in ,

លក្ខខណ្ឌ​មួយ​នៃ​ការ​អធិស្ឋាន​ដ៏​ជោគជ័យ

សៀវភៅ​តែ​មួយ​គត់​ដែល​ធ្លាប់​ទទួល​បាន​ភាព​ពេញនិយម​តាំង​ពី​ដើម​រៀង​មក​ទាក់ទិន​នឹង​ប្រធានបទ​នៃ​ការ​អធិស្ឋាន​នោះ​គឺ ព្រះគម្ពីរ។ សៀវភៅ​ទាំងអស់​ដែល​ទាក់ទិន​នឹង​ការ​អធិស្ឋាន​ស្ទើរតែ​ធ្វើ​ឲ្យ​អ្នក​អាន​មាន​អារម្មណ៍​ថា​វា​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​អ្នក​និពន្ធ​មិន​ទាន់​និយាយ​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ ហើយ​ក៏​មិន​ទាន់​បាន​ថ្លឹងថ្លែង​ឲ្យ​ច្បាស់លាស់​ពី​ការ​អធិស្ឋាន​នៅ​ឡើយ​ដែរ។ ក៏​ដូចគ្នា​ដែរ​នៅ​ក្នុង​សៀវភៅ​ដ៏​ខ្លី​នេះ យើង​មិន​មែន​ចង់​បង្ហាញ​ថា វា​ល្អ​ជាង​សៀវភៅ​របស់​អ្នក​និពន្ធ​ផ្សេងៗ​ទៀត​នោះ​ឡើយ។ ការ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​នោះ​គឺ​គ្រាន់​តែ​សង្ខេប​គោលការណ៍​សំខាន់​ខ្លះៗ​នៃ​ការ​អធិស្ឋាន ជា​ពិសេស​ដូចជា​ការ​អធិស្ឋាន​ដែល​ទាក់ទង​ទៅ​នឹង​ភាព​ជាសិស្ស​របស់​ព្រះ​យេស៊ូវ។​

ការ​អធិស្ឋាន​ដែល​ល្អ​បំផុត​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​ទុក្ខព្រួយ។ យើង​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ហើយ​ថា នេះ​គឺ​ជា​ការ​ពិត​មែន ដោយសារតែ​យើង​បាន​ដកពិសោធន៍​នឹង​ការ​នេះ​ហើយ។ នៅ​ពេល​ណា​ដែល​ជីវិត​របស់​យើង​ស្ងប់​ស្ងៀម​មិន​មាន​ជា​បញ្ហា​អ្វី នោះ​ការ​អធិស្ឋាន​របស់​យើង​មិន​សូវ​មាន​ភាព​មុតស្រួច ហើយ​មិន​អស់​ពី​ចិត្ត​សោះ។ តែ​នៅ​ពេល​ណា​ដែល​យើង​ជួប​ប្រទះ​វិបត្តិ​អ្វី​មួយ ដូចជា​ពេល​មាន​គ្រោះថ្នាក់ ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ការ​បាត់បង់​អ្នក​ជាទីស្រឡាញ់ នោះ​សេចក្តី​អធិស្ឋាន​របស់​យើង​នឹង​ពោរពេញ​ដោយ​ភាព​ឆេះឆួល និង​ពុះកញ្ជ្រោល​បំផុត។ មាន​សុភាសិត​មួយ​ពោល​ថា «ដើម្បី​ឲ្យ​គ្រាប់​ព្រួញ​ចូល​ទៅ​កាន់​នគរ​ស្ថានសួគ៌​បាន អ្នក​ត្រូវតែ​យឹត​ធ្នូ​បាញ់​ពេញ​មួយ​ទំហឹង​»។ សេចក្តី​អធិស្ឋាន​ដែល​ល្អ​កើត​មាន​ឡើង​នៅ​ពេល​ណា​ដែល​ស្មារតី​របស់​យើង​ស្ថិត​ក្នុង​ភាព​បន្ទាន់ ភាពទន់ខ្សោយ និង​នៅ​ពេល​មាន​តម្រូវការ​ជាបន្ទាន់។

ជា​អកុសល យើង​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ជីវិត​របស់​យើង ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្វះខាត។ យើង​បាន​បម្រុងទុក​លុយ​ជាមុន ដោយ​ប្រើ​យុទ្ធសាស្ត្រ​ជំនួញ​ដ៏​ឈ្លាសវៃ ដើម្បី​ទប់ស្កាត់​រាល់​អន្តរាយ​ដែល​អាច​កើត​មាន​ឡើង។ យើង​បាន​ប្រើ​ប្រាជ្ញា​ដ៏​ស្ដួចស្ដើង​របស់​យើង​ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្តិ ឲ្យ​បាន​ក្លាយ​ជាអ្នក​មាន។ បន្ទាប់​មក​យើង​ឆ្ងល់​ថា «ម៉េច​បាន​ជា​ការ​អធិស្ឋាន​របស់​ខ្ញុំ​មិន​មាន​ភាព​ស្និទ្ធស្នាល ហើយ​ដូច​ជា​គ្មាន​ជីវិត​សោះ?» ហើយ​ថា «ម៉េច​បាន​ជា​គ្មាន​ភ្លើង​ធ្លាក់​មក​ពី​ស្ថាន​សួគ៌​យ៉ាង​ដូច្នេះ?» (១ពង្សាវតាក្សត្រ ១៨:៣៦-៣៨)។ ប្រសិន​បើ​យើង​ពិត​ជា​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​ការ​មើលឃើញ​មែន នោះ​ការ​អធិស្ឋាន​របស់​យើង​ពិតជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ជា​ខ្លាំង​មិនខាន។

