សំណួរគឺមិនមែនថា តើលោកអ្នកធ្លាប់ឮសំឡេងរបស់ពួកគ្រូខុសឆ្គងនោះទេ ព្រោះលោកអ្នកឮស្ទើររាល់តែថ្ងៃពេកហើយក៏មិនដឹង។ តែសំណួរគឺ៖ តើលោកអ្នកអាចវែកញែកដោយដឹងថាសេចក្ដីបង្រៀនមួយណាខុសឆ្គងបានដែរឬទ?
បើលោកអ្នកធ្លាប់តាមដានសង្គមបណ្ដាញហ្វេសបុក (Facebook) ស្ដាប់វិទ្យុ មើលក្នុងយូធូប (Youtube) តាមដានព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅជុំវិញខ្លួន ឬក៏មានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងបុគ្គលណាម្នាក់នៅក្នុងសង្គមយើងសម័យនេះ នោះមានន័យថា លោកអ្នកកំពុងតែប្រឈមមុខនឹងសេចក្ដីបង្រៀនខុសឆ្គងខ្លះៗរួចបាត់ទៅហើយ។ ប្រសិនបើលោកអ្នកមិនអាចវែកញែកសំឡេងមួយចំនួនដែលលោកអ្នកកំពុងឮថា វាខុសឆ្គង ឬក៏មិនខុសឆ្គង នោះមិនមែនមានន័យថា លោកអ្នកមិនប្រឈមមុខនឹងវានោះទេ ប៉ុន្តែមានន័យថា លោកអ្នកកំពុងលង់ខ្លះៗនឹងសេចក្ដីបង្រៀនរបស់គេហើយ។
ក្នុងសម័យកាលជាច្រើននៃក្រុមជំនុំពីមុនៗ ដើម្បីឲ្យជះឥទ្ធិពលលើមនុស្សម្នាបាន គឺត្រូវមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា។ កាលសម័យនោះ ពួកគេត្រូវតែចម្លងសេចក្ដីបង្រៀនដោយដៃ ហើយពួកគ្រូៗត្រូវតែធ្វើដំណើរថ្មើរជើង ឬក៏ជិះសេះ ដើម្បីទៅណាទៅណី។ កាលនោះមិនទាន់មានបច្ចេកវិជ្ជាទំនើបៗក្នុងការធ្វើដំណើរនៅឡើយ ដែលមានដូចឡាន យន្តហោះ និងមិនមានម៉ាស៊ីនថតចម្លង គេហទំព័រ ឬក៏ផេកហ្វេសបុក (Facebook Page) ដូចឥឡូវនេះទេ។ល។ ប៉ុន្តែ សព្វថ្ងៃនេះ ស្ទើរតែរាល់ពួកគ្រូខុសឆ្គងសុទ្ធតែមានគណនីបណ្ដាញសង្គមគ្រប់ៗគ្នា។
ដូច្នេះ ក្នុងករណីដែលយើងកំពុងរស់នៅក្នុងសង្គមដែលមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គងបែបនេះ តើឲ្យក្រុមជំនុំវែកញែករវាងគ្រូត្រឹមត្រូវ និងគ្រូខុសឆ្គងបានដោយរបៀបណាទៅ?
