in ,

ជីវិត​ដែល​មាន​ការ​កំណត់​បរិមាណ និង​គ្រីស្ទ​បរិស័ទ​ដែល​បាន​ញែក​ជា​បរិសុទ្ធ

https://youtu.be/sZmwhsw0m6M

សមត្ថភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​ចំណោម​សមត្ថភាព​នានា ដែល​យើង​មាន​នៅ​ក្នុង​ពិភព​ឌីជីថល​នេះ គឺ​ការ​កំណត់​បរិមាណ​ជីវិត​របស់​យើង​ទៅ​តាម​របៀប​ថ្មីៗ។ បច្ចុប្បន្ន​នេះ ពិសេស​ជាង​ពេល​ណាៗ​ទាំង​អស់ គឺ​យើង​អាច​ប្រមូល​ចំនួន​ទិន្នន័យ​ដ៏​អស្ចារ្យ​អំពី​ខ្លួន​យើង​បាន។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទាក់​ទង​ទៅ​នឹង​ទិន្នន័យ និង​ការ​វាស់​ស្ទង់ ដូច្នេះ​ហើយ​បាន​ជា​ញឹកញាប់​ខ្ញុំ​ងាក​ទៅ​ប្រើ​ឧបករណ៍​មួយ​ចំនួន​នោះ ដើម្បី​ស្វែង​យល់​អំពី​ជីវិត​របស់​ខ្ញុំ​ដោយ​សង្ឃឹម​ថា អ្វី​ដែល​ខ្ញុំ​ដឹង​នឹង​ជួយ​ឲ្យ​ខ្ញុំ​រស់​នៅ​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន។

ខ្ញុំ​បាន​គិត​ខ្លះៗ​អំពី​ផល​ប៉ះពាល់​នៃ​ការ​កំណត់​បរិមាណ​នៃ​ជីវិត​ថា តើ​វា​អាច​ជួយ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ដែល​ញែក​ជា​បរិសុទ្ធ​បាន​ឬ​អត់។ ខ្ញុំ​ជឿ​ជាក់​ថា ប្រសិន​បើ​យើង​ប្រើ​ឧបករណ៍​ទាំង​នោះ​បាន​ត្រឹម​ត្រូវ នោះ​ពួក​វា​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ជាក់​ជា​មិន​ខាន។ ថ្ងៃ​នេះ ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​ឈ្មោះ​នៃ​ឧបករណ៍​មួយ​ចំនួន ហើយ​នឹង​ប្រាប់​អំពី​របៀប​ដែល​ខ្ញុំ​ប្រើ​ប្រាស់​ពួក​វា។ តែ​មុន​ខ្ញុំ​រៀប​រាប់ ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​សិន​ថា៖ ខ្ញុំ​មិន​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​អស់​នោះ​ជា​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ភាគ​ច្រើន ខ្ញុំ​ប្រើ​ប្រាស់​ពួក​វា​តែ​ក្នុង​រយៈពេល​កំណត់​ណា​មួយ​ដែល​ខ្ញុំ​ចង់​ដឹង​នូវ​ព័ត៌មាន​វិភាគ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ជីវិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​យ៉ាង​យូរ​ពី​ពីរ​ទៅ​បី​សប្ដាហ៍ ហើយ​បន្ទាប់​ពី​ពីរ​ទៅ​បី​ខែ​ក្រោយ​ទើប​ខ្ញុំ​ប្រើ​ប្រាស់​ពួក​វា​ម្ដង​ទៀត។ គឺ​ប្រើ​ពួក​វា​សម្រាប់​តែ​ព័ត៌មាន​វិភាគ​សង្ខេប ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ជីវិត​ដែល​ចេះ​ប្រុង​ប្រយ័ត្ន និង​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

