ថ្មីៗនេះគេបានធ្វើការចុះផ្សាយនូវស្ថិតិ និងរបាយការណ៍ជាច្រើន ក៏ដូចជាការធ្វើការបទសម្ភាសដោយមានវាគ្មិនផ្សេងៗចូលរួម ក៏ប៉ុន្តែមើលទៅបញ្ហានោះហាក់បីដូចជាមិនទាន់ត្រូវបានដោះស្រាយឲ្យបានស៊ីជម្រៅ និងមានការវែកញែកឲ្យបានល្អិតល្អន់ដោយយកចិត្តទុកដាក់នៅឡើយទេ។ នៅត្រង់នេះ យើងខ្ញុំកំពុងតែនិយាយអំពីពួកក្មេងៗវ័យជំទង់ ដែលពួកគាត់ប្រើប្រាស់នូវទូរស័ព្ទទំនើបៗ (smartphones) និងថេបផ្លេត (tablets) ដោយគ្មានការដាក់ការកំណត់។ យើងខ្ញុំមានការឯកភាពយ៉ាងពេញទំហឹងទៅលើសម្រង់សម្ដីដែលលោកគ្រូ រ៉ូសសិល ម័រ (Russell Moore) ដែលគាត់ទើបតែបង្ហោះទៅលើប្រព័ន្ធបណ្ដាញធ្វិតធ័រ (twitter) ក្នុងសង្គមថ្មីៗនេះដោយបានលើកឡើងថា «យើងខ្ញុំពិតជាអស់ពាក្យថ្លែងអ្វីទៀតហើយ នៅពេលដែលយើងខ្ញុំឃើញឪពុកម្ដាយឲ្យកូនរបស់ខ្លួនៗ (ដែលពួកគាត់ស្ថិតនៅក្នុងវ័យជំទង់នៅឡើយ) ប្រើប្រាស់នូវទូរស័ព្ទទំនើបៗដែលមានដូចជា iPhone ឬក៏ iPadដោយគ្មានដាក់ច្បាប់ទម្លាប់ក្នុងការប្រើប្រាស់អ៊ីនធឺណិតទាល់តែសោះ»។
យើងបានលើកឡើងយ៉ាងច្បាស់ដែលទាក់ទងទៅនឹងការញៀននៃការមើលរូបភាព ឬក៏រឿងអាសអាភាស ប៉ុន្តែមើលទៅយើងហាក់បីដូចជាមិនទាន់មានការទាស់ប្រឆាំងនឹងអ្នកចែកចាយគ្រឿងញៀននោះនៅឡើយទេ។ តើអ្នកណាជាអ្នកចែកចាយ? ចម្លើយគឺ៖ ឪពុកម្ដាយផ្ទាល់តែម្ដង។ ឪពុកម្ដាយពិតជាល្ងីល្ងើមែន ព្រោះពួកគាត់បានអនុញ្ញាតឲ្យកូនៗវ័យជំទង់របស់ពួកគាត់ (ក៏ដូចជាកូនៗដែលរៀបនឹងឈានចូលវ័យជំទង់) មានសិទ្ធិប្រើប្រាស់ទូរស័ព្ទទំនើបៗដោយមានសេរីភាពគ្រប់បែបគ្រប់យ៉ាង ហើយតាមរយៈការធ្វើបែបនោះ គឺហាក់បីដូចជាពួកគាត់បើកដៃឲ្យពិភពខាងក្រៅដែលជាសង្គមងងឹតឲ្យចូលមកស្នាក់នៅក្នុងបន្ទប់ជាមួយកូនៗរបស់ពួកគាត់រាល់ពេលយប់ជាមួយអញ្ចឹង។
ទំនងជាមានអ្នកខ្លះកំពុងគិតថា យើងខ្ញុំនិយាយពន្លើសខ្លាំងពេកហើយ ប៉ុន្តែបន្ទាប់ពីយើងខ្ញុំទើបតែបានបញ្ចប់ពីការបោះជំរំជាមួយយុវជននៅព្រះវិហាររបស់យើងខ្ញុំថ្មីៗនេះ ខណៈពេលដែលពួកគាត់វ៉ាកង យើងខ្ញុំបានឃើញយ៉ាងជាក់ច្បាស់ម្ដងទៀតអំពីភាពដ៏ល្ងីល្ងើបំផុត