អត្ថន័យ
តារាងរាយឈ្មោះចុះនៃតួឯកក្នុងដំណើររឿងនៃព្រះគម្ពីរក៏នៅមានរួមទាំងសាសន៍អ៊ីស្រាអែល—ជាតិសាសន៍នៃពូជពង្សរបស់លោក អ័ប្រាហាំ—នៅជិតខាងលើនៃតារាងដែរ។ ទោះជាយ៉ាងណាក៏ដោយ សំណួរមួយដែលគេចោទសួរឡើងវិញម្ដងហើយម្ដងទៀតគឺថា តើតួឯកម្នាក់នេះ—រាស្ត្រនេះ—នៅបន្តមានតួនាទីនៅក្នុងហេតុការណ៍ឥឡូវនេះៗ ដែលឈានដល់ចំណុចរឿងនៃព្រឹត្តិការណ៍ដែលគួរឲ្យចាប់អារម្មណ៍ បានមកដល់ការយាងមកលើកទីមួយរបស់ព្រះយេស៊ូវ។ គឺសំណួរនេះ—តើសាសន៍អ៊ីស្រាអែលនៅបន្តមានតួនាទី មានអនាគត ក្នុងដំណើររឿងរបស់ព្រះជាម្ចាស់ដែរឬទេ—ដែលយើងនឹង (ចាប់ផ្ដើម) ឆ្លើយក្នុងអត្ថបទនេះ។
ការសង្ខេប
សម្រាប់ចម្លើយមួយ យើងនឹងមើលនៅឯកន្លែងមួយក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលមានការថ្លែងប្រាប់លើសំណួរនេះផ្ទាល់តែម្ដង៖ រ៉ូម ៩-១១។ អ្វីដែលយើងនឹងឃើញគឺថាសាសន៍អ៊ីស្រាអែល—ជាតិសាសន៍ទាំងមូល និងមនុស្សជាក្រុម—ពិតជានៅមានការបន្តក្នុងដំណើររឿងរបស់ព្រះជាម្ចាស់មែន សូម្បីតែនៅក្នុងយុគសម័យនៃព្រះគម្ពីរសញ្ញាថ្មីក៏មានដែរ។ តាមពិតទៅ ព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងសង្គ្រោះសាសន៍អ៊ីស្រាអែល ហើយថាព្រះអង្គនឹងសម្រេចការនោះក្នុងរបៀបដ៏គួរឲ្យភ្ញាក់ផ្អើលណាស់។
សេចក្ដីផ្ដើម
តើសាសន៍អ៊ីស្រាអែលនៅមានអនាគតដែរឬទេ? នេះគឺជាសំណួរដ៏ធំមួយ ទាក់ទងទៅនឹងរបៀបដែលលោកអ្នកផ្គុំព្រះគម្ពីររបស់ខ្លួនជាមួយគ្នា។ តាមពិតទៅ បើយើងចង់ព្យាយាមផ្ដល់ជូននូវចម្លើយដែលស្កប់ចិត្ត នោះយើងត្រូវបកស្រាយខគម្ពីររាប់រយខ ខមួយចំនួនងាយយល់ជាជាងខមួយចំនួនទៀត។ ដោយសារមូលហេតុនេះហើយបានជាសំណួរមួយនេះមានការវែកញែកក្នុងប្រវត្តិសាស្ត្រគ្រីស្ទបរិស័ទ ដោយមានមនុស្សមួយចំនួនអះអាងថាសាសន៍អ៊ីស្រាអែលមិនមានអនាគតទេ—តាមពិតទៅ ក្រុមជំនុំបានជំនួសកន្លែងសាសន៍អ៊ីស្រាអែលហើយ ហើយនៅមានមនុស្សមួយចំនួនទៀតបានអះអាងថាសាសន៍អ៊ីស្រាអែលនៅមានអនាគត—ពេលខ្លះ ផ្ដោតទៅលើទីតាំងយ៉ាងច្បាស់ណាមួយ ហើយក៏នៅមានមនុស្សមួយចំនួនឈរនៅចន្លោះពាក់កណ្ដាលណាមួយដែរ។ លើសពីនោះទៅទៀត គឺសំណួរនេះហើយមានទំនួលខុសត្រូវ យ៉ាងហោចណាស់ក្នុងផ្នែកខ្លះៗ ក្នុងការវែកញែកទេវវិទ្យាខុសៗគ្នាក្នុងជំនឿគ្រីស្ទបរិស័ទ (ឧទាហរណ៍៖ រជ្ជូបការនិយម ការតាំងសញ្ញានិយម និងនិម្មាបនកម្មនិយម)។
