោះ។ ពេល​វេលា​ចេះ​កន្លង​ផុត​ទៅ នាង​ខ្ញុំ​សំគាល់​ឃើញ​ថា ការ​អធិប្បាយ​មិន​មាន​និយាយ​ទាក់ទង​នឹង​អំពើ​បាប​ទាល់​តែ​សោះ និង​មិន​ដែល​ប្រកាស​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ឡើយ។ នាង​ខ្ញុំ​បាន​សួរ​គ្រូ​គង្វាល​ម្នាក់​ក្នុង​ចំណោម​គ្រូ​គង្វាល​ទាំង​នោះ​អំពី​ការ​នេះ គាត់​និយាយ​ថា​ពួក​គេ​មិន​បាន​កំពុង​បង្រៀន​អ្វី​ផ្ទុយ​ព្រះគម្ពីរ​នោះ​ទេ ពួក​គាត់​គ្រាន់​តែ​សម្រេច​ចិត្ត​ថា​មិន​និយាយ​ចំៗ​អំពី​អំពើ​បាប​តែ​ប៉ុណ្ណោះ។ ពួក​គាត់​ចង់​ផ្ដោត​ទៅ​លើ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​យេស៊ូវ និង​ការ​ទទួល​យក​មនុស្ស​មាន​បាប។ ជា​ដំបូង ពេល​ស្ដាប់​ទៅ​មិន​អី​ទេ​សម្រាប់​ខ្ញុំ វា​គ្រាន់​តែ​ជា​ការ​ប្រឹង​ប្រែង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ចូល​មក​ក្រុម​ជំនុំ។ ទន្ទឹម​គ្នា​នេះ​ដែរ ពួក​គាត់​មិន​បាន​ត្រេកអរ​នឹង​ការ​ប្រែ​ចិត្ត និង​ការ​ស្ដាប់​បង្គាប់​ទេ។ តើ​លោកគ្រូ​គិត​យ៉ាងម៉េច​អំពី​ពួក​ជំនុំ​ដែល​មិន​បាន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​ជាក់​លាក់​ណា​មួយ?»

ខ្ញុំ​គិត​ថា ពួក​ជំនុំ​គឺ​នៅ​មាន​កន្លែង​ខ្វះ​ចន្លោះ​ខ្លាំង។ វា​ជា​ការ​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​ទេ។ ម្ដង​ហើយ​ម្ដង​ទៀត អស់​ពី​បញ្ហា​មួយ​ចូល​ដល់​បញ្ហា​មួយ អស់​ពី​ភាព​ចម្រូង​ចម្រាស​មួយ​ចូល​ដល់​ភាព​ចម្រូង​ចម្រាស​មួយ អស់​ពី​អំពើ​បាប​មួយ​ចូល​ដល់​អំពើ​បាប​មួយ​ទៀត ត្រូវ​បាន​ជាន់​ដាន​គ្នា​ដូច​ខ្សែ​ទឹក​ហូរ​ទៅ​កាន់​ជម្រាល​ដែល​ពេញ​ដោយ​បញ្ហា៖ តើ​អ្នក​ដឹក​នាំ និង​មនុស្ស​ម្នា​ទាំងឡាយ​បាន​ចាត់​ទុក​ព្រះ​បន្ទូល​ព្រះ​ជា​សម្បត្តិ​លើស​ពី​មាស​ប្រាក់​ដែរ​ឬ​ទេ? តើ​ពួក​គេ​បាន​ភ្លក់​ព្រះ​បន្ទូល​ព្រះ​ថា​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែរ​ឬ​ទេ? ហើយ​តើ​ពួក​គេ​បាន​ចុះ​ចូល​នឹង​ព្រះ​បន្ទូល​ព្រះ​ដោយ​អំណរ​ក្នុង​សេចក្ដី​ពិត និង​សមាមាត្រ​គ្នា​ដែរ​ឬ​អត់? ជម្រាល​នៃ​បញ្ហា​នោះ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ខ្ញុំ​នៅ​តែ​ឃើញ​វា​រហូត​សព្វ​ថ្ងៃ—ដូច​នៅ​ពេល​នេះ​អញ្ចឹង។

ហេតុ​អ្វី​បាន​ជា​គ្រូ​គង្វាល​សន្មត​ថា ខ្លួន​គេ​ជា​ម្នាក់​ដែល​មាន​ភាព​វៃ​ឆ្លាត​ជាង​ព្រះ​គម្ពីរ​នៅ​ក្នុង​របៀប​មួយ​ដែល​ពួក​គាត់​បង្រៀន​ទៅ​កាន់​រាស្ដ្រ​របស់​ព្រះ​ទៅ​វិញ? ការ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ណាស់។ ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត ខ្ញុំ​ឃើញ​ថា វា​ជា​ករណី​មួយ​លើ​បញ្ហា​នេះ និង​បញ្ហា​ផ្សេងៗ​ទៀត។ អ្នក​ដឹក​នាំ​ពួក​ជំនុំ​គិត​ថា ពួក​គាត់​ចេះ​ជាង​លំនាំ​នៃ​ព្រះ​គម្ពីរ​ផ្ទាល់​ទៅ​ទៀត។ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្ដល់​ហេតុ​ផល​៤​យ៉ាង​អំពី​ព្រះ​គម្ពីរ​ថា ហេតុ​អ្វី​បាន​ជា​វា​មាន​ភាព​ខ្វះ​ចន្លោះ ហេតុ​អ្វី​បាន​ជា​មិន​ភាព​ស្មោះ​ត្រង់ ការ​មិន​និយាយ​ឈ្មោះ​អំពើ​បាប​ដោយ​ចំៗ ការ​ប្រកាស​ទាស់ និង​ប្រកាស​ឲ្យ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ជាក់​លាក់​ណា​មួយ​ដែល​មាន​នៅ​ក្នុង​លោកីយ៍ និង​ពួក​ជំនុំ។

ពួក​ហោរា ពួក​សាវ័ក និង​ព្រះ​យេស៊ូវ
ដំបូង​ថា​តើ​លោក​អ្នក​មើល​ពួក​ហោរា​នៅ​ក្នុង​បទ​គម្ពីរ​សញ្ញាចាស់ ឬ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​មុន​ពេល​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង ឬ​ការ​បង្រៀន​របស់​ពួក​សាវ័ក​បន្ទាប់​ពី​ការ​ឆ្កាង​ទ្រង់ និង​បន្ទាប់​ពី​ការ​ចាក់​បង្ហូរ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ—ថា​លោក​អ្នក​បាន​មើល​ក្នុង​ការ​បង្រៀន​តាម​បទ​​​​​គម្ពីរ—អ្នក​តំណាង​របស់​ព្រះ​ជា​ម្ចាស់​មិន​ត្រឹម​តែ​មិន​ប្រកាស​អំពី​សិរី​រុងរឿង​អំពី​ដំណឹង​ល្អ​នៃ​ការ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប តែ​ក៏​ជា​ការ​ប្រកាស​ខាង​ឯ​ដំណឹង​ល្អ​ទាស់​នឹង​អំពើ​បាប និង​អំពើ​បាប​ជាក់លាក់​ទាំងឡាយ​ផង ហើយ​ក៏​ជា​ការ​ប្រកាស​ឲ្យ​ប្រែ​ចិត្ត និង​ការ​ស្ដាប់​បង្គាប់​នៅ​ក្នុង​អំណាច​នៃ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់​ទៀត​ផង។ ឧទាហរណ៍៖ សូម​ក្រឡេក​មើល​ទៅ​លើ​ការ​សរសេរ​របស់​ពួក​ហោរា ដូចជា​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាឡាគី ៣:៥៖

«ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្តី​យុត្តិធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាបធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់សង្កិន​ស្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្តី​យុត្តិធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោតខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ»។

ម៉្យាង​វិញ​ទៀត ពួក​ហោរា​និយាយ​អំពី​អំពើ​បាប​ទាំងឡាយ នោះ​គឺ​ជា​របៀប​ដែល​ពួក​ហោរា​បាន​អធិប្បាយ។ ឬ​ក៏​មើល​ឧទាហរណ៍​របស់​ព្រះ​យេស៊ូវ៖

