សូមស្វាគមន៍មកកាន់កម្មវិធីសួរសំណួរ។ ថ្ងៃនេះ មិត្តអ្នកអានម្នាក់ក៏បានផ្ញើសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយថា «តើខ្ញុំគួរតែស្អប់សាតាំងឬទេ? តើព្រះទ្រង់ស្អប់សាតាំងទេ? តើការស្អប់សាតាំងគឺជាទង្វើដែលហួសហេតុពេកទេ?
តើការស្អប់ជាអ្វី?
ជាបឋម ចូរយើងស្វែងយល់អត្ថន័យនៃពាក្យ «ស្អប់» ជាមុនសិន។ យើងខ្ញុំមិនអាចធ្វើការបកស្រាយ ដោយមិនបានគិតដល់អត្ថន័យរបស់ពាក្យនោះបានឡើយ។ តើពាក្យ «ស្អប់» ឬ «ការស្អប់» មានន័យដូចម្តេច? ពេលយើងគិតអំពីពាក្យស្រឡាញ់—ដែលជាពាក្យផ្ទុយរបស់ពាក្យស្អប់—យើងចាំបាច់ត្រូវចាំថា ពាក្យទាំងពីរនេះត្រូវបានគេប្រើ តាមរបៀបខុសៗគ្នាពីរយ៉ាង។
«យើងខ្ញុំគិតថា វាជាការត្រឹមត្រូវ ដែលយើងនិយាយថា យើងគួរតែស្អប់សាតាំង ហើយព្រះទ្រង់ស្អប់សាតាំង»។
ឧទាហរណ៍៖ ពាក្យ «ស្រឡាញ់» គឺមានន័យថា ពេញចិត្តនឹងភាពគួរឲ្យស្រឡាញ់ និងសម្រស់នៃអ្វីមួយ។ ដូចនេះ យើងខ្ញុំអាចនិយាយថា «អូហ៍ ខ្ញុំស្រឡាញ់ផ្ទាំងគំនូរនោះ»។ ឬថា «ខ្ញុំស្រឡាញ់ទង្វើដែលអ្នកធ្វើ ចំពោះប្អូនប្រុសរបស់អ្នក»។ ប៉ុន្តែ មានសេចក្តីស្រឡាញ់មួយប្រភេទទៀត ដែលសម្រេចចិត្ត ឬមានចិត្តចង់ស្វែងរកប្រយោជន៍របស់បុគ្គល ឬការអ្វីដែលខ្លួនស្រឡាញ់ ទោះបុគ្គល ឬកម្មវត្ថុនោះ គួរឲ្យស្រឡាញ់ ឬពេញចិត្ត ឬអត់ក៏ដោយ។ ហេតុនេះហើយបានជាព្រះយេស៊ូវបានតម្រូវឲ្យយើងស្រឡាញ់ខ្មាំងសត្រូវរបស់យើង ទោះពួកគេមានលក្ខណៈមិនគួរឲ្យស្រឡាញ់ និងមានភាពពុករលួយផ្នែកសីលធម៌ ហើយគួរឲ្យស្អប់ខ្ពើមយ៉ាងណាក៏ដោយ។
សូមស្វែងយល់ប្រភេទនៃក្តីស្រឡាញ់ទីពីរ។ ត្រង់ចំណុចនេះ យើងប្រព្រឹត្តចំពោះគេ លើសពីអ្វីដែលពួកគេសមនឹងទទួល។ យើងស្វែងរកប្រយោជន៍សម្រាប់ពួកគេ។ នេះជាទង្វើដែលផ្ទុយនឹងការស្អប់។ ការស្អប់អាចមានន័យថា យើងមានការបដិសេធ ឬមានការស្អប់យ៉ាងខ្លាំងមកលើការអ្វីដែលទុច្ចរិត ឬអាក្រក់ ឬក៏គួរឲ្យស្អប់ខ្ពើម គឺដូចដែលយើងខ្ញុំនិយាយថា «ខ្ញុំស្អប់ផ្សិត» ឬ «ខ្ញុំស្អប់ការរំលូតកូន»។ តែម្យ៉ាងទៀត គេអាចប្រើពាក្យ ស្អប់ សំដៅទៅលើ ការមានបំណងចិត្ត ឬការសម្រេចចិត្តដ៏ធ្ងន់ធ្ងរ ឲ្យនរណាម្នាក់រងទុក្ខ ឬទទួលទោស ឬក៏ទទួលរងការខូចខាត ឬការបំផ្លិចបំផ្លាញចោល។
ការស្អប់សាតាំង
