អត្ថន័យ
សាសន៍អ៊ីស្រាអែល និងក្រុមជំនុំគឺជាតួឯកច្បងពីរក្នុងការលាតត្រដាងដំណើររឿងព្រះគម្ពីរ។ មួយមានតួនាទីយ៉ាងធំក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយមួយទៀតក៏មានតួនាទីយ៉ាងធំក្នុងព្រះគម្ពីរសញ្ញាថ្មីដែរ។ ហើយទាក់ទងនឹងរបៀបដែលតួឯកទាំងពីរនេះមានទំនាក់ទំនងជាមួយគ្នា គឺជាសំណួរដ៏ធំមួយដែលគ្រីស្ទបរិស័ទបានព្យាយាមឆ្លើយតាំងពីសតវត្សរ៍ទី១មកម្ល៉េះ។
ការសង្ខេប
ដើម្បីឆ្លើយសំណួរនេះ យើងនឹងចាប់ផ្ដើមដោយសួរនូវសំណួរបឋមមួយសិន៖ តើអ្នកណាបំពេញសេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទាក់ទងនឹងសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែល? តើសេចក្ដីសន្យាទាំងនោះ បំពេញចំពោះសាសន៍អ៊ីស្រាអែល ឬក៏ក្រុមជំនុំ? ហើយក្នុងការឆ្លើយសំណួរមួយនេះ នោះយើងនឹងមើលនៅក្នុងមួយកន្លែងទៀតក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបាននិពន្ធឡើងដើម្បីឆ្លើយនូវសំណួរនេះយ៉ាងចំៗតែម្ដង៖ រ៉ូម ៩-១១។ អ្វីដែលយើងនឹងឃើញគឺថា សេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែល គឺត្រូវបានបំពេញឡើងស្ទើរតែទាំងស្រុងតាមរយៈសាសន៍អ៊ីស្រាអែល ហើយថាទាំងអស់នេះកើតឡើងក្នុងក្រុមជំនុំ។
សេចក្ដីផ្ដើម
តើអ្វីទៅជាទំនាក់ទំនងរវាងសាសន៍អ៊ីស្រាអែល និងក្រុមជំនុំ? នេះគឺជាសំណួរដ៏ពិបាកបំផុតក្នុងការឆ្លើយនៅក្នុងទេវវិទ្យាតាមព្រះគម្ពីរ។ ច្បាស់ណាស់! ទាំងពីរគឺជាតួឯកច្បងនៅក្នុងដំណើររឿងនៃព្រះគម្ពីរ។ ប៉ុន្តែ តើទាំងពីរមានទំនាក់ទំនងជាមួយនឹងគ្នាដោយរបៀបណា? តើក្រុមទាំងពីរជាតួឯកតែមួយដែលបានប្ដូរឈ្មោះនៅពាក់កណ្ដាលសាច់រឿង—ដូចជាលោក កេផាស ប្ដូរទៅជាលោក ពេត្រុស ពាក់កណ្ដាលសាច់រឿងនៃកណ្ឌគម្ពីរដំណឹងល្អម៉ាថាយមែនឬ? ឬក៏ថាតួឯកមួយមានតួនាទីក្នុងការរៀបចំសម្រាប់តួឯកមួយទៀត? ឬក៏ថា តួនាទីរបស់សាសន៍អ៊ីស្រាអែលក៏ដូចជាតួនាទីនៃក្រឹត្យវិន័យ—ជាការរៀបចំសម្រាប់អ្វីដែលកើតឡើងនៅពេលក្រោយៗទៀតនៅក្នុងព្រះគម្ពីរ? ឬក៏ថា យើងគួរយល់អំពីទំនាក់ទំនងរវាងសាសន៍អ៊ីស្រាអែល និងក្រុមជំនុំនៅក្នុងរបៀបណាមួយផ្សេងទៀត? ពិតណាស់! របៀបដែលយើងយល់អំពីទំនាក់ទំនងរវាងតួឯកទាំងពីរនេះនឹងកាន់តែមានការបន្ថែមទៅលើរបៀបដែលយើងយល់ទៅលើសំណួរដ៏ធំជាងនោះទៅទៀត៖ តើព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីមានទំនាក់ទំនងរវាងគ្នានឹងគ្នាដោយរបៀបណា? ហើយទាក់ទងនឹងអត្ថន័យនេះ វាក៏នឹងបន្ថែមទៅលើទេវវិទ្យាតាមព្រះគម្ពីរ ដែលលោកអ្នកប្រកាន់ខ្ជាប់តាមដែរ៖ ទេវវិទ្យាដែលផ្អែកលើការតាំងសញ្ញា (Covenantal theology) ឬរជ្ជូបការនិយម (Dispensational theology) ឬក៏ទេវវិទ្យាណាផ្សេងទៀតនៅក្នុងចន្លោះទេវវិទ្យាទាំងពីរនេះ។