ហើយប្រាកដណាស់ យើងក៏មិនអាចលើកឡើងនូវការវែកញែកទាំងអស់អំពីទេវវិទ្យាខុសៗគ្នាឥឡូវនេះបានដែរ ក៏ដូចជាមិនអាចរាយចុះនូវការវែកញែកទាំងអស់នោះ ហើយពិភាក្សាអំពីខគម្ពីរយោងដែលគាំទ្រវាបានដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលយើងអាចធ្វើបានគឺថា មើលនៅកន្លែងមួយក្នុងព្រះគម្ពីរដែលថ្លែងប្រាប់អំពីសំណួរនេះផ្ទាល់ និងតាមរយៈសាវ័កម្នាក់—បុគ្គលដែលព្រះជាម្ចាស់បានបណ្ដាលឲ្យកាត់ស្រាយព្រះគម្ពីរសញ្ញាចាស់—ជាពិសេសលើកណ្ឌគម្ពីររ៉ូមជំពូក១១។ ហើយទោះបើថា យើងក៏នឹងមិនអាចឈានទៅដល់ចំណុចនៃការឆ្លើយសំណួរឲ្យជិតបានគ្រប់ជ្រុងជ្រោយក៏ដោយ ក៏យ៉ាងហោចណាស់យើងអាចសង់គ្រឹះឲ្យចម្លើយដូចនោះអាច (ហើយប្រាកដណាស់ត្រូវតែ) ឈរពីលើបាន។
រ៉ូម ១១
កណ្ឌគម្ពីររ៉ូមជំពូក ៩-១១ ថ្លែងប្រាប់អំពីបញ្ហាដ៏ធំមួយនៅក្នុងសតវត្សរ៍ទី១ យ៉ាងហោចណាស់យោងតាមសាវ័ក ប៉ុល (ជាពិសេស សូមមើលកណ្ឌគម្ពីរ រ៉ូម ៩:២ និង ១០:១)៖ មានសាសន៍យូដាតិចនាក់ណាស់ដែលជាគ្រីស្ទបរិស័ទ។ ការសង្កេតមើលនេះមានភាពស៊ីគ្នាទៅនឹងអ្វីដែលកណ្ឌគម្ពីរដំណឹងល្អ និងកណ្ឌគម្ពីរកិច្ចការបានប្រាប់យើង ដែលបានលើកជាសំណើថា រាស្ដ្ររបស់ទ្រង់បានបដិសេធព្រះយេស៊ូវដែលជាព្រះមេស្ស៊ីពីព្រះជាម្ចាស់។ សម្រាប់សាវ័ក ប៉ុល ការនោះគឺជារឿងដ៏ធំដុំ ដោយពិចារណាលើរបៀបជាច្រើនដង ដែលព្រះជាម្ចាស់បានសន្យាទៅកាន់ពូជពង្សរបស់លោក អ័ប្រាហាំ ថា ទ្រង់នឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ (សូមមើល «សេចក្ដីសន្យា» នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៩:៤; សូមមើលផងដែរនៅក្នុងកណ្ឌគម្ពីរ យេរេមា ៣១:៣១-៣៤ ដោយមានការលើកឡើងក្នុងផ្នែកខ្លះៗនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១១:២៧)។ តាមពិតទៅ ចំពោះសាវ័ក ប៉ុល នេះហើយជាមូលហេតុដែលថាបញ្ហានេះធំជាងការដែលសាសន៍យូដាមិនជឿទៅទៀត។ តាមពិត វាគឺជាបញ្ហាជាមួយនឹងលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។ តើឲ្យសាសន៍យូដាធ្វើជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់បានដោយរបៀបណា (រ៉ូម ១១:២៨) ខណៈពេលដែលព្រះអង្គបានសន្យាថា ពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់? ហើយនេះគឺជាមូលហេតុដែលថា វាមិនមែនជាបញ្ហាដ៏តូចតាចចំពោះសាវ័ក ប៉ុល និងចំពោះសាសន៍យូដា ប៉ុន្តែក៏សម្រាប់គ្រីស្ទបរិស័ទដែលជាសាសន៍ដទៃដែរ។ ទោះជាយ៉ាងណាក៏ដោយ តើឲ្យសាសន៍ដទៃដែលជាគ្រីស្ទបរិស័ទទុកចិត្តលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះពួកគេបានដោយរបៀបណា ប្រសិនបើព្រះអង្គមិនរក្សាសេចក្ដីសន្យារបស់ទ្រង់ទៅកាន់សាសន៍អ៊ីស្រាអែលផង? ដូច្នេះសាវ័ក ប៉ុល ក៏បានសួរនៅក្នុងកណ្ឌគម្ពីររ៉ូមជំពូក ៩-១១ ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់សាសន៍អ៊ីស្រាអែលបានបរាជ័យហើយមែនឬ (រ៉ូម ៩:៦)?