ដូចនេះ ពេលយើងនិយាយអំពីការស្អប់សាតាំង យើងខ្ញុំគិតថា វាមិនខុសឆ្គងទេ ដែលយើងនិយាយថា យើងគួរតែស្អប់សាតាំង ក្នុងន័យទាំងពីរនេះ ហើយព្រះទ្រង់ក៏ស្អប់សាតាំង យ៉ាងដូចនេះផងដែរ។ យ៉ាងហោចណាស់ យើងខ្ញុំមានហេតុផលពីរយ៉ាង ដែលយើងខ្ញុំនិយាយថា៖
១. ព្រះគម្ពីរបានបង្រៀនថា ព្រះទ្រង់ស្អប់មនុស្សអាក្រក់ និងមនុស្សដែលឥតកេរខ្មាស ក្នុងន័យទាំងពីរនេះ។ ហើយព្រះគម្ពីរក៏បានបង្ហាញថា យើងគួរតែចូលរួមជាមួយព្រះអង្គយ៉ាងត្រឹមត្រូវ នៅក្នុងការស្អប់មនុស្សអាក្រក់ តាមន័យរបស់ព្រះអង្គ តាមរបៀបដែលព្រះអង្គស្អប់ពួកគេ។ គឺមិនគ្រាន់តែមិនពេញចិត្ត តែក្នុងករណីដ៏កម្រខ្លះ គឺយល់ស្រប ចំពោះការជំនុំជម្រះ ដែលពួកគេត្រូវទទួល។ នេះជាហេតុផលទី១។
២. យើងខ្ញុំគិតថា ព្រះអង្គស្អប់សាតាំង ក្នុងន័យទាំងពីរនេះ ហើយយើងក៏ត្រូវស្អប់សាតាំង យ៉ាងដូចនេះដែរ ព្រោះសាតាំងមិនអាចប្រែចិត្តបានឡើយ។ ព្រះគម្ពីរមិនបានចែងថា វាមានចិត្តចង់ប្រែចិត្ត ដែលជាគុណធម៌ដ៏ល្អនោះឡើយ។
ចូរស្អប់ការអ្វីដែលអាក្រក់
យើងខ្ញុំសូមបកស្រាយ អំពីចំណុច ដែលពិតជាមានភាពចម្រូងចម្រាស់ ដែលយើងខ្ញុំដឹងច្បាស់ថា យើងខ្ញុំកំពុងតែបកស្រាយ អំពីសេចក្តីសម្អប់ដែលទ្រង់មានចំពោះមនុស្ស ធៀបនឹងសេចក្តីសម្អប់របស់ទ្រង់ ចំពោះសាតាំង។ ដោយសារព្រះគម្ពីរមិនដែលចែងថា «ព្រះស្អប់សាតាំង» នោះទេ។ ប៉ុន្តែ ព្រះគម្ពីរពិតជាបាននិយាយព្រលយពាក្យអំពីរឿងនេះ។
កណ្ឌគម្ពីរ ហេព្រើរ ១:៨-៩ បានចែងអំពីព្រះរាជបុត្រានៃព្រះថា «ឱព្រះអើយ បល្ល័ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត ទ្រង់បានស្រឡាញ់សេចក្តីសុចរិត ហើយស្អប់ការទទឹងច្បាប់»។ ដូចនេះ យើងដឹងថា ព្រះនិងព្រះរាជបុត្រាទ្រង់ស្អប់សេចក្តីអាក្រក់។
ស្រដៀងគ្នានេះដែរ ក្នុងនាមយើងជាមនុស្សដែលកោតខ្លាចព្រះ យើងក៏គួរតែចូលរួមជាមួយព្រះអង្គ នៅក្នុងការស្អប់ការអ្វីដែលអាក្រក់។ គឺដូចដែលកណ្ឌគម្ពីរ សុភាសិត ៨:១៣ បានចែងថា «ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់សេចក្តីអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់»។ ហើយកណ្ឌគម្ពីរ រ៉ូម ១២:៩ បានចែងថា «ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្តីអាក្រក់»។
ដូចនេះ យើងឃើញថា យើងគួរតែស្អប់ការប្រព្រឹត្ត។ បើនិយាយដូចនេះ មិនទំនងជាមាននរណាបដិសេធទេ។ ព្រះអម្ចាស់អាចសម្រេចព្រះទ័យ ប្រឆាំងនឹងមនុស្សធ្វើការអាក្រក់ មួយរយៈពេល ឬអស់កល្បជានិច្ច ហើយកាត់ទោសពួកគេដោយយុត្តិធម៌បាន។