ទម្លាប់

ក្នុង​នាម​ជា​មនុស្ស យើង​ជា​មនុស្ស​ដែល​មាន​ទម្លាប់ ហើយ​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​ទម្លាប់ និង​គំរូ​ល្អៗ។ មាន​កម្មវិធី (apps) ជា​ច្រើន​ដែល​អាច​ឲ្យ​លោក​អ្នក​តាម​ដាន​នូវ​ទម្លាប់​របស់​លោក​អ្នក​បាន ហើយ​កម្មវិធី​ដែល​ខ្ញុំ​ឃើញ​ថា វា​មាន​ប្រសិទ្ធភាព​បំផុត​គឺ​កម្មវិធី ហាបបិត លីសថ៍ (Habit List)។ កម្មវិធី ហាបបិត លីសថ៍ អាច​ឲ្យ​លោក​អ្នក​ដាក់​បញ្ចូល​នូវ​បញ្ជី​ទម្លាប់​ដែល​លោក​អ្នក​ចង់​ឲ្យ​វា​ប្រាប់​លោក​អ្នក​បាន។ លោក​អ្នក​អាច​ដាក់​បញ្ចូល​នូវ​ទម្លាប់​ប្រចាំ​ថ្ងៃ (ការ​អាន​ព្រះ​គម្ពីរ) ទម្លាប់​ប្រចាំ​សប្តាហ៍ (ការ​ធ្វើ​បច្ចុប្បន្នភាព​ថវិកា​គ្រួសារ) ឬ​សូម្បី​តែ​ទម្លាប់​ដែល​លោក​អ្នក​ចង់​ធ្វើ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​ក៏​ធ្វើ​វា​តែ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ​ក៏​បាន​ដែរ។ ពេល​ល្ងាច​ចប់​ម៉ោង​ការ​ងារ លោក​អ្នក​អាច​បើក​មើល​កម្ម​វិធី​នេះ ហើយ​អាច​ពិនិត្យ​មើល​នូវ​ការ​ងារ​ទាំង​ឡាយ​ណា​ដែល​អ្នក​បាន​ធ្វើ​ហើយ​រួច​រាល់​បាន​ទៀត​ផង។ នេះ​ជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​យក​កម្មវិធី​នេះ ដើម្បី​ប្រើ​ប្រាស់​សម្រាប់​តាម​ដាន​ថា តើ​អ្នក​ពិត​ជា​បាន​អាន​ព្រះ​គម្ពីរ និង​អធិស្ឋាន ឧស្សាហ៍​ប្រជុំ​គ្នា​ថ្វាយ​បង្គំ​ព្រះ​ជា​លក្ខណៈ​គ្រួសារ​ប៉ុន្មាន​ដង ហើយ​និង​ធ្វើ​លំហាត់​ប្រាណ​ញឹក​ញាប់​ប៉ុណ្ណា​ជាដើម​នោះ​រិត​តែ​ប្រសើរ។ល។ កម្មវិធី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ កម្មវិធី រីផតធើ (Reporter) វា​ជា​កម្មវិធី​ដែល​សួរ​លោក​អ្នក​នូវ​សំណួរ​កំណត់​រួច​ជា​ស្រេច​នៅ​ពេល​ណា​មួយ ដែល​លោក​អ្នក​ចង់​ឲ្យ​វា​សួរ ឬ​ក៏​​សំណួរ​កំណត់​រួច​ជា​ស្រេច​ទាក់​ទង​ទៅ​នឹង​រឿង​រ៉ាវ​ពី​ព្រលឹម​ទល់​ព្រលប់​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​សិត​វា​ជា​មួយ​នឹង​សំណួរ​ត្រឹម​ត្រូវ នោះ​លោក​អ្នក​នឹង​ដឹង​រឿង​រ៉ាវ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​អំពី​ខ្លួន​ឯង (ដូច​ជា៖ ពេល​នេះ តើ​លោក​អ្នក​កំពុងតែ​ស្តាប់​តន្ត្រី​ឬ? ពេលនេះ តើ​លោក​អ្នក​នៅ​ម្នាក់​ឯង ឬ​នៅ​ជា​មួយ​នរណា​គេ? ពេល​នេះ តើ​លោក​អ្នក​សល់​ថាមពល​ប៉ុន្មាន? តើ​អ្នក​វាយ​តម្លៃ​ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​អ្នក​នៅ​ថ្ងៃ​នេះ​ដោយ​របៀប​ណា?)