សាវ័ក ប៉ុល ឆ្លើយសំណួរនេះក្នុងបីរបៀប ជាមូលដ្ឋានគឺចម្លើយមួយក្នុងជំពូកមួយ (៩:៦-២៩; ៩:៣០-១០:២១; ១១:១-៣២) ហើយគឺនៅក្នុងរបៀបចុងក្រោយរបស់គាត់នោះឯង ដែលគាត់បានថ្លែងប្រាប់អំពីសំណួរនៃអនាគតរបស់សាសន៍អ៊ីស្រាអែលយ៉ាងចំៗតែម្ដង។ សាវ័ក ប៉ុល ចាប់ផ្ដើមការពារភាពទៀងត្រង់របស់ព្រះជាម្ចាស់ដោយអះអាងថា ព្រះអង្គមិនដែលសន្យាថាទ្រង់នឹងសង្គ្រោះគ្រប់បុគ្គលនីមួយៗនៃសាសន៍យូដានោះទេ។ វាជាការពិតណាស់ដែលព្រះជាម្ចាស់បានញែកសាសន៍អ៊ីស្រាអែលជារាស្ដ្រមួយ (សូមមើលឧទាហរណ៍ «សាសន៍អ៊ីស្រាអែល» នៅក្នុង ៩:៤)។ ប៉ុន្តែ ការញែកនេះ ការជ្រើសរើសជាតិសាសន៍ និងការទទួលស្គាល់ជារួមនេះមិនបានធានាថា គ្រប់គ្នាដែលមានសញ្ជាតិជាសាសន៍យូដានឹងទទួលបានសេចក្ដីសង្គ្រោះនោះទេ។ ទោះជាយ៉ាងណាក្ដីក៏សេចក្ដីសង្គ្រោះមិនមានមូលដ្ឋានលើជាតិសាសន៍នោះទេ ប៉ុន្តែគឺលើព្រះគុណទេតើ (១១:៦) ឬក៏ដូចដែលសាវ័ក ប៉ុល បានលើកឡើងនៅពេលនេះ «សេចក្ដីមេត្តាករុណា» (៩:១៥)។ បន្ទាប់មកសាវ័ក ប៉ុល ក៏បានការពារភាពទៀងត្រង់របស់ព្រះជាម្ចាស់ដោយអះអាងថា ការដែលសាសន៍អ៊ីស្រាអែល មិនទទួលជឿ គឺជាអ្វីដែលព្រះជាម្ចាស់បានរំពឹងទុកជាមុនហើយ។ ដូច្នេះ ផ្ទុយពីចំណុចពិត ការដែលសាសន៍អ៊ីស្រាអែល បានបរាជ័យគឺបានកើតឡើងដោយសារពួកគាត់ផ្ទាល់ (ការមិនទទួលជឿ) ព្រះជាម្ចាស់បានរំពឹងទុកអំពីបរាជ័យនេះតាំងពីដើមមកម្ល៉េះហើយ។ ព្រះអង្គបានមានបន្ទូលទុកមុន ដែលនេះមានន័យថា ឋានៈបច្ចុប្បន្នរបស់សាសន៍អ៊ីស្រាអែលមិនបានប្រឆាំងគ្នានឹងព្រះបន្ទូលរបស់ទ្រង់ឡើយ។ វាបានក្លាយជាអំណះអំណាងវិញ។
បន្ទាប់មក នៅក្នុងកណ្ឌគម្ពីររ៉ូមជំពូក១១ សាវ័ក ប៉ុល ក៏បានការពារភាពទៀងត្រង់របស់ព្រះជាម្ចាស់ដោយអះអាងថា សាសន៍អ៊ីស្រាអែលនៅមានអនាគត។ និយាយឲ្យចំៗទៅ គាត់បានលើកឡើងថា សាសន៍អ៊ីស្រាអែល ក្នុងនាមជាក្រុមមនុស្ស និងការទទួលស្គាល់ជារួម ឬក៏ជាជាតិសាសន៍ (អំបូរ) នឹងបានសង្គ្រោះ។ សាវ័ក ប៉ុល បានវែកញែកហើយថា ខណៈពេលដែលព្រះជាម្ចាស់មិនដែលសន្យាថានឹងសង្គ្រោះបុគ្គលគ្រប់ៗគ្នានៃសាសន៍អ៊ីស្រាអែល ទោះជាយ៉ាងណាក្តីទ្រង់ក៏បានសន្យាថានឹងសង្គ្រោះសាសន៍អ៊ីស្រាអែលដែរ។
សេចក្ដីសង្គ្រោះរួមរបស់សាសន៍អ៊ីស្រាអែល