  • ចំពោះ​អំពើ​បាប​នៃ​សេចក្ដី​ភាព​ត្រេក​ត្រអាល៖ «បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូបកាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក» (ម៉ាថាយ ៥:២៩)។
  • ឬ​សេចក្ដី​លោភលន់៖« តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​សេចក្តី​កំសាន្ត​ចិត្ត​ក្នុង​សម័យ​នេះ» (លូកា ៦:២៤)។
  • ឬ​មនុស្ស​មាន​ពុត៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ » (ម៉ាថាយ ២៣:២៩)
    ឬ​មើល​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល៖ «ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ» [នៅ​ព្រះ​គម្ពីរ​ដើម​សរសេរ​ថា ចូរ​រត់​គេច​ចេញ​ពី​អំពើ​អសីលធម៌​ផ្លូវ​ភេទ​ទាំងឡាយ​ចេញ (១កូរិនថូស ៦:១៨)]

«កុំ​ឲ្យ​ចាញ់​សេចក្ដី​បោកបញ្ឆោត​ឡើយ៖ មិនថា​ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ អ្នក​កំផិត អ្នក​ដែល​រួម​ដំណេក​នឹង​ភេទ​ដូច​គ្នា អ្នក​លួច​ប្លន់ អ្នក​លោភលន់ អ្នក​ប្រមឹក អ្នក​ជេរ​ប្រមាថ អ្នក​បោក​បញ្ឆោត នឹង​មិន​បាន​គ្រង​មរតក​នគរ​ព្រះ​ទេ» ១កូរិនថូស ៦:៩-១០។

ដូច្នេះ ពួក​ហោរា ព្រះ​យេស៊ូវ ពួក​សាវ័ក—នេះ​ជា​របៀប​ដែល​ពួក​លោក​បាន​បង្រៀន។ ពួក​លោក​រាប់​ឈ្មោះ​អំពើ​បាប​ទាំង​ឡាយ និង​ពួក​លោក​ប្រកាស​ទាស់​នឹង​វា​ ទាំង​បាន​ប្រកាស​ឲ្យ​មាន​ការ​ប្រែ​ចិត្ត និង​ការ​ស្ដាប់​បង្គាប់​នៅ​ក្នុង​អំណាច​នៃ​ព្រះ​ចេស្ដា​របស់​ដំណឹង​ល្អ​នៃ​ការ​អត់​ទោស​ដែល​ពួក​លោក​បាន​បង្រៀន។ ដូច្នេះ ប្រសិន​បើ​គ្រូ​គង្វាល​ម្នាក់​ចង់​រក​នូវ​សិទ្ធិ​អំណាច​មួយ​សម្រាប់​ការ​បង្រៀន​ដែល​មិន​រាប់​ឈ្មោះ​អំពើ​បាប និង​ប្រកាស​ទាស់​នឹង​វា ហើយ​ប្រកាស​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ទេ គាត់​នឹង​មិន​អាច​រក​វា​ឃើញ​ក្នុង​ព្រះ​គម្ពីរ​ឡើយ។

លំនាំ​នៃ​ការ​ញែក​ជា​បរិសុទ្ធ

ប៉ុន្តែ នៅ​មាន​អ្វី​សំខាន់​លើស​ពី​ការ​ពិត​ទៅ​ទៀត ការ​បង្រៀន​ទាំងអស់​តាម​បទ​គម្ពីរ សុទ្ធ​តែ​បាន​លើក​ឡើង​អំពី​អំពើ​បាប​ចំៗ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​បង្ហាញ​ពី​របៀប​ដ៏​ពិត​ដែល​ការ​ញែក​ជា​បរិសុទ្ធ​ដំណើរ​ការ— ខ្ញុំ​សន្មត​ថា​គ្រូ​គង្វាល​ទាំង​នេះ​ចង់​ឲ្យ​ពួក​ជំនុំ​របស់​គេ​បាន​បរិសុទ្ធ ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ជា​ម្នាក់​ដែល​ល្អ​ប្រសើរ ព្រម​ទាំង​ធ្វើ​ជា​អ្នក​តំណាង​ដ៏​ប្រសើរ​របស់​អង្គ​ព្រះយេស៊ូវ​ទៀត​ផង។ របៀប​មួយ​ដែល​ការ​នេះ​អាច​កើត​ឡើង​បាន​គឺ ដោយសារ​ការ​ផ្សំ​ចូល​គ្នា​រវាង​ការ​មាន​ជ័យ​ជំនះ​លើ​អំពើ​បាប​ដោយ​កិរិយា​ប្រព្រឹត្ត​ខាង​ឯ​ព្រះ​ជាម្ចាស់ ​រួម​ជាមួយ​នឹង​សេចក្ដី​បង្គាប់​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​ការ​សម្លាប់​អំពើ​បាប ដោយ​ការ​ពឹង​ផ្អែក​លើ​កិរិយា​ប្រព្រឹត្ត​មក​ពី​ព្រះ​ជាម្ចាស់។ នេះ​ហើយ​ជា​គំរូ។ វា​មិន​ស្រប​តាម​បទ​គម្ពីរ​ទេ​ក្នុង​ការ​ញែក​ចេញ​ពី​គ្នា​រវាង​ការ​មាន​ជ័យ​ជំនះ​លើ​អំពើ​បាប និង​សេចក្ដី​បង្គាប់​របស់​ទ្រង់​មក​កាន់​យើង​រាល់​គ្នា​ក្នុង​ការ​សម្លាប់​អំពើ​បាប។