ការ​ថែទាំ​កាយ​សម្បទា

ប្រសិន​បើ​មាន​ផ្នែក​ណា​មួយ​នៃ​ជីវិត​គ្រីស្ទ​បរិស័ទ ដែល​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ ខ្ញុំ​គិត​ថា វា​ច្បាស់​ជា​ផ្នែក​នៃ​ការ​ថែ​ទាំ​កាយ​សម្បទា​ជា​មិន​ខាន។ យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រលឹង និង​គំនិត​របស់​យើង​តែ​ជា​រឿយៗ​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាង​កាយ​របស់​យើង​ទេ។ ឧបករណ៍​ពាក់​សម្រាប់​តាម​ដាន​កាយ​សម្បទា គឺ​ជា​ឧបករណ៍​ថ្មី​ដែល​មាន​គេ​ប្រើ​ប្រាស់​ជា​ច្រើន ដើម្បី​វាស់​ស្ទង និង​ជំរុញ​សកម្មភាព​រាង​កាយ​របស់​យើង​បាន។ ពួក​វា​តាម​ដាន​ទិន្នន័យ​សំខាន់ៗ​ដូច​ជា​ចំនួន​ជំហាន​ដែល​លោក​អ្នក​ដើរ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​ពួក​វា​ក៏​អាច​តាម​ដាន​រង្វាស់ ដូច​ជា​ចំនួន​ចលនា​អាំងតង់ស៊ីតេ​ខ្ពស់ ដែល​លោក​អ្នក​មាន​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ផង​ដែរ។ ភាគ​ច្រើន ពួក​វា​ក៏​អាច​តាម​ដាន​ទម្លាប់​នៃ​ការ​គេង​របស់​លោក​អ្នក ដោយ​គ្រាន់​តែ​ពាក់​វា​ពេញ​មួយ​យប់ ជា​ការ​ស្រេច។ លោក​អ្នក​អាច​មិន​សូវ​មាំទាំ​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​គិត ហើយ​មើល​ទៅ ជា​គំនិត​ដ៏​ល្អ​មួយ បើ​យក​ឧបករណ៍​ទាំង​នេះ​ប្រើ​សម្រាប់​តាម​ដាន​លំហាត់​ប្រាណ និង​ជំរុញ​កាយ​សម្បទា​របស់​អ្នក (ឧទាហរណ៍៖ ហ្វីតបីត Fitbit ដ្យបូន យូភី២៤ Jawbone UP 24) នោះ​រិត​តែ​ប្រសើរ។ ប្រសិន​បើ​អ្នក​មិន​ចង់​ប្រើ​ប្រាស់​ឧបករណ៍​ណា​មួយ​នោះ​ទេ ក៏​នៅ​មាន​កម្មវិធី​ជា​ច្រើន​ទៀត ដែល​អាច​ឲ្យ​អ្នក​បញ្ចូល​ព័ត៌មាន​លម្អិត​នៃ​លំហាត់​ប្រាណ និង​សកម្មភាព​របស់​អ្នក​ដោយ​ដៃ​បាន​ដែរ (ឧទាហរណ៍៖ រ៉ាន់ឃីបភើ RunKeeper)។ ម្យ៉ាង​ទៀត ទូរស័ព្ទ​ដៃ​ទំនើបៗ​ភាគ​ច្រើន​ក៏​មាន​មុខ​ងារ​ជា​មូល​ដ្ឋាន​ជា​ច្រើន​សម្រាប់​តាម​ដាន​ជំហាន​របស់​អ្នក​ផង​ដែរ។