ព្រះអង្គមិនដែលជំពាក់យើងឡើយ។ យើងសមនឹងទទួលទោស ដោយសារភាពមានបាបនៃមនុស្សជាតិ។ ហេតុនេះហើយបានជាយើងឃើញព្រះគម្ពីរចែងថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» (រ៉ូម ៩:១៣)។ ឬកណ្ឌគម្ពីរ ទំនុកតម្កើង ៥:៤-៥ ដែលបានចែងថា «ទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្តីល្មើសទេ…ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត»។ ឬក៏កណ្ឌគម្ពីរ ទំនុកតម្កើង ១១:៥ «ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់»។ ឬមួយកណ្ឌគម្ពីរ ទំនុកតម្កើង ២:៤ «ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ»។
ការស្អប់មនុស្សអាក្រក់
ព្រះគម្ពីរបានចែងថា មិនមែនតែព្រះទេ ដែលស្អប់មនុស្សអាក្រក់ តែអ្នកនិពន្ធបទគម្ពីរទំនុកតម្កើង ដែលជាមនុស្សដែលនិពន្ធព្រះគម្ពីរ តាមការបណ្តាលមកពីព្រះ ក៏បានបង្ហាញនូវសេចក្តីសម្អប់ចំពោះអ្នកធ្វើការអាក្រក់ផងដែរ។ ជួនកាល គេហៅបទគម្ពីរទំនុកតម្កើងទាំងនោះថា បទគម្ពីរទំនុកតម្កើងនៃការទាមទាយុត្តិធម៌។
មានគ្រូបង្រៀនព្រះគម្ពីរមួយចំនួនបានមានប្រសាសន៍ថា «បទគម្ពីរទាំងនោះ មិនមែនជាផ្នែកមួយនៃបទគម្ពីរដែលព្រះទ្រង់បានបណ្តាលឲ្យតែងនោះទេ ហើយអ្នកដែលមិនយល់ បានយកបទគម្ពីរទាំងនេះប្រើប្រាស់ និងបានស្រឡាញ់ផងដែរ»។ ប៉ុន្តែ យើងខ្ញុំចង់ប្រាប់ពួកគេថា «សូមកុំប្រញាប់សន្និដ្ឋានពេក។ ព្រះយេស៊ូវ និងសាវ័ក ប៉ុល បានប្រើប្រាស់ និងស្រឡាញ់កណ្ឌគម្ពីរទាំងនោះផងដែរ ជាពិសេស កណ្ឌគម្ពីរទំនុកតម្កើងជំពូក៦៩ដែលស្ថិតក្នុងចំណោមបទគម្ពីរនៃការទាមទាយុត្តិធម៌ធ្ងន់ធ្ងរបំផុត។ ហើយព្រះយេស៊ូវ និងសាវ័ក ប៉ុល បានដកស្រង់បទគម្ពីរទាំងនេះ ធ្វើជាឧទាហរណ៍ និងបានឱបក្រសោបយក ធ្វើជាផ្នែកមួយនៃការអ្វីដែលខ្លួនបានគិតដល់»។
ឧទាហរណ៍៖ យើងមានបទគម្ពីរទំនុកតម្កើង ៣១:៦ ដែលបានចែងថា «ទូលបង្គំស្អប់ចំពោះអស់អ្នកដែលយកចិត្តទុកដាក់នឹងសេចក្តីភូតភរ ឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា»។ ទំនុកតម្កើង ១១៩:១១៣ ក៏បានចែងទៀតថា «ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២ តែទូលបង្គំស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ»។ ទំនុកតម្កើង ១៣៩:២១-២២ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នកដែលស្អប់ទ្រង់ ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ គឺទូលបង្គំស្អប់គេពេញទីហើយ»។