ចម្លើយលើសំណួរនេះនឹងបើកការកាត់ស្រាយលើខគម្ពីរជាច្រើនទៀត—ច្រើនលើសលប់ដល់ថ្នាក់ថា មិនអាចលើកឡើងនៅទីនេះក្នុងរបៀបដែលស្កប់ចិត្តបានឡើយ។ ដូច្នេះ អ្វីដែលយើងនឹងធ្វើផ្ទុយពីនោះគឺថា ព្យាយាមឆ្លើយសំណួរបឋមមុននោះទៅទៀត ជាសំណួរដែលមានសក្ដានុពលក្នុងការផ្ដល់ជូននូវការយល់ដឹងដ៏ធំជាងនោះ។ យើងនឹងសួរ ហើយឆ្លើយលើសំណួរនេះ៖ តើអ្នកណាជាអ្នកបំពេញសេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែល? តើសាសន៍អ៊ីស្រាអែលមែនឬ? ឬក៏ក្រុមជំនុំ? ហើយយើងនឹងធ្វើការនោះដោយមើលនៅមួយកន្លែងក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបាននិពន្ធឡើងដើម្បីឆ្លើយនូវសំណួរនេះយ៉ាងចំៗតែម្ដង៖ រ៉ូម ៩-១១។ អ្វីដែលយើងនឹងឃើញគឺថា សេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែល គឺត្រូវបានបំពេញឡើងស្ទើរតែទាំងស្រុងតាមរយៈសាសន៍អ៊ីស្រាអែលផ្ទាល់ ហើយសាសន៍អ៊ីស្រាអែល ដែលបំពេញសេចក្ដីសន្យានៃផ្នែកនោះ មិនមែនខុសគ្នាពីក្រុមជំនុំនោះទេ។
សេចក្ដីសន្យាពីព្រះគម្ពីរសញ្ញាចាស់នៃសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែលត្រូវបានបំពេញឡើងតាមរយៈសាសន៍អ៊ីស្រាអែល
ដើម្បីបង្ហាញចំណុចនេះ យើងនឹងចាប់ផ្ដើមជាមួយនឹងការវែកញែករបស់សាវ័ក ប៉ុល នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៩-១១ មុនទៅបីកន្លែងផ្សេងទៀត ដែលគាត់បានគូសបន្ទាត់យ៉ាងត្រង់រវាងខគម្ពីរយោងផ្សេងទៀតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងការបំពេញរបស់វានៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ហើយយើងនឹងបញ្ចប់ដោយមើលនៅកន្លែងមួយទៀត ដែលយើងគិតថាសាវ័ក ប៉ុល «បានបត់បែនច្បាប់»។
ដូច្នេះ ជាដំបូងការវែកញែករបស់សាវ័ក ប៉ុល៖ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៩-១១ ព្រះជាម្ចាស់កំពុងតែទទួល «ការវិនិច្ឆ័យ»—លក្ខណសម្បត្តិរបស់ទ្រង់កំពុងតែស្ថិតក្រោមការត្រួតពិនិត្យ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គបានធ្វើសេចក្ដីសន្យាយ៉ាងធំៗទៅកាន់ក្រុមជំនុំរ៉ូមដែលមានសមាជិកជាច្រើននាក់ ដែលជាសាសន៍ដទៃ (សូមមើលនៅក្នុងកណ្ឌគម្ពីរ រ៉ូម ៨)។ ការនោះក៏បានបណ្ដាលឲ្យមានការសួរសំណួរអំពីសេចក្ដីសន្យាដ៏ធំ-ស្មើគ្នាដែលទ្រង់បានធ្វើទៅកាន់សាសន៍អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់—សេចក្ដីសន្យាទាំងនោះកំពុងតែទទួលការសង្ស័យ ដោយសារតែក្នុងកណ្ឌគម្ពីរ រ៉ូម ១១:៣២ ឋានៈរបស់សាសន៍អ៊ីស្រាអែលបានប្ដូរទៅជា «ខ្មាំងសត្រូវ» នៃដំណឹងល្អវិញ។ ប្រសិនបើសាសន៍អ៊ីស្រាអែលមិនអាចមានទំនុកចិត្តលើសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់បាន នោះតើពួករ៉ូមអាចនឹងមានទំនុកចិត្តបានដោយរបៀបណា? (តើលោកអ្នកនឹងទុកចិត្តលើប្រាំងឡានដែលជាន់មិនស៊ី ដែលទើបតែកើតឡើងពីមុនដែរឬទេ?) នៅក្នុងជំពូកទាំងបីនេះ សាវ័ក ប៉ុល បង្ហាញថាព្រះជាម្ចាស់គ្មានទោសក្នុងបីជំហាន។ គាត់ចាប់ផ្ដើមដោយទទូចថា