in

ការ​នៅ​លីវ

Will I Be Single Forever?

ខ្ញុំចូល​ចិត្ត​ពេលវេលា​កាល​ខ្ញុំ​នៅលីវ​អាយុ​ចន្លោះ​ពី ២០ទៅ​៣០​ឆ្នាំ​ខ្លាំង​ណាស់។ នៅពេលដែល​ខ្ញុំ​ចង់​ញុា​ំម្ហូប​អ្វី​មួយ ខ្ញុំ​​​សម្រេចចិត្តទៅ​ញុាំ​ភ្លាមៗ។ នៅពេលដែល​ខ្ញុំ​ចង់​សម្រាក​លម្ហែ​កាយ​នៅ​កន្លែង​ណា​មួយ​រយៈពេល​មួយ​សប្ដាហ៍ ខ្ញុំ​ក៏​សម្រេចចិត្តទៅ​ភ្លាម។ នៅពេលដែល​ខ្ញុំ​គិត​ថា ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ទៅ​បន្ត​រៀន​យក​បណ្ឌិត​នៅ​ក្រៅ​ប្រទេស ខ្ញុំ​ក៏​សម្រេចចិត្តទៅ​ភ្លាម ហើយ​ក៏​នៅ​មាន​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​មិន​សូវ​អាត្មានិយម​ដែរ រួម​មាន​ដូច​ជា៖ ការ​មាន​ពេលវេលា និង​កម្លាំង​ក្នុង​ការ​កសាង​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ក៏​ដូច​ជា​បម្រើ​ព័ន្ធកិច្ច​នៅក្នុង​ក្រុមជំនុំ។

ប៉ុន្តែ បើ​និយាយ​ឲ្យ​ខ្លី​ទៅ​ខ្ញុំ​ក៏​ដឹង​ថា​ការ​នៅលីវ​ក៏​ពិបាក​ដែរ។ មាន​ពេល​ខ្លះ ខ្ញុំ​ក៏​ឯកា​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ឆ្ងល់​ដែរ​ថា តើ​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ដៃគូ​ជីវិត​ដល់​ខ្ញុំ​ដែរ​ឬ​ទេ? ពេល​ខ្លះ ខ្ញុំ​ប្រៀប​ដូច​ជា​ខ្សែ​ភ្លើង​ដាច់​ចេញ​ពី​បង្គោល​ភ្លើង​មួយ ដែល​​ពេញ​ដោយ​ចរន្ត​អគ្គិសនី​នៃ​ភាព​មិន​ស្កប់ស្កល់ ជា​ហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​រឿង​នេះ ធ្វើ​រឿង​នោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​ខ្ញុំ។ ពេល​ខ្លះ ខ្ញុំ​ច្រណែន​នឹង​មិត្តភក្ដិ​របស់​ខ្ញុំ​ដែល​បាន​រៀបការ​រួច​ហើយ។ ទាក់ទង​នឹង​ភាព​នៅលីវ ខ្ញុំ​មិន​បាន​គិតគូរ​គ្រប់​ពេលវេលា​ដោយ​ពឹង​លើ​​ព្រះគុណ ជំនឿ​ដ៏​ជ្រាល​ជ្រៅ ឬ​ក៏​អំណរ​ដែល​មិន​ចេះ​ប្រែ​ប្រួល​ទាំង​ស្រុង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បែរ​ជា​លាយ​ឡំ​អំណរ និង​ការ​សោក​ស្ដាយ ភាព​អរសប្បាយ និង​ការ​ប្រាថ្នា​ចង់​បាន ព្រម​ទាំង​ភាព​បរិសុទ្ធ និង​អំពើ​បាប។