ដ្បិតពួកគ្រូក្លែងក្លាយនឹងកើតឡើង
យើងចាប់ផ្ដើមដោយទទួលស្គាល់ថា ទំនងនឹងមិនគ្រាន់តែមានសេចក្ដីបង្រៀនខុសឆ្គងប៉ុណ្ណោះនោះទេ តែនឹងប្រាកដជាមានយ៉ាងជាក់លាក់មែន។ យើងមិនគួរមានការភ្ញាក់ផ្អើលឡើយ ពេលដែលយើងឃើញមានសេចក្ដីបង្រៀនខុសឆ្គងក្នុងក្រុមជំនុំសព្វថ្ងៃនេះ។ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់លាស់ថានឹងមានពួកគ្រូខុសឆ្គងកើតឡើងមែន។ ពួកគាត់បានសន្យាថានឹងមាន ដូចដែលព្រះយេស៊ូវបានមានបន្ទូល៖
«ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសម្គាល់ព្រមទាំងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួករើសតាំងឲ្យវង្វេងផង បើសិនជាបាន ចូរអ្នករាល់គ្នាប្រុងប្រយ័តឲ្យមែនទែន មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាគ្រប់ទាំងអស់ជាមុនហើយ» (ម៉ាកុស ១៣:២២-២៣ និងសូមអានបន្ថែមក្នុងកណ្ឌគម្ពីរម៉ាថាយ ២៤:២៤)។
ដូចគ្នាផងដែរសាវ័ក ប៉ុល ក៏បានដាស់តឿនក្រុមជំនុំអេភេសូរ (កិច្ចការ ២០:២៩-៣១) និងលោក ធីម៉ូថេ ដែលជាអ្នកកំពុងទទួលការណែនាំពីគាត់ថា (២ធីម៉ូថេ ៤:៣-៤) នឹងប្រាកដជាមានសេចក្ដីបង្រៀនខុសឆ្គងកើតមានឡើងមែន (សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៤:១; ២ធីម៉ូថេ ៣:១-៦)។ បើយើងនៅមានមន្ទិលសង្ស័យអំពីចំណុចនេះ សូមកុំភ្លេចថាសូម្បីតែសាវ័ក ពេត្រុស ក៏បានគាំទ្របន្ទរសំឡេងនោះដោយលើកឡើងដូចតទៅ «នឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ» (២ពេត្រុស ២:១)។
សរុបសេចក្ដីមក យើងមិនគួរមានការធ្វេសប្រហែសឡើយពេលមានពួកគ្រូក្លែងក្លាយបានងើបក្បាលឡើងក្នុងប្រវត្តិសាស្ត្រ ហើយក៏ថែមទាំងបានចម្រើនឡើងសព្វថ្ងៃនេះផងដែរ។
ចូរពិនិត្យមើលគោលលទ្ធិ និងជីវិតរបស់ពួកគេ
យោងតាមព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ អ្វីដែលយើងទំនងជារកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលគឺ៖ ពួកគ្រូក្លែងក្លាយមានការបើកចំហយ៉ាងខ្លាំងណាស់អំពីសេចក្ដីខុសឆ្គងរបស់ខ្លួន។ ពួកគេមិនគ្រាន់តែមានការខុសឆ្គងក្នុងសេចក្ដីបង្រៀនរបស់ខ្លួនប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងមានការក្លែងបន្លំក្នុងជីវិតរស់នៅទៀតផង។
នៅពីក្រោយភាពខុសឆ្គងនៃគោលលទ្ធិរបស់ពួកគេ (មិនថាខុសខ្លាំង ឬក៏មិនខ្លាំងប៉ុណ្ណាក៏ដោយ) ក៏យើងនឹងឃើញការដែលពួកគាត់ប្រព្រឹត្តល្មើសនឹងក្រមសីលធម៌ផងដែរ។ តែយើងនឹងមិនឃើញការនេះយ៉ាងពេញភ្នែកភ្លាមៗនោះទេ យើងត្រូវការពេលវេលា។ ប៉ុន្តែ មិនយូរមិនឆាប់ យើងនឹងឃើញជាមិនខាន! ក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៧:១៥-២០ ព្រះយេស៊ូវបានជួយឲ្យយើងចេះត្រៀមខ្លួនដោយព្រះអង្គបានមានបន្ទូលដូចតទៅ៖
«ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ ពីព្រោះគេស្គាល់ដើមឈើនីមួយៗ ដោយសារតែផ្លែទេ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លា ឬផ្លែទំពាំងបាយជូរពីអញ្ចាញឡើយ» (សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ លូកា ៦:៤៣-៤៤)។
ព្រះយេស៊ូវបានលើកឡើងពីរដង ដើម្បីកុំឲ្យយើងមើលរំលង៖ ពីព្រោះគេស្គាល់ដើមឈើនីមួយៗ ដោយសារតែផ្លែទេ។ ពេលយើងអានលើកដំបូង មើលទៅសេចក្ដីព្រមានរបស់ទ្រង់ទំនងជាច្បាស់ ហើយសាមញ្ញណាស់ ប៉ុន្តែដូចដែលយើងរាល់គ្នាដឹងហើយថា ដើមឈើមិនបង្កើតផលផ្លែក្នុងរយៈពេលតែមួយថ្ងៃទេ។ ហើយទោះជាយ៉ាងណាក្ដី ក៏មិនយូរមិនឆាប់យើងនឹងឃើញការមាន (ឬក៏មិនមាន) ផលផ្លែជាមិនខាន។ ដូចគ្នាផងដែរ ការនេះក៏នឹងទាក់ទងនឹងការប្រព្រឹត្តល្មើសនឹងក្រមសីលធម៌ដែរ។ អ្វីដែលទំនងជាមានដើមចមជាការខ្សឹបខ្សៀវនៅក្នុងបន្ទប់សម្ងាត់នឹងត្រូវបានប្រកាសឡើងពីលើដំបូលផ្ទះ (លូកា ១២:៣)។ ហេតុដូច្នេះហើយបានជាសាវ័ក ប៉ុល មិនគ្រាន់តែបានណែនាំឲ្យអ្នកដឹកនាំផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងលើជីវិតពួកក្រុមជំនុំខ្លួន និងលើសេចក្ដីបង្រៀនរបស់ពួកគាត់ឡើយ ប៉ុន្តែក៏ថែមទាំងលើជីវិតផ្ទាល់ខ្លួនរបស់ពួកគាត់ផងដែរ (កិច្ចការ ២០:២៨; ១ធីម៉ូថេ ៤:១៦)។
ពិតណាស់ យើងនឹងមានការពិបាកក្នុងការស្គាល់ថា តើពួកគ្រូមួយណាជាគ្រូខុសឆ្គងពេលដែលយើងប្រទះភ្លាមៗ។ បើយើងមិនដឹងអំពីជីវិតផ្ទាល់ខ្លួនរបស់គាត់ ឬក៏ថាគាត់បានប្រព្រឹត្តល្មើសនឹងគោលជំនឿដោយរបៀបណាខ្លះហើយ ដែលការនោះមិនទាន់ចេញមុខជាសាធារណៈក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់ពួកគេ ដោយសារការនេះ នោះយើងមិនមានភាពលំបាកក្នុងការដឹងថា ពួកគេជាគ្រូត្រឹមត្រូវ ឬក៏ជាគ្រូក្លែងក្លាយ។ ប៉ុន្តែ ពេលវេលានឹងជួយបញ្ជាក់ប្រាប់យើងឲ្យដឹង។ យើងនឹងស្គាល់ពួកគេតាមរយៈផលផ្លែរបស់ពួកគេមិនមែនផលផ្លែនៃភាពចម្រើនផ្នែកព័ន្ធកិច្ច និងចំនួនមនុស្សក្នុងព័ន្ធកិច្ចរបស់ពួកគេឡើយ ប៉ុន្តែគុណភាព និងការតស៊ូហើយអ្វីដែលសំខាន់ជាងគេបំផុតនោះគឺជីវិតរស់នៅជាប្រចាំថ្ងៃរបស់ពួកគេផ្ទាល់។
ធ្លាក់ក្នុងអន្លងស្នេហ៍លើលុយ ភាពស្រើបស្រាល និងអំណាច
កណ្ឌគម្ពីរ២ពេត្រុសជំពូក២បានរៀបរាប់យ៉ាងក្បោះក្បាយដោយពន្យល់អំពីការព្រមានរបស់ព្រះយេស៊ូវទាក់ទងនឹងផលផ្លែនៃសេចក្ដីបង្រៀនខុសឆ្គង។ សាវ័ក ពេត្រុស មិនបានលើកឡើងប៉ុន្មានទេអំពីសេចក្ដីបង្រៀនល្មើស ប៉ុន្តែគាត់បានលើកឡើងជាច្រើនអំពីលទ្ធផលនៃជីវិតដែលប្រព្រឹត្តល្មើស។
