in ,

ការ​រង​ទុក្ខ​នឹង​​បំផ្លាស់​បំប្រែ​លោក​អ្នក

ប្រមាណ​ឆ្នាំ​កន្លង​ទៅ​នេះ មិត្ត​ភក្ដិ​ជិត​ស្និត​របស់​ខ្ញុំ​ម្នាក់​បាន​ដើរ​ចេញ​ពី​ជំនឿ។

ខ្ញុំ​នៅ​ចាំ​បាន​អំពី​ការ​សន្ទនា​ចុង​ក្រោយ​របស់​យើង​អំពី​ព្រះ​ជាម្ចាស់ ពេល​ដែល​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ទ្រង់​មិន​បាន​ជួយ​គាត់​សោះ។ គាត់​បាន​អធិស្ឋាន ហើយ​បាន​ទូល​សូម​ឲ្យ​ព្រះ​អង្គ​បំផ្លាស់​បំប្រែ​ស្ថានភាព​របស់​គាត់ ប៉ុន្តែ​អ្វីៗ​បាន​បន្ត​កាន់​តែ​អាក្រក់​ទៅៗ​ជាង​មុន។ គាត់​បាន​ទូល​សួរ​ព្រះ​អង្គ​ដោយ​កំហឹង​ថា «តើ​នេះ​ជា​របៀប​ដែល​ព្រះ​ជាម្ចាស់​ដ៏​ល្អ​ធ្វើ​ដាក់​កូនៗ​របស់​ព្រះ​អង្គ​មែន​ឬ?» ហើយ​ក៏​បាន​សរសេរ​ចុះ​នូវ​ការ​ទាំង​អស់​ដែល​ព្រះ​ជាម្ចាស់​មិន​បាន​ធ្វើ​សម្រាប់​គាត់ ទោះ​បី​ជា​គាត់​មិន​ស្មោះ​ត្រង់​ក៏​ដោយ។ គាត់​បាន​អស់​កម្លាំង​ក្នុង​ការ​ប្រព្រឹត្តិ​ការ​ត្រឹម​ត្រូវ ពីព្រោះ​វា​មិន​បាន​ជួយ​អ្វី​ដល់​គាត់​នោះ​ទេ។

ខ្ញុំ​យល់​អំពី​អារម្មណ៍​មិត្ត​ភក្ដិ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ធ្លាប់​មាន​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​មិន​បាន​សរសេរ​ចុះ ហើយ​ឯកតោ​ភាគី​តែ​ម្ដង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ដែរ ពេល​ដែល​ខ្ញុំ​បាន​ព្យាយាម​រស់​នៅ​ក្នុង​ជីវិត​សុចរិត ហើយ​មាន​ការ​រំពឹង​ទុក​ត្រឡប់​មក​វិញ​ថា​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ​តាម​រយៈ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​ខ្ញុំ—ជា​ពិសេស​បើ​ខ្ញុំ​បាន​អធិស្ឋាន និង​អាន​ព្រះ​គម្ពីរ។ បន្ទាប់​ពី​ខ្ញុំ​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​កាល​នៅ​វ័យ​ជំទង់ ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ប្រាកដ​ថា ព្រះ​ជាម្ចាស់​បាន​សន្យា​នឹង​ខ្ញុំ​ថា ទ្រង់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​មួយ​ដែល​ងាយ​ស្រួល ហើយ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​រស់​នៅ​ក្នុង​ជីវិត​នោះ។

ខ្ញុំ​បាន​មាន​អារម្មណ៍​ថា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ព្រះ​ជាម្ចាស់​បាន​បំពេញ​តួនាទី​របស់​ព្រះ​អង្គ ប៉ុន្តែ​ទំនុក​ចិត្ត​របស់​ខ្ញុំ​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​ខ្ញុំ​បាន​រលូត​កូន​ដំបូង​របស់​ខ្ញុំ។ ការ​នេះ​មិន​គួរ​កើត​ឡើង​ចំពោះ​ខ្ញុំ​ទេ។ ហើយ​បន្ទាប់​មក បញ្ហា​អាពាហ៍ពិពាហ៍​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ជា​ថ្មី ហើយ​ពេល​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ទទួល​ការ​ព្យាបាល នោះ​ទារក​របស់​យើង​ក៏​បាន​ស្លាប់​ដោយ​មិន​បាន​រំពឹង​ទុក​ថែម​ទៀត។