របប​អាហារ

ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា ប្រសិន​បើ​មាន​ផ្នែក​ណា​មួយ​នៃ​ជីវិត​គ្រីស្ទ​បរិស័ទ​ដែល​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ នោះ​គឺ​ជា​ផ្នែក​នៃ​ការ​ថែ​ទាំ​កាយ​សម្បទា​នេះ​ហើយ ប៉ុន្តែ​របប​អាហារ​ក៏​ជា​ផ្នែក​មួយ (មាន​ការ​ទាក់​ទង​គ្នា​ខ្លាំង) ទី​ពីរ​ដែរ។ និយាយ​ត្រង់​ទៅ ខ្ញុំ​ចាប់​អារម្មណ៍​តិច​តួច​ណាស់​ក្នុង​ការ​តាម​ដាន​រាល់​កាឡូរី​ដែល​ខ្ញុំ​ទទួល​ទាន ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា វា​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​ការ​តាម​ដាន​ការ​ញ៉ាំ​អាហារ​របស់​ខ្ញុំ​ជា​បន្ទាន់—ពោល​គឺ​ប្រហែល​ពីរ​សប្ដាហ៍​រៀង​រាល់​ពីរ​បី​ខែ​ម្តង។ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ ខ្ញុំ​ព្យាយាម​ស្វែង​រក​ព័ត៌មាន​​អាហារូបត្ថម្ភ​ជា​មូល​ដ្ឋាន​រាល់​អាហារ​ដែល​ខ្ញុំ​ញ៉ាំ ដោយ​បញ្ចូល​ព័ត៌មាន​ទាំង​នោះ​ទៅ​ក្នុង​កម្ម​វិធី​មួយ។ ការ​ធ្វើ​បែប​នេះ​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ព័ត៌មាន​វិភាគ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​ខ្ញុំ ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ពិចារណា​ថា តើ​ខ្ញុំ​ញ៉ាំ​ច្រើន​ពេក ឬ​តិច​ពេក ឬ​ញ៉ាំ​អាហារ​ខុស។ កម្មវិធី ម៉ាយ ហ្វីតនេស៍ ផល (My Fitness Pal) គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ ទោះ​បី​ជា​លោក​អ្នក​ប្រើ​ប្រាស់​ឧបករណ៍ ឬ​កម្មវិធី​ណា​មួយ​ដែល​ខ្ញុំ​បាន​រាយ​ឈ្មោះ​ត្រង់​ចំណុច​ដែល​និយាយ​អំពី​ការ​ថែ​ទាំ​កាយ​សម្បទា​ក៏​ដោយ ក៏​ពួក​វា​សុទ្ធ​តែ​មាន​មុខ​ងារ​នេះ​ផង​ដែរ។ យូភី ខហ្វី UP Coffee គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ទៀត​សម្រាប់​តាម​ដាន​ជាតិ​កាហ្វេអ៊ីន​របស់​លោក​អ្នក និង​ធានា​ថា លោក​អ្នក​ត្រូវ​បាន​បន្សាប​ជាតិ​កាហ្វេអ៊ីន​មុន​ពេល​ដែល​លោក​អ្នក​ចូល​គេង។ ប្រសិន​បើ​លោក​អ្នក​បាន​ប្ដេជ្ញា​ចិត្ត​ចង់​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ចំពោះ​លោក​អ្នក​ដែល​មិន​សូវ​ញ៉ាំ​ទឹក) នោះ​សូម​សាក​ល្បង​ប្រើ​ប្រាស់​កម្មវិធី វ៉តធើឡហ្គ Waterlogged