ប្រសិនបើយើងចង់ឲ្យព្រះជាម្ចាស់ធានាខុសត្រូវលើព្រះបន្ទូលរបស់ទ្រង់—សេចក្ដីសន្យារបស់ទ្រង់ នោះយើងគួរតែយ៉ាងហោចណាស់ធានាថា ខ្លួនក៏បានយល់លើសេចក្ដីសន្យាទាំងអស់នោះឲ្យបានយ៉ាងត្រឹមត្រូវដែរ (៩:៦-២៩)។ ដើម្បីឲ្យកាន់តែមានការច្បាស់លាស់ខ្លាំងមែនទែន៖ ព្រះជាម្ចាស់មិនដែលសន្យាថា ទ្រង់នឹងសង្គ្រោះគ្រប់បុគ្គលនីមួយៗនៃសាសន៍យូដានោះទេ (៩:៦) គឺតែអស់អ្នកដែលទ្រង់ «[បាន] ផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ» តែប៉ុណ្ណោះ (៩:១៨) ឬក៏គ្រាន់តែដល់អស់អ្នកដែលទទួលជឿប៉ុណ្ណោះ។ នោះគឺជាជំហានបន្ទាប់របស់គាត់ (៩:៣០-១០:២១)។ ក្នុងអត្ថន័យនេះ ការដែលសាសន៍អ៊ីស្រាអែលមិនទទួលជឿ គឺមិនមែនជាកំហុសរបស់ព្រះជាម្ចាស់នោះទេ វាគឺជាកំហុសរបស់សាសន៍អ៊ីស្រាអែល! ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលព្រះជាម្ចាស់មិនដែលសន្យាថា ទ្រង់នឹងសង្គ្រោះគ្រប់បុគ្គលនៃសាសន៍អ៊ីស្រាអែល ក៏ព្រះអង្គនៅបានសន្យាថានឹងសង្គ្រោះសាសន៍អ៊ីស្រាអែលដែរ (១១:១-៣២) ដែលនោះជាមូលហេតុដែលសាវ័ក ប៉ុល បន្តទទូចថា «សេចក្ដីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ» (១១:១២)។ ការនោះត្រូវតែកើតឡើង។ ប្រសិនបើវាមិនកើតឡើង នោះមានន័យថា «ព្រះបន្ទូល [នឹងបាន] ទច់អាក់» (៩:៦) ដែលជាថ្មីម្ដងទៀត នោះគឺជាបញ្ហាដ៏ធំសម្រាប់គ្រីស្ទបរិស័ទដែលជាសាសន៍ដទៃ ប៉ុន្តែក៏ជាកំហុសដ៏ធំជាងនោះទៅទៀតសម្រាប់ព្រះជាម្ចាស់ដែរ។ (ហើយលើសពីនោះទៅទៀត វានឹងក្លាយជាកំហុសដ៏ធំជាងនោះទៅទៀតសម្រាប់សាវ័ក ប៉ុល ក្នុងការអះអាង យ៉ាងហោចណាស់ដោយមានមុខស្ងួត ដោយថាគាត់មិនមាន «សេចក្ដីខ្មាស ចំពោះដំណឹងល្អ» បានឡើយ។)
ទីពីរ សាវ័ក ប៉ុល បានគូសបន្ទាត់ត្រង់រវាងសេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងការបំពេញរបស់វានៅក្នុងព្រះគម្ពីរសញ្ញាថ្មី យ៉ាងហោចណាស់នៅបីកន្លែងនៅក្នុងជំពូកទាំងនេះ។
១. សាវ័ក ប៉ុល បានមានប្រសាសន៍ថាសេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីការដែលព្រះជាម្ចាស់រក្សាសាសន៍យូដាដែលនៅសល់ទុក (ឧទាហរណ៍៖ សេចក្ដីសង្គ្រោះ) ក៏សម្រាប់គ្រីស្ទបរិស័ទដែលជាសាសន៍យូដាដែរ។ ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងរក្សាពួកនៅសល់នៃសាសន៍យូដាទុក (សូមមើល អេសាយ ១០:២២-២៣ & ១:៩ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៩:២៧-២៩) ជាពិសេសនៅពេលដែលព្រះមេស្ស៊ីបានយាងមក ហើយបង្កការជំពប់ដួលសម្រាប់សាសន៍អ៊ីស្រាអែលជាច្រើននាក់ទៀត (សូមមើល អេសាយ ៨:១៤ & ២៨:១៦ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៩:៣៣)។ ហើយសាវ័ក ប៉ុល មានប្រសាសន៍ថា នេះគឺជាអ្វីដែលព្រះជាម្ចាស់បានធ្វើ៖ មានពួកដែល «បានរើសតាំង ដោយព្រះគុណ» (១១:៥) គឺអស់អ្នកដែល «[បាន] រកបាន» (១១:៧) «សេចក្តីសុចរិត ដែលមកដោយសារជំនឿ» (៩:៣០)។ ដើម្បីជាការផ្ដល់ភស្តុតាងលើចំណុចនេះសាវ័ក ប៉ុល