ឥឡូវ​នេះ ខ្ញុំ​នឹង​បង្ហាញ​របៀប​៣​យ៉ាង​នៃ​លំនាំ​នៃ​ការ​ញែក​ជា​បរិសុទ្ធ​នោះ​ដល់​អ្នក​រាល់​គ្នា។ការ​នេះ​លើស​ពី​បញ្ហា​មូលដ្ឋាន​ទៅ​ទៀត។ គ្រូ​គង្វាល​ទាំង​នេះ​គ្រាន់​តែ​មិន​ដឹង​ពី​របៀប​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ការ​ប៉ុណ្ណោះ នោះ​ហើយ​ជា​បញ្ហា​របស់​ពួក​គាត់។ ពួក​គាត់​បង្កើត​វា​ឡើង​ខណៈ​ដែល​ខ្លួន​បង្រៀន​ជា​ជាង​ចុះ​ចូល​ក្រោម​លំនាំ​នៃ​របៀប​ដែល​ការ​ញែក​ជា​បរិសុទ្ធ​ដំណើរ​ការ។ ដូច្នេះ ពួក​គាត់​ត្រូវ​កាត់​ទម្រ​ទាំង​ឡាយ​ចេញ​ពី​ខាង​ក្រោម​គោល​ដៅ​របស់​ខ្លួន ដើម្បី​បង្កើត​ក្រុម​ដ៏​ប្រសើរ​មួយ​ឡើង។ ឧទាហរណ៍៖ ឈើ​ឆ្កាង ការ​កើត​ជា​ថ្មី និង​ការ​បង្កើត​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ តើ​ឈើ​ឆ្កាង​ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច ក្នុង​សម្អាត​អំពើ​បាប​ចេញ​ពី​ជីវិត​យើង​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ​ឡើង? តើ​ការ​កើត​ជា​ថ្មី​​មាន​ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច​ដែរ? ហើយ​តើ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​បង្គាប់​មក​ពី​ឈើ​ឆ្កាង

សាវ័ក ពេត្រុស បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពេត្រុស ២:២៤ «ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្តី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប»។

ដូច្នេះ ព្រះ​គ្រីស្ទ​បាន​សុគត​មិន​គ្រាន់​តែ​ដើម្បី​អត់​ទោស​ចំពោះ​អំពើ​បាប​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ឲ្យ​អំពើ​បាប​ស្លាប់​ក្នុង​ជីវិត​នៃ​រាស្ដ្រ​របស់​ទ្រង់​ផង​ដែរ។ ប៉ុន្តែ សិរី​រុង​រឿង​នៃ​ជ័យជំនះ​របស់​ព្រះ​យេស៊ូវ​លើ​អំណាច​នៃ​អំពើ​បាប​នៅ​លើ​ឈើ​ឆ្កាង​ត្រូវ​បាន​ប្រទាន​មក​ជា​មូលដ្ឋាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពេត្រុស ជំពូក​ទី​២—ដោយ​ផ្អែក​ទៅ​លើ—ខ​គម្ពីរ ២២:២៣៖ កុំ​ជេរ​តប​វិញ នៅ​ពេល​យើង​ត្រូវ​បាន​គេ​ជេរ​ប្រមាថ។ កុំ​គំហក​កំហែង​ដល់​គេ នៅ​ពេល​យើង​រង​ទុក្ខ។ យើង​អាច​និយាយ​ម៉្យាង​ទៀត​ថា​សាវ័ក ពេត្រុស មិន​បាន​សន្មត​ថា ជា​របៀប​ដែល​ឈើ​ឆ្កាង​សម្លាប់​អំពើ​បាប—អំពើ​បាប​នៃ​ការ​ជេរ​ប្រមាថ និង​គំហក​កំហែង—ដោយ​ស្វ័យ​ប្រវត្តិ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​រាប់​ឈ្មោះ​អំពើ​បាប ហើយ​ត្រាស់​ហៅ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​ដោយ​ផ្អែក​ទៅ​លើ​ឈើ​ឆ្កាង និង​អំណាច​នៃ​ឈើ​ឆ្កាង។