ពាក្យ «សាសន៍អ៊ីស្រាអែល» នៅក្នុងកណ្ឌគម្ពីររ៉ូមជំពូក១១ គឺជាផ្លាកសម្គាល់អត្តសញ្ញាណនៃក្រុមមនុស្សបែបជាលក្ខណៈរួម។ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១១:៧ យើងឃើញចំណុចនេះបានយ៉ាងច្បាស់លាស់ (សូមមើលផងដែរលើពាក្យ «សាសន៍អ៊ីស្រាអែល» នឹងពាក្យ «ពូជអំបូរ» ជាការយោងនៅក្នុង ១១:១-២)។ នៅក្នុងខនេះ សាវ័ក ប៉ុល បានកត់សម្គាល់នូវបីចំណុច៖ «សាសន៍អ៊ីស្រាអែល» «ដែលទ្រង់បានរើសតាំង» (ឧទាហរណ៍៖ ពួកដែលសល់ក្នុងខ៥) និង «ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស»។
«សេចក្ដីដែលសាសន៍អ៊ីស្រាអែលស្វែងរក នោះគេរកមិនបានទេ តែពួករើសតាំងរកបានសេចក្ដីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស»
សាសន៍អ៊ីស្រាអែលមានសមាសភាពក្រុមបន្ទាប់បន្សំពីរ៖ ពួករើសតាំង និងពួកអ្នកដែលមានចិត្តរឹងរូស។ ហើយអ្វីដែលសាវ័ក ប៉ុល ពណ៌នានៅក្នុងខនេះរម្លឹកឡើងវិញ អំពីអ្វីដែលគាត់បានលើកឡើងអំពីការឆ្លើយតបក្នុងខដំបូងរបស់សាសន៍អ៊ីស្រាអែលទៅកាន់ព្រះយេស៊ូវនៅក្នុង ៩:៣០-៣៣។ ពីព្រោះសាសន៍អ៊ីស្រាអែល «ដេញតាមក្រឹត្យវិន័យ [ទុកជារបៀប] ដ៏សុចរិត» តែ «គេមិនបានទាន់ក្រឹត្យវិន័យដ៏សុចរិតទេ»។ គេ «ជំពប់ដួល» លើព្រះយេស៊ូវក្នុងការមិនមានជំនឿ ពីព្រោះពួកគេតែងតែមិនយល់ (ក្នុងរបៀបដែលមានអំពើបាប) លើគោលបំណងនៃក្រឹត្យវិន័យ (១០:១-៤)។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលសាវ័ក ប៉ុល បន្ថែមនៅត្រង់នេះ គឺជាអ្វីដែលពិតជាមិនទាក់ទងនឹងគ្រប់សាសន៍យូដាក្នុងសតវត្សរ៍ទី១។ «ពួករើសតាំង» ក្នុងចំណោមអ្នកខ្លះនៃសាសន៍អ៊ីស្រាអែល មិនបានជំពប់ដួលលើព្រះយេស៊ូវទេ។ ផ្ទុយទៅវិញ ពួកគេបានទទួលជឿលើទ្រង់ ហើយក៏ទទួលបានសេចក្ដីសុចរិតតាមរយៈជំនឿដែរ។ ទោះជាយ៉ាងណាក៏ដោយក៏ «សាសន៍អ៊ីស្រាអែល» មិនបានទទួលជឿទាំងអស់គ្នា ពីព្រោះអស់អ្នកដែលមិននៅក្នុងចំណោមពួករើសតាំងដែលនៅសល់—ពួកអ្នកឯទៀត—ក៏មិនបានទទួលជឿដែរ។ ហើយដោយសារការនេះ នោះពួកគេក៏ «ត្រូវមានចិត្តរឹងរូស»។