អ្វី​ដែល​ការ​រង​ទុក្ខ​បាន​បង្កើត​ក្នុង​ខ្ញុំ

រាល់​ពេល​ដែល​មាន​អ្វី​មួយ​បាន​កើត​ឡើង​ក្នុង​លក្ខណៈ​ខុស​ប្រក្រតី ខ្ញុំ​បាន​ទូល​អង្វរ​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ដោះ​ស្រាយ ឲ្យ​ដក​ការ​ឈឺ​ចាប់​ចេញ ហើយ​ឲ្យ​ស្ដារ​អ្វីៗ​ទៅ​ដូច​ដើម​វិញ។ នៅ​ពេល​ដែល​អ្វីៗ​កាន់​តែ​បន្ត​អាក្រក់​ទៅៗ នោះ​ខ្ញុំ​ក៏​ឈប់​និយាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដោយ​កំហឹង ដោយ​ងឿង​ឆ្ងល់​ថា តើ​ទ្រង់​កំពុង​ស្ដាប់​ដែរ​ឬ​ទេ?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ខ្ញុំ​បាន​យល់​ដូច​ជា​សាវ័ក ពេត្រុស ដែរ​ដែល​ថា គ្មាន​កន្លែង​ណា​ក្នុង​ការ​ទៅ​ទេ ពីព្រោះ​មាន​តែ​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ដែល​មាន​បន្ទូល​នៃ​ជីវិត (យ៉ូហាន ៦:៦៨)។ ខ្ញុំ​បាន​ស្រែក​ទូល​សូម​ដល់​ព្រះ​ជាម្ចាស់​ឲ្យ​ជួយ​ខ្ញុំ​​ទុក​ចិត្ត​លើ​ព្រះ​អង្គ ឲ្យ​ផ្សះផ្សា​ឡើង​វិញ ហើយ​ឲ្យ​ជួយ​ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​កាលៈទេសៈ​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ភាព​ងងឹត​ដែល​មិន​អាច​ឆ្លង​ផុត​បាន។ ខ្ញុំ​ត្រូវ​ការ​សន្តិភាព ហើយ​ខ្ញុំ​មិន​អាច​រក​វា​បាន​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ក្នុង​ព្រះ​គ្រីស្ទ​ទេ។ គឺ​ពេល​នោះ​ជំនឿ​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​​រក​ឃើញ​សន្តិភាព និង​សេចក្ដី​សង្ឃឹម​ដែល​មិន​អាច​ពន្យល់​បាន ដែល​ខ្ញុំ​មិន​ធ្លាប់​ទទួល​បាន​ពិសោធន៍​ពី​មុន​មក—ជីវិត​ដែល​ងាយ​ស្រួល​របស់​ខ្ញុំ ហើយ​គ្មាន​បញ្ហា​ក៏​មិន​បាន​ផ្ដល់​ឲ្យ​អ្វី​សោះ លើក​លែង​តែ​ការ​អរសប្បាយ​នៅ​បច្ចុប្បន្ន​នេះ​វិញ។ ប៉ុន្តែ ការ​រង​ទុក្ខ​កំពុង​តែ​បង្កើត​នូវ​អ្វី​មួយ​ដែល​មិន​អាច​រង្គើ​បាន​ដែរ។