ខ១ និងខ៣បានរៀបរាប់បែបទូលំទូលាយអំពី «បក្សពួកដែលបង្ខូចបំផ្លាញ» និង «ពាក្យបញ្ឆោតបំពោត»—ដែលមានការពាក់ព័ន្ធនឹងសេចក្ដីបង្រៀន—ប៉ុន្តែបន្ទាប់ពីនោះជំពូកនេះមិនមានការផ្ដោតលើសេចក្ដីបង្រៀនរបស់ពួកគេទៀតឡើយ។ រាល់គ្រប់ចំណុចគឺផ្ដោតទៅលើជីវិតរបស់ពួកគាត់ផ្ទាល់។
យើងអាចសង្ខេបខគម្ពីរទាំងនោះទៅជាចំណុចបីយ៉ាងដ៏សំខាន់ៗ—ដែលទាំងអស់ទាក់ទងនឹងលក្ខណសម្បត្តិ និងអ្វីៗដែលពួកគាត់ប្រព្រឹត្តជាជាងសេចក្ដីបង្រៀន៖
- អំនួត ឬក៏ការមើលងាយដល់អស់ទាំងអំណាចត្រួតត្រា (ខ១០)—ខ១៖ ពួកគេបានបដិសេធចោល «ព្រះដ៏ជាម្ចាស់ដែលបានលោះគេ» (សូមអានបន្ថែមនៅខ១២-១៣ និងខ១៨)។
- ភាពស្រើបស្រាល ដែលជាទូទៅនេះទាក់ទងនឹងអំពើបាបខាងឯផ្លូវភេទ ខ២៖ «គេជាពួកអ្នកដែលរាប់ការស្រើបស្រាលនៅពេលថ្ងៃ ទុកជាការត្រេកអរសប្បាយ» (សូមអានបន្ថែមនៅខ១០, ១២-១៤ និងខ១៩)។
- មានចិត្តលោភទាក់ទងនឹងលុយកាក់ និងសម្ភារៈនិយម—ខ៣៖ «គេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ» ( សូមអានបន្ថែមនៅខ១៤-១៥)។
ម្ដងហើយម្ដងទៀតសេចក្ដីព័ណ៌នារបស់សាវ័ក ពេត្រុស គឺសុទ្ធតែទាក់ទងនឹងការមានចិត្តលោភ ភាពស្រើបស្រាល និងអំនួត ឬក៏លុយកាក់ ការរួមភេទ និងអំណាច។ យោងតាមប្រវត្តិសាស្ត្រ ពួកគ្រូខុសឆ្គងមិនគ្រាន់តែមានសេចក្ដីបង្រៀនខុសឆ្គងដូចៗគ្នាប៉ុណ្ណោះឡើយ ប៉ុន្តែពួកគេក៏ថែមទាំងមានការប្រព្រឹត្តល្មើសនឹងផ្នែកសីលធម៌ក្នុងចំណុចណាមួយនៃចំណុចទូទៅទាំងនោះផងដែរ។
យើងអាចមើលពីចំណុចដូចគ្នានេះក្នុងរបៀបមួយទៀត៖ សេចក្ដីខុសឆ្គងរបស់ពួកគេនឹងកើតចេញឡើងក្នុងអំពើបាបទាស់នឹងខ្លួនឯង អ្នកដទៃ ឬក៏ទាស់នឹងព្រះជាម្ចាស់។ ក្នុងការមានចិត្តលោភ ពួកគេបោកប្រាស់ពួកអ្នកជឿយកលុយកាក់សម្រាប់ជាការចម្រើនសម្ភារៈនិយមផ្ទាល់ខ្លួន។ ឬក៏ក្នុងភាពស្រើបស្រាល ពួកគេប្រព្រឹត្តល្មើសក្នុងការរួមភេទ (មិនថាក្នុងកាមគុណ ការផិតក្បត់ ឬក៏ការរួមភេទជាមួយនឹងភេទដូចគ្នា ដូចដែលកណ្ឌគម្ពីរ២ពេត្រុសជំពូក២បានលើកឡើង)។ ឬក៏ក្នុងអំនួត ពួកគេ «មើលងាយដល់អស់ទាំងអំណាចត្រួតត្រា» (២ពេត្រុស ២:១០) ហើយអំណាចដ៏ធំបំផុត ដែលជាអំណាចដែលត្រួតត្រាលើអំណាចផ្សេងៗ គឺព្រះជាម្ចាស់ផ្ទាល់។
លោកអ្នកមិនអាចស្គាល់នូវរាល់សេចក្ដីក្លែងក្លាយបានឡើយ
បើសេចក្ដីបង្រៀនខុសឆ្គងមិនមែនគ្រាន់តែពាក់ព័ន្ធនឹងអ្វីដែលអ្នកដឹកនាំយើងនិយាយ និងសរសេរ ប៉ុន្តែក៏ពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ពួកគេផ្ទាល់ តើឲ្យក្រុមជំនុំស្គាល់ ហើយបើកបង្ហាញអំពីការខុសឆ្គងនោះបានដោយរបៀបណាទៅសព្វថ្ងៃនេះ? វាជាការងាយស្រួលណាស់ក្នុងការដែលយើងឮសេចក្ដីបង្រៀនរបស់នរណាម្នាក់តាមប្រព័ន្ធបណ្ដាញអ៊ីនធឺណិត ឬក៏នៅឯមហាសន្និបាតណាមួយ ប៉ុន្តែតើឲ្យយើងដឹងថា ជីវិតរស់នៅរបស់គាត់ពិត ឬខុសឆ្គងដោយរបៀបណាទៅបាន?