លក្ខខណ្ឌ​មួយ​នៃ​ការ​អធិស្ឋាន​ដ៏​ជោគជ័យ​នោះ​គឺ យើង​ត្រូវ «ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះត្រង់» (ហេព្រើរ ១០:២២)។ នេះ​មាន​ន័យ​ថា យើង​ត្រូវតែ​ទៀងត្រង់ ហើយ​ស្មោះ​ចំពោះ​ព្រះ​អម្ចាស់។ ដាច់​ខាត​មិន​ត្រូវ​មាន​ការ​លាក់ពុត​អ្វី​ឡើយ។ ដើម្បី​បំពេញ​នូវ​លក្ខខណ្ឌ​នេះ​បាន យើង​នឹង​មិន​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​នោះ​ទេ។ ឧទាហរណ៍​ថា យើង​នឹង​មិន​ទូល​សូម​ទ្រង់​ឲ្យ​ធ្វើ​ការ​ក្នុង​ចិត្ត​មនុស្ស​ផ្សេងៗ​ដើម្បី​ផ្ដល់​មូលនិធិ ទុក​សម្រាប់​ព័ន្ធកិច្ច​គ្រីស្ទបរិស័ទ​ឡើយ បើ​យើង​ផ្ទាល់​មាន​លុយ​ល្មម​ដើម្បី​ផ្គត់ផ្គង់​ដល់​ព័ន្ធកិច្ច​នោះ​ទាំងអស់​រួច​ហើយ។ យើង​មិន​អាច​បោកបញ្ឆោត​ព្រះ​ជាម្ចាស់​បាន​ទេ។ បើ​យើង​សូម​លុយ​១០០០ដុល្លារ​ពី​ព្រះ​អង្គ​យក​ទៅ​ប្រើប្រាស់​ក្នុង​ព័ន្ធកិច្ច ខណៈពេល​ទ្រង់​បាន​ប្រទាន​លុយ​នោះ​មក​យើង​រួច​ទៅ​ហើយ​មុន​ដែល​យើង​សូម តែ​យើង​គ្មាន​ឆន្ទៈ​នឹង​ប្រើ​លុយ​នោះ​សម្រាប់​ព័ន្ធកិច្ច​សោះ នោះ​ទ្រង់​នឹង​មិន​ប្រទាន​លុយ​ម្ដង​ទៀត​ឡើយ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ យើង​មិន​គួរ​ណា​អធិស្ឋាន​សូម​ព្រះ​ជាម្ចាស់​ប្រទាន​អ្នក​ដទៃ​ទៀត​ឲ្យ​មក​បំពេញ​បេសកកម្ម​របស់​ទ្រង់​ឡើយ បើ​យើង​មិន​ហ៊ាន​នឹង​ទៅ​ដោយ​ខ្លួនឯង​ផង​នោះ។ មាន​មនុស្ស​រាប់ពាន់​នាក់​បាន​អធិស្ឋាន​សូម​ព្រះ​ជាម្ចាស់​សង្គ្រោះ ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម ពួក​អ្នក​កាន់​សាសនា​ហិណ្ឌូ និង​អ្នក​កាន់​ពុទ្ធសាសនា។ ប៉ុន្តែ​ប្រសិន​បើ​អស់​អ្នក​ដែល​បាន​អធិស្ឋាន​ទាំងអស់​នោះ ហ៊ាន​ទៅ​ឈោង​ចាប់​អស់​អ្នក​ដែល​ខ្លួន​បាន​អធិស្ឋាន​ឲ្យ​វិញ​នោះ នោះ​ប្រហែល​ប្រវត្តិសាស្ត្រ​នៃ​បេសកកម្ម​របស់​គ្រីស្ទបរិស័ទ​នឹង​មាន​ដំណើរការ​ប្រសើរ​ជាង​សព្វថ្ងៃ​នេះ​ទៅ​ទៀត។