សាវ័ក ប៉ុល មានប្រសាសន៍សំដៅទៅកាន់សាសន៍អ៊ីស្រាអែលថាជាក្រុមរួម ក្រុមមនុស្ស ហើយគាត់ក៏មានប្រសាសន៍ថា «ផ្នែកនៃចិត្តរឹងរូស» របស់ពួកគាត់គឺជាលទ្ធផលនៃការមិនទទួលជឿ។ (គាត់មិនបានលើកឡើងថា យ៉ាងហោចណាស់ត្រង់នេះនៅក្នុងកណ្ឌគម្ពីររ៉ូមជំពូក១១៖ ការមានចិត្តរឹងរូសគឺជាបុព្វហេតុនៃការដែលពួកគាត់មិនទទួលជឿនោះទេ។) ដែលនេះមានន័យថា គ្រប់ៗគ្នានៃសាសន៍អ៊ីស្រាអែលនៅសតវត្សរ៍ទី១បានប្រឈមមុខជាមួយនឹងព្រះយេស៊ូវនោះឡើយ (ឧទាហរណ៍៖ សាសន៍អ៊ីស្រាអែលដែលអ្នកស្រុកយូដាតំណាងឲ្យអ្នកដែលបានឃើញព្រះយេស៊ូវ។ សូមមើលបន្ថែមនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១:១១; កិច្ចការ ៣:១៣-១៦)។ អស់អ្នកដែលទទួលជឿទទួលបានការសង្គ្រោះ ហើយអស់អ្នកដែលមិនបានទទួលជឿក៏មានចិត្តរឹងរូស។ ហើយជាសំខាន់ ពេលក្រោយទៀតសាវ័ក ប៉ុល នឹងមានប្រសាសន៍សំដៅទៅកាន់អស់អ្នកដែលត្រូវបានមានចិត្តរឹងរូសថាជាអស់អ្នកដែល «មែក…ត្រូវកាច់ចេញ» ពីដើមអូលីវ (ខ១៧; សូមមើល ខ១៩ និង ខ២០; សូមមើលផងដែរលើពាក្យ «ត្រូវកាត់ចេញ» ក្នុងខ២២) ដែលការនេះបង្ហាញថា ធ្លាប់មានពេលដែលទាំងពួកដែលសល់ និងមែកឯទៀតមានចំណែកជាមួយនឹងដើមដូចគ្នា ហើយថាគឺការឆ្លើយតបរបស់ពួកគាត់ទៅកាន់ព្រះយេស៊ូវនោះហើយដែលសម្រេចថាពួកគាត់នឹងនៅបន្ត ឬក៏នឹងត្រូវកាត់ចេញ (ឧទាហរណ៍៖ ការមានចិត្តរឹងរូស)។ ហើយសាវ័ក ប៉ុល នឹងចាប់ផ្ដើមនិយាយអំពីសេចក្ដីសង្គ្រោះសម្រាប់សាសន៍យូដា មិនមែនថាជាការបន្ថែមទៅលើចំនួនពួកដែលសល់នោះទេ តែផ្ទុយទៅវិញ ជាការផ្លាស់ប្ដូរនៃពួកអ្នកឯទៀត។ ដែលនេះមានន័យថាសាវ័ក ប៉ុល មានប្រសាសន៍ថាគាត់ចង់ឲ្យ «ជួយសង្គ្រោះអ្នកខ្លះ» ដែលជា «សាច់ញាតិ» របស់គាត់ (ខ១៤) ហើយនៅពេលដែលគាត់លើកឡើងអំពីក្រុមមួយណាដែលនឹងទទួលបានការសង្គ្រោះនេះចេញពី/បន្ថែមចូល—ពួករើសតាំង ឬក៏ពួកអ្នកឯទៀត (ខ៧)—គឺគាត់កំពុងតែមានប្រសាសន៍ជាការផ្ដាច់មុខទៅកាន់ក្រុមចុងក្រោយ។ គាត់បានលើកឡើងអំពីការផ្សាំងជាថ្មីនូវមែកដែលត្រូវបានកាច់ចេញ (ខ២៣; សូមមើលខ២៤ដែរ) ហើយនិងការផ្លាស់ប្ដូរនូវឋានៈរបស់អស់អ្នកដែលមានចិត្តរឹងរូស (សូមមើលខ២៥ «កើតមានសេចក្ដីរឹងរបឹងប៉ុន្មានភាគនេះ…» សូមមើលខ៣១ដែរ ទោះបើពាក្យទីពីរ «នៅជាន់នេះ» ជាពាក្យមិនសូវច្បាស់លាស់ក៏ដោយ)។