ដែលឪពុកម្ដាយបានធ្វើ (បើនិយាយឲ្យខ្លីទៅ គ្មានពាក្យមួយណាដែលនិយាយស្រួលស្ដាប់ជាងនេះទៀតទេ)។ អ្វីៗដែលយុវជនរបស់យើងបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម (ឧ. ហ្វេសប៊ុក (Facebook)) គឺនៅត្រង់ថា ពួកគាត់បានបង្ហាញនូវរាល់ចំណុចជាច្រើន ហើយចំណុចមួយដែលច្បាស់លាស់នោះគឺ ឪពុកម្ដាយមិនមានវត្តមាននៅក្នុងបណ្ដាញសង្គមនោះទាល់តែសោះ។
យើងខ្ញុំធ្លាប់មានការពិភាក្សាច្រើនលើសលប់ណាស់ជាមួយនឹងសិស្សានុសិស្ស ដែលពួកគាត់មានការញៀន និងការមើលរូបភាព និងរឿងអាសអាភាស ដូចគ្នាផងដែរ យើងខ្ញុំក៏មានការពិភាក្សាជាច្រើនលើសលប់ជាមួយនឹងឪពុកម្ដាយ ដែលពួកគាត់មើលទៅហាក់បីដូចជាមិនសូវដឹងថាកូនៗរបស់ពួកគាត់កំពុងតែធ្វើអ្វីខ្លះលើបណ្ដាញប្រព័ន្ធអ៊ីនធឺណិតទាល់តែសោះ។ ប្រសិនបើព្រះជាម្ចាស់ មិនមានអំណាចយ៉ាងពេញលេញ ឬក៏មិនមានអធិបតេយ្យភាព ក៏ដូចជាមិនមែនជាព្រះដែលសោយរាជ្យអស់កល្ប នោះយើងខ្ញុំទំនងពិតជានឹងមានក្ដីបារម្ភលើសដើមទៅទៀត ទាក់ទងទៅនឹងឥទ្ធិពលនៃការមិនអើពើរបស់យើង ដែលវប្បធម៌របស់យើងដែលកំពុងតែកើតមានឡើងសម្រាប់នាពេលអនាគត ក៏ដូចជាសម្រាប់ក្រុមជំនុំផងដែរ។ ហេតុដូច្នេះ ហើយបានជាយើងខ្ញុំលើកឡើងជាការប្រឹក្សា៦យ៉ាងជូនចំពោះឪពុកម្ដាយ ដែលក្នុងនាមយើងខ្ញុំជាគ្រូគង្វាលយុវជនម្នាក់ ដែលមិនធ្វើពុតថា ខ្លួនឯងចេះសព្វគ្រប់អស់នោះទេទាក់ទងទៅនឹងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ។
១. ចូរកែប្រែចិត្ត
ព្រះជាម្ចាស់ដែលទ្រង់មានព្រះទ័យសន្ដោស គឺទ្រង់បានប្រទាននូវអំណោយទានមកដល់លោកអ្នកយ៉ាងល្អក្រៃលែង នោះគឺជាកូនៗរបស់លោកអ្នក។ តាំងពីមុនព្រះជាម្ចាស់បានបុកគ្រឹះផែនដីនេះ ព្រះអង្គបានជ្រើសរើសលោកអ្នកឲ្យក្លាយជាឪពុកម្ដាយរបស់ពួកគាត់រួចស្រេចទៅហើយ។ ខណៈពេលដែលសេចក្ដីសង្គ្រោះគឺកើតមានឡើងចេញពីព្រះជាម្ចាស់ផ្ទាល់ ក៏ព្រះអង្គនៅតែរំពឹងចង់ឲ្យលោកអ្នក ធ្វើជាអ្នកមើលថែរក្សាបីបាច់កូនៗរបស់លោកអ្នកគឺ ដើម្បីថ្វាយសិរីល្អទៅកាន់ព្រះអង្គ។ ហេតុដូច្នេះហើយ ចូរប្រែចិត្ត ដោយលះបង់នូវការខ្ជិលច្រអូសរបស់លោកអ្នកចេញ ទាក់ទងនឹងចំណុចនេះ។ ប្រសិនបើលោកអ្នកមិនបានដាក់ដែនកំណត់នៅលើការប្រើប្រាស់ទូរស័ព្ទទំនើបៗរបស់កូនៗខ្លួនទេ នោះមានន័យថា លោកអ្នកមិនទាន់ដឹងរឿងអ្វីទាល់តែសោះ ទាក់ទងនឹងការដែលកូនៗរបស់លោកអ្នកប្រើប្រាស់ទូរស័ព្ទទំនើបៗរបស់ពួកគាត់។ បាទ! យើងខ្ញុំនិយាយបែបនេះ គឺចង់និយាយសំដៅទៅកាន់លោកអ្នក ដែលជាឪពុកម្ដាយផ្ទាល់តែម្ដង។ ចូរទូលសូមឲ្យព្រះជាម្ចាស់អត់ទោសដល់លោកអ្នកទៅ ដោយព្រោះទ្រង់ជាអង្គដែលប្រទានកូនៗទាំងនោះមកដល់លោកអ្នក ហើយចូលទូលសូមឲ្យកូនៗរបស់លោកអ្នកឲ្យអភ័យទោសដល់លោកអ្នកផងដែរ ដោយសារលោកអ្នកគឺជាអ្នកផ្គត់ផ្គង់ឲ្យពួកគាត់មានការញៀនខ្លាំងទៅៗ។
២. ចូររៀនបន្ថែមទៀត
ជាការពិតណាស់! ប្រព័ន្ធអ៊ីនធឺណិតនាសម័យកាលនេះ គឺកំពុងមានការជឿនលឿនឥតឈប់ឈរយ៉ាងខ្លាំងណាស់ ហេតុដូច្នេះហើយ យើងមានការពិបាកណាស់ ក្នុងការចេះប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិកថ្មីៗ។ ប៉ុន្តែ នោះមិនមែនជាមូលហេតុសមហេតុសមផលទេ ដែលលោកអ្នកអាចយកមកធ្វើជាលេស ហើយលើកទង់ជ័យសសុំចុះចាញ់នោះទេ។ លោកអ្នកអាចធ្វើការសង្កេតមើលថា តើកូនៗរបស់លោកអ្នក បានចំណាយពេលជាច្រើនទៅលើគ្រឿងអេឡិចត្រូនិកមួយណាជាងគេ? ចូរធ្វើការដកហូតទូរស័ព្ទ ដែលលោកអ្នកបានទិញឲ្យពួកគាត់ ហើយចាប់ផ្ដើមឆែកមើលថា តើពួកគាត់បានប្រើប្រាស់នូវកម្មវិធី ឬក៏តំឡើងកម្មវិធីក៏ដូចជាទាញយក (download) អ្វីខ្លះ? សូមចូរទៅកាន់គេហទំព័រ grovo.com ដែលមានរៀបរាប់អំពីសកម្មភាពនូវរឿងរ៉ាវរបស់គេហទំព័រនានា ក៏ដូចជាកម្មវិធី (apps)ផ្សេងៗ ដោយចង់ដឹងថា តើវាមានលក្ខណៈយ៉ាងដូចម្ដេច។ ហើយសូមចូលទៅគេហទំព័រមួយទៀតរបស់លោក វ៉ាត ម្យូលើ (Walt Mueller) ដែលមានឈ្មោះថា Center for Parent/Youth Understanding លោកអ្នកអាចធ្វើបែបនេះ យ៉ាងហោចណាស់ក្នុងមួយសប្ដាហ៍ម្ដង ដើម្បីឲ្យយើងអាចដឹងថា យុវជននៅសម័យកាលបច្ចុប្បន្ននេះ តើពួកគាត់កំពុងតែពេញនិយមទៅលើអ្វីជាងគេ ឬថាតើពួកគាត់កំពុងមានចំណាប់អារម្មណ៍លើអ្វីជាងគេ។ ក្នុងនាមជាឪពុកម្ដាយ ដាច់ខាតលោកអ្នកត្រូវតែចាប់ផ្ដើមទាញយក (download) នូវកម្មវិធី (apps) ឲ្យដូចទៅនឹងកម្មវិធី ដែលកូនៗរបស់លោកអ្នកកំពុងតែប្រើប្រាស់នៅក្នុងទូរស័ព្ទដៃរបស់ពួកគាត់ ហើយព្យាយាមស្វែងយល់ដោយខ្លួនឯងបន្ថែមទៀតថា តើកម្មវិធីនោះជាកម្មវិធីបែបយ៉ាងដូចម្ដេច? ប្រសិនបើលោកអ្នកគ្មានពេលវេលាគ្រប់គ្រាន់ ក្នុងការឆែកមើលនៅក្នុងគេហទំព័រទាំងអស់នោះ ឬក៏ម្យ៉ាងទៀតថា លោកអ្នកអសមត្ថភាព មិនដឹងត្រូវធ្វើបែបយ៉ាងដូចម្ដេចទាក់ទងនឹងគេហទំព័រទាំងអស់នោះទេ នោះយើងខ្ញុំសូមលើកទឹកចិត្តដល់លោកអ្នកឲ្យព្យាយាមស្វែងរកនរណាម្នាក់ដែលអាចជួយលោកអ្នកបាន។
៣. ចូរសុំជំនួយពីក្រុមជំនុំ
ក្នុងព្រះគុណ និងសេចក្ដីមេត្តាករុណាដែលគ្មានព្រំដែនរបស់ព្រះជាម្ចាស់ ព្រះអង្គបានប្រទានអវយវៈរបស់ព្រះគ្រីស្ទឲ្យពួកគាត់មានអំណោយទានជាច្រើន។ ចូរស្រែកសរសើរតម្កើងព្រះជាម្ចាស់ ដែលទ្រង់បានបង្កើតក្រុមជំនុំរបស់ទ្រង់ឲ្យមានអស់អ្នកដែលមានចិត្តស្រឡាញ់ការសិក្សា ពោលគឺមិនមែនគ្រាន់តែអស់អ្នកដែលស្រឡាញ់ការរៀនសូត្រអំពីនេះ និងអំពីនោះទាក់ទងទៅនឹងគ្រឿងអេឡិចត្រូនិកថ្មីៗមួយចំនួនតែប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងមានសេចក្ដីអត់ធ្មត់ក្នុងការបង្រៀនដល់អ្នកដទៃអំពីគ្រឿងអេឡិចត្រូនិកទាំងនោះទៀតផង។ ចូរស្វែងរកនរណាម្នាក់នៅក្នុងក្រុមជំនុំរបស់លោកអ្នកដែលមានអំណោយទាន ក៏ដូចជាចេះច្រើនទាក់ទងខាងផ្នែកកុំព្យូទ័រ ចូរសុំជួបពួកគាត់ដោយមានការប្រកបគ្នាដោយញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា—ដែលធាតុពិតគាត់អាចនឹងបង្រៀនបែបជាថ្នាក់រៀនទៅចំពោះអស់អ្នកដែលមិនសូវជាមានចំណេះដឹងអំពីគ្រឿងអេឡិចត្រូនិកទៀតផងក៏មិនដឹង។ វិធីដ៏សាមញ្ញមួយទៀតដែលលោកអ្នកអាចធ្វើបាន គឺចាប់ផ្ដើមផ្ញើរអ៊ីមែល (e-mail) បែបជាក្រុមជាមួយអ្នកពូកែខាងផ្នែកអេឡិចត្រូនិក ដែលពួកគាត់អាចនឹងបង្រៀនលោកអ្នកអំពីចំណុចផ្សេងៗដែលលោកអ្នកគួរយកចិត្តទុកដាក់លើ។ ចំណុចគោលគឺចូរប្រើអំណោយទាន ដែលព្រះជាម្ចាស់បានប្រទានមកក្នុងក្រុមជំនុំ ដើម្បីនឹងជួយលោកអ្នកក្នុងសង្គ្រាមមួយនេះ។