យើង​គួរតែ​អធិស្ឋាន​បែប​សាមញ្ញៗ​ដោយ​ជំនឿ ហើយ​មាន​ចិត្ត​ចុះចូល​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់។ យើង​ងាយ​នឹង​ជក់ចិត្ត​ទៅ​នឹង​បញ្ហា​ផ្នែក​ទេវវិទ្យា​ដែល​ទាក់ទង​នឹង​ការ​អធិស្ឋាន។ ហើយ​ការ​ជក់ចិត្ត​ទៅ​នឹង​បញ្ហា​ផ្នែក​ទេវវិទ្យា​ធ្វើ​ឲ្យ​មាន​តែ​សឹក​រិចរិល​ខាង​ឯវិញ្ញាណ​ប៉ុណ្ណោះ​នោះ​ទេ។ ការ​អធិស្ឋាន​ប្រសើរ​ជាង​ការ​ដែល​យើង​ព្យាយាម​ដោះ​ស្រាយ​រាល់​បញ្ហា ឬ​អាថ៌កំបាំង​ផ្សេងៗ​ទាក់ទង​នឹង​ការ​អធិស្ឋាន​ទៅ​ទៀត។ សូមអនុញ្ញាត​ឲ្យ​បណ្ឌិត​ផ្នែក​ទេវវិទ្យា​ជា​អ្នក​ផ្ដល់​ទ្រឹស្ដី​ទាក់ទង​នឹង​អាថ៌កំបាំង​នៃ​ការ​អធិស្ឋាន​ចុះ។ ប៉ុន្តែ​សូម​ឲ្យ​អ្នក​ជឿ​អធិស្ឋាន​ដល់​ព្រះ​ជាម្ចាស់​ដោយ​ជំនឿ​ដូច​កូនក្មេង​ជឿទុកចិត្ត​លើ​ឪពុកម្ដាយ​ពួក​គេ​យ៉ាង​ដូច្នោះ​ដែរ។ លោក អរហ្គសស្ទីន (Augustine) បាន​លើក​ឡើង​ថា «អក្ខរជន​ខំប្រឹង​ចាប់​យក​នគរស្ថានសួគ៌ ហើយ​ពួក​គេ​ក៏​យក​បាន តែ​យើង​ដែល​ជា​បណ្ឌិត​ភាគ​ច្រើន​រវល់​តែ​គិត​ពី​រឿង​ជីវិត​នេះ​ទៅ​វិញ»។

ទោះ​មាន​វិធីសាស្ត្រ​កម្រ​យ៉ាង​ណា
ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប
ទោះ​មិន​ដឹង​ពេល​ព្រះបន្ទូល​ទ្រង់​មក
ប្រាប់​យើង​កោកៗ​ថា​ទ្រង់​បាន​ឮ។
ខ្ញុំ​ដឹង​ថា​គង់​មក​ដល់​យូរ​ឬ​ឆាប់
ខ្ញុំ​ត្រូវ​ត្រងត្រាប់​អធិស្ឋាន​ចាំយាម
បើ​ខ្ញុំ​មិន​ដឹង​ព្រះពរ​នឹង​មក​ភ្លាម
នឹង​មក​ដល់​តាម​ព្រះទ័យ​នៃ​ព្រះអង្គ។
ពេល​នេះ​ខ្ញុំ​សូម​ថ្វាយ​ពាក្យ​អធិស្ឋាន
ថ្វាយ​ដល់​ទ្រង់​បាន​ថ្វាយ​ទ្រង់​តែ​មួយ​គត់
ដ្បិត​ព្រះ​ប្រាជ្ញា​ទ្រង់​ជ្រៅ​ពិត​ប្រាកដ
ជ្រៅ​ផុត​កំណត់​ថ្លៃ​ថ្លា​ជាង​រូប​ខ្ញុំ។

— លោកស្រី ឡូឡា ហេនសិន

(Lola Henson)

បើ​លោកអ្នក​ចង់​ឲ្យ​ការ​អធិស្ឋាន​មាន​អំណាច​ដ៏​ពិត នោះ​ចូរ​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត​ចុះ។ ហើយ​សូម​ចុះចូល​ចំពោះ​ព្រះ​គ្រីស្ទ​ទាំងស្រុង។ ចូរ​ធ្វើ​គ្រប់​ទាំង​អស់​ថ្វាយ​ទ្រង់។ ចូរ​លះអាល័យ​គ្រប់​ទាំងអស់ ដើម្បី​ដើរ​តាម​ទ្រង់។ ព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ដល់​អស់អ្នក​ណា​ដែល​មាន​ភក្ដីភាព​ចំពោះ​ព្រះ​គ្រីស្ទ​ណាស់ ដោយសារ​ពួក​គេ​ទទួលយក​ទ្រង់​មក​ធ្វើ​ជា​ព្រះ​អម្ចាស់​លើ​អ្វីៗ​ទាំង​អស់។