បើ​គិត​ទៅ កាល​នោះ ខ្ញុំ​ពិតជា​ប្រាថ្នា​ចង់​មាន​នរណា​ម្នាក់​មក​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​ការ​នៅលីវ និង​ការ​រស់​នៅ​ដោយ​ពឹង​លើ​ភាព​អស់កល្បជានិច្ច។ ខ្ញុំ​គិត​ថា កាល​នោះ បើ​មាន​គេ​ជួយ​ពន្យល់​ខ្ញុំ ទំនង​ជា​ខ្ញុំ​នឹង​ចេះ​មាន​អំណរ​នៅ​ក្នុង​ការ​រស់នៅ​ដោយ​កោត​ខ្លាច​ព្រះ​ជាម្ចាស់ និង​អាច​ចេះ​សម្រេច​ការងារ​ជា​ច្រើន ក៏​ដូច​ជា​ចេះ​មាន​ការ​ស្កប់ចិត្ត​នៅ​ក្នុង​ភាព​នៅលីវ​របស់​ខ្លួន​ផង​ដែរ។

មូលដ្ឋាន​ដ៏​នឹងនរ​សម្រាប់​សេចក្ដី​សង្ឃឹម​ដ៏​ខ្ពង់ខ្ពស់

ការ​យល់​អំពី​ភាព​អស់កល្បជានិច្ច​នឹង​ផ្លាស់​ប្ដូរ​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ រួម​បញ្ចូល​ទាំង​ភាព​នៅលីវ​របស់​យើង​ផង​ដែរ។ ចំពោះ​ចំណុច «ភាព​អស់កល្បជានិច្ច» ខ្ញុំ​ចង់​មាន​ន័យ​ថា វា​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ផ្ទៃមេឃ និង​ផែនដី​ថ្មី​នៅ​ពេល​អនាគត ដែល​ព្រះ​ជាម្ចាស់​បាន​ពណ៌នា​នៅ​ក្នុង​ព្រះ​គម្ពីរ។ យើង​មិន​អាច​យល់ ហើយ​ក៏​មិន​អាច​នឹង​នឹក​ស្រមៃ​អំពី​អនាគត និង​សេចក្ដី​សង្ឃឹម​នោះ​បាន​ឡើយ។ អនាគត​នោះ​គឺ​ជា​ការ​ដែល​ព្រះ​អង្គ​នឹង​ច្នៃ​ផែនដី​នេះ​ជា​ថ្មី ទ្រង់​នឹង​ស្ដារ​ផែន​ដី​នេះ​ឡើង​វិញ ហើយ​សង់​កន្លែង​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​ដែល​ល្អ​ឥត​ខ្ចោះ គ្មាន​បាប គ្មាន​ការ​ឈឺចាប់ គ្មាន​ការ​បែក​បាក់​គ្នា គ្មាន​ការ​ស្រក់​ទឹក​ភ្នែក គ្មាន​ជំងឺ និង​សេចក្ដី​ស្លាប់​ឡើយ។