៤. ចូរដាក់ការកំណត់
មិនថាលោកអ្នកបានទិញ ឬក៏មិនបានទិញទូរស័ព្ទទំនើបសម្រាប់កូនៗវ័យជំទង់របស់លោកអ្នក ឬក៏ថាលោកអ្នកជាអ្នកបង់ថ្លៃ ឬក៏មិនមែនជាអ្នកបង់ថ្លៃសេវាកម្មអ៊ីនធឺណិតដែលពួកគាត់ប្រើប្រាស់ជារៀងរាល់ខែក៏ដោយ ក៏លោកអ្នកនៅជាអ្នកដែលមានសិទ្ធគ្រប់គ្រាន់លើពួកគាត់ដដែល ដូច្នេះដាច់ខាតលោកអ្នកត្រូវតែប្រើប្រាស់សិទ្ធអំណាចនោះដែលព្រះជាម្ចាស់បានប្រទានមកឲ្យលោកអ្នក ដើម្បីធ្វើការនោះថ្វាយសិរីល្អដល់ព្រះអង្គ។ ចូរដកហូតទូរស័ព្ទពីកូនរបស់លោកអ្នករាល់ពេលយប់ ដោយមានពេលវេលាជាក់លាក់ជាមួយនឹងពួកគាត់ក្នុងការប្រើប្រាស់។ និយាយរួមទៅ គ្មានអ្វីសំខាន់ណាស់ណាទេរហូតដល់ពួកគាត់ត្រូវផ្ញើរសារ (SMS) ការឆ្លងឆ្លើយរហូតដល់ដំណាក់កាលដាច់យប់នោះឡើយ។ ប្រសិនបើលោកអ្នកដឹងថាពួកគាត់កំពុងផ្ញើររូបភាពបែបយ៉ាងណានោះ ដោយផ្ញើរឲ្យគ្នាទៅវិញទៅមកក្នុងពេលយប់ជ្រៅដូចនោះ នោះប្រហែលលោកអ្នកទំនងនឹងចង់វាយគាត់ភ្ជួរកគាត់ចោលជាមិនខាន។ ចូរកំណត់ទៅលើកម្មវិធី (apps) មួយចំនួនដែលពួកគាត់កំពុងតែប្រើប្រាស់ចុះ។
៥. ចូរប្រាប់ពួកគាត់ពីមូលហេតុ
បើនិយាយឲ្យខ្លីទៅ មានឪពុកម្ដាយជាច្រើនមានភាពងាយស្រួលណាស់ក្នុងការប្ដូររបៀបប្រៀនប្រដៅកូនៗរបស់ខ្លួនពីការដែលមិនដែលអើពើទៅចាប់ផ្ដើមប្រើប្រាស់នូវសិទ្ធិអំណាចរបស់គាត់យ៉ាងម៉ឺងម៉ាត់ចំពោះកូនៗរបស់ខ្លួន។ ប៉ុន្តែ យើងក៏ត្រូវការព្រះគុណពីព្រះជាម្ចាស់ ដើម្បីឲ្យឪពុកម្ដាយអាចធ្វើជាអ្នកមានចិត្តធម៌មេត្តាក្នុងការអង្គុយក្បែរកូនៗខ្លួន ហើយនិយាយជាមួយពួកគាត់។ ចូរប្រាប់កូនៗវ័យជំទង់របស់លោកអ្នកពីមូលហេតុដែលលោកអ្នកធ្វើការដាក់ដែនកំណត់ទៅលើទូរស័ព្ទរបស់ពួកគាត់ ហើយចូរប្រាប់ពួកគាត់អំពីរូបព្រះក្លែងក្លាយមួយចំនួននៅក្នុងដួងចិត្តរបស់ពួកគាត់ ហើយចូរយកឱកាសនៅពេលនោះ ដើម្បីនិយាយប្រាប់ដំណឹងល្អដល់ពួកគាត់ផងដែរ។ ជារឿយៗ យើងតែងតែចង់និយាយស្ដីជាមួយនឹងកូនៗរបស់យើងដោយមានសណ្ដាប់ធ្នាប់—នេះគឺជាឱកាសដ៏ល្អរបស់លោកអ្នកហើយ។ ចូរពន្យល់ពីភាពទាក់ទងគ្នារវាងដំណឹងល្អទៅនឹងការប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិករបស់ពួកគាត់។ វាជារឿងដ៏សំខាន់ណាស់ដែលលោកអ្នកត្រូវតែនិយាយប្រាប់ពួកគាត់ថា៖ មូលហេតុដែលលោកអ្នកធ្វើការដាក់ការកំណត់ទៅលើការប្រើប្រាស់ទូរស័ព្ទរបស់ពួកគាត់គឺដោយសារលោកអ្នកស្រឡាញ់ ហើយនិងយកចិត្តទុកដាក់ចំពោះពួកគាត់ជាខ្លាំង។ ហើយចូររម្លឹកដាស់តឿនពួកគាត់ថា លោកអ្នកកំពុងតែព្យាយាមការពារពួកគាត់ ចេញពីសេចក្ដីងងឹត និងការអាក្រក់ដែលមាននៅលើលោកីយ៍នេះផងដែរ។
៦. ចូរអធិស្ឋាន
ឪពុកម្ដាយមួយចំនួនគឺពិតជាល្ងីល្ងើណាស់ ព្រោះពួកគាត់បានបើកដៃឲ្យកូនៗខ្លួនប្រើប្រាស់ទូរស័ព្ទទំនើបៗក្នុងបណ្ដាញអ៊ីនធឺណិតដោយសេរី។ ហើយស្របពេលនោះដែរ ក៏នៅមានឪពុកម្ដាយមួយចំនួនផ្សេងទៀតដែលមានទំនួលខុសត្រូវចំពោះកូនៗវ័យជំទង់របស់គាត់ទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិតក្នុងទូរស័ព្ទទំនើបៗ ហើយក៏នៅមានឪពុកម្ដាយមួយចំនួនទៀតដែលនៅមានភាពភ័យខ្លាចលើការប្រើប្រាស់គ្រឿងអេឡិចត្រូនិកទាំងស្រុងតែម្ដង។ ចំពោះឪពុកម្ដាយទាំងនោះ យើងខ្ញុំសូមរម្លឹកដល់ពួកគាត់ថា យើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលព្រះអង្គស្រឡាញ់យើង។ លោកអ្នកភាគច្រើនគឺសុទ្ធតែជាឪពុកម្ដាយដ៏ល្អៗ ហើយតាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ លោកអ្នកក៏កំពុងតែព្យាយាមមើលថែជីវិតដ៏មានតម្លៃរបស់កូនៗខ្លួនដែលព្រះជាម្ចាស់បានប្រទានមកដល់លោកអ្នកផងដែរ។ ចូរចងចាំថា លោកអ្នកក៏មានព្រះវរបិតា ដែលសព្វព្រះហឫទ័យក្នុងការថែរក្សា ក៏ដូចជាមានពេញទៅដោយក្ដីស្រឡាញ់ចំពោះលោកអ្នក និងកូនចៅរបស់លោកអ្នកផងដែរ។ ព្រះអង្គគឺជាឪពុកដ៏ល្អបំផុត ហើយផងដែរព្រះអង្គក៏សព្វព្រះហឫទ័យព្រះសណ្ដាប់នូវរាល់អ្វីៗដែលលោកអ្នកព្រួយបារម្ភទាក់ទងនឹងកូនចៅរបស់លោកអ្នកផ្ទាល់។ លើសពីនោះទៅទៀត ព្រះអង្គគឺជាអ្នកច្នៃប្រឌិតដែលមានពេញទៅដោយទេពកោសល្យ ទាក់ទងទៅនឹងរាល់អ្វីដែលមានថ្មីៗនៅលើផែនដីយើងនេះ។ ហេតុដូច្នេះហើយ ចូរបែរទៅរកទ្រង់តាមរយៈការអធិស្ឋាន ហើយទុកចិត្តលើទ្រង់ចុះ។
មតិយោបល់
Loading…