ពេល​ដែល​យើង​លះបង់​អ្វី​មួយ ដើម្បី​នឹង​អធិស្ឋាន ព្រះជាម្ចាស់​ហាក់បីដូចជា​ឲ្យ​តម្លៃ​យ៉ាង​ពិសេស​លើ​ការ​អធិស្ឋាន​របស់​យើង​។ អស់អ្នក​ដែល​ក្រោក​ពី​ព្រលឹម​នឹង​មាន​ការ​ប្រកប​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​ព្រះ​យេស៊ូវ​ដែល​តើន​ពី​ព្រលឹម​កាល​ដែល​ទ្រង់​គង់​នៅ​ផែនដី​នេះ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ​វរបិតា​សព្វព្រះហឫទ័យ​ឲ្យ​ទ្រង់​ធ្វើ​អ្វី​នៅ​ថ្ងៃ​ហ្នឹង (ម៉ាកុស ១:៣៥)។

ដូចគ្នា​នេះ​ដែរ អស់អ្នក​ណា​ដែល​ស្រវាស្រទេញ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នឹង​អធិស្ឋាន​ពេញ​មួយ​យប់ អ្នក​នោះ​នឹង​បាន​ប្រកបដោយ​អំណាច​ដ៏​ពិសេស​ជាមួយ​ព្រះ​ជាម្ចាស់​ជា​មិន​ខាន។ ការ​អធិស្ឋាន​ដែល​មិន​មាន​ការ​លះបង់​អ្វី​សោះ​នោះ​គ្មាន​តម្លៃ​អ្វី​ទេ ព្រោះ​ការ​អធិស្ឋាន​បែប​នោះ​ចេញ​មកពី​អ្នកជឿ​ក្លែងក្លាយ​ដែល​គ្មាន​តម្លៃ។

ជារឿយៗ​យើង​ឃើញ​ថា អ្នក​និពន្ធ​កណ្ឌគម្ពីរ​សញ្ញាថ្មី​តែងតែ​ភ្ជាប់​ការ​អធិស្ឋាន​ទៅ​នឹង​ការ​តម​អាហារ។ ការ​តម​អាហារ​អាច​ជា​ជំនួយ​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ការ​ហ្វឹកហ្វឺន​ជំនឿ​ខាង​ឯ​វិញ្ញាណ។ ការ​តម​អាហារ​អាច​ជួយ​យើង​ឲ្យ​មានគំនិត​ភ្លឺថ្លា ផ្ដោតអារម្មណ៍​កាន់តែ​ច្បាស់ ហើយ​ឲ្យ​យើង​កាន់តែ​មាន​ភាព​រវៀសរវៃ។ តែ​ចំពោះ​ទស្សនៈ​របស់​ព្រះ​ជាម្ចាស់​វិញ ហាក់​បី​ដូច​ជា​ទ្រង់​មាន​បំណង​ព្រះ​ហឫទ័យ​ពិសេស​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​អធិស្ឋាន នៅពេល​ដែល​យើង​ឲ្យ​តម្លៃ​លើ​ការ​អធិស្ឋាន​សំខាន់​ជាង​អាហារ​។

កុំ​អធិស្ឋាន​បែប​អាត្មានិយម។ «អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ​ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្តី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ» (យ៉ាកុប ៤:៣)។ នៅពេល​ដែល​យើង​អធិស្ឋាន​យើង​គួរតែ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​សម្រេច។ ជាដំបូង​យើង​គួរតែ​អធិស្ឋាន​ថា «…សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី​ដូច​នៅ​ស្ថានសួគ៌​ដែរ» បន្ទាប់មក ​យើង​អាច​បន្ថែម​ដូចជា «សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​មក​ជា​រាល់​ថ្ងៃ» (លូកា ១១:២-៣)។

យើង​គួរតែ​ថ្វាយ​កិត្តិនាម​ដល់ព្រះ​ជាម្ចាស់​ដោយ​ទូលសូម​ការ​អស្ចារ្យ​ពី​ទ្រង់ ព្រោះ​ទ្រង់​គឺ​ជា​ព្រះ​ដ៏​អស្ចារ្យ​ក្រៃលែង។ ចូរ​យើង​ទាំង​អស់​គ្នា​មាន​ជំនឿ​ក្នុង​ការ​រំពឹងចាំការ​អស្ចារ្យ​ពី​ព្រះ​ជាម្ចាស់។

ចូល​មក​ទៅ​គាល់​ស្ដេច
ទូល​អង្វរ​គ្រប់​កិច្ច​ដល់​អង្គ​ក្សត្រា
សេចក្ដី​ស្រឡាញ់ និង​ឫទ្ធី​ចេស្ដា
គ្មាន​អ្វី​ឡើយ​ណា​ធំ​លើស​ទ្រង់​ឡើយ។

— លោក ចន ញ៉ូថិន

(John Newton)