ព្រះ​គ្រីស្ទ​បាន​យក​ឈ្នះ​លើ​ការ​សង​សឹក​នៅ​លើ​ឈើ​ឆ្កាង​សម្រាប់​រាស្ដ្រ​របស់​ផង​ទ្រង់។ បន្ទាប់​មក ទ្រង់​បាន​បង្គាប់​មក​ពួក​យើង​រាល់​គ្នា ដោយ​ផ្អែក​ទៅ​លើ​ជ័យ​ជម្នះ​របស់​ទ្រង់ មិន​មែន​ដើម្បី​ជេរ​ប្រមាថ​ដល់​អស់​អ្នក​ណា​ដែល​បាន​ជេរ​ប្រមាថ​យើង មិន​មែន​គំរាម​កំហែង​ដល់​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ មិន​បាន​សង​ចំពោះ​ការ​អាក្រក់​ដោយ​ការ​អាក្រក់​នោះ​ដែរ។ នេះ​ហើយ​ជា​របៀប​ដែល​ព្រះ​អង្គ​បាន​បង្កើត​យើង​ជា​ថ្មី៖ ជា​ដំណើរ​នៃ​ការ​បំផ្លាញ​អំពើ​បាប​តាម​និស្ស័យ​ជា​ព្រះ​របស់​ព្រះ​គ្រីស្ទ និង​ការ​រាប់​ឈ្មោះ​អំពើ​បាប​តាម​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ និង​ព្រះ​បន្ទូល​ប្រកាស​ទាស់​នឹង​អំពើ​បាប​របស់​ព្រះ​គ្រីស្ទ។ នេះ​ហើយ​គឺ​ជា​លំនាំ៖ ជ័យ​ជម្នះ​របស់​ព្រះ​គ្រីស្ទ និង​ការ​បង្គាប់​ឲ្យ​សម្លាប់​អំពើ​បាប​របស់​ទ្រង់ ជា​កិច្ចការ​របស់​ព្រះ​ជាម្ចាស់ និង​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ដើម្បី​លើក​ឈ្មោះ​នៃ​អំពើ​បាប​ឲ្យ​ចំៗ និង​ការ​សម្លាប់​វា​ចេញ។

កើត​ម្ដង​ទៀត​ដើម្បី​ប្រយុទ្ធ​នឹង​អំពើ​បាប

នេះ​គឺ​ជា​ការ​បង្ហាញ​មួយ​ទៀត៖ ការ​កើត​ជា​ថ្មី។ សាវ័ក ពេត្រុស បាន​លើក​ឡើង នៅ​ក្នុង ១ពេត្រុស ១:២៣ ដល់​គ្រីស្ទ​បរិស័ទ​ទាំង​ឡាយ «ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ គឺ​ជា​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់»។