មិនបានចង្អុលបង្ហាញទៅកាន់គ្រីស្ទបរិស័ទដែលជាសាសន៍ដទៃនោះទេ។ (ហើយគាត់ក៏មិនបានចង្អុលបង្ហាញទៅកាន់ព្រះយេស៊ូវក្នុងនាមជាសាសន៍អ៊ីស្រាអែលដ៏ពិតផងដែរ។) ផ្ទុយទៅវិញ គាត់បានចង្អុលបង្ហាញមកកាន់គាត់ផ្ទាល់ «ជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជលោក អ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន» (១១:១) និងទៅកាន់ពួកសាសន៍អ៊ីស្រាអែលជាច្រើននាក់ទៀត (សូមមើល ១១:២-៥)។ និយាយឲ្យខ្លីទៅ ខគម្ពីរយោងនៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីសេចក្ដីសន្យា ទាក់ទងនឹងពួកដែលនៅសល់ គឺជាអស់អ្នកដែលហៅខ្លួនឯងថាជា «សាសន៍អ៊ីស្រាអែល» និងជា «ពូជលោក អ័ប្រាហាំ» ដែលតាមពិតទៅ គឺពួកអ្នកចេញពីកុលសម្ព័ន្ធជាក់លាក់ក្នុងចំណោមពួកសាសន៍អ៊ីស្រាអែល។ ដែលនេះមានន័យថា ខគម្ពីរយោងនៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីសេចក្ដីសន្យា ទាក់ទងនឹងពួកដែលនៅសល់ មិនមានការផ្លាស់ប្ដូរទេ។
២. សាវ័ក ប៉ុល បានមានប្រសាសន៍ថា សេចក្ដីសន្យាក្នុងព្រះគម្ពីរសញ្ញាចាស់អំពីសេចក្ដីសង្គ្រោះសម្រាប់សាសន៍ដទៃ គឺសំដៅទៅលើគ្រីស្ទបរិស័ទដែលជាសាសន៍ដទៃ។ សាវ័ក ប៉ុល លើកឡើងថា «សេចក្ដីសង្គ្រោះផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្ដាលឲ្យគេ [សាសន៍អ៊ីស្រាអែល] ច្រណែន» (១១:១១; សូមមើលនៅក្នុងខ ១៤)។ លើសពីនេះទៅទៀត ការនេះកំពុងតែកើតឡើង ដូចដែលព្រះជាម្ចាស់បានសន្យាមែន។ សាវ័ក ប៉ុល បានបង្ហាញថា តាំងពីមុនមកម្ល៉េះ ព្រះជាម្ចាស់បានមានបន្ទូលថា ព្រះអង្គ «នឹងបណ្ដាលឲ្យឯងរាល់គ្នា [សាសន៍អ៊ីស្រាអែល] មានចិត្តច្រណែន ដោយសារពួកមនុស្ស ដែលមិនមែនជាសាសន៍ណាទេ» ហើយថា «ពួកអ្នកដែលមិនស្វែងរកអញ នោះបានឃើញអញហើយ» (សូមមើល រ៉ូម ១០:១៩-២០ ចោទិយកថា ៣២:២១ អេសាយ ៦៥:១)។ តាមពិតទៅសាវ័ក ប៉ុល បានធ្វើនូវអ្វីដូចដែលព្រះគម្ពីរសញ្ញាចាស់សន្យាអំពីសេចក្ដីសង្គ្រោះសម្រាប់សាសន៍ដទៃ នៅចុងសំបុត្ររបស់គាត់ (សូមមើល រ៉ូម ១៥:៩-១២ ដោយលើកឡើងចេញពី ២សាំយ៉ូអែល ២២:៥០; ទំនុកតម្កើង ១៨:៤៩; ចោទិយកថា ៣២:៤៣; ទំនុកតម្កើង ១១៧:១ និង អេសាយ ១១:១០)។ ដោយមានការទទួលស្គាល់ថាជាការពិត នេះគឺជាសេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីសេចក្ដីសង្គ្រោះរបស់សាសន៍ដទៃ—មិនមែនសាសន៍អ៊ីស្រាអែលទេ។ ទោះជាយ៉ាងណាក៏ដោយក៏ការនេះបង្ហាញថា វាដូចជាសេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទាក់ទងទៅនឹងពួកដែលនៅសល់ ហើយជាថ្មីម្ដងទៀតសាវ័ក ប៉ុល មានការស្កប់ចិត្តក្នុងការគូសបន្ទាត់យ៉ាងត្រង់ រវាងខគម្ពីរយោងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងការបំពេញវានៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ សេចក្ដីសន្យាដែលបានធ្វើឡើងទៅកាន់សាសន៍អ៊ីស្រាអែលមានការបំពេញតាមរយៈសាសន៍អ៊ីស្រាអែល ហើយសេចក្ដីសន្យាដែលបានធ្វើឡើងទៅកាន់សាសន៍ដទៃ ក៏មានការបំពេញតាមរយៈសាសន៍ដទៃដែរ។ មកដល់ពេលនេះ យ៉ាងហោចណាស់ក៏ការកាត់ស្រាយរបស់សាវ័ក ប៉ុល សាមញ្ញដែរ។