តើ​ការ​ដែល​យើង​មិន​ហ៊ាន​ពឹង​សុំ​ការ​អស្ចារ្យ​ពី​ព្រះ​អម្ចាស់ ​នោះ​នឹង​ធ្វើ​ឲ្យ​ទ្រង់​ព្រួយ​ព្រះ​ហឫទ័យ​ខ្លាំង​ប៉ុណ្ណា​? យើង​ស្កប់ចិត្ត​ជាមួយនឹង​ជ័យជម្នះ​ដ៏​ស្ដួចស្តើង​ជាមួយនឹង​ការ​ទទួល​ផល​ដែល​មិន​សូវ​ល្អ ជាមួយនឹង​ចំណាប់​អារម្មណ៍​ដ៏​ខ្សត់ខ្សោយ​ក្នុង​ការ​ចង់​បាន​អ្វីៗ​ដ៏​អស្ចារ្យ ដូច្នេះ​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង​មិន​គិត​ថា ព្រះជាម្ចាស់​នៃ​យើង​ជា​ព្រះ​ដ៏​អស្ចារ្យ​បំផុត​នោះ​ទេ។ យើង​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​នៅ​មុខ​មនុស្ស​ដទៃ​ដែល​មិន​ស្គាល់​ទ្រង់​សោះ ពីព្រោះ​ជីវិត​រស់នៅ​របស់​យើង ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ចង់​សួរនាំ​ពី​អំណាច​ដែល​ទ្រទ្រង់​ជីវិត​យើង​នោះ​ដែរ។ ជារឿយៗ ការ​នេះ​មិន​មាន​បញ្ជាក់​អំពី​យើង​រាល់​គ្នា​ដូច​ពួក​សាវ័ក​ដែល​បាន​និយាយ​ថា «គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះ​ជាម្ចាស់ ព្រោះ​តែខ្ញុំ» (កាឡាទី ១:២៤)។ — អ៊ី. ដាប់ប៊លយូ. ម័រ (E. W. Moore)

នៅពេល​ដែល​យើង​អធិស្ឋាន យើង​គួរ​ពិចារណា​ថា តើ​យើង​កំពុង​ស្ថិត​ក្នុង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ឬ​អត់? បន្ទាប់​មក​យើង​គួរតែ​អធិស្ឋាន ហើយ​ជឿ​ថា ​ទ្រង់​នឹង​ជ្រាប​ហើយ​នឹង​ឆ្លើយតប។ «ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ត​រឹងប៉ឹង​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ នោះ​ទ្រង់​នឹង​ព្រះ​សណ្ដាប់​យើង​ជា​មិន​ខាន។ បើ​យើង​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះ​សណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះ​អង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ» (១យ៉ូហាន ៥:១៤-១៥ គខប)។

ការ​អធិស្ឋាន​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​មាន​ន័យ​ថា អធិស្ឋាន​ស្របតាម​ព្រះ​ហឫទ័យ​ទ្រង់។ នៅពេល​ដែល​យើង​ពិត​ជា​អធិស្ឋាន​ក្នុង​ព្រះ​នាម​ទ្រង់ នោះ​ក៏​ដូចជា​ទ្រង់​កំពុងតែ​ទូល​សូម​ដល់​ព្រះ​វរបិតា​របស់​ទ្រង់​ដែរ។ «ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដើម្បី​ឲ្យ​ព្រះ​វរបិតា​បាន​ដំកើង​ឡើង​ក្នុង​ព្រះ​រាជបុត្រា បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ» (យ៉ូហាន ១៤:១៣-១៤)។ «នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះ​វរបិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ (យ៉ូហាន ១៦:២៣)។ «មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន២នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សំរេច​ដល់​គេ អំពី​ព្រះ​វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌ ដ្បិត​កន្លែង​ណា ​ដែល​មាន២ឬ៣នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្ដាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ» (ម៉ាថាយ ១៨:១៩-២០)។

