គ្រីស្ទបរិស័ទគ្រប់រូបទំនងជាបានជួបប្រទះរឿងនេះ៖ មានបុគ្គលដែលអ្នកស្គាល់ ឬក៏បុគ្គលដែលបានប្រកាសខ្លួនថាជាអ្នកជឿបានធ្លាក់ក្នុងអំពើបាបដ៏ធំមួយ ហើយមានមនុស្សជាច្រើនបានដឹងរឿងនោះ។ ជាលទ្ធផល ការនោះក៏បំផ្លាញទំនាក់ទំនងគាត់ បំផ្លាញកេរ្តិ៍ឈ្មោះគាត់ ហើយចិត្តគាត់ក៏ត្រូវបានបំផ្លាញដែរ។ ក្នុងនាមអ្នកដែលជាមិត្តភក្ដិ ឬក៏គ្រូគង្វាល ឬក៏ប្ដីប្រពន្ធរបស់គាត់ ពេលដែលអ្នកដឹងដូចនេះ នោះវានឹងធ្វើឲ្យអ្នកឆ្ងល់ថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេចជាមួយគាត់?
លោកអ្នកដឹងហើយថា ក្នុងនាមជាគ្រីស្ទបរិស័ទ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យអត់ទោសដល់អ្នកដទៃ ហើយស្ដារអ្នកជឿដែលបានធ្លាក់ទៅក្នុងអំពើបាបនោះឡើងវិញ ប៉ុន្តែខ្ញុំក៏ដឹងដែរថា លោកអ្នកមិនអាចធ្វើការនេះបានឡើយ លុះត្រាតែបុគ្គលដែលបានធ្លាក់ទៅក្នុងអំពើបាបនោះពិតជាបានប្រែចិត្តយ៉ាងពិតប្រាកដមែន។ ឧទាហរណ៍៖ បទបញ្ជានៅក្នុងកណ្ឌគម្ពីរ កាឡាទី ៦:១ ចែងថា «បងប្អូនអើយ! បើអ្នកណាម្នាក់ធ្វើបាប នោះឲ្យអ្នករាល់គ្នាដែលដើរតាមព្រះវិញ្ញាណកែតម្រង់អ្នកនោះដោយចិត្តស្លូតបូត ហើយត្រូវប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវល្បួងដែរ» (គគខ)។ សាវ័ក ប៉ុល ក៏បានលើកឡើងដែរថា គាត់បានត្រៀមខ្លួនរួចស្រេចហើយក្នុងការអត់ទោសបាបដល់ក្រុមជំនុំកូរិនថូស ព្រោះការដែលអ្នកដទៃដឹងពីអំពើបាបរបស់ខ្លួន បានធ្វើឲ្យពួកគេព្រួយចិត្ដតាមបែបដែលគាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាជាងតាមបែបលោកីយ៍ (២កូរិនថូស ៧:៩-១១)។
ក្នុងកាលៈទេសៈបែបនេះ តើលោកអ្នកគួរធ្វើបែបណា? បុគ្គលដែលបានធ្លាក់ក្នុងអំពើបាបបានប្រាប់អ្នកថា គាត់បានប្រែចិត្ត។ គាត់បានលើកឡើងថា គាត់សោកស្ដាយណាស់ដែលគាត់បានធ្លាក់ក្នុងអំពើបាប។ តើប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅ?