ដំណេក

កម្មវិធី​តាម​ដាន​ការ​ថែ​ទាំ​កាយ​សម្បទា​ជា​ច្រើន ដែល​បាន​រៀប​រាប់​ខាង​លើ ក៏​មាន​មុខ​ងារ​តាម​ដាន​ដំណេក​ផង​ដែរ—ពោល​គឺ​ផ្អែក​ទៅ​លើ​ចលនា​របស់​លោក​អ្នក​នៅ​ពេល​យប់ ពួក​វា​នឹង​ប្រាប់​នូវ​ការ​វាស់​ស្ទង់​ជា​មូល​ដ្ឋាន​នៃ​គុណភាព​ដំណេក​របស់​លោក​អ្នក ក៏​ដូច​ជា​ពេល​វេលា​ដែល​លោក​អ្នក​ចូល​គេង ពេល​វេលា​ដែល​លោក​អ្នក​ភ្ញាក់​ពី​គេង និង​ចំនួន​ប៉ុន្មាន​ដង​ដែល​អ្នក​ភ្ញាក់​នៅ​ពេល​យប់​ផង​ដែរ។ អត្ថប្រយោជន៍​បន្ថែម​មួយ​ទៀត​គឺ ភាគ​ច្រើន​ពួក​វា​មាន​មុខ​ងារ​រោទិ៍​ញ័រ​សម្រាប់​ដាស់​អ្នក​ពី​ដំណេក ដែល​មិន​ធ្វើ​ឲ្យ​ប្ដី​ឬ​ក៏​ប្រពន្ធ​របស់​ភ្ញាក់​ឡើយ។ មាន​កម្មវិធី​តាម​ដាន​ដំណេក​ផ្សេង​ទៀត​ដូច​ជា ស្ល៊ីប សាយខល (Sleep Cycle) ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ទុក​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​នៅ​លើ​ពូក (រុញ​វា​ចូល​ក្រោម​កម្រាល​ពួក)។ ពួក​វា​នឹង​ផ្តល់​នូវ​ការ​វាស់​ស្ទង់​ដ៏​ត្រឹម​ត្រូវ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​អំពី​ដំណេក​របស់​លោក​អ្នក។ ក៏​មាន​សូម្បី​តែ​ឧបករណ៍​ពិសេស ដែល​អ្នក​អាច​ពាក់​វា​នៅ​ពេល​យប់ ទុក​សម្រាប់​តាម​ដាន​ដំណេក និង​ប្រើ​ប្រាស់​សម្រាប់​ជា​ម៉ោង​រោទិ៍​ទៀត​ផង។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ពិបាក​គេង ខ្ញុំ​បាន​តាម​ដាន​ព័ត៌មាន​ទាំង​នេះ​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជួយ​កំណត់​ពី​របៀប​ដែល​ខ្ញុំ​អាច​គេង​បាន​កាន់​តែ​ច្រើន និង​កាន់​តែ​ស៊ប់​ជាង​មុន។

ពេល​វេលា

ការ​បែង​ចែក​ពេល​វេលា​បាន​ត្រឹម​ត្រូវ គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ចាត់​ចែង​ពេល​វេលា​ឲ្យ​បាន​ល្អ​ផង​ដែរ។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ដឹង​ថា ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​ឃើញ​ការ​ចាត់​ចែង​ពេល​វេលា​ដែល​យើង​មាន ដោយ​ស្មោះ​ត្រង់ ហើយ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​កម្មវិធី​ល្អៗ​ជា​ច្រើន​ដែល​អាច​ជួយ​យើង​បាន​ដែរ។ កម្មវិធី​ខ្លះ​បញ្ជា​ដោយ​ដៃ ស្រប​ពេល​ដែល​កម្មវិធី​ខ្លះ​ទៀត​បញ្ជា​ដោយ​កម្រិត​ស្វ័យ​ប្រវត្តិ​កម្ម។ កម្មវិធី​ដែល​ខ្ញុំ​ប្រើ​ប្រាស់​ច្រើន​បំផុត​គឺ ថហ្គល (Toggl)។ ខ្ញុំ​ប្រើ​កម្មវិធី ថហ្គល ពីរ​បី​សប្ដាហ៍​ជាប់​គ្នា​រៀង​រាល់​ពីរ​ខែ​ម្តង ដើម្បី​តាម​ដាន​ពេល​វេលា​របស់​ខ្ញុំ​ដោយ​ប្រុង​ប្រយ័ត្ន (ជួន​កាល​រាល់​នាទី​ភ្ញាក់​ពី​ដំណេក ហើយ​ជួនកាល​ត្រឹម​តែ​ពេល​ណា​ដែល​ទាក់​ទង​នឹង​ការងារ​របស់​ខ្ញុំ​ប៉ុណ្ណោះ)។ ការ​ធ្វើ​បែប​នេះ ជួយ​ខ្ញុំ​ឲ្យ​ដឹង​អំពី​ពេល​វេលា​របស់​ខ្ញុំ​ចំណាយ​លើ​រឿង​អ្វី​ខ្លះ ហើយ​ថា តើ​ខ្ញុំ​កំពុង​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​ចំពោះ​ផ្នែក​នីមួយៗ​នៃ​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​ដែរ​ឬទេ។ កម្មវិធី​ដែល​មាន​ប្រយោជន៍​មួយ​ទៀត​គឺ កម្មវិធី​ដែល​តាម​ដាន​នូវ​វេបសាយ​ដែល​លោក​អ្នក​បាន​បើក​មើល​អនឡាញ វា​នឹង​បង្ហាញ​នូវ​បញ្ជី​គេហទំព័រ​ដែល​លោក​អ្នក​បាន​ចូល​មើល និង​ចំនួន​ប៉ុន្មាន​ដង ដែល​លោក​អ្នក​បាន​មើល​វា​នោះ។ ពួក​វា​ក៏​បង្ហាញ​បញ្ជី​នៃ​កម្មវិធី​ដែល​អ្នក​បាន​ប្រើ​ប្រាស់ និង​រយៈ​ពេល​ប៉ុន្មាន​ដង​ដែល​លោក​អ្នក​បាន​ប្រើ​ពួក​វា​នីមួយៗ​ដែរ។ ការ​ពិត​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់។ សាក​ល្បង​ប្រើ​ប្រាស់​កម្មវិធី រ៉េសស្យូ ថាម (RescueTime) ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ។