ការ​រង​ទុក្ខ​គឺ​ជា​ចំណុច​ដែល​ជំរុញ​យើង​ឲ្យ​មាន​ចលនា​នៅ​ក្នុង​ទិស​ដៅ​នេះ ឬ​ក៏​មួយ​ផ្សេង​ទៀត។ គ្មាន​នរណា​ម្នាក់​ឆ្លង​កាត់​ការ​រង​ទុក្ខ​ដោយ​គ្មាន​ការ​ផ្លាស់​ប្រែ​នោះ​បាន​ឡើយ។

ការ​រង​ទុក្ខ​តែង​តែ​បំផ្លាស់​បំប្រែ​លោក​អ្នក

សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំ​ទ្រ សេចក្ដី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្ដី​ស៊ាំ‌ថ្នឹក សេចក្ដី​ស៊ាំ‌ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ឯ​សេចក្ដី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ» (រ៉ូម ៥:៣-៥)។

នៅ​ទី​បំផុត ត្រង់​នេះ ការ​រង​ទុក្ខ​របស់​គ្រីស្ទ​បរិស័ទ​នឹង​បង្កើត​ឲ្យ​យើង​មាន​សង្ឃឹម ដែល​នឹង​មិន​ធ្វើ​ឲ្យ​មាន​ភាព​អាម៉ាស់​នោះ​ទេ។ ប៉ុន្តែ យើង​មិន​តម្រង់​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សង្ឃឹម​ពី​ការ​រង​ទុក្ខ​ភ្លាមៗ​នោះ​ដែរ។ សម្រាប់​មនុស្ស​មួយ​ចំនួន ដូច​ជា​មិត្តភក្ដិ​របស់​ខ្ញុំ ការ​រង​ទុក្ខ​នាំ​ឲ្យ​គាត់​មាន​ការ​បះបោរ និង​កំហឹង ដោយ​កិន​កម្ទេច​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​ចោល មិន​មែន​ពង្រឹង​វា​នោះ​ទេ។ តើ​អ្វី​ទៅ​ជា​ចំណុច​ខុស​គ្នា? ហេតុ​អ្វី​បាន​ជា​ការ​រង​ទុក្ខ​បង្កើន​ជំនឿ និង​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ព្រះ​ជាម្ចាស់​សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​បំផ្លាញ​ជំនឿ និង​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​មួយ​ចំនួន​​ផ្សេង​ទៀត?

ខ្ញុំ​បាន​ពិចារណា​លើ​សំណួរ​នោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ។ ខ្ញុំ​ពិត​ជា​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ខ្លាំង​មែន​ទែន ដែល​ទ្រង់​បាន​ជ្រើស​រើស​ក្នុង​ការ​បើក​សម្ដែង​អង្គ​ទ្រង់​មក​កាន់​ខ្ញុំ​តាម​រយៈ​ការ​រង​ទុក្ខ ទោះ​បើ​មាន​ការ​សោក​សង្រេង​ក៏​ដោយ ក៏​នៅ​ពេល​ដែល​អ្នក​ដទៃ​ឃើញ​ការ​រង​ទុក្ខ ក៏​ពួក​គាត់​នឹង​មិន​ឃើញ​ព្រះ​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​ពី​ក្រោយ​ការ​នោះ​ដែរ។ ភាព​ខុស​គ្នា​មួយ​ចំនួន​មាន​នៅ​ក្នុង​របៀប​ដែល​យើង​យល់ និង​បទ​ពិសោធន៍​នៃ​សេចក្ដី​សង្ឃឹម និង​ការ​រង​ទុក្ខ​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​យើង​ជា​មួយ​ព្រះ​ជាម្ចាស់។