៣. សាវ័ក ប៉ុល បានមានប្រសាសន៍ថា ព្រះគម្ពីរសញ្ញាចាស់បានសន្យាអំពីសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែលទាំងអស់ សំដៅទៅលើគ្រីស្ទបរិស័ទដែលជាសាសន៍យូដា។ សាវ័ក ប៉ុល បានសរសេរថា «សាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះ» (១១:២៦ក) ដូចដែលព្រះជាម្ចាស់បានសន្យាមែន។ ដ្បិត «ដូចជាមានសេចក្ដីចែងទុកមកថា»៖ «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្ដីទមិលល្មើសពីយ៉ាកុបទៅ នោះហើយជាសេចក្ដីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ» (រ៉ូម ១១:២៦-២៧; ដកស្រង់ចេញពី អេសាយ ៥៩:២០-២១, ២៧:៩ និង យេរេមា ៣១:៣៣-៣៤)។
មានមនុស្សមួយចំនួនបានវែកញែកថា «អ៊ីស្រាអែលទាំងអស់គ្នា» និង «យ៉ាកុប» ត្រង់នេះសំដៅទៅលើ «ពួករើសតាំងទាំងអស់គ្នា គឺសាសន៍យូដា និងសាសន៍ដទៃ»។ ប៉ុន្តែ វាជាការពិបាកណាស់ក្នុងការផ្ដល់អត្ថន័យលើ «សាសន៍អ៊ីស្រាអែល» ក្នុងលក្ខណៈបែបនោះ ហើយយល់អំពីការវែកញែករបស់សាវ័ក ប៉ុល នៅត្រង់នេះក្នុងជំពូក ១១ ទាក់ទងនឹងសេចក្ដីសន្និដ្ឋាន មិនថាយ៉ាងណាក៏ដោយ ដែលមានអ្នកកាត់ស្រាយជាច្រើននាក់បានឯកភាពគ្នា។ ទោះជាយ៉ាងណាក៏ដោយក៏សាសន៍អ៊ីស្រាអែល ដែលមានលើកឡើងនៅក្នុងជំពូកនេះ គឺជាក្រុមរួមគ្នា ដែលមានទាំង «ពួករើសតាំង» និង សាសន៍អ៊ីស្រាអែលជាច្រើននាក់ដែល «មានចិត្តរឹងរូស» (ខ៧)។ បើនិយាយម្យ៉ាងវិញទៀត សាសន៍អ៊ីស្រាអែលមានទាំង «មែកកំណើត» ដែលនៅមានការភ្ជាប់គ្នាជាមួយនឹងដើមអូលីវ និងទាំងមែកផ្សេងទៀតដែល «ត្រូវបានកាត់ចេញ» (ខ១៧-២៤)។ ហើយចំនួនសរុបនៃក្រុមទាំងពីរនេះគឺ—ពួកដែលសល់ និងពួកដែលមានចិត្តរឹងរូស—ជាចំនួនសរុបនៃ «សាសន៍អ៊ីស្រាអែលទាំងអស់គ្នា»។ (ទាក់ទងនឹងចំណុចនេះ សូមមើលឯកសារក្នុងកំណត់ហេតុបណ្ដាញ «អនាគតនៃជាតិសាសន៍អ៊ីស្រាអែល»។) ទោះបើ «សាសន៍អ៊ីស្រាអែលទាំងអស់គ្នា» សំដៅទៅលើសាសន៍យូដាដែលនៅសល់ទាំងអស់គ្នាក៏ដោយ ក៏វានៅតែសំដៅលើសាសន៍យូដាដែលនៅសល់ប៉ុណ្ណោះ។ ដូច្នេះ សាវ័ក ប៉ុល ក៏ស្កប់ចិត្តក្នុងការគូសបន្ទាត់យ៉ាងត្រង់រវាងខគម្ពីរក្នុងព្រះគម្ពីរសញ្ញាចាស់ និងការបំពេញរបស់វានៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ គាត់បានធ្វើដូចនោះនៅកន្លែងផ្សេងៗទៀតដែរ។
ទីបី ចំណុចទាំងអស់នេះក៏មិនបានធ្វើឲ្យសាវ័ក ប៉ុល មិនបាន «បត់បែនច្បាប់» នៅក្នុងយ៉ាងហោចណាស់មួយកន្លែងដែរ។ ហើយវាក៏ជាការស័ក្តិសមណាស់ដែរ ដែលយើងមើលវាផ្ទាល់តែម្ដង។ សាវ័ក ប៉ុល បានមានប្រសាសន៍ថា ព្រះគម្ពីរសញ្ញាចាស់បានសន្យាអំពីការផ្លាស់ប្ដូរវិញនៃឋានៈនៃសាសន៍អ៊ីស្រាអែល «មិនមែនជាមនុស្ស» ទៅជាការបំពេញតាមរយៈសាសន៍ដទៃទេ។ នោះឯងជាអ្វីដែលសាវ័ក ប៉ុល មានអត្ថន័យអំពី នៅពេលដែលគាត់លើកឡើង