ក្នុងនាមជាបុរសម្នាក់ ដែលឪពុកខ្ញុំមិនសូវនៅជាមួយប៉ុន្មាន ខ្ញុំតែងតែមានការពិបាកក្នុងការផ្ដល់អត្ថន័យទៅលើភាពជាបុរស ព្រោះមើលទៅវាងាយស្រួលក្នុងការឲ្យអត្ថន័យលើភាពជាបុរស ប៉ុន្តែ ធាតុពិតមិនស្រួលដូចដែលមនុស្សយើងថាទេ។ គ្មានអ្នកណាបង្ហាញខ្ញុំឲ្យឃើញពីអត្ថន័យដ៏ពិតនៃភាពជាបុរសឡើយ។ ប្រភពនៃទុក្ខព្រួយ និងការសោកស្ដាយកើតឡើងដោយសារឪពុកខ្ញុំមិននៅជាមួយ ប៉ុន្តែការនោះក៏បានជំរុញខ្ញុំឲ្យទៅរកចម្លើយមកពីព្រះជាម្ចាស់ ដែលមានភាពស្កប់ស្កល់ និងភាពជាកូនប្រុស។ ព្រះអង្គជាព្រះវរបិតាដ៏ស្មោះត្រង់តែមួយអង្គគត់របស់ខ្ញុំដែលគង់នៅស្ថានសួគ៌។
ការរកបានអត្ថន័យដ៏ច្បាស់លាស់ ហើយជាក់លាក់អំពីភាពជាបុរស គឺមានការពិបាកណាស់ ជាពិសេសបើយើងរកអត្ថន័យនោះចេញពីលោកីយ៍ ជាជាងចេញពីព្រះគម្ពីរ។ ចូរគិតមើលថា តើយើងបានដឹងរឿងអ្វីខ្លះពីភាពជាបុរសចេញពីសហគមន៍យើង? ក្មេងប្រុសម្នាក់ងាយក្នុងការប្រឈមមុខនឹងការមើលរូប ឬក៏រឿងអាសអាភាស ឬការប្រើពាក្យសម្ដីអាសអាភាសណាស់។ ទោះបើឪពុកម្ដាយក្មេងប្រុសនោះមានភាពជោគជ័យក្នុងការការពារគាត់ពីការមើលរូបភាព ឬរឿងអាសអាភាសនៅក្នុងទូរទស្សន៍ និងអ៊ីនធឺណិតក៏ដោយ ក៏គាត់ប្រហែលជាបានជួបប្រទះខ្លះៗតាមរយៈមិត្តភក្ដិរបស់គាត់រួចហើយដែរ។ តាំងពីដើមមក ក្មេងប្រុសៗតែងតែមានការយល់ខុសអំពីការរួមភេទ ហើយការយល់ខុសបែបនេះក៏បានប៉ះពាល់ដល់ទស្សនៈនៃភាពជាបុរសដែរ។ តើយើងគួរមានការយល់ដឹងបែបណា អំពីភាពជាបុរស ខណៈពេលដែលកំពុងជួបប្រទះនឹងអត្ថន័យខុសឆ្គងបែបនេះ?
ខ្សែភាពយន្តក៏បានផ្ដល់អត្ថន័យដ៏ខុសឆ្គងអំពីភាពជាបុរសដែរ។ តើយើងគួរមានការយល់ដឹងបែបណា អំពីភាពជាបុរស ខណៈពេលដែលកំពុងជួបប្រទះនឹងអត្ថន័យខុសឆ្គង?