មធ្យោបាយនៃការការពារដ៏ល្អបំផុតក្នុងការទាស់នឹងសេចក្ដីបង្រៀនខុសឆ្គងគឺ៖ ការមានក្រុមជំនុំតាមតំបន់ដែលជាសង្គមដែលស្គាល់ រីករាយក្នុង និងការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្ត—ហើយនិងការមើលខុសត្រូវលើជីវិតរបស់អ្នកដឹកនាំ។ យើងមិនសូវមានលទ្ធភាព (ទំនងមិនមានសោះផង) ក្នុងការមើលខុសត្រូវលើជីវិតរបស់គ្រូៗដែលរស់នៅទីកន្លែងឆ្ងាយៗ ប៉ុន្តែយើងគួរមានសកម្មភាពខ្លះៗដែលជាក់លាក់ក្នុងការមើលខុសត្រូវលើជីវិតគ្រូៗដែលនៅតាមតំបន់របស់យើង។
យើងត្រូវតែមើលខុសត្រូវលើជីវិតរបស់អ្នកដឹកនាំរបស់យើង ហើយមិនគួរខ្លាចគាត់ពេកដល់ថ្នាក់បណ្ដោយឲ្យគាត់ធ្វើតែអ្វីតាមចិត្តក្នុងការរស់នៅរបស់គាត់បែបជាគ្រីស្ទបរិស័ទ។ គ្រូគង្វាលគួរមានពេលវេលាជាមួយនឹងអ្នកនៅក្នុងក្រុមជំនុំរបស់គាត់។ គ្រូគង្វាលចៀមគួរមានក្លិនដូចជាសត្វចៀមដែរ ព្រោះពួកគាត់រស់នៅជាមួយ ហើយក៏ដើរក្នុងចំណោមសត្វចៀមទាំងនោះ ដោយមិនមែនរស់នៅដាច់តែឯងៗពីពួកហ្វូងនោះទេ។ យើងត្រូវការគ្រូគង្វាលដែលទទួលស្គាល់ថា ជាដំបូងពួកគាត់ក៏ជាចៀមដែរ ហើយបន្ទាប់មកទើបពួកគាត់គួរទទួលស្គាល់ថាខ្លួនគឺជាអ្នកដឹកនាំ និងជាគ្រូៗ—ពោលគឺជាគ្រូៗដែលមានចិត្តអរសប្បាយត្រង់ថា ពួកគាត់មានឈ្មោះកត់ចុះក្នុងបញ្ជីនៅឯស្ថានសួគ៌ ជាជាងអ្នកដែលត្រូវបានប្រើប្រាស់ក្នុងព័ន្ធកិច្ចដ៏អស្ចារ្យ (លូកា ១០:២០)។
ព្រះយេស៊ូវនឹងសង្គ្រោះក្រុមជំនុំរបស់ព្រះអង្គ
ប៉ុន្តែ តើលោកអ្នកដឹងទេ? ទោះបើយើងមានប្រព័ន្ធនៃការមើលខុសត្រូវ (ហើយយើងគួរតែមាន) ហើយយើងអាចព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពក្នុងការមើលខុសត្រូវលើពួកគាត់ និងគោលលទ្ធិរបស់អ្នកដឹកនាំរបស់យើងក៏ដោយ (ហើយយើងគួរតែធ្វើ) ប៉ុន្តែនៅចុងបញ្ចប់គឺគ្មានប្រព័ន្ធដ៏ល្អណាមួយដែលមនុស្សយើងបានបង្កើតមកអាចទប់ស្កាត់បានឡើយ។ ហេតុដូច្នេះហើយបានជាកណ្ឌគម្ពីរ ២ពេត្រុស ២:៩ (ដែលនេះជាចំណុចដ៏សំខាន់បំផុតទាក់ទងនឹងសេចក្ដីបង្រៀនខុសឆ្គង) បាននាំមកនូវការធានាដ៏ផ្អែមល្ហែមបំផុតដល់យើង—«ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ឲ្យរួចពីសេចក្ដីល្បួង»។
មិនថាសេចក្ដីបង្រៀនមានសេចក្ដីបំប្លែងខ្លាំងប៉ុណ្ណាក៏ដោយ មិនថាក្រុមជំនុំអាម៉ាស់មុខខ្លាំងប៉ុណ្ណាក៏ដោយ (ព្រោះសង្គមឃើញថាអ្នកដឹកនាំរបស់ពួកគាត់បានប្រព្រឹត្តល្មើសនឹងសីលធម៌) ហើយមិនថាមើលទៅពិតជាពិបាកមែនទែនប៉ុណ្ណាក៏ដោយ មិនថាយើងមិនមានលទ្ធភាពខ្លាំងប៉ុណ្ណាក្នុងការព្យាយាមការពារគោលជំនឿនៃដំណឹងល្អ និងរក្សាដំណឹងល្អទុក—ជីវិតដ៏ស័ក្តិសម ក៏យើងនៅតែមានសេចក្ដីសង្ឃឹមមួយនេះផងដែរ៖ ព្រះយេស៊ូវជ្រាបអំពីរបៀបនៃការសង្គ្រោះពួកបរិសុទ្ធ។
ព្រះយេស៊ូវមិនមែនគ្រាន់តែជាគ្រូបង្រៀនដ៏អស្ចារ្យ និងពិតដែលធ្លាប់រស់នៅលើផែនដីនេះប៉ុណ្ណោះនោះទេ ប៉ុន្តែព្រះអង្គក៏ជាព្រះសង្គ្រោះដ៏អស្ចារ្យផងដែរ។ ព្រះអង្គបានសង្គ្រោះយើងចេញពីអំពើបាប ហើយទ្រង់ក៏នឹងរក្សាទុកអស់អ្នកដែលពិតជាកម្មសិទ្ធិរបស់ទ្រង់ចេញពីសេចក្ដីខុសឆ្គងដែលនឹងបំផ្លាញព្រលឹងរបស់ពួកគាត់ផងដែរ។ មិនថាក្រុមជំនុំមានអារម្មណ៍ថាខ្លួនតូចតាចប៉ុណ្ណា ឬក៏មិនថាក្រុមជំនុំមានអារម្មណ៍ងាយប្រេះស្រាំប៉ុណ្ណាក៏ដោយ ក៏ព្រះអង្គដែលជាសេចក្ដីផ្ដើមនៃសេចក្ដីបង្រៀនដ៏ពិត និងជាគំរូដ៏ពិតដែលកំពុងមានព្រះជន្មរស់នៅតែជាព្រះដែលរក្សាទុកជីវិត និងព្រលឹងរបស់យើងផងដែរ។
ដូចដែលព្រះជាម្ចាស់បានរក្សាលោក ណូអេ (២ពេត្រុស ២:៥) ហើយសង្គ្រោះលោក ឡុត (២ពេត្រុស ២:៧) នោះព្រះអម្ចាស់យេស៊ូវក៏នឹងសង្គ្រោះពួករាស្ត្រដ៏ពិតរបស់ទ្រង់ពីសេចក្ដីបង្រៀនខុសឆ្គង—និងការរស់នៅដែលមិនត្រឹមត្រូវ—របស់ពួកគ្រូខុសឆ្គងផងដែរ។
មតិយោបល់
Loading…