ហូសេ ២:២៣ និង ១:១០ (តាមលំដាប់លំដោយនោះ) ទៅកាន់សាសន៍ដទៃនៅក្នុងកណ្ឌគម្ពីរ រ៉ូម ៩:២៥-២៦។ វាមិនមែនជាការបដិសេធដែលថា សាវ័ក ប៉ុល ក៏កំពុងតែគិតអំពីសាសន៍ដទៃ។ គាត់បានរៀបចំការវែកញែករបស់គាត់ឡើង ដើម្បីផ្ដល់ជាភស្តុតាងទាំងអំពីសាសន៍យូដា និងសាសន៍ដទៃ (សូមមើលខ ២៤)។ ហើយផ្នែកនៃភស្តុតាងនៃសាសន៍យូដាក៏យើងអាចរកឃើញបានច្បាស់លាស់ នៅក្នុងចំណុចបន្ទាប់ក្នុងខ២៧-២៩ដែរ (សូមមើល «ពីដំណើរសាសន៍អ៊ីស្រាអែល» នៅក្នុងខ២៧)។ ហើយវាក៏មិនមែនជាការបដិសេធផងដែរ ដែលថាហោរា ហូសេ ក៏បានគិតដល់សាសន៍យូដាដែរ។ ប្រធានបទនៃសេចក្ដីសន្យារបស់ហោរា ហូសេ គឺសាសន៍អ៊ីស្រាអែល ជាពិសេសសំដៅទៅលើកុលសម្ព័ន្ធទាំងដប់នៃទិសខាងជើងនៃសាសន៍អ៊ីស្រាអែលផ្ទាល់ (សូមមើលជាពិសេសនៅក្នុងកណ្ឌគម្ពីរ ហូសេ ១:៦-៧)។
មកដល់ពេលនេះ តើទាំងអស់នេះមានភាពស៊ីគ្នាដូចម្ដេច ជាមួយនឹងអ្វីដែលយើងបានឃើញ? មើលទៅហាក់បីដូចជាមានភាពស៊ីគ្នា ដោយមិនស្រួលចិត្តជាមួយនឹងគោលបំណងនៃការវែកញែករបស់សាវ័ក ប៉ុល។ ជាថ្មីម្តងទៀត គោលបំណងនៃកណ្ឌគម្ពីរ រ៉ូម ៩-១១ គឺដើម្បីការពារភាពស្មោះត្រង់របស់ព្រះជាម្ចាស់ ហើយដូច្នោះវាក៏បានផ្ដល់ជូននូវទំនុកចិត្តដល់គ្រីស្ទបរិស័ទនៃសាសន៍រ៉ូម (ហើយពិតណាស់ ក៏សំដៅទៅលើសាសន៍ដទៃផងដែរ) ក្នុងការទុកចិត្តលើព្រះជាម្ចាស់។ ដោយសារចំណុចនេះ ការកាត់ស្រាយបែបនេះដែលសាវ័ក ប៉ុល ប្រើប្រាស់នៅត្រង់នេះ ហាក់បីដូចជាមិនសូវស៊ីគ្នាសោះ។ («គ្មានអ្វីនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ លើកលែងតែការកាត់ស្រាយបង្វែរទិស “អ្នក” ពី “អ្នក ដែលជាគ្រីស្ទបរិស័ទនៅទីក្រុងរ៉ូម” ទៅជា “អ្នក ដែលជានរណាម្នាក់ផ្សេងទៀត!”») ហើយបន្ថែមលើនោះទៀត យើងឃើញថាសាវ័ក ប៉ុល ព្យាយាមគូរបន្ទាត់តម្រង់ដោយបង្ហាញថាអត្ថន័យព្រះគម្ពីរសញ្ញាចាស់មានភាពស៊ីគ្នាក្នុងការបំពេញនៅក្នុងព្រះគម្ពីរសញ្ញាថ្មី៖ ពេលគាត់បានធ្វើជាមួយនឹងការរក្សាទុកពួកដែលនៅសល់ សេចក្ដីសង្គ្រោះរបស់សាសន៍ដទៃ និងសេចក្ដីរួមបញ្ចូលនៃ «សាសន៍អ៊ីស្រាអែលទាំងអស់គ្នា»។ បើអញ្ចឹង ហេតុអ្វីបានជាគាត់ព្យាយាមគូសបន្ទាត់តម្រង់បែបនោះ?
ការពន្យល់ដ៏សាមញ្ញបំផុតហាក់បីដូចជាថា សាវ័ក ប៉ុល ឃើញនូវការផ្គងលើគ្នាយ៉ាងងាយស្រួលរវាង «មិនមែនជារាស្ត្រ» ដែលនេះសំដៅទៅលើការមិនទទួលជឿរបស់សាសន៍អ៊ីស្រាអែល និងការដែលកុលសម្ព័ន្ធនៅទិសខាងជើងបានថ្វាយបង្គំព្រះក្លែងក្លាយ ហើយនិងជាតិសាសន៍ដទៃ។ នៅពេលដែលយើងលើកឡើងក្នុងរបៀបនេះ នោះយុទ្ធសាស្ត្រនៃការកាត់ស្រាយរបស់សាវ័ក ប៉ុល នឹងចាប់ផ្ដើមនាំឲ្យយើងយល់។ គាត់ក៏បានយកខគម្ពីរដែលនិយាយអំពីបុគ្គលណាម្នាក់ផ្សេងទៀត ដែលមិនមែនជារបស់ព្រះជាម្ចាស់ មិនមែនជាអ្នកដែលព្រះអង្គស្រឡាញ់ ហើយយកមកអនុវត្តលើ—សូមមើលការបំពេញរបស់វាតាមរយៈ—សាសន៍ដទៃ ដែលនោះជាអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលថាសាសន៍អ៊ីស្រាអែលបានក្លាយជា (សូមមើលជាពិសេសក្នុងកណ្ឌគម្ពីរ ហូសេ ១:៨-១០)។ ពួកគេនឹងក្លាយជាសាសន៍ដទៃ។ ពួកគេនឹងក្លាយជា «មិនមែនជារាស្ត្ររបស់អញ» ពួកគេនឹងក្លាយដូចជាលោក អេសាវ នៅជំនាន់ចាស់ «មិនមែនជា [អ្នក] ស្ងួនភ្ងា»។ ហើយក្នុងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ដែលជាចំណុចនៃកណ្ឌគម្ពីរ រ៉ូម ៩:២៤-២៩ (សូមមើលផងដែរនៅក្នុង ១៥:៩-១២) ព្រះជាម្ចាស់បានសន្យាថានឹងផ្លាស់ប្ដូរឋានៈរបស់ពួកគេ។ យើងអាចនិយាយដូចតទៅ ព្រះអង្គបានសន្យាថាទ្រង់ «នឹងបំបៅគេវិញ» ជាមួយនឹងពួកដែលនៅសល់ (សូមមើល ៩:២៧-២៩; ១១:២៣) ដែល «មិនមែនជារាស្ត្ររបស់អញ» មិនមែនគ្រាន់តែចេញពីចំណោមនៃសាសន៍យូដា «ដែលមានចិត្តរឹងរូស» ដែលត្រូវបាន «កាច់ចេញ» ប៉ុន្តែក៏ចេញពីចំណោមពួកសាសន៍ដទៃ ហើយក៏ចេញពីចំណោម «ដើមអូលីវព្រៃ» ផងដែរ។ និយាយឲ្យខ្លីទៅ សេចក្ដីសន្យារបស់ហោរា ហូសេ ទៅកាន់សាសន៍អ៊ីស្រាអែលដែលកំពុងតែថ្វាយបង្គំព្រះក្លែងក្លាយ ក៏ជាសេចក្ដីសន្យាទៅកាន់សាសន៍ដទៃផ្សេងទៀតដែរ ពីព្រោះទាំងពីរមានភាពរួមគ្នាតែមួយក្នុងចំណុចដ៏សាមញ្ញដែលថា ពួកគាត់ត្រូវបានដាច់ចេញពីដើមអូលីវ ហើយក៏មានតម្រូវការសម្រាប់សេចក្ដីមេតាករុណាយ៉ាងខ្លាំងក្រៃលែងផងដែរ។ ខ្ញុំគិតថា គឺការផ្គងលើគ្នាហើយ—នេះក៏ជាការសំដៅទាំងទៅលើសាសន៍អ៊ីស្រាអែលដែលថ្វាយបង្គំព្រះក្លែងក្លាយ និង (អ្នកឯទៀត) សាសន៍ដទៃ—នេះគឺជាការពន្យល់លើមូលហេតុដែល ៩:២៥-២៦ មិនបានថ្លែងប្រាប់យ៉ាងចំៗទៅកាន់សាសន៍ដទៃ យ៉ាងហោចណាស់ក្នុងរបៀបដូចគ្នាដែល ខ២៧-២៩ បានថ្លែងប្រាប់យ៉ាងចំៗទៅកាន់សាសន៍អ៊ីស្រាអែល។ នេះគឺដោយសារខគម្ពីរទាំងនោះកំពុងតែថ្លែងប្រាប់ទៅកាន់សាសន៍ដទៃពីរប្រភេទ មួយគឺតាមរយៈការថ្កោលទោស ហើយមួយទៀតគឺតាមធម្មជាតិ។
ព្រះគម្ពីរសញ្ញាចាស់សន្យាអំពីសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែលមានការបំពេញតាមរយៈសាសន៍អ៊ីស្រាអែលក្នុងក្រុមជំនុំ
ខណៈពេលដែលយើងពិចារណាលើគ្រប់អ្វីៗទាំងអស់ នោះសាសន៍អ៊ីស្រាអែលបំពេញសេចក្ដីសន្យារបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែល ហើយនោះក៏មិនមែនជារាល់ចំណុចដែលកណ្ឌគម្ពីរ រ៉ូម ៩-១១ បានលើកឡើងអំពីទំនាក់ទំនងរវាងសាសន៍អ៊ីស្រាអែល និងក្រុមជំនុំនោះទេ។ ខគម្ពីរត្រង់នោះក៏បានប្រាប់យើងថា សាសន៍អ៊ីស្រាអែលដែលបំពេញសេចក្ដីសន្យាទាំងនេះបានបំពេញវា មិនមែននៅក្រៅក្រុមជំនុំនោះទេ ប៉ុន្តែគឺនៅក្នុង។ គ្រប់គ្រីស្ទបរិស័ទដែលជាសាសន៍យូដា មិនថាក្នុងចំណោមក្រុមពួកដែលនៅសល់ ឬក៏អស់អ្នកដែលគេបំបៅជាប់ចូលវិញ ទាំងអស់គឺជាផ្នែកនៃក្រុមជំនុំរ៉ូម (អេភេសូរ, កាឡាទី ឬក៏ថែស្សាឡូនីច…)។ ពួកគាត់មានចំណែកក្នុងចំណោមក្រុមជំនុំរ៉ូម និងនៅឯកន្លែងផ្សេងៗទៀតដែល «ជាពួកស្ងួនភ្ងានៃព្រះ ដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធ» (១:៧)។ ពួកគាត់គឺជាគ្រីស្ទបរិស័ទ (ឧទាហរណ៍៖ សូមមើល ១៦:៧)។ តាមពិតទៅ កណ្ឌគម្ពីរ រ៉ូម បានបញ្ចប់ដោយលើកឡើងអំពីក្រុមមួយ ដែលកំពុងតែជួបជុំគ្នានៅក្នុងផ្ទះនៃគ្រីស្ទបរិស័ទដែលជាសាសន៍យូដា (សូមមើល ១៦:៣-៤ ដោយយោងលើ កិច្ចការ ១៨:២)។