កណ្ឌគម្ពីរទំនុកតម្កើងទាំងនេះ អាចជាការបង្ហាញចេញនូវព្រះទ័យរបស់ព្រះ ឬព្រះមេស្ស៊ី តាមរយៈអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើង។ កណ្ឌគម្ពីរទាំងនេះប្រៀបដូចជា កណ្ឌគម្ពីរទំនុកតម្កើងរបស់ព្រះមេស្ស៊ី ដោយអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងបានធ្វើជាតំណាងឲ្យព្រះ ឬព្រះមេស្ស៊ី តាមរយៈពាក្យពេចន៍ទាំងនោះ។ ដូចនេះ យើងត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ នៅក្នុងការយកបទគម្ពីរទាំងនេះមកប្រើ ក្នុងបរិបទរបស់យើង។ លក្ខណៈនៃបទគម្ពីរនោះអាចស័ក្តិសមនឹងពួកគេ តែមិនតែងតែស័ក្តិសមនឹងយើងនោះឡើយ។
ការបង្គាប់ឲ្យស្អប់
យោងតាមបទគម្ពីរទាំងនេះ និងបទគម្ពីរផ្សេងទៀត យើងខ្ញុំសូមនិយាយថា៖ ដោយសារសាតាំងជាប្រភព និងជាគំរូនៃការអាក្រក់គ្រប់យ៉ាង នោះព្រះ និងមនុស្សដែលកោតខ្លាចទ្រង់ គួរតែស្អប់វា ក្នុងន័យបដិសេធដ៏ធ្ងន់ធ្ងរ ក៏ដូចជាក្នុងបំណងចិត្តដែលចង់ឲ្យវាទទួលការជំនុំជម្រះ ហើយដកចេញពីប្រវត្តិសាស្ត្រ ឲ្យវាលែងមានឥទ្ធិពលទៀត រួចទម្លាក់វាចូលទៅក្នុងបឹងភ្លើងចុះ។
យើងខ្ញុំយល់ឃើញថា ការបង្គាប់ឲ្យស្អប់នេះ គឺយោងទៅលើសេចក្តីពិតដែលថា សាតាំងមិនអាចប្រែចិត្តសោះឡើយ ហើយព្រះគម្ពីរក៏មិនបានប្រាប់យើង ឲ្យអធិស្ឋានឲ្យសាតាំង ឬប្រាថ្នាឲ្យសាតាំងប្រែចិត្ត ហើយក៏មិនចាត់ទុកទង្វើទាំងនេះថាជាគុណធម៌ដែរ។
យើងខ្ញុំគិតថា មូលហេតុទីមួយ ដែលព្រះទ្រង់បង្គាប់លោកអ្នកក្នុងកណ្ឌគម្ពីរ រ៉ូម ១២:៩ ឲ្យ «ខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ» គឺដោយសារលោកអ្នកមិនអាចស្រឡាញ់ការល្អ ដោយមិនបានស្អប់ការអាក្រក់នោះទេ។ ដើម្បីឲ្យលោកអ្នកអាចប្រកាន់ខ្ជាប់អ្វីដែលល្អ ហើយស្រឡាញ់សេចក្តីល្អ ហើយចង់ឲ្យសេចក្តីល្អឈ្នះសេចក្តីអាក្រក់ ព្រមទាំងចង់ឲ្យគេពិសោធន៍នឹងសេចក្តីល្អ លោកអ្នកត្រូវតែស្អប់សេចក្តីអាក្រក់ ហើយលោកអ្នកត្រូវតែស្អប់សាតាំង ដែលវាមិនចេះខ្មាសអៀន និងជាប្រភពនៃការអាក្រក់គ្រប់យ៉ាង។ ការមិនស្អប់ប្រភពនៃសេចក្តីអាក្រក់ គឺជាការមិនស្រឡាញ់សេចក្តីល្អ។ ដូចនេះ យើងខ្ញុំគិតថា ព្រះទ្រង់ស្អប់សាតាំង ក្នុងន័យទាំងពីរនេះ ហើយយើងក៏គួរតែស្អប់វាយ៉ាងដូចនេះផងដែរ។
មតិយោបល់
Loading…