របៀប​ស្វែង​រក​សេចក្ដី​សង្ឃឹម​ក្នុង​ការ​រង​ទុក្ខ

ដើម្បី​ស្វែង​រក​សេចក្ដី​សង្ឃឹម​ក្នុង​ការ​រង​ទុក្ខ ខ្ញុំ​មិន​អាច​នៅ​ជាប់​ក្នុង​ចំណង​នៃ​លទ្ធផល​ជាក់លាក់​បាន​ឡើយ។ សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​គឺ​មិន​មែន​ថា កាលៈទេសៈ​នឹង​ប្រែ​ទៅ​ជា​ស្ថាន​ភាព​ដ៏​ជាក់លាក់​ណា​មួយ​ផ្សេង​ទៀត ឬ​ថា​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​ថា៖ ព្រះ​ជាម្ចាស់​នឹង​តែង​តែ​សម្រេច​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ។ វា​គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​រស់​នៅ​ក្នុង​ព្រះ​សង្គ្រោះ​ដែល​ស្រឡាញ់​ខ្ញុំ មិន​មែន​ក្នុង​លទ្ធផល​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​សម​ទទួល​បាន​នោះ​ទេ។ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​ថា ព្រះ​ជាម្ចាស់​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​មិន​ល្អ​ណា​មួយ​កើត​ឡើង​ចំពោះ​ខ្ញុំ​នោះ​ទេ ហើយ​ថា​គ្រប់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ទ្រង់​បាន​ដាក់​សម្រាប់​សេចក្ដី​ល្អ​របស់​ខ្ញុំ (រ៉ូម ៨:២៨)។ ព្រះ​ជាម្ចាស់​បាន​ចាក់​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​មក​លើ​ខ្ញុំ ហើយ​ព្រះ​បន្ទូល​ទាំង​មូល​ក៏​ប្រកាស​អំពី​សេចក្ដី​ស្រឡាញ់​នេះ​ដែរ។ ឈើ​ឆ្កាង​បើក​បង្ហាញ​អំពី​វា ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បោះ​ត្រា​លើ​វា​ដែរ។

ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​ទុក​ចិត្ត​ព្រះ​ជាម្ចាស់ ហើយ​មិន​ជឿ​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ​ទេ នោះ​ខ្ញុំ​នឹង​មិន​ឃើញ​ពី​របៀប​ដែល​ការ​រង​ទុក្ខ​របស់​ខ្ញុំ​អាច​ក្លាយ​ជា​ការ​ល្អ​បាន​ឡើយ។ ពេល​ដែល​ខ្ញុំ​កំពុង​រង​ទុក្ខ វា​ពេញ​ដោយ​ការ​ឈឺ​ចាប់។ វា​ពិត​ជា​ឈឺ​យ៉ាង​ខ្លាំង​មែន។ ខ្ញុំ​នឹង​ចាប់​ផ្ដើម​វិនិច្ឆ័យ​ពី​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ដោយ​ពឹង​ផ្អែក​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ និង​ថា​តើ​ព្រះ​ជាម្ចាស់​ឆ្លើយ​តប​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ដែរ​ឬ​ទេ។ ខ្ញុំ​នឹង​ចាក​ចេញ​មុន​នឹង​បាន​ឃើញ​ចុង​បញ្ចប់ ដោយ​មាន​បទ​ពិសោធន៍​នៃ​ការ​ល្បង​ល​ពិបាក​បំផុត​នៃ​ការ​រង​ទុក្ខ​របស់​ខ្ញុំ​ដោយ​មិន​បាន​ទៅ​ដល់​ចំណុច​ដ៏​ល្អ​ទេ។ ខ្ញុំ​នឹង​មិន​ឃើញ​មាន​អ្វី​ដែល​ល្អ ដើម្បី​មាន​អំណរ ហើយ​ការ​រង​ទុក្ខ​របស់​ខ្ញុំ​មើល​ទៅ​ហាក់​បី​ដូច​ជា​គ្មាន​ន័យ​ស្អី​សោះ។