នៅ​ត្រង់​នេះ៖ វា​ពិត​ជា​មាន​ការ​ភាព​ម៉ឺងម៉ាត់ កិច្ចការ​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​យើង​រាល់​គ្នា ដើម្បី​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ថ្មី ដើម្បី​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ប្រភេទ​មនុស្ស​ដែល​ស្អប់​អំពើ​បាប និង​ស្រឡាញ់​សេចក្ដី​សុចរិត។ នេះ​ជា​លទ្ធផល​នៃ​ការ​កើត​ជា​ថ្មី៖ ស្អប់​សេចក្ដី​ងងឹត ស្រឡាញ់​ពន្លឺ បែរ​ចេញ​ពី​អារក្ស​សាតាំង អោបក្រសោប​ព្រះ​គ្រីស្ទ។ ព្រះ​វិញ្ញាណ​បាន​សម្រេច​ការ​ទាំង​នោះ​នៅ​ក្នុង​ការ​កើត​ជា​ថ្មី​របស់​យើង។ ប៉ុន្តែ នៅ​៣​ខគម្ពីរ​បន្ទាប់ គាត់​បាន​លើក​ឡើង​ថា «ដូច្នេះ»—អាច​និយាយ​បាន​ទៀត​ថា ដោយ​ផ្អែក​ទៅ​លើ​ការ​កើត​ជា​ថ្មី​នេះ ពីព្រោះ​ការ​អស្ចារ្យ​នេះ​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​លោក​អ្នក—«ដែល​អ្នក​រាល់​គ្នា​បាន​លះបង់​ចោល​អស់​ទាំង​សេចក្តី​គំរក់ និង​កិច្ចកល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពុត​មាយា ចិត្ត​ច្រណែន ហើយ​ពាក្យ​និយាយ​ដើម​គេ​ទាំង​អស់​ចេញ» (សូម​អាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពេត្រុស ២:១)។

ឥឡូវ​នេះ លោក​អ្នក​អាច​នឹង​សួរ—ប្រហែល​ជា​គ្រូ​គង្វាល​ក៏​សួរ​ដែរ— «ហេតុអ្វី? ប្រសិនបើ​យើង​បាន​កើត​ជា​ថ្មី ហើយ​យើង​មាន​ឌីអែនអេ (DNA) របស់​ព្រះ​ក្នុង​ខ្លួន​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​យើង​បាន​ជា​បរិសុទ្ធ មាន​ទំនោរ​នាំ​យើង​ចេញ​ឆ្ងាយ​ពី​អំពើ​បាប មាន​ទំនោរ​នាំ​យើង​ឲ្យ​ស្រឡាញ់​ព្រះ​ជាម្ចាស់ ហេតុ​អ្វី ឱ​សាវ័ក ពេត្រុស ហេតុអ្វី​បាន​ជា​លោក​សាវ័ក​ត្រូវ​បាន​ជំរុញ​ចិត្ត​ដោយ​ព្រះ​ដ៏​ខ្ពស់​បំផុត ហេតុអ្វី​បាន​ជា​លោក​ត្រូវ​អំពល់​នឹង​លើក​ឈ្មោះ​អំពើ​បាប​ទាំង​នោះ​មក​និយាយ​ចំៗ ហើយ​ប្រាប់​ឲ្យ​យើង​គេច​ចេញ​ពី​វា​ធ្វើ​អ្វី?» ហើយ​ចម្លើយ​គឺ៖ ព្រោះ​នោះ​គឺ​ជា​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​រចនា​ឡើង​ដើម្បី​ឲ្យ​ការ​ញែក​ជា​បរិសុទ្ធ​ដំណើរ​ការ «ព្រះ​គ្រីស្ទ​បាន​យក​ឈ្នះ​អំពើ​បាប​ដោយ​ការ​កើត​ជា​ថ្មី បន្ទាប់​មក​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​សម្លាប់​នូវ​អ្វី​ដែល​ទ្រង់​បាន​យក​ជ័យ​ជម្នះ​នោះ។ សាវ័ក ពេត្រុស មិន​បាន​សរសេរ​ថា «ព្រះ​គ្រីស្ទ​បាន​យក​ឈ្នះ​វា​ហើយ ដូច្នេះ ខ្ញុំ​មិន​ចាំ​បាច់​អី​ត្រូវ​លើក​ឈ្មោះ​វា​មក​និយាយ​ចំៗ​ទៀត​ទេ ខ្ញុំ​មិន​ចាំ​បាច់​អី​ត្រូវ​បង្គាប់​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ធ្វើ​សង្គ្រាម​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​របស់​ពួក​គេ​ទៀត​ទេ។» ទេ នេះ​មិន​មែន​ជា​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​រចនា​វា​ឡើង​នោះ​ទេ។ គ្រូ​គង្វាល​ទាំង​នេះ​កំពុង​បង្កើត​វា​ឡើង​នៅ​ពេល​គាត់​បង្រៀន​តែ​ប៉ុណ្ណោះ។ ពួក​គាត់​មិន​បាន​ចុះ​ចូល​ទៅ​នឹង​របៀប​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ​ឡើយ។

ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ កិច្ចការ​ខាង​ឯ​សាច់​ឈាម

ការ​បង្ហាញ​មួយទៀត—ពោល ផលផ្លែ​នៃ​ព្រះវិញ្ញាណ។ ខ្ញុំ​នៅ​ចាំ​ថា កាល​នៅ​រៀន​សាលា​ព្រះ​គម្ពីរ ខ្ញុំ​បាន​អង្គុយ​នៅ​ក្នុង​អាហារ​ដ្ឋាន​មួយ កំពុង​តែ​ប្រទាញប្រទង់​ជា​មួយ​រឿង​ដែល​ជា​បញ្ហា ត្រង់​ថា​ព្រះ​បន្ទូល​របស់​ព្រះ និង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ជាប់​ទាក់ទង​គ្នា​ដោយ​របៀប​ណា។ នៅ​ក្នុង​កណ្ឌ​គម្ពីរ កាឡាទី ៥:២២-២៣ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​គឺ​ជា​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់…»—ហើយ​ទាំងអស់​ដែល​នៅ​សល់ សរុប​ទាំង​អស់​ប្រាំ​បួន​ចំនុច។ «ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះគ្រីស្ទ» គាត់​បាន​ពោល​ថា «នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្តី​រំជួល និង​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​ផង» (កាឡាទី ៥:២៤)។

ព្រះ​វិញ្ញាណ​នឹង​បង្កើត​ផល​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក។ ដូច្នេះ លោក​អ្នក​បាន​ស្លាប់​ជា​មួយ​ព្រះគ្រីស្ទ ហើយ​ព្រះវិញ្ញាណ​នៅ​មាន​ជីវិត ព្រមទាំង​បង្កើត​ផល​ផ្លែ​ក្នុង​ជីវិត​របស់​លោក​អ្នក។ «អូហ៍! ពិត​ជា​អស្ចារ្យ និង​វិជ្ជមាន​ណាស់​នៅ​ក្នុង​ការ​មើល​ទៅ​ជីវិត​របស់​គ្រីស្ទ​បរិស័ទ។ សូម​អធិប្បាយ​បែប​នោះ—តែ​ត្រឹម​ហ្នឹង​ចុះ។» លោក​អ្នក​អាច​នឹង​មិន​បង្រៀន​តាម​ព្រះគម្ពីរ​ទាំង​ស្រុង ប្រសិនបើ​លោក​អ្នក​ចង់ ហើយ​បង្កើត​វា​ឡើង​នៅ​ពេល​លោក​អ្នក​បង្រៀន និង​ដក​ស្រង់​ឯកសារ​យោង​ដែល​ព្រះ​គម្ពីរ​មិន​បាន​គូស​បញ្ជាក់—ប៉ុន្តែ​នោះ​មិន​មែន​ជា​របៀប​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ពន្ធ​កិច្ច​នោះ​ទេ។ ដូច្នេះ យើង​ប្រហែល​ជា​គិត​ថា «នេះ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​មាន​ឈើ​ឆ្កាង យើង​បាន​កើត​ជា​ថ្មី—ចូរ​មាន​សេចក្ដី​ស្រឡាញ់ សេចក្ដី​អំណរ សេចក្ដី​សុខសាន្ដ​ចុះ»។

សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​ខ​គម្ពីរ​បន្ទាប់ គាត់​បាន​លើក​ឈ្មោះ​កិច្ចការ​ខាង​ឯ​សាច់​ឈាម​ចំនួន​១៥​មក​និយាយ​ចំៗ​ដែល​មាន​ដូច​ខាង​ក្រោម៖

«ឥឡូវ​នេះ រីឯ​កិច្ចការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្តី​កំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយ​បង្គំ​រូប​ព្រះ មន្តអាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែង​គ្នា បាក់​បែក បក្សពួក ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ការ​ផ្សេង​ដែល​ស្រដៀង​នឹង​សេចក្តី​ទាំង​នេះ​ផង» (កាឡាទី ៥:១៩-២១)។