ព្រះគម្ពីរបានផ្ដល់ជំនួយមួយចំនួនដល់យើង ដើម្បីជួយយើងឲ្យដឹងថា តើបុគ្គលដែលបានប្រាប់លោកអ្នកថា គាត់បានប្រែចិត្តនោះ គាត់បានប្រែចិត្តពិតប្រាកដឬក៏មិនពិត។ យើងត្រូវតែចេះវែកញែករវាងការទាំងពីរនេះ ព្រោះចំណុចខុសគ្នារវាងការនេះ នឹងជួយឲ្យយើងដឹងពីរបៀបដែលយើងគួរធ្វើយ៉ាងដូចម្ដេចចំពោះបងប្អូនរបស់យើងដែលបានធ្លាក់ទៅក្នុងអំពើបាបនោះ។ យើងត្រូវចេះវែកញែកឲ្យច្បាស់រវាងអំនួត និងការបន្ទាបខ្លួន ដើម្បីឲ្យយើងអាចនឹងអនុវត្តច្បាប់លើបុគ្គលដែលមានអំនួត ហើយអនុវត្តព្រះគុណលើបុគ្គលដែលបន្ទាបខ្លួន។
ដូចក្នុងឧទាហរណ៍ដែលខ្ញុំបានលើកឡើងនៅខាងលើហើយថា យើងឃើញសាវ័ក ប៉ុល បានអនុវត្តព្រះគុណចំពោះក្រុមជំនុំកូរិនថូសជាជាងអនុវត្តច្បាប់។ ព្រោះគាត់បានឃើញថា ការព្រួយចិត្តរបស់ពួកគេ គឺជាការព្រួយចិត្តតាមបែបដែលគាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនមែនតាមបែបលោកីយ៍ទេ។ ប៉ុន្តែ តើសាវ័ក ប៉ុល បានដឹងអំពីចំណុចខុសគ្នារវាងការទាំងពីរនេះដោយរបៀបណា? បើនិយាយឲ្យចំទៅ បុគ្គលដែលកំពុងយំ ហើយលន់តួបាបរបស់ខ្លួនដែលឥឡូវមានគេដឹងនោះ ប្រហែលពិតជាប្រែចិត្តមែន ឬក៏មិនមែនទេ បើដូច្នេះ តើសាវ័ក ប៉ុល អាចដឹងបានយ៉ាងដូចម្ដេច?
សាវ័ក ប៉ុល បានសរសេរក្នុងកណ្ឌគម្ពីរ
២កូរិនថូស ៧:១១ ថា «ដ្បិតមើល៍ អ្នករាល់គ្នាមានទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះដូច្នេះ មានប្រយោជន៍ដល់អ្នករាល់គ្នាយ៉ាងណា! អ្នករាល់គ្នាមានចិត្តខ្នះខ្នែងដើម្បីការពារខ្លួន មានចិត្តឈឺឆ្អាល មានចិត្តកោតខ្លាច មានការទន្ទឹងមើលផ្លូវ មានសេចក្ដីឧស្សាហ៍ ហើយក៏ដាក់ទោសមនុស្សអាក្រក់ដែរ! រាល់ការទាំងនេះអ្នករាល់គ្នាបានបង្ហាញឲ្យឃើញថា ខ្លួនគ្មានសៅហ្មងអ្វីសោះក្នុងរឿងនេះ» (គកស)។
យោងតាមខគម្ពីរនេះ យើងឃើញថា ការប្រែចិត្តដ៏ពិតទាមទារឲ្យមានចិត្តឈឺឆ្អាល មានចិត្តកោតខ្លាច មានការទន្ទឹងមើលផ្លូវ មានសេចក្ដីឧស្សាហ៍ ហើយក៏ដាក់ទោសមនុស្សអាក្រក់ដែរ។