នៅ​ពេល​ដែល​ខ្ញុំ​ដាក់​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ទៅ​លើ​ព្រះ​ជាម្ចាស់​ដោយ​ខ្ញុំ​ដឹង​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ ព្រះ​ជាម្ចាស់​ប៉ាន់​ឆ្នៃ​ខ្ញុំ​តាម​រយៈ​ការ​ល្បង​ល​របស់​ខ្ញុំ។ នៅ​ពេល​ដែល​កូន​ប្រុស​របស់​ខ្ញុំ​បាន​ស្លាប់ ជំនឿ​របស់​ខ្ញុំ​ក៏​បាន​រង្គើ ហើយ​ខ្ញុំ​ក៏​មាន​មន្ទិល​សង្ស័យ​អំពី​អ្វីៗ​នៅ​ជុំ​វិញ​ខ្ញុំ​ផង​ដែរ។ ប៉ុន្តែ នៅ​ពេល​ដែល​ខ្ញុំ​អំពាវ​នាវ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ទ្រង់​ក៏​បាន​ដាក់​អង្គ​ទ្រង់​ផ្ទាល់ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​មក​កាន់​ជីវិត​ខ្ញុំ។ ជំនឿ​របស់​ខ្ញុំ​ក៏​បាន​រឹងមាំ​ខ្លាំង​ជាង​មុន​ផង​ដែរ។

ដូច្នេះ នៅ​ពេល​ដែល​ខ្ញុំ​បាន​រៀន​ពី​ជំងឺ​ទន់​ខ្សោយ​របស់​ខ្ញុំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ជា​ដំបូង​នោះ​ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ប៉ុន្តែ​បាន​ចង​ចាំ​ពី​របៀប​ដ៏​ស្មោះ​ត្រង់​ដែល​ព្រះ​ជាម្ចាស់​មាន​ចំពោះ​ខ្ញុំ។ ខ្ញុំ​មិន​បាន​ភ័យ​ស្លន់ស្លោ​ទេ។ តាម​រយៈ​បទ​ពិសោធន៍ ខ្ញុំ​ក៏​បាន​ដឹង​ថា​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​គ្រប់​តម្រូវ​ការ​របស់​ខ្ញុំ។ ព្រះ​បន្ទូល​រំឭក​យើង​ថា ការ​ទទួល​បន្ទុក និង​ការ​អស់​សង្ឃឹម​នៅ​ក្នុង​ជីវិត​ខ្លួន​ឯង​នេះ អាច​ពង្រឹង​ជំនឿ​របស់​យើង​បាន (២កូរិនថូស ១:៨-៩)។ នេះ​ក៏​ដោយ​សារ​ការ​ល្បង​ល​ដ៏​ជ្រាល​ជ្រៅ​បំផុត​ធ្វើ​ឲ្យ​យើង​មិន​ពឹង​ផ្អែក​លើ​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​លើ​ព្រះ​ជាម្ចាស់​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ទេ​តើ។ ការ​ដែល​យើង​កាន់​តែ​ស៊ូទ្រាំ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ និង​ស្វែង​រក​ភាព​គ្រប់​គ្រាន់​ក្នុង​ទ្រង់ នោះ​ជំនឿ​របស់​យើង​ក៏​នឹង​កាន់​តែ​រឹង​មាំ​ដែរ។

ភ្លើង​ដែល​បន្សុទ្ធ

សេចក្ដី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្ដី​ស៊ាំ‌ថ្នឹក។ ការ​រង​ទុក្ខ​ដុសខាត់​ចំណុច​ដែល​ខ្ញុំ​មិន​ទាន់​ល្អ​នៅ​ឡើយ​ចេញ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​វិនិច្ឆ័យ​តិច​ជាង​មុន ហើយ​ជួយ​ខ្ញុំ​ក្នុង​ការ​ឲ្យ​តម្លៃ​លើ​មនុស្ស​ជា​ជាង​របស់​ផ្សេងៗ។ វា​ជំរុញ​ខ្ញុំ​ក្នុង​ការ​ផ្ដោត​លើ​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត​នេះ។