ផ្ទៃមេឃ និង​ផែនដី​ថ្មី​នឹង​មាន​លក្ខណៈ​ល្អ​ប្រពៃ​ជាង​សួនច្បារ​អេដែន​ដំបូង​ទៅ​ទៀត ព្រោះ៖ ទីមួយ ព្រះ​យេស៊ូវ​នឹង​មាន​ព្រះ​វត្តមាន​ផ្ទាល់​នៅ​ទី​នោះ (វិវរណៈ ២២:១)។ ទីពីរ កន្លែង​នោះ​នឹង​នៅ​ស្ថិតស្ថេរ​អស់កល្បជានិច្ច ហើយ​អ្នក​នៅ​ទី​នោះ​ក៏​នឹង​មិន​ប្រព្រឹត្ត​បាប​ទៀត​ដែរ (មិន​ដូច​លោក អ័ដាម និង​នាង អេវ៉ា)។ យើង​អាច​និយាយ​ម៉្យាង​ទៀត​បាន​ថា ផែនដី​នៅពេល​អនាគត មាន​ភាព​ល្អ​ប្រសើរ​ជាង​ផែនដី​នៅ​ពេល​អតីតកាល។ សួន​ច្បារ​អេដែន​គឺ​ជា​កន្លែង​ដែល​គួរ​ឲ្យ​ស្រឡាញ់ ប៉ុន្តែ​ក៏​ជា​កន្លែង​ដែល​ងាយ​នឹង​បាក់​បែក​ផង​ដែរ។ ការ​បង្កើត​ជា​ថ្មី គឺ​ជា​កន្លែង​ដ៏​ស្រស់ស្អាត និង​មិន​ចេះ​ប្រែប្រួល​ឡើយ។ យើង​អាច​​ប្រៀបធៀប​សួនច្បារ​អេដែន​ទៅ​នឹង​ប៉ាន់តែ​មួយ​ដែល​មាន​ក្បាច់​រចនា ម៉ូត​ស្អាត គំនូរ​ស្អាត រាង​ស្អាត។ល។ ប៉ុន្តែ​ប៉ាន់តែ​នោះ​ក៏​ងាយ​នឹង​បែក​ណាស់​ដែរ។ តែ​ផ្ទុយ​ពី​នេះ ការ​បង្កើត​ជា​ថ្មី គឺ​ជា​កន្លែង​មួយ​ដែល​ប្រៀប​ដូច​ជា​ភ្នំ​ហិម៉ាឡៃ (Himalayas) ដែល​មើល​ទៅ​ធ្វើ​ឲ្យ​យើង​ភ្លឹក ហើយ​ក៏​ជា​ភ្នំ​មួយ​ដែល​មិន​អាច​ងាយ​នឹង​រើ​បាន​ឡើយ។

យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​យើង​កំពុង​រស់​នៅ​លើ​ផែនដី​ដែល​មិន​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​អនាគត​ដ៏​ល្អ​ឥត​ខ្ចោះ នោះ​នឹង​ក្លាយ​ទៅ​ជា​អនាគត​របស់​យើង នៅពេលដែល​យើង​រួបរួម​ជាមួយ​ព្រះ​អង្គ​សង្គ្រោះ​ដ៏​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ជំនឿ។ តាមរយៈ​ជំនឿ យើង​អាច​នឹង​ដឹង​បាន​យ៉ាង​ប្រាកដ​ថា អនាគត​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​គឺ​ជា​អនាគត​របស់​យើង។ ព្រះ​គម្ពីរ​បាន​ហៅ​ការ​អះអាង​នេះ​ថា​ជា «សេចក្ដី​សង្ឃឹម»។

សេចក្ដី​សង្ឃឹម​របស់​គ្រីស្ទ​បរិស័ទ គឺ​ជា​ទំនុក​ចិត្ត​ដែល​ដឹង​ថា ព្រះ​ជាម្ចាស់​បាន​រៀបចំ​អនាគត​ដ៏​ល្អ​ប្រពៃ​សម្រាប់​យើង ហើយ​ការ​ដែល​យើង​ដឹង​បែប​នេះ គួរតែ​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​យើង​អំពី​កាលៈទេសៈ​នៅ​ពេល​បច្ចុប្បន្នកាល​នេះ។ ចំណុច​នេះ​ក៏​គួរតែ​ផ្ដល់​កម្លាំង និង​ជួយ​យើង​ឲ្យ​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​រស់នៅ​របស់​យើង និង​ការ​នៅលីវ​របស់​យើង​ផង​ដែរ។ ចំណុច​នេះ​គួរតែ​ធ្វើ​ឲ្យ​យើង​កាន់តែ​ចង់​ឲ្យ​ផែនដី​ថ្មី​ឆាប់​មក​ដល់ ហើយ​ការ​ចង់​បាន​បែប​នេះ​ក៏​នឹង​កាន់តែ​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​ស្កប់ចិត្ត​ផង​ដែរ។