ការ​ទូល​សូម «ដោយ​នូវ​ព្រះ​នាម​ទ្រង់» មានន័យ​ថា ទ្រង់​កាន់​ដៃ​យើង ហើយ​នាំ​យើងក្នុង​ការ​អធិស្ឋាន ហើយ​ក៏ដូចជា​ទ្រង់​កំពុង​តែ​លុត​ព្រះ​ជង្ឃ​ជាមួយ​យើង ឯបំណងព្រះហឫទ័យ​របស់​ទ្រង់​ក៏​កំពុងតែ​ហូរ​ចេញចូល​ក្នុង​ចិត្ត​របស់​យើង​ផងដែរ។ នេះ​ហើយ​គឺ​ជា​អត្ថន័យ​នៃ​ឃ្លា​ថា «ដោយ​នូវ​ព្រះ​នាម​ទ្រង់»។ ព្រះនាម​ទ្រង់​គឺ​ជា​លក្ខណសម្បត្តិ​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ការ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ​ពិតជា​មាន​ន័យ​ថា យើង​កំពុងតែ​អធិស្ឋាន​ផ្អែកតាម​បំណងព្រះហឫទ័យ​ដែល​ពេញ​ដោយ​ព្រះ​ពរ​របស់​ទ្រង់។ តើ​ខ្ញុំ​អាច​អធិស្ឋាន​សុំ​ការ​អាក្រក់​ក្នុង​ព្រះ​នាម​ព្រះ​រាជបុត្រា​បាន​ដែរ​ឬ​ទេ? ការ​ដែល​ខ្ញុំ​អធិស្ឋាន​សុំ​គួរតែ​ជា​ការ​បញ្ជាក់​អំពី​លក្ខណសម្បត្តិ​របស់​ទ្រង់។ តើ​ខ្ញុំ​អាច​អធិស្ឋាន​បែប​នេះ​បាន​ដែរ​ឬ​ទេ? ការ​អធិស្ឋាន​របស់​យើង​គួរ​តែ​បញ្ចេញ​អំណាច​របស់​ព្រះ​វិញ្ញាណបរិសុទ្ធ ព្រះ​ប្រាជ្ញាញាណ​របស់​ព្រះ​គ្រីស្ទ និង​បំណងព្រះហឫទ័យ​របស់​ព្រះ​គ្រីស្ទ​សម្រាប់​យើង។ ព្រះអម្ចាស់​បង្រៀន​យើង​ម្តង​ហើយ​ម្តង​ទៀត​ពី​ការ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ទ្រង់។ យើង​គួរ​បញ្ចប់​សេចក្តី​អធិស្ឋាន​ដោយ​ពោល​ពាក្យ​ថា «ក្នុង​ព្រះ​នាម​ដែល​ពោរពេញ​ដោយ​ព្រះ​ពរ» ឯ​ការ​ទទូចសុំ​របស់​យើង​គួរតែ​បាន​ពោរពេញ​ដោយ​ព្រះ​នាម​ព្រះ​យេស៊ូវ ហើយ​ទូល​សូម​អ្វី​គ្រប់​យ៉ាង​ដោយ​នូវ​ព្រះ​នាម​ទ្រង់។

— លោក សាំយ៉ូអែល រីដៅថ៍

(Samuel Ridout)

ប្រសិនបើ​ការ​អធិស្ឋាន​របស់​យើង​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន​នោះ កុំ​ឲ្យ​យើង​លាក់បាំង​អំពើបាប​របស់​យើង​នឹង​ព្រះ​ជាម្ចាស់​ឡើយ។ នេះ​មានន័យ​ថា យើង​ត្រូវ​តែ​លន់តួ​បាប ហើយ​ជំរុះ​វា​ចោល​នៅពេល​ដែល​យើង​ដឹង​ខ្លួន​ថា ​យើង​បាន​ធ្វើ​បាប។ «បើសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្តី​ទុច្ចរិត​នៅ​ក្នុងចិត្ត នោះ​ព្រះ​អម្ចាស់​ទ្រង់ មិនព្រម​ស្តាប់​ខ្ញុំ​ទេ» (ទំនុកដំកើង ៦៦:១៨)។ យើង​ត្រូវតែ​នៅ​ជាប់​នឹង​ព្រះ​គ្រីស្ទ «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​នោះ ចូរ​សូម​អ្វី​តាម​តែ​ប្រា​ថ្នា​ចុះ សេចក្តី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន» (យ៉ូហាន ១៥:៧)។ អ្នក​ដែល​នៅ​ជាប់​នឹង​ព្រះ​គ្រីស្ទ នោះ​ក៏​នៅ​ប្រកៀក​នឹង​ទ្រង់​ដែរ ហើយ​ដោយសារ​គាត់​នៅ​ប្រកៀក​ដូច​នេះ បាន​ជា​គាត់​ស្គាល់​ព្រះ​ហឫទ័យ​ទ្រង់​យ៉ាង​ច្បាស់លាស់​ដែរ។ គាត់​អាច​អធិស្ឋាន​ដោយ​ស្របតាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដោយ​ដឹង​ប្រាកដ​ថា គាត់​នឹង​ទទួល​បាន​ចម្លើយ​ពី​ព្រះ​ជាម្ចាស់។ ជីវិត​ដែល​នៅ​ជាប់​នឹង​ព្រះ​គ្រីស្ទ ទាមទារ​ឲ្យ​យើង​ធ្វើ​តាម​បញ្ញត្តិ​របស់​ទ្រង់។ «ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្តិ​ទ្រង់​ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់​ដែរ» (១យ៉ូហាន ៣:២២)។ ប្រសិនបើ​យើង​ចង់​ឲ្យ​ព្រះ​ជាម្ចាស់​ព្រះ​សណ្តាប់ ហើយ​ឆ្លើយតប​នឹង​សំណូម​ពរ​អធិស្ឋាន​របស់​យើង នោះ​យើង​ត្រូវ​តែ​រក្សា​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់​ឲ្យ​បាន​ល្អ (១យ៉ូហាន ៣:២០)។