ជា​លទ្ធផល៖ ខ្ញុំ​ចេះ​អាណិត​អាសូរ​ខ្លាំង ចេះ​មាន​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង ចេះ​មាន​ការ​ស្កប់ស្កល់ ចេះ​អធិស្ឋាន ចេះ​មាន​ការ​ឆេះ​ឆួល​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​ចេះ​មាន​ការ​អរ​សប្បាយ​រីក​រាយ​អំពី​នគរ​ស្ថាន​សួគ៌​ខ្លាំង​ជាង​មុន ដែល​ពី​មុនៗ​ខ្ញុំ​មិន​ដែល​ធ្លាប់​មាន​សោះ។ បើ​នៅ​តែ​ឯង នោះ​ខ្ញុំ​នឹង​ឆាប់​ខឹង ឆាប់​រិះគន់ និង​មិន​ចេះ​អត់​ធ្មត់​ជាង​មុន​ទៅ​ទៀត ប៉ុន្តែ​ពិការភាព​បាន​បង្រៀន​ខ្ញុំ​អំពី​សេចក្ដី​សប្បុរស ការ​អត់​ធ្មត់ និង​ព្រះ​គុណ។ គ្រប់​ទាំង​ការ​រង​ទុក្ខ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ឱកាស​សម្រាប់​ការ​លូត​លាស់​របស់​ខ្ញុំ។

ថ្ងៃ​មួយ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ឃើញ​សិរីល្អ​ព្រះ​អម្ចាស់ ហើយ​នឹង​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ (២កូរិនថូស ៣:១៨) ហើយ​ការ​រង​ទុក្ខ​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​ការ​ភ្លក់​មើល​លើ​ចំណុច​ទាំង​ពីរ​នេះ។ ខណៈ​ពេល​នេះ ខ្ញុំ​មិន​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ក៏​ដោយ (រ៉ូម ៨:២៤) ក៏​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​បន្ទូល និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​អំពី​សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់​បាន​ធានា​ចំពោះ​ខ្ញុំ​ថា ខ្ញុំ​នឹង​មិន​ខក​ចិត្ត​ឡើយ។ ខ្ញុំ​បាន​ភ្លក់​រសជាតិ​នៃ​សេចក្ដី​ស្មោះ​ត្រង់​នោះ​ដោយ​ផ្ទាល់ និង​ក្នុង​ជ្រលង​ភ្នំ​ដ៏​ងងឹត​បំផុត​ដែល​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​បាន​ដក​ភាព​ភ័យ​ខ្លាច​របស់​ខ្ញុំ​ចេញ (ទំនុកតម្កើង ២៣:៤) ដូច្នេះ​ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ថា សេចក្ដី​សន្យា​របស់​ព្រះ​អង្គ​នឹង​មិន​បរាជ័យ​ឡើយ។

ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​អាច​មាន​អំណរ​ក្នុង​ការ​រង​ទុក្ខ​របស់​ខ្ញុំ​បាន ដោយ​ដឹង​ថា ព្រះ​ជាម្ចាស់​កំពុង​ប្រើប្រាស់​វា​ក្នុង​ការ​បង្កើត​ក្នុង​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង។ ជំនឿ​របស់​ខ្ញុំ​រឹង​មាំ​ជាង​មុន លក្ខណសម្បត្តិ​របស់​ខ្ញុំ​ក៏​កាន់​តែ​មាន​សភាព​ដូច​ព្រះ​គ្រីស្ទ ហើយ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ក៏​កាន់​តែ​មាន​ការ​ធានា​ខ្លាំង​ជាង​មុន​ដែរ។ ចូរ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ព្រោះ​ខណៈពេល​ដែល​យើង​ទុក​ចិត្ត​លើ​ព្រះ​អង្គ នោះ​ទ្រង់​ក៏​បាន​ធានា​ថា​ទ្រង់​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។ ហើយ​ការ​រង​ទុក្ខ​ក៏​ពិត​ជា​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​មែន។

និពន្ធដោយ៖ អ្នកគ្រូ Vaneetha Rendall Risner
បកប្រែដោយលោក៖ ខែម បូឡុង 
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុុល រដ្ថា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូរ​ឃ្វាល​ហ្វូង​ចៀមរបស់​ព្រះ

មនុស្សល្អនឹងធ្វើទង្វើល្អ