តើហេតុអ្វីបានជាសាវ័ក ប៉ុល ប្រើពាក្យទាំងនេះ? បើនិយាយឲ្យខ្លីទៅ ពាក្យទាំងអស់នេះតំណាងឲ្យបុគ្គលដែលពិតជាខូចចិត្ត ដោយសារអ្នកនោះពិតជាបានប្រព្រឹត្តបាបមែន មិនមែនដោយសារផលនៃអំពើបាបរបស់គាត់នោះទេ។ ពាក្យទាំងប្រាំនេះបង្ហាញថា បុគ្គលនោះពិតជាសោកស្ដាយចំពោះការដែលគាត់បានធ្វើ មិនមែនសោកស្ដាយដោយសារតែមានគេតាមទាន់ពេលគាត់ប្រព្រឹត្តអំពើបាបនោះទេ។
ការមានចិត្តឈឺឆ្អាល
ការព្រួយចិត្តដែលស្របតាមព្រះហឫទ័យព្រះ គឺជាការចេះខឹងដូចព្រះជាម្ចាស់។ កំហឹងបែបនេះ គឺជាការខឹងចំពោះអំពើបាបផ្ទាល់តែម្ដង មិនមែនខឹងចំពោះផលនៃអំពើបាបទេ។ អ្នកជឿដែលមានការខូចចិត្ត គឺគាត់ខូចចិត្តដោយសារអំពើបាបរបស់គាត់ ប៉ុន្តែមិនមែនត្រឹមតែប៉ុណ្ណឹងនោះទេ។ គាត់មានការខូចចិត្ត សោកសង្រេង ដោយសារគាត់យល់ថា មូលហេតុដែលគាត់ធ្វើបាបម្ដងហើយម្ដងទៀត ព្រោះនិស្ស័យនៃអំពើបាបបានមានជាប់នៅក្នុងមនុស្សយើង ក្រោយពេលដែលលោក អ័ដាម បានធ្លាក់ក្នុងអំពើបាប ដូច្នេះការនោះក៏បាននាំមនុស្សលោកឲ្យធ្លាក់ក្នុងអំពើបាបដូចគាត់ ហើយក៏នៅតែនាំយើងឲ្យចង់ប្រព្រឹត្តបាបដែរ។
មនុស្សមួយចំនួនខឹងមកពីមានអ្នកដទៃដឹងពីអំពើបាបរបស់ខ្លួន។ អ្វីដែលមនុស្សបែបនេះចង់ធ្វើនោះគឺ លាក់បាំងអំពើបាបរបស់ខ្លួន ហើយក៏ព្យាយាមបញ្ចុះបញ្ចូលអ្នកដទៃឲ្យធ្វើដូចខ្លួនដែរ។ មនុស្សបែបនេះមានលក្ខណៈដូចជាស្ដេច សូល ដែលទ្រង់គ្រាន់តែចង់ឲ្យហោរា សាំយូអែល ដើរជាមួយទ្រង់ ដើម្បីឲ្យអ្នកដទៃគិតថា ទ្រង់មិនបានធ្វើខុស។ មនុស្សបែបនេះមិនមានការខូចចិត្តចំពោះអំពើបាបរបស់ខ្លួនឡើយ។ ការប្រែចិត្តដ៏ពិតប្រាកដនឹងមិនបង្កើតឲ្យមានកំហឹង ដោយសារមានអ្នកដទៃដឹងថា ខ្លួនបានប្រព្រឹត្តបាបនោះទេ ប៉ុន្តែការប្រែចិត្តដ៏ពិតប្រាកដនឹងបង្កើតឲ្យមានកំហឹងចំពោះអំពើបាបផ្ទាល់តែម្តង។ ហេតុដូច្នេះហើយបានជាសាវ័ក ប៉ុល រៀបរាប់ពីការប្រែចិត្តដ៏ពិតប្រាកដថា ជាការមានចិត្តឈឺឆ្អាល។
ការមានចិត្តកោតខ្លាច