ដើម្បី​ឲ្យ​កាន់តែ​ស្កប់ចិត្ត ត្រូវ​តែកុំឲ្យ​នៅ​ស្ងៀម​

កាល​ពី​ខ្ញុំ​នៅ​លីវ ខ្ញុំ​មិន​សូវ​ចេះ​ស្កប់ចិត្ត​សោះ។ ទោះ​បី​ជា​នៅពេល​ដែល​ខ្ញុំ​បាន​ដើរ​លេង​យ៉ាង​សប្បាយ​រីករាយ ហើយ​មាន​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​ជា​ច្រើន​ក៏ដោយ ក៏​មិនសូវ​សំខាន់​ប៉ុន្មាន​ដែរ ព្រោះ​ខ្ញុំ​មិន​មាន​បុគ្គល​ណា​ម្នាក់​ទៀត​ក្រៅ​តែ​ពី​ខ្លួន​ក្នុង​ការ​​ចែក​ចាយ​អនុស្សាវរីយ៍​នោះ​ឡើយ។

នៅពេលដែល​យើង​កាន់តែ​ចង់​ទៅ​នៅ​ស្ថានសួគ៌​ជាមួយ​នឹង​ព្រះ​ជាម្ចាស់ នោះ​នឹង​កាន់តែ​ជួយ​ឲ្យ​យើង​ចេះ​មាន​ភាពស្កប់ចិត្ត។ ស្ដាប់​មើល​ទៅ គំនិត​បែប​នេះ​ហាក់បីដូចជា​ផ្ទុយ​គ្នា ប៉ុន្តែ​គំនិត​នោះ​មិន​ផ្ទុយ​គ្នា​ទេ។ សាវ័ក ប៉ុល គឺ​ជា​បុគ្គល​ម្នាក់​ដែល​មិន​ចេះ​នៅ​ស្ងៀម​ឡើយ។ គាត់​បាន​មមុល​ឈោង​ទៅ​ឯ​សេចក្ដី​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ឯ​ទី​ដ៏​ខ្ពស់ (ភីលីព ៣:១៣-១៤)។ ប៉ុន្តែ គាត់​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា គាត់​បាន​រៀន ហើយ​ដឹង​ពី​សេចក្ដី​អាថ៌កំបាំង​នៃ​ការ​ស្កប់ចិត្ត​នៅ​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង (ភីលីព ៤:១២)។ ចំណុច​ទាំង​ពីរ​នេះ​មាន​ភាពស៊ីសង្វាក់​គ្នា​ណាស់។

មូលហេតុដែល​យើង​មិន​ចេះ​ស្កប់ចិត្ត​នឹង​ភាព​នៅលីវ​របស់​យើង (ឬ​ក៏​ការងារ ជីវិត​អាពាហ៍ពិពាហ៍ យាន​ជំនិះ កូនចៅ ឬ​ក៏​អ្វី​ផ្សេង​ទៀត) គឺ​ដោយ​ព្រោះតែ​យើង​បាន​ឲ្យ​តម្លៃ​ទៅ​លើ​បុគ្គល ឬ​ក៏​របស់​ណា​មួយ (មិន​ថា​អ្វី​ក៏​ដោយ) ខ្ពស់​ជាង​ភាព​អស់កល្បជានិច្ច។ ប្រសិនបើ​លោកអ្នក​យក​មេ​ដៃ​របស់​ខ្លួន​មក​ដាក់​ជិត​ភ្នែក នោះ​មិន​ថា​មាន​អគារ​ណា​មួយ​ធំ​ប៉ុណ្ណា​ក៏​ដោយ ក៏​មេ​ដៃ​របស់​លោកអ្នក​បាំង​មិន​ឲ្យ​លោកអ្នក​ឃើញ​អគារ​នោះ​ដែរ។