ព្រះជាម្ចាស់បានបង្កើតមនុស្សប្រុស
ដោយសារព្រះជាម្ចាស់ជាអ្នកបង្កើតមនុស្សប្រុសមក ទ្រង់អាចផ្ដល់អត្ថន័យអំពីមនុស្សប្រុសប្រសើរជាងអ្វីដែលលោកីយ៍នេះបានផ្ដល់ឲ្យ។ នៅពេលដែលព្រះអង្គកំពុងបង្កើតរបស់សព្វសារពើទាំងអស់ ទ្រង់បានលូកព្រះហស្ដសូនមនុស្សប្រុសចេញពីដីមក។ ទ្រង់បានបង្កើតមនុស្សប្រុសដោយយកព្រះហឫទ័យទុកដាក់ មានភាពស្និទ្ធស្នាល និងមានលក្ខណៈខុសប្លែកពីអ្វីៗទាំងអស់។ នៅចុងបញ្ចប់ យើងឃើញថា ព្រះបានបង្កើតមនុស្សប្រុសឲ្យមានរូបដូចអង្គទ្រង់។
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង (លោកុប្បត្តិ ២:៧)។
នៅក្នុងបរិបទនៃកណ្ឌគម្ពីរលោកុប្បត្តិ ជំពូក២ យើងឃើញពីការដែលព្រះជាម្ចាស់បានឲ្យអត្ថន័យអំពីភាពជាបុរស មុនទ្រង់បង្កើតស្ត្រីមក៖ គោលបំណងនៃការងាររបស់គាត់ កម្រិតនៃអំណាចរបស់គាត់ ព្រំដែននៃការស្ដាប់បង្គាប់របស់គាត់ និងការដែលគាត់ចង់មានប្រពន្ធ។
យើងអាចស្គាល់អត្ថន័យអំពីភាពជាបុរសតាមរយៈព្រះជាម្ចាស់តែមួយអង្គគត់ ពោលគឺមិនមែនតាមរយៈលោកីយ៍ វប្បធម៌ និងទីកន្លែងផ្សេងៗឡើយ។ ជាចុងក្រោយ តាមរយៈការដែលព្រះបានបង្កើតមនុស្សប្រុសមក គឺយើងអាចយល់ពីអត្ថន័យនៃភាពជាបុរសបានយ៉ាងច្បាស់លាស់។
មនុស្ស១០០% ព្រះ១០០%
ចំណុចនោះមិនចប់ត្រឹមនេះឡើយ ប៉ុន្តែមានចំណុចជាច្រើនទៀតដែលព្រះគម្ពីរបានបង្រៀនយើងពីលក្ខណសម្បត្តិនៃភាពជាបុរស។
តាមរយៈការដែលយើងអានព្រះគម្ពីរអំពីរឿងដ៏អស្ចារ្យ ដែលព្រះជាម្ចាស់បានចែងទុកឲ្យយើង ហើយតាមរយៈការដែលយើងព្យាយាមស្វែងរកបុរសទុកជាតំណាងនៅក្នុងចំណោមស្ដេច សង្ឃ ហោរា ទាហាន និងអ្នកដឹកនាំផ្សេងៗទៀត យើងឃើញថាមានចំណុចមួយចំនួនដូចជាមិនទាន់ត្រឹមត្រូវសោះ។ អំពើបាបបានបំផ្លាញភាពដ៏ពិតរបស់បុរស។ ពីវីរបុរសមួយទៅវីរបុរសមួយ យើងតែងឃើញម្ដងហើយម្ដងទៀតអំពីការដែលពួកគាត់ត្រូវរបួស ខូច មានកំហុស និងងាយក្នុងការមិនចង់ស្ដាប់ព្រះជាម្ចាស់ ក៏ដូចជាការចង់ធ្វើអាក្រក់ទាំងស្រុងតែម្ដង។ ប៉ុន្តែ តាមរយៈវីរបុរសនោះ យើងក៏ឃើញសិរីល្អខ្លះៗអំពីភាពជាបុរសដែរដូចជា ជំនឿដែលមិនប្រែប្រួល ជំនឿស៊ប់ដែលមិនប្រែប្រួល ការបម្រើដោយបន្ទាបខ្លួនទាំងមានការលះបង់។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងគ្រាន់តែឃើញខ្លះៗប៉ុណ្ណោះ។
ប៉ុន្តែ នៅពេលដែលព្រះអង្គបានយាងមកលើផែនដីនេះផ្ទាល់ គឺទ្រង់បានបើកសម្ដែងឲ្យយើងឃើញពីអត្ថន័យដ៏ពិតនៃភាពជាបុរស។ ព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានបង្ហាញឲ្យយើងឃើញពីអត្ថន័យដ៏ពិតនៃភាពជាបុរសដ៏ល្អឥតខ្ចោះ។