ការព្រួយចិត្តដែលស្របតាមព្រះហឫទ័យព្រះ គឺជាការចេះគោរពព្រះជាម្ចាស់ដោយមានចិត្តបរិសុទ្ធ ហើយការនេះមានតែចំពោះអស់អ្នកដែលកោតខ្លាចព្រះអម្ចាស់ប៉ុណ្ណោះ។ ប្រសិនបើបុគ្គលម្នាក់កោតខ្លាចតែមនុស្ស នោះគាត់គ្រាន់តែព្រួយចិត្តពីអំពើបាបរបស់ខ្លួនថា វានឹងប៉ះពាល់ដល់អ្នកដទៃប៉ុណ្ណោះ ដែលនេះមានន័យថា គាត់មិនទទួលស្គាល់ថា អំពើបាបរបស់គាត់ គឺជាអំពើដែលទាស់ប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ប៉ុន្តែចំពោះបុគ្គលដែលកោតខ្លាចព្រះជាម្ចាស់វិញ គាត់នឹងមានការព្រួយចិត្តចំពោះអំពើបាបរបស់ខ្លួន ព្រោះគាត់យល់ឃើញថា ពេលដែលគាត់ប្រព្រឹត្តអំពើបាប គឺគាត់បានប្រព្រឹត្តទាស់នឹងព្រះដ៏បរិសុទ្ធហើយ។ នៅពេលដែលហោរា ណាថាន់ បានព្រមានស្ដេចដាវីឌ អំពីអំពើបាបរបស់ទ្រង់ នោះទ្រង់បានមានបន្ទូលតបថា «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ»។ ស្ដេច ដាវីឌ បានយល់យ៉ាងច្បាស់ថា អំពើបាបរបស់ទ្រង់ គឺជាទង្វើដែលទាស់នឹងព្រះជាម្ចាស់។
ប្រសិនបើលោកអ្នកកំពុងព្យាយាមវែកញែករវាងការប្រែចិត្តដ៏ពិតប្រាកដ និងការប្រែចិត្តក្លែងក្លាយ នោះសំណួរដ៏ល្អមួយដែលលោកអ្នកអាចសួរនោះគឺ៖ តើបុគ្គលនោះខូចចិត្តដោយសារគាត់បានធ្វើបាបទាស់នឹងព្រះជាម្ចាស់ ឬក៏គាត់ខូចចិត្តដោយសារអ្នកដទៃដឹងពីអំពើបាបរបស់គាត់? តាមរយៈការឆ្លើយតបរបស់គាត់អំពីការដែលអ្នកដទៃដឹងពីអំពើបាបរបស់ខ្លួន តើគាត់កំពុងតែប្រែចិត្តក្នុងរបៀបដែលបង្ហាញថា គាត់កោតខ្លាចព្រះជាម្ចាស់ ឬក៏គាត់កំពុងព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន ព្រោះខ្លាចលោកីយ៍នេះ?
ការទន្ទឹងមើលផ្លូវ
អត្ថន័យដើមនៃពាក្យនេះក្នុងភាសាក្រិក គឺជាការបង្ហាញថា បុគ្គលដែលបានប្រែចិត្តដ៏ពិតនឹងចង់ទទួលបានការអត់ទោសបាបពិតមែន។ ពួកគាត់យល់ឃើញថា អំពើបាបរបស់ខ្លួនបានធ្វើឲ្យមានការបែកបាក់ទំនាក់ទំនង ហើយពួកគាត់ចង់ស្ដារទំនាក់ទំនងនោះឡើងវិញ។ ការដែលគាត់ចង់ស្ដារទំនាក់ទំនងឡើងវិញ គឺមិនមែនគ្រាន់តែចង់ឲ្យអ្វីៗគ្រប់យ៉ាងបានត្រឡប់ដូចដើមវិញប៉ុណ្ណោះនោះទេ គឺគាត់ចង់ឲ្យវាល្អជាងមុនទៅទៀត។ នេះគឺជាការពណ៌នាអំពីបុគ្គលដែលចង់បានការផ្សះផ្សាដែលកើតឡើងតែតាមរយៈការអត់ទោស។