លើសពីនោះទៅទៀតសាវ័ក ប៉ុល លើកឡើងថា សម័យកាលនៃសេចក្ដីសង្គ្រោះនេះ—ទាក់ទងនឹងជំនឿរបស់សាសន៍យូដា និងសាសន៍ដទៃ—បញ្ចប់ដោយការរស់ឡើងវិញ («ជាជីវិតរស់ពីស្លាប់ឡើងវិញ» ១១:១៥) ដែលនេះសំដៅទៅលើការយាងមកវិញ (សូមមើលខយោង ១១:១៥ ដោយផ្អែកលើ ១កូរិនថូស ១៥:២៣; ហើយសូមមើលផងដែរ «ចេញពីស៊ីយ៉ូន» ក្នុង ១១:២៦)។ អ្វីដែលចំណុចនេះមានន័យគឺថា «សេចក្ដីពេញខ្នាត» ទាំងស្រុង (១១:១២) ហើយ «ការទទួល» (១១:១៥) និង «បានចូល» (១១:២៥)—សេចក្ដីសង្គ្រោះទាំងអស់ដែលបានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់—កើតឡើងមុនព្រះយេស៊ូវយាងត្រឡប់មកវិញ។ មួយវិញសោត ការនោះក៏កំពុងតែកើតឡើងឥឡូវនេះ (សូមមើល ១១:៣០-៣១; ហើយក៏សូមមើល ខ១៤) និងនៅក្នុងក្រុមជំនុំ។
សេចក្ដីសន្និដ្ឋាន
ដូច្នេះ តើអ្វីទៅជាទំនាក់ទំនងរវាងសាសន៍អ៊ីស្រាអែល និងក្រុមជំនុំ? យើងបានព្យាយាមបំភ្លឺសំណួរដ៏ជ្រាលជ្រៅនេះតាមរយៈការឆ្លើយសំណួរដែលតូចជាងនោះបន្តិចទៀត—តើអ្នកណាបំពេញសេចក្ដីសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពីសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែល? ហើយយើងក៏បានធ្វើការនេះ តាមរយៈការមើលកណ្ឌគម្ពីរ រ៉ូម ៩-១១។ អ្វីដែលយើងបានឃើញគឺថា សេចក្ដីសន្យារបស់ព្រះជាម្ចាស់អំពីសេចក្ដីសង្គ្រោះរបស់សាសន៍អ៊ីស្រាអែលមានការបំពេញឡើងតាមរយៈសាសន៍អ៊ីស្រាអែល និងនៅក្នុងក្រុមជំនុំ។ តាមពិតទៅសាវ័ក ប៉ុល បានគូសបន្ទាត់យ៉ាងត្រង់ពីខយោងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទាក់ទងទៅនឹងការបំពេញរបស់វានៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ តើឲ្យគាត់ការពារភាពស្មោះត្រង់របស់ព្រះជាម្ចាស់ដោយរបៀបណាទៀត ហើយនេះមិនទាន់ទាំងបានលើកឡើងអំពីការដែលគាត់ព្យាយាមកម្សាន្តចិត្តមិត្តភក្ដិរបស់គាត់នៅឯទីក្រុងរ៉ូមនៅឡើយផង? វាជាការពិត គាត់ក៏សប្បាយចិត្តក្នុងការរាប់បញ្ចូលសាសន៍ដទៃទៅក្នុងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចូលទៅកាន់សាសន៍អ៊ីស្រាអែល ដែលថ្វាយបង្គំព្រះក្លែងក្លាយ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែនៅត្រង់នេះក៏គាត់បានកាត់ស្រាយចំណុចរបស់គាត់ ខណៈពេលដែលគាត់ក៏បានកត់សម្គាល់ថា ម្នាក់នៃរាស្ត្រ «សាសន៍ដទៃ» នឹងត្រូវបំបៅជាប់ចូលនឹងដើមអូលីវ «លើសជាងអម្បាលម៉ានទៅទៀត» ជាងមែកផ្សេងៗ (១១:២៤)។ ដែលនេះមានន័យថា សូម្បីតែនៅពេលដែលផ្ដោតលើចំណុចស្រដៀងៗគ្នារវាងសាសន៍យូដា និងសាសន៍ដទៃក្នុងក្រុមជំនុំក៏សាវ័ក ប៉ុល នៅបន្តសម្លឹងមើលយ៉ាងជាប់លាប់ លើចំណុចពិសេសនៃអត្តសញ្ញាណនានារបស់ពួកគេក្នុងគ្រួសាររបស់ព្រះជាម្ចាស់ដែរ។
មតិយោបល់
Loading…