តាមរយៈការសិក្សាអំពីជីវិតរបស់ព្រះយេស៊ូវ នោះយើងនឹងឃើញពីលក្ខណសម្បត្តិ និងការប្តេជ្ញាចិត្តជាច្រើនដែលបង្ហាញឲ្យយើងឃើញពីរបៀបដែលបុរសម្នាក់រស់នៅយ៉ាងស្មោះត្រង់តាមការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ប្រសិនបើលោកអ្នកជាបុរសដែលកំពុងស្វែងរកនិយមន័យនៃភាពជាបុរសដ៏ពិត នោះចូរពិចារណាពីលក្ខណសម្បត្តិ៩យ៉ាងនៃការប្តេជ្ញាចិត្តខាងក្រោមនេះ។ ការព្យាយាមសង្វាតឲ្យបានលក្ខណសម្បត្តិទាំងនេះក្នុងភាពជាអ្នកដឹកនាំ ជាបុគ្គលិក ជាប្ដី ជាឪពុក ឬធ្វើជាកូនប្រុស នោះនឹងជួយលោកអ្នកយ៉ាងខ្លាំង។
១. គាត់ប្តេជ្ញាចិត្តធ្វើតាមអំណាចដ៏ធំជាងគាត់
ព្រះយេស៊ូវត្រាស់ហៅថា «ចូរមកតាមខ្ញុំ» ប៉ុន្តែ បុរសម្នាក់និយាយថា «ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំ បានទៅកប់ខ្មោចឪពុកទូលបង្គំសិន» (ម៉ាថាយ ៨:២១)។ ទ្រង់តបថា «ចូរមកតាមខ្ញុំវិញ ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ» (ម៉ាថាយ ៨:២២)។ មានម្នាក់ទៀតថា «ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន» (លូកា ៩:៦០)។ ព្រះយេស៊ូវមានបន្ទូលថា «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ» (លូកា ៩:៦២)។
២.គាត់ប្តេជ្ញាចិត្តលះបង់គ្រប់អ្វីៗទាំងអស់ដើម្បីធ្វើជាសិស្ស
«បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ» (លូកា ១៤:២៦)។ ទាក់ទងនឹងបរិបទនេះលោកគ្រូ វិលាម មេកដានុល (William MacDonald) បានលើកឡើងដូចតទៅ៖ «នេះមិនមែនមានន័យថា យើងត្រូវតែមានសម្អប់ ឬបំណងអាក្រក់ចំពោះញាតិសន្ដានរបស់យើងនោះទេ ប៉ុន្តែមានន័យថា សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះគ្រីស្ទ គឺធំក្រៃលែង ហើយសេចក្ដីស្រឡាញ់ចំពោះញាតិសន្ដានមិនអាចប្រៀបស្មើនឹងសេចក្ដីស្រឡាញ់ដែលយើងមានចំពោះទ្រង់បានឡើយ។ តាមពិតឃ្លាដែលពិបាកជាងគេនៅក្នុងខគម្ពីរនេះគឺ៖ «សូម្បីតែជីវិតរបស់ខ្លួន»។ ការស្រឡាញ់ខ្លួនឯងគឺជាឧបសគ្គមួយដ៏មុតស្រួចជាងគេក្នុងការធ្វើជាសិស្សរបស់ទ្រង់។ ដរាបណាយើងមិនសុខចិត្តប្រគល់ជីវិតរបស់យើងដើម្បីទ្រង់ទេ នោះយើងក៏មិនទាន់រស់នៅតាមរបៀបដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនៅឡើយ១។ (ដកស្រង់ចេញពីសៀវភៅ៖ សិស្សដ៏ពិតរបស់ព្រះយេស៊ូវ)។
៣. គាត់ប្តេជ្ញាចិត្តស្ដាប់បង្គាប់ដោយមានចិត្តរីករាយ
ក្រោយពីព្រះយេស៊ូវបានលើកឡើងនូវព្រះបន្ទូលខាងលើ មានសិស្សទ្រង់ជាច្រើនបានដកខ្លួនចេញ និងមិនដើរតាមទ្រង់ទៀត។ ដូច្នេះ ទ្រង់ក៏មានបន្ទូលទៅពួកសិស្សទាំង១២ថា «អ្នករាល់គ្នាចង់ថយទៅដែរឬ?»។ សាវ័ក ស៊ីម៉ូន-ពេត្រុស ក៏ទូលឆ្លើយថា «ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច…ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត» (យ៉ូហាន ៦:៦៦-៦៩)។
៤. គាត់ប្តេជ្ញាចិត្តដាក់វិន័យខាងឯព្រលឹងវិញ្ញាណ
«កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ» (ម៉ាកុស ១:៣៥)។ ចូរត្រាប់តាមទង្វើព្រះយេស៊ូវ។ ចូរចំណាយពេលអធិស្ឋាន និងអានព្រះគម្ពីរ ក៏ដូចជាចំណាយពេលប្រកបគ្នាជាមួយនឹងអ្នកនៅក្នុងក្រុមជំនុំ ដើម្បីឲ្យលូតលាស់ខាងឯព្រលឹងវិញ្ញាណ។
៥. គាត់ប្តេជ្ញាចិត្តនៅជាប់ក្នុងសេចក្ដីពិត
ព្រះយេស៊ូវបានមានបន្ទូលទៅពួកសាសន៍យូដាដែលជឿលើទ្រង់ថា «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣១-៣២)។ ចូរយើងអានព្រះគម្ពីរ ទន្ទេញឲ្យចាំមាត់ ហើយលាក់ព្រះបន្ទូលក្នុងចិត្តយើង «ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ» (ទំនុកតម្កើង ១១៩:១១)។
៦. គាត់ប្តេជ្ញាចិត្តលូតលាស់ជាពិសេសខាងឯផលផ្លែនៃព្រះវិញ្ញាណ
«ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន» (យ៉ូហាន ១៥:៨)។ «…ផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ» (កាឡាទី ៥:២២-២៣)។ ចូរយើងសង្វាតឲ្យបានផលផ្លែទាំងនោះ។ បើលោកអ្នកចង់ស្វែងយល់ថែមទៀតអំពីផល់ផ្លែនៃព្រះវិញ្ញាណ សូមចូលទៅកាន់គេហទំព័រ៖ shalomphnompenh.com ហើយស្ដេប់នូវការអធិប្បាយ។
៧. គាត់ប្តេជ្ញាចិត្តបំពេញបេសកកម្មរបស់ព្រះជាម្ចាស់
«ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលារហូតដល់អស់កល្ប» (ម៉ាថាយ ២៨:១៩-២០ គគខ)។
៨. គាត់ប្តេជ្ញាចិត្តស្រឡាញ់អ្នកដទៃដោយស្មោះត្រង់
ព្រះយេស៊ូវបានប្រទានបទបញ្ជាថ្មីដល់យើង «ខ្ញុំឲ្យបញ្ញត្តិថ្មីមួយដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ចូរស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះ គឺបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក» (យ៉ូហាន ១៣:៣៤-៣៥ គគខ)។ ការស្រឡាញ់អ្នកដទៃគឺពិតជាការពិបាកណាស់។ ដូច្នេះ ចូរយើងប្ដេជ្ញាចិត្តព្យាយាមស្រឡាញ់អ្នកដទៃដោយស្មោះត្រង់។
៩. គាត់ប្ដេជ្ញាចិត្តរស់នៅដោយមានការជ្រោមជ្រែងពីបងប្អូនរួមជំនឿ
«ហើយចូរឲ្យយើងយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ដើម្បីជួយលើកទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តិល្អ។ កុំឲ្យយើងបោះបង់ចោលការជួបជុំគ្នាដូចជាអ្នកខ្លះមានទម្លាប់នោះឡើយ ផ្ទុយទៅវិញ ចូរឲ្យយើងលើកទឹកចិត្តគ្នាកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថាថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ» (ហេព្រើរ ១០:២៤-២៥ គគខ)។ យើងងាយរត់គេចចេញពីស្រុកកំណើតរបស់យើងណាស់ នៅពេលដែលយើងជួបប្រទះបញ្ហា។ ប៉ុន្តែ ទាក់ទងទៅនឹងជីវិតខាងព្រលឹងវិញ្ញាណ ចូរយើងកុំគេចវេសពីអ្នកជឿ តែចូរប្ដេជ្ញាចិត្តរស់នៅដោយមានការជ្រោមជ្រែងពីបងប្អូនរួមជំនឿវិញ។
មតិយោបល់
Loading…