យើង​មិន​គួរ​អធិស្ឋាន​តែនៅ​ពេល​ជាក់លាក់​ដែល​បាន​គ្រោងទុក​ប្រចាំ​ថ្ងៃ​នោះ​ទេ តែ​យើង​គួរ​តែ​អភិវឌ្ឍ​អាកប្បកិរិយា​នៃ​ការ​អធិស្ឋាន ដើម្បី​ឲ្យ​យើង​អាច​ដើរ​ជាមួយ​ព្រះ​ជាម្ចាស់​ជាប់​ជានិច្ច​ទាំង​ពេល​ដែល​យើង​កំពុង​ដើរ​តាម​ផ្លូវ​ពេល​កំពុង​បើកបរ ពេល​កំពុង​ធ្វើការ ក៏​ដូច​ជា​ពេល​ដែល​យើង​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ។ លោក នេហេមា គឺ​ជា​គំរូ​ដ៏​ល្អ​នៃ​ការ​អធិស្ឋាន​បែប​នេះ ដោយ​សារ​គាត់​មាន​ទម្លាប់​ក្នុង​ការ​សម្រេចចិត្ត​អធិស្ឋាន​យ៉ាង​ឆាប់រហ័ស​ច្រើន​ដង (នេហេមា ២:៤)។ ការ «…នៅ​ជាប់​ក្នុង​ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត…» គឺជា​ការ​ល្អ (ទំនុកដំកើង ៩១:១) ជាជាង​ការ​ដែល​យើង​ចូល​ទៅ​ចំពោះ​ព្រះ​ជាម្ចាស់​ម្តងម្កាល។

ជាទីបញ្ចប់ ការ​អធិស្ឋាន​របស់​យើង​គួរតែ​មាន​ភាព​ច្បាស់លាស់។ យើង​អាច​ឃើញ​ការ​ឆ្លើយតប​របស់​ព្រះ​ជាម្ចាស់​យ៉ាង​ជាក់លាក់ មាន​តែ​នៅ​ពេល​ដែល​យើង​អធិស្ឋាន​ឲ្យ​ចំៗ​តែ​ប៉ុណ្ណោះ។

ការ​អធិស្ឋាន គឺ​ជា​អភ័យឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ។ លោក ហ័ដសិន ថេល័រ (Hudson Taylor) បាន​មាន​ប្រសាសន៍​ថា យោងតាម​អភ័យឯកសិទ្ធិ​នេះ ​យើង​អាច​បំផ្លាស់បំប្រែ​មនុស្ស​តាមរយៈ​ព្រះ​ជាម្ចាស់​បាន។

អូ៎! យើង​ពិតជា​មាន​ឱកាស​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំ​ក្រៃលែង ​តាមរយៈ​ការ​អធិស្ឋាន​មែន។ តាមរយៈ​ការ​អធិស្ឋាន យើង​អាច​បង្វែរ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​រះចិញ្ចែងចិញ្ចាច​ឲ្យ​ទៅ​កន្លែង​ត្រជាក់​ល្ហឹម​បាន។ យើង​អាច​អុជ​បំភ្លឺ​ចង្កៀង​នៃ​សេចក្តី​សង្ឃឹម​នៅ​ក្នុង​គុក​នៃ​ភាព​អស់សង្ឃឹម។ យើង​អាច​ដោះ​ច្រវាក់​ពី​ក​ជើង​របស់​អ្នក​ទោស​ដែល​ជាប់​នៅ​ក្នុង​គុក។ យើង​អាច​នាំ​យក​អនុស្សាវរីយ និង​គំនិត​ពី​ផ្ទះ​របស់​យើង​ទៅ​កាន់​ប្រទេស​ឆ្ងាយៗ​ឯ​ទៀត។ យើង​អាច​នាំ​យក​ភាព​រួសរាយរាក់ទាក់​ពី​ស្ថានសួគ៌​ទៅកាន់​អ្នក​ដែល​មាន​ជំនឿ​ខ្សត់ខ្សោយ ទោះបីជា​ពួក​គេ​កំពុង​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ត្រដាបត្រដួស​នៅ​ឯ​នាយ​សមុទ្រ​ដ៏​សែន​ឆ្ងាយ​ក៏​ដោយ។ ទាំងអស់​នេះ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អធិស្ឋាន​ដ៏​អស្ចារ្យ​ក្រៃលែង!

— លោក ចេ. អេឆ. ចូវិត

(J. H. Jowett)

ទាក់ទង​នឹង​ចំណុច​នេះ​ដែរ អ្នក​និពន្ធ​ដែល​មាន​ឈ្មោះ​ថា វេន​ហែម (Wenham) បាន​បន្ថែម​ទីបន្ទាល់​របស់​គាត់​ដូច​តទៅ ៖ «ការ​អធិប្បាយ​គឺ​ជា​អំណោយទាន​ដ៏​កម្រ​មួយ ឯ​ការ​អធិស្ឋាន​គឺ​រឹតតែ​កម្រ​ជាង​នោះ​ទៅ​ទៀត។ ការ​អធិប្បាយ​ប្រៀប​បាន​នឹង​ដាវ​ដែល​ជា​អាវុធ​ប្រើ​សម្រាប់​ច្បាំង​នៅ​ជិត​គ្នា ប៉ុន្តែ​មិន​អាច​វាយ​ជាមួយ​អ្នក​ដែល​នៅ​ឆ្ងាយ​បាន​ទេ។ ឯ​ការ​អធិស្ឋាន​វិញ​ប្រៀប​បាន​ទៅ​នឹង​កាំភ្លើងធំ​ដែល​យើង​អាច​បាញ់​បាន​ឆ្ងាយ ហើយ​ក៏​មាន​ប្រសិទ្ធភាពជាជាង​ការ​អធិប្បាយ​នៅ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន​​ទៅ​ទៀត»។