ការព្រួយចិត្តតាមបែបលោកីយ៍ គឺជាការមើលរំលង ឬជាការមិនអើពើចំពោះកំហុសឆ្គង។ ការព្រួយចិត្តដែលស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គឺជាការចង់ទទួលបានការអត់ទោស ហើយក៏ជាការពង្រឹងទំនាក់ទំនងផងដែរ។ សាវ័ក ប៉ុល អាចប្រាប់ក្រុមជំនុំកូរិនថូសថា «ចិត្តយើងខ្ញុំបានទូលាយឡើង» ព្រោះពួកគាត់ស្រឡាញ់សាវ័ក ប៉ុល ហើយក៏ចង់មានទំនាក់ទំនងខាងឯវិញ្ញាណឡើងវិញដែរ (២កូរិនថូស ៦:១១-១៣; ៧:១)។ ការប្រាថ្នាចង់បានការរួបរួមតាមរយៈការអត់ទោស គឺជាចំណុចដែលបង្ហាញអំពីការប្រែចិត្តដ៏ពិតប្រាកដ។
ការមានសេចក្ដីឧស្សាហ៍
ការប្រែចិត្តពិតប្រាកដ គឺជាការចង់ដោះស្រាយអំពើបាបយ៉ាងឆាប់រហ័ស ហើយចាប់ផ្ដើមសារជាថ្មី។ សាវ័ក ប៉ុល បានប្រើពាក្យនេះ ព្រោះគាត់ចង់បង្ហាញពីឥរិយាបថនៃបុគ្គលដែលបានប្រែចិត្តចេញពីអំពើបាបរបស់គាត់។ កណ្ឌគម្ពីរ ទីតុស ២:១៤ និង១ពេត្រុស ៣:១៣ ក៏បានប្រើពាក្យនេះ ដើម្បីរៀបរាប់ពីអ្នកជឿថា ពួកគេត្រូវ «ឧស្សាហ៍នឹងប្រព្រឹត្តការល្អ» ផងដែរ។ ក្នុងបរិបទនេះ គឺសំដៅទៅលើការប្រព្រឹត្តការល្អ និងការរហ័សក្នុងការសុំទោសអ្នកដទៃ។
ការព្រួយចិត្តបែបនេះខុសគ្នាស្រឡះទៅនឹងរបៀបដែលលោកីយ៍ព្រួយចិត្ត។ ខ្ញុំមិនដែលឃើញមនុស្សនៅក្នុងលោកីយ៍ (អ្នកមិនជឿលើព្រះគ្រីស្ទ) មានភាពរហ័សរហួនក្នុងការចង់លន់តួកំហុសរបស់ខ្លួនឡើយ។ ក្នុងលោកីយ៍នេះ គេតែងតែមើលរំលងនូវកំហុសឆ្គងរបស់ខ្លួន ដោយយល់ព្រមទទួលស្គាល់ថា វាមិនមែនជាអ្វីដែលធំដុំនោះទេ តែតាមពិតវាកំពុងតែនាំនូវភាពវិនាសដល់ខ្លួន។ ប៉ុន្តែ សម្រាប់អ្នកដើរតាមព្រះយេស៊ូវវិញ នៅពេលដែលគាត់ធ្លាក់ក្នុងអំពើបាប នោះគាត់មានចិត្តរហ័សរហួនក្នុងការសុំទោស និងអត់ទោស ដើម្បីស្ដារទំនាក់ទំនងឡើងវិញ។
ការដាក់ទោសមនុស្សអាក្រក់
ការប្រែចិត្តដ៏ពិតប្រាកដកើតចេញពីចិត្តដែលហ៊ានទទួលយកផលនៃអំពើបាប។ ស្ដេច ដាវីឌ មានការខូចព្រះហឫទ័យដោយសារអំពើបាបរបស់ទ្រង់ ហើយខណៈដែលទ្រង់កំពុងកាន់ទុក្ខបុត្ររបស់ទ្រង់ ទ្រង់ក៏បានយល់ដែរថា នេះជាផលនៃអំពើបាបរបស់ទ្រង់ ហើយទ្រង់ក៏បន្តថ្វាយបង្គំព្រះជាម្ចាស់ទៀត។ អ្នកជឿដែលមានការខូចចិត្តដោយសារអំពើបាបរបស់ខ្លួន នឹងមិនរត់ចេញពីផលនៃអំពើបាបរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ គាត់នឹងហ៊ានទទួលផលនោះ ដោយយល់ថា ប្រសិនបើផលនៃអំពើបាបនោះ គឺដើម្បីបំផ្លាស់បំប្រែគាត់ នោះមានន័យថា ការនោះមកពីព្រះវរបិតាដែលស្រឡាញ់គាត់។