ដូច្នេះ ប្រសិនបើសាសន៍អ៊ីស្រាអែលគឺជាក្រុមរួម ដែលមានទាំងពួករើសតាំង និងពួកដែលមានចិត្តរឹងរូស (ខ៧) ហើយប្រសិនបើសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែលមិនទាក់ទិនជាមួយនឹងការបន្ថែមចំនួនមនុស្សនៃពួករើសតាំង ប៉ុន្តែទាក់ទិនជាមួយនឹងការបន្តស្ដារឡើងវិញនូវពួកដែលមានចិត្តរឹងរូស (សូមមើលខ១៤ ដោយពឹងលើខ២៣) នោះមានន័យថានៅពេលដែលសាវ័ក ប៉ុល មានប្រសាសន៍អំពី «សេចក្ដីពេញខ្នាត» របស់សាសន៍អ៊ីស្រាអែល (ខ១២) ហើយជាពិសេសអំពីការដែល «សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានសង្គ្រោះ» (ខ២៦ក; សូមអានបន្ថែមលើឈ្មោះ «យ៉ាកុប» ក្នុងខ២៦ខ) គឺគាត់កំពុងតែមានប្រសាសន៍អំពីសេចក្ដីសង្គ្រោះ ដែលសំដៅទៅលើការស្ដារឡើងវិញនូវសាសន៍អ៊ីស្រាអែលជាក្រុមរួមហើយ។ ជាលទ្ធផល គាត់កំពុងតែមានប្រសាសន៍ថា ទោះបើព្រះជាម្ចាស់មិនដែលសន្យាថា ទ្រង់នឹងសង្គ្រោះគ្រប់បុគ្គលនីមួយៗនៃសាសន៍យូដាក៏ដោយ ក៏ព្រះអង្គនៅបានសន្យាថានឹងសង្គ្រោះនូវក្រុមមនុស្ស ក្រុមរួម និងជាតិសាសន៍ដែរ។ នេះមិនមែនមានន័យថា គ្រប់មែកដែលត្រូវបានកាច់ចោលនឹងទទួលបានការផ្សាំចូលវិញនោះទេ។ (ប្រាកដណាស់! សាវ័ក ប៉ុល ក៏បានស្គាល់សាសន៍យូដាដែលបានស្លាប់ដោយមិនទទួលជឿនៅក្នុងសតវត្សរ៍ទី១ផងដែរ។) ប៉ុន្តែ ក្នុងផ្នែកនៃដើមឈើដែលមិនបានបង្កើតផលផ្លែ ដោយសារមានមនុស្សមួយផ្នែកធំមិនទទួលជឿនឹងទទួលបានការបំពេញឡើងវិញ មិនមែនតាមរយៈការបន្ថែមចំនួនពួកអ្នករើសតាំង (ឬក៏តាមរយៈសាសន៍ដទៃនោះទេ) ប៉ុន្តែតាមរយៈការផ្សាំងឡើងវិញនូវមែកមួយចំនួនទៀត—ដែលពីមុនមាននូវការមិនជឿ ដែលដូច្នោះក៏បង្កើតឲ្យពួកមានចិត្តរឹងរូស។
សាវ័ក ប៉ុល បង្ហាញសាសន៍យូដាថាដូចជាដើមឈើមួយ ជាដើមមួយដែលបច្ចុប្បន្ននេះមិនមានភាពស៊ីគ្នាដោយសារការកាច់មែកចេញ គឺមនុស្សមួយផ្នែកធំមិនទទួលជឿ។ ហើយគាត់ក៏អះអាងថាសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទាក់ទិននឹងសេចក្ដីសង្គ្រោះ ការផ្សាំងចូលវិញ គឺចំនួនតួលេខគ្រប់គ្រាន់សងគ្នានឹងមែកដែលត្រូវបានកាច់ចោលបច្ចុប្បន្ននេះ ដើម្បីឲ្យថានៅចុងបញ្ចប់អ្វីដែលនឹងទទួលបានការសង្គ្រោះនឹងធ្វើឲ្យដើមឈើនោះមានភាពស៊ីគ្នាវិញ ពោលគឺសាសន៍អ៊ីស្រាអែលទាំងមូល។
សេចក្ដីសង្គ្រោះរួមរបស់សាសន៍អ៊ីស្រាអែល បេសកកម្មសាសន៍ដទៃ និងការយាងមកវិញ