នៅពេលដែល​យើង​ផ្ដល់​តម្លៃ​ឲ្យ​កាលៈទេសៈ​របស់​យើង​ខ្ពស់​ជាង​ភាព​អស់កល្បជានិច្ច នោះ​មាន​ន័យ​ថា យើង​បាន​បាត់​បង់​ទស្សនៈ​របស់​ខ្លួន​ហើយ។ ហើយ​នៅពេលដែល​យើង​បាត់​បង់​ទស្សនៈ​របស់​ខ្លួន នោះ​យើង​នឹង​ដាក់​ការ​ស្កប់ចិត្ត​របស់​ខ្លួន​ទៅ​លើ​អ្វី​មួយ ដែល​ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​មក ដើម្បី​ឲ្យ​អាច​ទ្រាំទ្រ​នឹង​ទម្ងន់​នៃ​ការ​ស្កប់ចិត្ត​នោះ​បាន។ យើង​រំពឹង​លើ​ដៃគូ មិត្តភក្ដិ ការងារ ឬ​ក៏​អ្វី​មួយ​ដែល​យើង​ធ្លាប់​បាន​សម្រេច ឲ្យ​ធ្វើ​ជា​អ្នក​ដែល​ផ្ដល់​ភាព​អរសប្បាយ​ដល់​យើង តែ​ទាំង​អស់​នោះ​មិន​អាច​ធ្វើ​បាន​ឡើយ។

ស្ថានភាព​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​នៅ​ឯ​ស្ថានសួគ៌

បញ្ហា​នៃ​របៀប​រស់នៅ​បែប​នេះ​នឹង​នាំ​ឲ្យ​យើង​កាន់តែ​លែង​មាន​សេចក្ដី​ស្កប់ចិត្ត។ ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ការងារ​ដ៏​ល្អ​មួយ​ដល់​យើង ប៉ុន្តែ​យើង​នៅ​តែ​គិត​ថា ការងារ​ដែល​យើង​មាន​ស្រាប់​ធំ​ជាង សំខាន់​ជាង ហើយ​មាន​ន័យ​ខ្ពស់​ជាង​ផ្ទៃមេឃ និង​ផែនដី​ថ្មី​ដែល​ទ្រង់​នឹង​បង្កើត នោះ​យើង​ទំនង​ជា​នឹង​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ធ្វើ​ឲ្យ​ការងារ​នោះ​កាន់តែ​ប្រសើរ ឬ​ក៏​យើង​ទំនង​ជា​ខូចចិត្ត​យ៉ាង​ខ្លាំង ប្រសិនបើ​យើង​បាត់​បង់​ការងារ​នោះ។

ប្រសិនបើ​យើង​នៅលីវ តែ​យើង​ចង់​បាន​ដៃគូ​អនាគត​ខ្លាំង​ជាង​ការ​រស់នៅ​ជាមួយ​ព្រះ​គ្រីស្ទ​អស់កល្បជានិច្ច នោះ​មាន​ន័យ​ថា យើង​នឹង​ទម្លាក់​បន្ទុក​ដែល​យើង​រំពឹង​ចង់​បាន​ទៅ​លើ​ដៃគូ​អនាគត​ដែល​ព្រះ​ជាម្ចាស់​នឹង​រៀបចំ​ឲ្យ​យើង ហើយ​បន្ទុក​នោះ​ធ្ងន់​ជាង​កម្លាំង​ដែល​គាត់​អាច​នឹង​ទ្រាំទ្រ​បាន ហើយ​យើង​តូច​ចិត្ត និង​មើល​ឃើញ​តែ​ការ​អាក្រក់ ឬ​ក៏​ខូចចិត្ត​ទាំងស្រុង​តែ​ម្ដង​ក្នុង​នាម​ជា​បុគ្គល​ដែល​នៅលីវ។ បុគ្គល​ដែល​មិន​ចេះ​មាន​ភាព​ស្កប់ចិត្ត​នៅ​ពេល​នៅលីវ នឹង​​ក្លាយជា​ដៃគូ​អនាគត​ដែល​មិន​ចេះ​មាន​ភាព​ស្កប់ចិត្ត បន្ទាប់មក​គាត់​នឹង​ក្លាយ​ទៅ​ជា​ឪពុក​ម្ដាយ​ដែល​មិន​ចេះ​មាន​ភាព​ស្កប់ចិត្ត…​រហូត​ទាល់​តែ​គាត់​ទទួល​ស្គាល់​ថា ភាព​អស់កល្បជានិច្ច​មាន​សារៈសំខាន់​ជាង​អ្វីៗ​ទាំង​អស់។

ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​បំផ្លាស់​បំប្រែ​ទស្សនៈ​របស់​យើង ជាង​ស្ថានភាព​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​ទៅ​ទៀត។ ប្រសិនបើ​យើង​យក​ភាព​អស់កល្បជានិច្ច​មក​ធ្វើ​ជា​ចំណុច​ស្នូល​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង នោះ​ទោះ​បី​ជា​ប្ដី ប្រពន្ធ ឬ​ក៏​កូន​របស់​យើង (ឬ​បើ​យើង​មិន​មាន​ប្ដី ប្រពន្ធ ឬ​ក៏​កូន​ដូច​ដែល​យើង​ប្រាថ្នា​ចង់​បាន) ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ក៏​ដោយ ក៏​យើង​មិន​មាន​បញ្ហា​អ្វី​ដែរ ទោះ​បើ​យើង​មាន​ការ​ឈឺ​ចាប់​ក៏​ដោយ ព្រោះ​យើង​ដឹង​ថា ភាព​អស់កល្បជានិច្ច​គឺ​ជា​របស់​យើង។ យើង​មាន​សណ្ដូន​នៅ​លើ​ទូក ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​លំនឹង​នៅពេលដែល​យើង​ពិបាក​ចិត្ត ឬ​ក៏​មើល​រំលង​ឱកាស​ណា​មួយ ក៏​ដូច​ជា​ជួប​ប្រទះ​សោកនាដកម្ម​នៅ​ក្នុង​ជីវិត​នេះ។

ខណៈពេល​ដែល​យើង​កាន់តែ​ចង់​ទៅ​នៅ​ក្នុង​ផ្ទៃមេឃ និង​ផែនដី​ថ្មី ហើយ​កាន់តែ​ផ្ដោត​ចិត្ត​គំនិត និង​អារម្មណ៍​របស់​យើង​ទៅ​កន្លែង​នោះ នោះ​យើង​ក៏​នឹង​មិន​សូវ​ឲ្យ​ទុក្ខ​ព្រួយ​នៅ​ក្នុង​ជីវិត​នេះ​មក​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ដែរ ហើយ​យើង​ក៏​នឹង​កាន់តែ​មើល​ឃើញ​ថា គ្រប់​ព្រះ​ពរ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ មិន​មែន​ជា​ព្រះ​ពរ​ចុងក្រោយ​នោះ​ទេ តែ​គ្រាន់​តែ​ជា​ការ​ចង្អុល​បង្ហាញ​អំពី​ព្រះ​ពរ​ដ៏​នៅ​អស់កល្បជានិច្ច​នៅ​ពេល​ខាង​មុខ​ប៉ុណ្ណោះ។ ខណៈពេល​ដែល​យើង​កាន់តែ​ចង់​ទៅ​នៅ​ស្ថានសួគ៌ នោះ​យើង​ក៏​នឹង​កាន់តែ​ស្កប់ចិត្ត​ដែរ។