ហិរញ្ញវត្ថុ

បើ​យើង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ថែ​ទាំ​រាង​កាយ ចិត្ត​គំនិត និង​ពេល​វេលា​របស់​យើង នោះ​យើង​ក៏​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​លុយ​កាក់​របស់​យើង​ផង​ដែរ។ មាន​កម្មវិធី​ល្អៗ​រាប់​រយ​ដែល​អាច​ជួយ​លោក​អ្នក​ក្នុង​ការ​តាម​ដាន​ថា តើ​លុយ​របស់​លោក​អ្នក​បាន​មក​ពី​ណា និង​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ។ កម្មវិធី​ដែល​ពេញ​និយម​បំផុត​គឺ មិនថ៍ (Mint) ដែល​ជា​សេវាកម្ម​ប្រតិបត្តិ​រួម​គ្នា​ដ៏​ល្អ និង​ដោយ​ឥត​គិត​ថ្លៃ​មួយ​ចេញ​ពី​ក្រុម អ៊ិនធូអ៊ិត (Intuit)។ ដូច​ដែល​បាន​និយាយ​អញ្ចឹង លោក​អ្នក​ក៏​នៅ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​អត្ថបទ «លោក​អ្នក​ត្រូវ​ការ​តាម​ដាន​ថវិកា» (You Need a Budget) តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ វា​ជា​ជម្រើស​ដ៏ ល្អ និង​ពេញ​លេញ​បំផុត​មួយ ជា​ពិសេស​ប្រសិន​បើ​លោក​អ្នក​ចង់​ចាត់​ចែង​ថវិកា​របស់​ខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​នោះ។

យើង​ទើប​តែ​បាន​ចាប់​ផ្តើម​ប៉ុណ្ណោះ—ពោល​គឺ​យុគ​សម័យ​នៃ​ការ​កំណត់​បរិមាណ​ទើប​តែ​ចាប់​ផ្ដើម​ទេ។ ខ្ញុំ​ជឿ​ជាក់​ថា ភាគ​ច្រើន​នៃ​ឧបករណ៍​ទាំង​នេះ នៅ​ពេល​ដែល​យើង​ប្រើ​ប្រាស់​ពួក​វា​ដោយ​មាន​ប្រាជ្ញា នោះ​ពួក​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​យើង ហើយ​និង​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ជាម្ចាស់​ជា​មិន​ខាន។