សាវ័ក ប៉ុល មិនគ្រាន់តែបានអះអាងអំពីអនាគតរបស់សាសន៍អ៊ីស្រាអែលដែលមានរួមទាំងសេចក្ដីសង្គ្រោះប៉ុណ្ណោះទេ គាត់ក៏បានប្រាប់យើងអំពីរបៀប និងពេលវេលាដែលការនោះនឹងកើតឡើងផងដែរ។ នេះគឺជាកន្លែងដែលកណ្ឌគម្ពីររ៉ូមជំពូក១១កាន់តែមានការទាក់ទាញអារម្មណ៍។ សេចក្ដីសង្គ្រោះរួមរបស់សាសន៍អ៊ីស្រាអែលនឹងកើតឡើងតាមរយៈការដ៏គួរឲ្យភ្ញាក់ផ្អើលនៃការដែលសាសន៍ដទៃទទួលបានសេចក្ដីសង្គ្រោះ។ សាវ័ក ប៉ុល បានមានប្រសាសន៍ថា ការដែលសាសន៍យូដាមិនទទួលជឿក៏បានបណ្ដាលឲ្យមានបេសកកម្មឈោងចាប់សាសន៍ដទៃ ហើយការនោះក៏នាំឲ្យមានសាសន៍ដទៃទទួលជឿ ហើយបន្ទាប់មក ជាលទ្ធផលក៏នាំឲ្យសាសន៍យូដាទទួលជឿដែរ (សូមមើលជាពិសេសនៅក្នុង ខ១១-១៤)។ ហើយសាវ័ក ប៉ុល ប្រាប់យើងថា ដំណើរការនេះនឹងបញ្ចប់ដោយការរស់ឡើងវិញ/ការយាងមកវិញ (សូមមើល ខ១៥) ដែលនោះ ក្នុងករណីណាក៏ដោយ អ្វីដែលយើងបានរំពឹងទុក ដោយសារមានកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងថា មូលហេតុដែលការយាងត្រឡប់មកវិញមានការពន្យារពេលគឺ ដើម្បីអនុញ្ញាតឲ្យមានពេលសម្រាប់ការសង្គ្រោះ (ទាក់ទងនឹងចំណុចនៃការភ្ជាប់គ្នារវាងការរស់ឡើងវិញ និងការយាងត្រឡប់មកវិញ សូមមើលកណ្ឌគម្ពីរ ២ពេត្រុស ៣:៩ សូមមើល ១កូរិនថូស ១៥:២៣)។ ហើយអ្វីដែលទំនងជាក៏ចង្អុលបង្ហាញមកកាន់ទិសដៅនេះគឺការប្រើប្រាស់ខគម្ពីរចេញពីព្រះគម្ពីរសញ្ញាចាស់ដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១១:២៦ខ-២៧ ដែលមានមនុស្សជាច្រើននាក់បានយល់ថាជាការពណ៌នាអំពីការយាងត្រឡប់មកវិញជាលើកទី២របស់ព្រះយេស៊ូវ។
ការនេះអាចទៅរួចបាន ប៉ុន្តែក៏មិនប្រាកដដែរ ត្រង់ថាសាវ័ក ប៉ុល ទន្ទឹងរង់ចាំការបញ្ចប់ចុងក្រោយដែលគួរឲ្យចាប់អារម្មណ៍ ទាក់ទងនឹងដំណើរការនៃការផ្លាស់ប្ដូរនៃការមានសេចក្ដីរឹងរូសរបស់សាសន៍អ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយក៏ចំណុចនៃការផ្លាស់ប្ដូរបច្ចុប្បន្ននេះធ្វើឲ្យការសម្រេចចិត្តអំពីការផ្លាស់ប្ដូរចុងក្រោយដែលគួរឲ្យចាប់អារម្មណ៍ហាក់បីដូចជាមិនសូវសំខាន់ប៉ុន្មានសោះ។ ដែលនេះមានន័យថា