ប្រសិនបើ​លោកអ្នក​ជា​បុគ្គល​នៅលីវ​ម្នាក់ នោះ​អត្តសញ្ញាណ​របស់​លោកអ្នក​ដែល​ជា «បុគ្គល​នៅលីវ» បាន​​ក្លាយជា​ចំណុច​ស្នូល​នៃ​របៀប​ដែល​លោកអ្នក​គិត​អំពី​ខ្លួន​ឯង។ ប៉ុន្តែ ចូរ​ចាំ​ថា នៅ​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ ទ្រង់​ដូចជា​បាន​បង្រៀន​ថា នៅ​ស្ថានសួគ៌ យើង​ទាំង​អស់​គ្នា​នឹង​នៅលីវ។ គ្មាន​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ឯ​ស្ថានសួគ៌​ទេ។ ស្ថានភាព​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង មិនមែន​ជា​អ្វី​ដែល​នឹង​ផ្ដល់​អត្ថន័យ​ដល់​ជីវិត​របស់​យើង​អស់កល្បជានិច្ច​ឡើយ ប៉ុន្តែ​ការ​ដែល​យើង​មាន​អំណរ​ចំពោះ​វត្តមាន​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​គ្រីស្ទ គឺ​ជា​អ្វី​ដែល​នឹង​ផ្ដល់​អត្ថន័យ​ដល់​ជីវិត​របស់​យើង។

នេះ​មាន​ន័យ​ថា បុគ្គល​នៅលីវ​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​នឹង​បុគ្គល​រៀបការ​រួច​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ ជាង​បុគ្គល​នៅលីវ​ដែល​មិន​ស្គាល់​ទ្រង់​ទៅ​ទៀត។ យើង​នឹង​ស្គាល់​ព្រះ​យេស៊ូវ​អស់កល្បជានិច្ច ហើយ​ទ្រង់​ក៏​នឹង​ស្រឡាញ់​យើង​អស់កល្បជានិច្ច​ផង​ដែរ។ ចំណុច​នេះ​សំខាន់​ជាង​ស្ថានភាព​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​ទៅ​ទៀត។ ចូរ​កុំ​គិត​ថា គ្មាន «ដៃគូ​ជីវិត» ណា​មិន​ចង់​បាន​អ្នក​ឡើយ។ តែ​ចូរ​គិត​បែប​នេះ​វិញ៖ សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​ចំពោះ​លោកអ្នក ស្ថិត​នៅ​អស់កល្បជានិច្ច។

មាន​ពេល​ខ្លះ អ្នក​នៅលីវ​ជា​ច្រើន (តែ​មិន​មែន​ទាំង​អស់​នោះ​ទេ) មាន​អារម្មណ៍​ឯកា ហើយ​ប្រាថ្នា​ចង់​បាន​ដៃគូ​ជីវិត នៅ​ពេល​ដែល​ពួកគេ​ឆ្លង​កាត់​ពេលវេលា ឬ​កាលៈទេសៈ​ដែល​មើល​ទៅ​ហាក់បីដូចជា ខ្លួន​ឯង​នៅលីវ​តែ​ម្នាក់​ឯង ឧ. នៅ​ពេល​ដែល​បុគ្គល​នោះ​ទៅ​ចូល​រួម​ពិធី​មង្គលការ ជប់លៀង។ល។ នោះ​ហើយ​ជា​បទពិសោធន៍​ផ្ទាល់​របស់​ខ្ញុំ។ ប៉ុន្តែ​សរុប​សេចក្ដី​ទៅ៖ ការ​ស្គាល់​ព្រះ​ជាម្ចាស់ និង​គម្រោងការ​ចុងក្រោយ​​របស់​ទ្រង់​សម្រាប់​យើង​នៅ​ពេល​អនាគត ក៏​ដូច​ជា​ការ​ស្គាល់​ខ្លួន​ឯង​នៅ​ក្នុង​គម្រោងការ​នោះ នឹង​ធ្វើ​ឲ្យ​យើង​ស្កប់ចិត្ត​មែនទែន​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធដោយ៖ លោកគ្រូ Stephen Witmer
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, ​និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្តី​សង្គ្រោះ

ប្រកាស​