ជារឿយៗ ការរត់គេចចេញពីផលនៃអំពើបាប គឺជារបៀបព្រួយចិត្តតាមបែបលោកីយ៍។ ប្ដីដែលបានផិតប្រពន្ធទំនងគ្រាន់តែសុំទោសប្រពន្ធរបស់ខ្លួន ដើម្បីបន្តជីវិតអាពាហ៍ពិពាហ៍ទៅមុខទៀត។ អ្នកដែលល្មើសច្បាប់ចរាចរ ប្រហែលគ្រាន់តែលើកយកលេសបែបនេះឬបែបនោះ ដើម្បីកុំឲ្យប៉ូលិសផាកគាត់។ កូនក្មេងយំតម្អូញតម្អែរ គឺដើម្បីគ្រាន់តែកុំឲ្យឪពុកម្ដាយគាត់វាយគាត់ប៉ុណ្ណោះ។ ប៉ុន្តែ ទង្វើនេះបង្ហាញថា វាមិនមែនជាការប្រែចិត្តដ៏ពិតប្រាកដដែលចេញពីចិត្តនោះទេ។ ការសុំទោសដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាការទទួលស្គាល់ថា សេចក្ដីយុត្តិធម៌មកពីព្រះជាម្ចាស់ ហើយដោយសារវាស្របតាមព្រះហឫទ័យរបស់ព្រះ នោះមានន័យថា វាជាការល្អ (ហេព្រើរ ១២:៤-១១)។
សាវ័ក ប៉ុល ដឹងថា ក្រុមជំនុំកូរិនថូសបានកែប្រែចិត្តដោយស្មោះ ព្រោះពួកគាត់មានកំហឹងចំពោះអំពើបាបរបស់ខ្លួន ពួកគាត់មានចិត្តចង់ស្ដារទំនាក់ទំនងដែលបានបាក់បែក ឲ្យវាល្អប្រសើរឡើងវិញ ពួកគាត់មានចិត្តរហ័សរហួន (ឧស្សាហ៍) ចង់ធ្វើអ្វីៗឲ្យល្អដូចដើមវិញ និងដោយសារពួកគាត់ជឿទុកចិត្តលើសេចក្ដីយុត្តិធម៌របស់ព្រះជាម្ចាស់ចេញពីផលនៃអំពើបាបរបស់ខ្លួន។
ទោះបើគំនិតនេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំជឿថា ប្រសិនបើយើងផ្ដុំវាជាមួយគ្នា នោះនឹងបង្ហាញអំពីចិត្តមួយដែល «បរិសុទ្ធ» និងជាចិត្តដែលសង្វាតចង់បានការប្រែចិត្តដែលចេញពីការ «មានចិត្តខ្នះខ្នែង» (ខ១១-១២)។ នៅពេលដែលលោកអ្នកស្ថិតក្នុងកាលៈទេសៈនៃការជួយនរណាម្នាក់ដែលមានគេទាន់ក្នុងអំពើបាបរបស់គាត់៖ ជាដំបូង គឺត្រូវបង្ហាញសេចក្ដីស្រឡាញ់តាមបែបដូចជាព្រះគ្រីស្ទ ដោយលោកអ្នកត្រូវវែកញែកឲ្យដឹងច្បាស់ថា តើទឹកភ្នែកដែលគាត់កំពុងបង្ហូរនោះជាទឹកភ្នែកដែលមកពីលោកីយ៍ និងសម្រាប់តែខ្លួនឯង ឬទឹកភ្នែកនោះជាការដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការក្នុងចិត្តគាត់ និងសម្រាប់សិរីល្អរបស់ព្រះជាម្ចាស់?
មតិយោបល់
Loading…