ឱ​ព្រះជាម្ចាស់​អើយ
តើ​ទូលបង្គំ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​អស្ចារ្យ​យ៉ាង​ណា​ក្នុង​ពេល​ដ៏​ខ្លី
ស្ថិត​ក្នុង​ព្រះវត្តមាន​នៃ​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​ក្រៃលែង។
បន្ទុក​ទាំង​ឡាយ​នោះ​ឯង​នឹង​រលាយ​បង់​បោះ
ដូច​ជា​ដី​ដែល​ក្រៀមក្រោះ​បាន​ផ្សើម​ដោយ​ទឹក​ភ្លៀង។
ពេល​ទូលបង្គំ​លុត​ជង្គង់​ចុះ​គ្រប់​យ៉ាង​ដូច​ហាក់​នៅ​ទាប
ទូលបង្គំ​នឹង​ក្រោក​ទោះ​នៅ​ឆ្ងាយ​ឬ​ក៏​នៅ​ជិត
ប្រៀប​បាន​នឹង​ពន្លឺ​ចាំង​ចិញ្ចែង​នៃ​ព្រះអាទិត្យ។
យើង​លុត​ជង្គង់​ពេល​យើង​ខ្សោយ
ពេល​ក្រោក​ឡើង​វិញ​ពេញ​ដោយ​ចេស្ដា
ហេតុ​អ្វី​ត្រូវ​ឲ្យ​ខ្លួន​យើង​ប្រែ​ជា​ខុស​លែង​អធិស្ឋាន
ជួយ​គេ​ក៏​មិន​បាន ព្រោះ​យើង​ខ្សោយ​ពេក។
ចុះ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​តែង​តែ​ដាក់​បន្ទុក​នៃ​ការ​ខ្វល់ខ្វាយ​លើ​ខ្លួន​ឯង?
ហើយ​ម៉េច​បាន​ក្រែង​ប្រែ​ជា​ទន់ខ្សោយ​ចិត្ត​ក៏​មិន​បាន
ភ័យ​ព្រួយ ធុញថប់ អាច​ផុត​រលត់​ដោយ​ពាក្យ​អធិស្ឋាន
នាំ​មក​អំណរ និងភាព​ក្លាហាន កម្លាំង​ក៏​មាន​នៅ​ក្នុងព្រះអង្គ។

— លោក រីឆាត ស៊ី. ថ្រិនឆ៍

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. សួស្តីអ្នកនិពន្ធ​ អរគុណណាស់សម្រាប់ខគម្ពីរលេីកទឹកចិត្តប្រចាំថ្ងៃ​ តែខ្ញុំចង់សួរថា​តេីធ្វេីយ៉ាងម៉េចទេីបយេីងក្លាយមនុស្សរឹងមាំបាននៅចំពោះព្រះនៅពេលយេីងបាក់ទឹកចិត្ត? អរគុណបាទ។

    • បាទ សួរស្ដី​បងប្រុស ឬ​ក៏​បងស្រី ។ គ្មាន​​វិធីណា​ផ្សេងទៀត​ ឬ​ថ្មី​នោះទេ ។​ ដើម្បី​ឲ្យ​យើងវឹងមាំ​ នៅ ចំពោះ​ព្រះ ជាម្ចាស់បាន​ក្រៅ​ពី​ការ​អធិស្ឋាន អាន​ព្រះ​គម្ពីរ នឹង​ជាប់លាប់ជាមួយ​គ្រួសារ (ជាមួយ​អ្នក​​ជឿ ដូចគ្នា រួម​ទាំងពួកជំនុំ)​ ។ យើងរឹងមាំបាន​លុះត្រាតែយើងនៅជាប់ជាមួយ​នឹង​ព្រះ​ នឹង​ការស្ដាប់បង្គាប់ព្រះ​បន្ទូល​ព្រះ​ អធិស្ឋាន ការទាំង​សំខាន់ណាស់ ហើយ​ចាំបាច់ជាទីបំផុត។ បើយើងមិន​អធិស្ឋាន នឹង​អាន​ព្រះ​គម្ពីរ​នោះយើង​នឹង​ចុះខ្យោយទៅៗ។ សូម​ព្រះ​ប្រទានពរ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ទ្រង់​នឹង​គង់​នៅ​ជាប់​ដដែល

គោលលទ្ធិ​ពិត​