ខ្ញុំ​ចង់​និយាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​កម្មវិធី​ទាំង​នោះ​វិញ​ម្តង។ ខ្ញុំ​គិត​ថា គ្រោះ​ថ្នាក់​ចម្បង​ត្រង់​ថា បើ​យើង​មិន​ចេះ​ប្រយ័ត្ន​ខ្លួន​ឯង​ទេ នោះ​យូរៗ​ទៅ​យើង​នឹង​ប្រើ​ប្រាស់​ទិន្នន័យ​ទាំង​នោះ​បែបក្រឹត្យ​វិន័យនិយម ដោយ​លែង​គិត​ពី​ព្រះ។ យូរៗ​ទៅ យើង​អាច​នឹង​ចាប់​ផ្ដើម​គិត​ថា ភាព​មាំ​ទាំ​របស់​យើង​នៅ​ចំពោះ​ព្រះ​ជាម្ចាស់​គឺ​ពឹង​ផ្អែក​លើ​ការ​វាស់​ស្ទង់​ដ៏​ត្រឹម​ត្រូវ។ យូរៗ​ទៅ យើង​អាច​នឹង​បែរ​ជា​ចាប់​ផ្ដើម​គិត​ថា យើង​អាច​ជ្រក​ក្នុង​ទម្លាប់​របស់​យើង ជំនួស​ឲ្យ​ការ​ជ្រក​កោន​នៅ​ក្នុង​អង្គ​សង្គ្រោះ​របស់​យើង​ទៅ​វិញ។ នេះ​គឺ​ជា​ហេតុ​ផល​មួយ​ក្នុង​ហេតុផល​នានា ដែល​ខ្ញុំ​ប្រើ​ប្រាស់​កម្មវិធី​ទាំង​នេះ​យួរៗ​ម្តង ជា​ជាង​ប្រើ​ប្រាស់​ពួក​វា​ជា​ប្រចាំ។ ខ្ញុំ​មិន​ចង់​មាន​លក្ខណៈ​ដែល​ត្រូវ​បាន​សូន​ឡើង​ជា​រូប​ឆ្លុះ​ពី​កម្មវិធី​ទាំង​នោះ​ទេ ប៉ុន្តែ​ជា​រូប​ឆ្លុះ​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​វិញ។ ខ្ញុំ​ឲ្យ​តម្លៃ​ឧបករណ៍​ទាំង​នោះ​ក្នុង​ពេល​ណា​ដែល​ពួក​វា​នាំ​ខ្ញុំ​ទៅ​កាន់​ឈើ​ឆ្កាង​តែ​ប៉ុណ្ណោះ។

តើ​អ្នក​ធ្លាប់​ប្រើ​កម្មវិធី ឬ​ឧបករណ៍​បែប​នេះ​ទេ? តើ​ពួក​វា​ជួយ ឬ​ក៏​រារាំង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ្ធ​របស់​អ្នក ដោយ​របៀប​ណា?

សមត្ថភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​ចំណោម​សមត្ថភាព​នានា ដែល​យើង​មាន​នៅ​ក្នុង​ពិភព​ឌីជីថល​នេះ គឺ​ការ​កំណត់​បរិមាណ​ជីវិត​របស់​យើង​ទៅ​តាម​របៀប​ថ្មីៗ។ បច្ចុប្បន្ន​នេះ ពិសេស​ជាង​ពេល​ណាៗ​ទាំង​អស់ គឺ​យើង​អាច​ប្រមូល​ចំនួន​ទិន្នន័យ​ដ៏​អស្ចារ្យ​អំពី​ខ្លួន​យើង​បាន…

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, កញ្ញា ហុង រស្មី និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ «ផែន​ដី​​ចាស់» ហើយ​កើត​ចេញ​ពី​ការ​វិវត្តន៍​មែន​ឬ?

តើ​ព្រះ​គម្ពីរ​បង្រៀន​ថា ខ្ញុំ​ពិសេស​ដែរ​ឬ​ទេ?