ហើយ​បន្ទាប់​មក គាត់​បាន​រាប់​បន្ថែម​ទៀត​ដើម្បី​ជា​ប្រយោជន៍​គ្រីស្ទ​បរិស័ទ​ឲ្យ​ស្ដាប់—នៅ​ត្រង់​នេះ​គឺ​ជា​អ្វី​ដែល​គ្រូគង្វាល​ទាំង​នេះ​មិន​បាន​ធ្វើ។ សាវ័ក ប៉ុល គិត​ថា ការ​នេះ​មាន​សារៈ​សំខាន់​ណាស់។ គាត់​បាន​លើក​ឡើង​ថា «ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា [គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​កាឡាទី] ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ ទុក​ជា​មរដក​ឡើយ» (កាឡាទី ៥:២១)។

ដូច្នេះ ខ្ញុំ​សូម​សួរ​ម្ដង​ទៀត ហេតុ​អ្វី​បាន​ជា​ត្រូវ​លើក​ឈ្មោះ​កិច្ចការ​ខាង​ឯ​សាច់​ឈាម​ទាំង​នោះ​មក​និយាយ​ឲ្យ​ចំៗ និង​បង្គាប់​កុំ​ឲ្យ​យើង​ធ្វើ​វា ប្រសិន​បើ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ធំ​មហិមា​ដល់​ម្ល៉េះ​ក្នុង​ការ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​យើង? ហេតុអ្វី? នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ប្រទាញ​ប្រទង់​កាល​ខ្ញុំ​ជា​សិស្ស​នៅ​សាលា​ព្រះ​គម្ពីរ​មក​ម្ល៉េះ។ ចម្លើយ​គឺ​នៅ​ទីនេះ នោះ​គឺ​ជា​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​រចនា​វា​ជា​ស្រេច​ដើម្បី​ឲ្យ​វា​ដំណើរ​ការ។ សូម​កុំ​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​ឆ្លាត​ជាង​ព្រះជាម្ចាស់។ ព្រះ​ជាម្ចាស់​មាន​ជ័យជម្នះ​លើ​អំពើ​បាប​របស់​យើង​ដោយ​ព្រះ​វិញ្ញាណ និង​បង្គាប់​ឲ្យ​យើង​សម្លាប់​អំពើ​បាប​ទាំង​នោះ​តាមរយៈ​ជំនួយ​ពី​ព្រះ​វិញ្ញាណ។ នោះ​ហើយ​គឺ​ជា​លំនាំ​ក្នុង​ព្រះ​គម្ពីរ។

ដូច្នេះ​សរុប​មក​វិញ ក្រុម​ជំនុំ​ដែល​បរាជ័យ​នៅ​ក្នុង​ការ​លើក​យក​ឈ្មោះ​អំពី​បាប​មក​និយាយ​ចំៗ—ប្រកាស​ទាស់​នឹង​វា ប្រកាស​ឲ្យ​មាន​ការ​ប្រែ​ចិត្ត—ដាក់​ប្រាជ្ញា​មនុស្ស​លើ​ប្រាជ្ញា​ព្រះ ដោយ​មិន​អើពើ​នឹង​របៀប​ដែល​ពួក​ហោរា ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​បង្រៀន ហើយ​ដោយ​បរាជ័យ​នៅ​ក្នុង​កាន់​ខ្ជាប់​ពី​របៀប​ដែល​ការ​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះ​គម្ពីរ​ពិត​ជា​ដំណើរ​ការ៖ ពី​របៀប​ដែល​ឈើ​ឆ្កាង ការ​កើត​ជា​ថ្មី ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យក​ឈ្នះ​លើ​អំពើ​បាប តាមរយៈ​សេចក្ដី​បង្គាប់​របស់​ព្រះ​ជាម្ចាស់​សម្រាប់​យើង​រាល់គ្នា​ក្នុង​ការ​សម្លាប់​អំពើ​បាប។

ការ​លើក​ឡើង​ពី​អំពើ​បាប និង​ការ​ប្រែ​ចិត្ត​ប្រហែល​ជា​ស្ដាប់​ទៅ​មិន​ល្អ​សម្រាប់​អ្នក​ខ្លះ ប៉ុន្តែ​ជា​ការ​បង្រៀន​ស្មោះ​ត្រង់​ស្រប​តាម​ព្រះ​គម្ពីរ​ដោយ​លើក​ឈ្មោះ​ចំៗ និង​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​ជាក់​លាក់​ណា​មួយ។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អត្ថ​ប្រយោជន៍​ប្រាំ​មួយ​យ៉ាង​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​សម្រាប់​ការ​បង្កើត​សិស្ស

«សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុនៃ​យើង​ខ្ញុំ»