លុះត្រាតែយើងអះអាងថាបច្ចុប្បន្ននេះសាសន៍អ៊ីស្រាអែលនឹងមិនមានការផ្លាស់ប្ដូរចេញពីសេចក្ដីរឹងរូសរហូតដល់ទីបញ្ចប់—រហូតទាល់តែចំនួនតួលេខនៃសាសន៍ដទៃទទួលបានការបំពេញឡើងសិន—នោះទោះបើថាមាន ឬក៏មិនមានការផ្លាស់ប្ដូរចុងក្រោយដែលគួរឲ្យចាប់អារម្មណ៍នឹងបញ្ចប់ដោយដំណើរការនៃការផ្លាស់ប្ដូរបច្ចុប្បន្ន គឺទំនងគួរឲ្យទាក់ទាញអារម្មណ៍ ប៉ុន្តែមិនសូវជាសំខាន់ប៉ុន្មាននោះទេ។ ហើយដូចដែលយើងបានឃើញ ការអានបែបនោះនឹងបរាជ័យក្នុងការយល់អំពីអ្វីដែលសាវ័ក ប៉ុល បានមានប្រសាសន៍ទាក់ទងនឹងបេសកកម្មរបស់គាត់ជាមួយនឹងសាសន៍ដទៃ ដែលគាត់មានគោលដៅឆ្ពោះទៅរកសេចក្ដីសង្គ្រោះសម្រាប់មនុស្សមួយចំនួនដែលមានសេចក្ដីរឹងរូសបច្ចុប្បន្ននេះ។ នៅពេលដែលគាត់មានប្រសាសន៍អំពីសេចក្ដីសង្គ្រោះរបស់សាសន៍យូដា បន្ទាប់ពីការបែងចែកនៃខ៧ នោះគាត់ក៏បានមានប្រសាសន៍យ៉ាងចំៗអំពីការផ្សាំងឡើងវិញ (ខ២៣ ហើយក៏សូមមើលខ២៤ដែរ) និងការផ្លាស់ប្ដូរ (ខ២៥) មិនមែនការបន្ថែមចំនួនតួលេខនៃពួករើសតាំងនោះទេ។
សេចក្ដីសន្និដ្ឋាន
តើសាសន៍អ៊ីស្រាអែលនៅមានអនាគតដែរឬទេ? សាវ័ក ប៉ុល បានឆ្លើយសំណួរនេះនៅក្នុងកណ្ឌគម្ពីររ៉ូមជំពូក១១ យ៉ាងច្បាស់លាស់ថា «មាន»! សាសន៍អ៊ីស្រាអែល ក្នុងនាមជាក្រុមមនុស្ស ក្រុមរួមគ្នា និងជាតិសាសន៍នឹងបានសង្គ្រោះ។ ស្ថានភាពនៃការដែលសាសន៍អ៊ីស្រាអែលមានចិត្តរឹងរូស គឺកំពុងតែទទួលការផ្លាស់ប្ដូរ ហើយនៅពេលដែលចំនួនតួលេខនៃសាសន៍ដទៃត្រូវបានរួមបញ្ចូល នោះសាសន៍អ៊ីស្រាអែលនឹងទទួលបានការផ្លាស់ប្ដូរយ៉ាងពេញលេញ។ ពិតណាស់! សាវ័ក ប៉ុល មិនបានឆ្លើយគ្រប់ជ្រុងជ្រោយនោះទេ។ ឧទាហរណ៍៖ គាត់មិនបានលើកឡើងអ្វីសោះអំពីទឹកដីនៃសាសន៍អ៊ីស្រាអែល ឬក៏អំពីនគរនៅគ្រាមួយពាន់ឆ្នាំដែរ។ ប៉ុន្តែ អ្វីដែលគាត់បានលើកឡើងគឺថា (១) សាសន៍អ៊ីស្រាអែលនឹងបានសង្គ្រោះ (២) សេចក្ដីសង្គ្រោះនេះកំពុងតែកើតឡើងឥឡូវនេះ ហើយក៏នឹងឈានដល់ទីបញ្ចប់នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ (៣) ការនោះក៏នឹងនាំទៅដល់ការរស់ពីស្លាប់ឡើងវិញ (៤) ជាលទ្ធផលវាក៏កើតឡើងពីបេសកកម្មរបស់សាសន៍ដទៃដែរ (៥) ហើយវាគឺជាការផ្សាំងចូលវិញនូវសាសន៍យូដាដែលមិនទទួលជឿចូលដើមឈើរបស់ខ្លួនវិញ (ដែលជាការសហការជាមួយនឹងការផ្សាំងនូវសាសន៍ដទៃចូលដើមឈើដូចគ្នា)។
មតិយោបល់
Loading…